មូលហេតុដែលយើងបន្តបង្កើត«ផលផ្លែជាច្រើន»
«បិតារបស់ខ្ញុំទទួលការលើកតម្កើងដោយការនេះឯង ពោលគឺអ្នករាល់គ្នាមានផលផ្លែជាច្រើនជានិច្ច ហើយបញ្ជាក់ថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ»។—យ៉ូហាន ១៥:៨
១, ២. (ក) តើលោកយេស៊ូបាននិយាយជាមួយនឹងអ្នកកាន់តាមលោកអំពីអ្វីនៅយប់មុនលោកស្លាប់? (សូមមើលរូបភាពនៅដើមអត្ថបទ) (ខ) ហេតុអ្វីគឺសំខាន់ដែលយើងចាំអំពីមូលហេតុដែលយើងផ្សព្វផ្សាយ? (គ) តើយើងនឹងពិចារណាអំពីអ្វី?
នៅយប់មុនលោកយេស៊ូស្លាប់ លោកបាននិយាយយ៉ាងយូរជាមួយនឹងពួកសាវ័ករបស់លោក។ លោកបានពង្រឹងទំនុកចិត្តពួកគេថាលោកស្រឡាញ់ពួកគេខ្លាំងណាស់។ លោកក៏បានប្រាប់ពួកគេនូវឧទាហរណ៍អំពីវល្លិទំពាំងបាយជូរដែលបានត្រូវរៀបរាប់នៅអត្ថបទមុន។ លោកយេស៊ូចង់លើកទឹកចិត្តពួកអ្នកកាន់តាមលោកឲ្យបន្តបង្កើត«ផលផ្លែជាច្រើន» ពោលគឺស៊ូទ្រាំក្នុងការផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រព្រះ។—យ៉ូហាន ១៥:៨
២ ប៉ុន្តែ លោកយេស៊ូមិនគ្រាន់តែបានប្រាប់អ្នកកាន់តាមលោកអំពីអ្វីដែលពួកគេត្រូវធ្វើប៉ុណ្ណោះទេ តែលោកក៏បានប្រាប់ពួកគេអំពីមូលហេតុដែលពួកគេត្រូវបន្តផ្សព្វផ្សាយ។ គឺសំខាន់ដែលយើងចាំអំពីមូលហេតុដែលយើងក៏ត្រូវបន្តផ្សព្វផ្សាយដែរ។ ការគិតអំពីរឿងនេះនឹងជំរុញចិត្តយើងឲ្យស៊ូទ្រាំកាលដែលយើងផ្សព្វផ្សាយ«ឲ្យប្រជាជាតិទាំងឡាយបានឮ»។ (ម៉ាថាយ ២៤:១៣, ១៤) ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីមូលហេតុបួនដែលយើងផ្សព្វផ្សាយដែលមានមូលដ្ឋានពីគម្ពីរ។ យើងក៏នឹងពិចារណាអំពីអំណោយបួនដែលមកពីព្រះយេហូវ៉ាដែលជួយយើងឲ្យបន្តបង្កើតផល។
យើងលើកតម្កើងព្រះយេហូវ៉ា
៣. (ក) យោងទៅតាមយ៉ូហាន ១៥:៨ តើអ្វីជាមូលហេតុដ៏សំខាន់បំផុតដែលយើងផ្សព្វផ្សាយ? (ខ) ក្នុងឧទាហរណ៍របស់លោកយេស៊ូ តើផ្លែទំពាំងបាយជូរតំណាងអ្វី ហើយហេតុអ្វីការប្រៀបប្រដូចនេះគឺសមត្រឹមត្រូវ?
៣ មូលហេតុសំខាន់បំផុតដែលយើងផ្សព្វផ្សាយគឺយើងចង់លើកតម្កើងព្រះយេហូវ៉ា និងធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធ។ (សូមអាន យ៉ូហាន ១៥:១, ៨) ពេលលោកយេស៊ូប្រើឧទាហរណ៍អំពីវល្លិទំពាំងបាយជូរ លោកបានប្រៀបប្រដូចព្រះយេហូវ៉ាទៅនឹងអ្នកដាំឬអ្នកថែចម្ការទំពាំងបាយជូរ។ លោកយេស៊ូបានមានប្រសាសន៍ថាលោកផ្ទាល់គឺជាវល្លិទំពាំងបាយជូរ ហើយអ្នកកាន់តាមលោកគឺជាមែក។ (យ៉ូហាន ១៥:៥) ដូច្នេះក្នុងឧទាហរណ៍នេះ ផ្លែទំពាំងបាយជូរជាតំណាងផលដែលអ្នកកាន់តាមលោកយេស៊ូបង្កើត ឬកិច្ចការផ្សព្វផ្សាយដែលពួកគេធ្វើ។ លោកយេស៊ូបានប្រាប់ពួកសាវ័កថា៖ «បិតារបស់ខ្ញុំទទួលការលើកតម្កើងដោយការនេះឯង ពោលគឺ អ្នករាល់គ្នាមានផលផ្លែជាច្រើនជានិច្ច»។ ពេលដើមទំពាំងបាយជូរបង្កើតផលផ្លែល្អ នេះធ្វើឲ្យអ្នកដាំទទួលការសរសើរ។ ស្រដៀងគ្នាដែរ ពេលយើងខំអស់ពីសមត្ថភាពដើម្បីផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ យើងធ្វើឲ្យព្រះយេហូវ៉ាទទួលកិត្ដិយសឬការសរសើរតម្កើង។—ម៉ាថាយ ២៥:២០-២៣
ពេលយើងខំអស់ពីសមត្ថភាពដើម្បីផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ យើងធ្វើឲ្យព្រះយេហូវ៉ាទទួលកិត្ដិយស
៤. (ក) តើយើងអាចធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធយ៉ាងដូចម្ដេច? (ខ) តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះឯកសិទ្ធិដែលអ្នកមានដើម្បីធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធ?
៤ នាមរបស់ព្រះគឺបរិសុទ្ធរួចហើយ។ គ្មានអ្វីដែលយើងអាចធ្វើដើម្បីឲ្យនាមរបស់ព្រះបានបរិសុទ្ធជាងទេ។ ដូច្នេះពេលយើងផ្សព្វផ្សាយ តើយើងធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធយ៉ាងដូចម្ដេច? សូមកត់សម្គាល់អ្វីដែលអេសាយដែលជាអ្នកប្រកាសទំនាយបាននិយាយ គឺថា៖ «ត្រូវឲ្យរាប់ព្រះយេហូវ៉ានៃពួកពលបរិវារទុកជាបរិសុទ្ធ»។ (អេសាយ ៨:១៣) យើងធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធពេលយើងចាត់ទុកនាមនោះថាខ្ពង់ខ្ពស់បំផុតលើសជាងនាមឯទៀត ហើយពេលយើងជួយអ្នកឯទៀតឲ្យយល់ថានាមនោះគឺបរិសុទ្ធ។ (ម៉ាថាយ ៦:៩) ជាឧទាហរណ៍ ពេលយើងបង្រៀនមនុស្សនូវសេចក្ដីពិតអំពីគុណសម្បត្ដិដ៏អស្ចារ្យរបស់ព្រះយេហូវ៉ានិងគោលបំណងរបស់លោកសម្រាប់មនុស្សជាតិ ពោលគឺជីវិតជារៀងរហូតនៅក្នុងសួនឧទ្យាន នោះយើងជួយពួកគេឲ្យឃើញថាអ្វីមិនល្អទាំងអស់ដែលសាថានបាននិយាយអំពីព្រះយេហូវ៉ាគឺជាការកុហក។ (លោកុប្បត្តិ ៣:១-៥) យើងក៏ធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធពេលយើងជួយមនុស្សឲ្យដឹងថាព្រះយេហូវ៉ាសមនឹង«ទទួលសេចក្ដីសរសើរដោយសារសិរីរុងរឿង កិត្ដិយស និងឫទ្ធានុភាព»។ (ការបើកបង្ហាញ ៤:១១) បងប្រុសរូណាដែលបានត្រួសត្រាយអស់រយៈពេល១៦ឆ្នាំនិយាយថា៖ «ការដឹងថាខ្ញុំមានឱកាសធ្វើជាសាក្សីឲ្យអ្នកបង្កើតសកលលោក ធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់ ហើយធ្វើឲ្យខ្ញុំចង់បន្តផ្សព្វផ្សាយ»។
យើងស្រឡាញ់ព្រះយេហូវ៉ានិងបុត្ររបស់លោក
៥. (ក) នៅយ៉ូហាន ១៥:៩, ១០ តើអ្វីជាមូលហេតុឲ្យផ្សព្វផ្សាយ? (ខ) តើតាមរបៀបណាលោកយេស៊ូបានជួយអ្នកកាន់តាមលោកឲ្យយល់ថាពួកគេត្រូវស៊ូទ្រាំ?
៥ សូមអាន យ៉ូហាន ១៥:៩, ១០។ មូលហេតុទី២ដែលយើងផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រគឺយើងស្រឡាញ់ព្រះយេហូវ៉ានិងលោកយេស៊ូ។ (ម៉ាកុស ១២:៣០; យ៉ូហាន ១៤:១៥) លោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកថា ពួកគេគួរ‹រក្សាខ្លួនជាអ្នកដែលលោកស្រឡាញ់›។ ហេតុអ្វីលោកយេស៊ូមានប្រសាសន៍ដូច្នេះ? ពីព្រោះលោកដឹងថាអ្នកកាន់តាមលោកនឹងត្រូវស៊ូទ្រាំដើម្បីមានរបៀបរស់នៅជាគ្រិស្តសាសនិកពិត។ ក្នុងប្រសាសន៍របស់លោកយេស៊ូនៅយ៉ូហាន ១៥:៤-១០ យើងឃើញពាក្យ«ជានិច្ច»និងពាក្យ«រក្សាខ្លួន»ជាច្រើនដង នេះគឺដោយសារលោកចង់ជួយអ្នកកាន់តាមលោកឲ្យយល់ថាពួកគេនឹងត្រូវស៊ូទ្រាំ។
៦. តើយើងបង្ហាញយ៉ាងដូចម្ដេចថាយើងចង់រក្សាខ្លួនជាមនុស្សដែលគ្រិស្តស្រឡាញ់?
៦ តើយើងបង្ហាញយ៉ាងដូចម្ដេចថាយើងចង់ទទួលការពេញចិត្តពីគ្រិស្ត និងរក្សាខ្លួនជាមនុស្សដែលលោកស្រឡាញ់? គឺដោយស្ដាប់បង្គាប់លោក។ លោកយេស៊ូសុំយើងឲ្យធ្វើតែអ្វីដែលលោកផ្ទាល់បានធ្វើ។ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំបានប្រព្រឹត្តតាមបង្គាប់របស់បិតាដែលនៅស្ថានសួគ៌ ហើយក៏រក្សាខ្លួនជាអ្នកដែលលោកស្រឡាញ់»។ (យ៉ូហាន ១៥:១០) លោកយេស៊ូបានទុកគំរូឲ្យយើង។—យ៉ូហាន ១៣:១៥
៧. តើការស្ដាប់បង្គាប់ជាប់ទាក់ទងយ៉ាងណានឹងសេចក្ដីស្រឡាញ់?
៧ លោកយេស៊ូបានបញ្ជាក់យ៉ាងច្បាស់ថាការស្ដាប់បង្គាប់គឺជាប់ទាក់ទងនឹងសេចក្ដីស្រឡាញ់ ពេលលោកបានមានប្រសាសន៍ថា៖ «អ្នកណាដែលមានបញ្ញត្ដិរបស់ខ្ញុំហើយប្រព្រឹត្តតាម អ្នកនោះស្រឡាញ់ខ្ញុំ»។ (យ៉ូហាន ១៤:២១) បង្គាប់របស់លោកយេស៊ូគឺមកពីបិតារបស់លោក ដូច្នេះពេលយើងធ្វើតាមបង្គាប់របស់លោកយេស៊ូដែលឲ្យផ្សព្វផ្សាយ យើងបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ា។ (ម៉ាថាយ ១៧:៥; យ៉ូហាន ៨:២៨) ម្យ៉ាងទៀត ពេលយើងបង្ហាញព្រះយេហូវ៉ានិងលោកយេស៊ូថាយើងស្រឡាញ់លោកទាំងពីរ យើងរក្សាខ្លួនជាមនុស្សដែលលោកទាំងពីរស្រឡាញ់។
យើងព្រមានមនុស្ស
៨, ៩. (ក) តើមានមូលហេតុអ្វីទៀតឲ្យយើងផ្សព្វផ្សាយ? (ខ) តើប្រសាសន៍របស់ព្រះយេហូវ៉ានៅអេសេគាល ៣:១៨, ១៩ និង១៨:២៣ជំរុញចិត្តយើងយ៉ាងដូចម្ដេចឲ្យបន្តផ្សព្វផ្សាយ?
៨ មូលហេតុទី៣ដែលយើងផ្សព្វផ្សាយគឺយើងចង់ព្រមានអ្នកឯទៀតអំពីថ្ងៃរបស់ព្រះយេហូវ៉ាដែលជិតមកដល់។ ក្នុងគម្ពីរណូអេបានត្រូវហៅថាជា«អ្នកផ្សព្វផ្សាយ»។ (សូមអាន ពេត្រុសទី២ ២:៥) មុនទឹកជំនន់មកដល់ដំណឹងដែលណូអេបានផ្សព្វផ្សាយ ច្បាស់ជាបានរួមបញ្ចូលការព្រមានអំពីសេចក្ដីហិនវិនាសដែលនឹងមកដល់។ ហេតុអ្វីយើងនិយាយដូច្នេះ? ពីព្រោះលោកយេស៊ូបានមានប្រសាសន៍ថា៖ «មនុស្សនៅសម័យនោះ មុនទឹកជំនន់មកដល់ ពួកគេកំពុងពិសាអាហារពិសាស្រា រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃដែលណូអេចូលទៅក្នុងទូកធំនោះ ហើយពួកគេមិនបានយកចិត្តទុកដាក់សោះ រហូតដល់ទឹកជន់ឡើង កញ្ឆក់យកគេទាំងអស់គ្នាទៅ។ ពេលកូនមនុស្សមានវត្តមាន ក៏នឹងដូចគ្នាដែរ»។ (ម៉ាថាយ ២៤:៣៨, ៣៩) ទោះជាមនុស្សភាគច្រើនមិនបានអើពើនឹងណូអេ គាត់បានផ្សព្វផ្សាយយ៉ាងស្មោះត្រង់អំពីការព្រមានដែលមកពីព្រះយេហូវ៉ា។
៩ សព្វថ្ងៃនេះ យើងផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រព្រះដើម្បីឲ្យមនុស្សមានឱកាសរៀនអំពីអ្វីដែលលោកនឹងធ្វើសម្រាប់មនុស្សជាតិនៅពេលអនាគត។ ដូចព្រះយេហូវ៉ា យើងពិតជាចង់ឲ្យមនុស្សយកចិត្តទុកដាក់ចំពោះដំណឹងល្អ ហើយ«រស់នៅ»ជារៀងរហូត។ (អេសេគាល ១៨:២៣) ពេលយើងផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយនិងនៅកន្លែងសាធារណៈ យើងព្រមានមនុស្សយ៉ាងច្រើនបំផុតថារាជាណាចក្ររបស់ព្រះនឹងមកដល់ ហើយនឹងបំផ្លាញពិភពលោកដ៏អាក្រក់នេះ។—អេសេគាល ៣:១៨, ១៩; ដានីយ៉ែល ២:៤៤; ការបើកបង្ហាញ ១៤:៦, ៧
យើងស្រឡាញ់មនុស្ស
១០. (ក) នៅម៉ាថាយ ២២:៣៩ តើមានមូលហេតុអ្វីឲ្យយើងផ្សព្វផ្សាយ? (ខ) តើប៉ូលនិងស៊ីឡាសបានជួយអ្នកយាមគុកនៅក្រុងភីលីពតាមរបៀបណា?
១០ មូលហេតុទី៤ដែលយើងបន្តផ្សព្វផ្សាយគឺយើងស្រឡាញ់មនុស្ស។ (ម៉ាថាយ ២២:៣៩) សេចក្ដីស្រឡាញ់ចំពោះមនុស្សជួយយើងឲ្យបន្តផ្សព្វផ្សាយ ដោយសារយើងដឹងថាចិត្តគំនិតរបស់មនុស្សអាចផ្លាស់ប្ដូរពេលដែលកាលៈទេសៈរបស់ពួកគេផ្លាស់ប្ដូរ។ ជាឧទាហរណ៍ អ្នកប្រឆាំងបានចាប់ប៉ូលនិងស៊ីឡាសដាក់គុកនៅក្រុងភីលីព។ ប៉ុន្តែ នៅកណ្ដាលអធ្រាត្រមានរញ្ជួយដីដែលធ្វើឲ្យគុករង្គោះរង្គើ ហើយទ្វារគុកបានរបើកឡើង។ អ្នកយាមគុកបានភ័យយ៉ាងខ្លាំងរហូតដល់គាត់ចង់សម្លាប់ខ្លួន ដោយសារគាត់ស្មានថាអ្នកទោសបានរត់បាត់។ ប៉ុន្តែប៉ូលបានឃាត់គាត់ដោយស្រែកថា៖ «កុំធ្វើបាបខ្លួនឡើយ!»។ អ្នកយាមគុកបានសួរថា៖ «តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលសេចក្ដីសង្គ្រោះ?»។ ប៉ូលនិងស៊ីឡាសបានប្រាប់គាត់ថា៖ «ចូរជឿលើលោកម្ចាស់យេស៊ូ ហើយអ្នក . . . នឹងទទួលសេចក្ដីសង្គ្រោះ»។—សកម្មភាព ១៦:២៥-៣៤
យើងផ្សព្វផ្សាយដោយសារយើងស្រឡាញ់ព្រះយេហូវ៉ា លោកយេស៊ូ និងមនុស្ស (សូមមើលវគ្គ៥, ១០)
១១, ១២. (ក) ស្តីអំពីកិច្ចបម្រើផ្សាយ តើកំណត់ហេតុអំពីអ្នកយាមគុកបង្រៀនយើងអ្វី? (ខ) ហេតុអ្វីយើងចង់បន្តផ្សព្វផ្សាយ?
១១ តើកំណត់ហេតុអំពីអ្នកយាមគុកបង្រៀនយើងអ្វីអំពីកិច្ចបម្រើផ្សាយ? សូមកត់សម្គាល់ថាគឺគ្រាន់តែបន្ទាប់ពីរញ្ជួយដីដែលអ្នកយាមគុកបានផ្លាស់ប្ដូរចិត្តគំនិតរបស់គាត់ ហើយបានសុំជំនួយ។ ស្រដៀងគ្នាដែរ មនុស្សខ្លះដែលមិនចង់ស្ដាប់ដំណឹងពីគម្ពីរប្រហែលជានឹងផ្លាស់ប្ដូរចិត្តគំនិតនិងស្វែងរកជំនួយ ពេលដែលមានរឿងខ្លោចផ្សាកើតឡើងក្នុងជីវិតរបស់ពួកគេ។ ជាឧទាហរណ៍ អ្នកខ្លះប្រហែលជាស្លុតចិត្តដោយសារពួកគេលែងលះគ្នាឬបាត់បង់ការងារ។ អ្នកខ្លះទៀត ប្រហែលជាឈឺចិត្តជាខ្លាំងដោយសារពួកគេទើបតែដឹងថាពួកគេមានជំងឺធ្ងន់ធ្ងរ ឬដោយសារបុគ្គលណាម្នាក់ដែលជិតស្និទ្ធនឹងពួកគេបានស្លាប់។ ពេលអ្វីបែបនេះកើតឡើង មនុស្សប្រហែលជាចាប់ផ្ដើមសួរសំណួរអំពីជីវិតដែលពួកគេមិនធ្លាប់គិតពីមុន។ ពួកគេប្រហែលជាថែមទាំងឆ្ងល់ថា ‹តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលសេចក្ដីសង្គ្រោះ?›។ នេះប្រហែលជាលើកដំបូងក្នុងជីវិតរបស់ពួកគេដែលពួកគេចង់ស្ដាប់អំពីដំណឹងដែលយើងផ្សាយដែលផ្ដល់សេចក្ដីសង្ឃឹម។
១២ ដូច្នេះ បើយើងបន្តផ្សព្វផ្សាយយ៉ាងស្មោះត្រង់ នោះយើងអាចជួយមនុស្សបាន នៅពេលដែលពួកគេព្រមស្ដាប់ ហើយទទួលយកដំណឹងនៃការសម្រាលទុក្ខដែលយើងផ្សាយ។ (អេសាយ ៦១:១) បងស្រីហ្សាឡឹតដែលជាអ្នកត្រួសត្រាយអស់រយៈពេល៣៨ឆ្នាំនិយាយថា៖ «មនុស្សសព្វថ្ងៃនេះប្រៀបដូចជាអ្នកដំណើរដែលវង្វេងផ្លូវ។ ពួកគេត្រូវការឱកាសដើម្បីឮដំណឹងល្អ»។ បងស្រីអីវ័រដែលជាអ្នកត្រួសត្រាយអស់រយៈពេល៣៤ឆ្នាំនិយាយថា៖ «សព្វថ្ងៃនេះ មានមនុស្សធ្លាក់ទឹកចិត្តច្រើនជាងពេលមុនៗទាំងអស់។ ខ្ញុំពិតជាចង់ជួយពួកគេ។ នេះជំរុញចិត្តខ្ញុំឲ្យផ្សព្វផ្សាយ»។ យើងឃើញច្បាស់ថា សេចក្ដីស្រឡាញ់ចំពោះមនុស្សគឺជាមូលហេតុដ៏ល្អឲ្យយើងបន្តផ្សព្វផ្សាយ!
អំណោយដែលជួយយើងឲ្យស៊ូទ្រាំ
១៣, ១៤. (ក) តើយ៉ូហាន ១៥:១១រៀបរាប់អំពីអំណោយអ្វី? (ខ) តើយើងអាចមានអំណរដែលលោកយេស៊ូមានតាមរបៀបណា? (គ) តើអំណរជួយយើងយ៉ាងដូចម្ដេចក្នុងកិច្ចបម្រើផ្សាយ?
១៣ នៅយប់មុនលោកយេស៊ូស្លាប់ លោកក៏បានរៀបរាប់អំពីអំណោយមួយចំនួនដែលនឹងជួយពួកសាវ័ករបស់លោកឲ្យបន្តបង្កើតផល។ តើអំណោយទាំងនោះគឺជាអ្វី ហើយតើអំណោយទាំងនោះអាចជួយយើងនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច?
១៤ អំណរជាអំណោយមួយ។ តើកិច្ចការផ្សព្វផ្សាយគឺជាបន្ទុកសម្រាប់យើងឬ? មិនមែនទេ។ ក្រោយពីលោកយេស៊ូបានលើកឧទាហរណ៍អំពីវល្លិទំពាំងបាយជូរ លោកបានមានប្រសាសន៍ថាពេលយើងផ្សព្វផ្សាយយើងនឹងមានអំណរដូចលោក។ (សូមអាន យ៉ូហាន ១៥:១១) តើនេះអាចកើតឡើងយ៉ាងដូចម្ដេច? សូមចាំថាក្នុងឧទាហរណ៍របស់លោកយេស៊ូ លោកបានប្រៀបប្រដូចខ្លួនលោកទៅនឹងវល្លិទំពាំងបាយជូរ ហើយអ្នកកាន់តាមលោកទៅនឹងមែក។ មែកស្រូបយកទឹកនិងសារធាតុចិញ្ចឹមដែលវាត្រូវការ លុះត្រាតែវានៅជាប់នឹងដើម។ ស្រដៀងគ្នាដែរ យើងអាចមានអំណរដូចលោកយេស៊ូ លុះត្រាតែយើងនៅជាប់ជាមួយនឹងលោកនិងធ្វើតាមលំអានដានរបស់លោកយ៉ាងដិតដល់។ យ៉ាងនេះ យើងនឹងមានអំណរដែលលោកមាន ពោលគឺអំណរដែលមកពីការធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ (យ៉ូហាន ៤:៣៤; ១៧:១៣; ពេត្រុសទី១ ២:២១) បងស្រីហាន់អេដែលជាអ្នកត្រួសត្រាយជាង៤០ឆ្នាំមកហើយ និយាយថា៖ «អំណរដែលខ្ញុំមានក្រោយពីផ្សព្វផ្សាយ ជំរុញចិត្តខ្ញុំឲ្យបន្តចូលរួមក្នុងកិច្ចបម្រើព្រះយេហូវ៉ា»។ អំណរនឹងជួយពង្រឹងកម្លាំងយើងឲ្យបន្តផ្សព្វផ្សាយ សូម្បីតែនៅពេលដែលមនុស្សភាគច្រើនមិនចាប់អារម្មណ៍ក្ដី។—ម៉ាថាយ ៥:១០-១២
១៥. (ក) តើអំណោយអ្វីបានត្រូវរៀបរាប់នៅយ៉ូហាន ១៤:២៧? (ខ) តើសេចក្ដីសុខសាន្តជួយយើងឲ្យបន្តបង្កើតផលយ៉ាងដូចម្ដេច?
១៥ សេចក្ដីសុខសាន្តជាអំណោយមួយ។ (សូមអាន យ៉ូហាន ១៤:២៧) នៅល្ងាចមុនលោកយេស៊ូស្លាប់ លោកបានប្រាប់ពួកសាវ័ករបស់លោកថា៖ «ខ្ញុំឲ្យអ្នករាល់គ្នានូវសេចក្ដីសុខសាន្តរបស់ខ្ញុំ»។ តើសេចក្ដីសុខសាន្តរបស់លោកយេស៊ូអាចជួយយើងឲ្យបន្តផ្សព្វផ្សាយយ៉ាងដូចម្ដេច? ពេលយើងបន្តផ្សព្វផ្សាយ យើងមានសេចក្ដីសុខសាន្ត ដោយសារយើងដឹងថាយើងកំពុងធ្វើឲ្យព្រះយេហូវ៉ានិងលោកយេស៊ូសប្បាយរីករាយ។ (ទំនុកតម្កើង ១៤៩:៤; រ៉ូម ៥:៣, ៤; កូឡុស ៣:១៥) បងប្រុសអ៊ុហ្វដែលបានត្រួសត្រាយអស់រយៈពេល៤៥ឆ្នាំ និយាយថា៖ «ទោះបីជាកិច្ចការផ្សព្វផ្សាយធ្វើឲ្យខ្ញុំអស់កម្លាំងក្ដី កិច្ចការនេះធ្វើឲ្យខ្ញុំមានជីវិតដែលមានន័យខ្លឹមសារនិងស្កប់ចិត្តពិតប្រាកដ»។ យើងមានអំណរគុណដែលយើងបានរកឃើញសេចក្ដីសុខសាន្តដែលស្ថិតស្ថេរ!
១៦. (ក) តើអំណោយអ្វីបានត្រូវរៀបរាប់នៅយ៉ូហាន ១៥:១៥? (ខ) តើពួកសាវ័កអាចរក្សាចំណងមិត្តភាពជាមួយនឹងលោកបានយ៉ាងដូចម្ដេច?
១៦ ចំណងមិត្តភាពជាអំណោយមួយ។ ក្រោយពីលោកយេស៊ូបានប្រាប់ពួកសាវ័ករបស់លោកថា លោកចង់ឲ្យពួកគេមានអំណរ លោកបានពន្យល់អំពីមូលហេតុដែលការបង្ហាញសេចក្ដីស្រឡាញ់ដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនគឺសំខាន់។ (យ៉ូហាន ១៥:១១-១៣) រួចលោកបានមានប្រសាសន៍ថា៖ «ខ្ញុំហៅអ្នករាល់គ្នាថាមិត្តសម្លាញ់»។ ការធ្វើជាមិត្តសម្លាញ់របស់លោកយេស៊ូគឺជាអំណោយមួយដ៏ពិសេស! ប៉ុន្តែ តើពួកសាវ័កអាចបន្តរក្សាចំណងមិត្តភាពជាមួយនឹងលោកយ៉ាងដូចម្ដេច? លោកយេស៊ូបានពន្យល់ថាពួកគេត្រូវ«មានផលផ្លែតទៅទៀត»។ (សូមអាន យ៉ូហាន ១៥:១៤-១៦) បើនិយាយឲ្យស្រួលយល់ គឺត្រូវបន្តផ្សព្វផ្សាយ។ ប្រហែលជាពីរឆ្នាំមុននោះ លោកយេស៊ូបានប្រាប់ពួកសាវ័ករបស់លោកថា៖ «កាលដែលអ្នករាល់គ្នាធ្វើដំណើរទៅ ចូរផ្សព្វផ្សាយថា៖ ‹រាជាណាចក្រស្ថានសួគ៌គឺជិតដល់ហើយ›»។ (ម៉ាថាយ ១០:៧) នេះគឺជាមូលហេតុដែលនៅយប់មុនលោកយេស៊ូស្លាប់ លោកបានលើកទឹកចិត្តអ្នកកាន់តាមលោកឲ្យស៊ូទ្រាំក្នុងកិច្ចបម្រើផ្សាយ។ (ម៉ាថាយ ២៤:១៣; ម៉ាកុស ៣:១៤) លោកយេស៊ូបានដឹងថាការធ្វើតាមបង្គាប់របស់លោកគឺមិនស្រួលទេ។ ប៉ុន្តែពួកគេអាចធ្វើបាន ហើយក៏អាចរក្សាចំណងមិត្តភាពជាមួយនឹងលោកបានដែរ។ តើតាមរបៀបណា? គឺដោយមានជំនួយពីអំណោយផ្សេងទៀត។
១៧, ១៨. (ក) តើអំណោយអ្វីបានត្រូវរៀបរាប់នៅយ៉ូហាន ១៥:៧? (ខ) តើអំណោយនេះបានជួយអ្នកកាន់តាមលោកយេស៊ូយ៉ាងដូចម្ដេច? (គ) តើអំណោយអ្វីខ្លះជួយយើងនៅសព្វថ្ងៃនេះ?
១៧ ការតបឆ្លើយចំពោះសេចក្ដីអធិដ្ឋានរបស់យើងជាអំណោយមួយ។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាសុំអ្វីក៏ដោយ ការនោះនឹងកើតឡើងចំពោះអ្នករាល់គ្នា»។ (យ៉ូហាន ១៥:៧, ១៦) សេចក្ដីសន្យារបស់លោកយេស៊ូច្បាស់ជាពង្រឹងកម្លាំងចិត្តពួកសាវ័ក!a (សូមមើលកំណត់សម្គាល់) ពួកសាវ័កមិនបានយល់ច្បាស់ថាមិនយូរទៀតលោកយេស៊ូនឹងស្លាប់ទេ។ ប៉ុន្តែ ការស្លាប់របស់លោកមិនមានន័យថាពួកគេនឹងគ្មានជំនួយទៀតឡើយ។ ព្រះយេហូវ៉ាប្រុងប្រៀបឆ្លើយតបចំពោះសេចក្ដីអធិដ្ឋានរបស់ពួកគេ និងជួយពួកគេក្នុងកិច្ចបម្រើផ្សាយ ហើយលោកបានធ្វើដូច្នេះមែន។ មិនយូរក្រោយពីលោកយេស៊ូបានស្លាប់ ពួកសាវ័កបានអង្វរសុំព្រះយេហូវ៉ាឲ្យផ្ដល់ចិត្តក្លាហានដល់ពួកគេ ហើយព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ពួកគេ។—សកម្មភាព ៤:២៩, ៣១
យើងអាចប្រាកដថាព្រះយេហូវ៉ាតបឆ្លើយចំពោះសេចក្ដីអធិដ្ឋានរបស់យើងដើម្បីសុំជំនួយ (សូមមើលវគ្គ១៨)
១៨ សព្វថ្ងៃនេះក៏ដូចគ្នាដែរ។ ពេលយើងស៊ូទ្រាំក្នុងកិច្ចការផ្សព្វផ្សាយ យើងរក្សាចំណងមិត្តភាពជាមួយនឹងលោកយេស៊ូ។ ម្យ៉ាងទៀត យើងអាចប្រាកដថាព្រះយេហូវ៉ាប្រុងប្រៀបតបឆ្លើយចំពោះសេចក្ដីអធិដ្ឋានសុំជំនួយពេលយើងជួបការពិបាកក្នុងកិច្ចការផ្សព្វផ្សាយ។ (ភីលីព ៤:១៣) យើងមានចិត្តកតញ្ញូជាខ្លាំងដែលព្រះយេហូវ៉ាតបឆ្លើយចំពោះសេចក្ដីអធិដ្ឋានរបស់យើង ហើយដែលយើងមានលោកយេស៊ូជាមិត្តសម្លាញ់របស់យើង។ អំណោយទាំងនេះដែលមកពីព្រះយេហូវ៉ាពង្រឹងកម្លាំងយើងឲ្យបន្តបង្កើតផល។—យ៉ាកុប ១:១៧
១៩. (ក) ហេតុអ្វីយើងបន្តផ្សព្វផ្សាយ? (ខ) តើអ្វីជួយយើងឲ្យបង្ហើយកិច្ចការដែលព្រះបានផ្ដល់ឲ្យយើង?
១៩ ក្នុងអត្ថបទនេះយើងបានរៀនអំពីមូលហេតុបួនដែលយើងបន្តផ្សព្វផ្សាយពោលគឺ លើកតម្កើងព្រះយេហូវ៉ានិងធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធ បង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងលោកយេស៊ូ ព្រមានមនុស្ស ហើយបង្ហាញថាយើងស្រឡាញ់មនុស្ស។ យើងក៏បានរៀនអំពីអំណោយបួនគឺ អំណរ សេចក្ដីសុខសាន្ត ចំណងមិត្តភាព និងការតបឆ្លើយចំពោះសេចក្ដីអធិដ្ឋានរបស់យើង។ អំណោយទាំងនេះពង្រឹងកម្លាំងយើងឲ្យបង្ហើយកិច្ចការដែលព្រះបានផ្ដល់ឲ្យយើង។ ព្រះយេហូវ៉ាសប្បាយចិត្តខ្លាំងណាស់ពេលលោកឃើញយើងខំប្រឹងបន្តបង្កើត«ផលផ្លែជាច្រើន»!
a នៅពេលនោះ លោកយេស៊ូបានរំលឹកពួកសាវ័កជាច្រើនដងថាព្រះយេហូវ៉ានឹងតបឆ្លើយចំពោះសេចក្ដីអធិដ្ឋានរបស់ពួកគេ។—យ៉ូហាន ១៤:១៣; ១៥:៧, ១៦; ១៦:២៣