តើមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិតជាមនុស្សបែបណា?
«សូមព្រះ . . . អនុគ្រោះឲ្យអ្នកទាំងអស់គ្នាមានចិត្តគំនិតដូចគ្រិស្តយេស៊ូ»។—រ៉ូម ១៥:៥
១, ២. (ក) ស្តីអំពីការឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត តើបងប្អូនជាច្រើនមានអារម្មណ៍យ៉ាងណា? (ខ) តើយើងនឹងពិចារណាសំណួរដ៏សំខាន់អ្វីខ្លះក្នុងអត្ថបទនេះ?
បងស្រីម្នាក់នៅប្រទេសកាណាដានិយាយថា ការមានចំណងមិត្តភាពរឹងមាំជាមួយនឹងព្រះឬការឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត បានធ្វើឲ្យគាត់សប្បាយចិត្តជាងនិងបានជួយគាត់ប្រឈមមុខនឹងបញ្ហាក្នុងជីវិត។ បងប្រុសម្នាក់នៅប្រទេសប្រេស៊ីលដែលបានរៀបការអស់រយៈពេល២៣ឆ្នាំនិយាយថា ការឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត បានជួយគាត់និងប្រពន្ធគាត់ឲ្យមានសុភមង្គលក្នុងចំណងអាពាហ៍ពិពាហ៍។ បងប្រុសម្នាក់នៅប្រទេសហ្វីលីពីននិយាយថា ការឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត បានជួយគាត់ឲ្យមានសេចក្ដីសុខសាន្តក្នុងចិត្ត ហើយបានជួយគាត់ឲ្យមានទំនាក់ទំនងល្អជាមួយនឹងបងប្អូនរួមជំនឿដែលមកពីមជ្ឈដ្ឋានផ្សេងៗ។
២ យើងអាចឃើញច្បាស់ថាយើងទទួលប្រយោជន៍ផ្សេងៗពេលដែលយើងឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត។ តើយើងអាចធ្វើអ្វីដើម្បីឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិតយើងកាន់តែច្រើន ហើយទទួលប្រយោជន៍ទាំងនោះ? ដំបូង យើងត្រូវយល់អ្វីដែលគម្ពីរចែងអំពីមនុស្សដែលឲ្យសកម្មពលបរិសុទ្ធរបស់ព្រះដឹកនាំគំនិត និងដែលមានរបៀបគិតគូរដូចព្រះយេហូវ៉ា។ ក្នុងអត្ថបទនេះយើងនឹងរកឃើញចម្លើយចំពោះសំណួរដ៏សំខាន់បីគឺ៖ (១) តើមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិតជាមនុស្សបែបណា? (២) តើគំរូអ្វីខ្លះនឹងជួយយើងឲ្យរីកចម្រើនជាមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត? (៣) តើការខំប្រឹងឲ្យមាន«ចិត្តគំនិតរបស់គ្រិស្ត»នឹងជួយយើងយ៉ាងណាឲ្យធ្វើជាមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត?
តើបុគ្គលដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិតជាបុគ្គលបែបណា?
៣. តើគម្ពីររៀបរាប់យ៉ាងណាអំពីភាពខុសគ្នារវាងមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិតនិងមនុស្សដែលឲ្យសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនដឹកនាំគំនិត?
៣ សាវ័កប៉ូលជួយយើងឲ្យយល់អំពីភាពខុសគ្នារវាង«មនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត»និង«មនុស្សដែលឲ្យសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនដឹកនាំគំនិត»។ (សូមអាន កូរិនថូសទី១ ២:១៤-១៦) មនុស្សដែលឲ្យសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនដឹកនាំគំនិត«មិនទទួលអ្វីៗពីសកម្មពលរបស់ព្រះទេ ព្រោះគេចាត់ទុកអ្វីៗទាំងនោះថាជារឿងផ្ដេសផ្ដាស ហើយគេមិនអាចស្គាល់អ្វីៗទាំងនោះបានឡើយ»។ ផ្ទុយទៅវិញ មនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត«អាចយល់ត្រឹមត្រូវអំពីអ្វីៗទាំងអស់» ហើយ«មានចិត្តគំនិតរបស់គ្រិស្ត» នេះមានន័យថាគាត់ព្យាយាមមានរបៀបគិតគូរដូចគ្រិស្ត។ ប៉ូលលើកទឹកចិត្តយើងឲ្យធ្វើជាមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត។ តើមនុស្សដែលឲ្យសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនដឹកនាំគំនិតនិងមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត គឺខុសគ្នាយ៉ាងណាទៀត?
៤, ៥. តើយើងអាចកត់សម្គាល់មនុស្សដែលឲ្យសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនដឹកនាំគំនិតយ៉ាងដូចម្ដេច?
៤ តើមនុស្សដែលឲ្យសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនដឹកនាំគំនិត មានរបៀបគិតគូរបែបណា? ពួកគេទទួលយកចិត្តគំនិតរបស់ពិភពលោកនេះដែលផ្ដោតទៅលើសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន។ ប៉ូលបានរៀបរាប់អំពីចិត្តគំនិតនេះ ជា«ចិត្តគំនិតដែលមានឥទ្ធិពលលើពួកអ្នកមិនស្ដាប់បង្គាប់»។ (អេភេសូរ ២:២) ចិត្តគំនិតនេះនាំឲ្យមនុស្សភាគច្រើនធ្វើតាមពួកអ្នកដែលនៅជុំវិញពួកគេ។ ពួកគេចេះតែធ្វើអ្វីដែលពួកគេគិតថាគឺត្រឹមត្រូវ ដោយមិនយកចិត្តទុកដាក់ចំពោះខ្នាតតម្រារបស់ព្រះ។ មនុស្សដែលឲ្យសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនដឹកនាំគំនិតច្រើនតែគិតអំពីអ្វីដែលទាក់ទងនឹងសាច់ឈាម ហើយច្រើនតែគិតថាឋានៈ លុយ ឬសិទ្ធិរបស់គាត់ផ្ទាល់គឺសំខាន់ជាងអ្វីៗទាំងអស់។
៥ បុគ្គលដែលឲ្យសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនដឹកនាំគំនិត ច្រើនតែធ្វើអ្វីដែលគម្ពីរហៅថា «ការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គង»។ (កាឡាទី ៥:១៩-២១) ក្នុងសំបុត្រទី១ដែលប៉ូលបានសរសេរទៅកាន់គ្រិស្តសាសនិកនៅក្រុងកូរិនថូស គាត់រៀបរាប់អំពីទង្វើផ្សេងទៀតរបស់មនុស្សបែបនេះ។ ពួកគេព្យាយាមធ្វើឲ្យមនុស្សបែកបាក់គ្នា គាំទ្រម្ខាងៗពេលមានទំនាស់ លើកទឹកចិត្តអ្នកឯទៀតឲ្យបះបោរ ប្ដឹងគ្នាទៅតុលាការ មិនបង្ហាញការគោរពចំពោះប្រមុខភាព និងគិតហួសហេតុពេកអំពីការផឹកនិងបរិភោគ។ បុគ្គលដែលឲ្យសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនដឹកនាំគំនិត ចេះតែបណ្ដោយខ្លួនធ្វើអ្វីដែលគាត់ចង់ធ្វើ ទោះជាពួកគេដឹងថានោះគឺខុសក៏ដោយ។ (សុភាសិត ៧:២១, ២២) យូដាសបាននិយាយថាមនុស្សដែលចេះតែគិតពីរឿងដែលទាក់ទងនឹងសាច់ឈាមអាចលែងមានសកម្មពលរបស់ព្រះយេហូវ៉ាទៀតផង។—យូដាស ១៨, ១៩
៦. តើតាមរបៀបណាយើងអាចដឹងថាអ្នកណាជាមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត?
៦ ផ្ទុយពីបុគ្គលដែលឲ្យសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនដឹកនាំគំនិត បុគ្គលដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិតយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះ។ គាត់ព្យាយាមយកតម្រាប់ព្រះយេហូវ៉ា។ (អេភេសូរ ៥:១) គាត់ខំស្វែងយល់អំពីរបៀបគិតគូររបស់ព្រះយេហូវ៉ា ហើយខំប្រឹងឲ្យមានទស្សនៈដូចលោក។ គាត់មានអារម្មណ៍ថាព្រះនៅជាមួយនឹងគាត់គ្រប់ពេលវេលា។ បុគ្គលដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត គឺខុសពីបុគ្គលដែលឲ្យសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនដឹកនាំគំនិត ដោយសារគាត់ព្យាយាមមានរបៀបរស់នៅសមស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា។ (ទំនុកតម្កើង ១១៩:៣៣; ១៤៣:១០) គាត់មិនធ្វើអ្វីដែល«ផុសចេញពីភាពខុសឆ្គង»ទេ តែគាត់ព្យាយាមបង្កើន«ផលដែលបង្កើតដោយសកម្មពលរបស់ព្រះ»។—កាឡាទី ៥:២២, ២៣
៧. តើគម្ពីរចែងយ៉ាងណាអំពីមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត?
៧ លោកយេស៊ូបានមានប្រសាសន៍ថា មនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត គឺមានសុភមង្គល។ ម៉ាថាយ ៥:៣ចែងថា៖ «អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ! ពីព្រោះរាជាណាចក្រស្ថានសួគ៌ជារបស់អ្នកទាំងនោះ»។ ម្យ៉ាងវិញទៀត រ៉ូម ៨:៦ពន្យល់ថា៖ «ការផ្ដោតគំនិតទៅលើសេចក្ដីប៉ងប្រាថ្នានៃរូបកាយនាំឲ្យស្លាប់ តែការផ្ដោតគំនិតទៅលើសកម្មពលរបស់ព្រះនាំឲ្យបានជីវិតនិងសេចក្ដីសុខសាន្ត»។ នេះមានន័យថាជីវិតរបស់យើងពឹងផ្អែកទៅលើការមានរបៀបគិតគូរដូចព្រះយេហូវ៉ា។ ដូច្នេះនៅឥឡូវនេះ បើយើងឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត យើងអាចមានសន្ដិភាពជាមួយនឹងព្រះនិងមានសេចក្ដីសុខសាន្តនៅក្នុងចិត្ត ហើយយើងអាចមានសេចក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់។
៨. ហេតុអ្វីយើងប្រហែលជាពិបាកធ្វើជាមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត?
៨ ក៏ប៉ុន្តែ យើងរស់នៅក្នុងពិភពលោកមួយដែលអាចជះឥទ្ធិពលអាក្រក់មកលើយើង។ ដោយសារមនុស្សដែលនៅជុំវិញយើងមិនមានទស្សនៈដូចព្រះ យើងត្រូវខំអស់ពីសមត្ថភាពដើម្បីការពារគំនិតរបស់យើង។ បើយើងមិនអប់រំខ្លួនឲ្យមានរបៀបគិតគូរដូចព្រះយេហូវ៉ាទាំងស្រុងទេ នោះចិត្តគំនិតនិងរបៀបគិតគូររបស់ពិភពលោកនេះដែលគិតតែអំពីសេចក្ដីប៉ងប្រាថ្នាខាងរូបកាយ នឹងមានឥទ្ធិពលមកលើយើង។ តើយើងអាចធ្វើអ្វីដើម្បីជៀសវាងពីបញ្ហានេះ? តើតាមរបៀបណាយើងអាចឲ្យសកម្មពលព្រះដឹកនាំគំនិតរបស់យើងកាន់តែច្រើន?
ចូររៀនពីគំរូល្អៗ
៩. (ក) តើអ្វីអាចជួយយើងឲ្យធ្វើជាមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត? (ខ) តើយើងនឹងពិចារណាអំពីគំរូល្អអ្វីខ្លះ?
៩ ដូចកូនក្មេងត្រូវរៀនពីឪពុកម្ដាយ ហើយធ្វើតាមគំរូល្អរបស់ពួកគាត់ យើងក៏ត្រូវរៀនពីពួកអ្នកដែលមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ហើយយកតម្រាប់ពួកគេ។ នេះនឹងបង្រៀនយើងអំពីរបៀបធ្វើជាមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត។ មួយវិញទៀត ពេលយើងសង្កេតមើលមនុស្សដែលឲ្យសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនដឹកនាំគំនិត នោះយើងរៀនអំពីអ្វីដែលយើងមិនគួរធ្វើ។ (កូរិនថូសទី១ ៣:១-៤) ក្នុងគម្ពីរមានទាំងគំរូល្អទាំងគំរូអាក្រក់។ សូមយើងពិចារណានិងទាញយកមេរៀនពីគំរូល្អខ្លះៗដូចជាយ៉ាកុប ម៉ារៀ និងលោកយេស៊ូ។
តើយើងអាចរៀនអ្វីពីគំរូរបស់យ៉ាកុប? (សូមមើលវគ្គ១០)
១០. តើយ៉ាកុបបានបង្ហាញយ៉ាងដូចម្ដេចថាគាត់ជាមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត?
១០ ជីវិតរបស់យ៉ាកុបមិនសូវស្រួលទេ ដូចជីវិតរបស់យើងជាច្រើននាក់ក៏មិនសូវស្រួលដែរ។ អេសាវដែលជាបងប្រុសរបស់គាត់ ចង់សម្លាប់គាត់។ ឪពុកក្មេករបស់យ៉ាកុបព្យាយាមកេងប្រវ័ញ្ចគាត់ជាច្រើនដង។ ប៉ុន្តែយ៉ាកុបនៅតែមានជំនឿរឹងមាំទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាចំពោះអាប្រាហាំ។ យ៉ាកុបដឹងថាក្រុមគ្រួសាររបស់គាត់នឹងរួមចំណែកក្នុងការធ្វើឲ្យសេចក្ដីសន្យាដ៏អស្ចារ្យនេះបានសម្រេច ហេតុនេះគាត់បានថែរក្សាពួកគេយ៉ាងល្អ។ (លោកុប្បត្តិ ២៨:១០-១៥) យ៉ាកុបមិនឲ្យចិត្តគំនិតរបស់មនុស្សនៅជុំវិញគាត់ ធ្វើឲ្យគាត់ភ្លេចសេចក្ដីសន្យារបស់ព្រះយេហូវ៉ាឡើយ។ ជាឧទាហរណ៍ យ៉ាកុបបានអង្វរព្រះយេហូវ៉ាឲ្យសង្គ្រោះគាត់ពេលដែលគាត់គិតថាបងប្រុសគាត់នឹងវាយប្រហារគាត់។ គាត់បានអធិដ្ឋានថា៖ «ទ្រង់បានមានបន្ទូលថា៖ ‹អញនឹងប្រោសសេចក្ដីល្អដល់ឯងជាពិតប្រាកដ ហើយនឹងធ្វើឲ្យពូជឯងបានគ្នាច្រើនដូចជាខ្សាច់នៅសមុទ្រ›»។ (លោកុប្បត្តិ ៣២:៦-១២) យ៉ាកុបមានជំនឿរឹងមាំទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា ហើយបានបង្ហាញជំនឿនេះតាមរយៈរបៀបរស់នៅរបស់គាត់។
តើយើងអាចរៀនអ្វីពីគំរូរបស់ម៉ារៀ? (សូមមើលវគ្គ១១)
១១. ហេតុអ្វីយើងដឹងថាម៉ារៀជាបុគ្គលដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត?
១១ សូមពិចារណាអំពីគំរូរបស់ម៉ារៀ។ ព្រះយេហូវ៉ាបានជ្រើសរើសគាត់ឲ្យធ្វើជាម្ដាយរបស់លោកយេស៊ូ ដោយសារគាត់ឲ្យសកម្មពលព្រះដឹកនាំគំនិតរបស់គាត់។ សូមអានពាក្យរបស់ម៉ារៀពេលដែលគាត់បានទៅលេងសាការីនិងអេលីសាបិតដែលជាសាច់ញាតិរបស់គាត់។ (សូមអាន លូកា ១:៤៦-៥៥) យើងអាចឃើញថាម៉ារៀស្រឡាញ់បណ្ដាំរបស់ព្រះ ហើយស្គាល់បទគម្ពីរភាសាហេប្រឺយ៉ាងច្បាស់។ (លោកុប្បត្តិ ៣០:១៣; សាំយូអែលទី១ ២:១-១០; ម៉ាឡាគី ៣:១២) ម្យ៉ាងទៀត សូម្បីតែម៉ារៀនិងយ៉ូសែបបានរៀបការហើយក្ដី ពួកគាត់មិនបានរួមដំណេកឡើយ រហូតដល់លោកយេស៊ូកើតមក។ ចំពោះពួកគាត់ ភារកិច្ចដែលព្រះបានផ្ដល់ឲ្យ គឺសំខាន់ជាងសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន។ (ម៉ាថាយ ១:២៥) មួយវិញទៀត ម៉ារៀសង្កេតមើលអ្វីដែលបានកើតឡើងក្នុងជីវិតរបស់លោកយេស៊ូ ហើយបានស្ដាប់អ្វីដែលលោកបានបង្រៀន។ គាត់«បានរក្សាទុកពាក្យទាំងអស់នេះនៅក្នុងចិត្ត»។ (លូកា ២:៥១) គាត់ពិតជាចាប់អារម្មណ៍ចំពោះសេចក្ដីសន្យារបស់ព្រះអំពីមេស្ស៊ី។ តើយើងអាចយកតម្រាប់ម៉ារៀដោយបន្តព្យាយាមធ្វើអ្វីដែលព្រះចង់ឲ្យយើងធ្វើឬទេ?
១២. (ក) តើលោកយេស៊ូបានយកតម្រាប់បិតាលោកយ៉ាងដូចម្ដេច? (ខ) តើតាមរបៀបណាយើងអាចយកតម្រាប់លោកយេស៊ូ? (សូមមើលរូបភាពនៅដើមអត្ថបទ)
១២ ក្នុងប្រវត្ដិសាស្ត្ររបស់មនុស្សជាតិ លោកយេស៊ូជាគំរូដ៏ល្អបំផុតស្តីអំពីការឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត។ ក្នុងជីវិតរបស់លោកនិងក្នុងអំឡុងកិច្ចបម្រើរបស់លោកនៅផែនដី លោកបានបង្ហាញថាលោកចង់យកតម្រាប់បិតារបស់លោក។ លោកយេស៊ូមានរបៀបគិតគូរ អារម្មណ៍ និងការប្រព្រឹត្តដូចព្រះយេហូវ៉ា។ លោកយេស៊ូបានធ្វើតាមបំណងប្រាថ្នារបស់ព្រះ ហើយឲ្យតម្លៃចំពោះខ្នាតតម្រារបស់បិតាលោក។ (យ៉ូហាន ៨:២៩; ១៤:៩; ១៥:១០) ជាឧទាហរណ៍ សូមមើលការរៀបរាប់របស់អេសាយអំពីសេចក្ដីអាណិតមេត្ដារបស់ព្រះយេហូវ៉ា និងការរៀបរាប់របស់ម៉ាកុសអំពីអារម្មណ៍របស់លោកយេស៊ូ ថាលោកទាំងពីរគឺស្រដៀងគ្នាយ៉ាងណា។ (សូមអាន អេសាយ ៦៣:៩; ម៉ាកុស ៦:៣៤) តើយើងយកតម្រាប់លោកយេស៊ូឬទេ ក្នុងការប្រុងប្រៀបជានិច្ចដើម្បីបង្ហាញសេចក្ដីអាណិតមេត្ដាចំពោះពួកអ្នកដែលត្រូវការជំនួយ? តើយើងផ្ដោតអារម្មណ៍ទៅលើការផ្សព្វផ្សាយនិងការបង្រៀនមនុស្សអំពីដំណឹងល្អដូចលោកយេស៊ូបានធ្វើឬទេ? (លូកា ៤:៤៣) មនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត ក៏មានចិត្តអាណិតមេត្ដា ហើយព្យាយាមជួយអ្នកឯទៀតដែរ។
១៣, ១៤. (ក) តើយើងអាចរៀនអ្វីពីមនុស្សដែលកំពុងឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត? (ខ) សូមលើកឧទាហរណ៍មួយ។
១៣ នៅសព្វថ្ងៃនេះ មានបងប្អូនជាច្រើនដែលខំយកតម្រាប់គ្រិស្ត។ អ្នកប្រហែលជាកត់សម្គាល់ថាពួកគេខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ មានចិត្តអាណិតមេត្ដា និងទទួលអ្នកឯទៀតដោយរាក់ទាក់។ ទោះជាពួកគេមិនមែនជាមនុស្សល្អឥតខ្ចោះក៏ដោយ ពួកគេខំប្រឹងយ៉ាងខ្លាំងដើម្បីមានគុណសម្បត្ដិដូចគ្រិស្ត និងធ្វើអ្វីដែលព្រះយេហូវ៉ាចង់ឲ្យពួកគេធ្វើ។ បងស្រីរេឆឺលដែលរស់នៅប្រទេសប្រេស៊ីលនិយាយថា៖ «ខ្ញុំធ្លាប់ចូលចិត្តស្លៀកពាក់តាមម៉ូដទាន់សម័យរបស់ពិភពលោកនេះ។ ម្ល៉ោះហើយ របៀបដែលខ្ញុំស្លៀកពាក់គឺមិនសមរម្យទេ។ ប៉ុន្តែ ពេលខ្ញុំរៀនសេចក្ដីពិត នេះបានជំរុញចិត្តខ្ញុំឲ្យខំព្យាយាមធ្វើជាមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត។ ការកែប្រែគឺមិនស្រួលទេសម្រាប់ខ្ញុំ តែខ្ញុំសប្បាយចិត្តជាងមុន ហើយមានជីវិតដ៏មានន័យខ្លឹមសារ»។
១៤ បងស្រីរេលីនដែលរស់នៅប្រទេសហ្វីលីពីន មានបញ្ហាផ្សេងពីនេះ។ ទោះជាគាត់នៅក្នុងសេចក្ដីពិតក៏ដោយ គាត់បានផ្ដោតអារម្មណ៍ទៅលើការរៀននៅសកលវិទ្យាល័យនិងការស្វែងរកការងារល្អ។ យូរៗទៅ គោលដៅរបស់គាត់ក្នុងកិច្ចបម្រើព្រះមិនសូវសំខាន់ចំពោះគាត់ទេ។ គាត់និយាយថា៖ «ខ្ញុំបានចាប់ផ្ដើមដឹងខ្លួនថា ខ្ញុំខ្វះអ្វីមួយក្នុងជីវិត ហើយអ្វីនោះសំខាន់ជាងការងាររបស់ខ្ញុំទៅទៀត»។ បងរេលីនបានផ្លាស់ប្ដូររបៀបគិតគូររបស់គាត់ ហើយបានចាត់ទុកកិច្ចបម្រើព្រះយេហូវ៉ាជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់គាត់។ ឥឡូវគាត់មានទំនុកចិត្តទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ានៅម៉ាថាយ ៦:៣៣, ៣៤ ហើយគាត់និយាយថា៖ «ខ្ញុំជឿជាក់ទាំងស្រុងថាព្រះយេហូវ៉ានឹងថែរក្សាខ្ញុំ!»។ អ្នកប្រហែលជាស្គាល់បងប្អូនក្នុងក្រុមជំនុំរបស់អ្នកដែលមានទស្សនៈដូចនេះដែរ។ ពេលយើងឃើញរបៀបដែលបងប្អូនទាំងនេះយកតម្រាប់គ្រិស្ត យើងចង់ធ្វើតាមគំរូដ៏ស្មោះត្រង់របស់ពួកគេ។—កូរិនថូសទី១ ១១:១; ថែស្សាឡូនិចទី២ ៣:៧
ចូរ«មានចិត្តគំនិតរបស់គ្រិស្ត»
១៥, ១៦. (ក) តើយើងត្រូវធ្វើអ្វីដើម្បីយកតម្រាប់គ្រិស្ត? (ខ) តើតាមរបៀបណាយើងអាចឲ្យ«ចិត្តគំនិតរបស់គ្រិស្ត»មានឥទ្ធិពលលើយើង?
១៥ តើយើងអាចយកតម្រាប់គ្រិស្តយ៉ាងដូចម្ដេច? កូរិនថូសទី១ ២:១៦ពន្យល់ថាយើងត្រូវមាន«ចិត្តគំនិតរបស់គ្រិស្ត»។ រ៉ូម ១៥:៥រំលឹកយើងថាយើងត្រូវបណ្ដុះឲ្យ«មានចិត្តគំនិតដូចគ្រិស្តយេស៊ូ»។ ដើម្បីយកតម្រាប់គ្រិស្ត យើងត្រូវរៀនអំពីរបៀបគិតគូរ អារម្មណ៍ និងការប្រព្រឹត្តរបស់លោក។ លោកយេស៊ូយកចិត្តទុកដាក់ចំពោះចំណងមិត្តភាពរបស់លោកជាមួយនឹងព្រះខ្លាំងជាងអ្វីទាំងអស់។ ដូច្នេះ ពេលយើងមានចិត្តគំនិតដូចលោកយេស៊ូ យើងចូលកាន់តែជិតព្រះយេហូវ៉ា។ ហេតុនេះហើយ គឺសំខាន់ណាស់ដែលយើងរៀនឲ្យមានរបៀបគិតគូរដូចលោកយេស៊ូ។
១៦ តើតាមរបៀបណាយើងអាចរៀនឲ្យមានរបៀបគិតគូរដូចលោកយេស៊ូ? ពួកអ្នកកាន់តាមលោកបានមើលលោកធ្វើអព្ភូតហេតុ ស្ដាប់លោកបង្រៀនមនុស្សជាក្រុមធំៗ មើលការប្រព្រឹត្តរបស់លោកចំពោះមនុស្សគ្រប់ប្រភេទ និងកត់សម្គាល់របៀបដែលលោកធ្វើតាមគោលការណ៍របស់ព្រះយេហូវ៉ា។ ពួកគេបាននិយាយថា៖ «យើងជាសាក្សីអំពីការទាំងអស់ដែលលោកបានធ្វើ»។ (សកម្មភាព ១០:៣៩) សព្វថ្ងៃនេះ យើងមិនអាចឃើញលោកយេស៊ូបានឡើយ។ ប៉ុន្តែ យើងមានសៀវភៅដំណឹងល្អទាំងបួនដែលជួយយើងស្គាល់លោកឲ្យបានច្បាស់។ ពេលយើងអាននិងរំពឹងគិតអំពីអ្វីដែលបានត្រូវកត់ទុកក្នុងសៀវភៅម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន យើងនឹងរៀនថែមទៀតអំពីរបៀបគិតគូររបស់លោកយេស៊ូ។ នេះជួយយើងឲ្យ«ខំដើរតាមលំអានដានរបស់លោកឲ្យបានដិតដល់» ដើម្បីយើងអាច«មានចិត្តគំនិតដូចលោក»។—ពេត្រុសទី១ ២:២១; ៤:១
១៧. តើការមានរបៀបគិតគូរដូចគ្រិស្តនឹងជួយយើងយ៉ាងដូចម្ដេច?
១៧ បើយើងមានរបៀបគិតគូរដូចគ្រិស្ត តើយើងនឹងទទួលប្រយោជន៍អ្វីខ្លះ? ដូចការបរិភោគម្ហូបអាហារដែលមានជីវជាតិ ធ្វើឲ្យរូបកាយយើងរឹងមាំ ការរៀនអំពីរបៀបគិតគូររបស់គ្រិស្តកាន់តែច្រើនឡើងៗ ធ្វើឲ្យយើងមានជំនឿរឹងមាំ។ បន្ដិចម្ដងៗ យើងអាចដឹងអំពីអ្វីដែលលោកនឹងធ្វើ បើលោកស្ថិតនៅក្នុងស្ថានភាពណាមួយ។ យ៉ាងនេះ យើងអាចធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃដែលនាំឲ្យព្រះពេញចិត្ត និងនាំឲ្យយើងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។ អ្វីទាំងនេះគឺជាមូលហេតុល្អៗឲ្យយើង«បំពាក់ខ្លួនដោយលោកម្ចាស់យេស៊ូគ្រិស្ត» មែនទេ?—រ៉ូម ១៣:១៤
១៨. តើអ្នកបានរៀនអ្វីខ្លះអំពីការធ្វើជាមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត?
១៨ អត្ថបទនេះបានជួយយើងឲ្យយល់ថា ការធ្វើជាមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិតគឺមានន័យយ៉ាងណា។ យើងបានរៀនពីគំរូល្អរបស់បុគ្គលដែលបានត្រូវដឹកនាំដោយសកម្មពលបរិសុទ្ធ។ យើងក៏បានរៀនដែរថាការមាន«ចិត្តគំនិតរបស់គ្រិស្ត»ជួយយើងឲ្យមានរបៀបគិតគូរដូចព្រះយេហូវ៉ា ហើយមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងលោក។ ប៉ុន្តែ មានអ្វីច្រើនទៀតដែលយើងអាចរៀន។ ជាឧទាហរណ៍ តើយើងអាចដឹងយ៉ាងដូចម្ដេចថាយើងកំពុងឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិតយើង? តើយើងអាចធ្វើអ្វីដើម្បីមានចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយនឹងព្រះ? តើការឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិតមានឥទ្ធិពលយ៉ាងណាលើជីវិតរបស់យើង? នៅអត្ថបទបន្ទាប់ យើងនឹងរកចម្លើយចំពោះសំណួរទាំងនេះ។