ទ្រព្យសម្បត្ដិដែលបានប្រគល់ឲ្យ
១ សាវ័កប៉ុលបានចាត់ទុកកិច្ចការផ្សព្វផ្សាយដែលព្រះប្រគល់ឲ្យ គឺមានតម្លៃដូចជា«ទ្រព្យសម្បត្ដិ»។ (២កូ. ៤:៧) គាត់បានស៊ូទ្រាំទុក្ខលំបាក និងការបៀតបៀនដើម្បីបំពេញភារកិច្ចនោះ។ សាវ័កប៉ុលបានផ្សព្វផ្សាយដល់មនុស្សទាំងអស់ដែលគាត់ជួបដោយមិនខ្លាចនឿយហត់។ គាត់បានធ្វើដំណើរតាមផ្លូវគោក តាមសមុទ្រប្រកបដោយគ្រោះថ្នាក់ និងការលំបាកជាច្រើន។ តើតាមរបៀបណាដែលយើងអាចធ្វើតាមគំរូរបស់ប៉ុល ដោយចាត់ទុកកិច្ចផ្សព្វផ្សាយជាអ្វីដែលមានតម្លៃ? (រ៉ូម ១១:១៣) តើអ្វីដែលធ្វើឲ្យកិច្ចការផ្សព្វផ្សាយរបស់យើងជាទ្រព្យសម្បត្ដិដែលរកអ្វីប្រៀបពុំបាន?
២ ទ្រព្យសម្បត្ដិដែលមានតម្លៃពិសេស: ច្រើនដងទ្រព្យសម្បត្ដិរបស់លោកិយនាំឲ្យមានការព្រួយចិត្តជាច្រើន និងមានប្រយោជន៍តែបន្ដិចបន្តួច ហើយបណ្ដោះអាសន្នប៉ុណ្ណោះ។ ផ្ទុយទៅវិញ កិច្ចបម្រើផ្សាយរបស់យើងផ្ដល់ប្រយោជន៍ជារៀងរហូតចំពោះយើង និងអ្នកឯទៀតដែរ។ (១ធី. ៤:១៦) កិច្ចការផ្សព្វផ្សាយជួយមនុស្សដែលមានចិត្តស្មោះឲ្យស្គាល់ព្រះយេហូវ៉ា កែប្រែជីវិត និងទទួលសេចក្ដីសង្ឃឹមដ៏ពិតជាជីវិតជារៀងរហូត។ (រ៉ូម ១០:១៣-១៥) ដោយឲ្យតម្លៃខ្ពស់ចំពោះកិច្ចបម្រើផ្សាយរបស់យើង នោះធ្វើឲ្យជីវិតយើងមានន័យ និងមានអំណរដោយបានសម្រេចកិច្ចការដ៏មានប្រយោជន៍ជាស្ថាពរនេះ ហើយផ្ដល់សេចក្ដីសង្ឃឹមដ៏ត្រចះត្រចង់ចំពោះអនាគត។—១កូ. ១៥:៥៨
៣ ចូរបង្ហាញថាអ្នកចាត់ទុកទ្រព្យសម្បត្ដិរបស់ខ្លួនមានតម្លៃ: អ្វីដែលយើងចាត់ទុកថាមានតម្លៃយើងសុខចិត្តធ្វើការលះបង់ដើម្បីអ្វីនោះ។ ដោយចំណាយពេល និងកម្លាំងរបស់យើងដើម្បីសរសើរព្រះយេហូវ៉ា នោះពិតជាឯកសិទ្ធមែន! (អេភ. ៥:១៦, ១៧) របៀបដែលយើងចំណាយពេលវេលាគួរបង្ហាញថាយើងឲ្យតម្លៃចំពោះកិច្ចការបម្រើព្រះជាជាងរកទ្រព្យសម្បត្ដិ។ ដោយហេតុថា យើងមានអ្វីដ៏មានតម្លៃដើម្បីផ្ដល់ឲ្យគេ នោះយើងចង់ផ្សព្វផ្សាយដោយចិត្តរំភើបទាំងប្រុងប្រៀបគ្រប់ឱកាសដើម្បីប្រាប់ដំណឹងល្អដល់មនុស្សទាំងអស់។
៤ ជាធម្មតាគេមិនលាក់ទុកទ្រព្យសម្បត្ដិដែលមិនអាចកាត់ថ្លៃនោះទេ ផ្ទុយទៅវិញគេតាំងដើម្បីបង្ហាញឲ្យអ្នកដទៃឃើញវិញ។ ប្រសិនបើយើងចាត់ទុកកិច្ចបម្រើផ្សាយដូចជាទ្រព្យសម្បត្ដិ នោះកិច្ចបម្រើផ្សាយនឹងក្លាយជាផ្នែកដ៏សំខាន់ក្នុងជីវិតយើង។ (ម៉ាថ. ៥:១៤-១៦) ដោយពោរពេញទៅដោយចិត្តកតញ្ញូ ចូរឲ្យយើងត្រាប់តាមគំរូរបស់សាវ័កប៉ុលដោយឆ្លៀតគ្រប់ឱកាស ដើម្បីបង្ហាញថាយើងពិតជាចាត់ទុកកិច្ចបម្រើផ្សាយមានតម្លៃដូចជាទ្រព្យសម្បត្ដិ។