សំណួរពីយុវវ័យ
ហេតុអ្វីគួររៀនភាសាផ្សេងទៀត?
ការរៀនភាសាផ្សេងអាចបង្វឹកបង្ហាត់ប្អូនឲ្យចេះលត់ដំខ្លួននិងមានចិត្តរាបទាប។ តើសមតម្លៃឲ្យប្អូនព្យាយាមឬទេ? យុវវ័យជាច្រើននឹងនិយាយថាគឺសមមែន! ហេតុអ្វី? អត្ថបទនេះនឹងពន្យល់ប្អូនអំពីមូលហេតុដែលពួកគេនិយាយដូច្នេះ។
ហេតុអ្វីគួររៀន?
យុវវ័យជាច្រើនរៀនភាសាផ្សេងដោយសារនោះមានក្នុងកម្មវិធីសិក្សានៅសាលា។ តែយុវវ័យឯទៀតមានចិត្តចង់រៀនដោយខ្លួនឯង។ ជាឧទាហរណ៍៖
យុវតីម្នាក់ឈ្មោះអាណាដែលរស់នៅប្រទេសអូស្ត្រាលី បានសម្រេចចិត្តរៀនភាសាឡេតូនី ដោយសារភាសានេះជាភាសាដើមរបស់ម្ដាយគាត់។ អាណាបាននិយាយថា៖«ក្រុមគ្រួសារខ្ញុំមានគម្រោងទៅលេងប្រទេសឡេតូនី ហើយខ្ញុំចង់និយាយភាសានេះជាមួយសាច់ញាតិខ្ញុំនៅទីនោះ»។
ប្អូនជីណាដែលជាសាក្សីព្រះយេហូវ៉ានៅសហរដ្ឋអាម៉េរិកបានរៀនភាសាសញ្ញាអាម៉េរិក ហើយបានរើទៅប្រទេសបេលី ដើម្បីជួយផ្សព្វផ្សាយនៅទីនោះ។ នាងបានប្រាប់ថា៖«ធម្មតាមនុស្សគថ្លង់ប្រហែលជាអាចប្រាស្រ័យទាក់ទងជាមួយមនុស្សបានតែពីរឬបីនាក់ប៉ុណ្ណោះ ដូច្នេះ ពេលខ្ញុំប្រាប់ពួកគេថាខ្ញុំបានរៀនភាសាសញ្ញាអាម៉េរិកដើម្បីបង្រៀនគម្ពីរជាភាសារបស់ពួកគេ ពួកគេពិតជាសប្បាយចិត្តណាស់»។
តើប្អូនដឹងទេ? គម្ពីរប្រាប់ទុកជាមុនថា ដំណឹងល្អអំពីរាជាណាចក្រព្រះនឹងត្រូវផ្សព្វផ្សាយ«ដល់គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា»។ (ការបើកបង្ហាញ ១៤:៦) ដើម្បីសម្រេចទំនាយនេះ យុវវ័យជាច្រើនដែលជាសាក្សីព្រះយេហូវ៉ាបានបង្កើនកិច្ចបម្រើផ្សាយរបស់ពួកគេដោយរៀនភាសាថ្មីដើម្បីផ្សព្វផ្សាយនៅប្រទេសរបស់ខ្លួនឬនៅប្រទេសផ្សេង។
តើមានការពិបាកអ្វីខ្លះ?
ការរៀនភាសាថ្មីមិនងាយស្រួលទេ។ ប្អូនខឺរីណឺបានរៀបរាប់ថា៖«ខ្ញុំធ្លាប់គិតថា ការរៀនភាសាថ្មីគឺគ្រាន់តែរៀនពាក្យថ្មីៗប៉ុណ្ណោះ។ តែខ្ញុំបានឃើញថា តាមពិតការរៀនភាសាថ្មីក៏រួមបញ្ចូលការរៀនវប្បធម៌ថ្មីនិងមានរបៀបគិតគូរថ្មីដែរ។ បើនិយាយឲ្យចំទៅ គឺត្រូវការពេល ដើម្បីចេះនិយាយភាសាថ្មី»។
ការរៀនភាសាថ្មីតម្រូវឲ្យមានចិត្តរាបទាប។ ប្អូនប្រុសជេម ដែលបានរៀនភាសាអេស្ប៉ាញ បានរៀបរាប់ថា៖«ធម្មតាទេដែលយើងនិយាយខុសច្រើនពេលរៀនភាសាថ្មី តែជាជាងដាក់សម្ពាធលើខ្លួន យើងអាចសើចនឹងកំហុសនោះ»។
សរុបសេចក្ដី៖ បើប្អូនអាចយកឈ្នះឧបសគ្គផ្សេងៗដូចជាការខ្លាចនិយាយខុសជាដើម នោះប្អូនទំនងជាងអាចរៀនភាសាថ្មីបានល្អជាង។
យោបល់៖ បើប្អូនឃើញថាអ្នកឯទៀតរៀនឆាប់ចេះជាងប្អូន សូមកុំធ្លាក់ទឹកចិត្តឡើយ។ គម្ពីរចែងថា៖«ចូរឲ្យម្នាក់ៗពិនិត្យមើលការប្រព្រឹត្តរបស់ខ្លួន រួចគ្រប់គ្នានឹងមានហេតុត្រេកអរអំពីខ្លួនផ្ទាល់ ដោយមិនប្រៀបធៀបខ្លួននឹងអ្នកឯទៀត»។—កាឡាទី ៦:៤
តើមានគុណប្រយោជន៍អ្វីខ្លះ?
ការរៀនភាសាថ្មីផ្ដល់គុណប្រយោជន៍ជាច្រើន។ ជាឧទាហរណ៍ ប្អូនអូលីវាបានរៀបរាប់ថា៖«ពេលយើងរៀនភាសាថ្មី យើងចេះបើកចិត្តឲ្យទូលាយ ហើយអាចមានមិត្តភក្ដិថ្មីៗ»។
ប្អូនម៉ារីបានឃើញថា ការរៀនភាសាថ្មីជួយគាត់ឲ្យមានទំនុកចិត្តមកលើខ្លួនឯងជាង។ គាត់បានរៀបរាប់ថា៖«អ្វីមួយដែលពិបាកសម្រាប់ខ្ញុំ គឺខ្ញុំមិនសូវមានមោទនភាពចំពោះអ្វីដែលខ្លួនបានធ្វើទេ។ តែឥឡូវ ពេលរៀនពាក្យថ្មីម្ដងៗ ខ្ញុំរំភើបចិត្តណាស់ ព្រោះវាធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អជាងចំពោះខ្លួនឯង»។
ប្អូនជីណាដែលបានរៀបរាប់នៅខាងដើម បានឃើញថាពេលគាត់បង្រៀនគម្ពីរជាភាសាសញ្ញាដល់មនុស្សគថ្លង់ គាត់កាន់តែមានអំណរថែមទៀតក្នុងកិច្ចបម្រើផ្សាយ។ គាត់បានប្រាប់ថា៖«ពេលខ្ញុំសន្ទនាជាមួយអ្នកឯទៀតជាភាសាកំណើតរបស់ពួកគេ ហើយឃើញទឹកមុខពួកគេយល់អ្វីដែលខ្ញុំចង់និយាយ ខ្ញុំសប្បាយចិត្តណាស់!»។
សរុបសេចក្ដី៖ ការរៀនភាសាមួយទៀត អាចជួយប្អូនឲ្យមានមិត្តថ្មី ជួយប្អូនឲ្យមានទំនុកចិត្តចំពោះខ្លួន និងមានអំណរថែមទៀតក្នុងកិច្ចបម្រើផ្សាយ។ នេះជាវិធីចម្បងមួយដែលជួយយើងឲ្យផ្សព្វផ្សាយដំណឹងល្អដល់មនុស្ស«ពីគ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ជនជាតិ និងគ្រប់ភាសា»។—ការបើកបង្ហាញ ៧:៩