ចូរបន្តឈានទៅមុខក្នុងការឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត!
«ចូរឲ្យសកម្មពលរបស់ព្រះបន្តដឹកនាំអ្នករាល់គ្នា»។—កាឡាទី ៥:១៦
១, ២. តើបងប្រុសម្នាក់បានទទួលស្គាល់អ្វីអំពីខ្លួនគាត់ ហើយតើគាត់បានធ្វើអ្វី?
បងប្រុសរ៉ូបឺតបានទទួលការជ្រមុជទឹកពេលគាត់មានវ័យជំទង់ ប៉ុន្តែសេចក្ដីពិតមិនមែនជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់គាត់ទេ។ គាត់និយាយថា៖ «ខ្ញុំមិនបានធ្វើអ្វីខុសទេ តែដោយមិនដឹងខ្លួន អ្វីៗដែលខ្ញុំធ្វើគឺគ្រាន់តែជាការបង្គ្រប់កិច្ចប៉ុណ្ណោះ។ មើលទៅខ្ញុំដូចជាមនុស្សដែលមានជំនឿរឹងមាំ ដោយសារខ្ញុំចូលរួមកិច្ចប្រជុំទាំងអស់ ហើយបម្រើជាអ្នកត្រួសត្រាយជំនួយប៉ុន្មានដងក្នុងមួយឆ្នាំ។ ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាខ្វះអ្វីមួយ»។
២ បងរ៉ូបឺតមិនដឹងថាគាត់ខ្វះអ្វីទេ រហូតដល់ក្រោយពីគាត់បានរៀបការ។ ជួនកាល គាត់និងប្រពន្ធចំណាយពេលនិយាយគ្នាលេង ដោយសួរសំណួរគ្នាទៅវិញទៅមកអំពីគម្ពីរ។ ប្រពន្ធរបស់គាត់ស្គាល់គម្ពីរច្បាស់ ហើយអាចឆ្លើយសំណួរបានយ៉ាងស្រួល។ ចំណែកបងរ៉ូបឺតវិញ ច្រើនដងគាត់ពិបាកឆ្លើយសំណួរណាស់ ហើយនោះធ្វើឲ្យគាត់មានអារម្មណ៍ខ្មាស។ គាត់និយាយថា៖ «ខ្ញុំហាក់ដូចជាមិនស្គាល់គម្ពីរសោះ។ ខ្ញុំគិតក្នុងចិត្តថា ‹បើខ្ញុំចង់នាំមុខប្រពន្ធខ្ញុំយ៉ាងល្អក្នុងការគោរពប្រណិប័តន៍ព្រះ ខ្ញុំត្រូវធ្វើអ្វីមួយ›»។ ដូច្នេះ គាត់និយាយបន្ថែមថា៖ «ខ្ញុំបានសិក្សាគម្ពីរកាន់តែច្រើនឡើងៗ ហើយចាប់ផ្ដើមយល់ច្បាស់ជាង តែសំខាន់បំផុត ខ្ញុំមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា»។
៣. (ក) តើយើងអាចរៀនអ្វីពីបទពិសោធន៍របស់បងរ៉ូបឺត? (ខ) តើយើងនឹងពិចារណាអំពីសំណួរអ្វីខ្លះ?
៣ យើងអាចរៀនមេរៀនដ៏សំខាន់ពីបទពិសោធន៍របស់បងរ៉ូបឺត។ យើងប្រហែលជាមានចំណេះខ្លះពីគម្ពីរ ហើយចូលរួមកិច្ចប្រជុំនិងកិច្ចបម្រើផ្សាយជាទៀងទាត់ តែនេះមិនមានន័យថាយើងឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិតរបស់យើងទេ។ ម្យ៉ាងទៀត យើងប្រហែលជាបានខំធ្វើជាមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិតរួចហើយ ប៉ុន្តែពេលយើងពិនិត្យពិចារណាអំពីខ្លួន យើងឃើញថាមានចំណុចដែលយើងអាចរីកចម្រើនថែមទៀត។ (ភីលីព ៣:១៦) អត្ថបទនេះមានចម្លើយចំពោះសំណួរបីគឺ៖ (១) តើអ្វីនឹងជួយយើងឲ្យដឹងថាយើងឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត? (២) តើយើងអាចធ្វើអ្វីដើម្បីពង្រឹងចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះ? (៣) បើយើងតែងតែឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត តើនេះនឹងជួយយើងយ៉ាងណាក្នុងជីវិតប្រចាំថ្ងៃ?
របៀបដែលយើងអាចដឹងថាយើងឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត
៤. តើយោបល់នៅអេភេសូរ ៤:២៣, ២៤គឺសម្រាប់អ្នកណា?
៤ ពេលយើងចាប់ផ្ដើមបម្រើព្រះ យើងបានធ្វើការកែប្រែដែលមានឥទ្ធិពលទៅលើរបៀបរស់នៅរបស់យើង។ ទោះជាយើងបានទទួលការជ្រមុជទឹកហើយក៏ដោយ យើងមិនបានឈប់ធ្វើការកែប្រែទាំងនេះឡើយ។ គម្ពីរប្រាប់យើងថា៖ «ត្រូវឲ្យឥទ្ធិពលថ្មីកាន់កាប់គំនិត»។ ពាក្យភាសាក្រិច«ត្រូវឲ្យឥទ្ធិពលថ្មី» បញ្ជាក់អំពីសកម្មភាពដែលត្រូវធ្វើរហូត។ ដូច្នេះ យើងត្រូវបន្តឲ្យឥទ្ធិពលថ្មីកាន់កាប់លើគំនិតរបស់យើង។ (អេភេសូរ ៤:២៣, ២៤) ដោយសារយើងមិនមែនជាមនុស្សល្អឥតខ្ចោះ យើងត្រូវបន្តធ្វើការកែប្រែផ្សេងៗ។ ទោះជាយើងបានបម្រើព្រះយេហូវ៉ាអស់ជាច្រើនឆ្នាំក៏ដោយ យើងត្រូវបន្តរក្សាចំណងមិត្តភាពរបស់យើងជាមួយនឹងលោកឲ្យរឹងមាំ។—ភីលីព ៣:១២, ១៣
៥. តើសំណួរអ្វីខ្លះអាចជួយយើងឲ្យដឹងថាយើងឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត?
៥ ទោះជាយើងក្មេងឬចាស់ក្ដី យើងត្រូវពិនិត្យពិចារណាអំពីខ្លួនយើងដោយស្មោះ។ យើងអាចសួរខ្លួនយើងថា ‹តើខ្ញុំឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិតខ្ញុំច្រើនជាងមុនឬទេ? តើខ្ញុំមានចិត្តគំនិតកាន់តែដូចគ្រិស្តឬទេ? តើការប្រព្រឹត្តនិងចិត្តគំនិតរបស់ខ្ញុំនៅកិច្ចប្រជុំ បង្ហាញយ៉ាងណាអំពីខ្ញុំ? ពេលខ្ញុំនិយាយជាមួយនឹងអ្នកឯទៀត តើពាក្យសម្ដីរបស់ខ្ញុំបង្ហាញថាខ្ញុំមានគោលដៅអ្វីក្នុងជីវិត? តើទម្លាប់របស់ខ្ញុំក្នុងការសិក្សាផ្ទាល់ខ្លួន ការស្លៀកពាក់សម្អិតសម្អាងខ្លួន និងប្រតិកម្មរបស់ខ្ញុំពេលទទួលឱវាទ បង្ហាញថាខ្ញុំជាមនុស្សបែបណា? តើខ្ញុំបានធ្វើអ្វីពេលដែលខ្ញុំមានបំណងចិត្តចង់ធ្វើខុស? តើខ្ញុំបានក្លាយទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំហើយឬនៅ?›។ (អេភេសូរ ៤:១៣) សំណួរទាំងនេះអាចជួយយើងឲ្យដឹងថា យើងបានរីកចម្រើនដល់កម្រិតណាក្នុងការឲ្យសកម្មពលព្រះដឹកនាំគំនិតរបស់យើង។
៦. ដើម្បីដឹងថាយើងកំពុងឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត តើយើងប្រហែលជាត្រូវការអ្វីថែមទៀត?
៦ ជួនកាល ដើម្បីដឹងថាយើងកំពុងឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិតឬយ៉ាងណា យើងត្រូវការជំនួយពីអ្នកឯទៀត។ សាវ័កប៉ូលបានពន្យល់ថាបុគ្គលដែលឲ្យសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនដឹកនាំគំនិតមិនយល់ថារបៀបរស់នៅរបស់គាត់ ធ្វើឲ្យព្រះមិនពេញចិត្តទេ។ ប៉ុន្តែ បុគ្គលដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត យល់ទស្សនៈរបស់ព្រះចំពោះរឿងផ្សេងៗ។ គាត់ដឹងថាព្រះយេហូវ៉ាមិនពេញចិត្តនឹងរបៀបរស់នៅដែលគិតតែអំពីការបំពេញសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនឡើយ។ (កូរិនថូសទី១ ២:១៤-១៦; ៣:១-៣) ដោយសារពួកអ្នកចាស់ទុំមានចិត្តគំនិតដូចគ្រិស្ត ពួកគាត់ងាយកត់សម្គាល់ពេលដែលបងប្អូនណាម្នាក់ចាប់ផ្ដើមប្រព្រឹត្តតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន។ នៅពេលនោះ អ្នកចាស់ទុំព្យាយាមជួយពួកគេ។ បើអ្នកចាស់ទុំព្យាយាមជួយយើង តើយើងនឹងព្រមទទួលជំនួយនោះ ហើយធ្វើការកែប្រែដែលចាំបាច់ឬទេ? បើយើងធ្វើដូច្នេះ យើងនឹងបង្ហាញថាយើងពិតជាចង់ពង្រឹងចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះ។—សាស្ដា ៧:៥, ៩
ចូរពង្រឹងចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះ
៧. ហេតុអ្វីយើងដឹងថាបុគ្គលដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត មិនគ្រាន់តែមានចំណេះពីគម្ពីរប៉ុណ្ណោះ?
៧ ដើម្បីធ្វើជាមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត យើងមិនគ្រាន់តែត្រូវការចំណេះពីគម្ពីរប៉ុណ្ណោះទេ។ ស្តេចសាឡូម៉ូនមានចំណេះច្រើនអំពីព្រះយេហូវ៉ា ហើយពាក្យសម្ដីរបស់គាត់ដែលប្រកបដោយប្រាជ្ញាបានទៅជាផ្នែកនៃគម្ពីរ។ ប៉ុន្តែក្រោយមក ចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ាបានចុះខ្សោយ ហើយគាត់មិនបានរក្សាចិត្តស្មោះត្រង់ចំពោះលោកទេ។ (ពង្សាវតារក្សត្រទី១ ៤:២៩, ៣០; ១១:៤-៦) ដូច្នេះ ក្រៅពីចំណេះពីគម្ពីរ តើយើងត្រូវការអ្វីទៀត? យើងត្រូវបន្តពង្រឹងជំនឿរបស់យើង។ (កូឡុស ២:៦, ៧) តើយើងធ្វើដូច្នេះយ៉ាងដូចម្ដេច?
៨, ៩. (ក) តើអ្វីនឹងជួយយើងឲ្យពង្រឹងជំនឿរបស់យើង? (ខ) ពេលយើងសិក្សានិងរំពឹងគិត តើយើងគួរមានគោលដៅអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)
៨ នៅសតវត្សរ៍ទី១ ប៉ូលបានលើកទឹកចិត្តគ្រិស្តសាសនិកឲ្យ«ខំប្រឹងឈានទៅរកភាពចាស់ទុំ»។ (ហេប្រឺ ៦:១) នៅសព្វថ្ងៃនេះ តើយើងអាចធ្វើតាមយោបល់នេះយ៉ាងដូចម្ដេច? វិធីដ៏សំខាន់មួយគឺដោយសិក្សាសៀវភៅចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់។ នេះនឹងជួយយើងដឹងអំពីរបៀបធ្វើតាមគោលការណ៍គម្ពីរក្នុងជីវិត។ បើយើងបានសិក្សាសៀវភៅនេះរួចហើយ មានសៀវភៅផ្សេងៗទៀតដែលយើងអាចសិក្សាដើម្បីជួយយើងឲ្យពង្រឹងជំនឿរបស់យើង។ (កូឡុស ១:២៣) យើងក៏ត្រូវរំពឹងគិតអំពីអ្វីដែលយើងរៀន ហើយសុំព្រះយេហូវ៉ាជួយយើងឲ្យដឹងអំពីរបៀបអនុវត្តអ្វីទាំងនោះ។
៩ ពេលយើងសិក្សានិងរំពឹងគិត យើងគួរមានគោលដៅឲ្យអ្វីដែលយើងរៀនជំរុញចិត្តយើងយ៉ាងខ្លាំងឲ្យចង់ស្ដាប់បង្គាប់ព្រះយេហូវ៉ា និងធ្វើអ្វីដែលលោកពេញចិត្ត។ (ទំនុកតម្កើង ៤០:៨; ១១៩:៩៧) នៅពេលដំណាលគ្នា យើងក៏ត្រូវបដិសេធឬមិនទទួលយកអ្វីណាក៏ដោយដែលអាចរារាំងយើងមិនឲ្យយើងចូលកាន់តែជិតព្រះ។—ទីតុស ២:១១, ១២
១០. តើប្អូនៗវ័យក្មេងអាចធ្វើអ្វីដើម្បីពង្រឹងចំណងមិត្តភាពរបស់ពួកគេជាមួយនឹងព្រះ?
១០ បើអ្នកជាមនុស្សវ័យក្មេង តើអ្នកមានគោលដៅក្នុងកិច្ចបម្រើព្រះឬទេ? នៅសន្និបាត បងប្រុសម្នាក់ដែលបម្រើនៅបេតអែល ច្រើនតែនិយាយជាមួយនឹងប្អូនៗវ័យក្មេងដែលជិតទទួលការជ្រមុជទឹក ហើយសួរអំពីគោលដៅដែលពួកគេមានក្នុងកិច្ចបម្រើព្រះ។ គាត់អាចឃើញថាពួកគេជាច្រើននាក់បានគិតយ៉ាងដិតដល់អំពីគោលដៅដែលពួកគេចង់សម្រេចក្នុងកិច្ចបម្រើព្រះយេហូវ៉ានាពេលអនាគត។ ពួកគេខ្លះចង់បម្រើព្រះយេហូវ៉ាពេញពេល ឬរើទៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង។ ប៉ុន្តែ ប្អូនៗវ័យក្មេងខ្លះពិបាកឆ្លើយសំណួររបស់គាត់។ តើពួកគេមានអារម្មណ៍ថាពួកគេមិនចាំបាច់មានគោលដៅក្នុងកិច្ចបម្រើព្រះឬ? បើអ្នកជាមនុស្សវ័យក្មេង សូមសួរខ្លួនអ្នកថា ‹តើខ្ញុំចូលរួមកិច្ចប្រជុំនិងកិច្ចបម្រើផ្សាយដោយសារតែឪពុកម្ដាយខ្ញុំចង់ឲ្យខ្ញុំធ្វើឬ? តើខ្ញុំផ្ទាល់មានចំណងមិត្តភាពជាមួយនឹងព្រះឬទេ?›។ យើងទាំងអស់គ្នាគួរមានគោលដៅក្នុងកិច្ចបម្រើព្រះ ទោះជាយើងក្មេងឬចាស់ក៏ដោយ។ គោលដៅទាំងនោះនឹងជួយយើងឲ្យកាន់តែចូលទៅជិតព្រះ។—សាស្ដា ១២:១, ១៣
១១. (ក) តើយើងត្រូវធ្វើអ្វីដើម្បីមានជំនឿមាំមួន? (ខ) តើយើងអាចធ្វើតាមគំរូរបស់អ្នកណា?
១១ ពេលយើងឃើញចំណុចដែលយើងអាចរីកចម្រើន នោះយើងត្រូវចាត់វិធានការដើម្បីសម្រេចគោលដៅរបស់យើង។ នេះពិតជាសំខាន់ណាស់ ដោយសារនេះទាក់ទងនឹងជីវិតស្លាប់រស់។ (រ៉ូម ៨:៦-៨) ព្រះយេហូវ៉ាមិនតម្រូវឲ្យយើងធ្វើជាមនុស្សល្អឥតខ្ចោះទេ ហើយលោកផ្ដល់សកម្មពលបរិសុទ្ធរបស់លោកដើម្បីជួយយើង។ ប៉ុន្តែ យើងនៅតែត្រូវខំព្យាយាមដោយខ្លួនឯងដែរ។ បងប្រុសចន បាដែលធ្លាប់បម្រើជាសមាជិកគណៈអភិបាល បានរៀបរាប់អំពីលូកា ១៣:២៤ថា៖ «មនុស្សជាច្រើននាក់មិនអាចចូលតាមទ្វារចង្អៀតបានទេ ព្រោះពួកគេមិនខំព្យាយាមឲ្យបានគ្រប់គ្រាន់ដើម្បីរីកចម្រើនរហូតដល់មាំ»។ យើងត្រូវខំប្រឹងដូចយ៉ាកុបដែលបានបោកចំបាប់ជាមួយនឹងទេវតាមួយរូប ហើយមិនឈប់ព្យាយាមរហូតដល់គាត់បានទទួលពរ។ (លោកុប្បត្តិ ៣២:២៦-២៨) ទោះជាការសិក្សាគម្ពីរអាចជាអ្វីដែលសប្បាយក្ដី យើងមិនគួររំពឹងថាការអានគម្ពីរគឺដូចជាការអានសៀវភៅប្រលោមលោកឡើយ។ ការអាននិងការសិក្សាគម្ពីរតម្រូវឲ្យយើងខំប្រឹងព្យាយាម។
១២, ១៣. (ក) តើអ្វីនឹងជួយយើងឲ្យមាន«ចិត្តគំនិតដូចគ្រិស្តយេស៊ូ»? (ខ) តើគំរូនិងយោបល់របស់ពេត្រុសអាចជួយយើងយ៉ាងដូចម្ដេច? (គ) តើអ្នកអាចធ្វើអ្វីដើម្បីពង្រឹងចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះ? (សូមមើលប្រអប់ដែលមានចំណងជើងថា «អ្វីដែលអ្នកអាចធ្វើដើម្បីឈានទៅមុខ»)
១២ ពេលយើងខំព្យាយាមពង្រឹងចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះ សកម្មពលបរិសុទ្ធនឹងជួយយើងឲ្យផ្លាស់ប្ដូររបៀបគិតគូររបស់យើង។ បន្ដិចម្ដងៗ យើងអាចរៀនឲ្យចេះមានរបៀបគិតគូរដូចលោកយេស៊ូគ្រិស្ត។ (រ៉ូម ១៥:៥) សកម្មពលបរិសុទ្ធអាចជួយឲ្យយើងបំបាត់ចោលសេចក្ដីប៉ងប្រាថ្នាខុសឆ្គង ហើយមានគុណសម្បត្ដិដែលព្រះពេញចិត្ត។ (កាឡាទី ៥:១៦, ២២, ២៣) យើងមិនគួរឈប់ព្យាយាមទេ ទោះជាយើងឃើញថាយើងផ្ដោតអារម្មណ៍ទៅលើទ្រព្យសម្បត្ដិឬការសប្បាយក៏ដោយ។ យើងត្រូវបន្តសុំសកម្មពលបរិសុទ្ធពីព្រះយេហូវ៉ា ដើម្បីជួយយើងផ្ដោតអារម្មណ៍ទៅលើអ្វីដែលត្រឹមត្រូវ។ (លូកា ១១:១៣) សូមចាំអំពីសាវ័កពេត្រុស។ គាត់មិនតែងតែមានចិត្តគំនិតដូចគ្រិស្តទេ។ (ម៉ាថាយ ១៦:២២, ២៣; លូកា ២២:៣៤, ៥៤-៦២; កាឡាទី ២:១១-១៤) ប៉ុន្តែគាត់មិនបានឈប់ព្យាយាមឡើយ ហើយព្រះយេហូវ៉ាបានជួយគាត់។ បន្ដិចម្ដងៗ ពេត្រុសបានរៀនឲ្យមានរបៀបគិតគូរដូចគ្រិស្ត ហើយយើងក៏អាចធ្វើដូច្នេះដែរ។
១៣ ក្រោយមក ពេត្រុសបានលើកឡើងអំពីគុណសម្បត្ដិដែលនឹងជួយយើង។ (សូមអាន ពេត្រុសទី២ ១:៥-៨) យើងត្រូវខំព្យាយាមយ៉ាងខ្លាំងដើម្បីចេះទប់ចិត្ត ស៊ូទ្រាំ រាប់អានគ្នាជាបងប្អូន និងមានគុណសម្បត្ដិផ្សេងទៀត។ រាល់ថ្ងៃយើងអាចសួរខ្លួនយើងថា ‹តើខ្ញុំចង់បង្ហាញគុណសម្បត្ដិមួយណាឲ្យបានប្រសើរជាង ដើម្បីពង្រឹងចំណងមិត្តភាពរបស់ខ្ញុំជាមួយនឹងព្រះ?›។
ចូរធ្វើតាមគោលការណ៍គម្ពីរក្នុងជីវិតប្រចាំថ្ងៃ
១៤. តើការឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិតនឹងមានឥទ្ធិពលយ៉ាងណាទៅលើជីវិតរបស់យើង?
១៤ បើយើងមានរបៀបគិតគូរដូចគ្រិស្ត នោះនឹងមានឥទ្ធិពលទៅលើការប្រព្រឹត្តរបស់យើងនៅកន្លែងធ្វើការឬនៅសាលារៀន ទៅលើពាក្យសម្ដីរបស់យើង និងការសម្រេចចិត្តប្រចាំថ្ងៃរបស់យើង។ ការសម្រេចចិត្តរបស់យើងនឹងបង្ហាញថា យើងកំពុងព្យាយាមយកតម្រាប់គ្រិស្ត។ ដោយសារយើងជាមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត យើងមិនចង់ធ្វើអ្វីណាក៏ដោយដែលអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាឡើយ។ ពេលដែលយើងមានបំណងចិត្តចង់ធ្វើខុស ចំណងមិត្តភាពដែលយើងមានជាមួយនឹងព្រះ នឹងជួយយើងឲ្យយកឈ្នះបំណងចិត្តនោះ។ មុននឹងយើងធ្វើការសម្រេចចិត្តណាមួយ យើងនឹងសួរខ្លួនយើងថា ‹តើគោលការណ៍គម្ពីរណាខ្លះអាចជួយខ្ញុំ? បើលោកយេស៊ូគ្រិស្តស្ថិតក្នុងស្ថានភាពនេះ តើលោកនឹងធ្វើអ្វី? តើអ្វីនឹងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត?›។ យើងត្រូវមានទម្លាប់គិតបែបនេះ។ ដូច្នេះ សូមយើងពិចារណាអំពីស្ថានភាពមួយចំនួន និងគោលការណ៍គម្ពីរដែលអាចជួយយើងឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃពេលយើងប្រឈមមុខនឹងស្ថានភាពនោះ។
១៥, ១៦. តើតាមរបៀបណាការមានរបៀបគិតគូរដូចគ្រិស្ត អាចជួយយើងឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃស្តីអំពី (ក) ការជ្រើសរើសគូអាពាហ៍ពិពាហ៍? (ខ) ការជ្រើសរើសមិត្តភក្ដិ?
១៥ ការជ្រើសរើសគូអាពាហ៍ពិពាហ៍។ គោលការណ៍គម្ពីរអំពីរឿងនេះ មាននៅកូរិនថូសទី២ ៦:១៤, ១៥។ (សូមអាន) ប៉ូលបានបញ្ជាក់យ៉ាងច្បាស់ថាមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត មិនមានទស្សនៈដូចមនុស្សដែលឲ្យសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនដឹកនាំគំនិតឡើយ។ តើគោលការណ៍នេះអាចជួយអ្នកយ៉ាងដូចម្ដេចក្នុងការជ្រើសរើសគូអាពាហ៍ពិពាហ៍?
១៦ ការជ្រើសរើសមិត្តភក្ដិ។ គោលការណ៍គម្ពីរអំពីរឿងនេះ មាននៅកូរិនថូសទី១ ១៥:៣៣។ (សូមអាន) បុគ្គលដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត នឹងមិនធ្វើជាមិត្តភក្ដិជាមួយនឹងអ្នកដែលអាចធ្វើឲ្យជំនឿរបស់គាត់ចុះខ្សោយឡើយ។ សូមគិតអំពីរបៀបដែលអ្នកអាចធ្វើតាមគោលការណ៍នេះក្នុងស្ថានភាពផ្សេងៗ។ ជាឧទាហរណ៍ តើតាមរបៀបណាគោលការណ៍នេះអាចជួយអ្នកឲ្យធ្វើការសម្រេចចិត្តអំពីបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នា? តើគោលការណ៍នេះអាចជួយអ្នកឲ្យដឹងថាអ្នកគួរឬមិនគួរលេងហ្គេមតាមប្រព័ន្ធអ៊ីនធឺណិតជាមួយនឹងបុគ្គលដែលអ្នកមិនស្គាល់?
តើការសម្រេចចិត្តរបស់ខ្ញុំនឹងជួយខ្ញុំឲ្យកាន់តែទៅជាមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិតឬទេ? (សូមមើលវគ្គ១៧)
១៧-១៩. តើតាមរបៀបណាការធ្វើជាបុគ្គលដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិតនឹងជួយអ្នកឲ្យ (ក) ជៀសវាងពីការប្រព្រឹត្តដែលឥតប្រយោជន៍? (ខ) មានគោលដៅល្អ? (គ) ដោះស្រាយទំនាស់?
១៧ សកម្មភាពផ្សេងៗដែលប៉ះពាល់ដល់ចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះ។ នៅហេប្រឺ ៦:១មានការព្រមានដ៏សំខាន់មួយ។ (សូមអាន) តើអ្វីជា«ការប្រព្រឹត្តដែលឥតប្រយោជន៍»ដែលយើងគួរជៀសវាង? ការប្រព្រឹត្តដែលឥតប្រយោជន៍គឺជាការប្រព្រឹត្តដែលមិនជួយពង្រឹងចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះ។ ការព្រមាននេះអំពីការប្រព្រឹត្តដែលឥតប្រយោជន៍អាចជួយយើងឆ្លើយសំណួរដូចជា៖ ‹តើសកម្មភាពនេះមានប្រយោជន៍ឬទេ? តើខ្ញុំគួរចូលហ៊ុនរកស៊ីនេះឬទេ? ហេតុអ្វីខ្ញុំមិនគួររួមចំណែកក្នុងក្រុមមនុស្សដែលព្យាយាមកែប្រែស្ថានភាពពិភពលោកនេះ?›។
តើការសម្រេចចិត្តរបស់ខ្ញុំនឹងជួយខ្ញុំឲ្យកំណត់គោលដៅក្នុងកិច្ចបម្រើព្រះឬទេ? (សូមមើលវគ្គ១៨)
១៨ គោលដៅក្នុងកិច្ចបម្រើព្រះ។ ក្នុងសុន្ទរកថារបស់លោកយេស៊ូនៅលើភ្នំ លោកបានឲ្យឱវាទដ៏ល្អដល់យើងស្តីអំពីការកំណត់គោលដៅ។ (ម៉ាថាយ ៦:៣៣) បុគ្គលដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត ចាត់ទុករាជាណាចក្រព្រះជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់គាត់។ គោលការណ៍នេះនឹងជួយយើងឆ្លើយសំណួរដូចតទៅនេះ៖ ‹ក្រោយពីខ្ញុំបានរៀនចប់វិទ្យាល័យ តើខ្ញុំគួរបន្តការសិក្សានៅសកលវិទ្យាល័យឬទេ? តើខ្ញុំគួរទទួលការងារនេះឬទេ?›។
តើការសម្រេចចិត្តរបស់ខ្ញុំនឹងជួយខ្ញុំឲ្យមានសន្ដិភាពជាមួយនឹងអ្នកឯទៀតឬទេ? (សូមមើលវគ្គ១៩)
១៩ ពេលមានទំនាស់។ យោបល់របស់ប៉ូលទៅកាន់គ្រិស្តសាសនិកនៅក្រុងរ៉ូម អាចជួយយើងពេលដែលយើងមានទំនាស់ជាមួយនឹងអ្នកឯទៀត។ (រ៉ូម ១២:១៨) យើងយកតម្រាប់គ្រិស្ត ដូច្នេះយើងខំព្យាយាម«ធ្វើឲ្យមានសន្ដិភាពជាមួយនឹងមនុស្សទាំងអស់»។ ពេលយើងមានទំនាស់ជាមួយនឹងអ្នកឯទៀត តើយើងមានប្រតិកម្មបែបណា? តើយើងពិបាកទទួលយកទស្សនៈរបស់អ្នកឯទៀតឬទេ? តើយើងមានកេរ្ដិ៍ឈ្មោះជាអ្នកដែលធ្វើឲ្យមានសន្ដិភាពឬទេ?—យ៉ាកុប ៣:១៨
២០. ហេតុអ្វីអ្នកចង់ឈានទៅមុខក្នុងការឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត?
២០ ឧទាហរណ៍ទាំងនេះបង្ហាញអំពីរបៀបដែលគោលការណ៍គម្ពីរ អាចជួយយើងឲ្យធ្វើការសម្រេចចិត្តដែលបញ្ជាក់ថាយើងឲ្យសកម្មពលព្រះដឹកនាំគំនិតរបស់យើង។ បើយើងជាមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត យើងនឹងមានសុភមង្គលនិងមានជីវិតស្កប់ចិត្ត។ បងរ៉ូបឺតដែលបានត្រូវរៀបរាប់នៅដើមអត្ថបទនេះ និយាយថា៖ «ពេលខ្ញុំមានចំណងមិត្តភាពពិតប្រាកដជាមួយនឹងព្រះយេហូវ៉ា ខ្ញុំបានទៅជាប្ដីនិងឪពុកល្អប្រសើរជាង។ ខ្ញុំស្កប់ចិត្តនិងមានសុភមង្គល»។ បើយើងខំអស់ពីសមត្ថភាពដើម្បីឈានទៅមុខក្នុងការឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត យើងក៏នឹងទទួលប្រយោជន៍ជាច្រើនដែរ។ យើងនឹងមានជីវិតសប្បាយជាងនៅសព្វថ្ងៃនេះ ហើយនាពេលអនាគតយើងនឹងមាន«ជីវិតដ៏ពិតប្រាកដ»។—ធីម៉ូថេទី១ ៦:១៩