បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w17 មេសា ទំ. ១៥-២០
  • «ចៅក្រមនៃផែនដីទាំងមូល»តែងតែធ្វើអ្វីដែលត្រឹមត្រូវ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ចៅក្រមនៃផែនដីទាំងមូល»តែងតែធ្វើអ្វីដែលត្រឹមត្រូវ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អំពើ​អយុត្ដិធម៌​ក្នុង​ក្រុម​ជំនុំ
  • យ៉ូសែប​បាន​រង​អំពើ​អយុត្ដិធម៌
  • ចូរ​ចាំ​អំពី​ចំណង​មិត្តភាព​ដ៏​សំខាន់​បំផុត​ដែល​អ្នក​មាន
  • ចូរ​ទុក​ចិត្ត​«​ចៅ​ក្រម​នៃ​ផែន​ដី​ទាំង​មូល​»​
  • ការ​ស៊ូ​ទ្រាំ​នឹង​អំពើ​អយុត្តិធម៌
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ពេល​រង​អំពើ​អយុត្តិធម៌ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • សំណួរនិងចម្លើយពីគម្ពីរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • «តើព្រះអយុត្ដិធម៌ឬ?»
    ចូរចូលទៅជិតព្រះយេហូវ៉ា
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
w17 មេសា ទំ. ១៥-២០
អាប្រាហាំមានទំនុកចិត្ដថាព្រះយេហូវ៉ានឹងវិនិច្ឆ័យមនុស្សនៅក្រុងសូដុមនិងក្រុងកូម៉ូរ៉ាដោយយុត្ដិធម៌ដ៏ល្អឥតខ្ចោះ

​«​ចៅ​ក្រម​នៃ​ផែន​ដី​ទាំង​មូល​»​ តែង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ

​«​ទ្រង់​ជា​ថ្ម​ដា ការ​របស់​ទ្រង់​សុទ្ធតែ​គ្រប់​លក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់​សុទ្ធតែ​ប្រកប​ដោយ​យុត្ដិធម៌​»។—ចោទិយកថា ៣២:៤

ចម្រៀង​លេខ: ២, ៨៩

បើ​យើង​រង​អំពើ​អយុត្ដិធម៌ តើ​ការ​នឹក​ចាំ​បទ​គម្ពីរ​ទាំង​នេះ​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

  • មីកា ៧:៧

  • សុភាសិត ១៩:៣

  • ម៉ាថាយ ១៨:១៥

១​. តើ​អាប្រាហាំ​បាន​បង្ហាញ​ថា​គាត់​ទុក​ចិត្ត​លើ​ភាព​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

«ព្រះ​ដ៏​ជា​ចៅ​ក្រម​នៃ​ផែន​ដី​ទាំង​មូល តើ​ទ្រង់​មិន​ត្រូវ​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​ទេ​ឬ​អី?​»។ (​លោកុប្បត្តិ ១៨:២៥​) អាប្រាហាំ​ដែល​ជា​បុរស​ដ៏​ស្មោះ​ត្រង់​ម្នាក់​មិន​បាន​សួរ​សំណួរ​នេះ​ដោយ​សារ​គាត់​មាន​ការ​សង្ស័យ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ សំណួរ​របស់​គាត់​បង្ហាញ​ថា​គាត់​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​វិនិច្ឆ័យ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា​ដោយ​យុត្ដិធម៌​ដ៏​ល្អ​ឥត​ខ្ចោះ។ គាត់​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​«​សំឡាប់​មនុស្ស​សុចរិត​ជា​មួយ​នឹង​មនុស្ស​អាក្រក់​នោះ​ទេ​»។ ចំពោះ​អាប្រាហាំ នោះ​ជា​អ្វី​ដែល​«​មិន​គួរ​គប្បី​»​ ឬ​ជា​អ្វី​ដែល​មិន​អាច​ទៅ​រួច​ឡើយ។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​អំពី​ខ្លួន​លោក​ថា​៖ ​«​ទ្រង់​ជា​ថ្ម​ដា ការ​របស់​ទ្រង់​សុទ្ធតែ​គ្រប់​លក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់​សុទ្ធតែ​ប្រកប​ដោយ​យុត្ដិធម៌ ទ្រង់​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់​ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ ទ្រង់​ក៏​ត្រឹម​ត្រូវ ហើយ​ទៀង​ត្រង់​»។—ចោទិយកថា ៣១:១៩; ៣២:៤

២​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មិន​អាច​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌?

