បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwyp អត្ថបទទី ២៧
  • ហេតុ​អ្វី​ខ្ញុំ​គ្មាន​មិត្ត​ភក្ដិ​សោះ​អ៊ីចឹង?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុ​អ្វី​ខ្ញុំ​គ្មាន​មិត្ត​ភក្ដិ​សោះ​អ៊ីចឹង?
  • សំណួរពីយុវវ័យ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សំណួរ​ចម្លើយ​អំពី​ភាព​ឯកោ
  • ការ​ពិត​អំពី​មិត្តភាព​និង​ភាព​ឯកោ
  • របៀប​យក​ឈ្នះ​ភាព​ឯកោ
  • ជំនះ​ភាព​ឯកោ​ដោយ​រាប់​អាន​មិត្ត តើ​គម្ពីរ​អាច​ជួយ​យ៉ាង​ណា?
    ប្រធានបទឯទៀត
  • អ្នកមិននៅឯកា ព្រោះព្រះយេហូវ៉ានៅជាមួយអ្នកជានិច្ច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
សំណួរពីយុវវ័យ
ijwyp អត្ថបទទី ២៧
ក្មេង​ស្រី​ម្នាក់​កំពុង​យក​ឈ្នះ​អារម្មណ៍​ឯកោ

សំណួរ​ពី​យុវវ័យ

ហេតុ​អ្វី​ខ្ញុំ​គ្មាន​មិត្ត​ភក្ដិ​សោះ​អ៊ីចឹង?

ប្អូន​កំពុង​មើល​រូប​ថត​ជប់​លៀង​ដែល​គេ​ទើប​បង្ហោះ​ថ្មី​ៗ​នេះ។ ក្នុង​រូប​នោះ ប្អូន​ឃើញ​មិត្ត​ភក្ដិ​ទាំង​អស់​របស់​ប្អូន​បាន​ចូល​រួម ពួក​គេ​មើល​ទៅ​សប្បាយ​ណាស់។ ប៉ុន្តែ អត់​ឃើញ​បុគ្គល​ម្នាក់ ម្នាក់​នោះ​គឺ​ជា​ប្អូន!

ប្អូន​ប្រហែល​ជា​ឆ្ងល់​ថា​៖‹ម៉េច​ក៏​គេ​អត់​ហៅ​ខ្ញុំ​អ៊ីចឹង?›។

ការ​ឆ្ងល់​នោះ​បាន​ប្រែ​ទៅ​ជា​ការ​អាក់​អន់​ចិត្ត​វិញ។ ប្អូន​មាន​អារម្មណ៍​ថា​ពួក​គេ​ក្បត់​ប្អូន! ចំណង​មិត្តភាព​ដែល​ប្អូន​មាន​ជា​មួយ​ពួក​គេ​ទាំង​ប៉ុន្មាន​បាន​រលាយ​សាប​សូន្យ​អស់។ ភ្លាម​នោះ ប្អូន​មាន​អារម្មណ៍​ឯកោ​ជា​ខ្លាំង ហើយ​សួរ​ខ្លួន​ឯង​ថា‹ហេតុ​អ្វី​ខ្ញុំ​គ្មាន​មិត្ត​ភក្ដិ​សោះ​អ៊ីចឹង?›។

  • សំណួរ​ចម្លើយ​អំពី​ភាព​ឯកោ

  • ការ​ពិត​អំពី​មិត្តភាព​និង​ភាព​ឯកោ

  • របៀប​យក​ឈ្នះ​ភាព​ឯកោ

  • ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

  • យក​ឈ្នះ​អារម្មណ៍​ខ្លាច​បាត់​បង់​មិត្តភាព

សំណួរ​ចម្លើយ​អំពី​ភាព​ឯកោ

ពិត​ឬ​មិន​ពិត

  1. ១. បើ​ប្អូន​មាន​មិត្ត​ភក្ដិ​ច្រើន ប្អូន​នឹង​មិន​ឯកោ​ទេ។

  2. ២. បើ​ប្អូន​លេង​បណ្ដាញ​សង្គម ប្អូន​នឹង​មិន​ឯកោ​ទេ។

  3. ៣. បើ​ប្អូន​ផ្ញើ​សារ​ច្រើន ប្អូន​នឹង​មិន​ឯកោ​ទេ។

  4. ៤. បើ​ប្អូន​ធ្វើ​អ្វី​ដើម្បី​អ្នក​ឯ​ទៀត ប្អូន​នឹង​មិន​ឯកោ​ទេ។

ចម្លើយ​ចំពោះ​ឃ្លា​ទាំង​បួន​នេះ គឺ​មិន​ពិត​ទាំង​អស់។

ហេតុ​អ្វី?

ការ​ពិត​អំពី​មិត្តភាព​និង​ភាព​ឯកោ

  • ការ​មាន​មិត្ត​ភក្តិ​ច្រើន​មិន​ធានា​ថា​ប្អូន​នឹង​មិន​ឯកោ​ទេ។

    ប្អូន​អាន​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មិត្ត​ភក្តិ​ខ្ញុំ តែ​ពេល​ខ្លះ​ខ្ញុំ​ទទួល​អារម្មណ៍​ថា ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​វិញ​ទេ។ អ្នក​អាច​មាន​អារម្មណ៍​ឯកោ​ជា​ខ្លាំង​ពេល​ដែល​អ្នក​នៅ​ក្នុង​ចំណោម​មិត្ត​ភក្តិ តែ​ពួក​គេ​មើល​ទៅ​មិន​ស្រឡាញ់​អ្នក​ឬ​ត្រូវ​ការ​អ្នក​ទេ​»។

  • ការ​លេង​បណ្ដាញ​សង្គម​មិន​ធានា​ថា​ប្អូន​នឹង​មិន​ឯកោ​ទេ។

    ប្អូន​អ៊ីឡេន​បាន​រៀប​រាប់​ថា​៖​«​អ្នក​ខ្លះ​ប្រមូល​មិត្ត​ភក្តិ ដូច​គេ​ប្រមូល​សម្ភារ​តុបតែង។ ប៉ុន្តែ ការ​មាន​សម្ភារ​នោះ​ច្រើន​នៅ​ក្នុង​បន្ទប់ មិន​ធ្វើ​ឲ្យ​បុគ្គល​ដែល​នៅ​ក្នុង​បន្ទប់​នោះ​មាន​អារម្មណ៍​ថា​ទទួល​សេចក្ដី​ស្រឡាញ់​ទេ។ ស្រដៀង​គ្នា​ដែរ ទោះ​ជា​អ្នក​មាន​មិត្ត​ភក្តិ​តាម​អនឡាញ​ច្រើន​ក៏​ដោយ តែ​មិត្តភាព​នោះ​មិន​រឹង​មាំ​ដូច​ជា​មិត្តភាព​ដែល​ជួប​ដោយ​ផ្ទាល់​ឡើយ ព្រោះ​នោះ​ដូច​ជា​ការ​មាន​សម្ភារ​តុបតែង​ច្រើន​មែន តែ​វា​គ្មាន​ជីវិត​ទេ​»។

  • ការ​ផ្ញើ​សារ​ច្រើន​មិន​ធានា​ថា​ប្អូន​នឹង​មិន​ឯកោ​ទេ។

    ប្អូន​សឺរីណឺ​បាន​រៀប​រាប់​ថា​៖​«​ជួន​កាល​ពេល​អ្នក​មាន​អារម្មណ៍​ឯកោ អ្នក​ខំ​ឆែក​ទូរស័ព្ទ​ដើម្បី​មើល​ថា​មាន​មិត្ត​ភក្តិ​ណា​ម្នាក់​ផ្ញើ​សារ​មក​ឬ​អត់ តែ​ពេល​អត់​ឃើញ​មាន​អ្នក​ណា​ផ្ញើ​សារ​ណា​មក​ទេ អ្នក​រឹត​តែ​ឯកោ​លើស​ដើម!​»។

  • ការ​ធ្វើ​អ្វី​ដើម្បី​អ្នក​ឯ​ទៀត​មិន​ធានា​ថា​ប្អូន​នឹង​មិន​ឯកោ​ទេ។

    ប្អូន​រីឆឺដ​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​តែង​តែ​បង្ហាញ​ចិត្ត​ទូលាយ​ដល់​មិត្ត​ភក្តិ​ខ្ញុំ តែ​ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា​ពួក​គេ​មិន​ធ្វើ​មក​លើ​ខ្ញុំ​ដូច​គ្នា​ទេ។ ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ទេ​ដែល​ខ្ញុំ​បង្ហាញ​ចិត្ត​ទូលាយ​ចំពោះ​ពួក​គេ តែ​គ្រាន់​តែ​ស្រងាក​ចិត្ត​បន្តិច​ពេល​ដែល​ពួក​គេ​មិន​ដែល​បង្ហាញ​សេចក្ដី​សប្បុរស​មក​ខ្ញុំ​វិញ​»។

សរុប​សេចក្ដី​៖ ភាព​ឯកោ​ជា​អារម្មណ៍​មួយ​ដែល​មាន​ក្នុង​គំនិត។ ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ជើនិត​បាន​ប្រាប់​ថា​៖​«​អារម្មណ៍​នោះ​ចេញ​មក​ពី​ខាង​ក្នុង​បុគ្គល​ម្នាក់ មិន​មែន​ពី​ខាង​ក្រៅ​ទេ​»។

តើ​ប្អូន​អាច​ធ្វើ​អ្វី​ខ្លះ​បើ​ប្អូន​មាន​អារម្មណ៍​ឯកោ​និង​គិត​ថា​គ្មាន​មិត្ត​ភក្តិ?

របៀប​យក​ឈ្នះ​ភាព​ឯកោ

ប្អូន​ស្រី​ម្នាក់​កំពុង​យក​ឈ្នះ​ការ​ខ្វះ​ទំនុក​ចិត្ត។

មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។

ប្អូន​ជើនិត​បាន​រៀប​រាប់​ថា​៖​«​ភាព​ឯកោ​កើត​ចេញ​ពី​អារម្មណ៍​គ្មាន​សុវត្ថិភាព។ អារម្មណ៍​នោះ​ធ្វើ​ឲ្យ​ពិបាក​បង្កើត​មិត្តភាព​ជា​មួយ​អ្នក​ឯ​ទៀត។ ជា​ពិសេស ពេល​ដែល​អ្នក​គិត​ថា​ខ្លួន​គ្មាន​អ្វី​ដែល​ទាក់​ទាញ​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​ចង់​រាប់​អាន​»។

គម្ពីរ​ចែង​ថា​៖​«​អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក​»។ (​កាឡាទី ៥:១៤​) ដើម្បី​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​អ្នក​ឯ​ទៀត យើង​ត្រូវ​ស្រឡាញ់​ខ្លួន​ឯង​សិន តែ​មិន​មែន​ទៅ​ជា​មនុស្ស​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ។—កាឡាទី ៦:៣, ៤

ក្មេង​ប្រុស​ម្នាក់​កំពុង​អាណិត​ខ្លួន​ជា​ខ្លាំង

កុំ​មាន​អារម្មណ៍​អាណិត​ខ្លួន។

ប្អូន​អ៊ែរិន​បាន​រៀប​រាប់​ថា​៖​«​ភាព​ឯកោ​ប្រៀប​ដូច​ជា​ខ្សាច់​ស្រូប​អ៊ីចឹង ពេល​យើង​កាន់​តែ​ប្រឹង​រើ​បម្រះ យើង​កាន់​តែ​ផុង​ខ្លួន។ ដូច្នេះ បើ​អ្នក​ឲ្យ​ភាព​ឯកោ​កាន់​កាប់​លើ​គំនិត​របស់​អ្នក មិន​យូរ​មិន​ឆាប់​អ្នក​នឹង​មាន​អារម្មណ៍​អាណិត​ខ្លួន ហើយ​គិត​ថា​គ្មាន​អ្នក​ណា​ចង់​រាប់​អាន​អ្នក​ទេ​»។

គម្ពីរ​ចែង​ថា​៖​«​សេចក្ដី​ស្រឡាញ់ . . . មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​»។ (​កូរិនថូស​ទី​១ ១៣:៤, ៥​) ការ​ពិត​ពេល​យើង​ផ្ដោត​អារម្មណ៍​ខ្លាំង​ពេក​មក​លើ​ខ្លួន​ឯង យើង​នឹង​ទៅ​ជា​មនុស្ស​ដែល​មិន​សូវ​មាន​ចិត្ត​អាណិត​អាសូរ ហើយ​អ្នក​ឯ​ទៀត​ទំនង​ជា​មិន​សូវ​ចង់​រាប់​អាន​ជា​មួយ​នឹង​យើង​ទេ។ (​កូរិនថូស​ទី​២ ១២:១៥​) ពេល​ដែល​អំណរ​របស់​ប្អូន​អាស្រ័យ​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​អ្នក​ឯ​ទៀត នោះ​ប្អូន​កំពុង​ធ្វើ​ឲ្យ​ខ្លួន​លែង​មាន​អំណរ​ហើយ។ ជា​ឧទាហរណ៍ ប្អូន​ប្រហែល​ជា​និយាយ​ថា​៖​«​គ្មាន​អ្នក​ណា​ហៅ​ខ្ញុំ​សោះ​»​ឬ​«​គ្មាន​អ្នក​ណា​បបួល​ខ្ញុំ​ទៅ​ណា​ទេ​»។ សម្ដី​ទាំង​នេះ បញ្ជាក់​ថា​សុភមង្គល​របស់​ប្អូន​គឺ​អាស្រ័យ​ទៅ​លើ​អ្នក​ឯ​ទៀត។ ប្អូន​ច្បាស់​ជា​មិន​ចង់​ឲ្យ​ពួក​គេ​កាន់​កាប់​លើ​ជីវិត​ប្អូន​ទេ មែន​ទេ?

ក្មេង​ប្រុស​ម្នាក់​បដិសេធ​មិន​ព្រម​ជក់​បារី

កុំ​ចេះ​តែ​រាប់​អាន​អ្នក​ណា​ក៏​បាន។

ប្អូន​ប៊្រេអាន​បាន​រៀប​រាប់​ថា​៖​«​មនុស្ស​ដែល​ឯកោ​ច្រើន​តែ​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​ឯ​ទៀត ហើយ​ពួក​គេ​មិន​ខ្វល់​ទេ​ថា​ការ​យក​ចិត្ត​ទុក​ដាក់​មក​ពី​អ្នក​ណា។ ប៉ុន្តែ អ្នក​ខ្លះ​ធ្វើ​ជា​រាប់​អាន​ជា​មួយ​អ្នក​ដើម្បី​តែ​ប្រយោជន៍​ប៉ុណ្ណោះ។ រួច​មក អ្នក​នឹង​កាន់​តែ​មាន​អារម្មណ៍​ឯកោ​ថែម​ទៀត​»។

គម្ពីរ​ចែង​ថា​៖​«​អ្នក​ដែល​សេព​គប់​មនុស្ស​មាន​ប្រាជ្ញា​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ដែល​សេព​គប់​មនុស្ស​ល្ងី​ល្ងើ​នឹង​ជួប​បញ្ហា​»។ (​សុភាសិត ១៣:២០​) បុគ្គល​ដែល​កំពុង​ស្រេក​ឃ្លាន នឹង​បរិភោគ​អ្វី​ក៏​ដោយ​ដែល​គាត់​ឃើញ​ស្ទើរ​តែ​ទាំង​អស់។ ស្រដៀង​គ្នា​ដែរ មនុស្ស​ដែល​ស្រេក​ឃ្លាន​ចង់​បាន​មិត្ត​ភក្តិ អាច​ស្វែង​រក​មិត្តភាព​ពី​កន្លែង​ខុស។ នេះ​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​ចាញ់​បោក​អ្នក​ឯ​ទៀត ដោយ​គិត​ថា​មិត្តភាព​ជា​មួយ​បុគ្គល​នោះ​ដូច​មិត្តភាព​ទូទៅ ហើយ​ពួក​គេ​មិន​ហ៊ាន​រំពឹង​អ្វី​ច្រើន​លើស​ពី​ហ្នឹង​ទេ។

សរុប​សេចក្ដី​៖ យូរ​ៗ​ម្ដង មនុស្ស​គ្រប់​គ្នា​មាន​អារម្មណ៍​ឯកោ គ្រាន់​តែ​អ្នក​ខ្លះ​ឯកោ​ខ្លាំង​ជាង​អ្នក​ឯ​ទៀត។ ទោះ​ជា​អារម្មណ៍​ឯកោ​អាច​ជា​អារម្មណ៍​ពិបាក​ក្ដី តែ​វា​គ្រាន់​តែ​មួយ​រយៈ​ប៉ុណ្ណោះ។ ធម្មតា គំនិត​យើង​ដឹក​នាំ​អារម្មណ៍​របស់​យើង ហើយ​យើង​អាច​គ្រប់​គ្រង​គំនិត​របស់​យើង​បាន។

ប្អូន​ក៏​ត្រូវ​មាន​គំនិត​សម​ហេតុ​សម​ផល​ដែរ​ចំពោះ​អ្វី​ដែល​ប្អូន​រំពឹង​ពី​អ្នក​ឯ​ទៀត។ ប្អូន​ជើនិត​បាន​រៀប​រាប់​ថា​៖​«​មិន​មែន​មនុស្ស​ទាំង​អស់​អាច​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​អ្នក​រហូត​ទេ។ ប៉ុន្តែ អ្នក​នឹង​រក​ឃើញ​បុគ្គល​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក ហើយ​ទង្វើ​នេះ​គឺ​ល្មម​គ្រប់​គ្រាន់​ដើម្បី​ជួយ​អ្នក​លែង​មាន​អារម្មណ៍​ឯកោ​»។

ដើម្បី​រក​ព័ត៌មាន​ថែម​ទៀត សូម​អាន​ប្រអប់​«​យក​ឈ្នះ​អារម្មណ៍​ខ្លាច​បាត់​បង់​មិត្តភាព​»។

ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

វ៉ាន់នេសា

ប្អូន​វ៉ាន់នេសា​បាន​រៀប​រាប់​ថា​៖​«​សូម​ប្រាប់​នរណា​ម្នាក់​អំពី​អារម្មណ៍​ឯកោ​របស់​អ្នក។ សូម​កុំ​លាក់​អារម្មណ៍​នោះ​ឡើយ។ បើ​អ្នក​ឲ្យ​គេ​ដឹង ប្រហែល​អ្នក​អាច​មាន​ឱកាស​ស្គាល់​អ្នក​ឯ​ទៀត​ដែល​មាន​អារម្មណ៍​ដូច​អ្នក​ដែរ ហើយ​ពួក​គេ​នឹង​យល់​អារម្មណ៍​អ្នក។ ការ​ពិត​អ្នក​ត្រូវ​ការ​តែ​មិត្ត​ម្នាក់​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​សប្បាយ​»។

ថេល័រ

ប្អូន​ថេល័រ​បាន​រៀប​រាប់​ថា​៖​«​អ្នក​មិន​អាច​បន្ទោស​អ្នក​ឯ​ទៀត​ដោយ​សារ​អ្នក​ឯកោ​ទេ។ ពេល​ខ្លះ គឺ​អ្នក​ខ្លួន​ឯង​ដែល​ញែក​ខ្លួន​ពី​អ្នក​ឯ​ទៀត។ ដូច្នេះ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ព្យាយាម​ទៅ​រក​អ្នក​ឯ​ទៀត​ជា​មុន។ បើ​មិន​បាន​ផល​ទេ សូម​ព្យាយាម​ស្វែង​រក​មិត្ត​ភក្តិ​ថ្មី ជា​បុគ្គល​ដែល​អ្នក​ប្រហែល​មើល​រំលង​ពី​មុន​»។

យក​ឈ្នះ​អារម្មណ៍​ខ្លាច​បាត់​បង់​មិត្តភាព

ប្អូន​អ៊ីឡេន​បាន​រៀប​រាប់​ថា​៖​«​មិត្ត​ម្នាក់​របស់​ខ្ញុំ​មាន​អារម្មណ៍​ឯកោ​ជា​ខ្លាំង។ ទោះ​ជា​គាត់​នៅ​ក្បែរ​មនុស្ស​ជា​ច្រើន​ដែល​យក​ចិត្ត​ទុក​ដាក់​និង​ស្រឡាញ់​គាត់​ក៏​ដោយ គាត់​នៅ​តែ​មាន​អារម្មណ៍​ថា​គ្មាន​អ្នក​ណា​អើពើ​ឬ​ស្រឡាញ់​គាត់​ទេ។ គាត់​ធ្វើ​ពុត​ជា​រឹង​មាំ​ដើម្បី​កុំ​ឲ្យ​អ្នក​ឯ​ទៀត​ឃើញ​ភាព​ទន់​ខ្សោយ​របស់​គាត់។ ខ្ញុំ​គិត​ថា​ការ​ធ្វើ​បែប​នោះ នាំ​ឲ្យ​អ្នក​ឯ​ទៀត​ពិបាក​ធ្វើ​ជា​មិត្ត​របស់​គាត់។ បុគ្គល​ដែល​ជួប​គាត់​គិត​ថា​គាត់​ជា​មនុស្ស​សោះ​កក្រោះ ហើយ​សម្រាប់​អ្នក​ខ្លះ​ទៀត ក្រោយ​ពី​ជួប​គាត់​ហើយ​លែង​ចង់​រាប់​អាន​គាត់​តែ​ម្ដង។

​«​បន្ថែម​ទៅ​ទៀត គាត់​ក៏​ខ្លាច​ថា​គាត់​នឹង​ឈឺ​ចិត្ត​នៅ​ថ្ងៃ​ណា​មួយ។ ដូច្នេះ ពេល​ដែល​បុគ្គល​ណា​ម្នាក់​ព្យាយាម​ចូល​ទៅ​ជិត​គាត់ គាត់​បែរ​ជា​មិន​អើពើ​នឹង​គេ ឬ​សន្និដ្ឋាន​ថា​មិត្តភាព​នោះ​នឹង​មិន​ស្ថិត​ស្ថេរ​ទេ។ គាត់​មាន​អារម្មណ៍​ឯកោ ដោយ​សារ​អ្នក​ឯ​ទៀត​មិន​យល់​ពី​គាត់ តែ​តាម​ពិត​មក​ពី​គាត់​មិន​ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន​ដល់​ពួក​គេ។

​«​គាត់​ត្រូវ​ទទួល​ស្គាល់​ថា ការ​ប្រាប់​ពី​អារម្មណ៍​ដល់​គ្នា​អាច​ជួយ​ឲ្យ​ចំណង​មិត្តភាព​កាន់​តែ​ជិត​ស្និទ្ធ ហើយ​ជួយ​ឲ្យ​ពួក​គេ​យល់​ពី​គ្នា​កាន់​តែ​ច្បាស់។ នេះ​ក៏​ជួយ​ឲ្យ​មាន​មិត្ត​ភក្ដិ​ច្រើន​ជាង​ដែរ។ ខ្ញុំ​សង្ឃឹម​ថា​មិត្ត​របស់​ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង ហើយ​អាច​រៀន​យក​ឈ្នះ​អារម្មណ៍​នោះ​បាន​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក