សំណួរពីយុវវ័យ
មិត្តភាពឬស្នេហា? ភាគទី២: ពេលខ្ញុំធ្វើដូចនេះ តើគាត់នឹងគិតបែបណា?
ពេលមិត្តម្នាក់ចង់ប្រាប់អារម្មណ៍ ប្អូនតែងតែស្ដាប់គាត់។ ថ្មីៗនេះ ប្អូននិងមិត្តម្នាក់នោះបានចំណាយពេលច្រើននិយាយជាមួយគ្នា។ បញ្ហាមួយគឺមិត្តនោះមានភេទផ្ទុយពីប្អូន។ ប្អូនប្រាប់ខ្លួនឯងថា‹យើងគ្រាន់តែជាមិត្តភក្ដិប៉ុណ្ណោះ› ហើយប្អូនប្រហែលជាសន្និដ្ឋានថាមិត្តនោះក៏មានអារម្មណ៍ដូចប្អូនដែរ។ តើគួរបារម្ភអំពីរឿងនេះទេ?
អ្វីដែលអាចកើតឡើង
ការរាប់អានមិត្តភេទផ្ទុយគឺមិនខុសទេ។ ប៉ុន្តែ បើប្អូនជិតស្និទ្ធនឹងមិត្តនោះជាងមិត្តឯទៀត នោះគាត់ប្រហែលសន្និដ្ឋានថាប្អូនចង់រាប់អានគាត់លើសពីមិត្ត។
ប្អូនពិតជាមិនចង់ឲ្យគាត់គិតបែបនោះទេ មែនទេ? សូមពិចារណាអំពីទង្វើខ្លះដែលប្រហែលជានាំឲ្យគាត់យល់ច្រឡំ ទោះជាប្អូនគ្មានចេតនាក៏ដោយ។
ប្អូនយកចិត្តទុកដាក់ខ្លាំងពេកទៅលើគាត់។
ប្អូនសៀរ៉ាបានរៀបរាប់ថា៖«ទោះជាអ្នកមិនអាចគ្រប់គ្រងអារម្មណ៍របស់បុគ្គលនោះមែន អ្នកក៏មិនគួរបន្ថែមប្រេងលើភ្លើងដោយនិយាយថា អ្នកគ្រាន់តែរាប់អានគាត់ជាមិត្តភក្តិប៉ុណ្ណោះ តែបន្តទូរស័ព្ទនិងនិយាយជាមួយគាត់រាល់ពេលទេ»។
ពេលគាត់បង្ហាញចំណាប់អារម្មណ៍មកលើប្អូន ប្អូនបង្ហាញទៅវិញ។
ប្អូនរីឆឺដបានរៀបរាប់ថា៖«ខ្ញុំមិនមែនជាអ្នកផ្ញើសារទៅមុនទេ តែរាល់ដងខ្ញុំតែងតែតបសារនាង។ ក្រោយមក ខ្ញុំពិបាកប្រាប់នាងថាខ្ញុំគ្រាន់តែចាត់ទុកនាងជាមិត្តភក្តិប៉ុណ្ណោះ»។
ប្អូនធ្វើឲ្យគាត់កាន់តែចាប់អារម្មណ៍ប្អូន។
ប្អូនថាម៉ារ៉ាបានរៀបរាប់ថា៖«អ្នកខ្លះគិតថាការចែចង់គឺជាការលេងសើចប៉ុណ្ណោះ។ ពួកគេលលេងនឹងអារម្មណ៍អ្នកឯទៀតដោយមិនបានគិតស៊ីជម្រៅជាមួយគាត់ទេ។ ខ្ញុំបានឃើញរឿងនេះច្រើនដងហើយ ហើយតែងតែមានម្នាក់ឈឺចិត្ត»។
សរុបសេចក្ដី៖ បើប្អូនតែងតែនិយាយនិងយកចិត្តទុកដាក់ចំពោះនរណាម្នាក់ នោះប្អូនកំពុងធ្វើឲ្យគាត់យល់ច្រឡំថាប្អូនមានចិត្តលើគាត់ហើយ។
មូលហេតុត្រូវដឹង
នាំឲ្យបុគ្គលម្នាក់ទៀតឈឺចិត្ត។
គម្ពីរចែងថា៖«សេចក្ដីសង្ឃឹមដែលក្រនឹងកើតឡើង នាំឲ្យក្រៀមក្រំចិត្ត»។ (សុភាសិត ១៣:១២) បើបុគ្គលម្នាក់តែងតែធ្វើឲ្យប្អូនគិតថាគាត់មានចិត្តលើប្អូន តើប្អូនសង្ឃឹមយ៉ាងណា?
ប្អូនជេស៊ីកាបានរៀបរាប់ថា៖«មានពាក្យស្លោកមួយ[ជាភាសាអង់គ្លេស]ថា‹ស្ទូចលេង›។ ឃ្លានេះសំដៅទៅពេលអ្នកស្ទូចត្រីបាន តែអ្នកមិនវ័ធសន្ទូចឡើង ហើយក៏មិនដោះត្រីចេញដែរ។ នេះអាចកើតឡើងក្នុងទំនាក់ទំនងស្នេហា។ បើអ្នកមិនចាប់អារម្មណ៍ចង់ធ្វើសង្សារជាមួយបុគ្គលនោះទេ ហើយនៅតែធ្វើឲ្យគាត់យល់ច្រឡំទៀត នោះអ្នកនឹងធ្វើឲ្យគាត់ឈឺចិត្តខ្លាំងណាស់»។
នាំឲ្យប្អូនខូចកេរ្តិ៍ឈ្មោះ។
គម្ពីរចែងថា៖«ចូរបន្តយកចិត្តទុកដាក់ចំពោះអ្នកឯទៀត មិនត្រូវគិតតែអំពីរឿងផ្ទាល់ខ្លួនប៉ុណ្ណោះទេ»។ (ភីលីព ២:៤) តើប្អូនគិតថាបុគ្គលដែលគិតពីប្រយោជន៍ខ្លួនមានលក្ខណៈបែបណា? តើលក្ខណៈទាំងនោះអាចមានឥទ្ធិពលយ៉ាងណាមកលើកេរ្តិ៍ឈ្មោះរបស់គាត់?
ប្អូនជូលាបានរៀបរាប់ថា៖«ខ្ញុំមិនចាប់អារម្មណ៍មនុស្សប្រុសដែលពូកែញ៉ែស្រីទេ ព្រោះនោះជាសញ្ញាសម្គាល់ដែលបញ្ជាក់ថាគាត់ជាបុគ្គលមិនស្មោះត្រង់ចំពោះគូអាពាហ៍ពិពាហ៍។ ការប្រើនរណាម្នាក់ដើម្បីអួតខ្លួន គឺជាទង្វើអាត្មានិយម»។
សរុបសេចក្ដី៖ អ្នកដែលធ្វើឲ្យគេយល់ច្រឡំទាំងគ្មានបំណងចង់ទាក់ទងគេទេ នោះគាត់នឹងធ្វើឲ្យគេឈឺចិត្ត ហើយគាត់ផ្ទាល់ក៏ខូចកេរ្តិ៍ឈ្មោះដែរ។
អ្វីដែលប្អូនអាចធ្វើ
គម្ពីរប្រាប់ឲ្យយើងប្រព្រឹត្តទៅលើ«បុរសវ័យក្មេង ដូច[ប្រព្រឹត្ត]ជាមួយនឹងបងប្អូនប្រុស» ហើយប្រព្រឹត្តទៅលើ«ស្ត្រីវ័យក្មេង ដូច[ប្រព្រឹត្ត]ជាមួយនឹងបងប្អូនស្រី ដោយសេចក្ដីបរិសុទ្ធគ្រប់ជំពូក»។ (ធីម៉ូថេទី១ ៥:១, ២) បើប្អូនធ្វើតាមយោបល់នេះ ប្អូននឹងរក្សាមិត្តភាពល្អជាមួយមនុស្សភេទផ្ទុយ។
ប្អូនលេអាបានរៀបរាប់ថា៖«បើខ្ញុំរៀបការហើយ ខ្ញុំនឹងមិនចែចង់អ្នកណាទេ។ ដូច្នេះ ជាការល្អពេលដែលខ្ញុំនៅលីវ ខ្ញុំចេះមានតុល្យភាពក្នុងការប្រព្រឹត្តចំពោះមនុស្សដែលមានភេទផ្ទុយ»។
គម្ពីរចែងថា៖«អ្នកណាដែលនិយាយច្រើន គង់តែមានកំហុសជាមិនខាន»។ (សុភាសិត ១០:១៩) យើងអាចអនុវត្តគោលការណ៍នេះមិនគ្រាន់តែពេលយើងនិយាយគ្នាផ្ទាល់ប៉ុណ្ណោះទេ តែក៏តាមរយៈការផ្ញើសារដែរ។ នេះរួមបញ្ចូលការផ្ញើសារញឹកញាប់និងពាក្យសម្ដីនៅក្នុងសារនោះ។
ប្អូនប្រាយអេនបានរៀបរាប់ថា៖«គ្មានហេតុឲ្យយើងផ្ញើសារទៅនារីណាម្នាក់រាល់ថ្ងៃទេ បើគ្មានបំណងទាក់ទងនាង»។
គម្ពីរចែងថា៖«ប្រាជ្ញាពីស្ថានលើវិញ ដំបូងបង្អស់គឺបរិសុទ្ធ»។ (យ៉ាកុប ៣:១៧) ការឱបអាចដោយសុទ្ធចិត្តក្នុងន័យស្រឡាញ់រាប់អាន ឬអាចក្នុងន័យស្នេហា។
ប្អូនម៉ារៀបានរៀបរាប់ថា៖«ពេលខ្ញុំនិយាយជាមួយនឹងមនុស្សភេទផ្ទុយ ខ្ញុំព្យាយាមរាក់ទាក់ជាមួយគាត់ តែមិននៅជិតគាត់ពេក ហើយក៏មិនចង់ឲ្យទំនាក់ទំនងជិតស្និទ្ធពេកដែរ»។
សរុបសេចក្ដី៖ សូមពិនិត្យមើលការប្រព្រឹត្តរបស់ប្អូនជាមួយនឹងមនុស្សភេទផ្ទុយ។ ប្អូនជេននីហ្វើបានរៀបរាប់ថា៖«មិត្តល្អពិបាករក អ៊ីចឹងហើយយើងមិនចង់បំផ្លាញមិត្តភាពនោះដោយធ្វើឲ្យគាត់យល់ច្រឡំទេ»។
យោបល់
សូមយកចិត្តទុកដាក់នឹងពាក្យសម្ដីរបស់អ្នកឯទៀត។ បើនរណាម្នាក់សួរថា៖«ឯងកំពុងស្វែងយល់ចិត្តគ្នាជាមួយគាត់មែន?»។ ពាក្យសម្ដីនេះប្រហែលជាបញ្ជាក់ថាប្អូននិងគាត់ជិតស្និទ្ធគ្នាពេក។
សូមចំណាយពេលជាមួយមិត្តភក្តិភេទផ្ទុយផ្សេងៗ មិនមែនបុគ្គលដដែលទេ ហើយសូមកុំយកចិត្តទុកដាក់នឹងគាត់ច្រើនជាងអ្នកឯទៀត។
សូមប្រយ័ត្នការផ្ញើសារញឹកញាប់ពេកទៅគាត់ ហើយយកចិត្តទុកដាក់ចំពោះអត្ថន័យដែលអ្នកផ្ញើ និងពេលវេលាដែលអ្នកផ្ញើ។ ប្អូនអាលីសឺបានរៀបរាប់ថា៖«អ្នកមិនចាំបាច់ផ្ញើសារទៅមនុស្សភេទផ្ទុយនៅកណ្ដាលអធ្រាត្រទេ»។