បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwyp អត្ថបទទី ៦៤
  • តើ​ខ្ញុំ​គួរ​រាប់​អាន​មិត្ត​ភក្តិ​ច្រើន​ជាង​ទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើ​ខ្ញុំ​គួរ​រាប់​អាន​មិត្ត​ភក្តិ​ច្រើន​ជាង​ទេ?
  • សំណួរពីយុវវ័យ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គុណ​វិបត្តិ​នៃ​ការ​រាប់​អាន​តែ​មិត្ត​ភក្ដិ​ក្នុង​ក្រុម
  • អ្វី​ដែល​ប្អូន​អាច​ធ្វើ
  • ចូរជ្រើសរើសមិត្តភក្តិដោយប្រាជ្ញា
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • តើធ្វើដូចម្ដេចអាចរកបានមិត្តភក្ដិល្អ?
    សំណួរយុវវ័យចង់ដឹងនិងចម្លើយដែលស្រាយចម្ងល់ ក្បាលទី១
សំណួរពីយុវវ័យ
ijwyp អត្ថបទទី ៦៤
ក្មេង​ស្រី​មួយ​ក្រុម​កំពុង​ថត​រូប

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​គួរ​រាប់​អាន​មិត្ត​ភក្តិ​ច្រើន​ជាង​ទេ?

ប្អូន​អាឡិន​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​មាន​អារម្មណ៍​ស្រួល​ពេល​នៅ​ក្នុង​ក្រុម​មិត្ត​ភក្តិ​ខ្ញុំ តែ​បើ​ឲ្យ​ខ្ញុំ​ទៅ​រាប់​អាន​មិត្ត​ភក្ដិ​ថ្មី ខ្ញុំ​ពិបាក​ណាស់​»។

ប្អូន​សារ៉ា​បាន​រៀប​រាប់​ថា​៖​«​សម្រាប់​ខ្ញុំ មាន​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​តែ​ពីរ​បី​នាក់​គឺ​គ្រប់​គ្រាន់​ហើយ ណា​មួយ​ទៀត​ខ្ញុំ​ក៏​មិន​ពូកែ​និយាយ​ជា​មួយ​អ្នក​ដែល​ខ្ញុំ​មិន​សូវ​ស្គាល់​ដែរ​»។

តើ​ប្អូន​ធ្លាប់​មាន​អារម្មណ៍​ដូច​ប្អូន​អាឡិន​និង​ប្អូន​សារ៉ា​ទេ? តើ​ប្អូន​ចង់​រាប់​អាន​តែ​ក្នុង​ចង្កោម​មិត្ត​ភក្តិ​របស់​ប្អូន​ឬ? ហើយ​តើ​ប្អូន​ពិបាក​និយាយ​ជា​មួយ​អ្នក​ថ្មី​ទេ?

បើ​ប្អូន​មាន​អារម្មណ៍​ដូច្នោះ​មែន អត្ថបទ​នេះ​អាច​ជួយ​ប្អូន​បាន!

  • គុណ​វិបត្តិ​នៃ​ការ​រាប់​អាន​តែ​មិត្ត​ភក្ដិ​ក្នុង​ក្រុម

  • អ្វី​ដែល​ប្អូន​អាច​ធ្វើ

  • ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

គុណ​វិបត្តិ​នៃ​ការ​រាប់​អាន​តែ​មិត្ត​ភក្ដិ​ក្នុង​ក្រុម

គឺ​មិន​ខុស​ទេ​ដែល​ប្អូន​មាន​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ព្រោះ​ប្អូន​មាន​អារម្មណ៍​ស្រួល​នៅ​ជា​មួយ​នឹង​មិត្ត​ភក្តិ​ដែល​យល់​ពី​ប្អូន ហើយ​មិន​ប្រកាន់​ថា​ប្អូន​មាន​ចំណុច​ខ្សោយ​អ្វី​ទេ។

ប្អូន​ខារិន​ដែល​មាន​អាយុ​១៩​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​ធម្មតា​ពេល​នៅ​ក្មេង​យើង​ចង់​ចូល​គេ​ចុះ ហើយ​ចង់​ឲ្យ​គេ​ចូល​ចិត្ត អ៊ីចឹង​ហើយ​បាន​ជា​យុវវ័យ​ចង់​ធ្វើ​តាម​គេ​ដើម្បី​ឲ្យ​គេ​រាប់​អាន​»។

តើ​ប្អូន​ដឹង​ទេ? សាវ័ក​១២​នាក់​របស់​លោក​យេស៊ូ គឺ​ជា​មិត្ត​ភក្តិ​របស់​លោក។ តែ​អ្នក​ដែល​លោក​ជិត​ស្និទ្ធ​ជាង​គេ គឺ​ពេត្រុស យ៉ាកុប និង​យ៉ូហាន។—ម៉ាកុស ៩:២; លូកា ៨:៥១

ទោះ​ជា​យ៉ាង​ណា​ក្ដី បើ​យើង​រាប់​អាន​តែ​មិត្ត​ភក្តិ​មួយ​ក្រុម​ដែល​យើង​ចូល​ចិត្ត​ប៉ុណ្ណោះ អាច​នាំ​ឲ្យ​មាន​បញ្ហា។ ហេតុ​អ្វី? ព្រោះ . . .

  • អាច​បាត់​បង់​ឱកាស​មាន​មិត្តភាព​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត។

    ប្អូន​អេវិន​ដែល​មាន​អាយុ​២១​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​បើ​យើង​រាប់​អាន​តែ​អ្នក​ដែល​មាន​អ្វី​ស្រដៀង​នឹង​យើង​ប៉ុណ្ណោះ យើង​អាច​បាត់​បង់​ឱកាស​មាន​ពួក​ម៉ាក​ល្អ​ៗ និង​ពិសោធ​អ្វី​ថ្មី​ៗ​»។

  • អាច​ធ្វើ​ឲ្យ​ប្អូន​មើល​ទៅ​មាន​អំណួត។

    ប្អូន​សារ៉ា​ដែល​មាន​អាយុ​១៧​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​ពេល​យើង​រាប់​អាន​តែ​ចង្កោម​មិត្ត​ភក្តិ​របស់​យើង នោះ​អ្នក​ឯ​ទៀត​នឹង​គិត​ថា​យើង​មិន​ចង់​និយាយ​ជា​មួយ​អ្នក​ផ្សេង​ក្រៅ​ពី​ក្រុម​នោះ​ទេ​»។

  • អាច​នាំ​ឲ្យ​ប្អូន​ចូល​រួម​ធ្វើ​បាប​គេ។

    ប្អូន​ជេម​បាន​រៀប​រាប់​ថា​៖​«​ពេល​នៅ​ដោយ​ឡែក​ពី​គ្នា ម្នាក់​ៗ​ប្រហែល​ជា​មិន​និយាយ​ឬ​ធ្វើ​បាប​អ្នក​ឯ​ទៀត​ទេ តែ​ពេល​នៅ​ជា​ក្រុម​ពួក​គេ​ចាប់​ផ្ដើម​ធ្វើ​បាប​អ្នក​ឯ​ទៀត ទាំង​គិត​ថា​នេះ​គ្រាន់​តែ​ជា​ការ​លេង​សើច​ប៉ុណ្ណោះ​»។

  • អាច​ធ្វើ​ឲ្យ​ប្អូន​មាន​បញ្ហា ជា​ពិសេស​បើ​ប្អូន​ចង់​ចូល​ក្រុម​នោះ​ឥត​ពិចារណា។

    ប្អូន​ម៉ាធីណឺ​ដែល​មាន​អាយុ​១៧​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​បើ​ក្នុង​ក្រុម​មាន​បុគ្គល​ម្នាក់​ធ្វើ​អាក្រក់ នោះ​ក្រុម​ទាំង​មូល​ក៏​អាច​ធ្វើ​អាក្រក់​ទៅ​តាម​ហ្នឹង​ដែរ​»។

អ្វី​ដែល​ប្អូន​អាច​ធ្វើ

  • ពិនិត្យ​មើល​ខ្នាត​តម្រា​របស់​ប្អូន។

    សូម​សួរ​ខ្លួន​ថា​៖ ‹តើ​ខ្ញុំ​ចង់​រស់​នៅ​តាម​ខ្នាត​តម្រា​បែប​ណា? តើ​មិត្ត​ភក្តិ​ខ្ញុំ​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​នោះ​ឬ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ធ្វើ​តាម​ទៅ​វិញ? តើ​ខ្ញុំ​សុខ​ចិត្ត​លះ​បង់​ខ្នាត​តម្រា​របស់​ខ្ញុំ​ដើម្បី​ផ្គាប់​ចិត្ត​មិត្ត​ភក្តិ​ទាំង​នោះ​ឬ?›។

    គោល​ការណ៍​គម្ពីរ​៖ ​«​ការ​សេព​គប់​អាក្រក់​បង្ខូច​សីលធម៌​ល្អ​»។—កូរិនថូស​ទី​១ ១៥:៣៣, កំណត់​សម្គាល់

    ប្អូន​អិលអិន​ដែល​មាន​អាយុ​១៤​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​ពេល​ក្រុម​ទាំង​មូល​មិន​កាន់​តាម​ខ្នាត​តម្រា​ដូច​យើង ធម្មតា​គេ​មិន​តាម​យើង​ទេ តែ​គឺ​ខ្លួន​យើង​ទេ​ដែល​តាម​គេ​វិញ រហូត​ដល់​អាច​ធ្វើ​អ្វី​ដែល​ពី​មុន​យើង​មិន​ដែល​ចង់​ធ្វើ​ទាល់​តែ​សោះ​»។

  • ពិនិត្យ​មើល​ថា​អ្វី​សំខាន់​បំផុត​ចំពោះ​ប្អូន។

    សូម​សួរ​ខ្លួន​ថា​៖ ‹តើ​ខ្ញុំ​ជិត​ស្និទ្ធ​ជា​មួយ​ក្រុម​មិត្ត​ភក្តិ​ខ្ញុំ​ខ្លាំង​ដល់​ម្ល៉េះ រហូត​ដល់​ខ្ញុំ​សុខ​ចិត្ត​បោះ​បង់​ចោល​ខ្នាត​តម្រា​របស់​ខ្លួន​ឬ? តើ​ខ្ញុំ​នឹង​ធ្វើ​យ៉ាង​ណា​បើ​មិត្ត​ម្នាក់​ក្នុង​ក្រុម​នោះ​បាន​ធ្វើ​ខុស?›។

    គោល​ការណ៍​គម្ពីរ​៖ «ខ្ញុំ​កែ​តម្រង់ . . . អស់​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​»។—ការ​បើក​បង្ហាញ ៣:១៩

    ប្អូន​មេឡានី​ដែល​មាន​អាយុ​២២​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​បើ​មិត្ត​ម្នាក់​ក្នុង​ក្រុម​យើង​បង្ក​បញ្ហា​ណា​មួយ យើង​ប្រហែល​ជា​គិត​ថា​ត្រូវ​ស្មោះ​ត្រង់​នឹង​ក្រុម​ដោយ​មិន​និយាយ​ប្រាប់​អ្នក​ឯ​ទៀត​ពី​កំហុស​របស់​គាត់ ព្រោះ​បើ​យើង​និយាយ យើង​កំពុង​ក្បត់​ក្រុម​ហើយ​»។

  • សូម​រាប់​អាន​មិត្ត​ភក្តិ​ផ្សេង​ទៀត។

    សូម​សួរ​ខ្លួន​ថា​៖ ‹តើ​ខ្ញុំ​អាច​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​បើ​ខ្ញុំ​រាប់​អាន​មិត្ត​ភក្តិ​ផ្សេង​ទៀត​ដែល​ខ្ញុំ​មិន​សូវ​ស្គាល់?›។

    គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត មិន​ត្រូវ​គិត​តែ​អំពី​រឿង​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ​»។—ភីលីព ២:៤

    ប្អូន​ប្រាយអេន​ដែល​មាន​អាយុ​១៩​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​យុវវ័យ​ខ្លះ​ដែល​គេ​គិត​ថា​មិន​គួរ​ឲ្យ​រាប់​អាន ប្រហែល​ជា​មាន​បញ្ហា​ក្នុង​គ្រួសារ តែ​ពេល​យើង​ស្គាល់​ពួក​គេ​ច្បាស់​ជាង យើង​ឃើញ​ថា​ពួក​គេ​មាន​ចំណុច​ពិសេស​របស់​ពួក​គេ​»។

សរុប​សេចក្ដី​៖ ការ​មាន​ក្រុម​មិត្ត​ភក្តិ​របស់​ខ្លួន គឺ​មិន​ខុស​ទេ តែ​យើង​ប្រហែល​ជា​ទទួល​ប្រយោជន៍​ច្រើន​ជាង​ពេល​យើង​បើក​ចិត្ត​រាប់​អាន​មិត្ត​ភក្តិ​ថ្មី​ៗ។ គម្ពីរ​ចែង​ថា​៖​«​អ្នក​ណា​ដែល​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ឯ​ទៀត អ្នក​នោះ​នឹង​ទទួល​កម្លាំង​ចិត្ត​ដែរ​»។—សុភាសិត ១១:២៥

ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

ម៉ារីយ៉ាម

ប្អូន​ម៉ារីយ៉ាម​បាន​រៀប​រាប់​ថា​៖​«​នៅ​សាលា ខ្ញុំ​ដើរ​ជា​មួយ​ក្រុម​មួយ ហើយ​ខ្ញុំ​ចូល​ចិត្ត​ពួក​គេ​ណាស់ តែ​ក្រោយ​មក​ខ្ញុំ​ឃើញ​ថា​អ្នក​ខ្លះ​ក្នុង​ក្រុម​នោះ ចូល​ចិត្ត​ធ្វើ​បាប​អ្នក​ឯ​ទៀត។ ដូច្នេះ ខ្ញុំ​បាន​សម្រេច​ចិត្ត​ឈប់​ដើរ​ជា​មួយ​ក្រុម​នោះ​ទៀត។ ពិត​មែន​ថា​អស់​មួយ​រយៈ​ខ្ញុំ​អត់​មាន​មិត្ត​ភក្តិ តែ​ខ្ញុំ​សប្បាយ​ដែល​ខ្ញុំ​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​របស់​ខ្ញុំ​»។

អាឡិច

ប្អូន​អាឡិច​បាន​រៀប​រាប់​ថា​៖​«​នៅ​សាលា ខ្ញុំ​ព្យាយាម​ចូល​ក្នុង​ក្រុម​មួយ​ដើម្បី​ឲ្យ​ខ្លួន​លេច​ធ្លោ និង​មាន​គេ​ចូល​ចិត្ត​ច្រើន។ តែ​ក្រោយ​មក​ខ្ញុំ​ចាប់​ផ្ដើម​ឃើញ​ថា​ការ​រាប់​អាន​មិត្ត​ភក្តិ​ក្នុង​ក្រុម​នោះ នាំ​ឲ្យ​ខ្ញុំ​មាន​គំនិត​មិន​ល្អ​ចំពោះ​អ្នក​ឯ​ទៀត ហើយ​ចាប់​ផ្ដើម​បង្ហាញ​ឫកពា​ខុស​ពី​ខ្លួន​ឯង​»។

បេថានី

ប្អូន​បេថានី​បាន​រៀប​រាប់​ថា​៖​«​អំឡុង​ពេល​រៀន​នៅ​អនុ​វិទ្យាល័យ ខ្ញុំ​ព្យាយាម​ចូល​ក្រុម​មួយ​ដែល​គេ​មិន​ព្រម​ឲ្យ​ខ្ញុំ​ចូល​ទេ។ ក្រោយ​មក ទើប​ខ្ញុំ​ទទួល​ស្គាល់​ថា​ការ​ព្យាយាម​នោះ​គឺ​ខាត​បង់​ឥត​អំពើ។ តាម​ពិត​ខ្ញុំ​គួរ​ឲ្យ​តម្លៃ​ចំពោះ​មិត្តភាព​ដែល​ខ្ញុំ​មាន​រួច​ហើយ ទើប​ប្រសើរ​ជាង​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក