ការផ្សព្វផ្សាយអំពីព្រះរាជាណាចក្រគឺជាឯកសិទ្ធិដ៏មានតម្លៃមួយ
១ រៀងរាល់ថ្ងៃមនុស្សដែលរស់នៅលើផែនដីរាប់ពាន់លាននាក់ ទទួលប្រយោជន៍ពីសំវិធានការប្រកបដោយសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ាសំរាប់ការទ្រទ្រង់ជីវិត។ (ម៉ាថ. ៥:៤៥) ក៏ប៉ុន្តែមនុស្សតិចណាស់ដែលមានឯកសិទ្ធិដ៏ល្អឯកនេះ ពោលគឺឯកសិទ្ធិដែលអាចបង្ហាញនូវកតញ្ញូធម៌ចំពោះព្រះជាអ្នកបង្កើតរបស់ខ្លួនដោយផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ទ្រង់។ (ម៉ាថ. ២៤:១៤) តើឯកសិទ្ធិដ៏វិសេសនេះមានតម្លៃប៉ុនណាចំពោះរូបអ្នក?
២ ការផ្សព្វផ្សាយអំពីព្រះរាជាណាចក្រលើកដំកើងព្រះ ហើយក៏ផ្ដល់សេចក្ដីសង្ឃឹមនិងសន្ដិភាពដល់មនុស្សដែលមានទុក្ខព្រួយដោយសារគ្រាដ៏ច្របូលច្របល់សព្វថ្ងៃនេះ។ (ហេ. ១៣:១៥) ចំពោះអ្នកដែលឆ្លើយតបទៅនឹងសារព្រះរាជាណាចក្រ នោះគេមានសង្ឃឹមទទួលជីវិតជារៀងរហូត។ (យ៉ូន. ១៧:៣) តើមានមុខរបរឬអាជីពណាដែលផ្ដល់ផលប្រយោជន៍ដូចនេះទេ? សាវ័កប៉ុលបានបង្ហាញឲ្យឃើញនូវកតញ្ញូធម៌របស់គាត់ដោយរបៀបដែលគាត់បំពេញកិច្ចបំរើផ្សាយនោះ។ គាត់ចាត់ទុកកិច្ចបំរើផ្សាយជារតនសម្បត្ដិ។—កិច្ច. ២០:២០, ២១, ២៤; ២កូ. ៤:១, ៧
៣ ការបង្ហាញនូវចិត្តកតញ្ញូចំពោះឯកសិទ្ធីដ៏មានតម្លៃរបស់យើង: របៀបមួយដែលយើងបង្ហាញថាយើងជាមនុស្សមានកតញ្ញូចំពោះឯកសិទ្ធិផ្សព្វផ្សាយនោះ គឺដោយយកចិត្តទុកដាក់ទៅលើគុណភាពនៃកិច្ចបំរើរបស់យើង។ តើយើងឆ្លៀតរៀបចំពាក្យផ្សាយដែលអាចជំរុញចិត្តអ្នកដែលស្ដាប់យើងដែរឬទេ? តើយើងអាចបង្កើនឲ្យមានបំនិនក្នុងការប្រើបទគម្ពីរនិងក្នុងការវែកញែកហេតុផលជាមួយអ្នកស្ដាប់ដើម្បីឲ្យរឹតតែប្រសើរឡើងថែមទៀតបានឬទេ? តើយើងធ្វើការផ្សព្វផ្សាយក្នុងតំបន់ដែលបានប្រគល់ឲ្យយ៉ាងហ្មត់ចត់ឬទេ? តើយើងអាចចាប់ផ្ដើមដឹកនាំការសិក្សាព្រះគម្ពីរឬទេ? ដូចគ្រីស្ទានស្មោះត្រង់នៅអតីតកាលនិងរហូតដល់បច្ចុប្បន្នកាលនេះ យើងក៏ត្រូវបានជំរុញដោយមានទស្សនៈត្រឹមត្រូវអំពីសកម្មភាពនេះ ហើយយើងក៏ស្រឡាញ់ឯកសិទ្ធិរបស់យើងជាទីបំផុតដែរ។—ម៉ាថ. ២៥:១៤-២៣
៤ នៅពេលយើងកំពុងតែប្រឈមមុខនឹងអានុភាពនៃជរាភាព សុខភាពទន់ខ្សោយឬក៏កាលៈទេសៈដ៏លំបាកឯទៀតនោះ ពិតជាសំរាលទុក្ខយើងណាស់ពេលដែលដឹងថា ការខ្នះខ្នែងរបស់យើងដើម្បីរួមចំណែកក្នុងកិច្ចបំរើផ្សាយមានតម្លៃយ៉ាងខ្ពស់។ ព្រះបន្ទូលរបស់ព្រះធានាយើងថាព្រះយេហូវ៉ាសព្វព្រះទ័យចំពោះការប្រឹងប្រែងបែបនេះ ថ្វីបើការប្រឹងប្រែងទាំងនេះទំនងជាមិនធ្វើឲ្យអ្នកឯទៀតចាប់អារម្មណ៍ក៏ដោយ។—លូ. ២១:១-៤
៥ ការផ្សព្វផ្សាយអំពីព្រះរាជាណាចក្រជាប្រភពនៃការគាប់ចិត្តដ៏លើសលប់។ បងស្រីម្នាក់ដែលមានអាយុ៩២ឆ្នាំបាននិយាយថា៖ «នេះពិតជាកិត្ដិយសមួយពេលដែលក្រឡេកមើលពីអតីតកាលដោយគិតអំពីការបំរើព្រះជាង៨០ឆ្នាំ ដែលឥតមានការស្ដាយក្រោយសោះឡើយ! បើសិនជាពេលវេលាអាចត្រឡប់ថយក្រោយវិញបាន ខ្ញុំនឹងចាប់ផ្ដើមរស់នៅតាមរបៀបដដែលនេះ ‹ដ្បិតសេចក្ដីសប្បុរសនៃទ្រង់ នោះវិសេសជាងជីវិត›»។ (ទំនុក. ៦៣:៣) សូមឲ្យយើងចាត់ទុកឯកសិទ្ធិដ៏មានតម្លៃពីព្រះ ពោលគឺកិច្ចការផ្សព្វផ្សាយអំពីព្រះរាជាណាចក្រជាអ្វីដែលវិសេស។