បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwyp អត្ថបទទី ១០៨
  • តើការល្បីតាមអនឡាញសំខាន់យ៉ាងណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើការល្បីតាមអនឡាញសំខាន់យ៉ាងណា?
  • សំណួរពីយុវវ័យ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​មាន​គ្រោះ​ថ្នាក់​អ្វី​ខ្លះ?
  • ​«​ការ​ស្រមៃ​ចង់​ល្បី​»​
  • តើ​ការ​មាន​អ្នក​តាម​ដាន​និង​អ្នក​ចូល​ចិត្ត​ច្រើន​សំខាន់​ទេ?
  • គេហទំព័រផ្លូវការរបស់យើង: សូមប្រើដើម្បីសិក្សាផ្ទាល់ខ្លួននិងជាក្រុមគ្រួសារ
    ២០១២ កិច្ចបម្រើព្រះ
  • តើមិត្តភក្តិតាមអនឡាញរបស់អ្នកជាអ្នកណា?
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
  • កូនៗនិងបណ្ដាញសង្គម ភាគទី១: តើកូនរបស់ខ្ញុំគួរប្រើបណ្ដាញសង្គមទេ?
    ជំនួយ​សម្រាប់​ក្រុម​គ្រួសារ
  • ក្យផ្សាយគំរូ
    ២០១២ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
សំណួរពីយុវវ័យ
ijwyp អត្ថបទទី ១០៨
យុវវ័យម្នាក់កំពុងញញឹម ហើយមើលទូរស័ព្ទរបស់ខ្លួន។ នាងទទួលបានចំនួនអ្នកចូលចិត្ត៨៥នាក់។

សំណួរ​ពី​យុវវ័យ

តើ​ការ​ល្បី​តាម​អនឡាញ​សំខាន់​យ៉ាង​ណា?

យុវវ័យ​ម្នាក់​ឈ្មោះ​អ៊ីឡេន បាន​និយាយ​ថា​៖​«​ពេល​ខ្ញុំ​ឃើញ​សិស្ស​រួម​ថ្នាក់​ខ្ញុំ មាន​អ្នក​តាម​ដាន(​follower​)តាម​អនឡាញ​រាប់​រយ​នាក់ ខ្ញុំ​គិត​ថា‹ឡូយ​ណាស់ ពួក​គេ​ល្បី​ហើយ!›។ ប្រាប់​តាម​ត្រង់​ទៅ ខ្ញុំ​ច្រណែន​បន្តិច​ដែរ​»។

តើ​ប្អូន​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​ទេ? បើ​មាន​មែន អត្ថបទ​នេះ​អាច​ជួយ​ប្អូន​ឲ្យ​ជៀស​ចេញ​ពី​ការ​ជាប់​អន្ទាក់​នៃ​ការ​ចង់​ល្បី​តាម​អនឡាញ។

  • តើ​មាន​គ្រោះ​ថ្នាក់​អ្វី​ខ្លះ?

  • ​«​ការ​ស្រមៃ​ចង់​ល្បី​»​

  • តើ​ការ​មាន​អ្នក​តាម​ដាន​និង​អ្នក​ចូល​ចិត្ត​ច្រើន​សំខាន់​ទេ?

  • ជៀស​វាង​និយាយ​ដាក់​ខ្លួន​បែប​អួត

តើ​មាន​គ្រោះ​ថ្នាក់​អ្វី​ខ្លះ?

ក្នុង​គម្ពីរ​នៅ​សុភាសិត ២២:១ បាន​រៀប​រាប់​ថា​៖​«​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ប្រសើរ​ជាង​មាន​ទ្រព្យ​មហា​សាល​»។ ដូច្នេះ មិន​មែន​អាក្រក់​ទេ​ដែល​ចង់​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ឬ​ចង់​ឲ្យ​អ្នក​ដទៃ​ចូល​ចិត្ត។

ប៉ុន្តែ ជួន​កាល​ការ​មាន​បំណង​ចង់​ឲ្យ​គេ​ចូល​ចិត្ត​នោះ​គឺ​ខ្លាំង​ហួស​ហេតុ​ពេក។ តើ​អាច​មាន​គ្រោះ​ថ្នាក់​ទេ? ប្អូន​ស្រី​អនយ៉ា ដែល​មាន​អាយុ​១៦​ឆ្នាំ​បាន​និយាយ​ថា​៖

​«​ខ្ញុំ​បាន​ឃើញ​សិស្ស​ខ្លះ​នៅ​សាលា​ខ្ញុំ​ធ្វើ​អ្វី​ឆ្កួត​ៗ ដូច​ជា​លោត​ចុះ​ពី​លើ​អគារ​ជាន់​ទី​២ ដើម្បី​គ្រាន់​តែ​ចង់​ល្បី​ប៉ុណ្ណោះ​»។

ដើម្បី​បាន​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ស្រករ​គ្នា អ្នក​ខ្លះ​បាន​ធ្វើ​វីដេអូ​ប្លែក​ៗ​បង្ហោះ​តាម​អនឡាញ។ ជា​ឧទាហរណ៍ យុវវ័យ​ខ្លះ​បាន​បង្ហោះ​វីដេអូ​បង្ហាញ​អំពី​ការ​ញ៉ាំ​សាប៊ូ​បោក​ខោ​អាវ​ដែល​មាន​សារធាតុ​ពុល​ដែល​មនុស្ស​ធម្មតា​មិន​ហ៊ាន​ធ្វើ​ទេ!

គម្ពីរ​ចែង​ថា​៖​«​មិន​ត្រូវ​ធ្វើ​អ្វី​ក្នុង​បំណង . . . លើក​ខ្លួន​ហួស​ប្រមាណ​ឡើយ​»។—ភីលីព ២:៣

សូម​ពិចារណា​៖

  • តើ​ការ​ល្បី​តាម​អនឡាញ​សំខាន់​យ៉ាង​ណា​ចំពោះ​ប្អូន?

  • តើ​ប្អូន​សុខ​ចិត្ត​ប្រថុយ​ជីវិត​ឬ​បង្ខូច​សុខភាព​ខ្លួន​ដើម្បី​ទទួល​ការ​ចាប់​អារម្មណ៍​និង​ការ​ពេញ​ចិត្ត​ពី​មនុស្ស​ស្រករ​ប្អូន​ឬ?

    ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

    លីអាណា

    ប្អូន​លីអាណា​រៀប​រាប់​ថា​៖​«​ពេល​មនុស្ស​តាំង​ចិត្ត​ចង់​ល្បី​តាម​អនឡាញ ពួក​គេ​នឹង​ធ្វើ​អ្វី​ក៏​ដោយ​ឲ្យ​តែ​បាន​ល្បី មិន​ថា​ការ​និយាយ​ស្ដី ការ​ស្លៀក​ពាក់ និង​ការ​ប្រព្រឹត្ត​ក្ដី។ ការ​ចង់​ល្បី​ដោយ​ធ្វើ​អ្វី​ដែល​អ្នក​ដឹង​ថា​មិន​ត្រឹម​ត្រូវ អ្នក​នឹង​ស្ដាយ​ក្រោយ​ជា​មិន​ខាន​»។

​«​ការ​ស្រមៃ​ចង់​ល្បី​»​

ការ​ព្យាយាម​ឲ្យ​បាន​ល្បី មិន​តែង​តែ​ទាក់​ទង​នឹង​អ្វី​ដែល​ប្រថុយ​គ្រោះ​ថ្នាក់​ទេ។ ប្អូន​ស្រី​អ៊ីរីខា ដែល​មាន​អាយុ​២២​ឆ្នាំ បាន​កត់​សម្គាល់​របៀប​ដែល​អ្នក​ខ្លះ​បាន​ធ្វើ​ដូច​នេះ​៖

​«​អ្នក​ខ្លះ​បង្ហោះ​អ្វី​ដែល​សំខាន់​ៗ​ក្នុង​ជីវិត​របស់​ពួក​គេ ដើម្បី​បង្ហាញ​ថា​ពួក​គេ​មាន​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​ជា​ច្រើន​ដែល​ចំណាយ​ពេល​ជា​ទៀង​ទាត់​ជា​មួយ​គ្នា។ នេះ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​គិត​ថា​ពួក​គេ​ពិត​ជា​ល្បី​ណាស់​»។

ប្អូន​ស្រី​ខារ៉ា​ដែល​មាន​អាយុ​១៥​ឆ្នាំ បាន​និយាយ​ថា​អ្នក​ខ្លះ​បំភាន់​អ្នក​ឯ​ទៀត​ដើម្បី​បាន​ល្បី​៖

​«​ខ្ញុំ​ឃើញ​មនុស្ស​ខ្លះ​បង្ហោះ​រូប​ថត​ដែល​មើល​ទៅ​ដូច​ជា​ពួក​គេ​កំពុង​នៅ​ក្នុង​ពិធី​ជប់​លៀង តែ​តាម​ការ​ពិត​ពួក​គេ​នៅ​ផ្ទះ​សោះ​»។

ប្អូន​ប្រុស​ម៉ាធីយូ​ដែល​មាន​អាយុ​២២​ឆ្នាំ បាន​សារភាព​ថា​គាត់​បាន​ធ្វើ​អ្វី​ដូច​នេះ​៖

​«​ខ្ញុំ​បាន​បង្ហោះ​រូប​មួយ​ដែល​ភ្ជាប់​ទី​តាំង​នៅ​ភ្នំ​អេវើរ៉េស តែ​តាម​ពិត​ខ្ញុំ​មិន​ដែល​ទៅ​លេង​ទ្វីប​អាស៊ី​ឡើយ!​»។

គម្ពីរ​ចែង​ថា​៖​«​យើង​ចង់​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»។—ហេប្រឺ ១៣:១៨

សូម​ពិចារណា​៖

  • បើ​ប្អូន​ប្រើ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា តើ​ប្អូន​បង្ហោះ​រូប​ថត​បន្លំ​គេ​ដើម្បី​ឲ្យ​ខ្លួន​ល្បី​ឬ?

  • តើ​រូប​ភាព​និង​សារ​ដែល​ប្អូន​បង្ហោះ​ឆ្លុះ​បញ្ចាំង​យ៉ាង​ណា​អំពី​អ្វី​ដែល​ប្អូន​ឲ្យ​តម្លៃ​និង​លក្ខណៈ​របស់​ប្អូន?

    ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

    ហាណា

    ប្អូន​ហាណា​រៀប​រាប់​ថា​៖​«​មនុស្ស​ខ្លះ​ហ៊ាន​ធ្វើ​អ្វី​ក៏​ដោយ ឲ្យ​តែ​ពួក​គេ​អាច​ទទួល​ចំនួន​អ្នក​ចូល​ចិត្ត​កាន់​តែ​ច្រើន។ ប៉ុន្តែ តើ​អ្នក​ចង់​ឲ្យ​មនុស្ស​ស្គាល់​អ្នក​ជា​មនុស្ស​បែប​ណា ជា​មនុស្ស​ដែល​និយាយ​និង​ស្លៀក​ពាក់​មិន​សមរម្យ​ឬ​ជា​អ្នក​ចូល​ចិត្ត​អួត​សម្ញែង? ឬ​ក៏​តើ​អ្នក​ចង់​ឲ្យ​គេ​ស្គាល់​អ្នក​ដោយ​សារ​អ្នក​មាន​គុណ​សម្បត្តិ​ល្អ​និង​ជា​មនុស្ស​ដែល​ចេះ​ជួយ​អ្នក​ឯ​ទៀត? ការ​មាន​អ្នក​ចូល​ចិត្ត​ច្រើន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​សប្បាយ ប៉ុន្តែ​តើ​នោះ​ជា​មូលហេតុ​ត្រឹម​ត្រូវ​ដែល​អ្នក​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​ឬ?​»។

តើ​ការ​មាន​អ្នក​តាម​ដាន​និង​អ្នក​ចូល​ចិត្ត​ច្រើន​សំខាន់​ទេ?

មនុស្ស​ជា​ច្រើន​ជឿ​ថា គន្លឹះ​សំខាន់​មួយ​ដើម្បី​ធ្វើ​ឲ្យ​ល្បី​តាម​អនឡាញ គឺ​ត្រូវ​មាន​ចំនួន​អ្នក​តាម​ដាន​និង​អ្នក​ចូល​ចិត្ត​ច្រើន​លើស​លប់។ ប្អូន​ម៉ាធីយូ​ដែល​រៀប​រាប់​នៅ​ខាង​ដើម បាន​សារភាព​ថា​គាត់​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​៖

​«​ខ្ញុំ​សួរ​អ្នក​ឯ​ទៀត​ថា​៖‹តើ​អ្នក​មាន​ចំនួន​អ្នក​តាម​ដាន​ប៉ុន្មាន​នាក់?› ឬ‹តើ​អ្នក​ធ្លាប់​ទទួល​ចំនួន​អ្នក​ចូល​ចិត្ត​ច្រើន​បំផុត​ប៉ុន្មាន?›។ ដើម្បី​ខ្ញុំ​អាច​មាន​អ្នក​តាម​ដាន​កាន់​តែ​ច្រើន ខ្ញុំ​ត្រូវ​ចុច​follow​អ្នក​ដែល​ខ្ញុំ​មិន​ដែល​ស្គាល់​ហើយ​សង្ឃឹម​ថា​ពួក​គេ​នឹង​follow​មក​ខ្ញុំ​វិញ។ ខ្ញុំ​ចាប់​ផ្ដើម​ចង់​ល្បី ហើយ​បណ្ដាញ​សង្គម​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ចង់​ល្បី​កាន់​តែ​ខ្លាំង​ឡើង​ៗ​»។

បណ្ដុំរូបភាព៖ ១ យុវវ័យម្នាក់មើលចំនួនអ្នកចូលចិត្តដែលនាងបានទទួលពីបណ្ដាញសង្គម ទាំងទឹកមុខញញឹម។ ២ ប្អូនស្រីនោះញ៉ាំស្ករសូកូឡាមួយចានពេញ។ ៣ នាងដាក់ដៃលើពោះ មើលទៅដូចជាឈឺពោះ។

ការ​ល្បី​តាម​អនឡាញ​ប្រៀប​ដូច​ជា​ការ​ញ៉ាំ​ស្ករ​សូកូឡា វា​ធ្វើ​ឲ្យ​ប្អូន​ឆ្ងាញ់​មាត់​មួយ​ភ្លែត តែ​វា​នឹង​មិន​ធ្វើ​ឲ្យ​ប្អូន​ស្កប់​ចិត្ត​នោះ​ទេ

ប្អូន​ស្រី​ម៉ារៀ​ដែល​មាន​អាយុ​២៥​ឆ្នាំ បាន​សង្កេត​ឃើញ​ថា​មនុស្ស​ខ្លះ​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន​ឯង​ដោយ​ផ្អែក​ទៅ​លើ​ចំនួន​អ្នក​តាម​ដាន​និង​ចំនួន​អ្នក​ចូល​ចិត្ត​ដែល​ពួក​គេ​បាន​ទទួល​៖

​«​បើ​សិន​ជា​ក្មេង​ស្រី​ម្នាក់​បង្ហោះ​រូប​ថត​របស់​ខ្លួន ហើយ​ក្រោយ​មក​អត់​មាន​អ្នក​ចូល​ចិត្ត​ច្រើន គាត់​នឹង​គិត​ថា​គាត់​មិន​ស្អាត​ទេ។ តាម​ពិត​នេះ​ជា​គំនិត​មិន​ត្រឹម​ត្រូវ តែ​មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​ដូច​នេះ។ ការ​គិត​ដូច្នេះ​ប្រៀប​ដូច​ជា​ពួក​គេ​កំពុង​មើល​ងាយ​និង​មិន​ឲ្យ​តម្លៃ​ខ្លួន​ឯង​»។

គម្ពីរ​ចែង​ថា​៖​«​កុំ​ឲ្យ​យើង​ទៅ​ជា​មនុស្ស​ដែល​លើក​ខ្លួន​ហួស​ប្រមាណ ដោយ​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា និង​ដោយ​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ​»។—កាឡាទី ៥:២៦

សូម​ពិចារណា​៖

  • បើ​ប្អូន​ប្រើ​បណ្ដាញ​សង្គម តើ​ប្អូន​ឃើញ​ថា​វា​នាំ​ឲ្យ​ប្អូន​ប្រៀប​ធៀប​ខ្លួន​ជា​មួយ​អ្នក​ឯ​ទៀត​ដែរ​ឬ​ទេ?

  • តើ​ប្អូន​ចាប់​អារម្មណ៍​តែ​ចំនួន​អ្នក​តាម​ដាន ជា​ជាង​ស្វែង​រក​មិត្ត​ភក្ដិ​ពិត​ឬ?

    ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

    ចូស៊ូអា

    ប្អូន​ចូស៊ូអា​រៀប​រាប់​ថា​៖​«​ដើម្បី​ល្បី​តាម​អនឡាញ អ្នក​ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត ហើយ​ធម្មតា​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ពួក​គេ។ កាល​ដែល​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​ផ្ដោត​អារម្មណ៍​កាន់​តែ​ខ្លាំង​ទៅ​លើ​របៀប​ដែល​អ្នក​ឯ​ទៀត​គិត​មក​លើ​អ្នក និង​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ទទួល​ការ​ចូល​ចិត្ត​កាន់​តែ​ច្រើន។ ការ​ចង់​ទទួល​ការ​ចូល​ចិត្ត​ពី​អ្នក​ឯ​ទៀត​គឺ​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ល្បី​អាច​ធ្វើ​ឲ្យ​យើង​ឈ្លក់​វង្វេង​នឹង​ខ្លួន​ឯង​»។

ជៀស​វាង​និយាយ​ដាក់​ខ្លួន​បែប​អួត

តើ​អ្នក​ធ្លាប់​ឃើញ​មនុស្ស​ខ្លះ​អួត​អំពី​ជោគ​ជ័យ​របស់​ពួក​គេ តែ​បង្កប់​ការ​ត្អូញត្អែរ​ដែរ​ឬ​ទេ?

  • ​«​តាំង​ពី​ខ្ញុំ​ទិញ​ឡាន​ថ្មី​មក អ្នក​ឯ​ទៀត​ចេះ​តែ​សុំ​ខ្ញុំ​ជិះ​ជា​មួយ​រហូត!​»។

  • ​«​ខ្ញុំ​ធុញ​ដល់​ហើយ​គ្រប់​គ្នា​សរសើរ​ខ្ញុំ​ថា​ខ្ញុំ​ស្រក​គីឡូ!​»។

និយាយ​ត្អូញត្អែរ​ឲ្យ​គេ​គិត​ថា​ដាក់​ខ្លួន តាម​ការ​ពិត​កំពុង​តែ​អួត។

ការ​ព្រមាន​៖ ការ​អួត​បែប​នេះ​តែង​តែ​នាំ​មក​នូវ​លទ្ធផល​អាក្រក់ ដោយ​សារ​អ្នក​ឯ​ទៀត​ដឹង​ថា​យើង​កំពុង​ចង់​ធ្វើ​អី។ ការ​ដាក់​ខ្លួន​ដែល​លាក់​ពុត​គឺ​មិន​ស្មោះ​ត្រង់​ទេ ហើយ​ការ​អួត​បែប​នេះ​អាក្រក់​ជាង​ការ​អួត​ចំ​ៗ​ទៅ​ទៀត។

ពេល​ក្រោយ​ដែល​ប្អូន​បង្ហោះ​សារ​ឬ​រូប​ថត​តាម​បណ្ដាញ​សង្គម សូម​ជៀស​វាង​ការ​ដាក់​ខ្លួន​ដែល​លាក់​ពុត។ សូម​ធ្វើ​តាម​យោបល់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​នៅ​ក្នុង​គម្ពីរ​ដែល​ថា​៖​«​ចូរ​ឲ្យ​មនុស្ស​ឯ​ទៀត​សរសើរ​អ្នក តែ​កុំ​សរសើរ​ខ្លួន​»។—សុភាសិត ២៧:២

រៀន​សា​ឡើង​វិញ​៖ តើ​តាម​របៀប​ណា​ប្អូន​អាច​ជៀស​វាង​ពី​អន្ទាក់​ចង់​ល្បី​តាម​អនឡាញ?

  • សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្វី​ដែល​ប្អូន​បង្ហោះ​ឆ្លុះ​បញ្ចាំង​អំពី​អ្វី​ដែល​ប្អូន​ឲ្យ​តម្លៃ​និង​លក្ខណៈ​របស់​ប្អូន។

  • សូម​ប្អូន​បង្ហោះ​អ្វី​ដែល​ជា​ការ​ពិត។

  • សូម​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​អំពី​ចំនួន​អ្នក​តាម​ដាន​និង​ចំនួន​អ្នក​ចូល​ចិត្ត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក