ឯកសិទ្ធិដែលយើងមាន គឺមានតម្លៃណាស់!
១ គ្រប់អត្ថិភាពនៃមនុស្សជាតិ ព្រះយេហូវ៉ាបានផ្ដល់ឯកសិទ្ធិជាច្រើនដល់អ្នកបម្រើរបស់ទ្រង់។ ទ្រង់បានផ្ដល់ឯកសិទ្ធិដល់ពួកគេ មិនថាពួកគេមានភេទ អាយុ ឬឋានៈបែបណាក៏ដោយ។ (លូ. ១:៤១, ៤២; កិច្ច. ៧:៤៦; ភី. ១:២៩) តើទ្រង់ផ្ដល់ឯកសិទ្ធិណាខ្លះដល់យើងនៅសព្វថ្ងៃនេះ?
២ ឯកសិទ្ធិខ្លះៗរបស់យើង : យើងមានឯកសិទ្ធិមួយពោលគឺ ព្រះយេហូវ៉ាបង្រៀនយើង។ (ម៉ាថ. ១៣:១១, ១៥) ដោយចិត្តសប្បាយ ការសរសើរទ្រង់តាមរយៈចម្លើយរបស់យើងនៅកិច្ចប្រជុំក្រុមជំនុំ គឺជាឯកសិទ្ធិមួយទៀតដែលយើងមាន។ (ទំនុក. ៣៥:១៨) ពេលមានឱកាសនៅកិច្ចប្រជុំ យើងឆ្លើយដោយទឹកចិត្តរំភើបរីករាយ។ ស្រដៀងគ្នាដែរ បើយើងចាត់ទុកកិច្ចការទាំងអស់ដែលយើងមាននៅក្នុងក្រុមជំនុំជាកិត្ដិយស យើងនឹងបំពេញកិច្ចការនោះអស់ពីសមត្ថភាព។ តើយើងចូលរួមជាទៀងទាត់ក្នុងឯកសិទ្ធិជួយសម្អាត និងថែទាំសាលរាជាណាចក្រឲ្យបានស្អាតបាតឬទេ?
៣ មនុស្សរាប់លាននាក់ឆ្ងល់ថា តើព្រះសណ្ដាប់ការអធិស្ឋានរបស់គេឬអត់? ទោះបីជាយ៉ាងណាក៏ដោយ យើងមានឯកសិទ្ធិដោយដឹងថា បុគ្គលដ៏សំខាន់បំផុតលើសកលលោក សណ្ដាប់ការអធិស្ឋានរបស់យើង។ (សុ. ១៥:២៩) ព្រះយេហូវ៉ាសណ្ដាប់ការអធិស្ឋានរបស់អ្នកបម្រើទ្រង់ដោយផ្ទាល់។ (១ពេ. ៣:១២) ទ្រង់មិនដាក់កម្រិតទៅលើចំនួនដែលយើងអាចអធិស្ឋានចំពោះទ្រង់ឡើយ។ យើងអាចអធិស្ឋាន«រាល់ពេលរាល់វេលា» ម្ល៉ោះហើយនេះជាអំណោយទានដែលមានតម្លៃណាស់!—អេភ. ៦:១៨
៤ «អ្នកធ្វើការជាមួយនឹងព្រះ» : ឯកសិទ្ធិមួយដ៏ល្អបំផុតគឺ យើងជា«អ្នកធ្វើការជាមួយនឹងព្រះ» ក្នុងការប្រកាសដំណឹងល្អនៃរាជាណាចក្ររបស់ទ្រង់។ (១កូ. ៣:៩) កិច្ចការនេះនាំឲ្យមានការស្កប់ចិត្តនិងកម្លាំងចិត្ត។ (យ៉ូន. ៤:៣៤) ព្រះយេហូវ៉ាមិនចាំបាច់ប្រើមនុស្សដើម្បីធ្វើការនេះទេ ប៉ុន្តែទ្រង់បានផ្ដល់កិច្ចការនេះឲ្យយើង ដោយសារទ្រង់ស្រឡាញ់យើង។ (លូ. ១៩:៣៩, ៤០) ព្រះយេហូវ៉ាមិនបានផ្ដល់ឯកសិទ្ធិនេះដល់មនុស្សណាក៏បាននោះទេ។ អ្នកដែលចូលរួមកិច្ចបម្រើផ្សាយជាសាធារណៈ ត្រូវមានលក្ខណៈគ្រប់គ្រាន់តាមគម្ពីរ និងរក្សាឲ្យមានលក្ខណៈទាំងនេះជានិច្ច។ (អេសា. ៥២:១១) តើយើងបង្ហាញថាឯកសិទ្ធិនេះគឺមានតម្លៃ ដោយចាត់ទុកកិច្ចបម្រើផ្សាយជាផ្នែកដ៏សំខាន់មួយក្នុងកាលវិភាគប្រចាំសប្ដាហ៍របស់យើងទេ?
៥ ឯកសិទ្ធិដែលមកពីព្រះយេហូវ៉ានាំឲ្យជីវិតយើងស្កប់ចិត្ត។ (សុ. ១០:២២) ចូរកុំឲ្យយើងចាត់ទុកឯកសិទ្ធិនោះជាអ្វីដែលធម្មតាឡើយ! ដោយសម្ដែងថាឯកសិទ្ធិរបស់យើងគឺមានតម្លៃ យើងផ្គាប់ចិត្តព្រះវរបិតានៅស្ថានសួគ៌របស់យើង ជាអ្នកដែលឲ្យ«គ្រប់ទាំងរបស់ដ៏ល្អ . . . នឹងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍»។—យ៉ា. ១:១៧