២ ហេតុ​អ្វី​អាប្រាហាំ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ? ដោយ​សារ​ព្រះ​យេហូវ៉ា​គឺ​ជា​គំរូ​ដ៏​ល្អ​បំផុត​ស្តី​អំពី​ការ​បង្ហាញ​សេចក្ដី​សុចរិត​និង​យុត្ដិធម៌។ តាម​ពិត ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ ពាក្យ​«​សុចរិត​»​និង​ពាក្យ​«​យុត្ដិធម៌​»​ច្រើន​តែ​បាន​ត្រូវ​ប្រើ​ជា​មួយ​គ្នា ដោយ​សារ​ពាក្យ​ទាំង​នេះ​មាន​អត្ថន័យ​ស្រដៀង​គ្នា។ ដោយ​សារ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​តែង​តែ​ត្រឹម​ត្រូវ លោក​នឹង​តែង​តែ​វិនិច្ឆ័យ​យ៉ាង​ត្រឹម​ត្រូវ​ដែរ។ គម្ពីរ​ចែង​ថា​៖ ​«​ទ្រង់​ស្រឡាញ់​សេចក្ដី​សុចរិត​នឹង​សេចក្ដី​យុត្ដិធម៌​»។—ទំនុក​តម្កើង ៣៣:៥

៣​. សូម​លើក​ឧទាហរណ៍​មួយ​អំពី​អំពើ​អយុត្ដិធម៌​ដែល​មាន​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ។

៣ ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​តែង​តែ​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​ជួយ​សម្រាល​ទុក្ខ​យើង​មែន។ ប៉ុន្តែ ពិភព​លោក​សព្វ​ថ្ងៃ​នេះ​គឺ​ពេញ​ទៅ​ដោយ​អំពើ​អយុត្ដិធម៌។ ជា​ឧទាហរណ៍ មនុស្ស​ខ្លះ​បាន​ជាប់​ទោស ហើយ​ត្រូវ​គេ​ដាក់​គុក​សម្រាប់​បទ​ឧក្រិដ្ឋ​ដែល​ពួក​គេ​មិន​បាន​ធ្វើ​ទេ។ តែ​ដោយ​សារ​ការ​រីក​ចម្រើន​ខាង​បច្ចេកវិទ្យា គេ​បាន​រក​ឃើញ​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​អ្នក​ខ្លះ​គ្មាន​ទោស ប៉ុន្តែ​នេះ​គឺ​ក្រោយ​ពី​បុគ្គល​នោះ​បាន​ជាប់​គុក​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ អំពើ​អយុត្ដិធម៌​បែប​នេះ​នាំ​ឲ្យ​មាន​ការ​ធុញ​ទ្រាន់​និង​កំហឹង។ ប៉ុន្តែ មាន​អំពើ​អយុត្ដិធម៌​មួយ​ទៀត​ដែល​ប្រហែល​ជា​ពិបាក​ស៊ូ​ទ្រាំ​ជាង​នេះ​ទៅ​ទៀត។ តើ​នោះ​ជា​អ្វី?

អំពើ​អយុត្ដិធម៌​ក្នុង​ក្រុម​ជំនុំ

៤​. តើ​ជំនឿ​របស់​គ្រិស្ត​សាសនិក​ប្រហែល​ជា​នឹង​ត្រូវ​សាកល្បង​យ៉ាង​ដូច​ម្ដេច?

៤ គ្រិស្ត​សាសនិក​ដឹង​ថា​ពួក​គេ​នឹង​ត្រូវ​រង​អំពើ​អយុត្ដិធម៌​ខ្លះ​ពី​ខាង​ក្រៅ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ ប៉ុន្តែ ជំនឿ​របស់​យើង​អាច​ត្រូវ​សាកល្បង ពេល​យើង​រង​ឬ​ឃើញ​អ្វី​មួយ​ដែល​មើល​ទៅ​អយុត្ដិធម៌​ពី​ខាង​ក្នុង​ក្រុម​ជំនុំ។ បើ​នេះ​កើត​ឡើង តើ​អ្នក​នឹង​ប្រព្រឹត្ត​យ៉ាង​ណា? តើ​អ្នក​នឹង​ឲ្យ​រឿង​នោះ​ធ្វើ​ឲ្យ​អ្នក​ជំពប់​ដួល​ឬ​ទេ?

៥​. ហេតុ​អ្វី​យើង​មិន​គួរ​ភ្ញាក់​ផ្អើល​បើ​យើង​ឃើញ​ឬ​រង​អំពើ​អយុត្ដិធម៌​ក្នុង​ក្រុម​ជំនុំ?

៥ យើង​ទាំង​អស់​គ្នា​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ចេះ​ធ្វើ​ខុស ដូច្នេះ​ប្រហែល​ជា​បង​ប្អូន​ណា​ម្នាក់​នឹង​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​ចំពោះ​យើង ឬ​យើង​នឹង​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​ចំពោះ​បង​ប្អូន​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ។ (​យ៉ូហាន​ទី១ ១:៨​) ទោះ​ជា​នេះ​មិន​សូវ​កើត​ឡើង​ក្ដី គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​មិន​ភ្ញាក់​ផ្អើល​ឬ​ជំពប់​ដួល​ទេ ពេល​មាន​អំពើ​អយុត្ដិធម៌​កើត​ឡើង។ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ឱវាទ​ក្នុង​គម្ពីរ​ដែល​មាន​ប្រយោជន៍​ដើម្បី​ជួយ​យើង​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់ បើ​យើង​រង​អំពើ​អយុត្ដិធម៌​ពី​បង​ប្អូន​ណា​ម្នាក់។—ទំនុក​តម្កើង ៥៥:១២​-​១៤

៦, ៧​. តើ​បង​ប្រុស​ម្នាក់​បាន​រង​អំពើ​អយុត្ដិធម៌​អ្វី ហើយ​តើ​គុណ​សម្បត្ដិ​អ្វី​ខ្លះ​បាន​ជួយ​គាត់?

៦ សូម​ពិចារណា​អំពី​បទ​ពិសោធន៍​របស់​បង​ប្រុស​វីលី ឌីល។ ចាប់​ពី​ឆ្នាំ​១៩៣១ បង​ឌីល​បាន​បម្រើ​យ៉ាង​ស្មោះ​ត្រង់​នៅ​បេតអែល នា​ក្រុង​ប៊ែន ប្រទេស​ស៊្វីស។ នៅ​ឆ្នាំ​១៩៤៦ គាត់​បាន​ចូល​សាលា​គីលាត​ជំនាន់​ទី​៨​នៅ​រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាម៉េរិក។ មួយ​រយៈ​ពេល​ក្រោយ​ពី​បញ្ចប់​វគ្គ​សិក្សា​សាលា​នោះ គាត់​បាន​ត្រូវ​ចាត់​ឲ្យ​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល​នៅ​ប្រទេស​ស៊្វីស។ ក្នុង​ជីវប្រវត្ដិ​របស់​គាត់ បង​ឌីល​បាន​រៀប​រាប់​ថា​នៅ​ខែ​ឧសភា ឆ្នាំ​១៩៤៩ គាត់​បាន​ប្រាប់​ការិយាល័យ​សាខា​ស៊្វីស​ថា​គាត់​នឹង​រៀប​ការ។ បង​ប្រុស​ៗ​ដែល​ទទួល​ខុស​ត្រូវ​នៅ​ទី​នោះ​បាន​ប្រាប់​គាត់​ថា​គាត់​នឹង​ត្រូវ​បាត់​បង់​ឯកសិទ្ធិ​ទាំង​អស់ លើក​លែង​តែ​កិច្ច​ការ​ត្រួស​ត្រាយ។ បង​ឌីល​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ថ្លែង​សុន្ទរកថា​ទេ។ បង​ប្អូន​ជា​ច្រើន​លែង​សួរ​សុខ​ទុក្ខ​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ ធ្វើ​ហាក់​ដូច​ជា​យើង​ជា​អ្នក​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​»។

៧ តើ​បង​ឌីល​បាន​ប្រព្រឹត្ត​យ៉ាង​ណា? គាត់​បាន​និយាយ​ថា​៖ ​«​យើង​ដឹង​ថា​ការ​រៀប​អាពាហ៍​ពិពាហ៍​គឺ​មិន​ខុស​នឹង​គោល​ការណ៍​គម្ពីរ​ទេ ដូច្នេះ​យើង​បាន​ទុក​ចិត្ត​ទៅ​លើ​ព្រះយេហូវ៉ា ហើយ​ពឹង​ផ្អែក​លើ​លោក​ក្នុង​សេចក្ដី​អធិដ្ឋាន​»។ ទោះ​ជា​បង​ប្អូន​ខ្លះ​មិន​បាន​យល់​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អាពាហ៍​ពិពាហ៍​ក្ដី ក្រោយ​មក​ការ​យល់​ដឹង​របស់​ពួក​គេ​បាន​ត្រូវ​កែ​តម្រូវ ហើយ​បង​ឌីល​បាន​ទទួល​ឯកសិទ្ធិ​ឡើង​វិញ។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​គាត់​ដោយ​សារ​ភក្ដី​ភាព​របស់​គាត់។ សូម​ឲ្យ​យើង​សួរ​ខ្លួន​យើង​ថា ‹បើ​ខ្ញុំ​រង​អំពើ​អយុត្ដិធម៌​បែប​នេះ តើ​ខ្ញុំ​ក៏​នឹង​រង់​ចាំ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​អត់​ធ្មត់​ឲ្យ​ដោះ​ស្រាយ​បញ្ហា​នោះ​ឬ​ទេ? ឬ​តើ​ខ្ញុំ​នឹង​ពឹង​ផ្អែក​លើ​ខ្លួន ហើយ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នោះ​ដោយ​ខ្លួន​ឯង​ឬ​ទេ?›។—សុភាសិត ១១:២; សូម​អាន មីកា ៧:៧

គឺ​សំខាន់​ដែល​យើង​ចាំ​ថា​យើង​ទាំង​អស់​គ្នា​គឺ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​យើង​ប្រហែល​ជា​បាន​យល់​ច្រឡំ​អំពី​ស្ថានភាព​នោះ

៨​. ហេតុ​អ្វី​យើង​ប្រហែល​ជា​នឹង​យល់​ខុស​ថា​យើង​ឬ​អ្នក​ឯ​ទៀត​បាន​រង​អំពើ​អយុត្ដិធម៌?

៨ បើ​អ្នក​គិត​ថា​មាន​អំពើ​អយុត្ដិធម៌​ណា​មួយ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក សូម​ចាំ​ថា​អ្នក​ប្រហែល​ជា​បាន​យល់​ខុស។ ហេតុ​អ្វី? ពី​ព្រោះ​យើង​ទាំង​អស់​គ្នា​គឺ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​យើង​ប្រហែល​ជា​បាន​យល់​ច្រឡំ​អំពី​ស្ថានភាព​នោះ។ យើង​ក៏​ប្រហែល​ជា​មិន​ដឹង​ហេតុ​ការណ៍​ពិត​ទាំង​អស់​ដែរ។ តែ​ទោះ​ជា​យើង​យល់​ត្រឹម​ត្រូវ​ឬ​មិន​ត្រឹម​ត្រូវ​ក៏​ដោយ យើង​ត្រូវ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អំពី​ស្ថានភាព​នោះ ពឹង​ផ្អែក​លើ​លោក ហើយ​រក្សា​ភក្ដី​ភាព​ចំពោះ​លោក។ នេះ​នឹង​ជួយ​យើង​ឲ្យ​មិន​«​អន់​ចិត្ត​ចំពោះ​ព្រះ​យេហូវ៉ា​»។—សូម​អាន សុភាសិត ១៩:៣

៩​. តើ​យើង​នឹង​ពិចារណា​ឧទាហរណ៍​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់?

៩ សូម​ឲ្យ​យើង​ពិចារណា​ឧទាហរណ៍​បី​អំពី​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​គម្ពីរ​ដែល​បាន​រង​អំពើ​អយុត្ដិធម៌។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​យ៉ូសែប​ដែល​ជា​ចៅ​ទួត​របស់​អាប្រាហាំ​និង​បទ​ពិសោធន៍​ដែល​គាត់​មាន​ជា​មួយ​នឹង​បង​ប្រុស​ៗ​របស់​គាត់។ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ទៅ​លើ​ស្តេច​អ័ហាប់​និង​បទ​ពិសោធន៍​របស់​សាវ័ក​ពេត្រុស​នា​ក្រុង​អាន់ទីយ៉ូក​នៅ​ស្រុក​ស៊ីរី។ ពេល​យើង​ពិចារណា​អំពី​ឧទាហរណ៍​ទាំង​នេះ សូម​ស្វែង​រក​វិធី​ផ្សេង​ៗ​ដែល​អ្នក​អាច​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​រក្សា​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​លោក ជា​ពិសេស​ពេល​អ្នក​គិត​ថា​អ្នក​បាន​រង​អំពើ​អយុត្ដិធម៌។

យ៉ូសែប​បាន​រង​អំពើ​អយុត្ដិធម៌

១០, ១១​. (​ក​) តើ​យ៉ូសែប​បាន​រង​អំពើ​អយុត្ដិធម៌​អ្វី​ខ្លះ? (​ខ​) ពេល​យ៉ូសែប​នៅ​ក្នុង​គុក តើ​គាត់​មាន​ឱកាស​អ្វី?

១០ យ៉ូសែប​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា ហើយ​ជា​អ្នក​ដែល​បាន​រង​អំពើ​អយុត្ដិធម៌​ពី​អ្នក​ដទៃ។ ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ឈឺ​ចិត្ត​ខ្លាំង​បំផុត​គឺ​ពេល​គាត់​រង​អំពើ​អយុត្ដិធម៌​ពី​បង​ប្រុស​ៗ​បង្កើត​របស់​គាត់។ ពេល​យ៉ូសែប​មាន​អាយុ​១៧​ឆ្នាំ បង​ប្រុស​ៗ​របស់​គាត់​បាន​ចាប់​គាត់​លក់​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ រួច​គាត់​បាន​ត្រូវ​គេ​យក​ទៅ​ស្រុក​អេស៊ីប។ (​លោកុប្បត្តិ ៣៧:២៣​-​២៨; ៤២:២១​) ក្រោយ​មក នៅ​ប្រទេស​នោះ យ៉ូសែប​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត​ពី​បទ​ប៉ុន​ប៉ង​ចាប់​រំលោភ ហើយ​គាត់​បាន​ត្រូវ​ចាប់​ដាក់​គុក​ដោយ​គ្មាន​ការ​វិនិច្ឆ័យ​ក្ដី។ (​លោកុប្បត្តិ ៣៩:១៧​-​២០​) យ៉ូសែប​បាន​រង​ទុក្ខ​អស់​រយៈ​ពេល​ប្រហែល​ជា​១៣​ឆ្នាំ​ដោយ​ធ្វើ​ជា​ខ្ញុំ​បម្រើ​និង​ជា​អ្នក​ទោស។ បើ​យើង​រង​អំពើ​អយុត្ដិធម៌​ពី​បង​ប្អូន​រួម​ជំនឿ តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​យ៉ូសែប?

១១ ពេល​យ៉ូសែប​នៅ​ក្នុង​គុក អ្នក​ជូន​ពែង​ឲ្យ​ស្តេច​ក៏​បាន​ត្រូវ​ដាក់​គុក​ដែរ។ នៅ​យប់​មួយ អ្នក​ជូន​ពែង​នោះ​បាន​យល់​សប្ដិ ហើយ​ព្រះ​យេហូវ៉ា​បាន​ប្រើ​យ៉ូសែប​ឲ្យ​បក​ស្រាយ​អត្ថន័យ​នៃ​សុបិន​នោះ។ យ៉ូសែប​បាន​ពន្យល់​ថា​អ្នក​ជូន​ពែង​នោះ​នឹង​ត្រូវ​ដោះ​លែង​ពី​គុក ហើយ​នឹង​បម្រើ​ផារ៉ូ​ម្ដង​ទៀត។ យ៉ូសែប​បាន​ប្រើ​ឱកាស​នោះ​ដើម្បី​ពន្យល់​បុរស​នោះ​អំពី​ស្ថានភាព​របស់​គាត់។ យើង​អាច​រៀន​ច្រើន​ពី​អ្វី​ដែល​យ៉ូសែប​បាន​និយាយ ហើយ​យើង​ក៏​អាច​រៀន​ច្រើន​ពី​អ្វី​ដែល​គាត់​មិន​បាន​និយាយ​ដែរ។—លោកុប្បត្តិ ៤០:៥​-​១៣

១២, ១៣​. (​ក​) តើ​យ៉ូសែប​បាន​ធ្វើ​អ្វី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​គាត់? (​ខ​) តើ​យ៉ូសែប​មិន​បាន​ប្រាប់​អ្នក​ជូន​ពែង​អំពី​អ្វី?

១២ សូម​អាន លោកុប្បត្តិ ៤០:១៤, ១៥។ យ៉ូសែប​បាន​និយាយ​ថា​គេ​បាន​«​លួច​»​ឬ​ចាប់​គាត់ ដូច្នេះ​គាត់​ច្បាស់​ជា​បាន​រង​អំពើ​អយុត្ដិធម៌។ យ៉ូសែប​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​គាត់​មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដែល​គេ​បាន​ចោទ​ប្រកាន់​នោះ​ទេ។ នេះ​ជា​មូលហេតុ​ដែល​គាត់​បាន​សុំ​អ្នក​ជូន​ពែង​ឲ្យ​ប្រាប់​ផារ៉ូ​អំពី​គាត់។ តើ​គាត់​មាន​គោល​បំណង​អ្វី? គាត់​បាន​និយាយ​ថា​៖ ​«​ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​គុក​នេះ​»។

១៣ តើ​យ៉ូសែប​បាន​ទទួល​យក​ស្ថានភាព​របស់​គាត់​ដោយ​មិន​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នោះ​ឬ​ទេ? មិន​មែន​ទេ! យ៉ូសែប​ដឹង​ថា​គាត់​បាន​រង​អំពើ​អយុត្ដិធម៌​ជា​ច្រើន។ នេះ​ជា​មូលហេតុ​ដែល​គាត់​បាន​ប្រាប់​អ្នក​ជូន​ពែង​នោះ​អំពី​ស្ថានភាព​របស់​គាត់ ដោយ​សង្ឃឹម​ថា​បុរស​នោះ​នឹង​ជួយ​គាត់។ ប៉ុន្តែ សូម​កត់​សម្គាល់​ថា​បទ​គម្ពីរ​មិន​បាន​ចែង​ថា​យ៉ូសែប​បាន​ប្រាប់​អ្នក​ឯ​ទៀត​ថា​បង​ប្រុស​ៗ​របស់​គាត់​ជា​អ្នក​ចាប់​គាត់​ទេ សូម្បី​តែ​ផារ៉ូ​ក្ដី។ តាម​ពិត ពេល​បង​ប្រុស​ៗ​របស់​គាត់​បាន​មក​ស្រុក​អេស៊ីប ពួក​គេ​បាន​ផ្សះ​ផ្សា​នឹង​យ៉ូសែប​វិញ។ នោះ​ផារ៉ូ​បាន​ស្វាគមន៍​ពួក​គេ ហើយ​បាន​អញ្ជើញ​ពួក​គេ​ឲ្យ​រស់​នៅ​ស្រុក​អេស៊ីប ហើយ​ទទួល‹គ្រប់​ទាំង​របស់​ល្អ​នៅ​ស្រុក​នោះ›។—លោកុប្បត្តិ ៤៥:១៦​-​២០

បុរសម្នាក់ធ្វើឲ្យបញ្ហាមួយកាន់តែធំទៅៗពេលគាត់ប្រាប់អ្នកឯទៀតអំពីរឿងនោះ

ការ​និយាយ​ដើម​បង​ប្អូន​របស់​យើង​អាច​នាំ​ឲ្យ​បញ្ហា​មួយ​ទៅ​ជា​ធំ​ជាង (​សូម​មើល​វគ្គ​១៤​)

១៤​. បើ​យើង​រង​អំពើ​អយុត្ដិធម៌​ក្នុង​ក្រុម​ជំនុំ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​មិន​និយាយ​អ្វី​ដែល​អាច​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត?

១៤ បើ​យើង​គិត​ថា​យើង​បាន​រង​អំពើ​អយុត្ដិធម៌​ក្នុង​ក្រុម​ជំនុំ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ប្រាប់​អ្នក​ឯ​ទៀត​អំពី​រឿង​នោះ។ ចុះ​បើ​បង​ប្អូន​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ? យើង​ច្បាស់​ជា​គួរ​ប្រាប់​ពួក​អ្នក​ចាស់​ទុំ ហើយ​សុំ​ជំនួយ​ពី​ពួក​គាត់។ (​លេវីវិន័យ ៥:១​) ប៉ុន្តែ ក្នុង​ករណី​ជា​ច្រើន​ដែល​មិន​ទាក់​ទង​នឹង​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ យើង​ប្រហែល​ជា​អាច​ទៅ​រក​ជា​នឹង​បង​ប្អូន​ណា​ម្នាក់​ដោយ​មិន​ប្រាប់​អ្នក​ឯ​ទៀត សូម្បី​តែ​អ្នក​ចាស់​ទុំ​ក្ដី។ (​សូម​អាន ម៉ាថាយ ៥:២៣, ២៤; ១៨:១៥​) ក្នុង​ស្ថានភាព​បែប​នោះ សូម​ឲ្យ​យើង​បង្ហាញ​ភក្ដី​ភាព ហើយ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ។ ជួន​កាល យើង​ប្រហែល​ជា​នឹង​ឃើញ​ថា​យើង​បាន​យល់​ច្រឡំ​អំពី​ស្ថានភាព​ណា​មួយ ហើយ​ឃើញ​ថា​យើង​មិន​បាន​រង​អំពើ​អយុត្ដិធម៌​ណា​មួយ​ទេ។ ពេល​នោះ​យើង​នឹង​សប្បាយ​ចិត្ត​ដែល​យើង​មិន​បាន​ធ្វើ​ឲ្យ​ស្ថានភាព​នោះ​ពិបាក​ជាង​ដោយ​និយាយ​ដើម​បង​ប្អូន​ណា​ម្នាក់​របស់​យើង! សូម​ចាំ​ថា ទោះ​ជា​យើង​បាន​យល់​ខុស​ឬ​បាន​យល់​ត្រូវ​ក្ដី ការ​និយាយ​អ្វី​ដែល​អាច​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត​នឹង​មិន​ធ្វើ​ឲ្យ​ស្ថានភាព​នោះ​ប្រសើរ​ឡើង​ទេ។ ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចំពោះ​បង​ប្អូន​របស់​យើង នឹង​ជួយ​ការពារ​យើង​ពី​ការ​ធ្វើ​ខុស​បែប​នោះ។ អ្នក​តែង​ទំនុក​តម្កើង​បាន​ចែង​ថា​មាន‹អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់›។ អ្នក​នោះ​«​មិន​ពោល​បង្កាច់​ដោយ​អណ្ដាត ឬ​ធ្វើ​អាក្រក់​ដល់​មិត្រ​សំ​ឡាញ់​»។—ទំនុក​តម្កើង ១៥:២, ៣; យ៉ាកុប ៣:៥

ចូរ​ចាំ​អំពី​ចំណង​មិត្តភាព​ដ៏​សំខាន់​បំផុត​ដែល​អ្នក​មាន

១៥​. តើ​ចំណង​មិត្តភាព​របស់​យ៉ូសែប​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​យ៉ាង​ដូច​ម្ដេច?

១៥ យើង​អាច​ទាញ​យក​មេ​រៀន​ដ៏​សំខាន់​មួយ​ទៀត​ពី​យ៉ូសែប។ ក្នុង​អំឡុង​ពេល​១៣​ឆ្នាំ​ដែល​យ៉ូសែប​បាន​រង​អំពើ​អយុត្ដិធម៌ គាត់​បាន​បង្ហាញ​ថា​គាត់​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​នេះ។ (​លោកុប្បត្តិ ៤៥:៥​-​៨​) គាត់​មិន​ដែល​បន្ទោស​ព្រះ​យេហូវ៉ា​ចំពោះ​ស្ថានភាព​របស់​គាត់​ទេ។ យ៉ូសែប​ច្បាស់​ជា​មិន​បាន​ភ្លេច​អំពី​អំពើ​អយុត្ដិធម៌​ដែល​គាត់​បាន​ជួប​ប្រទះ​ទេ ប៉ុន្តែ​គាត់​មិន​បាន​ខឹង​ឡើយ។ សំខាន់​បំផុត គាត់​មិន​បាន​ឲ្យ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​និង​អ្វី​ដែល​អ្នក​ឯ​ទៀត​បាន​ធ្វើ​ខុស​នាំ​ឲ្យ​គាត់​ឃ្លាត​ចេញ​ពី​ព្រះ​យេហូវ៉ា​ទេ។ ដោយ​សារ​យ៉ូសែប​បាន​បង្ហាញ​ភក្ដី​ភាព គាត់​មាន​ឱកាស​ឃើញ​ព្រះ​យេហូវ៉ា​ដោះ​ស្រាយ​ភាព​អយុត្ដិធម៌​ដែល​គាត់​បាន​ជួប​ប្រទះ ហើយ​ឃើញ​របៀប​ដែល​លោក​បាន​ផ្ដល់​ពរ​ដល់​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់។

យ៉ូសែប​មិន​បាន​ឲ្យ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​និង​អ្វី​ដែល​អ្នក​ឯ​ទៀត​បាន​ធ្វើ​ខុស​នាំ​ឲ្យ​គាត់​ឃ្លាត​ចេញ​ពី​ព្រះ​យេហូវ៉ា​ទេ

១៦​. បើ​យើង​រង​អំពើ​អយុត្ដិធម៌​ក្នុង​ក្រុម​ជំនុំ ហេតុ​អ្វី​យើង​គួរ​ចូល​កាន់​តែ​ជិត​នឹង​ព្រះ​យេហូវ៉ា?

១៦ ស្រដៀង​គ្នា​ដែរ យើង​ត្រូវ​ការពារ​និង​ឲ្យ​តម្លៃ​ចំពោះ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ យើង​មិន​គួរ​ឲ្យ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​បង​ប្អូន​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចេញ​ពី​ព្រះ​ដែល​យើង​ស្រឡាញ់​និង​គោរព​ប្រណិប័តន៍​នោះ​ទេ។ (​រ៉ូម ៨:៣៨, ៣៩​) ផ្ទុយ​ទៅ​វិញ បើ​យើង​រង​អំពើ​អយុត្ដិធម៌​ក្នុង​ក្រុម​ជំនុំ សូម​ឲ្យ​យើង​យក​តម្រាប់​យ៉ូសែប ហើយ​ចូល​កាន់​តែ​ជិត​នឹង​ព្រះ​យេហូវ៉ា។ សូម​ព្យាយាម​មាន​ទស្សនៈ​ដូច​លោក​ចំពោះ​រឿង​នោះ។ ក្រោយ​ពី​យើង​បាន​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ​តាម​គោល​ការណ៍​គម្ពីរ យើង​ត្រូវ​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​ដោះ​ស្រាយ​វិញ។ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​លោក​នឹង​ដោះ​ស្រាយ​បញ្ហា​នោះ​តាម​វិធី​និង​ពេល​ដែល​លោក​គិត​ថា​ល្អ​បំផុត។

ចូរ​ទុក​ចិត្ត​«​ចៅ​ក្រម​នៃ​ផែន​ដី​ទាំង​មូល​»​

១៧​. តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​មាន​ទំនុក​ចិត្ត​ទៅ​លើ​«​ចៅ​ក្រម​នៃ​ផែន​ដី​ទាំង​មូល​»​?

១៧ ដរាប​ណា​យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​នេះ ដរាប​នោះ​យើង​ប្រាកដ​ជា​នឹង​រង​អំពើ​អយុត្ដិធម៌។ ក្នុង​កាលៈទេសៈ​ដ៏​កម្រ​មាន អ្នក​ឬ​បុគ្គល​ដែល​អ្នក​ស្គាល់​ប្រហែល​ជា​នឹង​រង​ឬ​ឃើញ​អ្វី​មួយ​ដែល​មើល​ទៅ​ដូច​ជា​អយុត្ដិធម៌​ក្នុង​ក្រុម​ជំនុំ។ ចូរ​កុំ​ជំពប់​ដួល​ឡើយ។ (​ទំនុក​តម្កើង ១១៩:១៦៥​) ផ្ទុយ​ទៅ​វិញ ចូរ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ អធិដ្ឋាន​សុំ​ជំនួយ​ពី​លោក ហើយ​ពឹង​ផ្អែក​លើ​លោក។ សូម​ចាំ​ថា ដោយ​សារភាព​មិន​ល្អ​ឥត​ខ្ចោះ អ្នក​ប្រហែល​ជា​បាន​យល់​ច្រឡំ​អំពី​ស្ថានភាព​នោះ ហើយ​អ្នក​ទំនង​ជា​មិន​ដឹង​ហេតុ​ការណ៍​ពិត​ទាំង​អស់។ ចូរ​ធ្វើ​តាម​គំរូ​របស់​យ៉ូសែប ហើយ​ជៀស​វាង​ពី​ការ​និយាយ​មិន​ល្អ​អំពី​អ្នក​ឯ​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​ស្ថានភាព​នោះ​អាក្រក់​ជាង។ ម្យ៉ាង​ទៀត ជា​ជាង​ពឹង​ផ្អែក​លើ​ខ្លួន​ឯង ចូរ​តាំង​ចិត្ត​រក្សា​ភក្ដី​ភាព ហើយ​រង់​ចាំ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​អត់​ធ្មត់​ឲ្យ​ដោះ​ស្រាយ​បញ្ហា​នោះ។ យ៉ាង​នេះ ដូច​យ៉ូសែប អ្នក​នឹង​ទទួល​ពរ​និង​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ អ្នក​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ដែល​ជា​«​ចៅ​ក្រម​នៃ​ផែន​ដី​ទាំង​មូល​»​នឹង​តែង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ​«​ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់​សុទ្ធតែ​ប្រកប​ដោយ​យុត្ដិធម៌​»។—លោកុប្បត្តិ ១៨:២៥; ចោទិយកថា ៣២:៤

១៨​. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

១៨ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​ឧទាហរណ៍​ពីរ​ទៀត​អំពី​អំពើ​អយុត្ដិធម៌​ក្នុង​ចំណោម​រាស្ត្រ​ព្រះ​យេហូវ៉ា​នៅ​សម័យ​គម្ពីរ។ ឧទាហរណ៍​ទាំង​នេះ នឹង​ជួយ​យើង​ឲ្យ​ឃើញ​របៀប​ដែល​ចិត្ត​រាប​ទាប​និង​ការ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​នឹង​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​ភាព​យុត្ដិធម៌។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • អយុត្ដិធម៌: បើ​អ្នក​ឃើញ​ឬ​រង​អំពើ​អយុត្ដិធម៌​ក្នុង​ក្រុម​ជំនុំ ចូរ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ទុក​ចិត្ត​លោក ហើយ​រក្សា​ភក្ដី​ភាព។ អ្នក​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ដោះ​ស្រាយ​បញ្ហា​នោះ​តាម​វិធី​និង​ពេល​ដែល​លោក​គិត​ថា​ល្អ​បំផុត

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក