បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w17 មិថុនា ទំ. ២១-២៦
  • ចូរគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​គ្រប់​គ្រង
  • ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា គឺ​ល្អ​បំផុត
  • ចូរ​គាំ​ទ្រ​យ៉ាង​ស្មោះ​នូវ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ
  • ចូរផ្ដោតអារម្មណ៍ទៅលើរឿងដ៏សំខាន់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ការគ្រប់គ្រងរបស់ព្រះយេហូវ៉ានិងរាជ្យរបស់ទ្រង់
    អត្ថបទសិក្សាពីទស្សនាវដ្ដីប៉មយាម ឆ្នាំ២០០៧
  • ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្តមបំផុតរបស់យើង!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • រឿងចំណោទដែលយើងគ្រប់គ្នាត្រូវតែប្រឈមមុខ
    ចូរថ្វាយបង្គំព្រះពិតតែមួយ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
w17 មិថុនា ទំ. ២១-២៦
បល្ល័ង្ករបស់ព្រះយេហូវ៉ា

ចូរ​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា!

​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ លោក​សម​នឹង​ទទួល​សេចក្ដី​សរសើរ​ដោយ​សារ​សិរី​រុង​រឿង កិត្ដិ​យស និង​ឫទ្ធា​នុភាព ពី​ព្រោះ​លោក​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​»។—ការ​បើក​បង្ហាញ ៤:១១

ចម្រៀង​លេខ: ២, ៤៩

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ដ៏​ខ្ពស់​បំផុត​ក្នុង​សកល​លោក?

  • ហេតុ​អ្វី​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​គ្រប់​គ្រង​ដ៏​ល្អ​បំផុត?

  • នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១, ២​. តើ​យើង​ម្នាក់​ៗ​ត្រូវ​យល់​យ៉ាង​ច្បាស់​អំពី​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ដូច​យើង​បាន​ពិចារណា​ក្នុង​អត្ថបទ​មុន មេ​កំណាច​អះអាង​ថា​ព្រះ​យេហូវ៉ា​មិន​សម​នឹង​គ្រប់​គ្រង​លើ​មនុស្សជាតិ​ទេ។ វា​និយាយ​ថា​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​គឺ​អយុត្ដិធម៌ ហើយ​ថា​មនុស្ស​នឹង​មាន​ជីវិត​សប្បាយ​ជាង បើ​ពួក​គេ​គ្រប់​គ្រង​ខ្លួន​ឯង។ តើ​អ្វី​ដែល​សាថាន​និយាយ​គឺ​ត្រឹម​ត្រូវ​ឬ​ទេ? ឧបមា​ថា បើ​មនុស្ស​អាច​គ្រប់​គ្រង​ខ្លួន​ឯង ហើយ​រស់​នៅ​ជា​រៀង​រហូត តើ​ពួក​គេ​នឹង​មាន​ជីវិត​សប្បាយ​ជាង​ជីវិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​ឬ​ទេ? តើ​អ្នក​នឹង​សប្បាយ​ជាង​ឬ​ទេ បើ​អ្នក​អាច​រស់​ជា​រៀង​រហូត​ដោយ​មិន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​ទាល់​តែ​សោះ?

២ គ្មាន​អ្នក​ណា​ម្នាក់​អាច​ឆ្លើយ​សំណួរ​ទាំង​នេះ​សម្រាប់​អ្នក​បាន​ទេ។ យើង​ម្នាក់​ៗ​ត្រូវ​គិត​អំពី​សំណួរ​ទាំង​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់។ បន្ទាប់​មក យើង​នឹង​ឃើញ​ច្បាស់​ថា​របៀប​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​បំផុត ហើយ​ថា​លោក​សម​នឹង​ទទួល​ការ​គាំ​ទ្រ​ពី​យើង​ដោយ​អស់​ពី​ចិត្ត។ យើង​អាច​មាន​ទំនុក​ចិត្ត​ដូច្នេះ​ដោយ​សារ​អ្វី​ដែល​គម្ពីរ​ចែង។ សូម​យើង​ពិចារណា​អំពី​អ្វី​ដែល​គម្ពីរ​ចែង​ស្តី​អំពី​សិទ្ធិ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​គ្រប់​គ្រង​លើ​សកល​លោក។

ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​គ្រប់​គ្រង

៣​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​សកល​លោក?

៣ មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​គ្រប់​គ្រង​លើ​សកល​លោក ពី​ព្រោះ​លោក​ជា​ព្រះ​ដែល​មាន​ឫទ្ធា​នុភាព​ខ្លាំង​ក្លា​បំផុត​និង​ជា​អ្នក​បង្កើត។ (​របា​ក្សត្រ​ទី១ ២៩:១១; សកម្មភាព ៤:២៤​) ក្នុង​អ្វី​ដែល​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​ឃើញ​អំពី​ស្ថាន​សួគ៌ ពួក​១៤៤.០០០​នាក់​ដែល​ជា​ស្តេច​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ត​បាន​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ លោក​សម​នឹង​ទទួល​សេចក្ដី​សរសើរ​ដោយ​សារ​សិរី​រុង​រឿង កិត្ដិ​យស និង​ឫទ្ធា​នុភាព ពី​ព្រោះ​លោក​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់ ហើយ​អ្វី​ៗ​ទាំង​អស់​នោះ​បាន​កើត​មក ក៏​មាន​នៅ​ផង ដោយ​សារ​បំណង​ប្រាថ្នា​របស់​លោក​»។ (​ការ​បើក​បង្ហាញ ៤:១១​) ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់ ដូច្នេះ​លោក​មាន​សិទ្ធិ​គ្រប់​គ្រង​លើ​បុគ្គល​គ្រប់​រូប មិន​ថា​នៅ​ផែន​ដី​ឬ​នៅ​ស្ថាន​សួគ៌​ឡើយ។

៤​. ហេតុ​អ្វី​ការ​មាន​ចិត្ត​សេរី​មិន​មាន​ន័យ​ថា​យើង​មាន​សិទ្ធិ​បះ​បោរ​ប្រឆាំង​នឹង​ព្រះ?

៤ សាថាន​មិន​បាន​បង្កើត​អ្វី​ទាល់​តែ​សោះ។ ដូច្នេះ វា​គ្មាន​សិទ្ធិ​គ្រប់​គ្រង​សកល​លោក​សោះ​ឡើយ។ សាថាន​និង​មនុស្ស​ពីរ​នាក់​ដំបូង​បាន​ទៅ​ជា​រឹង​ទទឹង​នៅ​ពេល​ដែល​ពួក​គេ​បាន​បះ​បោរ​ប្រឆាំង​នឹង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ (​យេរេមា ១០:២៣​) ដោយ​សារ​ពួក​គេ​មាន​ចិត្ត​សេរី តើ​នេះ​មាន​ន័យ​ថា​ពួក​គេ​មាន​សិទ្ធិ​មិន​ទទួល​ស្គាល់​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? មិន​មែន​ទេ។ ចិត្ត​សេរី​មាន​ន័យ​ថា​បុគ្គល​ម្នាក់​មាន​សិទ្ធិ​ធ្វើ​ការ​ជ្រើស​រើស​និង​ធ្វើ​ការ​សម្រេច​ចិត្ត តែ​នេះ​មិន​មាន​ន័យ​ថា​អ្នក​នោះ​មាន​សិទ្ធិ​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​ឡើយ។ ការ​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​គឺ​ជា​ការ​ប្រើ​ចិត្ត​សេរី​តាម​របៀប​មិន​ត្រឹម​ត្រូវ។ មនុស្ស​ត្រូវ​ការ​ការ​គ្រប់​គ្រង​និង​ការណែនាំ​ពី​ព្រះ​យេហូវ៉ា។

ច្បាប់ គោល​ការណ៍ និង​ការ​សម្រេច​ចិត្ត​ទាំង​អស់​ដែល​មក​ពី​ព្រះ​យេហូវ៉ា​គឺ​ត្រឹម​ត្រូវ

៥​. ហេតុ​អ្វី​ការ​សម្រេច​ចិត្ត​របស់​ព្រះ​តែង​តែ​ត្រឹម​ត្រូវ?

