សំណួរពីយុវវ័យ
ហេតុអ្វីមិនគួរធ្វើតាមតារាអនឡាញ? ភាគទី១: សម្រាប់ប្អូនស្រី
តើតារាអនឡាញមានចិត្តគំនិតនិងលក្ខណៈបែបណា?
សូមមើលពាក្យទាំងនេះ រួចឆ្លើយសំណួរខាងក្រោម។
ប្រអប់ទី១ |
ប្រអប់ទី២ |
---|---|
គំនិតក្មេងខ្ចី |
ចេះទទួលខុសត្រូវ |
បះបោរប្រឆាំង |
គោរពច្បាប់ |
ប្រាសចាកសីលធម៌ |
មានសីលធម៌ |
គំនិតរាក់កំភែល |
ប្រាជ្ញាវាងវៃ |
ចូលចិត្តនិយាយដើម |
ចេះគិតពិចារណា |
លាក់ពុត |
ទៀងត្រង់ |
១. តើពាក្យណាខ្លះដែលពិពណ៌នាអំពីក្មេងស្រីដែលប្អូនឃើញក្នុងភាពយន្ត ទូរទស្សន៍ ឬក្នុងទស្សនាវដ្ដី?
២. តើពាក្យណាខ្លះដែលប្អូនចង់ឲ្យគេពិពណ៌នាអំពីប្អូន?
ប្អូនទំនងជាឆ្លើយសំណួរទី១ ពីចម្លើយក្នុងប្រអប់ទី១ ហើយប្អូនប្រហែលជាឆ្លើយសំណួរទី២ ពីចម្លើយក្នុងប្រអប់ទី២។ បើប្អូនឆ្លើយដូច្នោះមែន នោះបញ្ជាក់ថាប្អូនមិនចង់មានចិត្តគំនិតនិងលក្ខណៈតាមតារាអនឡាញទេ ហើយមិនមែនមានតែប្អូនទេដែលគិតបែបនេះ។ សូមពិចារណាអំពីមូលហេតុ។
ប្អូនអ៊ែរិនបានរៀបរាប់ថា៖«ក្នុងភាពយន្តច្រើនតែបង្ហាញអំពីក្មេងស្រីដែលមិនចេះស្ដាប់បង្គាប់និងមានកិរិយាមិនល្អ។ នេះធ្វើឲ្យមើលទៅហាក់ដូចជាក្មេងស្រីៗទាំងអស់មិនគួរឲ្យទុកចិត្ត ខ្វល់អំពីទស្សនៈរបស់អ្នកឯទៀតហួសហេតុពេក និងច្រើនតែធ្វើឲ្យរឿងតូចទៅជារឿងធំ»។
ប្អូនណាថាលីបានរៀបរាប់ថា៖«ក្មេងស្រីៗក្នុងភាពយន្តនិងទូរទស្សន៍ តែងតែចង់ឲ្យគេចាប់អារម្មណ៍ គិតហួសហេតុពេកអំពីប្រុសៗ រូបរាង សម្លៀកបំពាក់ និងការល្បី»។
ប្អូនម៉ារៀបានរៀបរាប់ថា៖«យើងកម្រឃើញក្មេងស្រីក្នុងភាពយន្តមិនផឹកស្រា មិនដេកជាមួយប្រុស និងមិនបះបោរប្រឆាំងនឹងឪពុកម្ដាយណាស់។ បើក្មេងស្រីមិនបានធ្វើអ្វីទាំងនោះទេ នាងសម្ដែងជាអ្នកកាន់សាសនាតឹងរ៉ឹងឬមានគំនិតចាស់បុរាណ»។
សូមសួរខ្លួនថា៖ ‹តើពាក្យសម្ដី ការប្រព្រឹត្ត និងរបៀបដែលខ្ញុំស្លៀកពាក់ ឆ្លុះបញ្ចាំងថានោះជាខ្លួនខ្ញុំឬទេ? ឬក៏ខ្ញុំគ្រាន់តែធ្វើតាមតារាអនឡាញប៉ុណ្ណោះ?›។
អ្វីដែលប្អូនគួរដឹង
មនុស្សជាច្រើនគិតថាពួកគេធ្វើតាមគំនិតរបស់ខ្លួន តែតាមពិតពួកគេកំពុងធ្វើតាមតារាអនឡាញដោយមិនដឹងខ្លួន។ យុវនារីម្នាក់ឈ្មោះខារិនបានរៀបរាប់ថា៖«ខ្ញុំក៏ឃើញប្អូនស្រីរបស់ខ្ញុំធ្វើដូច្នេះដែរ។ តាមពិតនាងជាមនុស្សឆ្លាត ហើយចាប់អារម្មណ៍នឹងអ្វីផ្សេងៗ តែនាងធ្វើជាមិនខ្វល់អំពីអ្វីទាំងអស់ ក្រៅពីសម្លៀកបំពាក់និងប្រុសៗ ព្រោះនាងគិតថាការធ្វើដូច្នោះ គឺជាវិធីដែលនាងអាចចូលចុះជាមួយនឹងក្មេងស្រីឯទៀត។ ហើយនាងមានអាយុទើបតែ១២ឆ្នាំប៉ុណ្ណោះ!»។
គម្ពីរចែងថា៖«ចូរឈប់យកតម្រាប់របៀបរបបពិភពលោកនេះ»។—រ៉ូម ១២:២
អ្វីដែលគេនិយមតាមអនឡាញមិនមែនជាអ្វីដែលក្មេងស្រីទាំងអស់ចង់មានទេ។ ប្អូនអាឡិចសឺសដែលមានអាយុ១៥ឆ្នាំ បានរៀបរាប់ថា៖«ក្នុងបណ្ដាញសង្គម យើងឃើញស្រីៗគិតតែពីខ្លួនឯង ហើយទំនងជាធ្វើអ្វីដែលមិនសូវចេះពិចារណា ប៉ុន្តែ យើងភាគច្រើនច្បាស់ជាមិនចង់ធ្វើដូច្នោះឡើយ។ មានអ្វីផ្សេងៗដែលយើងត្រូវគិតក្នុងជីវិត មិនមែនចេះតែអង្គុយស្រមើស្រមៃអំពីប្រុសៗនោះទេ»។
គម្ពីរចែងថា៖«មនុស្សពេញវ័យ . . . បង្វឹកបង្ហាត់សមត្ថភាពវែកញែករបស់ខ្លួន ដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ»។—ហេប្រឺ ៥:១៤
តារាអនឡាញថតពាណិជ្ជកម្មដើម្បីផ្ដល់ផលចំណេញដល់ក្រុមហ៊ុន មិនមែនក្មេងស្រីជំទង់ទេ។ ពេលដឹងអំពីផលចំណេញកប់ក្ដោងដែលវិស័យពាណិជ្ជកម្មនឹងទទួល នោះក្រុមហ៊ុនខាងសម្លៀកបំពាក់ ខាងបច្ចេកវិទ្យា និងខាងការកម្សាន្ត ព្យាយាមទាក់ទាញចិត្តពួកយុវវ័យតាំងពីពួកគេមិនទាន់ចូលវ័យជំទង់ទៅទៀត។ សៀវភៅមួយបានរៀបរាប់ថា៖«អ្នកផ្សាយពាណិជ្ជកម្មលើកទឹកចិត្តក្មេងៗទាំងស្រីទាំងប្រុស ឲ្យដេញតាមម៉ូតសម្លៀកបំពាក់ គ្រឿងអលង្ការ គ្រឿងផាត់មុខ និងគ្រឿងអេឡិចត្រូនិក។ បើពួកគេមិនមានអ្វីទាំងនោះថ្មីជាងគេទេ នោះពួកគេជាមនុស្សមិនទាន់សម័យឡើយ។ ក្មេងៗទាំងប្រុសទាំងស្រីឃើញការផ្សាយពាណិជ្ជកម្មដ៏គួរឲ្យទាក់ទាញទាំងនោះនៅគ្រប់ទីកន្លែង មុនពួកគេដឹងថាការផ្សាយពាណិជ្ជកម្មនោះនិយាយអំពីអ្វីទៅទៀត»(the book 12 Going on 29)។
គម្ពីរចែងថា៖ «ពីព្រោះអ្វីៗក្នុងពិភពលោកនេះ ពោលគឺសេចក្ដីប៉ងប្រាថ្នាខុសឆ្គង ការចង់បានអ្វីដែលទាក់ទាញភ្នែក និងការអួតសម្ញែងភាពមានបានរបស់ខ្លួន នោះមិនមែនមកពីបិតាដែលស្ថិតនៅស្ថានសួគ៌ឡើយ តែមកពីពិភពលោកនេះវិញ»។—យ៉ូហានទី១ ២:១៦
សូមគិតអំពីនេះ៖ បើប្អូនគិតហួសហេតុពេកអំពីម៉ូតពេញនិយមនិងម៉ាកល្បីៗនៃសម្លៀកបំពាក់ តើអ្នកណានឹងទទួលប្រយោជន៍ច្រើនជាងគេ? តើអ្នកណានឹងទទួលផលចំណេញ បើប្អូនទិញទូរស័ព្ទដៃស៊េរីថ្មីបំផុតដើម្បីគ្រាន់តែចង់ឲ្យមិត្តភក្តិស្ងើចសរសើរ? តើអ្នកផ្សាយពាណិជ្ជកម្មគិតអំពីប្រយោជន៍របស់ប្អូនឬរបស់ខ្លួនគេ?
អ្វីដែលប្អូនអាចធ្វើ
កុំចេះតែធ្វើតាមតារាអនឡាញដោយមិនពិចារណា។ ពេលដែលប្អូនកាន់តែធំ ប្អូនចេះគិតវែងឆ្ងាយជាងមិនមែនគិតតែសម្បកក្រៅទេ។ សូមប្រើសមត្ថភាពរិះគិតនោះដើម្បីពិចារណាពីឥទ្ធិពលដែលបណ្ដាញសង្គមអាចមានមកលើប្អូន។ ប្អូនអេឡាណឺដែលមានអាយុ១៤ឆ្នាំ បានរៀបរាប់ថា៖«ក្នុងបណ្ដាញសង្គម យើងច្រើនតែឃើញក្មេងស្រីៗផាត់មុខក្រាស់ ហើយស្លៀកលេចលើលេចក្រោម។ ក្មេងស្រីជាច្រើនមិនដឹងទេថាការផាត់មុខនិងស្លៀកពាក់បែបនោះ មិនធ្វើឲ្យពួកគេមើលទៅស្អាតនោះទេ ផ្ទុយទៅវិញ បែរជាធ្វើឲ្យអ្នកឯទៀតគិតថាពួកគេចង់បានចំណាប់អារម្មណ៍ពីប្រុសៗប៉ុណ្ណោះ»។
បណ្ដុះឲ្យមានគុណសម្បត្តិនិងលក្ខណៈដែលប្អូនពិតជាចង់មាន។ ជាឧទាហរណ៍ សូមគិតអំពីគុណសម្បត្តិដែលប្អូនបានជ្រើសរើសនៅដើមអត្ថបទនេះ គឺជាគុណសម្បត្តិដែលប្អូនចង់ឲ្យអ្នកឯទៀតស្គាល់អំពីប្អូន។ សូមចាប់ផ្ដើមបណ្ដុះគុណសម្បត្តិទាំងនោះពីឥឡូវនេះ ហើយបើប្អូនមានគុណសម្បត្តិទាំងនោះហើយ សូមបង្ហាញគុណសម្បត្តិទាំងនោះឲ្យកាន់តែប្រសើរថែមទៀត។ គម្ពីរចែងថា៖«ចូរបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី ដែលកំពុងត្រូវកែប្រែឲ្យថ្មីតាមរយៈចំណេះត្រឹមត្រូវ ស្របតាមលក្ខណៈរបស់លោកដែលបានបង្កើតបុគ្គលិកលក្ខណៈថ្មីនោះ» មិនមែនធ្វើតាមតារាក្នុងពាណិជ្ជកម្មនោះទេ។—កូឡុស ៣:១០
ស្វែងរកគំរូដែលប្អូនចង់យកតម្រាប់តាម។ អ្នកទាំងនោះអាចជាសមាជិកក្នុងក្រុមគ្រួសាររបស់ប្អូន ដូចជាម្ដាយឬមីងរបស់ប្អូន អាចជាបងប្អូនស្រីផ្សេងទៀតដែលមានភាពចាស់ទុំដែលជាមិត្តភក្តិឬអ្នកស្គាល់គ្នាជាដើម។ ក្នុងចំណោមសាក្សីព្រះយេហូវ៉ា មានបងប្អូនស្រីជាច្រើនដែលទុកគំរូល្អឲ្យយើងយកតម្រាប់តាម។—ទីតុស ២:៣-៥
យោបល់៖ សូមប្រើសៀវភៅចូរយកតម្រាប់ជំនឿរបស់ពួកគាត់ (ជាភាសាអង់គ្លេស) ដើម្បីរៀនអំពីគំរូរបស់បុគ្គលក្នុងគម្ពីរ ដូចជារូថ ហាណា អាប៊ីកែល អេសធើរ ម៉ារៀ និងម៉ាថា។ សៀវភៅចូរយកតម្រាប់ជំនឿរបស់ពួកគាត់ បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា ហើយមាននៅក្នុងគេហទំព័រwww.jw.org។