សំណួរពីយុវវ័យ
តើការចែចង់គ្រាន់តែជាការលលេងដែលគ្មានគ្រោះថ្នាក់ឬ?
តើការចែចង់ជាអ្វី?
អ្នកខ្លះគិតថាការចែចង់គឺជាការបង្ហាញអារម្មណ៍ស្នេហាចំពោះភេទផ្ទុយតាមរយៈពាក្យសម្ដីឬកាយវិការ។ តើខុសទេបើយើងបង្ហាញមនោសញ្ចេតនាដល់នរណាម្នាក់? មិនតែងតែខុសទេ។ ប្អូនស្រីអានបានរៀបរាប់ថា៖«ធ្វើម៉េចយើងដឹងថាគេចាប់អារម្មណ៍យើងទៅ បើយើងមិនបង្ហាញអារម្មណ៍ឲ្យគេដឹងថាយើងមានចិត្តលើគេ?»។
ប៉ុន្តែ ក្នុងអត្ថបទនេះ យើងនឹងពិគ្រោះអំពីការចែចង់ខ្លះដែលមើលទៅប្អូនមានចិត្តទៅលើបុគ្គលម្នាក់ តែតាមពិតប្អូនគ្មានចិត្តលើគាត់សោះ។
ប្អូនឌៀនណឺបានរៀបរាប់ថា៖«គឺមិនខុសទេបើយើងបង្ហាញចំណាប់អារម្មណ៍ទៅលើអ្នកណាម្នាក់ដែលយើងចង់ស្វែងយល់ចិត្តជាមួយគាត់។ ប៉ុន្តែ គឺខុសហើយបើយើងមិនមានចិត្តលើគាត់ទេ តែបែរជាបង្ហាញកាយវិការចាប់អារម្មណ៍គាត់ ហើយក្រោយមកធ្វើពើយៗដូចជាមិនស្គាល់គ្នា»។
ហេតុអ្វីអ្នកខ្លះចែចង់?
អ្នកខ្លះចែចង់គេគ្រាន់តែដើម្បីឲ្យខ្លួនមើលទៅឡូយ។ ប្អូនហេលីបានរៀបរាប់ថា៖«ធម្មតា ពេលយើងដឹងថាខ្លួនអាចទាក់ទាញចំណាប់អារម្មណ៍ពីអ្នកឯទៀត យើងប្រហែលជារកវិធីឲ្យគេកាន់តែចាប់អារម្មណ៍មកលើយើង»។
បើប្អូនបង្ហាញចំណាប់អារម្មណ៍ដល់អ្នកណាម្នាក់ តែតាមពិតប្អូនមិនចាប់អារម្មណ៍គេផង នោះប្អូនកំពុងលលេងអារម្មណ៍របស់គេហើយ។ មិនត្រឹមតែប៉ុណ្ណោះ ប្អូនមិនស្គាល់ខ្លួនឯងច្បាស់ ហើយមិនប្រាកដថាអ្វីដែលប្អូនកំពុងធ្វើ ត្រូវឬក៏ខុស។ គម្ពីរចែងថា៖«អ្នកដែលខ្វះការពិចារណាចាត់ទុកភាពល្ងង់ខ្លៅជាអំណររបស់ពួកគេ»។—សុភាសិត ១៥:២១
ហេតុនេះ ប្អូនហេលីនិយាយថា៖«ដំបូង មើលទៅការចែចង់ដូចជាការលេងសើច គ្មានគ្រោះថ្នាក់អីទេ តែតាមពិតច្រើនតែបញ្ចប់ទៅដោយបញ្ហាផ្សេងៗ»។
តើការចែចង់នាំឲ្យមានបញ្ហាអ្វីខ្លះ?
នាំឲ្យខូចកេរ្តិ៍ឈ្មោះ។
ប្អូនយេរេមីបានរៀបរាប់ថា៖«អ្នកដែលចែចង់គេ ច្រើនតែជាមនុស្សដែលមានគំនិតក្មេងខ្ចីនិងគ្មានទំនុកចិត្តលើខ្លួន។ ទង្វើគាត់ធ្វើឲ្យយើងដឹងថាគាត់មិនស្មោះជាមួយយើងទេ គាត់គ្រាន់តែគិតពីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ»។
គម្ពីរចែងថា៖«សេចក្ដីស្រឡាញ់ . . . មិនរកប្រយោជន៍ផ្ទាល់ខ្លួន»។—កូរិនថូសទី១ ១៣:៤, ៥
សូមពិចារណា៖ តើពាក្យសម្ដីនិងកាយវិការបែបណាដែលអាចធ្វើឲ្យប្អូនជាប់ឈ្មោះជាអ្នកពូកែញ៉ែ?
ធ្វើឲ្យបុគ្គលដែលប្អូនចែចង់ឈឺចិត្ត។
ប្អូនចាកឃ្លីនបានរៀបរាប់ថា៖«ខ្ញុំមិនចង់នៅក្បែរប្រុសដែលពូកែញ៉ែទេ ព្រោះខ្ញុំដឹងថាគាត់មកនិយាយជាមួយខ្ញុំមិនមែនមកពីគាត់ពេញចិត្តខ្ញុំទេ តែដោយសារគាត់ចង់រាយមន្តស្នេហ៍ដាក់មនុស្សស្រីដើម្បីដឹងថាខ្លួនគាត់មានភាពទាក់ទាញខ្លាំងប៉ុណ្ណា»។
គម្ពីរចែងថា៖«ចូរឲ្យគ្រប់គ្នាសុខចិត្តលះបង់ប្រយោជន៍ខ្លួន ដើម្បីប្រយោជន៍អ្នកឯទៀត»។—កូរិនថូសទី១ ១០:២៤
សូមពិចារណា៖ តើប្អូនធ្លាប់យល់ខុសថាបុគ្គលម្នាក់ចាប់អារម្មណ៍ប្អូនទេ? បើធ្លាប់ តើប្អូនមានអារម្មណ៍យ៉ាងណាពេលនោះ? ដូច្នេះ តើតាមរបៀបណាប្អូនអាចប្រយ័ត្ននឹងអ្វីដែលប្អូនធ្វើដើម្បីកុំឲ្យអ្នកណាម្នាក់ឈឺចិត្តដូចដែលប្អូនធ្លាប់ជួប?
អាចធ្វើឲ្យប្អូនពិបាករកស្នេហ៍ពិត។
ប្អូនអូលីវាបានរៀបរាប់ថា៖«អ្នកដែលពូកែញ៉ែមិនមែនជាមនុស្សដែលខ្ញុំគួរស្វែងយល់ចិត្តគ្នាឬរៀបការជាមួយឡើយ។ ខ្ញុំមិនអាចប្រថុយទុកចិត្តបុគ្គលម្នាក់ដែលខ្ញុំមិនសូវស្គាល់ មកពីគាត់ចែចង់ខ្ញុំទេ»។
ក្នុងគម្ពីរ ដាវីឌដែលជាអ្នកតែងចម្រៀងសរសើរព្រះបានរៀបរាប់ថា៖‹ខ្ញុំមិននៅជិតមនុស្សលាក់ពុតទេ›។—ចម្រៀងសរសើរព្រះ ២៦:៤
សូមពិចារណា៖ តើបុគ្គលដែលពូកែចែចង់ទាក់ទាញចំណាប់អារម្មណ៍មនុស្សបែបណា? តើមនុស្សបែបនោះឬដែលប្អូនចង់បាន?