ជំនួយសម្រាប់ក្រុមគ្រួសារ | អាពាហ៍ពិពាហ៍
របៀបមានតុល្យភាពក្នុងការប្រើប្រាស់គ្រឿងអេឡិចត្រូនិក
ការប្រើប្រាស់គ្រឿងអេឡិចត្រូនិកអាចជួយពង្រឹងចំណងអាពាហ៍ពិពាហ៍ផង ហើយក៏អាចបង្ខូចអាពាហ៍ពិពាហ៍ផងដែរ។ តើគ្រឿងអេឡិចត្រូនិកមានឥទ្ធិពលយ៉ាងណាទៅលើចំណងអាពាហ៍ពិពាហ៍របស់អ្នក?
អ្វីដែលអ្នកគួរដឹង
ការប្រើប្រាស់គ្រឿងអេឡិចត្រូនិកដោយឈ្លាសវៃ អាចពង្រឹងចំណងអាពាហ៍ពិពាហ៍។ ជាឧទាហរណ៍ ប្ដីប្រពន្ធខ្លះប្រើគ្រឿងអេឡិចត្រូនិកដើម្បីទាក់ទងគ្នាពេលដែលពួកគេនៅឆ្ងាយពីគ្នា។
ចនណាថិនបានរៀបរាប់ថា៖«ការផ្ញើសារដល់គូ ដូចជា‹បងស្រឡាញ់អូន› ឬ‹បងកំពុងនឹកដល់អូន› គឺមានន័យខ្លាំងណាស់»។
ការប្រើប្រាស់គ្រឿងអេឡិចត្រូនិកដោយមិនឈ្លាសវៃ អាចបង្ខូចចំណងអាពាហ៍ពិពាហ៍។ ជាឧទាហរណ៍ អ្នកខ្លះប្រើគ្រឿងអេឡិចត្រូនិកច្រើនពេក រហូតដល់គ្មានពេលវេលាជាមួយគូនិងមិនអាចយកចិត្តទុកដាក់ចំពោះគូរបស់ខ្លួន។
ជូលីសឺបានរៀបរាប់ថា៖«តាមពិតប្ដីខ្ញុំចង់និយាយច្រើនជាងជាមួយខ្ញុំ បើគាត់ឃើញខ្ញុំមិនរវល់ចុចទូរសព្ទ»។
អ្នកខ្លះនិយាយថាពួកគេអាចចុចទូរសព្ទបណ្ដើរ និងនិយាយលេងជាមួយគូបណ្ដើរ។ យោងទៅតាមសម្ដីរបស់បណ្ឌិតខាងផ្នែកសង្គមម្នាក់ គឺលោកស្រីហ្សេរី ថឺខឺល បានរៀបរាប់ថា៖«គឺមិនអាចទៅរួចឡើយដែលបុគ្គលម្នាក់អាចសម្រេចកិច្ចការពីរក្នុងពេលតែមួយ»។ សូម្បីតែអ្នកខ្លះដែលគិតថាអាចធ្វើកិច្ចការផ្សេងៗក្នុងពេលតែមួយក្ដី តាមពិតគឺមិនអាចធ្វើទាំងអស់បានល្អឡើយ។ លោកស្រីហ្សេរីបាននិយាយថា៖«បើយើងព្យាយាមធ្វើអ្វីផ្សេងៗក្នុងពេលតែមួយ លទ្ធផលចេញមកគឺមិនបានល្អទាំងអស់ទេ»។a
សារ៉ាបានរៀបរាប់ថា៖«ខ្ញុំសប្បាយនិយាយលេងជាមួយប្ដីរបស់ខ្ញុំ។ តែពេលគាត់រវល់ចុចទូរសព្ទបណ្ដើរនិយាយជាមួយខ្ញុំបណ្ដើរ ធ្វើឲ្យខ្ញុំគិតថាគាត់មិនសូវសប្បាយនិយាយជាមួយខ្ញុំទេ»។
សរុបសេចក្ដី៖ របៀបដែលអ្នកប្រើគ្រឿងអេឡិចត្រូនិកអាចធ្វើឲ្យអ្នកស្និទ្ធស្នាលជាមួយគូ ឬអាចធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីគូ។
អ្វីដែលអ្នកអាចធ្វើ
កំណត់ថាអ្វីសំខាន់ជាង។ គម្ពីរចែងថា៖«ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»។ (ភីលីព ១:១០) សូមសួរខ្លួនថា‹តើខ្ញុំនិងគូខ្ញុំចំណាយពេលច្រើនប៉ុណ្ណាទៅលើគ្រឿងអេឡិចត្រូនិក ហើយចំណាយពេលច្រើនប៉ុណ្ណាជាមួយគ្នា?›។
ម៉ាធីយូបានរៀបរាប់ថា៖«គួរស្ដាយណាស់ ពេលឃើញប្រុសម្នាក់និងស្រីម្នាក់ពិសាអាហារជាមួយគ្នានៅភោជនីយដ្ឋាន តែម្នាក់ៗរវល់តែចុចទូរសព្ទរបស់ខ្លួន។ យើងមិនចង់ឲ្យគ្រឿងអេឡិចត្រូនិកកាន់កាប់លើជីវិតយើងទេ ហើយក៏មិនចង់ភ្លេចអ្វីដែលសំខាន់ជាងដែរ គឺភាពស្និទ្ធស្នាលជាមួយគ្នា»។
ដាក់កម្រិត។ គម្ពីរចែងថា៖«ចូរយកចិត្តទុកដាក់ឲ្យដិតដល់ចំពោះការប្រព្រឹត្តរបស់ខ្លួន កុំប្រព្រឹត្តដូចមនុស្សឥតប្រាជ្ញា តែប្រព្រឹត្តដូចមនុស្សដែលមានប្រាជ្ញាវិញ ដោយប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត»។ (អេភេសូរ ៥:១៥, ១៦) សូមសួរខ្លួនថា‹តើខ្ញុំអាចកំណត់ពេលមួយទុកអាននិងតបសារដែលមិនសូវប្រញាប់បានទេ ដើម្បីកុំឲ្យខ្ញុំរវល់តែតបសារទៅវិញរាល់ពេលដែលវាលេចមក?›។
ចនណាថិនបានរៀបរាប់ថា៖«ខ្ញុំឃើញថាការបិទសំឡេងទូរសព្ទនិងការតបសារនៅពេលមិនសូវរវល់ គឺជួយខ្ញុំច្រើនជាង។ ការពិត កម្រមានការហៅចូល ការផ្ញើសារ ឬអ៊ីម៉ែលណាដែលត្រូវមើលឬផ្ញើទៅវិញភ្លាមៗណាស់»។
បើអាចធ្វើបានទុកការងារមួយឡែកសិន។ គម្ពីរចែងថា៖«មានពេលកំណត់សម្រាប់អ្វីៗទាំងអស់»។ (អ្នកទូន្មាន ៣:១) សូមសួរខ្លួនថា‹តើខ្ញុំឲ្យការងាររំខានដល់ជីវិតអាពាហ៍ពិពាហ៍ខ្ញុំ ដោយនៅតែធ្វើការតាមទូរសព្ទពេលខ្ញុំសម្រាកនៅផ្ទះជាមួយគូឬទេ? បើមែន តើវាប៉ះពាល់យ៉ាងណាទៅលើអាពាហ៍ពិពាហ៍របស់ខ្ញុំ? តើគូខ្ញុំនឹងឆ្លើយយ៉ាងណាចំពោះសំណួរនេះ?›។
ម៉ាធីយូបានរៀបរាប់ថា៖«ដោយសារមានគ្រឿងអេឡិចត្រូនិក នោះស្រួលឲ្យយើងធ្វើការនៅពេលណានិងកន្លែងណាក៏បាន។ ប៉ុន្តែ ខ្ញុំត្រូវដាក់កម្រិតខ្លួនដើម្បីកុំឲ្យខ្ញុំចេះតែធ្វើការតាមទូរសព្ទ ពេលខ្ញុំនៅជាមួយប្រពន្ធរបស់ខ្ញុំ»។
ពិភាក្សាជាមួយគូអំពីការប្រើប្រាស់គ្រឿងអេឡិចត្រូនិក។ គម្ពីរចែងថា៖«ចូរឲ្យគ្រប់គ្នាសុខចិត្តលះបង់ប្រយោជន៍ខ្លួន ដើម្បីប្រយោជន៍អ្នកឯទៀត»។ (កូរិនថូសទី១ ១០:២៤) សូមនិយាយជាមួយគូអំពីរបៀបដែលអ្នកទាំងពីរប្រើប្រាស់គ្រឿងអេឡិចត្រូនិក ហើយមើលថាអ្នកទាំងពីរគួរធ្វើអ្វីខ្លះដើម្បីកែប្រែទម្លាប់ដែលខ្លួនមានពីមុន។ អ្នកអាចប្រើយោបល់ដែលមានក្នុងសំណួរផ្សេងៗដែលគួរពិចារណាក្នុងអត្ថបទនេះ។
ដាញែលបានរៀបរាប់ថា៖«ខ្ញុំនិងប្ដីខ្ញុំបាននិយាយចំៗប្រាប់គ្នាដោយឥតលាក់លៀមអំពីការប្រើប្រាស់គ្រឿងអេឡិចត្រូនិក ដើម្បីដឹងថាយើងប្រើវាច្រើនពេកឬយ៉ាងណា។ ក្រោយពីពិចារណាឃើញថាយើងចំណាយពេលច្រើនពេកទៅលើវា យើងបានសម្រេចចិត្តកែប្រែទម្លាប់នោះ»។
សរុបសេចក្ដី៖ សូមធ្វើយ៉ាងណាកុំឲ្យគ្រឿងអេឡិចត្រូនិកកាន់កាប់លើជីវិតអ្នក តែអ្នកត្រូវកាន់កាប់ទៅលើវាវិញ។
a ពីសៀវភៅReclaiming Conversation—The Power of Talk in a Digital Age។