«ចូរទិញសេចក្ដីពិតចុះ កុំឲ្យលក់ចេញឡើយ»
«ចូរទិញសេចក្ដីពិតចុះ កុំឲ្យលក់ចេញឡើយ អើទាំងប្រាជ្ញា សេចក្ដីដំបូន្មាន នឹងយោបល់ផង»។—សុភាសិត ២៣:២៣
១, ២. (ក) តើអ្វីមានតម្លៃខ្ពស់បំផុតក្នុងជីវិតរបស់អ្នក? (ខ) តើសេចក្ដីបង្រៀនអ្វីខ្លះមានតម្លៃចំពោះយើង ហើយហេតុអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)
ក្នុងជីវិតរបស់អ្នក តើអ្វីមានតម្លៃខ្ពស់បំផុត? ក្នុងនាមជារាស្ត្ររបស់ព្រះយេហូវ៉ា អ្វីដ៏មានតម្លៃខ្ពស់បំផុតចំពោះយើងគឺចំណងមិត្តភាពរបស់យើងជាមួយនឹងលោក។ យើងនឹងមិនដូរចំណងមិត្តភាពនេះទៅនឹងអ្វីផ្សេងទៀតទេ។ សេចក្ដីពិតពីគម្ពីរក៏មានតម្លៃចំពោះយើង ដោយសារនេះនាំឲ្យយើងទៅជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា។—កូឡុស ១:៩, ១០
២ ព្រះយេហូវ៉ាជាគ្រូបង្រៀនដ៏ឧត្តម ហើយលោកបង្រៀនយើងនូវសេចក្ដីពិតដ៏មានតម្លៃក្នុងបណ្ដាំរបស់លោក ពោលគឺគម្ពីរ។ លោកបង្រៀនយើងអំពីសារៈសំខាន់នៃនាមរបស់លោក និងប្រាប់យើងអំពីគុណសម្បត្ដិដ៏គួរឲ្យសរសើររបស់លោក។ លោកប្រាប់យើងថា លោកស្រឡាញ់យើងខ្លាំងដល់ម្ល៉េះបានជាលោកបានឲ្យជីវិតរបស់បុត្រជាទីស្រឡាញ់របស់លោកសម្រាប់យើង។ ព្រះយេហូវ៉ាបង្រៀនយើងអំពីរាជាណាចក្ររបស់មេស្ស៊ី។ លោកឲ្យយើងនូវសេចក្ដីសង្ឃឹមសម្រាប់ថ្ងៃអនាគត ពោលគឺជីវិតនៅស្ថានសួគ៌សម្រាប់ពួកអ្នកដែលបានត្រូវរើសតាំង ឬក៏ជីវិតនៅផែនដីដែលជាសួនឧទ្យានសម្រាប់«ចៀមឯទៀត»។ (យ៉ូហាន ១០:១៦) ព្រះយេហូវ៉ាបង្រៀនយើងអំពីរបៀបរស់នៅដែលយើងគួរមាន។ សេចក្ដីបង្រៀនទាំងអស់នេះមានតម្លៃចំពោះយើង ដោយសារវាជួយយើងឲ្យចូលទៅជិតអ្នកបង្កើតរបស់យើង ហើយក៏ជួយយើងឲ្យមានគោលបំណងក្នុងជីវិត។
៣. តើព្រះយេហូវ៉ាតម្រូវឲ្យយើងបង់ថ្លៃដើម្បីរៀនសេចក្ដីពិតឬទេ?
៣ ព្រះយេហូវ៉ាគឺជាព្រះដែលមានចិត្តទូលាយ។ លោកមានចិត្តទូលាយខ្លាំងដល់ម្ល៉េះបានជាលោកផ្ដល់ជីវិតបុត្រលោកជាគ្រឿងបូជាសម្រាប់យើង។ ពេលព្រះយេហូវ៉ាឃើញបុគ្គលណាម្នាក់កំពុងស្វែងរកសេចក្ដីពិត លោកជួយបុគ្គលនោះឲ្យរកឃើញសេចក្ដីពិតនោះ។ លោកមិនតម្រូវឲ្យយើងបង់ថ្លៃដើម្បីរៀនសេចក្ដីពិតទេ។ នៅពេលមួយ បុរសម្នាក់ឈ្មោះស៊ីម៉ូនបានស្នើសុំឲ្យលុយដល់សាវ័កពេត្រុសដើម្បីមានសមត្ថភាពផ្ដល់សកម្មពលបរិសុទ្ធដល់អ្នកឯទៀត។ ពេត្រុសបានពន្យល់ថាទស្សនៈរបស់ស៊ីម៉ូនគឺខុស ដោយនិយាយថា៖ «ចូរឲ្យប្រាក់របស់អ្នកវិនាសទៅជាមួយនឹងអ្នកចុះ ពីព្រោះអ្នកនឹកស្មានថាអាចយកប្រាក់មកដើម្បីទទួលអំណោយទានរបស់ព្រះ»។ (សកម្មភាព ៨:១៨-២០) ដូច្នេះ តើការ«ទិញសេចក្ដីពិត»មានន័យយ៉ាងណា?
តើការ«ទិញសេចក្ដីពិត»មានន័យយ៉ាងណា?
៤. ក្នុងអត្ថបទនេះ តើយើងនឹងរៀនអ្វីអំពីសេចក្ដីពិត?
៤ សូមអាន សុភាសិត ២៣:២៣។ ការរៀនសេចក្ដីពិតពីគម្ពីរគឺត្រូវការការខំព្យាយាម។ យើងក៏ត្រូវលះបង់អ្វីផ្សេងៗដើម្បីបានសេចក្ដីពិតនេះដែរ។ ម្យ៉ាងទៀត ក្រោយពីយើង«ទិញសេចក្ដីពិត»ពោលគឺរៀនសេចក្ដីពិត នោះយើងត្រូវប្រុងប្រយ័ត្នថាយើងមិន«លក់»សេចក្ដីពិតនោះទៅវិញ ពោលគឺមិនបោះបង់សេចក្ដីពិតនោះចោលទេ។ តើយើង«ទិញ»សេចក្ដីពិតក្នុងគម្ពីរយ៉ាងដូចម្ដេច? តើសេចក្ដីពិតនោះមានតម្លៃថ្លៃប៉ុណ្ណា? ចម្លើយចំពោះសំណួរទាំងនេះនឹងជួយយើងឲ្យតម្លៃថែមទៀតចំពោះសេចក្ដីពិត ហើយក៏នឹងជួយយើងឲ្យកាន់តែតាំងចិត្តមិនបោះបង់សេចក្ដីពិតនេះចោល។ យើងនឹងយល់អំពីមូលហេតុដែលសេចក្ដីពិតពីព្រះយេហូវ៉ាមានតម្លៃច្រើនជាងអ្វីៗទាំងអស់ទៀត។
៥, ៦. (ក) តើយើងអាចទិញសេចក្ដីពិតដោយមិនចាំបាច់បង់លុយយ៉ាងដូចម្ដេច? សូមពន្យល់។ (ខ) តើសេចក្ដីពិតមានប្រយោជន៍យ៉ាងណាចំពោះយើង?
៥ ទោះជាអ្វីមួយគឺឲ្យដោយឥតគិតថ្លៃក៏ដោយ នេះមិនមានន័យថាយើងមិនចាំបាច់ធ្វើអ្វីសោះដើម្បីបានអ្វីនោះទេ។ ពាក្យភាសាហេប្រឺដែលបានត្រូវបកប្រែថា«ទិញ»នៅសុភាសិត ២៣:២៣ ក៏អាចមានអត្ថន័យថា«បានអ្វីមួយ»។ ពាក្យទាំងនេះបង្កប់អត្ថន័យថា បុគ្គលម្នាក់ត្រូវធ្វើអ្វីមួយឬលះចោលអ្វីមួយដើម្បីទទួលអ្វីដែលមានតម្លៃចំពោះគាត់។ ដើម្បីជួយយើងឲ្យយល់អំពីរបៀបដែលយើងអាចទិញសេចក្ដីពិត សូមស្រមៃគិតថា ផ្សារមួយមានផ្លែចេកដែលគេឲ្យដោយឥតគិតថ្លៃ។ បើយើងមិនទៅផ្សារដើម្បីយកផ្លែចេកនោះមកផ្ទះ តើយើងរំពឹងថាវាអាចលេចមកលើតុរបស់យើងឬទេ? មិនមែនទេ។ ដូច្នេះ ទោះជាគេឲ្យផ្លែចេកនោះដោយឥតគិតថ្លៃក្ដី យើងត្រូវធ្វើអ្វីមួយដើម្បីបានវា។ ស្រដៀងគ្នាដែរ យើងមិនចាំបាច់បង់លុយដើម្បីរៀនសេចក្ដីពិតទេ ប៉ុន្តែយើងត្រូវខំប្រឹងនិងសុខចិត្តធ្វើការលះបង់។
៦ សូមអាន អេសាយ ៥៥:១-៣។ ប្រសាសន៍របស់ព្រះយេហូវ៉ាជួយយើងឲ្យយល់អំពីអត្ថន័យនៃពាក្យទិញសេចក្ដីពិត។ ក្នុងខទាំងនេះ ព្រះយេហូវ៉ាប្រដូចបណ្ដាំរបស់លោកដែលជាសេចក្ដីពិត ទៅនឹងទឹក ទឹកដោះ និងស្រាទំពាំងបាយជូរ។ ដូចដែលទឹកត្រជាក់ធ្វើឲ្យអ្នកស្រេកទឹកមានកម្លាំងឡើងវិញ នោះសេចក្ដីពិតក៏ធ្វើឲ្យយើងមានកម្លាំងចិត្តឡើងវិញដែរ។ ម្យ៉ាងទៀត ដូចទឹកដោះជួយកូនឲ្យលូតលាស់រឹងមាំ នោះសេចក្ដីពិតពីគម្ពីរក៏ជួយពង្រឹងចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាដែរ។ ព្រះយេហូវ៉ាក៏ប្រដូចបណ្ដាំរបស់លោកទៅនឹងស្រាទំពាំងបាយជូរ។ ហេតុអ្វី? គម្ពីរចែងថា ស្រាទំពាំងបាយជូរធ្វើឲ្យមនុស្សសប្បាយរីករាយ។ (ទំនុកតម្កើង ១០៤:១៥) ដូច្នេះ ពេលព្រះយេហូវ៉ាប្រាប់យើងឲ្យ«ទិញស្រាទំពាំងបាយជូរ» លោកចង់ឲ្យយើងដឹងថា ពេលយើងធ្វើតាមការណែនាំរបស់លោកក្នុងជីវិត យើងនឹងមានចិត្តសប្បាយរីករាយ។ (ទំនុកតម្កើង ១៩:៨) ព្រះយេហូវ៉ាប្រើការប្រៀបប្រដូចទាំងនេះ ដើម្បីជួយយើងឲ្យយល់អំពីប្រយោជន៍ដែលយើងទទួលពេលយើងរៀនសេចក្ដីពិតនិងធ្វើតាមអ្វីដែលយើងបានរៀន។ សូមយើងពិចារណាអំពីអ្វីប្រាំយ៉ាងដែលយើងប្រហែលជានឹងត្រូវលះបង់ដើម្បីទិញសេចក្ដីពិត។
តើអ្នកបានលះបង់អ្វីខ្លះដើម្បីទិញសេចក្ដីពិត?
៧, ៨. (ក) ហេតុអ្វីការរៀនសេចក្ដីពិតត្រូវការពេលវេលា? (ខ) តើបងស្រីវ័យក្មេងម្នាក់បានធ្វើការលះបង់អ្វី ហើយតើនេះមានលទ្ធផលយ៉ាងណា?
៧ ពេលវេលា: គឺត្រូវការពេលវេលាដើម្បីឲ្យមនុស្សស្ដាប់ដំណឹងល្អអំពីរាជាណាចក្រព្រះ អានគម្ពីរនិងសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ សិក្សាគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា ព្រមទាំងរៀបចំនិងចូលរួមកិច្ចប្រជុំរបស់យើង។ ដើម្បីធ្វើអ្វីៗទាំងអស់នេះ យើងត្រូវយកពេលវេលាពីការធ្វើអ្វីដែលមិនសូវសំខាន់។ (សូមអាន អេភេសូរ ៥:១៥, ១៦ និងកំណត់សម្គាល់) តើការរៀនសេចក្ដីពិតបឋមៗពីគម្ពីរត្រូវការពេលយូរប៉ុណ្ណា? នេះអាស្រ័យលើបុគ្គលម្នាក់ៗ។ ការរៀនអំពីប្រាជ្ញា ផ្លូវរបស់ព្រះយេហូវ៉ា និងអ្វីៗដែលលោកបានធ្វើគឺមិនចេះចប់ទេ។ (រ៉ូម ១១:៣៣) ទស្សនាវដ្ដីប៉មយាមដែលបានចេញជាលេខដំបូង បានប្រៀបប្រដូចសេចក្ដីពិតទៅនឹង«ផ្កាតូចមួយ» ហើយបានរៀបរាប់ថា៖ «ចូរកុំស្កប់ចិត្តតែនឹងផ្កាមួយនៃសេចក្ដីពិតប៉ុណ្ណោះទេ។ បើផ្កាតែមួយគឺគ្រប់គ្រាន់ នោះព្រះមិនចាំបាច់បង្កើតផ្កាឯទៀតឡើយ។ ចូរខំប្រមូលយក ចូរខំស្វែងរកឲ្យបានច្រើនទៀត»។ ដូច្នេះ យើងអាចសួរខ្លួនយើងថា ‹តើខ្ញុំបានរៀនច្រើនយ៉ាងណាអំពីព្រះយេហូវ៉ា?›។ ទោះជាយើងរស់ជារៀងរហូតក្ដី យើងនឹងតែងតែមានអ្វីថែមទៀតដែលយើងអាចរៀនអំពីព្រះយេហូវ៉ា។ ប៉ុន្តែ នៅសព្វថ្ងៃនេះគឺសំខាន់ដែលយើងប្រើពេលវេលាដែលយើងមាន ដើម្បីរៀនឲ្យបានច្រើនបំផុតអំពីព្រះយេហូវ៉ា។ សូមគិតអំពីបុគ្គលម្នាក់ដែលបានធ្វើដូច្នេះ។
គឺសំខាន់ដែលយើងប្រើពេលវេលាដែលយើងមាន ដើម្បីរៀនឲ្យបានច្រើនបំផុតអំពីព្រះយេហូវ៉ា
៨ នារីវ័យក្មេងជនជាតិជប៉ុនម្នាក់ឈ្មោះម៉ារីកូa (សូមមើលកំណត់សម្គាល់) បានរើទៅសហរដ្ឋអាម៉េរិកដើម្បីចូលសាលាមួយនៅក្រុងញូវយ៉ក។ នៅថ្ងៃមួយ បងស្រីម្នាក់ដែលជាអ្នកត្រួសត្រាយបានផ្សព្វផ្សាយដំណឹងល្អដល់បងម៉ារីកូនៅផ្ទះរបស់គាត់។ បងម៉ារីកូមានសាសនាផ្ទាល់ខ្លួនហើយ ប៉ុន្តែគាត់ចាប់ផ្ដើមសិក្សាគម្ពីរជាមួយនឹងបងស្រីនោះ។ គាត់ចូលចិត្តអ្វីដែលគាត់រៀនខ្លាំងណាស់ ដូច្នេះគាត់បានសុំរៀនពីរដងក្នុងមួយសប្ដាហ៍។ ទោះជាបងម៉ារីកូជាប់រវល់ទៅរៀនផងនិងធ្វើការមិនពេញពេលផងក៏ដោយ គាត់ចាប់ផ្ដើមចូលរួមកិច្ចប្រជុំភ្លាមៗ។ គាត់កាត់បន្ថយការកម្សាន្តដើម្បីគាត់អាចមានពេលច្រើនជាងដើម្បីរៀនសេចក្ដីពិត។ ដោយធ្វើការលះបង់ទាំងនេះ បងម៉ារីកូបានចូលកាន់តែជិតព្រះយេហូវ៉ា ហើយមិនដល់មួយឆ្នាំផង គាត់បានទទួលការជ្រមុជទឹក។ ប្រាំមួយខែក្រោយមកនៅឆ្នាំ២០០៦ គាត់ចាប់ផ្ដើមបម្រើជាអ្នកត្រួសត្រាយ ហើយគាត់នៅតែត្រួសត្រាយរហូតដល់សព្វថ្ងៃនេះ។
៩, ១០. (ក) តើការរៀនសេចក្ដីពិតមានឥទ្ធិពលយ៉ាងណាទៅលើទស្សនៈរបស់យើងចំពោះទ្រព្យសម្បត្ដិ? (ខ) តើបងស្រីម្នាក់បានលះបង់អ្វី ហើយតើគាត់មានអារម្មណ៍យ៉ាងណា?
៩ ទ្រព្យសម្បត្ដិ: ដើម្បីរៀនសេចក្ដីពិតយើងប្រហែលជាត្រូវបោះបង់ចោលការងារដែលមានប្រាក់ខែច្រើនឬអាជីពល្អក្នុងពិភពលោកនេះ។ ជាឧទាហរណ៍ ពេត្រុសនិងអនទ្រេជាអ្នកនេសាទ ប៉ុន្តែពេលលោកយេស៊ូបានអញ្ជើញពួកគាត់ឲ្យធ្វើជាអ្នកកាន់តាមលោក ពួកគាត់បានលះបង់មុខរបររបស់ពួកគាត់។ (ម៉ាថាយ ៤:១៨-២០) នេះមិនមានន័យថា ពេលអ្នករៀនសេចក្ដីពិត អ្នកត្រូវលះបង់ការងាររបស់អ្នកទេ។ យើងទាំងអស់គ្នាត្រូវធ្វើការនិងចិញ្ចឹមក្រុមគ្រួសារ។ (ធីម៉ូថេទី១ ៥:៨) ប៉ុន្តែ ពេលយើងរៀនសេចក្ដីពិត យើងចាប់ផ្ដើមមានទស្សនៈផ្សេងចំពោះទ្រព្យសម្បត្ដិ។ យើងដឹងអំពីអ្វីដែលពិតជាសំខាន់ក្នុងជីវិត។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ឈប់ប្រមូលទ្រព្យសម្បត្ដិទុកសម្រាប់ខ្លួននៅផែនដី»។ តែលោកបានលើកទឹកចិត្តយើងឲ្យ«ប្រមូលទ្រព្យសម្បត្ដិទុកសម្រាប់ខ្លួននៅឯស្ថានសួគ៌វិញ»។ (ម៉ាថាយ ៦:១៩, ២០) បងស្រីវ័យក្មេងម្នាក់ឈ្មោះម៉ារៀបានធ្វើដូច្នេះ។
១០ តាំងពីបងម៉ារៀនៅតូច គាត់ចូលចិត្តលេងកីឡាវាយកូនហ្គោល។ នៅវិទ្យាល័យ គាត់កាន់តែពូកែលេងកីឡានោះ រហូតដល់គាត់បានទទួលអាហាររូបករណ៍ទៅរៀននៅសកលវិទ្យាល័យមួយ។ បងម៉ារៀមានគោលដៅទៅជាអ្នកលេងកីឡាវាយកូនហ្គោលអាជីព និងរកលុយបានច្រើន។ ប៉ុន្តែក្រោយមកគាត់ចាប់ផ្ដើមរៀនគម្ពីរ។ គាត់ចូលចិត្តអ្វីដែលគាត់បានរៀនខ្លាំងណាស់ ហើយគាត់ចាប់ផ្ដើមអនុវត្តអ្វីទាំងនោះក្នុងជីវិតរបស់គាត់។ គាត់និយាយថា៖ «ខ្ញុំកាន់តែសប្បាយចិត្ត កាលដែលខ្ញុំកាន់តែមានចិត្តគំនិតនិងរបៀបរស់នៅស្របតាមខ្នាតតម្រាក្នុងគម្ពីរ»។ បងម៉ារៀបានទទួលស្គាល់ថា ក្នុងពេលដំណាលគ្នាគឺពិបាកឲ្យគាត់ផ្ដោតអារម្មណ៍ទៅលើចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ាផង និងអាជីពរបស់គាត់ជាកីឡាការិនីផង។ (ម៉ាថាយ ៦:២៤) ដូច្នេះ គាត់បានលះបង់គោលដៅរបស់គាត់ក្នុងការធ្វើជាអ្នកលេងកីឡាវាយកូនហ្គោលអាជីព ដើម្បីបានអ្វីមួយដ៏ប្រសើរជាង។ នៅសព្វថ្ងៃនេះ គាត់គឺជាអ្នកត្រួសត្រាយ ហើយគាត់និយាយថាគាត់មាន«ជីវិតដ៏សប្បាយនិងដែលមានន័យខ្លឹមសារបំផុត»។
លោកយេស៊ូបានសន្យាថា ទោះជាយើងធ្វើការលះបង់ច្រើនយ៉ាងណាក៏ដោយដើម្បីសេចក្ដីពិត យើងនឹងទទួលច្រើនជាងនេះមកវិញ
១១. ពេលយើងរៀនសេចក្ដីពិត តើទំនាក់ទំនងរបស់យើងជាមួយនឹងអ្នកឯទៀតប្រហែលជានឹងផ្លាស់ប្ដូរយ៉ាងដូចម្ដេច?
១១ ទំនាក់ទំនងជាមួយនឹងអ្នកឯទៀត: ពេលយើងចាប់ផ្ដើមធ្វើតាមអ្វីដែលយើងបានរៀនពីគម្ពីរ ទំនាក់ទំនងរបស់យើងជាមួយនឹងមិត្តភក្ដិនិងក្រុមគ្រួសារប្រហែលជានឹងផ្លាស់ប្ដូរ។ លោកយេស៊ូបានជួយយើងឲ្យយល់អំពីមូលហេតុដែលនេះកើតឡើង ពេលលោកបានអធិដ្ឋានអំពីពួកអ្នកកាន់តាមលោកថា៖ «សូមញែកពួកគាត់ចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិត។ ឯបណ្ដាំរបស់លោកជាសេចក្ដីពិត»។ (យ៉ូហាន ១៧:១៧) ពេលយើងចាប់ផ្ដើមធ្វើតាមសេចក្ដីពិតក្នុងជីវិតរបស់យើង យើងបានត្រូវញែកចេញពីពិភពលោកនេះ ដោយសារយើងធ្វើតាមខ្នាតតម្រាក្នុងគម្ពីរ។ ទោះជាយើងព្យាយាមបន្តមានទំនាក់ទំនងជាមួយសាច់ញាតិនិងមិត្តភក្ដិក៏ដោយ ពួកគេប្រហែលជានឹងលែងសូវស្រឡាញ់យើង ឬថែមទាំងប្រឆាំងនឹងជំនឿថ្មីរបស់យើង។ នេះមិនធ្វើឲ្យយើងភ្ញាក់ផ្អើលឡើយ។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «សត្រូវរបស់មនុស្ស នឹងមកពីពួកអ្នកដែលនៅក្នុងផ្ទះជាមួយនឹងពួកគេ»។ (ម៉ាថាយ ១០:៣៦) ប៉ុន្តែ លោកយេស៊ូក៏បានសន្យាថា ទោះជាយើងធ្វើការលះបង់ច្រើនយ៉ាងណាក៏ដោយដើម្បីសេចក្ដីពិត យើងនឹងទទួលច្រើនជាងនេះមកវិញ!—សូមអាន ម៉ាកុស ១០:២៨-៣០
១២. តើបុរសជនជាតិជ្វីសម្នាក់បានលះបង់អ្វីដើម្បីបានសេចក្ដីពិត?
១២ តាំងពីនៅក្មេង បងប្រុសជនជាតិជ្វីសម្នាក់ឈ្មោះអេរ៉ុនបានជឿថា ការនិយាយនាមរបស់ព្រះគឺជាការខុស។ ប៉ុន្តែ គាត់ពិតជាចង់ស្គាល់សេចក្ដីពិតអំពីព្រះ។ នៅថ្ងៃមួយ សាក្សីព្រះយេហូវ៉ាម្នាក់បានបង្ហាញគាត់ថា បើគាត់ដាក់ស្រៈភ្ជាប់នឹងព្យញ្ជនៈភាសាហេប្រឺទាំងបួនតួនៃនាមរបស់ព្រះ នោះអាចចេញសំឡេងថា «យេហូវ៉ា»។ បងអេរ៉ុនរំភើបចិត្តជាខ្លាំងពេលរៀនចំណុចនេះ ដូច្នេះគាត់ទៅសាលាប្រជុំដើម្បីប្រាប់អ្នកបង្រៀនសាសនារបស់ជនជាតិជ្វីស! គាត់បានគិតថាពួកគេសប្បាយរៀនសេចក្ដីពិតអំពីនាមរបស់ព្រះ ប៉ុន្តែពួកគេមិនមានអារម្មណ៍នោះទេ។ ផ្ទុយទៅវិញ ពួកគេបានស្ដោះទឹកមាត់ដាក់គាត់ ហើយគេបានបណ្ដេញគាត់ចេញពីសាលាប្រជុំ។ ក្រុមគ្រួសាររបស់បងអេរ៉ុនក៏បានប្រឆាំងគាត់ដែរ។ ប៉ុន្តែ គាត់មិនឲ្យអ្វីៗទាំងនេះបញ្ឈប់គាត់ពីការរៀនថែមទៀតអំពីព្រះយេហូវ៉ាទេ។ បងអេរ៉ុនបានក្លាយទៅជាសាក្សីព្រះយេហូវ៉ា ហើយបានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់រហូតដល់គាត់ស្លាប់។ ពេលយើងរៀនសេចក្ដីពិត យើងក៏អាចរំពឹងថាទំនាក់ទំនងរបស់យើងជាមួយនឹងអ្នកឯទៀតប្រហែលជានឹងផ្លាស់ប្ដូរ។
១៣, ១៤. តើយើងត្រូវធ្វើការផ្លាស់ប្ដូរអ្វីខ្លះក្នុងការប្រព្រឹត្តនិងរបៀបគិតគូររបស់យើងពេលយើងរៀនសេចក្ដីពិត? សូមលើកឧទាហរណ៍មួយ។
១៣ គំនិតនិងការប្រព្រឹត្តមិនស្អាតស្អំ: ពេលយើងរៀនសេចក្ដីពិត ហើយចាប់ផ្ដើមមានរបៀបរស់នៅស្របតាមខ្នាតតម្រាក្នុងគម្ពីរ យើងត្រូវសុខចិត្តកែតម្រូវរបៀបគិតគូរនិងការប្រព្រឹត្តរបស់យើង។ សាវ័កពេត្រុសបានសរសេរថា៖ «ក្នុងនាមជាកូនដែលស្ដាប់បង្គាប់ ចូរឈប់បណ្ដោយខ្លួនតាមសេចក្ដីប៉ងប្រាថ្នាដែលអ្នករាល់គ្នាធ្លាប់មានកាលនៅល្ងង់នៅឡើយ»។ បន្ទាប់មកគាត់បន្ថែមថា៖ «ចូរក្លាយទៅជាមនុស្សបរិសុទ្ធក្នុងការប្រព្រឹត្តទាំងអស់»។ (ពេត្រុសទី១ ១:១៤, ១៥) នៅក្រុងកូរិនថូសសម័យបុរាណ មនុស្សជាច្រើនបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌។ អ្នកក្រុងនោះត្រូវធ្វើការផ្លាស់ប្ដូរដ៏ធំដើម្បីក្លាយជាមនុស្សស្អាតស្អំតាមទស្សនៈរបស់ព្រះយេហូវ៉ា។ (កូរិនថូសទី១ ៦:៩-១១) សព្វថ្ងៃនេះ មនុស្សជាច្រើនធ្វើការផ្លាស់ប្ដូរស្រដៀងនឹងនេះពេលពួកគេរៀនសេចក្ដីពិត។ ពេត្រុសក៏បានរំលឹកគ្រិស្តសាសនិកនៅសម័យរបស់គាត់ថា៖ «វេលាដែលអ្នករាល់គ្នាបានចំណាយក្នុងការធ្វើតាមបំណងប្រាថ្នារបស់ពិភពលោកនេះគឺល្មមហើយ ជាវេលាដែលអ្នករាល់គ្នាបានដើរក្នុងផ្លូវសីលធម៌ធូររលុង តណ្ហាក្រាស់ ការផឹកស្រាច្រើនហួសប្រមាណ ការជប់លៀងសប្បាយឥតបើគិត ការប្រកួតគ្នាផឹកស្រា ហើយការគោរពបូជារូបព្រះខុសច្បាប់»។—ពេត្រុសទី១ ៤:៣
១៤ បុរសម្នាក់ឈ្មោះដេវីននិងស្ត្រីម្នាក់ឈ្មោះចាស្មីនបានប្រមឹកស្រាអស់ជាច្រើនឆ្នាំ។ ទោះជាបងដេវីនពូកែខាងគណនេយ្យក៏ដោយ គាត់មិនអាចមានការងារជាប់លាប់បានទេដោយសារគាត់ប្រមឹកស្រា។ បងចាស្មីនបានត្រូវគេស្គាល់ថាជាមនុស្សឆាប់ខឹងនិងប្រើអំពើហិង្សា។ នៅថ្ងៃមួយ ពេលគាត់ស្រវឹងស្រា គាត់បានជួបសាសនទូតពីរនាក់ដែលជាសាក្សីព្រះយេហូវ៉ានៅតាមផ្លូវ។ ពួកគេបានស្នើសុំបង្រៀនគម្ពីរដល់គាត់។ ប៉ុន្តែ ពេលដែលពួកគេបានទៅដល់ផ្ទះរបស់ពួកគាត់នៅសប្ដាហ៍បន្ទាប់ បងចាស្មីននិងបងដេវីនបានស្រវឹងស្រាហើយ។ ពួកគាត់មិនបានគិតថាសាសនទូតនោះនឹងយកចិត្តទុកដាក់ចំពោះពួកគាត់ ហើយមកផ្ទះរបស់ពួកគាត់ទេ។ លើកក្រោយពេលដែលសាសនទូតនោះបានទៅផ្ទះរបស់ពួកគាត់គឺមិនមានស្ថានភាពដូចលើកមុនទេ។ បងចាស្មីននិងបងដេវីនចង់ចាប់ផ្ដើមរៀនសេចក្ដីពិតពីគម្ពីរ ហើយពួកគាត់ឆាប់ធ្វើតាមអ្វីដែលពួកគាត់បានរៀន។ មិនដល់បីខែផង ពួកគាត់បានឈប់ប្រមឹកស្រា ហើយក្រោយមកពួកគាត់បានរៀបការស្របច្បាប់។ មនុស្សជាច្រើននៅភូមិរបស់ពួកគាត់បានកត់សម្គាល់អំពីការផ្លាស់ប្ដូររបស់បងចាស្មីននិងបងដេវីន ហើយពួកគេចាប់ផ្ដើមរៀនគម្ពីរដែរ។
១៥. តើអ្វីប្រហែលជាការផ្លាស់ប្ដូរដ៏ពិបាកបំផុតដែលយើងត្រូវធ្វើដើម្បីបានសេចក្ដីពិត ហើយហេតុអ្វី?
១៥ ទំនៀមទម្លាប់ដែលព្រះមិនពេញចិត្ត: អ្វីមួយដ៏ពិបាកបំផុតដែលយើងត្រូវផ្លាស់ប្ដូរគឺយើងលែងចូលរួមធ្វើតាមទំនៀមទម្លាប់ដែលព្រះយេហូវ៉ាមិនពេញចិត្ត។ សូម្បីតែក្រោយពីអ្នកខ្លះរៀនអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះអ្វីៗទាំងនេះ ក៏ពួកគេនៅតែពិបាកឈប់ចូលរួមធ្វើអ្វីទាំងនេះ។ ពួកគេខ្វល់ថាក្រុមគ្រួសារ អ្នករួមការងារ ឬមិត្តភក្ដិនឹងមានប្រតិកម្មមិនល្អ។ ពួកគេដឹងថាមនុស្សច្រើនតែមានអារម្មណ៍និងទស្សនៈខ្លាំងចំពោះទំនៀមទម្លាប់ផ្សេងៗ ដូចជាទំនៀមទម្លាប់ដែលជាប់ទាក់ទងនឹងការគោរពចំពោះមនុស្សស្លាប់។ (ចោទិយកថា ១៤:១) ដូច្នេះ តើអ្វីអាចជួយយើងឲ្យធ្វើការផ្លាស់ប្ដូរដ៏ចាំបាច់? យើងអាចរៀនពីគំរូដ៏ល្អរបស់ពួកអ្នកដែលបានរស់នៅសម័យមុនដែលបានធ្វើការផ្លាស់ប្ដូរផ្សេងៗពេលពួកគេបានរៀនសេចក្ដីពិត ដូចជាគ្រិស្តសាសនិកនាសម័យដើមនៅក្រុងអេភេសូរ។
១៦. តើគ្រិស្តសាសនិកខ្លះនៅក្រុងអេភេសូរបានធ្វើការលះបង់អ្វី?
១៦ នៅក្រុងអេភេសូរសម័យបុរាណ មនុស្សជាច្រើនបានប្រើមន្តអាគម។ តើមនុស្សដែលធ្លាប់ប្រើមន្តអាគមបានធ្វើអ្វីពេលពួកគេបានទៅជាគ្រិស្តសាសនិក? គម្ពីរពន្យល់ថា៖ «មនុស្សជាច្រើនដែលចេះវេទមន្តបានយកសៀវភៅរបស់ពួកគេមកដាក់រួមគ្នា រួចដុតចោលនៅមុខគេទាំងអស់គ្នា។ ហើយពួកគេសរុបតម្លៃសៀវភៅទាំងនោះឃើញថាមានតម្លៃប្រាំម៉ឺនកាក់ធ្វើពីប្រាក់។ ដូច្នេះ បណ្ដាំរបស់ព្រះយេហូវ៉ាបន្តដុះដាលចម្រើនឡើង ហើយមានអំណាចខ្លាំងក្លា»។ (សកម្មភាព ១៩:១៩, ២០) គ្រិស្តសាសនិកដ៏ស្មោះត្រង់ទាំងនោះ បានសុខចិត្តលះបង់សៀវភៅដែលមានតម្លៃថ្លៃណាស់ ហើយព្រះយេហូវ៉ាបានឲ្យពរពួកគេដោយសារពួកគេបានធ្វើដូច្នេះ។
តើអ្នកបានលះបង់អ្វីខ្លះដើម្បីរៀនសេចក្ដីពិត?
១៧. (ក) តើយើងប្រហែលជាបានលះបង់អ្វីខ្លះដើម្បីសេចក្ដីពិត? (ខ) តើយើងនឹងពិចារណាចម្លើយចំពោះសំណួរអ្វីខ្លះក្នុងអត្ថបទបន្ទាប់?
១៧ តើអ្នកបានលះបង់អ្វីខ្លះដើម្បីរៀនសេចក្ដីពិត? យើងទាំងអស់គ្នាបានលះបង់ពេលវេលា។ យើងប្រហែលជាបានលះបង់ឱកាសដើម្បីក្លាយទៅជាអ្នកមាន។ ម្យ៉ាងទៀត ទំនាក់ទំនងដែលយើងមានជាមួយនឹងអ្នកឯទៀតប្រហែលជាបានផ្លាស់ប្ដូរ។ យើងជាច្រើននាក់បានកែប្រែរបៀបគិតគូរនិងការប្រព្រឹត្តរបស់យើង ហើយបានឈប់ធ្វើតាមទំនៀមទម្លាប់ដែលព្រះយេហូវ៉ាមិនពេញចិត្ត។ ប៉ុន្តែយើងជឿជាក់ថា សេចក្ដីពិតពីគម្ពីរគឺមានតម្លៃខ្ពស់ជាងអ្វីណាក៏ដោយដែលយើងបានលះបង់។ ដោយសារសេចក្ដីពិតក្នុងគម្ពីរ យើងអាចមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ហើយនេះជាអ្វីដែលមានតម្លៃបំផុតចំពោះយើង។ ពេលយើងគិតអំពីពរជាច្រើនដែលយើងបានទទួលដោយសារយើងស្គាល់សេចក្ដីពិត យើងពិបាកយល់អំពីមូលហេតុដែលអ្នកខ្លះ«លក់»សេចក្ដីពិតនោះទៅវិញ។ តើនេះអាចកើតឡើងយ៉ាងដូចម្ដេច? តើតាមរបៀបណាយើងអាចជៀសវាងពីការធ្វើអ្វីដែលខុសធ្ងន់ធ្ងរបែបនោះ? យើងនឹងទទួលចម្លើយចំពោះសំណួរទាំងនេះក្នុងអត្ថបទបន្ទាប់។
a ឈ្មោះខ្លះក្នុងអត្ថបទនេះបានត្រូវផ្លាស់ប្ដូរ។