៥ សូម​គិត​អំពី​មូលហេតុ​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​គ្រប់​គ្រង។ លោក​ប្រើ​អំណាច​របស់​លោក​ដោយ​យុត្ដិធម៌​យ៉ាង​ល្អ​ឥត​ខ្ចោះ។ លោក​ប្រាប់​យើង​ថា​៖ ​«​អញ​ជា​ព្រះ​យេហូវ៉ា​ដែល​ប្រោស​ផ្សាយ​សេចក្ដី​សប្បុរស សេចក្ដី​យុត្ដិធម៌ នឹង​សេចក្ដី​សុចរិត​នៅ​ផែន​ដី ដ្បិត​អញ​រីក​រាយ​ចិត្ត​ចំពោះ​សេចក្ដី​ទាំង​នោះ​ហើយ​»។ (​យេរេមា ៩:២៤​) ព្រះ​យេហូវ៉ា​មិន​ត្រូវ​ការ​ច្បាប់​របស់​មនុស្ស​ដើម្បី​ជួយ​លោក​ឲ្យ​សម្រេច​ចិត្ត​អំពី​អ្វី​ដែល​ត្រឹម​ត្រូវ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គោល​ការណ៍​អំពី​អ្វី​ដែល​ត្រឹម​ត្រូវ​គឺ​មក​ពី​ព្រះ។ ម្យ៉ាង​ទៀត ដោយ​មាន​មូលដ្ឋាន​លើ​សេចក្ដី​យុត្ដិធម៌​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក ព្រះ​យេហូវ៉ា​បាន​ដាក់​ច្បាប់​ដល់​មនុស្ស។ អ្នក​តែង​ទំនុក​តម្កើង​បាន​និយាយ​ថា​៖ ​«​សេចក្ដី​សុចរិត​នឹង​សេចក្ដី​យុត្ដិធម៌ ជា​ជើង​ថ្កល់​នៃ​បល្ល័ង្ក​ទ្រង់​»។ ដូច្នេះ ច្បាប់ គោល​ការណ៍ និង​ការ​សម្រេច​ចិត្ត​ទាំង​អស់​ដែល​មក​ពី​ព្រះ​យេហូវ៉ា​គឺ​ត្រឹម​ត្រូវ។ (​ទំនុក​តម្កើង ៨៩:១៤; ១១៩:១២៨​) សាថាន​អះអាង​ថា​ព្រះ​យេហូវ៉ា​គ្រប់​គ្រង​ដោយ​អយុត្ដិធម៌។ ក៏​ប៉ុន្តែ សាថាន​មិន​អាច​នាំ​មក​នូវ​ភាព​យុត្ដិធម៌​សម្រាប់​ពិភព​លោក​បាន​ឡើយ។

៦​. តើ​អ្វី​ជា​មូលហេតុ​មួយ​ដែល​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​គ្រប់​គ្រង?

៦ មូលហេតុ​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​គ្រប់​គ្រង​គឺ​លោក​មាន​ចំណេះ​និង​ប្រាជ្ញា​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​ថែ​រក្សា​សកល​លោក។ យើង​អាច​ឃើញ​ដូច្នេះ ក្នុង​ការ​ដែល​លោក​បាន​ឲ្យ​បុត្រ​របស់​លោក​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​នូវ​ជំងឺ​ដែល​គ្មាន​គ្រូ​ពេទ្យ​ណា​ម្នាក់​អាច​ព្យាបាល​បាន​ឡើយ។ (​ម៉ាថាយ ៤:២៣, ២៤; ម៉ាកុស ៥:២៥​-​២៩​) ទោះ​ជា​អ្វី​ទាំង​នេះ​គឺ​ជា​អព្ភូតហេតុ​សម្រាប់​យើង​ក៏​ដោយ អ្វី​ទាំង​នេះ​មិន​មែន​ជា​អព្ភូតហេតុ​សម្រាប់​ព្រះ​យេហូវ៉ា​ទេ។ លោក​យល់​អំពី​របៀប​ដែល​សារពាង្គកាយ​របស់​មនុស្ស​ដំណើរ​ការ ហើយ​អាច​ធ្វើ​ឲ្យ​ជា​នូវ​អ្វី​ណា​ក៏​ដោយ​ដែល​ខូច​ខាត​ក្នុង​សារពាង្គកាយ​នោះ។ លោក​ក៏​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហើយ​ធ្វើ​ឲ្យ​លែង​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ទៀត​ដែរ។

៧​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា​ជាង​បុគ្គល​គ្រប់​រូប​ក្នុង​ពិភព​លោក​របស់​សាថាន?

៧ ពិភព​លោក​ដែល​គ្រប់​គ្រង​ដោយ​សាថាន​មិន​អាច​នាំ​ឲ្យមាន​សន្ដិ​ភាព​បាន​ឡើយ មិន​ថា​ក្នុង​ប្រទេស​តែ​មួយ ឬ​រវាង​ប្រទេស​ផ្សេង​ៗ។ មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​មាន​ប្រាជ្ញា​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ពេញ​ពិភព​លោក។ (​អេសាយ ២:៣, ៤; ៥៤:១៣​) យើង​មាន​អារម្មណ៍​ដូច​សាវ័ក​ប៉ូល​ពេល​ដែល​គាត់​បាន​និយាយ​ថា​៖ ​«​ពរ ប្រាជ្ញា និង​ចំណេះ​របស់​ព្រះ​គឺ​បរិបូរ​ណាស់​ហ្ន៎! ការ​វិនិច្ឆ័យ​របស់​លោក​គ្មាន​អ្នក​ណា​អាច​ស្វែង​យល់​បាន​ទេ ហើយ​ផ្លូវ​របស់​លោក​គ្មាន​អ្នក​ណា​អាច​វាស់​ស្ទង់​បាន​ឡើយ!​»។—រ៉ូម ១១:៣៣

ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា គឺ​ល្អ​បំផុត

៨​. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​របៀប​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា?

៨ ដូច​ដែល​យើង​បាន​រៀន​ខាង​លើ គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​គ្រប់​គ្រង។ គម្ពីរ​ក៏​បង្ហាញ​ដែរ​អំពី​មូលហេតុ​ដែល​លោក​គឺ​ជា​អ្នក​គ្រប់​គ្រង​ដ៏​ល្អ​បំផុត។ មូលហេតុ​មួយ​គឺ​លោក​គ្រប់​គ្រង​ដោយ​សេចក្ដី​ស្រឡាញ់។ យើង​មាន​អារម្មណ៍​ជិត​ស្និទ្ធ​នឹង​លោក ពេល​យើង​គិត​អំពី​លោក​ដែល​ជា​ព្រះ​ដែល​«​មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា ហើយ​ទន់​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​នឹង​សេចក្ដី​ទៀង​ត្រង់​ជា​បរិបូរ​»។ (​និក្ខមនំ ៣៤:៦​) ព្រះ​ប្រព្រឹត្ត​មក​លើ​យើង​ដោយ​ភាព​ថ្លៃ​ថ្នូរ។ លោក​ថែ​រក្សា​យើង​យ៉ាង​ល្អ​ប្រសើរ​ជាង​យើង​អាច​ថែ​រក្សា​ខ្លួន​ឯង។ មេ​កំណាច​និយាយ​ថា​ព្រះ​យេហូវ៉ា​លាក់​អ្វី​ល្អ​ពី​អ្នក​បម្រើ​របស់​លោក តែ​នេះ​គឺ​ជា​ពាក្យ​កុហក។ ព្រះ​ថែម​ទាំង​បាន​ឲ្យ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​ដើម្បី​យើង​អាច​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត។—សូម​អាន ទំនុក​តម្កើង ៨៤:១១; រ៉ូម ៨:៣២

ព្រះ​យេហូវ៉ា​ថែ​រក្សា​យើង​យ៉ាង​ល្អ​ប្រសើរ​ជាង​យើង​ថែ​រក្សា​ខ្លួន​ឯង

៩​. តើ​តាម​របៀប​ណា​យើង​ដឹង​ថា​ព្រះ​ចាប់​អារម្មណ៍​នឹង​យើង​ម្នាក់​ៗ​?

៩ ព្រះ​យេហូវ៉ា​ស្រឡាញ់​រាស្ត្រ​ទាំង​អស់​របស់​លោក​ជា​ក្រុម។ ប៉ុន្តែ លោក​ក៏​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​បុគ្គល​ម្នាក់​ៗ​ដែរ។ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សម័យ​បុរាណ។ អស់​រយៈ​ពេល​ប្រហែល​ជា​៣០០​ឆ្នាំ ព្រះ​យេហូវ៉ា​បាន​ប្រើ​ពួក​ចៅហ្វាយ​ដើម្បី​ណែនាំ​ប្រជា​ជាតិ​របស់​លោក ហើយ​ដើម្បី​ឲ្យ​រាស្ត្រ​របស់​លោក​ទទួល​ជ័យ​ជម្នះ​លើ​សត្រូវ​របស់​ពួក​គេ។ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នោះ ព្រះ​យេហូវ៉ា​នៅ​តែ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បុគ្គល​ម្នាក់​ៗ។ រូថ​គឺ​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​បុគ្គល​ទាំង​នោះ។ គាត់​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​ទេ ហើយ​គាត់​បាន​លះ​ចោល​អ្វី​ៗ​ជា​ច្រើន​ដើម្បី​ទៅ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ លោក​បាន​ផ្ដល់​រង្វាន់​ឲ្យ​គាត់​ដោយ​ឲ្យ​គាត់​នូវ​ប្ដី​ម្នាក់​និង​កូន​ប្រុស​មួយ។ ប៉ុន្តែ ជាង​នេះ​ទៅ​ទៀត មេស្ស៊ី​បាន​លេច​មក​តាម​រយៈ​វង្ស​ត្រកូល​របស់​កូន​ប្រុស​រូថ។ ព្រះ​យេហូវ៉ា​ក៏​បាន​បណ្ដាល​ឲ្យ​សរសេរ​ទុក​ក្នុង​គម្ពីរ​នូវ​បទ​ពិសោធន៍​របស់​រូថ ក្នុង​សៀវភៅ​មួយ​ដែល​បាន​ត្រូវ​ហៅ​តាម​ឈ្មោះ​របស់​គាត់។ តើ​អ្នក​គិត​ថា​រូថ​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដែល​គាត់​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ដឹង​អំពី​អ្វី​ៗ​ទាំង​នេះ?—នាង​រស់ ៤:១៣; ម៉ាថាយ ១:៥, ១៦

១០​. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​គឺ​មិន​មែន​ដោយ​គ្មាន​មេត្ដា?

១០ ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​គឺ​មិន​មែន​ដោយ​គ្មាន​មេត្ដា​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​អ្នក​ដែល​ស្ដាប់​បង្គាប់​លោក​មាន​សេរី​ភាព​និង​អំណរ។ (​កូរិនថូស​ទី២ ៣:១៧​) ដាវីឌ​បាន​និយាយ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឯ​សេចក្ដី​រុង​រឿង ហើយ​សិរី​លំអ​នោះ​នៅ​ចំពោះ​ទ្រង់ ឥទ្ធានុភាព​នឹង​សេចក្ដី​អំណរ​ក៏​នៅ​ទី​កន្លែង​របស់​ទ្រង់​»។ (​របា​ក្សត្រ​ទី១ ១៦:៧, ២៧​) អ្នក​តែង​ទំនុក​តម្កើង​ម្នាក់​ឈ្មោះ​អេថាន​បាន​សរសេរ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​មាន​ពរ​ហើយ សាសន៍​ណា​ដែល​ស្គាល់​សំឡេង​រីក​រាយ​នោះ។ ឱ​ព្រះ​យេហូវ៉ា​អើយ គេ​ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ​ភក្ដ្រ​ទ្រង់។ គេ​មាន​ចិត្ត​រីក​រាយ​ដោយ​ព្រះ​នាម​ទ្រង់​ជា​ដរាបរាល់​ថ្ងៃ ហើយ​គេ​បាន​ដំ​កើង​ឡើង​ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់​»។—ទំនុក​តម្កើង ៨៩:១៥, ១៦

១១​. តើ​តាម​របៀប​ណា​យើង​អាច​ពង្រឹង​ការ​ជឿ​ជាក់​របស់​យើង​ថា​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​បំផុត?

១១ កាល​ដែល​យើង​រំពឹង​គិត​កាន់​តែ​ច្រើន​ទៅ​លើ​គុណធម៌​របស់​ព្រះ​យេហូវ៉ា នោះ​យើង​កាន់​តែ​ជឿ​ជាក់​ថា​ការ​គ្រប់​គ្រង​របស់​លោក​គឺ​ល្អ​បំផុត។ យើង​មាន​អារម្មណ៍​ដូច​អ្នក​តែង​ទំនុក​តម្កើង​ដែល​បាន​និយាយ​ទៅ​ព្រះ​ថា​៖ ​«​មួយ​ថ្ងៃ​នៅ​ក្នុង​វិហារ​របស់​ព្រះ​អង្គ​ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ​នៅ​កន្លែង​ផ្សេង​ទៀត!​»។ (​ទំនុក​តម្កើង ៨៤:១១, ខ.ស. [​ទំនុក​តម្កើង ៨៤:១០​]​) ព្រះ​យេហូវ៉ា​បាន​បង្កើត​យើង ដូច្នេះ​លោក​ដឹង​ច្បាស់​អំពី​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​យើង​សប្បាយ។ អ្វី​ដែល​លោក​ឲ្យ​យើង​គឺ​ច្រើន​ជាង​អ្វី​ដែល​យើង​ត្រូវ​ការ។ អ្វី​ណា​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​សុំ​ឲ្យ​យើង​ធ្វើ​គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ ទោះ​ជា​យើង​ត្រូវ​ធ្វើ​ការ​លះ​បង់​ខ្លះ​ក៏​ដោយ បើ​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា យើង​នឹង​សប្បាយ​រីក​រាយ​ជា​និច្ច។—សូម​អាន អេសាយ ៤៨:១៧

១២​. តើ​អ្វី​ជា​មូលហេតុ​ដ៏​សំខាន់​ចម្បង​ដែល​យើង​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា?

១២ ក្នុង​គម្ពីរ​យើង​រៀន​ថា​ក្រោយ​ពី​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​គ្រិស្ត អ្នក​ខ្លះ​នឹង​បះ​បោរ​ប្រឆាំង​នឹង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ (​ការ​បើក​បង្ហាញ ២០:៧, ៨​) តើ​អ្វី​នឹង​នាំ​ឲ្យ​ពួក​គេ​ធ្វើ​ដូច្នេះ? នៅ​ពេល​នោះ មេ​កំណាច​នឹង​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ដោយ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ វា​តែង​តែ​ធ្វើ​ដូច្នេះ។ វា​ប្រហែល​ជា​នឹង​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​ជឿ​ជាក់​ថា​ពួក​គេ​អាច​រស់​ជា​រៀង​រហូត​ដោយ​មិន​ចាំ​បាច់​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ពាក្យ​នេះ​មិន​អាច​ជា​ការ​ពិត​ឡើយ។ ប៉ុន្តែ យើង​គួរ​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​នឹង​ជឿ​ពាក្យ​កុហក​បែប​នេះ​ឬ​ទេ?›។ បើ​យើង​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ជឿ​ជាក់​ថា​លោក​គឺ​ល្អ ហើយ​ថា​លោក​មាន​សិទ្ធិ​គ្រប់​គ្រង​សកល​លោក នោះ​យើង​នឹង​ស្អប់ខ្ពើម​ពាក្យ​កុហក​បែប​នេះ។ យើង​នឹង​ចង់​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​តែ​ប៉ុណ្ណោះ។

ចូរ​គាំ​ទ្រ​យ៉ាង​ស្មោះ​នូវ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ

១៣​. តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា​យើង​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ?

១៣ ព្រះ​យេហូវ៉ា​ពិត​ជា​មាន​សិទ្ធិ​គ្រប់​គ្រង ហើយ​របៀប​ដែល​លោក​គ្រប់​គ្រង​គឺ​ល្អ​បំផុត។ ការ​គ្រប់​គ្រង​របស់​លោក​សម​នឹង​ទទួល​ការ​គាំ​ទ្រ​យ៉ាង​ស្មោះ​ពី​យើង។ យើង​គាំ​ទ្រ​ការ​គ្រប់​គ្រង​នោះ ដោយ​យក​តម្រាប់​ព្រះ​យេហូវ៉ា​និង​ដោយ​មាន​ភក្ដី​ភាព​ចំពោះ​លោក។ ពេល​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ប្រព្រឹត្ត​ដូច​ព្រះ​យេហូវ៉ា យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​និង​គាំ​ទ្រ​របៀប​គ្រប់​គ្រង​របស់​លោក។—សូម​អាន អេភេសូរ ៥:១, ២

១៤​. តើ​ប្រមុខ​គ្រួសារ​និង​ពួក​អ្នក​ចាស់​ទុំ​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៤ យើង​រៀន​ពី​គម្ពីរ​ថា​ព្រះ​យេហូវ៉ា​តែង​តែ​ប្រើ​ឫទ្ធា​នុភាព​របស់​លោក​តាម​របៀប​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ ប្រមុខ​គ្រួសារ​និង​ពួក​អ្នក​ចាស់​ទុំ​ដែល​ស្រឡាញ់​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​នឹង​យក​តម្រាប់​លោក ហើយ​មិន​ប្រើ​អំណាច​ដើម្បី​គ្រប់​គ្រង​លើ​អ្នក​ឯ​ទៀត​ឬ​ប្រព្រឹត្ត​ដោយ​គ្មាន​មេត្ដា​ទេ។ សាវ័ក​ប៉ូល​បាន​ខំ​ព្យាយាម​យក​តម្រាប់​ព្រះ​និង​បុត្រ​របស់​លោក។ (​កូរិនថូស​ទី១ ១១:១​) គាត់​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ខ្មាស​គេ ឬ​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ឡើយ។ ផ្ទុយ​ទៅ​វិញ ដោយ​សេចក្ដី​សប្បុរស គាត់​បាន​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ (​រ៉ូម ១២:១; អេភេសូរ ៤:១; ភីលេម៉ូន ៨​-​១០​) កាល​ដែល​ប៉ូល​ធ្វើ​ដូច្នេះ គាត់​កំពុង​យក​តម្រាប់​ព្រះ​យេហូវ៉ា។ ពេល​យើង​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ដោយ​សេចក្ដី​ស្រឡាញ់ នោះ​យើង​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។

១៥​. តើ​តាម​របៀប​ណា​យើង​បង្ហាញ​ថា​យើង​គាំ​ទ្រ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា?

១៥ យើង​ក៏​គាំ​ទ្រ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ដោយ​គោរព​ពួក​អ្នក​ដែល​បាន​ទទួល​អំណាច​ពី​លោក​និង​ដោយ​សហការ​ជា​មួយ​នឹង​ពួក​គាត់។ ទោះ​ជា​យើង​មិន​យល់​ច្បាស់​ឬ​មិន​យល់​ស្រប​នឹង​ការ​សម្រេច​ចិត្ត​ណា​មួយ​របស់​ពួក​គាត់​ក្ដី យើងនៅ​តែ​គាំ​ទ្រ​ពួក​គាត់។ មនុស្ស​ក្នុង​ពិភព​លោក​នេះ​មិន​ប្រព្រឹត្ត​ដូច្នេះ​ទេ ប៉ុន្តែ​នេះ​គឺ​ជា​អ្វី​ដែល​យើង​ធ្វើ​ពេល​ដែល​យើង​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​របស់​យើង។ (​អេភេសូរ ៥:២២, ២៣; ៦:១​-​៣; ហេប្រឺ ១៣:១៧​) ម្យ៉ាង​ទៀត ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​យើង​សប្បាយ​ចិត្ត ដោយ​សារ​ព្រះ​ចង់​ឲ្យ​យើង​ទទួល​ប្រយោជន៍​ច្រើន​បំផុត។

១៦​. តើ​តាម​របៀប​ណា​ការ​សម្រេច​ចិត្ត​របស់​យើង​អាច​បង្ហាញ​ថា​យើង​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា?

១៦ យើង​ក៏​អាច​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​ដោយ​ការ​សម្រេច​ចិត្ត​របស់​យើង។ ព្រះ​យេហូវ៉ា​មិន​ឲ្យ​យើង​នូវ​បង្គាប់​ជាក់​លាក់​សម្រាប់​ស្ថានភាព​នីមួយ​ៗ​ក្នុង​ជីវិត​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ប្រាប់​យើង​អំពី​ទស្សនៈ​របស់​លោក។ នេះ​ជួយ​យើង​ឲ្យ​យល់​អំពី​អ្វី​ដែល​យើង​គួរ​ធ្វើ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​មិន​បាន​ឲ្យ​គ្រិស្ត​សាសនិក​នូវ​តារាង​មួយ​ស្តី​អំពី​អ្វី​ដែល​ពួក​គេ​គួរ ឬ​មិន​គួរ​ស្លៀក​ពាក់​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ពន្យល់​ថា​ក្នុង​នាម​ជា​សាក្សី​របស់​លោក យើង​គួរ​ស្លៀក​ពាក់​បែប​រមទម​និង​ថ្លៃ​ថ្នូរ។ (​ធីម៉ូថេ​ទី១ ២:៩, ១០​) លោក​ចង់​ឲ្យ​យើង​គិត​អំពី​របៀប​ដែល​ការ​សម្រេច​ចិត្ត​របស់​យើង​អាច​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ឯ​ទៀត។ (​កូរិនថូស​ទី១ ១០:៣១​-​៣៣​) ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​មាន​មូលដ្ឋាន​លើ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​និង​គាំ​ទ្រ​របៀប​គ្រប់​គ្រង​របស់​លោក។

ប្អូនស្រីវ័យក្មេងម្នាក់កំពុងជ្រើសរើសសម្លៀកបំក់; ប្ដីប្រពន្ធមួយគូកំពុងនិយាយជាមួយគ្នា

ចូរ​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អ្នក​និង​ក្នុង​សកម្មភាព​របស់​ក្រុម​គ្រួសារ (​សូម​មើល​វគ្គ​១៦​-​១៨​)

១៧, ១៨​. តើ​គូ​អាពាហ៍​ពិពាហ៍​អាច​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា?

១៧ សូម​ពិចារណា​អំពី​របៀប​មួយ​ដែល​គ្រិស្ត​សាសនិក​ដែល​បាន​រៀប​ការ អាច​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ ប្រហែល​ជា​អាពាហ៍​ពិពាហ៍​របស់​ប្ដី​ប្រពន្ធ​មួយ​គូ មិន​ដូច​អ្វី​ដែល​ពួក​គេ​បាន​រំពឹង​ទុក​ទេ។ ប្រហែល​ជា​ពួក​គេ​ថែម​ទាំង​មានបញ្ហា​ធ្ងន់​ធ្ងរ​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ។ បើ​ដូច្នេះ ពួក​គេ​អាច​ទទួល​ប្រយោជន៍​ពី​ការ​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ចំពោះ​ប្រជា​ជាតិ​អ៊ីស្រាអែល។ ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ថា​លោក​គឺ​ដូច​ជា​ប្ដី​របស់​រាស្ត្រ​លោក។ (​អេសាយ ៥៤:៥; ៦២:៤​) ជា​ច្រើន​ដង ប្រជា​ជាតិ​នោះ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខក​ចិត្ត។ ទំនាក់​ទំនង​នោះ​គឺ​ដូច​ជា​អាពាហ៍​ពិពាហ៍​ដ៏​ពិបាក​មួយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​ឆាប់​បោះ​បង់​ចោល​ប្រជា​ជាតិ​អ៊ីស្រាអែល​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​បាន​អភ័យ​ទោស​ឲ្យ​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​បាន​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក​ចំពោះ​ពួក​គេ។—សូម​អាន ទំនុក​តម្កើង ១០៦:៤៣​-​៤៥

១៨ គ្រិស្ត​សាសនិក​ដែល​បាន​រៀប​ការ ហើយ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ព្យាយាម​យក​តម្រាប់​លោក។ ទោះ​ជា​មាន​បញ្ហា​ក្នុង​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ​ក៏​ដោយ ពួក​គេ​មិន​រក​វិធី​ដែល​គ្មាន​មូលដ្ឋាន​លើ​គម្ពីរ​ដើម្បី​ផ្ដាច់​ចំណង​អាពាហ៍​ពិពាហ៍​នោះ​ទេ។ ពួក​គេ​ដឹង​ថា​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​ពាក្យ​សម្បថ​ក្នុង​អាពាហ៍​ពិពាហ៍​ជា​អ្វី​ដែល​សំខាន់ ហើយ​ថា​លោក​ចង់​ឲ្យ​ប្ដី​ប្រពន្ធ​«​នៅ​ជាប់​»​ជា​មួយ​នឹង​គ្នា។ អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​គឺ​ជា​មូលហេតុ​តែ​មួយ​គត់​ដែល​ស្រប​តាម​គម្ពីរ​ដែល​បុគ្គល​ណា​ម្នាក់​អាច​លែង​លះ​និង​មាន​សិទ្ធិ​រៀប​ការ​ម្ដង​ទៀត។ (​ម៉ាថាយ ១៩:៥, ៦, ៩​) ពេល​គ្រិស្ត​សាសនិក​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ​ជោគ​ជ័យ នោះ​ពួក​គេ​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។

១៩​. តើ​យើង​គួរ​ធ្វើ​អ្វី​ពេល​ដែល​យើង​ធ្វើ​ខុស?

១៩ យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ជួន​កាល​យើង​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ខក​ចិត្ត។ លោក​ដឹង​អំពី​រឿង​នេះ ហើយ​នេះ​គឺ​ជា​មូលហេតុ​ដែល​លោក​បាន​ផ្ដល់​ថ្លៃ​លោះ​របស់​គ្រិស្ត។ ដូច្នេះ ពេល​ដែល​យើង​ធ្វើ​ខុស យើង​គួរ​សុំ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង។ (​យ៉ូហាន​ទី១ ២:១, ២​) ជា​ជាង​គ្រាន់​តែ​ស្ដាយ​ក្រោយ​ចំពោះ​កំហុស​របស់​យើង​ប៉ុណ្ណោះ យើង​អាច​ព្យាយាម​រៀន​ពី​កំហុស​នោះ។ យើង​ចង់​រក្សា​ខ្លួន​ឲ្យ​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​នឹង​អភ័យ​ទោស​ឲ្យ​យើង ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្រាល​ក្នុង​ចិត្ត ហើយ​បន្ត​បម្រើ​លោក។—ទំនុក​តម្កើង ១០៣:៣

២០​. ហេតុ​អ្វី​យើង​គួរ​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​នេះ?

២០ ក្នុង​ពិភព​លោក​ថ្មី បុគ្គល​គ្រប់​រូប​នឹង​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា ហើយ​នឹង​រៀន​អំពី​ផ្លូវ​ដ៏​សុចរិត​របស់​លោក។ (​អេសាយ ១១:៩​) ប៉ុន្តែ សូម្បី​តែ​នៅ​ឥឡូវ​នេះ យើង​អាច​រៀន​ច្រើន​អំពី​ទស្សនៈ​របស់​លោក​និង​របៀប​ដែល​លោក​ចង់​ឲ្យ​យើង​ប្រព្រឹត្ត។ មិន​យូរ​ទៀត គ្មាន​អ្នក​ណា​ម្នាក់​ដែល​នឹង​សង្ស័យ​អំពី​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​ទេ។ ដូច្នេះ នៅ​ឥឡូវ​នេះ សូម​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ដោយ​ស្ដាប់​បង្គាប់​លោក បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់ និង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​យក​តម្រាប់​លោក​ក្នុង​គ្រប់​ការ​ទាំង​អស់។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • យើង​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា: យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង យើង​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់ ហើយ​យើង​មាន​ភក្ដី​ភាព​ចំពោះ​លោក

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក