ថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា
ចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នា។—ភី. ៤:៦
យើងអាចពង្រឹងការស៊ូទ្រាំរបស់យើងដោយអធិដ្ឋានទៅព្រះយេហូវ៉ាជារឿយៗ និងដោយប្រាប់លោកអំពីការព្រួយបារម្ភទាំងអស់របស់យើង។ (១ថែ. ៥:១៧) ប្រហែលជាអ្នកមិនមានបញ្ហាធ្ងន់ធ្ងរនៅឥឡូវនេះទេ។ ទោះជាយ៉ាងនេះក៏ដោយ តើអ្នកស្វែងរកការណែនាំពីព្រះយេហូវ៉ានៅពេលណាដែលអ្នកពិបាកចិត្ត ច្របូកច្របល់ក្នុងចិត្ត ឬមិនដឹងថាគួរធ្វើអ្វីឬទេ? បើអ្នកអធិដ្ឋានទៅព្រះរបស់យើងជាទៀងទាត់ ដើម្បីសុំលោកឲ្យជួយអ្នកប្រឈមមុខនឹងការពិបាកប្រចាំថ្ងៃរបស់អ្នកនៅឥឡូវនេះ អ្នកនឹងមិនស្ទាក់ស្ទើរធ្វើដូច្នេះពេលដែលអ្នកប្រឈមមុខនឹងការពិបាកធំជាងនៅថ្ងៃអនាគតឡើយ។ យ៉ាងនេះ អ្នកនឹងមានទំនុកចិត្តថាលោកពិតជាដឹងអំពីពេលវេលានិងរបៀបដើម្បីជួយអ្នក។ (ចសព. ២៧:១, ៣) យើងនឹងកាន់តែចេះស៊ូទ្រាំនឹងគ្រាទុក្ខវេទនាជាខ្លាំងនៅថ្ងៃអនាគត បើយើងស៊ូទ្រាំនឹងទុក្ខលំបាកនៅឥឡូវនេះ។ (រ៉ូម ៥:៣) ហេតុអ្វីយើងអាចនិយាយដូច្នេះ? បងប្អូនជាច្រើននាក់និយាយថារាល់ដងដែលពួកគេស៊ូទ្រាំនឹងស្ថានភាពពិបាក នោះជួយពួកគេឲ្យស៊ូទ្រាំនឹងបញ្ហានៅពេលក្រោយមក។ ពេលពួកគេស៊ូទ្រាំដោយមានជំនួយពីព្រះយេហូវ៉ា ពួកគេកាន់តែមានជំនឿថាព្រះយេហូវ៉ាចង់ជួយពួកគេ។ ម្យ៉ាងទៀត ដោយសារពួកគេមានជំនឿលើព្រះយេហូវ៉ា ពួកគេអាចស៊ូទ្រាំនឹងទុក្ខលំបាកនៅពេលក្រោយមក។—យ៉ា. ១:២-៤ w២៣.០៧ ទំ.៣ វ.៧-៨
ថ្ងៃសុក្រ ទី១១ ខែកក្កដា
ខ្ញុំនឹង . . . យោគយល់ដល់អ្នក។—ដក. ១៩:២១
ចិត្តរាបទាបនិងចិត្តអាណិតមេត្តារបស់ព្រះយេហូវ៉ាជំរុញចិត្តលោកឲ្យចេះសមហេតុសមផល។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានបង្ហាញថាលោកមានចិត្តរាបទាបយ៉ាងខ្លាំងពេលដែលលោកហៀបនឹងបំផ្លាញចោលមនុស្សទុច្ចរិតនៅក្រុងសូដុម។ តាមរយៈទេវតារបស់លោក ព្រះយេហូវ៉ាបានប្រាប់ឡុតដែលជាមនុស្សសុចរិតឲ្យរត់ទៅតំបន់ភ្នំ។ ឡុតមិនហ៊ានទៅទីនោះទេ។ ដូច្នេះ គាត់បានអង្វរសុំព្រះយេហូវ៉ាឲ្យគាត់និងក្រុមគ្រួសាររបស់គាត់រត់ទៅក្រុងសូអាវិញ ជាក្រុងតូចមួយដែលព្រះយេហូវ៉ាបានសម្រេចចិត្តថានឹងបំផ្លាញចោល។ ព្រះយេហូវ៉ាអាចទាមទារឲ្យឡុតធ្វើតាមការណែនាំពីលោកក៏បាន។ ប៉ុន្តែផ្ទុយទៅវិញ លោកបានយល់ព្រមតាមសំណូមពររបស់ឡុត ទោះជានេះមានន័យថាលោកមិនបំផ្លាញក្រុងសូអាចោលក៏ដោយ។ (ដក. ១៩:១៨-២២) រាប់រយឆ្នាំក្រោយមក ព្រះយេហូវ៉ាបានបង្ហាញចិត្តអាណិតមេត្តាចំពោះបណ្ដាជននៅក្រុងនីនីវេ។ លោកបានចាត់អ្នកប្រកាសទំនាយយ៉ូណាសឲ្យប្រកាសប្រាប់ដល់មនុស្សទុច្ចរិតនៅក្រុងនីនីវេថា ពួកគេនិងក្រុងរបស់ពួកគេនឹងត្រូវបំផ្លាញចោល។ ប៉ុន្តែ ពេលអ្នកក្រុងនីនីវេបានប្រែចិត្ត ព្រះយេហូវ៉ាបានអាណិតពួកគេ ហើយប្រណីមេត្តាដល់ក្រុងនោះ។—យ៉ូណ. ៣:១, ១០; ៤:១០, ១១ w២៣.០៧ ទំ.២១ វ.៥
ថ្ងៃសៅរ៍ ទី១២ ខែកក្កដា
អ្នកបម្រើទាំងនោះសម្លាប់[យេហូអាស] . . . ប៉ុន្តែ គេមិនបានបញ្ចុះគាត់នៅក្នុងទីបញ្ចុះសពរបស់បណ្ដាស្ដេចឡើយ។—២ប្រ. ២៤:២៥
តើយើងអាចរៀនអ្វីពីគំរូរបស់យេហូអាស? គាត់ប្រៀបដូចជាដើមឈើដែលមានឫសរាក់ ដែលត្រូវការបង្គោលឈើដើម្បីជួយទប់។ ក្រោយពីយេហូយ៉ាដាដែលបានជួយគាត់បានស្លាប់បាត់ទៅ យេហូអាសបានចាប់ផ្ដើមស្ដាប់តាមពួកអ្នកក្បត់ជំនឿ ហើយក៏លែងស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ នេះបង្ហាញយ៉ាងច្បាស់ថាការកោតខ្លាចព្រះមិនត្រូវពឹងផ្អែកទាំងស្រុងទៅលើឥទ្ធិពលល្អពីគ្រិស្តសាសនិកឯទៀត រួមទាំងសមាជិកក្រុមគ្រួសាររបស់យើងទេ។ ដើម្បីមានចំណងមិត្តភាពរឹងមាំជាមួយព្រះយេហូវ៉ា យើងត្រូវតែពង្រឹងការកោតខ្លាចនិងភក្ដីភាពរបស់យើងចំពោះព្រះ ដោយសិក្សា រំពឹងគិត និងអធិដ្ឋានជាទៀងទាត់។ (យេ. ១៧:៧, ៨; កូឡ. ២:៦, ៧) ព្រះយេហូវ៉ាមិនសុំអ្វីច្រើនពីយើងទេ។ អ្វីដែលលោកតម្រូវគឺបានត្រូវសង្ខេបនៅអ្នកទូន្មាន ១២:១៣ ដែលចែងថា៖ «ចូរគោរពកោតខ្លាចព្រះពិត ហើយធ្វើតាមបញ្ញត្តិរបស់លោកជានិច្ច ព្រោះនេះជាកាតព្វកិច្ចទាំងមូលរបស់មនុស្ស»។ ពេលយើងកោតខ្លាចព្រះ យើងនឹងអាចរក្សាភក្ដីភាពចំពោះលោកមិនថាមានអ្វីកើតឡើងនៅថ្ងៃខាងមុខក្ដី។ យ៉ាងនេះ គ្មានអ្វីអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ាបានឡើយ។ w២៣.០៦ ទំ.១៩ វ.១៧-១៩