សំណួរពីយុវវ័យ
ហេតុអ្វីមិនគួរធ្វើតាមតារាអនឡាញ? ភាគទី២: សម្រាប់ប្អូនប្រុស
តើតារាអនឡាញមានចិត្តគំនិតនិងលក្ខណៈបែបណា?
សូមមើលពាក្យទាំងនេះ រួចឆ្លើយសំណួរខាងក្រោម។
ប្រអប់ទី១ |
ប្រអប់ទី២ |
---|---|
បះបោរប្រឆាំង |
ចេះគោរពអ្នកឯទៀត |
គិតតែពីខ្លួនឯង |
ស្មោះត្រង់ |
តឹងរ៉ឹង |
ចេះយោគយល់ |
ខ្ជិលច្រអូស |
ឧស្សាហ៍ |
ខ្ជីខ្ជា |
ចេះទទួលខុសត្រូវ |
លាក់ពុត |
ទៀងត្រង់ |
១. តើពាក្យណាខ្លះដែលពិពណ៌នាអំពីក្មេងប្រុសដែលប្អូនឃើញក្នុងបណ្ដាញសង្គម ភាពយន្ត ទូរទស្សន៍ និងការផ្សាយពាណិជ្ជកម្ម?
២. តើពាក្យណាខ្លះដែលប្អូនចង់ឲ្យគេពិពណ៌នាអំពីប្អូន?
ប្អូនទំនងជាឆ្លើយសំណួរទី១ ពីចម្លើយក្នុងប្រអប់ទី១ ហើយប្អូនប្រហែលជាឆ្លើយសំណួរទី២ ពីចម្លើយក្នុងប្រអប់ទី២។ បើប្អូនឆ្លើយដូច្នោះមែនគឺល្អណាស់។ ហេតុអ្វី? ពីព្រោះលក្ខណៈរបស់យុវវ័យប្រុសៗដែលល្បីតាមអនឡាញ ប្រហែលមិនមែនជាបុគ្គលដែលប្អូនគួរយកតម្រាប់តាមទេ។ សូមពិចារណាអំពីមូលហេតុ។
បណ្ដាញសង្គមច្រើនតែបង្ហាញអំពីប្រុសៗដែលប្រើហិង្សានិងចូលចិត្តបះបោរ។ សៀវភៅមួយបានរៀបរាប់ថាប្រុសៗដែលល្បីខ្លាំងតាមទូរទស្សន៍ ភាពយន្ត និងកីឡា គឺជា«អ្នកដែលមានកម្លាំងកាយខ្លាំង ហើយច្រើនតែបញ្ចេញកំហឹង។ . . . នេះធ្វើឲ្យអ្នកឯទៀតយល់ថាប្រុសៗត្រូវតែខ្លាំងនិងចេះប្រឆាំង»(Why Boys Don’t Talk—and Why It Matters)។
សូមគិតអំពីនេះ៖ តើការបញ្ចេញកំហឹងធ្វើឲ្យប្អូនក្លាយជាមិត្តភក្តិល្អជាង អ្នករួមការងារល្អជាង ឬប្ដីប្រសើរជាងទេ? ពេលប្អូនខឹង តើមួយណាពិបាកជាង បញ្ចេញកំហឹងឬទប់កំហឹង? តើអ្វីសឲ្យឃើញថាប្អូនជាបុគ្គលដែលមានគំនិតចាស់ទុំ?
គម្ពីរចែងថា៖«មនុស្សដែលមិនរហ័សខឹង នោះប្រសើរជាងមនុស្សខ្លាំងពូកែ ចំណែកឯអ្នកដែលចេះទប់អារម្មណ៍ នោះប្រសើរជាងអ្នកដែល វាយយកបានក្រុងទាំងមូលទៅទៀត»។—សុភាសិត ១៦:៣២
បើប្អូនចេះទប់កំហឹង ប្អូនខ្លាំងជាងអ្នកចម្បាំងទៅទៀត
បណ្ដាញសង្គមបង្ហាញអំពីប្រុសៗដែលវក់នឹងការរួមភេទ។ ប្អូនគ្រីសដែលមានអាយុ១៧ឆ្នាំ បានរៀបរាប់ថា៖«ក្នុងភាពយន្តនិងទូរទស្សន៍ យើងឃើញថាប្រុសៗដូរសង្សារញឹកជាងដូរខោអាវទៅទៀត»។ ប្អូនហ្គារីដែលមានអាយុ១៨ឆ្នាំ ក៏បន្ថែមថា៖«ប្រុសៗដែលគេបង្ហាញក្នុងបណ្ដាញសង្គមច្រើនតែវក់នឹងការរួមភេទ»។ ជាឧទាហរណ៍ ភាពយន្តខ្លះឆ្លុះបញ្ចាំងឲ្យឃើញថាគោលដៅក្នុងជីវិតរបស់ប្រុសៗ គឺមានតែការជប់លៀង ផឹកស្រា និងរួមភេទប៉ុណ្ណោះ។
សូមគិតអំពីនេះ៖ តើប្អូនចង់មានកេរ្តិ៍ឈ្មោះដូចតារាអនឡាញទាំងនោះឬ? តើបុរសពិតគួរប្រព្រឹត្តទៅលើស្ត្រីដូចជាឧបករណ៍ខាងផ្លូវភេទ ឬគួរប្រព្រឹត្តទៅលើនាងដោយថ្លៃថ្នូរ?
គម្ពីរចែងថា៖ «អ្នករាល់គ្នាម្នាក់ៗត្រូវចេះគ្រប់គ្រងរូបកាយរបស់ខ្លួន ដោយសេចក្ដីបរិសុទ្ធនិងកិត្តិយស មិនមែនដូចជនជាតិដទៃដែលមិនស្គាល់ព្រះនោះឡើយ គឺអ្នកដែលមិនគ្រប់គ្រងចំណង់ផ្លូវភេទរបស់ខ្លួន និងរកបំពេញកាមតណ្ហាដោយមិនចេះឆ្អែតឆ្អន់»។—ថែស្សាឡូនិចទី១ ៤:៤, ៥
បណ្ដាញសង្គមបង្ហាញអំពីប្រុសៗដែលគ្មានទំនួលខុសត្រូវ។ ក្នុងភាពយន្តល្បីៗជាច្រើន និងក្នុងកម្មវិធីទូរទស្សន៍ គេច្រើនតែបង្ហាញអំពីក្មេងប្រុសៗដែលខ្ជីខ្ជា ខ្ជិលច្រអូស និងគ្មានបានការ។ ប្រហែលមូលហេតុនេះហើយបានជាមនុស្សពេញវ័យខ្លះមិនមានទំនុកចិត្តចំពោះក្មេងប្រុសៗទេ។ ប្អូនហ្គារីដែលបានរៀបរាប់នៅខាងលើ បានបន្ថែមថា៖«ពេលខ្ញុំចូល១៦ឆ្នាំ ខ្ញុំពិបាករកការងារធ្វើណាស់ ព្រោះថៅកែក្រុមហ៊ុនក្នុងតំបន់ខ្ញុំចង់ជួលតែស្រីៗប៉ុណ្ណោះ។ ពួកគេគិតថាក្មេងប្រុសទាំងអស់គ្មានទំនួលខុសត្រូវឬមិនគួរឲ្យទុកចិត្ត»។
សូមគិតអំពីនេះ៖ តើសមហេតុផលទេដែលថាក្មេងប្រុសៗទាំងអស់សុទ្ធតែគ្មានទំនួលខុសត្រូវនិងមិនគួរឲ្យទុកចិត្តដូចតារាអនឡាញ? តើប្អូនអាចបង្ហាញយ៉ាងណាថាប្អូនខុសពីពួកគេ?
គម្ពីរចែងថា៖ «កុំឲ្យអ្នកណាមើលងាយអ្នកដោយសារអ្នកនៅក្មេងឡើយ។ ផ្ទុយទៅវិញ ចូរធ្វើជាគំរូល្អដល់ពួកអ្នកស្មោះត្រង់ក្នុងការនិយាយ ការប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងសេចក្ដីបរិសុទ្ធ»។—ធីម៉ូថេទី១ ៤:១២
អ្វីដែលប្អូនគួរដឹង
បណ្ដាញសង្គមអាចមានឥទ្ធិពលយ៉ាងខ្លាំងមកលើប្អូន។ ជាឧទាហរណ៍ បណ្ដាញសង្គមអាចធ្វើឲ្យប្អូនមានអារម្មណ៍ថា ប្អូនត្រូវតែធ្វើតាមស្ទីលថ្មីៗដើម្បីឲ្យគេចូលចិត្តប្អូន។ ប្អូនខូលីនដែលមានអាយុ១៧ឆ្នាំ បាននិយាយថា៖«ក្នុងការផ្សាយពាណិជ្ជកម្ម គេបង្ហាញប្រុសៗស្លៀកពាក់បែបណា ហើយមានស្រីស្អាតចោមរោមពួកគេ។ គេបង្ហាញដូច្នោះដើម្បីឲ្យអ្នកដែលឃើញចង់ទៅទិញសម្លៀកបំពាក់ទាំងនោះ។ និយាយឲ្យត្រង់ទៅ ខ្ញុំក៏ធ្លាប់ទិញតាមគេពីរបីដងដែរ!»។
សូមគិតអំពីនេះ៖ តើរបៀបដែលប្អូនស្លៀកពាក់ឆ្លុះបញ្ចាំងអំពីប្អូន ឬក៏ប្អូនធ្វើតាមតារាអនឡាញ? បើប្អូនចំណាយប្រាក់ដើម្បីទិញអ្វីដែលទាន់សម័យ តើអ្នកណានឹងទទួលផលចំណេញ?
គម្ពីរចែងថា៖ «ចូរឈប់យកតម្រាប់របៀបរបបពិភពលោកនេះ»។—រ៉ូម ១២:២
ការធ្វើតាមតារាទាំងនោះអាចធ្វើឲ្យប្អូនបាត់បង់ភាពទាក់ទាញចំពោះស្រីៗ។ សូមពិចារណាអំពីអ្វីដែលប្អូនស្រីៗបាននិយាយ៖
ប្អូនអាណាបាននិយាយថា៖«ខ្ញុំមិនចូលចិត្តទេ ប្រុសៗដែលគ្មានភាពជាខ្លួនឯង ហើយចេះតែធ្វើតាមគេដើម្បីឲ្យអ្នកឯទៀតកោតស្ងើច។ ពេលប្រុសៗព្យាយាមទាក់ទាញចិត្តគេខ្លាំងពេក គាត់មើលទៅមិនឡូយទេ តែបែរជាគួរឲ្យចង់សើចទៅវិញ!»។
ប្អូនដាញែលបានរៀបរាប់ថា៖«អ្នកផ្សាយពាណិជ្ជកម្មធ្វើឲ្យប្អូនប្រុសៗមានអារម្មណ៍ថា ពួកគេត្រូវមានគ្រឿងទំនើបណាមួយឬមើលទៅឡូយទើបអាចទាក់ទាញចិត្តស្រីៗបាន។ ប៉ុន្តែ ស្រីៗដែលមានភាពចាស់ទុំ មិនមើលទៅលើអ្វីទាំងនោះឡើយ។ ផ្ទុយទៅវិញ ពួកគេមើលគុណសម្បត្តិរបស់បុរសនោះវិញ ហើយសង្កេតមើលថាតើបុរសនោះប្រព្រឹត្តយ៉ាងណាទៅលើអ្នកឯទៀត។ ជាឧទាហរណ៍ ស្រីៗចូលចិត្តប្រុសៗដែលទៀងត្រង់និងមានភក្ដីភាព»។
ប្អូនដាយអាណាបាននិយាយថា៖«ប្រុសៗដែលមើលទៅល្អឥតខ្ចោះ គឺច្រើនតែមានអំណួត។ ហើយខ្ញុំមិនចង់នៅក្បែរមនុស្សដូចនោះទេ។ អ្នកប្រហែលជាមើលទៅសង្ហា តែបើលក្ខណៈខាងក្នុងមិនដូចសម្បកក្រៅ នោះគ្មានភាពទាក់ទាញទាល់តែសោះ»។
សូមគិតអំពីនេះ៖ គម្ពីររៀបរាប់អំពីក្មេងប្រុសសាំយូអែលថា គាត់«កាន់តែធំឡើង ហើយទាំងព្រះយេហូវ៉ាទាំងមនុស្សពេញចិត្តគាត់កាន់តែខ្លាំងឡើងៗ»។ (សាំយូអែលទី១ ២:២៦) តើគុណសម្បត្តិអ្វីខ្លះដែលប្អូនត្រូវបណ្ដុះឲ្យមានដើម្បីមានកេរ្តិ៍ឈ្មោះល្អដូចគាត់?
គម្ពីរចែងថា៖ «ចូរមានចិត្តក្លាហាន»។—កូរិនថូសទី១ ១៦:១៣
អ្វីដែលប្អូនអាចធ្វើ
កុំចេះតែធ្វើតាមតារាអនឡាញដោយមិនពិចារណា។ សូមកត់សម្គាល់អ្វីដែលគម្ពីរចែង ដែលថា៖«អ្វីៗក្នុងពិភពលោកនេះ ពោលគឺសេចក្ដីប៉ងប្រាថ្នាខុសឆ្គង ការចង់បានអ្វីដែលទាក់ទាញភ្នែក និងការអួតសម្ញែងភាពមានបានរបស់ខ្លួន នោះមិនមែនមកពីបិតាដែលស្ថិតនៅស្ថានសួគ៌ឡើយ តែមកពីពិភពលោកនេះវិញ»។—យ៉ូហានទី១ ២:១៦
បណ្ដាញសង្គមទាញប្រយោជន៍ពីសេចក្ដីប៉ងប្រាថ្នារបស់មនុស្ស ហើយបង្ហាញថានោះជាអ្វីធម្មតា។ ដូច្នេះ សូមគិតពិចារណាសិន កុំចេះតែឃើញភ្លាមទិញភ្លែត។ ពីព្រោះគោលបំណងចម្បងរបស់អ្នកផ្សាយពាណិជ្ជកម្មគឺចង់ឲ្យអ្នកដែលឃើញ ចំណាយប្រាក់ដើម្បីទិញផលិតផលរបស់ពួកគេ។
កុំឲ្យតារាអនឡាញកាន់កាប់លើជីវិតរបស់ប្អូនឡើយ។ គម្ពីរចែងថា៖«ចូរបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី ដែលកំពុងត្រូវកែប្រែឲ្យថ្មីតាមរយៈចំណេះត្រឹមត្រូវ ស្របតាមលក្ខណៈរបស់លោកដែលបានបង្កើតបុគ្គលិកលក្ខណៈថ្មីនោះ» មិនមែនតាមតារាដែលគេបង្ហាញក្នុងបណ្ដាញសង្គមនោះឡើយ។—កូឡុស ៣:១០
ដើម្បីជួយប្អូនឲ្យធ្វើតាមដំបូន្មាននេះ សូមគិតឡើងវិញអំពីគុណសម្បត្តិដែលប្អូនបានជ្រើសរើសនៅដើមអត្ថបទនេះ គឺជាគុណសម្បត្តិដែលប្អូនចង់ឲ្យអ្នកឯទៀតស្គាល់អំពីប្អូន។ ដូច្នេះ សូមចាប់ផ្ដើមបណ្ដុះគុណសម្បត្តិទាំងនោះពីឥឡូវនេះ ហើយបើប្អូនមានគុណសម្បត្តិទាំងនោះហើយ សូមបង្ហាញគុណសម្បត្តិទាំងនោះឲ្យកាន់តែប្រសើរថែមទៀត។
ស្វែងរកគំរូដែលប្អូនចង់យកតម្រាប់តាម។ គម្ពីរចែងថា៖«អ្នកដែលសេពគប់មនុស្សមានប្រាជ្ញានឹងមានប្រាជ្ញាដែរ»។ (សុភាសិត ១៣:២០) តើបុរសមួយណាដែលប្អូនឃើញថាគាត់ជាមនុស្សមានប្រាជ្ញា? គាត់អាចជាសមាជិកក្នុងក្រុមគ្រួសាររបស់ប្អូន ដូចជាឪពុកឬពូរបស់ប្អូន អាចជាបងប្អូនប្រុសផ្សេងទៀតដែលមានភាពចាស់ទុំដែលជាមិត្តភក្តិឬអ្នកស្គាល់គ្នាជាដើម។ ក្នុងចំណោមសាក្សីព្រះយេហូវ៉ា មានបងប្រុសៗជាច្រើនដែលទុកគំរូល្អឲ្យយើងយកតម្រាប់តាម។ ក្នុងគម្ពីរក៏មានគំរូល្អៗជាច្រើនដែរ ដូចជាទីតុសជាដើម។ គាត់បានទុកគំរូល្អឲ្យប្អូនៗយុវវ័យយកតម្រាប់តាម។—ទីតុស ២:៦-៨
យោបល់៖ សូមប្រើសៀវភៅចូរយកតម្រាប់ជំនឿរបស់ពួកគាត់ (ជាភាសាអង់គ្លេស) ដើម្បីរៀនអំពីគំរូរបស់បុគ្គលក្នុងគម្ពីរ ដូចជា អេបិល ណូអេ អាប់រ៉ាម សាំយូអែល អេលីយ៉ា យ៉ូណាស យ៉ូសែប និងពេត្រុសជាដើម។