បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w17 មិថុនា ទំ. ៩-១៤
  • ចូរផ្ដោតអារម្មណ៍ទៅលើទ្រព្យវិសេសដែលមកពីព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរផ្ដោតអារម្មណ៍ទៅលើទ្រព្យវិសេសដែលមកពីព្រះ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • រាជាណាចក្រ​របស់​ព្រះ​គឺ​ដូច​ជា​គជ់​ខ្យង​មួយ​ដែល​មាន​តម្លៃ​ខ្ពស់
  • កិច្ច​បម្រើ​ផ្សាយ​របស់​យើង​អាច​សង្គ្រោះ​ជីវិត
  • សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​ដែល​យើង​បាន​រៀន
  • ចូរ​ការពារ​ទ្រព្យ​វិសេស​របស់​អ្នក
  • យើងមានទ្រព្យដែលមានតម្លៃវិសេសវិសាលបំផុត ដើម្បីចែកចាយ
    ២០០៨ កិច្ចបម្រើព្រះ
  • ទ្រព្យសម្បត្ដិដែលបានប្រគល់ឲ្យ
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • «មកតាមខ្ញុំជាដរាបចុះ!»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ចូររកអ្វីដ៏ថ្លៃវិសេសដែល«បានត្រូវលាក់ទុកក្នុងលោក»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
w17 មិថុនា ទំ. ៩-១៤
អ្នកជួញដូរម្នាក់រកឃើញគជ់ខ្យងដែលមានតម្លៃថ្លៃវិសេស

ចូរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ទ្រព្យ​វិសេស​ដែល​មក​ពី​ព្រះ

​«​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ​»។—លូកា ១២:៣៤

ចម្រៀង​លេខ: ១៥៣, ៩

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • បើ​យើង​ចាត់​ទុក​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី​ដែល​មាន​តម្លៃ តើ​នេះ​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី?

  • ស្តី​អំពី​កិច្ច​បម្រើ​ផ្សាយ​របស់​យើង តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​ថា​អ្នក​ស្រឡាញ់​កិច្ច​ការ​នោះ?

  • តើ​តាម​របៀប​ណា​យើង​បំពេញ​ឃ្លាំង​ទ្រព្យ​របស់​យើង​ដោយ​សេចក្ដី​ពិត ហើយ​តើ​ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី?

១, ២​. (​ក​) តើ​អ្វី​ជា​ទ្រព្យ​វិសេស​បី​ដែល​មក​ពី​ព្រះ​យេហូវ៉ា? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ព្រះ​យេហូវ៉ា​ជា​អ្នក​មាន​បំផុត​ក្នុង​សកល​លោក។ អ្វី​ៗ​ទាំង​អស់​ជា​កម្មសិទ្ធិ​របស់​លោក។ (​របា​ក្សត្រ​ទី១ ២៩:១១, ១២​) ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​ចិត្ត​ទូលាយ​ខ្លាំង​ណាស់​ចំពោះ​បុគ្គល​គ្រប់​រូប។ យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​ដែល​លោក​បាន​ឲ្យ​ទ្រព្យ​វិសេស​ដល់​យើង! តើ​មាន​អ្វី​ខ្លះ​ក្នុង​ចំណោម​ទ្រព្យ​វិសេស​ទាំង​នោះ? គឺ​រួម​មាន​៖ (​១​) រាជាណាចក្រ​របស់​ព្រះ (​២​) កិច្ច​បម្រើ​ផ្សាយ​របស់​យើង និង(​៣​) សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​ដែល​មាន​ក្នុង​បណ្ដាំ​របស់​លោក។ ប៉ុន្តែ បើ​យើង​មិន​ប្រុង​ប្រយ័ត្ន យូរ​ៗ​ទៅ​យើង​អាច​ភ្លេច​អំពី​តម្លៃ​នៃ​ទ្រព្យ​វិសេស​ទាំង​នោះ។ យើង​ត្រូវ​បន្ត​រំលឹក​ខ្លួន​អំពី​តម្លៃ​នៃ​ទ្រព្យ​វិសេស​ទាំង​នោះ ហើយ​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ជ្រាល​ជ្រៅ​ចំពោះ​អ្វី​ៗ​ទាំង​នោះ ដោយ​សារ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ​»។—លូកា ១២:៣៤

២ សូម​យើង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​រក្សា​ចិត្ត​កតញ្ញូ​និង​សេចក្ដី​ស្រឡាញ់​របស់​យើង​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​រាជាណាចក្រ​របស់​ព្រះ កិច្ច​បម្រើ​ផ្សាយ និង​សេចក្ដី​ពិត។ ពេល​យើង​ពិចារណា​អំពី​អ្វី​ទាំង​នេះ សូម​រំពឹង​គិត​អំពី​របៀប​ដែល​អ្នក​អាច​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ជាង​ចំពោះ​ទ្រព្យ​វិសេស​ទាំង​នោះ​ដែល​មក​ពី​ព្រះ។

រាជាណាចក្រ​របស់​ព្រះ​គឺ​ដូច​ជា​គជ់​ខ្យង​មួយ​ដែល​មាន​តម្លៃ​ខ្ពស់

៣​. ក្នុង​រឿង​ដែល​លោក​យេស៊ូ​បាន​ប្រើ តើ​បុរស​ម្នាក់​បាន​សុខ​ចិត្ត​ធ្វើ​អ្វី​ដើម្បី​ទិញ​គជ់​ខ្យង​មួយ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

៣ សូម​អាន ម៉ាថាយ ១៣:៤៥, ៤៦។ លោក​យេស៊ូ​បាន​ប្រាប់​រឿង​មួយ​អំពី​បុរស​ម្នាក់​ដែល​ជា​អ្នក​ជួញ​ដូរ​គជ់​ខ្យង។ នៅ​ថ្ងៃ​មួយ គាត់​បាន​រក​ឃើញ​គជ់​ខ្យង​មួយ​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គជ់​ខ្យង​ឯ​ទៀត​ដែល​គាត់​ធ្លាប់​ឃើញ​ពី​មុន។ បុរស​នោះ​ចង់​បាន​គជ់​ខ្យង​នោះ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គាត់​លក់​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន​ដើម្បី​ទិញ​គជ់​ខ្យង​នោះ។ តើ​អ្នក​អាច​ស្រមៃ​គិត​ថា​គជ់​ខ្យង​នោះ​មាន​តម្លៃ​ខ្លាំង​ប៉ុណ្ណា​ចំពោះ​គាត់​ឬ​ទេ?

បើ​យើង​ស្រឡាញ់​រាជាណាចក្រ​របស់​ព្រះ​ដូច​ដែល​បុរស​ឲ្យ​តម្លៃ​ចំពោះ​គជ់​ខ្យង​នោះ យើង​នឹង​សុខ​ចិត្ត​លះ​បង់​អ្វី​ៗ​ទាំង​អស់​ដើម្បី​រាជាណាចក្រ​នោះ

៤​. តើ​យើង​សុខ​ចិត្ត​ធ្វើ​អ្វី​ដើម្បី​រាជាណាចក្រ​ព្រះ?

៤ តើ​យើង​អាច​រៀន​អ្វី​ពី​រឿង​ដែល​លោក​យេស៊ូ​បាន​ប្រើ? សេចក្ដី​ពិត​អំពី​រាជាណាចក្រ​របស់​ព្រះ​គឺ​ដូច​ជា​គជ់​ខ្យង​ដែល​មាន​តម្លៃ​នោះ។ បើ​យើង​ស្រឡាញ់​រាជាណាចក្រ​របស់​ព្រះ​ដូច​ដែល​បុរស​ឲ្យ​តម្លៃ​ចំពោះ​គជ់​ខ្យង​នោះ យើង​នឹង​សុខ​ចិត្ត​លះ​បង់​អ្វី​ៗ​ទាំង​អស់​ដើម្បី​ទៅ​ជា​និង​បន្ត​ធ្វើ​ជា​រាស្ត្រ​នៃ​រាជាណាចក្រ​នោះ។ (​សូម​អាន ម៉ាកុស ១០:២៨​-​៣០​) សូម​យើង​ពិចារណា​អំពី​របៀប​ដែល​បុគ្គល​ពីរ​នាក់​បាន​ធ្វើ​ដូច្នេះ។

៥​. តើ​សាខេ​សុខ​ចិត្ត​ធ្វើ​អ្វី​ដើម្បី​រាជាណាចក្រ​ព្រះ?

៥ សាខេ​ជា​អ្នក​យក​ពន្ធ។ គាត់​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ដោយ​ចោទ​ប្រកាន់​អ្នក​ឯ​ទៀត​មិន​ពិត​ដើម្បី​យក​ប្រាក់​ពី​បណ្ដា​ជន។ (​លូកា ១៩:១​-​៩​) ប៉ុន្តែ​នៅ​ថ្ងៃ​មួយ សាខេ​បាន​ឮ​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​រាជាណាចក្រ​ព្រះ។ គាត់​ចូល​ចិត្ត​អ្វី​ដែល​គាត់​បាន​ឮ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គាត់​ចង់​កែ​ប្រែ​ទាំង​ស្រុង។ គាត់​បាន​និយាយ​ថា​៖ ​«​លោក​ម្ចាស់! ខ្ញុំ​កំពុង​ចែក​ទ្រព្យ​សម្បត្ដិ​ខ្ញុំ​ពាក់​កណ្ដាល​ដល់​អ្នក​ក្រី​ក្រ ហើយ​អ្វី​ក៏​ដោយ​ដែល​ខ្ញុំ​បាន​ទទួល​ដោយ​ចោទ​ប្រកាន់​អ្នក​ណា​ម្នាក់​មិន​ពិត នោះ​ខ្ញុំ​កំពុង​សង​មួយ​ជា​បួន​»។ សាខេ​បាន​សង​ប្រាក់​ដែល​គាត់​បាន​យក​ពី​បណ្ដា​ជន ហើយ​លែង​មាន​ចិត្ត​លោភ​លន់​ទៀត។

៦​. តើ​ស្ត្រី​ម្នាក់​បាន​ធ្វើ​ការ​កែ​ប្រែ​អ្វី​ខ្លះ ហើយ​ហេតុ​អ្វី​គាត់​បាន​ធ្វើ​ដូច្នេះ?

៦ ប៉ុន្មាន​ឆ្នាំ​មុន ក្នុង​អំឡុង​ពេល​ដែល​ស្ត្រី​ម្នាក់​មាន​ទំនាក់​ទំនង​ស្នេហា​ភេទ​ដូច​គ្នា គាត់​បាន​ឮ​អំពី​រាជាណាចក្រ​របស់​ព្រះ។ គាត់​ក៏​ជា​ប្រធាន​អង្គ​ការ​មួយ​ដែល​ទាម​ទារ​សិទ្ធិ​សម្រាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា។ ប៉ុន្តែ ពេល​ដែល​គាត់​រៀន​គម្ពីរ ហើយ​បាន​យល់​ថា​រាជាណាចក្រ​របស់​ព្រះ​មាន​តម្លៃ គាត់​បាន​ទទួល​ស្គាល់​ថា​គាត់​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​យ៉ាង​ធំ​ក្នុង​ជីវិត​របស់​គាត់។ (​កូរិនថូស​ទី១ ៦:៩, ១០​) ដោយ​សារ​គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា គាត់​បាន​ចាក​ចេញ​ពី​អង្គ​ការ​នោះ ហើយ​បាន​ផ្ដាច់​ទំនាក់​ទំនង​ស្នេហា​របស់​គាត់​ជា​មួយ​នឹង​បុគ្គល​ដែល​មាន​ភេទ​ដូច​គ្នា​នោះ។ គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​២០០៩ ហើយ​នៅ​ឆ្នាំ​បន្ទាប់​គាត់​បាន​ទៅ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ គាត់​បាន​ធ្វើ​ការ​កែ​ប្រែ​ធំ​ៗ​ទាំង​នោះ​ដោយ​សារ​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​ខ្លាំង​ជាង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ដែល​គាត់​មាន។—ម៉ាកុស ១២:២៩, ៣០

៧​. តើ​តាម​របៀប​ណា​យើង​អាច​រក្សា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​រាជាណាចក្រ​ព្រះ​ឲ្យ​មាំ​មួន?

៧ ដើម្បី​ទៅ​ជា​រាស្ត្រ​នៃ​រាជាណាចក្រ​របស់​ព្រះ យើង​ជា​ច្រើន​នាក់​បាន​កែ​ប្រែ​ទាំង​ស្រុង​នូវ​របៀប​រស់​នៅ​របស់​យើង។ (​រ៉ូម ១២:២​) ប៉ុន្តែ យើង​នៅ​តែ​ត្រូវ​បន្ត​តយុទ្ធ។ យើង​មិន​ត្រូវ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​រាជាណាចក្រ​រសាយ​ទៅ​ដោយ​សារ​អ្វី​ណា​ក៏​ដោយ ដូច​ជា​ការ​ស្រឡាញ់​ទ្រព្យ​សម្បត្ដិ ឬ​សេចក្ដី​ប៉ង​ប្រាថ្នា​ចង់​ប្រព្រឹត្ត​អំពើ​ប្រាស​ចាកសីលធម៌​ខាង​ផ្លូវ​ភេទ​ជា​ដើម។ (​សុភាសិត ៤:២៣; ម៉ាថាយ ៥:២៧​-​២៩​) ដើម្បី​ជួយ​យើង​រក្សា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​រាជាណាចក្រ​ព្រះ​ឲ្យ​មាំ​មួន ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​នូវ​ទ្រព្យ​វិសេស​ផ្សេង​ទៀត។

កិច្ច​បម្រើ​ផ្សាយ​របស់​យើង​អាច​សង្គ្រោះ​ជីវិត

៨​. (​ក​) ហេតុ​អ្វី​សាវ័ក​ប៉ូល​បាន​រៀប​រាប់​អំពី​កិច្ច​បម្រើ​ផ្សាយ​ថា​ជា‹ទ្រព្យ​វិសេស​ក្នុង​ភាជនៈ​ដី›? (​ខ​) តើ​ប៉ូល​បាន​បង្ហាញ​ថា​គាត់​ស្រឡាញ់​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

៨ លោក​យេស៊ូ​បាន​ឲ្យ​យើង​នូវ​ភារកិច្ច​ផ្សព្វ​ផ្សាយ​និង​បង្រៀន​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ។ (​ម៉ាថាយ ២៨:១៩, ២០​) សាវ័ក​ប៉ូល​បាន​រៀប​រាប់​អំពី​កិច្ច​បម្រើ​នោះ​ថា​ជា​ទ្រព្យ​វិសេស​ដែល​នៅ​ក្នុង​ភាជនៈ​ដី។ (​កូរិនថូស​ទី២ ៤:៧; ធីម៉ូថេ​ទី១ ១:១២​) ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ យើង​គឺ​ដូច​ជា​ភាជនៈ​ដី​នោះ។ ប៉ុន្តែ ដំណឹង​ដែល​យើង​ផ្សាយ​គឺ​ដូច​ជា​ទ្រព្យ​វិសេស ដោយ​សារ​ដំណឹង​នេះ​អាច​នាំ​ឲ្យ​យើង​និង​ពួក​អ្នក​ដែល​ស្ដាប់​យើង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ នេះ​ជា​មូលហេតុ​ដែល​ប៉ូល​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ដំណឹង​ល្អ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រាប់​ដល់​អ្នក​ឯ​ទៀត​»។ (​កូរិនថូស​ទី១ ៩:២៣​) ប៉ូល​បាន​ខំ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​រាជាណាចក្រ​របស់​ព្រះ។ (​សូម​អាន រ៉ូម ១:១៤, ១៥; ធីម៉ូថេ​ទី២ ៤:២​) សេចក្ដី​ស្រឡាញ់​ចំពោះ​ដំណឹង​ល្អ​បាន​ជួយ​គាត់​ឲ្យ​បន្ត​ផ្សព្វ​ផ្សាយ ទោះ​ជា​គាត់​បាន​ទទួល​ការ​បៀត​បៀន​ដ៏​សាហាវ​ក៏​ដោយ។ (​ថែស្សាឡូនិច​ទី១ ២:២​) តើ​តាម​របៀប​ណា​យើង​អាច​មាន​សេចក្ដី​ស្រឡាញ់​ដូច​ប៉ូល​ចំពោះ​កិច្ច​បម្រើ​ផ្សាយ?

ដំណឹង​ដែល​យើង​ផ្សាយ​គឺ​ដូច​ជា​ទ្រព្យ​វិសេស ដោយ​សារ​ដំណឹង​នេះ​អាច​នាំ​ឲ្យ​យើង​និង​ពួក​អ្នក​ដែល​ស្ដាប់​យើង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់

៩​. តើ​យើង​អាច​បង្ហាញ​ថា​យើង​ស្រឡាញ់​កិច្ច​បម្រើ​ផ្សាយ​តាម​របៀប​ណា​ខ្លះ?

៩ របៀប​មួយ​ដែល​ប៉ូល​បាន​បង្ហាញ​ថា​គាត់​ស្រឡាញ់​កិច្ច​បម្រើ​ផ្សាយ​គឺ​ដោយ​ប្រើ​គ្រប់​ឱកាស​ដើម្បី​និយាយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។ ដូច​ប៉ូល​និង​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម យើង​ក៏​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ នៅ​កន្លែង​សាធារណៈ និង​នៅ​កន្លែង​ណា​ក៏​ដោយ​ដែល​មាន​មនុស្ស។ (​សកម្មភាព ៥:៤២; ២០:២០​) យើង​ស្វែង​រក​វិធី​ផ្សេង​ៗ​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត។ បើ​យើង​អាច​ធ្វើ​បាន យើង​អាច​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ​ឬ​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ឬ​ក៏​យើង​អាច​រៀន​ភាសា​ផ្សេង​ទៀត រើ​ទៅ​កន្លែង​ផ្សេង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ឬ​ថែម​ទាំង​រើ​ទៅ​ប្រទេស​ឯ​ទៀត។—សកម្មភាព ១៦:៩, ១០

១០​. ដោយ​សារ​បង​អៃរីន​ខំ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ តើ​គាត់​បាន​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

១០ បង​ស្រី​អៃរីន​ដែល​រស់​នៅ​សហរដ្ឋ​អាម៉េរិក​និង​ដែល​នៅ​លីវ ចង់​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​រុស្ស៊ី។ ដូច្នេះ​នៅ​ឆ្នាំ​១៩៩៣ គាត់​បាន​ចូល​រួម​ក្រុម​ភាសា​រុស្ស៊ី​នៅ​ក្រុង​ញូវយ៉ក។ នៅ​ពេល​នោះ មាន​អ្នក​ផ្សាយ​ប្រហែល​ជា​២០​នាក់​ប៉ុណ្ណោះ​នៅ​ក្រុម​នោះ។ ក្រោយ​ពី​២០​ឆ្នាំ បង​អៃរីន​និយាយ​ថា​៖ ​«​ខ្ញុំ​នៅ​តែ​មិន​អាច​និយាយ​ភាសា​រុស្ស៊ី​ដូច​ជន​ជាតិ​រុស្ស៊ី​ទេ​»។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​និង​អ្នក​ផ្សាយ​ឯ​ទៀត​ឲ្យ​ផ្សព្វ​ផ្សាយ​ជា​ភាសា​នោះ។ ជា​លទ្ធផល សព្វ​ថ្ងៃ​នេះ​មាន​ក្រុម​ជំនុំ​ភាសា​រុស្ស៊ី​៦​នៅ​ក្រុង​ញូវយ៉ក។ បង​អៃរីន​បាន​បង្រៀន​គម្ពីរ​ដល់​មនុស្ស​ជា​ច្រើន ហើយ​១៥​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ បង​ប្អូន​ខ្លះ​ក្នុង​ចំណោម​ពួក​គេ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ បម្រើ​នៅ​បេតអែល និង​បម្រើ​ជា​អ្នក​ចាស់​ទុំ។ បង​អៃរីន​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​គិត​អំពី​គោល​ដៅ​ឯ​ទៀត​ដែល​ខ្ញុំ​អាច​សម្រេច​ក្នុង​ជីវិត​ខ្ញុំ​ដែល​បាន​កន្លង​ទៅ ខ្ញុំ​មិន​អាច​ស្រមៃ​គិត​ថា​មាន​គោល​ដៅ​ណា​មួយ​ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ​ខ្លាំង​ជាង​នេះ​ទេ​»។ បង​អៃរីន​ពិត​ជា​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​បម្រើ​ផ្សាយ​មែន!

បងស្រីម្នាក់កំពុងឈរក្បែររទេះផ្សព្វផ្សាយសាធារណៈនិងផ្សព្វផ្សាយដល់ស្ដ្រីម្នាក់

តើ​អ្នក​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​បម្រើ​ផ្សាយ ហើយ​លៃ​ពេល​សម្រាប់​កិច្ច​ការ​នោះ​ជា​រៀង​រាល់​សប្ដាហ៍​ឬ​ទេ? (​សូម​មើល​វគ្គ​១១, ១២​)

១១​. តើ​មាន​លទ្ធផល​អ្វី​ពេល​យើង​បន្ត​ផ្សព្វ​ផ្សាយ​ទោះ​ជា​មាន​ការ​បៀត​បៀន​ក៏​ដោយ?

១១ បើ​យើង​ឲ្យ​តម្លៃ​ទៅ​លើ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង នោះ​ដូច​សាវ័ក​ប៉ូល យើង​នឹង​បន្ត​ផ្សព្វ​ផ្សាយ​សូម្បី​តែ​នៅ​ពេល​ដែល​យើង​ទទួល​ការ​បៀត​បៀន​ក៏​ដោយ។ (​សកម្មភាព ១៤:១៩​-​២២​) ជា​ឧទាហរណ៍ រវាង​ឆ្នាំ​១៩៣០​និង​ឆ្នាំ​១៩៤៤ បង​ប្អូន​យើង​នៅ​សហរដ្ឋ​អាម៉េរិក​បាន​ទទួល​ការ​បៀត​បៀន​យ៉ាង​សាហាវ។ ប៉ុន្តែ ពួក​គេ​នៅ​តែ​បាន​បន្ត​ផ្សព្វ​ផ្សាយ។ ពេល​ដែល​ពួក​អាជ្ញាធរ​ព្យាយាម​បញ្ឈប់​ពួក​គេ បង​ប្អូន​របស់​យើង​បាន​ប្ដឹង​ទៅ​តុលាការ ហើយ​បាន​ឈ្នះ​រឿង​ក្ដី​ជា​ច្រើន​ករណី។ នៅ​ឆ្នាំ​១៩៤៣ បង​ន័រ​បាន​រៀប​រាប់​អំពី​ជ័យ​ជម្នះ​ដែល​យើង​បាន​ទទួល​ក្នុង​រឿង​ក្ដី​នៅ​តុលាការ​កំពូល​របស់​សហរដ្ឋ​អាម៉េរិក។ គាត់​បាន​និយាយ​ថា​បើ​បង​ប្អូន​របស់​យើង​មិន​បាន​បន្ត​ផ្សព្វ​ផ្សាយ នោះ​មិន​មាន​រឿង​ក្ដី​ណា​មួយ​របស់​យើង​ទៅ​ដល់​តុលាការ​នោះ​ឡើយ។ គាត់​បាន​បន្ថែម​ទៀត​ថា​ដោយ​សារ​បង​ប្អូន​នៅ​ទូ​ទាំង​ពិភព​លោក​បាន​បន្ត​ផ្សព្វ​ផ្សាយ ពួក​គេ​បង្ហាញ​ថា​ការ​បៀត​បៀន​មិន​បាន​ទទួល​ជ័យ​ជម្នះ​ទេ។ បង​ប្អូន​នៅ​ប្រទេស​ផ្សេង​ទៀត​ក៏​បាន​ឈ្នះ​រឿង​ក្ដី​ដែល​ស្រដៀង​គ្នា​នោះ​ដែរ។ មែន​ហើយ ដោយ​សារ​យើង​ស្រឡាញ់​កិច្ច​បម្រើ​ផ្សាយ យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​ការ​បៀត​បៀន​បញ្ឈប់​យើង​ពី​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ឡើយ។

១២​. តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

១២ ពេល​យើង​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង យើង​នឹង​មិន​គ្រាន់​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចំនួន​ម៉ោង​ដែល​យើង​សរសេរ​ក្នុង​សេចក្ដី​រាយ​ការណ៍​របស់​យើង​ប៉ុណ្ណោះ​ទេ។ យើង​នឹង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​«​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​ពី​ដំណឹង​ល្អ​»។ (​សកម្មភាព ២០:២៤; ធីម៉ូថេ​ទី២ ៤:៥​) ប៉ុន្តែ តើ​យើង​នឹង​បង្រៀន​អ្វី​ដល់​អ្នក​ឯ​ទៀត? សូម​ពិចារណា​អំពី​ទ្រព្យ​វិសេស​មួយ​ទៀត​ដែល​មក​ពី​ព្រះ។

សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​ដែល​យើង​បាន​រៀន

១៣, ១៤​. តើ​ពាក្យ​របស់​លោក​យេស៊ូ​អំពី​«​ឃ្លាំង​ទ្រព្យ​»​នៅ​ម៉ាថាយ ១៣:៥២​សំដៅ​ទៅ​លើ​អ្វី ហើយ​តើ​យើង​អាច​បំពេញ​ឃ្លាំង​ទ្រព្យ​នោះ​យ៉ាង​ដូច​ម្ដេច?

១៣ ទ្រព្យ​វិសេស​ទី៣​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​គឺសេចក្ដី​ពិត​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​រៀន។ ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​សេចក្ដី​ពិត។ (​សាំយូអែល​ទី២ ៧:២៨; ទំនុក​តម្កើង ៣១:៥​) ម្យ៉ាង​ទៀត ដោយ​សារ​លោក​ជា​បិតា​ដែល​មាន​ចិត្ត​ទូលាយ លោក​ចង់​ប្រាប់​យើង​អំពី​សេចក្ដី​ពិត​ទាំង​នេះ។ រហូត​មក​ដល់​ឥឡូវ​នេះ យើង​បាន​រៀន​សេចក្ដី​ពិត​ជា​ច្រើន​ទាំង​នេះ​តាម​រយៈ​ការ​អាន​បណ្ដាំ​របស់​លោក​និង​សៀវភៅ​ផ្សេង​ៗ​របស់​យើង ថែម​ទាំង​តាម​រយៈ​ការ​ចូល​រួម​មហា​សន្និបាត សន្និបាត និង​កិច្ច​ប្រជុំ​របស់​យើង​ជា​រៀង​រាល់​សប្ដាហ៍។ កាល​ដែល​យើង​ប្រមូល​ទុក​នូវ​សេចក្ដី​ពិត​កាន់​តែ​ច្រើន​ឡើង​ៗ យើង​នឹង​មាន​អ្វី​ដែល​លោក​យេស៊ូ​បាន​ហៅ​ថា​«​ឃ្លាំង​ទ្រព្យ​»​នៃ​សេចក្ដី​ពិត​«​ទាំង​ថ្មី​ទាំង​ចាស់​»។ (​សូម​អាន ម៉ាថាយ ១៣:៥២​) ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​បំពេញ​«​ឃ្លាំង​ទ្រព្យ​»​របស់​យើង បើ​យើង​ស្វែង​រក​សេចក្ដី​ពិត​ទាំង​នោះ​ដូច​ដែល​យើង​នឹង​ស្វែង​រក​កំណប់​ទ្រព្យ។ (​សូម​អាន សុភាសិត ២:៤​-​៧​) តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

១៤ យើង​ត្រូវ​សិក្សា​គម្ពីរ​និង​សៀវភៅ​ផ្សេង​ៗ​របស់​យើង​ជា​ទៀង​ទាត់ ហើយ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ដោយ​យក​ចិត្ត​ទុក​ដាក់។ នេះ​នឹង​ជួយ​យើង​ឲ្យ​រក​ឃើញ​នូវ​សេចក្ដី​ពិត​«​ថ្មី​»​ ពោល​គឺ​សេចក្ដី​ពិត​ផ្សេង​ៗ​ដែល​យើង​មិន​ធ្លាប់​ដឹង​ពី​មុន។ (​យ៉ូស្វេ ១:៨, ៩; ទំនុក​តម្កើង ១:២, ៣​) ទស្សនាវដ្ដី​ប៉ម​យាម​លេខ​ដំបូង​ដែល​បាន​ត្រូវ​បោះ​ពុម្ព​នៅ​ខែ​កក្កដា ឆ្នាំ​១៨៧៩ បាន​ប្រៀប​ប្រដូច​សេចក្ដី​ពិត​ទៅ​នឹង​ផ្កា​តូច​មួយ​ដែល​ដុះ​ក្នុង​វាល​ស្មៅ​ខ្ពស់​ៗ។ ដើម្បី​មនុស្ស​អាច​រក​ឃើញ​ផ្កា​នោះ គាត់​ត្រូវ​ស្វែង​រក​ដោយ​យក​ចិត្ត​ទុក​ដាក់។ ម្យ៉ាង​ទៀត ពេល​ដែល​គាត់​រក​ឃើញ​ផ្កា​នោះ គាត់​មិន​គួរ​ស្កប់​ចិត្ត​ដោយ​រក​ឃើញ​ផ្កា​តែ​មួយ​នោះ​ទេ គាត់​គួរ​បន្ត​ស្វែង​រក​ផ្កា​ឯ​ទៀត​ឲ្យ​កាន់​តែ​ច្រើន។ ស្រដៀង​គ្នា​ដែរ យើង​មិន​គួរ​ស្កប់​ចិត្ត​ពេល​យើង​រក​ឃើញ​សេចក្ដី​ពិត​តែ​មួយ​ទេ។ យើង​គួរ​មាន​ចិត្ត​ចង់​បន្ត​ស្វែង​រក​សេចក្ដី​ពិត​ឲ្យ​កាន់​តែ​ច្រើន​ថែម​ទៀត។

១៥​. ហេតុ​អ្វី​យើង​អាច​ហៅ​សេចក្ដី​ពិត​ខ្លះ​ៗ​ជា​សេចក្ដី​ពិត​«​ចាស់​»​ ហើយ​តើ​អ្នក​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​ពិត​មួយ​ណា?

១៥ ពេល​យើង​ចាប់​ផ្ដើម​សិក្សា​គម្ពីរ យើង​បាន​រៀន​សេចក្ដី​ពិត​មួយ​ចំនួន​ដ៏​អស្ចារ្យ។ យើង​អាច​ហៅ​សេចក្ដី​ពិត​ទាំង​នោះ​ថា​សេចក្ដី​ពិត​«​ចាស់​»​ដោយ​សារ​យើង​បាន​រៀន​សេចក្ដី​ពិត​ទាំង​នោះ​នៅ​ដើម​ដំបូង។ តើ​សេចក្ដី​ពិត​ទាំង​នោះ​ជា​អ្វី? នៅ​ដើម​ដំបូង យើង​បាន​រៀន​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​បង្កើត​របស់​យើង ហើយ​ថា​លោក​មាន​គោល​បំណង​សម្រាប់​មនុស្សជាតិ។ យើង​ក៏​បាន​រៀន​ផង​ដែរ​ថា ព្រះ​បាន​ចាត់​បុត្រ​របស់​លោក​ឲ្យ​មក​ផែន​ដី​ដើម្បី​ស្លាប់​ជា​គ្រឿង​បូជា​លោះ​ជា​ប្រយោជន៍​ឲ្យ​យើង​អាច​ត្រូវ​រំដោះ​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ម្យ៉ាង​ទៀត យើង​បាន​រៀន​ថា​រាជាណាចក្រ​របស់​ព្រះ​នឹង​បំបាត់​ចោល​ទុក្ខ​វេទនា​ទាំង​អស់ ហើយ​ថា​យើង​អាច​រស់​នៅ​ផែន​ដី​ជា​រៀង​រហូត​ដោយ​មាន​សេចក្ដី​សុខ​សាន្ត​និង​សុភមង្គល។—យ៉ូហាន ៣:១៦; ការ​បើក​បង្ហាញ ៤:១១; ២១:៣, ៤

១៦​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ពេល​មាន​ការ​កែ​តម្រូវ​ការ​យល់​ដឹង​របស់​យើង​ចំពោះ​សេចក្ដី​ពិត​ក្នុង​គម្ពីរ?

១៦ ពេល​ខ្លះ​ការ​យល់​ដឹង​របស់​យើង​អំពី​ខ​គម្ពីរ​ឬ​ទំនាយ​ណា​មួយ​ក្នុង​គម្ពីរ​បាន​ត្រូវ​កែ​តម្រូវ។ ពេល​អ្វី​បែប​នេះ​កើត​ឡើង គឺ​សំខាន់​ឲ្យ​យើង​ចំណាយ​ពេល​ដើម្បី​សិក្សា​និង​រំពឹង​គិត​អំពី​ការ​កែ​តម្រូវ​នោះ។ (​សកម្មភាព ១៧:១១; ធីម៉ូថេ​ទី១ ៤:១៥​) យើង​មិន​គ្រាន់​តែ​ត្រូវ​យល់​អំពី​ចំណុច​ខុស​គ្នា​សំខាន់​ៗ​រវាង​ការ​យល់​ដឹង​ថ្មី​និង​ការ​យល់​ដឹង​ចាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព័ត៌មាន​ល្អិត​ល្អន់​នៃ​ការ​យល់​ដឹង​ថ្មី​នោះ។ ការ​សិក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​បែប​នោះ​នឹង​ជួយ​យើង​ធ្វើ​ឲ្យ​ប្រាកដ​ថា​សេចក្ដី​ពិត​ថ្មី​នោះ​ទៅ​ជា​ផ្នែក​មួយ​នៃ​សេចក្ដី​ពិត​ទាំង​ប៉ុន្មាន​ពី​គម្ពីរ​ដែល​យើង​បាន​ប្រមូល​ទុក។ ហេតុ​អ្វី​ជា​ការ​ល្អ​ឲ្យ​យើង​ខំ​ប្រឹង​ធ្វើ​ដូច្នេះ?

១៧, ១៨​. តើ​សកម្មពល​បរិសុទ្ធ​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

១៧ លោក​យេស៊ូ​បាន​បង្រៀន​ថា​សកម្មពល​របស់​ព្រះ​អាច​ជួយ​យើង​ឲ្យ​ចាំ​អំពី​អ្វី​ដែល​យើង​បាន​រៀន​ពី​មុន។ (​យ៉ូហាន ១៤:២៥, ២៦​) តើ​នេះ​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ពេល​ដែល​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ? សូម​ពិចារណា​អំពី​បទ​ពិសោធន៍​របស់​បង​ប្រុស​ភីធើ។ នៅ​ឆ្នាំ​១៩៧០ គាត់​មាន​អាយុ​១៩​ឆ្នាំ ហើយ​បាន​ចាប់​ផ្ដើម​បម្រើ​នៅ​បេតអែល​នា​ប្រទេស​អង់គ្លេស។ ពេល​បង​ភីធើ​កំពុង​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយទៅ​ផ្ទះ​មួយ គាត់​បាន​ជួប​បុរស​វ័យ​កណ្ដាល​ម្នាក់​ដែល​មាន​ពុក​ចង្កា។ បង​ភីធើ​បាន​សួរ​បុរស​នោះ​ថា​តើ​គាត់​ចង់​យល់​គម្ពីរ​ឬ​ទេ? បុរស​នោះ​គឺ​ជា​អ្នក​បង្រៀន​ម្នាក់​ខាង​សាសនា​យូដា ហើយ​គាត់​ភ្ញាក់​ផ្អើល​ដែល​បុរស​វ័យ​ក្មេង​ម្នាក់​បាន​គិត​ថា​ខ្លួន​អាច​បង្រៀន​គម្ពីរ​ដល់​គាត់។ ដើម្បី​សាកល្បង​បង​ភីធើ អ្នក​បង្រៀន​សាសនា​នោះ​បាន​សួរ​ថា​៖ ​«​អ៊ីចឹង សុំ​សួរ​ប្អូន​មួយ តើ​សៀវភៅ​ដានីយ៉ែល​បាន​ត្រូវ​សរសេរ​ជា​ភាសា​អ្វី?​»។ បង​ភីធើ​បាន​ឆ្លើយ​ថា​៖ ​«​ផ្នែក​មួយ​នៃ​សៀវភៅ​នេះ​បាន​ត្រូវ​សរសេរ​ជា​ភាសា​អារ៉ាម​»។ បង​ភីធើ​ចាំ​ថា​៖ ​«​អ្នក​បង្រៀន​សាសនា​យូដា​នោះ​បាន​ភ្ញាក់​ផ្អើល​ដែល​ខ្ញុំ​ដឹង​ចម្លើយ។ ប៉ុន្តែ ខ្ញុំ​ភ្ញាក់​ផ្អើល​ខ្លាំង​ជាង​គាត់​ទៅ​ទៀត! ហេតុ​អ្វី​ខ្ញុំ​ដឹង​ចម្លើយ? ពេល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​បាន​រក​មើល​ឡើង​វិញ​នូវ​ខែ​មុន​ៗ​នៃ​ទស្សនាវដ្ដី​ប៉ម​យាម​និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! (​Awake!​) ខ្ញុំ​បាន​ឃើញ​ថា​មាន​អត្ថបទ​មួយ​ដែល​ពន្យល់​ថា​សៀវភៅ​ដានីយ៉ែល​បាន​ត្រូវ​សរសេរ​ជា​ភាសា​អារ៉ាម​»។a (​សូម​មើល​កំណត់​សម្គាល់​) មែន​ហើយ សកម្មពល​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​ចាំ​អំពី​ព័ត៌មាន​ដែល​យើង​បាន​អាន​និង​បាន​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​ទ្រព្យ​របស់​យើង​កាល​ពី​មុន។—លូកា ១២:១១, ១២; ២១:១៣​-​១៥

១៨ បើ​យើង​ស្រឡាញ់​និង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​សេចក្ដី​ពិត​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​រៀន​ពី​ព្រះ​យេហូវ៉ា យើង​នឹង​ចង់​បន្ត​បន្ថែម​សេចក្ដី​ពិត​ទាំង​នោះ​ឲ្យ​ចូល​ក្នុង​ឃ្លាំង​ទ្រព្យ​របស់​យើង។ ពេល​យើង​កាន់​តែ​ធ្វើ​ដូច្នេះ យើង​នឹង​កាន់​តែ​មាន​អារម្មណ៍​ថា​យើង​បាន​ត្រៀម​ខ្លួន​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត។

ចូរ​ការពារ​ទ្រព្យ​វិសេស​របស់​អ្នក

១៩​. ហេតុ​អ្វី​យើង​ត្រូវ​ការពារ​ទ្រព្យ​វិសេស​របស់​យើង?

១៩ ក្នុង​អត្ថបទ​នេះ យើង​បាន​រៀន​ថា​ការ​ឲ្យ​តម្លៃ​ទៅ​លើ​ទ្រព្យ​វិសេស​ដែល​មក​ពី​ព្រះ​គឺ​សំខាន់​ណាស់​ចំពោះ​យើង។ ប៉ុន្តែ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ថា​យើង​មិន​អនុញ្ញាត​ឲ្យ​សាថាន​និង​ពិភព​លោក​របស់​វា​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រព្យ​វិសេស​ទាំង​នោះ​រសាយ​ទៅ​ឡើយ។ បើ​យើង​មិន​ប្រុង​ប្រយ័ត្ន អ្វី​ៗ​ដូច​ជា​ឱកាស​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​ច្រើន ការ​ចង់​អួត​សម្ញែង​អំពី​ទ្រព្យ​សម្បត្ដិ ឬ​ការ​ចង់​ក្លាយ​ជា​អ្នក​មាន​អាច​បង្វែរ​អារម្មណ៍​របស់​យើង។ សាវ័ក​យ៉ូហាន​រំលឹក​យើង​ថា​មិន​យូរ​ទៀត​ពិភព​លោក​នេះ​និង​អ្វី​ៗ​ទាំង​អស់​ដែល​ពិភព​លោក​នេះ​ផ្ដល់​ឲ្យ​នឹង​សាប​សូន្យ​ទៅ។ (​យ៉ូហាន​ទី១ ២:១៥​-​១៧​) នេះ​ជា​មូលហេតុ​ដែល​យើង​ត្រូវ​បន្ត​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ទ្រព្យ​វិសេស​របស់​យើង​ដែល​មក​ពី​ព្រះ ហើយ​ការពារ​ទ្រព្យ​វិសេស​ទាំង​នោះ។

២០​. តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី​ដើម្បី​ការពារ​ទ្រព្យ​វិសេស​របស់​អ្នក​ដែល​មក​ពី​ព្រះ?

២០ ចូរ​សុខ​ចិត្ត​លះ​ចោល​អ្វី​ណា​ក៏​ដោយ​ដែល​អាច​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​រាជាណាចក្រ​ព្រះ​រសាយ​ទៅ។ ចូរ​តាំង​ចិត្ត​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង ហើយ​កុំ​ឲ្យ​បាត់​បង់​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​កិច្ច​បម្រើ​ផ្សាយ។ ចូរ​បន្ត​ស្វែង​រក​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ កាល​ដែល​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​មាន​កាន់​តែ​ច្រើន​នូវ‹ទ្រព្យ​នៅ​ស្ថាន​សួគ៌ ជា​កន្លែង​ដែល​ចោរ​មិន​អាច​ទៅ​ជិត ហើយ​សត្វ​ល្អិត​មិន​ស៊ី​បំផ្លាញ​ទេ។ ព្រោះ​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ›។—លូកា ១២:៣៣, ៣៤

a ដានីយ៉ែល ២:៤​ខ​ដល់​៧:២៨ បាន​ត្រូវ​សរសេរ​ជា​ភាសា​អារ៉ាម​នៅ​ដើម​ដំបូង។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • ទ្រព្យ​វិសេស​គឺ​ជា​អំណោយ​ដែល​យើង​ទទួល​ពី​ព្រះ​យេហូវ៉ា។ នោះ​រួម​មាន​រាជាណាចក្រ​របស់​ព្រះ កិច្ច​បម្រើ​ផ្សាយ​របស់​យើង និង​សេចក្ដី​ពិត​ដែល​យើង​បាន​រៀន

  • ទ្រព្យ​នៅ​ស្ថាន​សួគ៌: អ្វី​ល្អ​ៗ​ទាំង​អស់​ដែល​យើង​ធ្វើ​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​ដែល​បាន​ត្រូវ​រក្សា​ទុក​នៅ​ក្នុង​ការ​ចង​ចាំ​របស់​លោក។ លោក​ចាំ​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ធ្វើ​ដើម្បី​លោក ហើយ​លោក​សន្យា​ថា​លោក​នឹង​ផ្ដល់​ពរ​ដល់​យើង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក