សំណួរពីយុវវ័យ
តើខ្ញុំគួរដឹងអ្វីខ្លះអំពីការផ្ញើសារ?
:-) បើប្រើដោយឈ្លាសវៃ ការផ្ញើសារអាចជារបៀបដ៏ល្អបំផុតដើម្បីរក្សាទំនាក់ទំនងជាមួយអ្នកឯទៀត។
:-( បើប្រើដោយមិនប្រុងប្រយ័ត្ន អាចបំផ្លាញចំណងមិត្តភាព និងកេរ្ដិ៍ឈ្មោះរបស់ប្អូន។
អត្ថបទនេះនឹងប្រាប់ប្អូននូវអ្វីដែលប្អូនត្រូវដឹងអំពី:
ហើយអត្ថបទនេះក៏ប្រាប់ផងដែរអំពី:
អ្នកដែលប្អូនផ្ញើ
យុវវ័យជាច្រើនយល់ថា ការផ្ញើសារជារបៀបទាក់ទងគ្នាមួយដែលមិនអាចខ្វះបាន។ ការផ្ញើសារអាចឲ្យប្អូនរក្សាទំនាក់ទំនងជាមួយអស់អ្នកដែលមានឈ្មោះក្នុងទូរស័ព្ទរបស់ប្អូន និងអ្នកណាក៏ដោយ ឲ្យតែឪពុកម្ដាយរបស់ប្អូន មិនហាមឃាត់។
ប្អូនស្រីលេនន័របានរៀបរាប់ថា៖ «ឪពុករបស់ខ្ញុំមិនចូលចិត្តទេ ពេលខ្ញុំនិងប្អូនស្រីខ្ញុំនិយាយជាមួយនិងមនុស្សប្រុសតាមទូរស័ព្ទ។ បើយើងនិយាយ យើងត្រូវតែនិយាយតាមទូរស័ព្ទលើតុ នៅក្នុងបន្ទប់ទទួលភ្ញៀវ ឬក៏ពេលមានអ្នកឯទៀតនៅទីនោះដែរ»។
អ្វីដែលប្អូនគួរដឹង: បើប្អូនចេះតែឲ្យលេខទូរស័ព្ទ ទៅអ្នកណាក៏បាន នេះអាចនាំឲ្យប្អូនជួបនឹងបញ្ហា។
ប្អូនប្រុសស្កតបានរៀបរាប់ថា៖ «បើយើងចេះតែឲ្យលេខទូរស័ព្ទទៅអ្នកណាក៏បានដោយមិនប្រុងប្រយ័ត្ន យើងនឹងទទួលសារ ឬរូបភាពជាច្រើនដែលយើងមិនចង់ទទួល»។
ប្អូនប្រុសស្ទីវើនបានរៀបរាប់ថា៖ «បើយើងតែងតែផ្ញើសារទៅបុគ្គលដែលមានភេទផ្ទុយ យើងអាចចាប់អារម្មណ៍លើបុគ្គលនោះយ៉ាងងាយ»។
គម្ពីរចែងថា: «មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្ដីអាក្រក់មក ក៏ពួនខ្លួនទៅ តែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅ ហើយត្រូវមានទុក្ខ»។ (សុភាសិត ២២:៣) បើប្អូនប្រយ័ត្នតែបន្ដិច នោះអាចជួយប្អូនឲ្យជៀសចេញពីទុក្ខសោកជាច្រើន។
រឿងពិតមួយ: ប្អូនស្រីមេលីនដាបានរៀបរាប់ថា៖ «ខ្ញុំនិង ប្រុសម្នាក់ធ្លាប់ជាមិត្តនឹងគ្នា ហើយយើងបានផ្ញើសារឲ្យគ្នាជាញឹកញយ។ ខ្ញុំយល់ថានេះគ្រាន់តែដោយសារយើងជាមិត្តជិតស្និទ្ធ។ ខ្ញុំគិតថា វាគ្មានបញ្ហាអ្វីទេ រហូតដល់គាត់បានប្រាប់ខ្ញុំថា គាត់ចាប់អារម្មណ៍លើខ្ញុំ។ ឥឡូវ ទើបខ្ញុំដឹងថា ខ្ញុំមិនគួរដើរលេង និងផ្ញើសារទៅគាត់ច្រើនដូចនោះទេ»។
សូមពិចារណា: ដោយសារក្មេងប្រុសនោះបានប្រាប់អារម្មណ៍របស់គាត់ទៅមេលីនដា តើប្អូនគិតថានេះបានប៉ះពាល់យ៉ាងណាទៅលើចំណងមិត្តភាពរបស់ពួកគេទាំងពីរ?
សូមគិតឡើងវិញ! តើមេលីនដាអាចធ្វើអ្វីផ្សេងពីនេះ ដើម្បីឲ្យនាងនិងក្មេងប្រុសនោះអាចត្រឹមតែជាមិត្តភក្ដិប៉ុណ្ណោះ គ្មានអ្វីលើសពីនេះ?
អ្វីដែលប្អូនផ្ញើ
សារគឺស្រួលផ្ញើហើយស្រួលទទួលដ៏ម្ល៉េះ បានជាមនុស្សជាច្រើនភ្លេចថា អ្នកឯទៀតក៏អាចអានសារនោះដោយយល់ច្រឡំបានដែរ។
អ្វីដែលប្អូនគួរដឹង: ពាក្យនៅក្នុងសារដែលប្អូនផ្ញើ អាចនាំឲ្យមានការយល់ច្រឡំ។
ប្អូនស្រីប៊្រីអាណាបានរៀបរាប់ថា៖ «អ្នកមិនអាចស្គាល់អារម្មណ៍ ហើយនិងសំឡេង តាមរយៈការផ្ញើសារបានទេ សូម្បីតែប្រើរូបតុក្កតា[អ៊ីម៉ូជី] ឬក៏សញ្ញាផ្សេងៗក៏ដោយ។ នេះអាចធ្វើឲ្យមានការយល់ច្រឡំបាន»។
ប្អូនស្រីឡរ៉ាបានរៀបរាប់ថា៖ «ខ្ញុំស្គាល់ស្រីខ្លះដែលបានបង្ខូចកេរ្ដិ៍ឈ្មោះរបស់ខ្លួន ហើយពួកគេបានត្រូវគេចាត់ទុកថាជាអ្នកដែលពូកែចែចង់ ព្រោះតែសារដែលពួកគេបានផ្ញើឲ្យប្រុសៗ»។
គម្ពីរចែងថា: «ចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុន ទើបឆ្លើយ»។ (សុភាសិត ១៥:២៨, Good News Translation) តើខនេះបង្រៀនអំពីអ្វី? នេះបង្រៀនថា ប្អូនត្រូវអានសាររបស់ប្អូនម្ដងទៀត មុននឹងប្អូនចុច«ផ្ញើ»!
ពេលដែលប្អូនផ្ញើ
បើប្អូនពិចារណាមុនផ្ញើសារ នោះអាចជួយប្អូនឲ្យបង្កើតច្បាប់ផ្ទាល់ខ្លួនក្នុងការផ្ញើសារ អ្នកខ្លះហៅរបៀបនេះថា សុជីវធម៌នៃការផ្ញើសារ។
អ្វីដែលប្អូនគួរដឹង: បើប្អូនមិនប្រយ័ត្នពេលដែលប្អូនផ្ញើសារទេ នេះអាចនាំឲ្យអ្នកឯទៀតមើលមកប្អូនថាជាមនុស្សដែលគ្មានសុជីវធម៌ ហើយជាជាងទាក់ទាញមិត្តភក្ដិ ប្អូនបែរជាធ្វើឲ្យពួកគេមិនចង់ចូលមកជិតប្អូនទៅវិញ។
ប្អូនស្រីអាលីសាន់បានរៀបរាប់ថា៖ «ជាការងាយស្រួលឲ្យយើងភ្លេចបង្ហាញសុជីវធម៌ពេលយើងផ្ញើសារ។ ខ្ញុំឃើញថា ខ្ញុំតែងតែផ្ញើសារ មិនថាពេលខ្ញុំកំពុងនិយាយជាមួយនឹងអ្នកឯទៀត ឬនៅពេលញ៉ាំបាយឡើយ»។
ប្អូនស្រីអានបានរៀបរាប់ថា៖ «ពិតជាគ្រោះថ្នាក់ណាស់ ពេលដែលបើកបរបណ្ដើរ ផ្ញើសារបណ្ដើរ។ បើអ្នកមិនមើលផ្លូវ អ្នកអាចជួបគ្រោះថ្នាក់ចរាចរណ៍»។
គម្ពីរចែងថា: «មានពេលសំរាប់គ្រប់ទាំងអស់ . . . មានពេលដែលគួរនៅស្ងៀម ហើយពេលសំរាប់និយាយ»។ (សាស្ដា ៣:១, ៧) ខនេះក៏មានមេរៀនដែលយើងអាចអនុវត្តក្នុងការផ្ញើសារដែរ ព្រោះការផ្ញើសារគឺដូចជាការនិយាយ!
គន្លឹះនៃការផ្ញើសារ
អ្នកដែលប្អូនផ្ញើ
;-) សូមស្ដាប់តាមការណែនាំរបស់ឪពុកម្ដាយប្អូន។—កូឡុស ៣:២០
;-) ប្អូនត្រូវចេះជ្រើសរើសថា អ្នកណាដែលប្អូនគួរឲ្យលេខទូរស័ព្ទ។ សូមបង្ហាញការគោរព ពេលដែលប្អូនមិនប្រាប់ព័ត៌មានផ្ទាល់ខ្លួន និងលេខទូរស័ព្ទទៅអ្នកឯទៀត ដោយធ្វើដូច្នេះ ប្អូនកំពុងរៀនឲ្យចេះធ្វើជាមនុស្សពេញវ័យ។
;-) កុំផ្ញើសារតាមរបៀបដែលចែចង់ ឬជិតស្និទ្ធពេក។ ប្រសិនបើអារម្មណ៍ស្នេហាកើតមានឡើង ប្អូនមានតែធ្វើឲ្យខ្លួនឯងជួបតែការខកចិត្តនិងការឈឺចាប់ប៉ុណ្ណោះ។
ប្អូនស្រីប៊្រីអាណាបានរៀបរាប់ថា៖ «ខ្ញុំបានធ្វើឲ្យឪពុកម្ដាយរបស់ខ្ញុំឃើញថា ខ្ញុំប្រើទូរស័ព្ទតាមរបៀបត្រឹមត្រូវ។ ដូច្នេះ ពួកគាត់ជឿទុកចិត្តថា ខ្ញុំសម្រេចចិត្តត្រឹមត្រូវអំពីលេខទូរស័ព្ទរបស់អ្នកណាដែលខ្ញុំនឹងដាក់ចូលក្នុងទូរស័ព្ទរបស់ខ្ញុំ»។
អ្វីដែលប្អូនផ្ញើ
;-) មុននឹងប្អូនចាប់ផ្ដើមសរសេរសារ សូមសួរខ្លួនឯងថា‹តើការផ្ញើសារជារបៀបត្រឹមត្រូវ ដើម្បីទាក់ទងគ្នាក្នុងស្ថានភាពនេះឬទេ›? ប្រហែលជាល្អជាង បើតេទូរស័ព្ទ ឬរង់ចាំរហូតដល់អាចនិយាយគ្នាដោយផ្ទាល់។
;-) ពាក្យណាដែលប្អូនមិនគួរនិយាយ ប្អូនក៏មិនគួរផ្ញើសារដោយប្រើពាក្យនោះដែរ។ ប្អូនស្រីសារ៉ាដែលមានអាយុ២៣ឆ្នាំបានរៀបរាប់ថា៖ «បើពាក្យនោះមិនគួរនិយាយឲ្យគេឮ នោះក៏មិនគួរផ្ញើជាសារដែរ»។
ប្អូនប្រុសសៀវេនរៀបរាប់ថា៖ «បើមានអ្នកណាម្នាក់ផ្ញើរូបភាពមិនល្អ សូមប្រាប់ឪពុកម្ដាយរបស់អ្នក។ នេះនឹងការពារអ្នក ហើយក៏ធ្វើឲ្យឪពុកម្ដាយរបស់អ្នកកាន់តែទុកចិត្តអ្នកដែរ»។
ពេលដែលប្អូនផ្ញើ
;-) សម្រេចចិត្តទុកជាមុនថា ពេលណាប្អូនមិនគួរប្រើទូរស័ព្ទរបស់ប្អូន។ ប្អូនស្រីម្នាក់ឈ្មោះអូលីវាបានរៀបរាប់ថា៖ «ពេលញ៉ាំបាយ ឬពេលរៀន ខ្ញុំមិនយកទូរស័ព្ទមកជាមួយនឹងខ្ញុំទេ។ ខ្ញុំបិទទូរស័ព្ទរាល់ដងក្នុងអំឡុងកិច្ចប្រជុំគ្រិស្តសាសនិក ដូច្នេះខ្ញុំមិនត្រូវល្បួងឲ្យមើលវាឡើយ»។
;-) សូមគិតពីអារម្មណ៍របស់អ្នកឯទៀត។ (ភីលីព ២:៤) កុំផ្ញើសារពេលដែលប្អូនកំពុងនិយាយជាមួយនឹងអ្នកណាម្នាក់។
ប្អូនស្រីជេនេលីរៀបរាប់ថា៖ «ខ្ញុំដាក់កម្រិតលើខ្លួនខ្ញុំដូចជា មិនផ្ញើសារពេលណាដែលខ្ញុំនៅជាមួយនឹងមិត្តភក្ដិ លុះត្រាតែវាជារឿងចាំបាច់។ ខ្ញុំក៏មិនឲ្យលេខទូរស័ព្ទរបស់ខ្ញុំទៅមនុស្សដែលខ្ញុំមិនសូវជិតស្និទ្ធដែរ»។