បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • es25 ទំ. ៦៧-៧៧
  • ខែ​កក្កដា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខែ​កក្កដា
  • ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
  • ចំណងជើងតូច
  • ថ្ងៃ​អង្គារ ទី​១ ខែ​កក្កដា
  • ថ្ងៃ​ពុធ ទី​២ ខែ​កក្កដា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​កក្កដា
  • ថ្ងៃ​សុក្រ ទី​៤ ខែ​កក្កដា
  • ថ្ងៃ​សៅរ៍ ទី​៥ ខែ​កក្កដា
  • ថ្ងៃ​អាទិត្យ ទី​៦ ខែ​កក្កដា
  • ថ្ងៃ​ច័ន្ទ ទី​៧ ខែ​កក្កដា
  • ថ្ងៃ​អង្គារ ទី​៨ ខែ​កក្កដា
  • ថ្ងៃ​ពុធ ទី​៩ ខែ​កក្កដា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​កក្កដា
  • ថ្ងៃ​សុក្រ ទី​១១ ខែ​កក្កដា
  • ថ្ងៃ​សៅរ៍ ទី​១២ ខែ​កក្កដា
  • ថ្ងៃ​អាទិត្យ ទី​១៣ ខែ​កក្កដា
  • ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​កក្កដា
  • ថ្ងៃ​អង្គារ ទី​១៥ ខែ​កក្កដា
  • ថ្ងៃ​ពុធ ទី​១៦ ខែ​កក្កដា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​កក្កដា
  • ថ្ងៃ​សុក្រ ទី​១៨ ខែ​កក្កដា
  • ថ្ងៃ​សៅរ៍ ទី​១៩ ខែ​កក្កដា
  • ថ្ងៃ​អាទិត្យ ទី​២០ ខែ​កក្កដា
  • ថ្ងៃ​ច័ន្ទ ទី​២១ ខែ​កក្កដា
  • ថ្ងៃ​អង្គារ ទី​២២ ខែ​កក្កដា
  • ថ្ងៃ​ពុធ ទី​២៣ ខែ​កក្កដា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​កក្កដា
  • ថ្ងៃ​សុក្រ ទី​២៥ ខែ​កក្កដា
  • ថ្ងៃ​សៅរ៍ ទី​២៦ ខែ​កក្កដា
  • ថ្ងៃ​អាទិត្យ ទី​២៧ ខែ​កក្កដា
  • ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​កក្កដា
  • ថ្ងៃ​អង្គារ ទី​២៩ ខែ​កក្កដា
  • ថ្ងៃ​ពុធ ទី​៣០ ខែ​កក្កដា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​កក្កដា
ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
es25 ទំ. ៦៧-៧៧

ខែ​កក្កដា

ថ្ងៃ​អង្គារ ទី​១ ខែ​កក្កដា

លោក​បាន​ធ្វើ​ដំណើរ​ពាស​ពេញ​ស្រុក​ដោយ​ធ្វើ​អំពើ​ល្អ និង​ធ្វើ​ឲ្យ​[​មនុស្ស​]​ជា​សះ​ស្បើយ។—សកម្ម. ១០:៣៨

ក្នុង​គ្រប់​ការ​ទាំង​អស់​ដែល​លោក​យេស៊ូ​បាន​ធ្វើ​និង​បាន​មាន​ប្រសាសន៍ រួម​ទាំង​អព្ភូតហេតុ​របស់​លោក លោក​បាន​បង្ហាញ​អារម្មណ៍​និង​មាន​របៀប​គិត​គូរ​ដូច​បិតា​លោក​យ៉ាង​ល្អ​ឥត​ខ្ចោះ។ (​យ៉ូន. ១៤:៩​) តើ​យើង​អាច​រៀន​អ្វី​ពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ? លោក​យេស៊ូ​និង​បិតា​លោក​ស្រឡាញ់​យើង​ខ្លាំង​ណាស់។ កាល​ដែល​នៅ​ផែន​ដី លោក​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​លោក​ចំពោះ​មនុស្ស ដោយ​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​ជួយ​ពួក​អ្នក​ដែល​រង​ទុក្ខ។ នៅ​ពេល​មួយ បុរស​ងងឹត​ភ្នែក​ពីរ​នាក់​បាន​ស្រែក​ឡើង​សុំ​ជំនួយ​ពី​លោក។ (​ម៉ាថ. ២០:៣០​-​៣៤​) សូម​កត់​សម្គាល់​ថា​លោក​យេស៊ូ​«​មាន​ចិត្ត​ក្ដួល​អាណិត​»​ ហើយ​បន្ទាប់​មក​លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ។ កិរិយាសព្ទ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​នៅ​ទី​នេះ​ថា​«​មាន​ចិត្ត​ក្ដួល​អាណិត​»​បញ្ជាក់​ថា​លោក​យេស៊ូ​ឈឺ​ចិត្ត​ជា​ពន់​ពេក​ពេល​ឃើញ​បុរស​នេះ​រង​ទុក្ខ។ សេចក្ដី​អាណិត​មេត្តា​បែប​នេះ​ដែល​ជា​របៀប​ដែល​លោក​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស ក៏​បាន​ជំរុញ​ចិត្ត​លោក​ឲ្យ​ផ្ដល់​អាហារ​ដល់​អ្នក​ស្រេក​ឃ្លាន ហើយ​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​ឃ្លង់​ជា​សះ​ស្បើយ។ (​ម៉ាថ. ១៥:៣២; ម៉ាក. ១:៤១​) យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​នៃ​«​សេចក្ដី​អាណិត​មេត្តា​»​និង​បុត្រ​របស់​លោក​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ហើយ​ឈឺ​ចាប់​ពេល​ដែល​យើង​រង​ទុក្ខ។ (​លូក. ១:៧៨; ១ពេ. ៥:៧​) លោក​ទាំង​ពីរ​ពិត​ជា​ចង់​បំបាត់​ចោល​បញ្ហា​ទាំង​អស់​ដែល​មាន​ឥទ្ធិពល​លើ​មនុស្សជាតិ។ w​២៣.០៤ ទំ.៣ វ.៤​-​៥

ថ្ងៃ​ពុធ ទី​២ ខែ​កក្កដា

ឱ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​អើយ ចូរ​ស្អប់​អ្វី​ដែល​អាក្រក់។ លោក​រក្សា​ការ​ពារ​ជីវិត​របស់​អ្នក​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក។ លោក​សង្គ្រោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ​របស់​ជន​ទុច្ចរិត។—ចសព. ៩៧:១០

យើង​អាច​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ជៀស​វាង​ពី​ការ​អាន​និង​ការ​ស្ដាប់​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ដែល​ពេញ​និយម​ក្នុង​ពិភព​លោក​របស់​សាថាន។ យើង​អាច​មាន​គំនិត​ត្រឹម​ត្រូវ​ដោយ​អាន​និង​សិក្សា​គម្ពីរ។ ការ​ចូល​រួម​កិច្ច​ប្រជុំ​និង​កិច្ច​ផ្សព្វ​ផ្សាយ​ក៏​នឹង​ការ​ពារ​របៀប​គិត​គូរ​របស់​យើង​ដែរ។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​សន្យា​ថា លោក​នឹង​មិន​ឲ្យ​យើង​រង​ការ​ល្បួង​ហួស​ពី​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​យើង​ឡើយ។ (​១កូ. ១០:១២, ១៣​) យើង​ម្នាក់​ៗ​ត្រូវ​អធិដ្ឋាន​ច្រើន​ជាង​មុន​ដើម្បី​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​ដ៏​លំបាក​នេះ។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​អធិដ្ឋាន​‹ជម្រាប​លោក​អំពី​អ្វី​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​យើង›។ (​ចសព. ៦២:៨​) សូម​សរសើរ​ព្រះ​យេហូវ៉ា​និង​អរគុណ​លោក​ចំពោះ​អ្វី​ទាំង​អស់​ដែល​លោក​ធ្វើ។ សូម​សុំ​លោក​ឲ្យ​ជួយ​អ្នក​មាន​ចិត្ត​ក្លាហាន​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ សូម​អង្វរ​សុំ​លោក​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ផ្សេង​ៗ ព្រម​ទាំង​ទប់​ទល់​នឹង​ការ​ល្បួង​ណា​ក៏​ដោយ​ដែល​អ្នក​កំពុង​ជួប។ សូម​កុំ​ឲ្យ​អ្នក​ណា​ឬ​អ្វី​ណា​ក៏​ដោយ​បញ្ឈប់​អ្នក​ពី​ការ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​ទៀង​ទាត់។ w​២៣.០៥ ទំ.៧ វ.១៧​-​១៨

ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​កក្កដា

ចូរ​យើង​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក . . . ដោយ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។—ហេ. ១០:២៤, ២៥

ហេតុ​អ្វី​យើង​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ? មូលហេតុ​សំខាន់​ចម្បង​គឺ​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា។ (​ចសព. ២៦:១២; ១១១:១​) យើង​ក៏​ចូល​រួម​កិច្ច​ប្រជុំ​ដើម្បី​យើង​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​អំឡុង​គ្រា​លំបាក​នេះ​ផង​ដែរ។ (​១ថែ. ៥:១១​) ពេល​យើង​លើក​ដៃ​ឆ្លើយ យើង​កំពុង​ធ្វើ​អ្វី​ទាំង​ពីរ​នេះ។ ប៉ុន្តែ យើង​ប្រហែល​ជា​មាន​ការ​ពិបាក​ក្នុង​ការ​ឆ្លើយ​ដូច​ជា យើង​ប្រហែល​ជា​ភ័យ​មិន​សូវ​ហ៊ាន​ឆ្លើយ ឬ​ក៏​យើង​ប្រហែល​ជា​ចង់​ឆ្លើយ​ជា​ខ្លាំង ប៉ុន្តែ​ពេល​យើង​លើក​ដៃ ជួន​កាល​បង​ប្អូន​ប្រុស​ៗ​មិន​ហៅ​យើង។ តើ​អ្វី​អាច​ជួយ​យើង? សាវ័ក​ប៉ូល​បាន​និយាយ​ថា​យើង​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​«​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​»។ យើង​នឹង​មិន​សូវ​ភ័យ​លើក​ដៃ បើ​យើង​ទទួល​ស្គាល់​ថា​អ្នក​ឯ​ទៀត​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​តាម​រយៈ​ចម្លើយ​ដែល​បង្ហាញ​អំពី​ជំនឿ​របស់​យើង សូម្បី​តែ​នោះ​សាមញ្ញ​ក្ដី។ ម្យ៉ាង​ទៀត បើ​យើង​មិន​បាន​ត្រូវ​គេ​ហៅ​ជា​ញឹក​ញាប់​ទេ យើង​ក៏​អាច​សប្បាយ​ដែល​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​មាន​ឱកាស​ឆ្លើយ​ដែរ។—១ពេ. ៣:៨ w​២៣.០៤ ទំ.២០ វ.១​-​៣

ថ្ងៃ​សុក្រ ទី​៤ ខែ​កក្កដា

ចូរ​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម . . . ដើម្បី​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា​ឡើង​វិញ។—អែស. ១:៣

ស្ដេច​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​គឺ​ថា​៖ ជនជាតិ​យូដា​ដែល​បាន​ធ្វើ​ជា​ឈ្លើយ​សឹក​នៅ​បាប៊ីឡូន​អស់​ប្រហែល​ជា​៧០​ឆ្នាំ បាន​ត្រូវ​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ គឺ​ស្រុក​អ៊ីស្រាអែល។ (​អែស. ១:២​-​៤​) មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​សម្រេច​រឿង​នេះ។ តាម​ធម្មតា ពួក​បាប៊ីឡូន​មិន​ដោះ​លែង​ឈ្លើយ​សឹក​ទេ។ (​អេ. ១៤:៤, ១៧​) ប៉ុន្តែ បាប៊ីឡូន​បាន​ដួល​រលំ ហើយ​អ្នក​គ្រប់​គ្រង​ថ្មី​បាន​ប្រាប់​ជនជាតិ​យូដា​ថា​ពួក​គេ​អាច​ចេញ​បាន។ ជនជាតិ​យូដា​ទាំង​អស់ ជា​ពិសេស​ប្រមុខ​គ្រួសារ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា គួរ​ចាក​ចេញ​ពី​បាប៊ីឡូន​ឬ​បន្ត​នៅ​ទី​នោះ។ ការ​សម្រេច​ចិត្ត​នេះ​ប្រហែល​ជា​មិន​ងាយ​ស្រួល​ទេ។ ដោយសារ​ភាព​ចាស់​ជរា បណ្ដា​ជន​ជា​ច្រើន​ប្រហែល​ជា​ពិបាក​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ​នោះ។ ម្យ៉ាង​ទៀត ដោយ​សារ​ជនជាតិ​យូដា​ភាគ​ច្រើន​បាន​កើត​នៅ​ស្រុក​បាប៊ីឡូន ពួក​គេ​មិន​ដែល​រស់​នៅ​កន្លែង​ផ្សេង​ទៀត​ឡើយ។ ចំពោះ​ពួក​គេ ស្រុក​អ៊ីស្រាអែល​គឺ​ជា​ទឹក​ដី​របស់​បុព្វ​បុរស​ពួក​គេ។ តាម​មើល​ទៅ ជនជាតិ​យូដា​ខ្លះ​បាន​ទៅ​ជា​អ្នក​មាន​ស្ដុក​ស្ដម្ភ​នៅ​បាប៊ីឡូន។ ដូច្នេះ​ពួក​គេ​ពិបាក​ចាក​ចេញ​ពី​ផ្ទះ​ដ៏​ស្រណុក​សុខ​ស្រួល​ឬ​មុខ​របរ​របស់​ពួក​គេ ហើយ​រស់​នៅ​ទឹក​ដី​ដែល​ពួក​គេ​មិន​ធ្លាប់​ស្គាល់។ w​២៣.០៥ ទំ.១៤ វ.១​-​២

ថ្ងៃ​សៅរ៍ ទី​៥ ខែ​កក្កដា

[​ចូរ​]​ត្រៀម​ខ្លួន​ជា​និច្ច។—ម៉ាថ. ២៤:៤៤

បណ្ដាំ​ព្រះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​បន្ត​មាន​ការ​ស៊ូ​ទ្រាំ សេចក្ដី​អាណិត​មេត្តា និង​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង។ លូកា ២១:១៩​ចែង​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​ស៊ូ​ទ្រាំ​ដល់​ទី​បញ្ចប់ នោះ​អ្នក​រាល់​គ្នា​នឹង​រក្សា​ជីវិត​ខ្លួន​»។ កូឡុស ៣:១២​ចែង​ថា​៖ ​«​ចូរ​បំពាក់​ខ្លួន​ដោយ​សេចក្ដី​មេត្តា​ករុណា​»។ ហើយ​ថែស្សាឡូនិច​ទី​១ ៤:៩, ១០​ចែង​ថា​៖ ​«​ព្រះ​បាន​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​រួច​ហើយ។ . . . ប៉ុន្តែ បង​ប្អូន​អើយ យើង​សូម​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ដូច្នោះ​កាន់​តែ​ប្រសើរ​ថែម​ទៀត​»។ ខ​គម្ពីរ​ទាំង​នេះ​បាន​ត្រូវ​សរសេរ​ទៅ​កាន់​ពួក​អ្នក​កាន់​តាម​ដែល​បាន​បង្ហាញ​គុណ​សម្បត្តិ​ទាំង​នេះ​រួច​ហើយ។ ប៉ុន្តែ ពួក​គេ​ត្រូវ​បន្ត​បង្ហាញ​គុណ​សម្បត្តិ​ទាំង​នេះ​កាន់​តែ​ខ្លាំង​ឡើង។ យើង​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ។ ដើម្បី​ជួយ​អ្នក សូម​ពិចារណា​អំពី​របៀប​ដែល​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​បាន​បង្ហាញ​គុណ​សម្បត្តិ​ទាំង​នេះ។ បន្ទាប់​មក អ្នក​នឹង​ឃើញ​អំពី​របៀប​ដែល​អ្នក​អាច​យក​តម្រាប់​ពួក​អ្នក​កាន់​តាម​ទាំង​នោះ ហើយ​បង្ហាញ​ថា​អ្នក​បាន​ត្រៀម​ខ្លួន​ជា​និច្ច​សម្រាប់​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ យ៉ាង​នេះ ពេល​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម អ្នក​បាន​រៀន​រួច​ហើយ​ឲ្យ​ចេះ​ស៊ូ​ទ្រាំ ហើយ​អ្នក​នឹង​តាំង​ចិត្ត​បន្ត​ស៊ូ​ទ្រាំ។ w​២៣.០៧ ទំ.៣ វ.៤, ៨

ថ្ងៃ​អាទិត្យ ទី​៦ ខែ​កក្កដា

នៅ​ទី​នោះ​នឹង​មាន​ផ្លូវ​ធំ​មួយ គឺ . . . ផ្លូវ​បរិសុទ្ធ។—អេ. ៣៥:៨

មិន​ថា​យើង​ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ឬ​«​ចៀម​ឯ​ទៀត​»​ក្ដី យើង​ត្រូវ​បន្ត​នៅ​លើ​«​ផ្លូវ​បរិសុទ្ធ​»។ នេះ​នឹង​ជួយ​យើង​ឲ្យ​បន្ត​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​នេះ​និង​នៅ​ពេល​អនាគត ពេល​រាជាណាចក្រ​ព្រះ​នាំ​មក​នូវ​ស្ថានភាព​ដ៏​អស្ចារ្យ​នៅ​ផែន​ដី។ (​យ៉ូន. ១០:១៦​) តាំង​ពី​ឆ្នាំ​១៩១៩ គ.ស. បុរស ស្ត្រី និង​កូន​ក្មេង​រាប់​លាន​នាក់​បាន​ចាក​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ដែល​ជា​សាសនា​មិន​ពិត​ទាំង​ឡាយ​នៅ​ទូ​ទាំង​ពិភព​លោក ហើយ​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្នុង​ន័យ​ធៀប​នេះ។ ពេល​ជនជាតិ​យូដា​ចាក​ចេញ​ពី​បាប៊ីឡូន ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​ឧបសគ្គ​ផ្សេង​ៗ​នៅ​មុខ​ពួក​គេ​បាន​ត្រូវ​ដក​ចេញ។ (​អេ. ៥៧:១៤​) ចុះ​យ៉ាង​ណា​«​ផ្លូវ​បរិសុទ្ធ​»​នៅ​សព្វ​ថ្ងៃ​នេះ​វិញ? អស់​រាប់​រយ​ឆ្នាំ​មុន​ឆ្នាំ​១៩១៩ ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​ប្រើ​បុរស​ខ្លះ​ដែល​គោរព​កោត​ខ្លាច​លោក​ដើម្បី​រៀប​ចំ​ផ្លូវ​ឲ្យ​អ្នក​ឯ​ទៀត​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ (​សូម​ពិនិត្យ​បន្ថែម អេសាយ ៤០:៣​) ពួក​គេ​បាន​ធ្វើ​កិច្ចការ​ដែល​ចាំ​បាច់​ដើម្បី​ឲ្យ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​នៅ​ពេល​ក្រោយ​មក​អាច​ចាក​ចេញ​ពី​សាសនា​មិន​ពិត និង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​រាស្ត្រ​លោក។ w​២៣.០៥ ទំ.១៥​-​១៦ វ.៨​-​៩

ថ្ងៃ​ច័ន្ទ ទី​៧ ខែ​កក្កដា

ចូរ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​អំណរ ចូរ​មក​នៅ​ចំពោះ​មុខ​លោក​ដោយ​ស្រែក​អរ​សប្បាយ។—ចសព. ១០០:២

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​បម្រើ​លោក​ដោយ​ចិត្ត​សប្បាយ​និង​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ (​២កូ. ៩:៧​) ដូច្នេះ តើ​យើង​គួរ​បន្ត​ខំ​ឈាន​ទៅ​ដល់​គោល​ដៅ​ខាង​កិច្ច​បម្រើ​ព្រះ បើ​យើង​មិន​មាន​បំណង​ប្រាថ្នា​ធ្វើ​ដូច្នេះ​ឬ​ទេ? សូម​គិត​អំពី​គំរូ​របស់​សាវ័ក​ប៉ូល។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ដាក់​ទោស​រូប​កាយ​របស់​ខ្ញុំ ហើយ​បង្ខំ​ឲ្យ​ចុះ​ចូល​ដូច​ខ្ញុំ​បម្រើ​»។ (​១កូ. ៩:២៥​-​២៧; កំ.ស.​) ប៉ូល​បាន​លត់​ដំ​ខ្លួន​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ទោះ​ជា​ពេល​គាត់​ប្រហែល​ជា​មិន​មាន​ចិត្ត​ចង់​ធ្វើ​ដូច្នេះ​ក្ដី។ តើ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​កិច្ច​បម្រើ​របស់​ប៉ូល​ឬ​ទេ? ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​មែន ហើយ​លោក​បាន​ឲ្យ​រង្វាន់​គាត់​ចំពោះ​ការ​ខំ​ប្រឹង​របស់​គាត់។ (​២ធី. ៤:៧, ៨​) ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​លោក​ឃើញ​យើង​ខំ​ព្យាយាម​សម្រេច​គោល​ដៅ​របស់​យើង ទោះ​ជា​យើង​មិន​មាន​ចិត្ត​ចង់​ធ្វើ​ក៏​ដោយ។ លោក​ពេញ​ចិត្ត​ដោយ​សារ​លោក​ដឹង​ថា ទោះ​ជា​យើង​ប្រហែល​ជា​មិន​តែង​តែ​ចូល​ចិត្ត​ធ្វើ​កិច្ច​ការ​នោះ​ក្ដី យើង​ធ្វើ​ដោយ​សារ​យើង​ស្រឡាញ់​លោក។ ដូច​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ប៉ូល លោក​ក៏​នឹង​ឲ្យ​ពរ​យើង​ចំពោះ​ការ​ខំ​ប្រឹង​របស់​យើង​ដែរ។ (​ចសព. ១២៦:៥​) ពេល​យើង​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា យើង​ប្រហែល​ជា​អាច​ចាប់​ផ្ដើម​មាន​បំណង​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង។ w​២៣.០៥ ទំ.២៩ វ.៩​-​១០

ថ្ងៃ​អង្គារ ទី​៨ ខែ​កក្កដា

ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក។—១ថែ. ៥:២

សាវ័ក​ប៉ូល​បាន​ប្រដូច​ពួក​អ្នក​ដែល​នឹង​មិន​រួច​ជីវិត​នៅ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ទៅ​នឹង​មនុស្ស​ដែល​ដេក​លក់។ ពួក​គេ​មិន​ដឹង​អ្វី​ដែល​នៅ​ជុំ​វិញ​ខ្លួន ឬ​មិន​ដឹង​ថា​ពេល​វេលា​កន្លង​ផុត​ទៅ​ទេ។ ដូច្នេះ ពួក​គេ​មិន​ដឹង​ថា​ពេល​ណា​អ្វី​ដ៏​សំខាន់​កើត​ឡើង ហើយ​មិន​មាន​ប្រតិកម្ម​ចំពោះ​អ្វី​នោះ​ឡើយ។ មនុស្ស​ភាគ​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​ប្រៀប​ដូច​ជា​មនុស្ស​ដេក​លក់។ (​រ៉ូម ១១:៨​) ពួក​គេ​មិន​ជឿ​ទី​សំអាង​ដែល​បង្ហាញ​ថា​យើង​កំពុង​រស់​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ ហើយ​ថា​មិន​យូរ​ទៀត​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នឹង​មក​ដល់​ទេ។ (​២ពេ. ៣:៣, ៤​) ប៉ុន្តែ យើង​ទទួល​ស្គាល់​ថា​យោបល់​ពី​ព្រះ​ដែល​ឲ្យ​ដឹង​ខ្លួន​ជា​និច្ច​កាន់​តែ​បន្ទាន់​ទៅ​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ (​១ថែ. ៥:៦​) ដូច្នេះ យើង​ត្រូវ​រក្សា​ចិត្ត​ស្ងប់ ហើយ​នឹងនរ។ ហេតុ​អ្វី? គឺ​ដើម្បី​យើង​មិន​រួម​ចំណែក​ក្នុង​រឿង​នយោបាយ​ឬ​បញ្ហា​សង្គម​នៅ​សព្វ​ថ្ងៃ​នេះ។ ការ​បង្ខិត​បង្ខំ​ឲ្យ​គាំទ្រ​ម្ខាង​ៗ​ក្នុង​រឿង​ទាំង​នេះ​នឹង​ខ្លាំង​ឡើង​ៗ​កាល​ដែល​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​កាន់​តែ​ខិត​ចូល​មក​ដល់។ ប៉ុន្តែ យើង​នឹង​មិន​ចាំ​បាច់​ខ្វល់​អំពី​ប្រតិកម្ម​របស់​យើង​ទេ។ ឫទ្ធានុភាព​របស់​ព្រះ​អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ស្ងប់​និង​នឹងនរ ហើយ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។—លូក. ១២:១១, ១២ w​២៣.០៦ ទំ.១០ វ.៦​-​៧

ថ្ងៃ​ពុធ ទី​៩ ខែ​កក្កដា

ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ សូម​លោក​មេត្តា​នឹក​ចាំ​ខ្ញុំ​ផង សូម​លោក​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ។—អសក. ១៦:២៨

តើ​អ្នក​គិត​អំពី​អ្វី​ពេល​ឮ​ឈ្មោះ​សាំសុន? អ្នក​ទំនង​ជា​គិត​អំពី​បុរស​ម្នាក់​ដែល​មាន​កម្លាំង​ដ៏​ខ្លាំង។ គាត់​គឺ​ខ្លាំង​មហិមា​មែន។ ប៉ុន្តែ សាំសុន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ល្អ​មួយ​ដែល​នាំ​ឲ្យ​គាត់​រង​ទុក្ខ​យ៉ាង​ខ្លាំង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ព្រះ​យេហូវ៉ា​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ទាំង​អស់​ដែល​សាំសុន​បាន​ធ្វើ​ដើម្បី​បម្រើ​លោក ហើយ​លោក​បាន​ដាក់​បញ្ចូល​គំរូ​ដ៏​ស្មោះ​ត្រង់​របស់​គាត់​ក្នុង​គម្ពីរ​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ ព្រះ​យេហូវ៉ា​បាន​ប្រើ​សាំសុន​ឲ្យ​សម្រេច​អ្វី​ដ៏​អស្ចារ្យ​ដើម្បី​ជួយ​រាស្ត្រ​ដែល​លោក​បាន​ជ្រើស​រើស គឺ​អ៊ីស្រាអែល។ ច្រើន​សតវត្សរ៍​ក្រោយ​ពី​សាំសុន​បាន​ស្លាប់ ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​សាវ័ក​ប៉ូល​ឲ្យ​ដាក់​បញ្ចូល​ឈ្មោះ​សាំសុន​ក្នុង​បញ្ជី​មួយ​ដែល​រៀប​រាប់​អំពី​បុរស​ដែល​មាន​ជំនឿ​មុត​មាំ។ (​ហេ. ១១:៣២​-​៣៤​) គំរូ​របស់​សាំសុន​អាច​លើក​ទឹក​ចិត្ត​យើង។ គាត់​បាន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា ទោះ​ជា​ក្នុង​អំឡុង​ស្ថានភាព​ពិបាក​ក្ដី។ យើង​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត ព្រម​ទាំង​ទាញ​មេ​រៀន​ផ្សេង​ទៀត​ពី​គំរូ​របស់​គាត់។ w​២៣.០៩ ទំ.២ វ.១​-​២

ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​កក្កដា

ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា។—ភី. ៤:៦

យើង​អាច​ពង្រឹង​ការ​ស៊ូ​ទ្រាំ​របស់​យើង​ដោយ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​រឿយ​ៗ និង​ដោយ​ប្រាប់​លោក​អំពី​ការ​ព្រួយ​បារម្ភ​ទាំង​អស់​របស់​យើង។ (​១ថែ. ៥:១៧​) ប្រហែល​ជា​អ្នក​មិន​មាន​បញ្ហា​ធ្ងន់​ធ្ងរ​នៅ​ឥឡូវ​នេះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ តើ​អ្នក​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​នៅ​ពេល​ណា​ដែល​អ្នក​ពិបាក​ចិត្ត ច្របូក​ច្របល់​ក្នុង​ចិត្ត ឬ​មិន​ដឹង​ថា​គួរ​ធ្វើ​អ្វី​ឬ​ទេ? បើ​អ្នក​អធិដ្ឋាន​ទៅ​ព្រះ​របស់​យើង​ជា​ទៀង​ទាត់ ដើម្បី​សុំ​លោក​ឲ្យ​ជួយ​អ្នក​ប្រឈម​មុខ​នឹង​ការ​ពិបាក​ប្រចាំ​ថ្ងៃ​របស់​អ្នក​នៅ​ឥឡូវ​នេះ អ្នក​នឹង​មិន​ស្ទាក់​ស្ទើរ​ធ្វើ​ដូច្នេះ​ពេល​ដែល​អ្នក​ប្រឈម​មុខ​នឹង​ការ​ពិបាក​ធំ​ជាង​នៅ​ថ្ងៃ​អនាគត​ឡើយ។ យ៉ាង​នេះ អ្នក​នឹង​មាន​ទំនុក​ចិត្ត​ថា​លោក​ពិត​ជា​ដឹង​អំពី​ពេល​វេលា​និង​របៀប​ដើម្បី​ជួយ​អ្នក។ (​ចសព. ២៧:១, ៣​) យើង​នឹង​កាន់​តែ​ចេះ​ស៊ូ​ទ្រាំ​នឹង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នៅ​ថ្ងៃ​អនាគត បើ​យើង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​នៅ​ឥឡូវ​នេះ។ (​រ៉ូម ៥:៣​) ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? បង​ប្អូន​ជា​ច្រើន​នាក់​និយាយ​ថា​រាល់​ដង​ដែល​ពួក​គេ​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ពិបាក នោះ​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​នៅ​ពេល​ក្រោយ​មក។ ពេល​ពួក​គេ​ស៊ូ​ទ្រាំ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ពួក​គេ​កាន់​តែ​មាន​ជំនឿ​ថា​ព្រះ​យេហូវ៉ា​ចង់​ជួយ​ពួក​គេ។ ម្យ៉ាង​ទៀត ដោយ​សារ​ពួក​គេ​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា ពួក​គេ​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​នៅ​ពេល​ក្រោយ​មក។—យ៉ា. ១:២​-​៤ w​២៣.០៧ ទំ.៣ វ.៧​-​៨

ថ្ងៃ​សុក្រ ទី​១១ ខែ​កក្កដា

ខ្ញុំ​នឹង . . . យោគ​យល់​ដល់​អ្នក។—ដក. ១៩:២១

ចិត្ត​រាប​ទាប​និង​ចិត្ត​អាណិត​មេត្តា​របស់​ព្រះ​យេហូវ៉ា​ជំរុញ​ចិត្ត​លោក​ឲ្យ​ចេះ​សម​ហេតុ​សម​ផល។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​លោក​មាន​ចិត្ត​រាប​ទាប​យ៉ាង​ខ្លាំង​ពេល​ដែល​លោក​ហៀប​នឹង​បំផ្លាញ​ចោល​មនុស្ស​ទុច្ចរិត​នៅ​ក្រុង​សូដុម។ តាម​រយៈ​ទេវតា​របស់​លោក ព្រះ​យេហូវ៉ា​បាន​ប្រាប់​ឡុត​ដែល​ជា​មនុស្ស​សុចរិត​ឲ្យ​រត់​ទៅ​តំបន់​ភ្នំ។ ឡុត​មិន​ហ៊ាន​ទៅ​ទី​នោះ​ទេ។ ដូច្នេះ គាត់​បាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​រត់​ទៅ​ក្រុង​សូអា​វិញ ជា​ក្រុង​តូច​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​សម្រេច​ចិត្ត​ថា​នឹង​បំផ្លាញ​ចោល។ ព្រះ​យេហូវ៉ា​អាច​ទាម​ទារ​ឲ្យ​ឡុត​ធ្វើ​តាម​ការ​ណែនាំ​ពី​លោក​ក៏​បាន។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក​បាន​យល់​ព្រម​តាម​សំណូម​ពរ​របស់​ឡុត ទោះ​ជា​នេះ​មាន​ន័យ​ថា​លោក​មិន​បំផ្លាញ​ក្រុង​សូអា​ចោល​ក៏​ដោយ។ (​ដក. ១៩:១៨​-​២២​) រាប់​រយ​ឆ្នាំ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ចិត្ត​អាណិត​មេត្តា​ចំពោះ​បណ្ដា​ជន​នៅ​ក្រុង​នីនីវេ។ លោក​បាន​ចាត់​អ្នក​ប្រកាស​ទំនាយ​យ៉ូណាស​ឲ្យ​ប្រកាស​ប្រាប់​ដល់​មនុស្ស​ទុច្ចរិត​នៅ​ក្រុង​នីនីវេ​ថា ពួក​គេ​និង​ក្រុង​របស់​ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល។ ប៉ុន្តែ ពេល​អ្នក​ក្រុង​នីនីវេ​បាន​ប្រែ​ចិត្ត ព្រះ​យេហូវ៉ា​បាន​អាណិត​ពួក​គេ ហើយ​ប្រណី​មេត្តា​ដល់​ក្រុង​នោះ។—យ៉ូណ. ៣:១, ១០; ៤:១០, ១១ w​២៣.០៧ ទំ.២១ វ.៥

ថ្ងៃ​សៅរ៍ ទី​១២ ខែ​កក្កដា

អ្នក​បម្រើ​ទាំង​នោះ​សម្លាប់​[​យេហូអាស​] . . . ប៉ុន្តែ គេ​មិន​បាន​បញ្ចុះ​គាត់​នៅ​ក្នុង​ទី​បញ្ចុះ​សព​របស់​បណ្ដា​ស្ដេច​ឡើយ។—២ប្រ. ២៤:២៥

តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​យេហូអាស? គាត់​ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​មាន​ឫស​រាក់ ដែល​ត្រូវ​ការ​បង្គោល​ឈើ​ដើម្បី​ជួយ​ទប់។ ក្រោយ​ពី​យេហូយ៉ាដា​ដែល​បាន​ជួយ​គាត់​បាន​ស្លាប់​បាត់​ទៅ យេហូអាស​បាន​ចាប់​ផ្ដើម​ស្ដាប់​តាម​ពួក​អ្នក​ក្បត់​ជំនឿ ហើយ​ក៏​លែង​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ការ​កោត​ខ្លាច​ព្រះ​មិន​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ឥទ្ធិពល​ល្អ​ពី​គ្រិស្ត​សាសនិក​ឯ​ទៀត រួម​ទាំង​សមាជិក​ក្រុម​គ្រួសារ​របស់​យើង​ទេ។ ដើម្បី​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​ព្រះ​យេហូវ៉ា យើង​ត្រូវ​តែ​ពង្រឹង​ការ​កោត​ខ្លាច​និង​ភក្ដី​ភាព​របស់​យើង​ចំពោះ​ព្រះ ដោយ​សិក្សា រំពឹង​គិត និង​អធិដ្ឋាន​ជា​ទៀង​ទាត់។ (​យេ. ១៧:៧, ៨; កូឡ. ២:៦, ៧​) ព្រះ​យេហូវ៉ា​មិន​សុំ​អ្វី​ច្រើន​ពី​យើង​ទេ។ អ្វី​ដែល​លោក​តម្រូវ​គឺ​បាន​ត្រូវ​សង្ខេប​នៅ​អ្នក​ទូន្មាន ១២:១៣ ដែល​ចែង​ថា​៖ ​«​ចូរ​គោរព​កោត​ខ្លាច​ព្រះ​ពិត ហើយ​ធ្វើ​តាម​បញ្ញត្តិ​របស់​លោក​ជា​និច្ច ព្រោះ​នេះ​ជា​កាតព្វកិច្ច​ទាំង​មូល​របស់​មនុស្ស​»។ ពេល​យើង​កោត​ខ្លាច​ព្រះ យើង​នឹង​អាច​រក្សា​ភក្ដី​ភាព​ចំពោះ​លោក​មិន​ថា​មាន​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ​ក្ដី។ យ៉ាង​នេះ គ្មាន​អ្វី​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​បាន​ឡើយ។ w​២៣.០៦ ទំ.១៩ វ.១៧​-​១៩

ថ្ងៃ​អាទិត្យ ទី​១៣ ខែ​កក្កដា

មើល! ខ្ញុំ​កំពុង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ថ្មី។—បប. ២១:៥

ការ​ធានា​របស់​ព្រះ​ចាប់​ផ្ដើម​ដោយ​ពាក្យ​ថា​៖ ​«​លោក​ដែល​អង្គុយ​លើ​បល្ល័ង្ក​មាន​ប្រសាសន៍​ថា​»។ (​បប. ២១:៥​ក​) ពាក្យ​ផ្ដើម​ទាំង​នេះ​គឺ​ពិសេស ដោយ​សារ​នេះ​គឺ​មួយ​លើក​ក្នុង​ចំណោម​តែ​បី​លើក​នៅ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ​ដែល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដោយ​ផ្ទាល់។ ដូច្នេះ ការ​ធានា​នេះ​មិន​មែន​ផ្ដល់​ដោយ​ទេវតា​ដ៏​ខ្លាំង​ក្លា​មួយ​រូប ហើយ​ថែម​ទាំង​មិន​មែន​ដោយ​លោក​យេស៊ូ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទេ តែ​ដោយ​ព្រះ​យេហូវ៉ា​ផ្ទាល់! នេះ​បង្ហាញ​ថា​យើង​អាច​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​អ្វី​ដែល​លោក​មាន​ប្រសាសន៍​បន្ទាប់​មក។ ហេតុ​អ្វី​ដូច្នេះ? ពីព្រោះ​ព្រះ​យេហូវ៉ា​«​មិន​អាច​កុហក​ឡើយ​»។ (​ទីត. ១:២​) យ៉ាង​នេះ ពាក្យ​ដែល​យើង​អាន​នៅ​ការ​បើក​បង្ហាញ ២១:៥, ៦​នឹង​ក្លាយ​ជា​ការ​ពិត​ជាក់​ជា​មិន​ខាន។ សូម​ពិចារណា​អំពី​ពាក្យ​«​មើល!​»។ ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​មើល!​»​បាន​ត្រូវ​ប្រើ​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ។ តើ​ពាក្យ​បន្ទាប់​របស់​ព្រះ​ជា​អ្វី? លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ថ្មី​»។ ពិត​មែន ព្រះ​យេហូវ៉ា​កំពុង​មាន​ប្រសាសន៍​អំពី​ការ​ផ្លាស់​ប្ដូរ​នៅ​ថ្ងៃ​អនាគត ប៉ុន្តែ​ចំពោះ​លោក ពាក្យ​សន្យា​ដែល​លោក​បាន​មាន​ប្រសាសន៍​នេះ​គឺ​ពិត​ជា​នឹង​កើត​ឡើង​ជាក់​ជា​មិន​ខាន បាន​ជា​លោក​មាន​ប្រសាសន៍​ហាក់​ដូច​ជា​ការ​ផ្លាស់​ប្ដូរ​ទាំង​នេះ​កំពុង​កើត​ឡើង។—អេ. ៤៦:១០ w​២៣.១១ ទំ.៣​-​៤ វ.៧​-​៨

ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​កក្កដា

គាត់​ចេញ​ទៅ​ក្រៅ ហើយ​យំ​ដោយ​នឹក​ស្ដាយ​យ៉ាង​ខ្លាំង។—ម៉ាថ. ២៦:៧៥

សាវ័ក​ពេត្រុស​មាន​ភាព​ទន់​ខ្សោយ​ដែល​គាត់​ត្រូវ​ត​យុទ្ធ។ សូម​គិត​អំពី​ឧទាហរណ៍​ខ្លះ។ ពេល​លោក​យេស៊ូ​បាន​ពន្យល់​របៀប​ដែល​លោក​នឹង​រង​ទុក្ខ ហើយ​ស្លាប់​ស្រប​តាម​ទំនាយ​ក្នុង​គម្ពីរ ពេត្រុស​បាន​ស្ដី​បន្ទោស​លោក។ (​ម៉ាក. ៨:៣១​-​៣៣​) ម្ដង​ហើយ​ម្ដង​ទៀត ពេត្រុស​និង​ពួក​សាវ័ក​ឯ​ទៀត​បាន​ឈ្លោះ​ប្រកែក​គ្នា​អំពី​អ្នក​ណា​ធំ​ជាង​គេ។ (​ម៉ាក. ៩:៣៣, ៣៤​) នៅ​យប់​ចុង​ក្រោយ​មុន​លោក​យេស៊ូ​ស្លាប់ ពេត្រុស​បាន​កាប់​ដាច់​ស្លឹក​ត្រចៀក​របស់​បុរស​ម្នាក់។ (​យ៉ូន. ១៨:១០​) នៅ​យប់​ដដែល​នោះ ពេត្រុស​ក៏​ភ័យ​ខ្លាច​ជា​ខ្លាំង​បាន​ជា​គាត់​បដិសេធ​មិន​ទទួល​ស្គាល់​លោក​យេស៊ូ​ជា​មិត្ត​របស់​គាត់​អស់​បី​ដង។ (​ម៉ាក. ១៤:៦៦​-​៧២​) នោះ​នាំ​ឲ្យ​ពេត្រុស​យំ​ដោយ​នឹក​ស្ដាយ​យ៉ាង​ខ្លាំង។ លោក​យេស៊ូ​មិន​បាន​បោះ​បង់​ចោល​សាវ័ក​ដែល​ធ្លាក់​ទឹក​ចិត្ត​ម្នាក់​នេះ​ទេ។ ក្រោយ​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​ផ្ដល់​ឱកាស​ឲ្យ​ពេត្រុស​បញ្ជាក់​ថា​គាត់​នៅ​តែ​ស្រឡាញ់​លោក។ លោក​យេស៊ូ​ក៏​បាន​អញ្ជើញ​ពេត្រុស​ឲ្យ​ធ្វើ​ជា​គង្វាល​នៃ​ចៀម​របស់​លោក។ (​យ៉ូន. ២១:១៥​-​១៧​) ពេត្រុស​ធ្វើ​អ្វី​ដែល​លោក​យេស៊ូ​ប្រាប់​គាត់។ ហេតុ​នេះ គាត់​បាន​នៅ​ក្រុង​យេរូសាឡិម​នា​បុណ្យ​ថ្ងៃ​ទី​៥០ ហើយ​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដំបូង​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ។ w​២៣.០៩ ទំ.២២ វ.៦​-​៧

ថ្ងៃ​អង្គារ ទី​១៥ ខែ​កក្កដា

ចូរ​ឃ្វាល​ចៀម​តូច​ៗ​របស់​ខ្ញុំ។—យ៉ូន. ២១:១៦

សាវ័ក​ពេត្រុស​លើក​ទឹក​ចិត្ត​អ្នក​ចាស់​ទុំ​គ្នី​គ្នា​ថា​៖ ​«​ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​»។ (​១ពេ. ៥:១​-​៤​) បើ​អ្នក​ជា​អ្នក​ចាស់​ទុំ យើង​ដឹង​ថា​អ្នក​ស្រឡាញ់​បង​ប្អូន​និង​ចង់​ឃ្វាល​ពួក​គេ។ ប៉ុន្តែ ជួន​កាល​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ខ្លួន​រវល់​ពេក ឬ​អស់​កម្លាំង​ពេក​រហូត​ដល់​មិន​អាច​បំពេញ​ភារកិច្ច​នេះ​បាន​ទេ។ តើ​អ្នក​អាច​ធ្វើ​អ្វី? សូម​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​ការ​ខ្វល់​ខ្វាយ​ទាំង​អស់​របស់​អ្នក។ ពេត្រុស​បាន​សរ​សេថា​៖ ​«​បើ​អ្នក​ណា​បំពេញ​កិច្ច​បម្រើ អ្នក​នោះ​ត្រូវ​បំពេញ​កិច្ច​បម្រើ​ដោយ​ពឹង​ផ្អែក​លើ​កម្លាំង​ដែល​ព្រះ​ផ្ដល់​ឲ្យ​»។ (​១ពេ. ៤:១១​) បង​ប្អូន​របស់​អ្នក​ប្រហែល​ជា​កំពុង​ជួប​បញ្ហា​ដែល​មិន​អាច​ដោះ​ស្រាយ​ទាំង​ស្រុង​ក្នុង​របៀប​របប​ពិភព​លោក​នេះ​ទេ។ ប៉ុន្តែ សូម​ចាំ​ថា​«​មេ​គង្វាល​»​ពោល​គឺ​លោក​យេស៊ូ​គ្រិស្ត​អាច​ជួយ​ពួក​គេ​លើស​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ។ លោក​អាច​ធ្វើ​ទាំង​នៅ​សព្វ​ថ្ងៃ​នេះ ទាំង​នៅ​ពិភព​លោក​ថ្មី។ ព្រះ​គ្រាន់​តែ​សុំ​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ស្រឡាញ់​ហ្វូង​ចៀម ឃ្វាល​ពួក​គេ និង​«​ធ្វើ​ជា​គំរូ​»​ដល់​ពួក​គេ។ w​២៣.០៩ ទំ.៣០ វ.១៣​-​១៤

ថ្ងៃ​ពុធ ទី​១៦ ខែ​កក្កដា

ព្រះ​យេហូវ៉ា​ជ្រាប​ច្បាស់​ថា ការ​វែក​ញែក​របស់​ពួក​អ្នក​ប្រាជ្ញ​គឺ​សុទ្ធ​តែ​ឥត​ប្រយោជន៍។—១កូ. ៣:២០

យើង​ត្រូវ​ចៀស​វាង​ពី​ការ​ធ្វើ​តាម​ការ​វែក​ញែក​របស់​មនុស្ស។ បើ​យើង​មាន​ទស្សនៈ​ដូច​មនុស្ស​ដែល​មិន​ឲ្យ​តម្លៃ​ច្បាប់​ព្រះ​យេហូវ៉ា យើង​អាច​ចាប់​ផ្ដើម​មិន​អើពើ​នឹង​ព្រះ​យេហូវ៉ា​និង​ខ្នាត​តម្រា​របស់​លោក។ (​១កូ. ៣:១៩​) ​«​ប្រាជ្ញា​របស់​ពិភព​លោក​នេះ​»​ច្រើន​តែ​នាំ​ឲ្យ​មនុស្ស​មិន​ស្ដាប់​បង្គាប់​ព្រះ។ គ្រិស្ត​សាសនិក​មួយ​ចំនួន​នៅ​ក្រុង​ពើកាម៉ុម​និង​ក្រុង​ធាទេរ៉ា​បាន​ទទួល​ឥទ្ធិពល​ពី​មនុស្ស​ជុំ​វិញ​ពួក​គេ​ដែល​គោរព​បូជា​រូប​ព្រះ​និង​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌។ លោក​យេស៊ូ​បាន​ឲ្យ​ឱវាទ​យ៉ាង​ម៉ឺង​ម៉ាត់​ដល់​ក្រុម​ជំនុំ​ទាំង​ពីរ​នោះ ដោយ​សារ​ពួក​គេ​បាន​បណ្ដោយ​ឲ្យ​មាន​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ (​បប. ២:១៤, ២០​) សព្វ​ថ្ងៃ​នេះ មនុស្ស​ជុំ​វិញ​យើង​អាច​ព្យាយាម​ធ្វើ​ឲ្យ​យើង​មាន​គំនិត​មិន​ត្រឹម​ត្រូវ។ សមាជិក​ក្រុម​គ្រួសារ​និង​អ្នក​ស្គាល់​គ្នា​ប្រហែល​ជា​ព្យាយាម​វែក​ញែក​ដើម្បី​ធ្វើ​ឲ្យ​យើង​គិត​ថា​យើង​ជា​មនុស្ស​តឹង​រ៉ឹង​ពេក ហើយ​ថា​យើង​គួរ​តែ​បំពាន​ច្បាប់​របស់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ពួក​គេ​ប្រហែល​ជា​និយាយ​ថា​ការ​មាន​សីលធម៌​ស្អាត​ស្អំ​គឺ​មិន​សំខាន់​ទេ ហើយ​ថា​គោល​ការណ៍​សីលធម៌​ក្នុង​គម្ពីរ​គឺ​ហួស​សម័យ។ ជួន​កាល យើង​ប្រហែល​ជា​វែក​ញែក​ថា​ការ​ណែនាំ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​គឺ​មិន​គ្រប់​គ្រាន់​ទេ។ យើង​ប្រហែល​ជា​ថែម​ទាំង​ចង់​«​ធ្វើ​លើស​ពី​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ទុក​»។—១កូ. ៤:៦ w​២៣.០៧ ទំ.១៦ វ.១០​-​១១

ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​កក្កដា

មិត្ត​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្រប់​ពេល​វេលា ហើយ​គាត់​ប្រៀប​ដូច​ជា​បង​ប្អូន​ដែល​កើត​មក​ដើម្បី​ជួយ​គ្នា​នៅ​ពេល​មាន​ទុក្ខ​លំបាក។—សុភ. ១៧:១៧

ម៉ារៀ​ជា​ម្ដាយ​លោក​យេស៊ូ​ត្រូវ​ការ​កម្លាំង។ គាត់​នឹង​មាន​ផ្ទៃ​ពោះ តែ​គាត់​មិន​ទាន់​រៀប​ការ​ទេ។ គាត់​ក៏​គ្មាន​បទ​ពិសោធន៍​ចិញ្ចឹម​អប់រំ​កូន​ដែរ ប៉ុន្តែ​គាត់​ត្រូវ​មើល​ថែ​កូន​តូច​ដែល​នឹង​ទៅ​ជា​មេស្ស៊ី។ ម្យ៉ាង​ទៀត ដោយ​សារ​គាត់​មិន​ដែល​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ណា​ម្នាក់ តើ​ម៉ារៀ​នឹង​ពន្យល់​អំពី​រឿង​នេះ​ទៅ​យ៉ូសែប​ដែល​ជា​គូ​ដណ្ដឹង​របស់​គាត់​យ៉ាង​ដូច​ម្ដេច? (​លូក. ១:២៦​-​៣៣​) តើ​តាម​របៀប​ណា​ម៉ារៀ​បាន​ទទួល​កម្លាំង? គាត់​បាន​រក​ជំនួយ​ពី​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ គាត់​បាន​សុំ​កាព្រីយ៉ែល​ឲ្យ​ផ្ដល់​ព័ត៌មាន​ថែម​ទៀត​អំពី​ភារកិច្ច​នោះ។ (​លូក. ១:៣៤​) មិន​យូរ​ក្រោយ​មក គាត់​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​«​ឯ​តំបន់​ភ្នំ​»​ក្នុង​ស្រុក​យូដា ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​អេលីសាបិត​ដែល​ជា​សាច់​ញាតិ​របស់​គាត់។ អេលីសាបិត​បាន​សរសើរ​ម៉ារៀ ហើយ​ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​អេលីសាបិត​ឲ្យ​ប្រាប់​ទំនាយ​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​អំពី​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​របស់​ម៉ារៀ។ (​លូក. ១:៣៩​-​៤៥​) ម៉ារៀ​និយាយ​ថា​ព្រះ​យេហូវ៉ា​«​បាន​ធ្វើ​កិច្ច​ការ​យ៉ាង​អស្ចារ្យ​ដោយ​ដៃ​របស់​លោក​»។ (​លូក. ១:៤៦​-​៥១​) ព្រះ​យេហូវ៉ា​បាន​ពង្រឹង​កម្លាំង​ម៉ារៀ​តាម​រយៈ​កាព្រីយ៉ែល និង​អេលីសាបិត។ w​២៣.១០ ទំ.១៤​-​១៥ វ.១០​-​១២

ថ្ងៃ​សុក្រ ទី​១៨ ខែ​កក្កដា

លោក​ធ្វើ​ឲ្យ​យើង​ទៅ​ជា​ស្ដេច​និង​ជា​សង្ឃ​របស់​ព្រះ​ដែល​ជា​បិតា​របស់​លោក។—បប. ១:៦

អ្នក​កាន់​តាម​មួយ​ចំនួន​តូច​របស់​គ្រិស្ត​បាន​ត្រូវ​រើស​តាំង​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ ហើយ​ពួក​គេ​មាន​ទំនាក់​ទំនង​ដ៏​ពិសេស​ជា​មួយ​ព្រះ​យេហូវ៉ា។ ពួក​១៤៤.០០០​នាក់​ទាំង​នេះ​នឹង​បម្រើ​ជា​សង្ឃ​នៅ​ស្ថាន​សួគ៌​ជា​មួយ​លោក​យេស៊ូ។ (​បប. ១៤:១​) ទី​បរិសុទ្ធ​នៃ​ត្រសាល​ជា​តំណាង​ថា​ពួក​គេ​បាន​ត្រូវ​ទទួល​ជា​កូន​ព្រះ​កាល​ដែល​ពួក​គេ​នៅ​តែ​នៅ​ផែន​ដី។ ព្រះ​ធ្វើ​ដូច្នេះ​ដោយ​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​រើស​តាំង​ពួក​គេ។ (​រ៉ូម ៨:១៥​-​១៧​) ទី​បរិសុទ្ធ​បំផុត​នៃ​ត្រសាល​ជា​តំណាង​ស្ថាន​សួគ៌​ជា​ទី​លំនៅ​របស់​ព្រះ​យេហូវ៉ា។ ​«​វាំងនន​»​ដែល​ខណ្ឌ​រវាង​ទី​បរិសុទ្ធ​និង​ទី​បរិសុទ្ធ​បំផុត ជា​តំណាង​រូប​កាយ​ជា​សាច់​ឈាម​របស់​លោក​យេស៊ូ​ដែល​រា​រាំង​លោក​មិន​ឲ្យ​ចូល​ទៅ​ស្ថាន​សួគ៌​ជា​សម្ដេច​សង្ឃ​ដ៏​ឧត្ដុង្គ​ឧត្ដម​នៃ​វិហារ​ក្នុង​ន័យ​ធៀប។ ដោយ​លះ​បង់​រូប​កាយ​ជា​សាច់​ឈាម​របស់​លោក​ជា​គ្រឿង​បូជា​ដើម្បី​មនុស្សជាតិ លោក​យេស៊ូ​បាន​បើក​ផ្លូវ​ឲ្យ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​អស់​មាន​ជីវិត​នៅ​ស្ថាន​សួគ៌។ ពួក​គេ​ក៏​ត្រូវ​លះ​បង់​រូប​កាយ​ជា​សាច់​ឈាម​របស់​ពួក​គេ​ដើម្បី​ទទួល​រង្វាន់​របស់​ពួក​គេ​នៅ​ស្ថាន​សួគ៌​ដែរ។—ហេ. ១០:១៩, ២០; ១កូ. ១៥:៥០ w​២៣.១០ ទំ.២៨ វ.១៣

ថ្ងៃ​សៅរ៍ ទី​១៩ ខែ​កក្កដា

គ្មាន​ពេល​គ្រប់​គ្រាន់​ឲ្យ​ខ្ញុំ​រៀប​រាប់​អំពី​គេឌាន។—ហេ. ១១:៣២

គេឌាន​បាន​រក្សា​ចិត្ត​ស្ងប់​ពេល​ពួក​អេប្រាអ៊ីម​បាន​មក​រិះ​គន់​គាត់។ (​អសក. ៨:១​-​៣​) គាត់​មិន​បាន​តប​ឆ្លើយ​ដោយ​កំហឹង​ទេ។ គាត់​បាន​បង្ហាញ​ថា​គាត់​មាន​ចិត្ត​រាប​ទាប​ដោយ​ស្ដាប់​ការ​ត្អូញត្អែរ​របស់​ពួក​គេ ហើយ​ដោយ​និយាយ​យ៉ាង​សប្បុរស​ទៅ​ពួក​គេ។ នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ត្រជាក់​ចិត្ត​វិញ។ ពួក​អ្នក​ចាស់​ទុំ​ដែល​មាន​ប្រាជ្ញា​យក​តម្រាប់​គេឌាន ដោយ​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​តប​ឆ្លើយ​ដោយ​ចិត្ត​ស្លូត​បូត បើ​ទទួល​ការ​រិះ​គន់។ (​យ៉ា. ៣:១៣​) យ៉ាង​នេះ ពួក​គេ​ជួយ​ធ្វើ​ឲ្យ​មាន​សន្តិភាព​ក្នុង​ក្រុម​ជំនុំ។ ពេល​គេឌាន​ទទួល​ការ​សរសើរ​ចំពោះ​ជ័យ​ជម្នះ​លើ​ពួក​ម៉ាឌាន គាត់​បាន​ផ្ដោត​អារម្មណ៍​លើ​ព្រះ​យេហូវ៉ា។ (​អសក. ៨:២២, ២៣​) តើ​បុរស​ដែល​ព្រះ​បាន​តែង​តាំង​អាច​យក​តម្រាប់​គេឌាន​យ៉ាង​ដូច​ម្ដេច? ពួក​គេ​អាច​ឲ្យ​ការ​សរសើរ​ទៅ​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ដែល​ពួក​គេ​សម្រេច។ (​១កូ. ៤:៦, ៧​) ជា​ឧទាហរណ៍ បើ​អ្នក​ចាស់​ទុំ​ណា​ម្នាក់​ទទួល​ការ​សរសើរ​ចំពោះ​សមត្ថភាព​បង្រៀន​របស់​គាត់ គាត់​អាច​និយាយ​ថា​ប្រភព​នៃ​ការ​បង្រៀន​នោះ​គឺ​មក​ពី​បណ្ដាំ​របស់​ព្រះ ឬ​ការ​បង្ហាត់​បង្រៀន​ដែល​យើង​ទទួល​ពី​អង្គការ​របស់​លោក។ ពួក​អ្នក​ចាស់​ទុំ​អាច​គិត​ថា​តើ​ពួក​គេ​កំពុង​បង្រៀន​តាម​របៀប​ដែល​លើក​កិត្តិយស​ព្រះ​យេហូវ៉ា ឬ​តើ​ពួក​គេ​ចង់​ឲ្យ​មនុស្ស​កោត​ស្ងើច​ខ្លួន​ឯង។ w​២៣.០៦ ទំ.៤ វ.៧​-​៨

ថ្ងៃ​អាទិត្យ ទី​២០ ខែ​កក្កដា

គំនិត​របស់​ខ្ញុំ​មិន​ដូច​គំនិត​របស់​អ្នក​ទេ។—អេ. ៥៥:៨

បើ​យើង​មិន​ទាន់​ទទួល​បាន​អ្វី​ដែល​យើង​បាន​សុំ​ក្នុង​ការ​អធិដ្ឋាន យើង​អាច​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​កំពុង​អធិដ្ឋាន​អំពី​អ្វី​ត្រឹម​ត្រូវ​ឬ​ទេ?›។ យើង​ច្រើន​តែ​គិត​ថា​យើង​ស្គាល់​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួន។ ប៉ុន្តែ យើង​ប្រហែល​ជា​សុំ​អ្វី​ដែល​មិន​ផ្ដល់​ប្រយោជន៍​យូរ​អង្វែង​ដល់​យើង​ទេ។ បើ​យើង​អធិដ្ឋាន​អំពី​បញ្ហា​ណា​មួយ ប្រហែល​ជា​មាន​វិធី​ដោះ​ស្រាយ​ល្អ​ជាង​អ្វី​ដែល​យើង​បាន​សុំ។ ម្យ៉ាង​ទៀត សំណូម​ពរ​ខ្លះ​របស់​យើង​ប្រហែល​ជា​មិន​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ឡើយ។ (​១​យ៉ូន. ៥:១៤​) ជា​ឧទាហរណ៍ សូម​គិត​អំពី​ឪពុក​ម្ដាយ​ដែល​បាន​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​កូន​របស់​ពួក​គាត់​នៅ​ជាប់​នឹង​សេចក្ដី​ពិត។ នេះ​ស្ដាប់​ទៅ​ជា​សំណូម​ពរ​សម​ត្រឹម​ត្រូវ។ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បង្ខំ​បុគ្គល​ណា​ម្នាក់​ឲ្យ​បម្រើ​លោក​ទេ។ លោក​ចង់​ឲ្យ​យើង​ទាំង​អស់​គ្នា រួម​ទាំង​កូន​ៗ សម្រេច​ចិត្ត​គោរព​ប្រណិប័តន៍​លោក។ (​បច. ១០:១២, ១៣; ៣០:១៩, ២០​) ដូច្នេះ ឪពុក​ម្ដាយ​អាច​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​បែប​នេះ​វិញ គឺ​ជួយ​ឲ្យ​ពួក​គេ​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​កូន​ដើម្បី​ជំរុញ​ចិត្ត​កូន​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ទៅ​ជា​មិត្ត​របស់​លោក។—សុភ. ២២:៦; អេភ. ៦:៤ w​២៣.១១ ទំ.២១ វ.៥; ទំ.២៣ វ.១២

ថ្ងៃ​ច័ន្ទ ទី​២១ ខែ​កក្កដា

ចូរ​បន្ត​សម្រាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក។—១ថែ. ៥:១១, ​«​កំ.ស.​»​

ហេតុ​អ្វី​ការ​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត​គឺ​ជា​របៀប​សំខាន់​មួយ​ដើម្បី​បង្ហាញ​ពួក​គេ​ថា​យើង​ស្រឡាញ់​ពួក​គេ? តាម​ឯកសារ​យោង​មួយ​អំពី​គម្ពីរ ពាក្យ​ដែល​ប៉ូល​បាន​ប្រើ​សម្រាប់​«​សម្រាល​ទុក្ខ​»​មាន​ន័យ​ថា​«​ឈរ​ក្បែរ​បុគ្គល​ណា​ម្នាក់​ដើម្បី​លើក​ទឹក​ចិត្ត​គាត់​ពេល​គាត់​ជួប​ទុក្ខ​លំបាក​ដ៏​ធ្ងន់​ធ្ងរ​»។ ដូច្នេះ ដោយ​ផ្ដល់​ការ​សម្រាល​ទុក្ខ យើង​ជួយ​បង​ប្អូន​រួម​ជំនឿ​ដែល​ពិបាក​ចិត្ត​ឲ្យ​ក្រោក​ឈរ​ឡើង ហើយ​បន្ត​ដើរ​នៅ​លើ​ផ្លូវ​ទៅ​ឯ​ជីវិត។ រាល់​ដង​ដែល​យើង​សម្រាល​ទុក្ខ​បង​ប្អូន យើង​បង្ហាញ​គាត់​ថា​យើង​ស្រឡាញ់​គាត់។ (​២កូ. ៧:៦, ៧, ១៣​) ការ​មាន​ចិត្ត​អាណិត​មេត្តា​និង​ការ​សម្រាល​ទុក្ខ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ខ្លាំង។ តើ​តាម​របៀប​ណា? ពេល​បុគ្គល​ម្នាក់​មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​អ្នក​ដែល​រង​ទុក្ខ គាត់​ចង់​សម្រាល​ទុក្ខ​អ្នក​នោះ ហើយ​ធ្វើ​អ្វី​ដើម្បី​ជួយ​អ្នក​នោះ។ ដូច្នេះ ដំបូង​យើង​មាន​ចិត្ត​អាណិត​មេត្តា បន្ទាប់​មក​យើង​ផ្ដល់​ការ​សម្រាល​ទុក្ខ។ ប៉ូល​បាន​ពន្យល់​ថា​សេចក្ដី​អាណិត​មេត្តា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​ជំរុញ​ចិត្ត​លោក​ឲ្យ​សម្រាល​ទុក្ខ​ពួក​គេ។ ប៉ូល​បាន​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា​ថា​ជា​«​បិតា​នៃ​សេចក្ដី​មេត្តា​ករុណា និង​ជា​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង​»។—២កូ. ១:៣ w​២៣.១១ ទំ.៩​-​១០ វ.៨​-​១០

ថ្ងៃ​អង្គារ ទី​២២ ខែ​កក្កដា

ចូរ​យើង​ត្រេក​អរ​កាល​ដែល​មាន​ទុក្ខ​វេទនា។—រ៉ូម ៥:៣

ពួក​អ្នក​កាន់​តាម​គ្រិស្ត​ទាំង​អស់​អាច​រំពឹង​ថា​នឹង​រង​ទុក្ខ​វេទនា។ សូម​គិត​អំពី​គំរូ​របស់​សាវ័ក​ប៉ូល។ គាត់​និយាយ​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​ថែស្សាឡូនិច​ថា​៖ ​«​ពេល​ដែល​យើង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា យើង​ធ្លាប់​ប្រាប់​ទុក​ជា​មុន​ថា យើង​ត្រូវ​រង​ទុក្ខ​វេទនា . . . ហើយ​ថា យើង​បាន​រង​ទុក្ខ​វេទនា​មែន​»។ (​១ថែ. ៣:៤​) ម្យ៉ាង​ទៀត គាត់​បាន​សរសេរ​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​កូរិនថូស​ថា​៖ ​«​បង​ប្អូន​អើយ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី​សេចក្ដី​វេទនា​ដែល​យើង​បាន​ជួប​ប្រទះ . . . យើង​គិត​ថា​យើង​ប្រហែល​ជា​នឹង​បាត់​បង់​ជីវិត​»។ (​២កូ. ១:៨; ១១:២៣​-​២៧​) គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​អាច​រំពឹង​ថា​នឹង​ជួប​ទុក្ខ​វេទនា​ផង​ដែរ។ (​២ធី. ៣:១២​) កាល​ដែល​អ្នក​មាន​ជំនឿ​លើ​លោក​យេស៊ូ​និង​កាន់​តាម​លោក មិត្ត​ភក្ដិ​និង​សាច់​ញាតិ​ប្រហែល​ជា​ប្រព្រឹត្ត​មក​លើ​អ្នក​យ៉ាង​សាហាវ​ឃោរឃៅ។ តើ​ការ​តាំង​ចិត្ត​ប្រព្រឹត្ត​យ៉ាង​ទៀង​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ​ឬ​ទេ? (​ហេ. ១៣:១៨​) តើ​អ្នក​បាន​ជួប​ការ​ប្រឆាំង​ពី​រដ្ឋាភិបាល​ដោយ​សារ​អ្នក​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​សង្ឃឹម​របស់​អ្នក​ដល់​អ្នក​ឯ​ទៀត​ឬ? មិន​ថា​យើង​ជួប​ទុក្ខ​វេទនា​យ៉ាង​ណា​ក្ដី ប៉ូល​បាន​និយាយ​ថា​យើង​គួរ​ត្រេក​អរ។ w​២៣.១២ ទំ.១០​-​១១ វ.៩​-​១០

ថ្ងៃ​ពុធ ទី​២៣ ខែ​កក្កដា

កូន​ទាំង​ពីរ​បាន​នាំ​ឲ្យ​មាន​រឿង​ធំ​ដល់​ពុក​ហើយ។—ដក. ៣៤:៣០

យ៉ាកុប​បាន​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ជា​ច្រើន។ កូន​ប្រុស​ពីរ​នាក់​របស់​យ៉ាកុប​គឺ​ស៊ីម្មាន​និង​លេវី​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​អាប់​ឱន​កិត្តិយស និង​ធ្វើ​ឲ្យ​គេ​តិះ​ដៀល​នាម​របស់​ព្រះ​យេហូវ៉ា។ បន្ថែម​ទៅ​ទៀត រ៉ាជែល​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​យ៉ាកុប​បាន​ស្លាប់​កាល​ដែល​នាង​កំពុង​សម្រាល​កូន​ទី​២។ មួយ​វិញ​ទៀត ដោយ​សារ​មាន​ការ​អត់​ឃ្លាន​យ៉ាង​ធ្ងន់​ធ្ងរ យ៉ាកុប​ត្រូវ​រើ​ទៅ​ស្រុក​អេហ្ស៊ីប​ទាំង​វ័យ​ចាស់។ (​ដក. ៣៥:១៦​-​១៩; ៣៧:២៨; ៤៥:៩​-​១១, ២៨​) ទោះ​ជា​យ៉ាកុប​ជួប​បញ្ហា​ទាំង​អស់​នេះ​ក្ដី គាត់​មិន​ដែល​បាត់​បង់​ជំនឿ​លើ​ព្រះ​យេហូវ៉ា​និង​សេចក្ដី​សន្យា​របស់​លោក​ទេ។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​បង្ហាញ​យ៉ាកុប​ថា​លោក​ពេញ​ចិត្ត​គាត់។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ដល់​យ៉ាកុប។ ម្យ៉ាង​ទៀត សូម​គិត​ថា​យ៉ាកុប​ច្បាស់​ជា​មាន​ចិត្ត​កតញ្ញូ​ខ្លាំង​យ៉ាង​ណា​ចំពោះ​ព្រះ​យេហូវ៉ា ពេល​គាត់​បាន​ជួប​ជុំ​យ៉ូសែប​ម្ដង​ទៀត​ជា​កូន​ប្រុស​ដែល​គាត់​គិត​ថា​បាន​ស្លាប់​បាត់​ជា​យូរ​មក​ហើយ។ ចំណង​មិត្តភាព​ជិត​ស្និទ្ធ​របស់​យ៉ាកុប​ជា​មួយ​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​របស់​គាត់។ (​ដក. ៣០:៤៣; ៣២:៩, ១០; ៤៦:២៨​-​៣០​) ពេល​យើង​រក្សា​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា យើង​ក៏​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដែល​មិន​បាន​រំពឹង​ទុក​ដែរ។ w​២៣.០៤ ទំ.១៥ វ.៦​-​៧

ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​កក្កដា

ព្រះ​យេហូវ៉ា​ជា​គង្វាល​របស់​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​ឡើយ។—ចសព. ២៣:១

ចម្រៀង​សរសើរ​ព្រះ ២៣ គឺ​ជា​បទ​ចម្រៀង​មួយ​ដែល​បង្ហាញ​អំពី​ទំនុក​ចិត្ត​ទៅ​លើ​សេចក្ដី​ស្រឡាញ់​និង​ការ​ថែ​រក្សា​ដ៏​កក់​ក្ដៅ​របស់​ព្រះ​យេហូវ៉ា។ ដាវីឌ​ដែល​ជា​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​នេះ​រៀប​រាប់​អំពី​ចំណង​មិត្តភាព​រឹង​មាំ​រវាង​គាត់​និង​គង្វាល​របស់​គាត់ គឺ​ព្រះ​យេហូវ៉ា។ ដាវីឌ​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុវត្ថិភាព​ដោយ​ឲ្យ​ព្រះ​យេហូវ៉ា​ណែនាំ​គាត់ ហើយ​គាត់​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​លោក។ ដាវីឌ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​គាត់​ជា​រៀង​រាល់​ថ្ងៃ​ពេញ​មួយ​ជីវិត​របស់​គាត់។ តើ​អ្វី​ធ្វើ​ឲ្យ​គាត់​មាន​ទំនុក​ចិត្ត​ខ្លាំង​ដល់​ម្ល៉េះ​បែប​នេះ? ដាវីឌ​មាន​អារម្មណ៍​ថា​គាត់​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ល្អ ដោយ​សារ​ព្រះ​យេហូវ៉ា​តែង​តែ​ផ្ដល់​អ្វី​ទាំង​អស់​ដែល​គាត់​ត្រូវ​ការ។ ដាវីឌ​ក៏​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក។ នេះ​ជា​មូលហេតុ​ដែល​គាត់​ជឿ​ជាក់​ថា មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ​ក្ដី ព្រះ​យេហូវ៉ា​នឹង​បន្ត​ផ្ដល់​អ្វី​ទាំង​អស់​ដែល​គាត់​ត្រូវ​ការ។ ទំនុក​ចិត្ត​របស់​ដាវីឌ​ទៅ​លើ​សេចក្ដី​ស្រឡាញ់​ដ៏​កក់​ក្ដៅ​របស់​ព្រះ​យេហូវ៉ា​គឺ​ខ្លាំង​ក្លា​ជាង​ការ​ព្រួយ​បារម្ភ​ណា​ក៏​ដោយ​ដែល​គាត់​មាន ហើយ​នាំ​ឲ្យ​គាត់​មាន​សុភមង្គល​និង​ការ​ស្កប់​ចិត្ត​ដ៏​ខ្លាំង។—ចសព. ១៦:១១ w​២៤.០១ ទំ.២៩ វ.១២​-​១៣

ថ្ងៃ​សុក្រ ទី​២៥ ខែ​កក្កដា

ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ។—ម៉ាថ. ២៨:២០

តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២​មក រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​ជា​ច្រើន​មាន​សេរី​ភាព​និង​សេចក្ដី​សុខ​សាន្ត​មួយ​កម្រិត​កាល​ដែល​ពួក​គេ​ផ្សព្វ​ផ្សាយ។ តាម​ពិត កិច្ច​ការ​នោះ​បាន​ចម្រើន​ឡើង។ សព្វ​ថ្ងៃ​នេះ សមាជិក​គណៈ​អភិបាល​បន្ត​ស្វែង​រក​ការ​ណែនាំ​ពី​គ្រិស្ត។ ពួក​គេ​ចង់​ឲ្យ​ការ​ណែនាំ​ទៅ​បង​ប្អូន​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​នៅ​ស្ថាន​សួគ៌​ចំពោះ​រឿង​ផ្សេង​ៗ។ ក្រោយ​មក អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​និង​ពួក​អ្នក​ចាស់​ទុំ​ផ្ដល់​ការ​ណែនាំ​ទៅ​ក្រុម​ជំនុំ​នានា។ ពួក​អ្នក​ចាស់​ទុំ​ដែល​បាន​ត្រូវ​រើស​តាំង​នៅ​ក្នុង​«​ដៃ​ស្ដាំ​»​របស់​គ្រិស្ត។ (​បប. ២:១​) ពិត​មែន ពួក​អ្នក​ចាស់​ទុំ​ទាំង​នោះ​គឺ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​និង​ចេះ​ធ្វើ​ខុស។ ជួន​កាល ម៉ូសេ​និង​យ៉ូស្វេ​ក៏​ធ្វើ​ខុស​ដូច​ពួក​សាវ័ក​បាន​ធ្វើ​ដែរ។ (​ជប. ២០:១២; យ៉ូស. ៩:១៤, ១៥; រ៉ូម ៣:២៣​) ប៉ុន្តែ យើង​អាច​ឃើញ​ច្បាស់​ថា​លោក​យេស៊ូ​កំពុង​ណែនាំ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ​និង​ពួក​អ្នក​ចាស់​ទុំ​ដែល​បាន​ត្រូវ​តែង​តាំង ហើយ​លោក​នឹង​បន្ត​ធ្វើ​ដូច្នេះ។ ហេតុ​នេះ យើង​ពិត​ជា​អាច​ទុក​ចិត្ត​ការ​ណែនាំ​ដែល​លោក​ផ្ដល់​ឲ្យ​តាម​រយៈ​ពួក​អ្នក​នាំ​មុខ​ដែល​បាន​ត្រូវ​តែង​តាំង​ទាំង​នេះ។ w​២៤.០២ ទំ.២៤ វ.១៣​-​១៤

ថ្ងៃ​សៅរ៍ ទី​២៦ ខែ​កក្កដា

ចូរ​យក​តម្រាប់​ព្រះ ក្នុង​នាម​ជា​កូន​ជា​ទី​ស្រឡាញ់​របស់​លោក។—អេភ. ៥:១

សព្វ​ថ្ងៃ​នេះ យើង​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ដោយ​និយាយ​អំពី​លោក​តាម​របៀប​ដែល​បង្ហាញ​អារម្មណ៍​កក់​ក្ដៅ ចិត្ត​កតញ្ញូ និង​ក្ដី​ស្រឡាញ់។ ពេល​យើង​ផ្សព្វ​ផ្សាយ យើង​ចាំ​ថា​គោល​បំណង​សំខាន់​ចម្បង​របស់​យើង គឺ​ទាញ​នាំ​មនុស្ស​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា និង​ជួយ​ពួក​គេ​ឲ្យ​មាន​អារម្មណ៍​ដូច​យើង​ចំពោះ​បិតា​ជា​ទី​ស្រឡាញ់​របស់​យើង។ (​យ៉ា. ៤:៨​) យើង​សប្បាយ​រីករាយ​បង្ហាញ​មនុស្ស​អំពី​របៀប​ដែល​គម្ពីរ​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា។ គម្ពីរ​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់ យុត្តិធម៌ ប្រាជ្ញា ឫទ្ធានុភាព និង​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​ឯ​ទៀត​របស់​លោក។ យើង​ក៏​សរសើរ​ព្រះ​យេហូវ៉ា​និង​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​ដោយ​ព្យាយាម​យក​តម្រាប់​លោក។ ពេល​យើង​ធ្វើ​ដូច្នេះ អ្នក​ឯ​ទៀត​ប្រហែល​ជា​កត់​សម្គាល់​ថា​យើង​ខុស​ពី​មនុស្ស​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​នេះ ហើយ​ពួក​គេ​ប្រហែល​ជា​ឆ្ងល់​អំពី​មូលហេតុ។ (​ម៉ាថ. ៥:១៤​-​១៦​) កាល​ដែល​យើង​និយាយ​ជា​មួយ​ពួក​គេ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង យើង​ប្រហែល​ជា​អាច​ពន្យល់​ពួក​គេ​ថា​ហេតុ​អ្វី​យើង​ប្រព្រឹត្ត​ដូច​នេះ។ ជា​លទ្ធផល មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ចង់​ចូល​ទៅ​ជិត​ព្រះ​របស់​យើង។ ពេល​យើង​សរសើរ​ព្រះ​យេហូវ៉ា​តាម​របៀប​ទាំង​នេះ យើង​ធ្វើ​ឲ្យ​ចិត្ត​លោក​អរ​សប្បាយ។—១ធី. ២:៣, ៤ w​២៤.០២ ទំ.១០ វ.៧

ថ្ងៃ​អាទិត្យ ទី​២៧ ខែ​កក្កដា

[​ចូរ​]​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត . . . ព្រម​ទាំង​កែ​តម្រង់។—ទីត. ១:៩

ដើម្បី​ទៅ​ជា​បុរស​ដែល​មាន​ភាព​ចាស់​ទុំ ប្អូន​នឹង​ត្រូវ​បណ្ដុះ​ជំនាញ​ដែល​មាន​ប្រយោជន៍។ ជំនាញ​ទាំង​នេះ​នឹង​ជួយ​ប្អូន​ឲ្យ​ទទួល​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ រក​ការ​ងារ​ដើម្បី​ផ្គត់​ផ្គង់​ខ្លួន​ឯង​ឬ​ក្រុម​គ្រួសារ ហើយ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ ចូរ​អាន​និង​សរសេរ​ឲ្យ​បាន​ស្ទាត់។ គម្ពីរ​ចែង​ថា​បុរស​ជោគ​ជ័យ​ដែល​សប្បាយ​រីករាយ ចំណាយ​ពេល​រាល់​ថ្ងៃ​ដើម្បី​អាន​និង​រំពឹង​គិត​អំពី​បណ្ដាំ​ព្រះ។ (​ចសព. ១:១​-​៣​) ដោយ​អាន​គម្ពីរ​រាល់​ថ្ងៃ គាត់​នឹង​ស្គាល់​របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា​ដែល​នឹង​ជួយ​គាត់​ឲ្យ​គិត​យ៉ាង​ច្បាស់​និង​វែក​ញែក​យ៉ាង​ល្អ។ (​សុភ. ១:៣, ៤​) បង​ប្អូន​របស់​យើង​ត្រូវ​ការ​ជំនួយ​ពី​បុរស​ដែល​អាច​បង្រៀន​និង​ឲ្យ​ឱវាទ​ពី​គម្ពីរ។ បើ​ប្អូន​អាច​អាន​និង​សរសេរ​យ៉ាង​ស្ទាត់ ប្អូន​នឹង​អាច​រៀប​ចំ​សុន្ទរកថា​និង​ចម្លើយ​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​ឯ​ទៀត ហើយ​ពង្រឹង​ជំនឿ​ពួក​គេ។ ប្អូន​ក៏​អាច​កត់​កំណត់​ដែល​មាន​ប្រយោជន៍​ដែល​នឹង​ជួយ​ប្អូន​ឲ្យ​ពង្រឹង​ជំនឿ​របស់​ខ្លួន ហើយ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត។ w​២៣.១២ ទំ.២៦​-​២៧ វ.៩​-​១១

ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​កក្កដា

ព្រះ​ដែល​គាំទ្រ​អ្នក​រាល់​គ្នា គឺ​ធំ​ជាង​មេ​កំណាច​ដែល​គាំទ្រ​ពិភព​លោក​នេះ។—១​យ៉ូន. ៤:៤

ពេល​អ្នក​ភ័យ​ខ្លាច សូម​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​នៅ​ថ្ងៃ​អនាគត​ពេល​លែង​មាន​សាថាន។ ការ​សម្ដែង​មួយ​នៅ​កម្ម​វិធី​មហា​សន្និបាត​តាម​ភូមិ​ភាគ​ឆ្នាំ​២០១៤ បង្ហាញ​អំពី​ឪពុក​ម្នាក់​ដែល​កំពុង​និយាយ​ជា​មួយ​ក្រុម​គ្រួសារ​របស់​គាត់​អំពី​ពាក្យ​ដែល​ធីម៉ូថេ​ទី​២ ៣:១​-​៥​អាច​ប្រើ បើ​ខ​ទាំង​នោះ​ប្រាប់​ទុក​ជា​មុន​អំពី​ស្ថានភាព​ដែល​មាន​នៅ​ក្នុង​សួន​ឧទ្យាន។ គាត់​និយាយ​ថា​៖ ​«​នៅ​ពិភព​លោក​ថ្មី​នឹង​សប្បាយ​រីករាយ​ខ្លាំង​ណាស់។ ព្រោះ​មនុស្ស​នឹង​ស្រឡាញ់​អ្នក​ឯ​ទៀត ស្រឡាញ់​សេចក្ដី​ពិត មាន​ចិត្ត​រាប​ទាប ជា​អ្នក​លើក​តម្កើង​ព្រះ ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ ចេះ​ដឹង​គុណ ស្មោះ​ត្រង់ មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​គ្រួសារ យល់​ព្រម​ស្រុះ​ស្រួល​គ្នា តែង​តែ​និយាយ​ល្អ​អំពី​អ្នក​ឯ​ទៀត ចេះ​ទប់​ចិត្ត ស្លូត​បូត ស្រឡាញ់​គុណធម៌ គួរ​ឲ្យ​ទុក​ចិត្ត សម្រប​ទៅ​តាម​ចិត្ត​អ្នក​ដទៃ មាន​ចិត្ត​សុភាព ស្រឡាញ់​ព្រះ​ជា​ជាង​ការ​សប្បាយ មាន​ភក្ដី​ភាព​ពិត​ចំពោះ​ព្រះ។ ចូរ​ចូល​ទៅ​ជិត​មនុស្ស​ទាំង​នោះ​យ៉ាង​ជិត​ស្និទ្ធ​»។ តើ​អ្នក​និយាយ​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក​ឬ​បង​ប្អូន​រួម​ជំនឿ​អំពី​ជីវិត​នៅ​ក្នុង​ពិភព​លោក​ថ្មី​នឹង​ទៅ​ជា​យ៉ាង​ណា​ឬ​ទេ? w​២៤.០១ ទំ.៦ វ.១៣​-​១៤

ថ្ងៃ​អង្គារ ទី​២៩ ខែ​កក្កដា

ខ្ញុំ​ពេញ​ចិត្ត​អ្នក​ណាស់។—លូក. ៣:២២

គឺ​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​រាស្ត្រ​របស់​លោក​ជា​ក្រុម! គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​រាស្ត្រ​របស់​លោក​»។ (​ចសព. ១៤៩:៤​) ប៉ុន្តែ ជួន​កាល​អ្នក​ខ្លះ​ធ្លាក់​ទឹក​ចិត្ត​ជា​ខ្លាំង​រហូត​ដល់​ពួក​គេ​ឆ្ងល់​ថា ‹តើ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ខ្ញុំ​ផ្ទាល់​ឬ​ទេ?›។ អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​មួយ​ចំនួន​នៅ​សម័យ​គម្ពីរ ធ្លាប់​មាន​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​បែប​នោះ។ (​១សាំ. ១:៦​-​១០; យ៉ូប ២៩:២, ៤; ចសព. ៥១:១១​) គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​ថា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​អាច​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ តើ​តាម​របៀប​ណា? យើង​ត្រូវ​បង្ហាញ​ជំនឿ​ទៅ​លើ​លោក​យេស៊ូ​គ្រិស្ត​និង​ទទួល​ការ​ជ្រមុជ​ទឹក។ (​យ៉ូន. ៣:១៦​) យ៉ាង​នេះ យើង​បង្ហាញ​ជា​សាធារណៈ​ថា​យើង​បាន​ប្រែ​ចិត្ត​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង ហើយ​បាន​សន្យា​នឹង​ព្រះ​ថា​យើង​នឹង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ (​សកម្ម. ២:៣៨; ៣:១៩​) ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត​ពេល​យើង​ធ្វើ​អ្វី​ទាំង​នេះ​ដើម្បី​បណ្ដុះ​ចំណង​មិត្តភាព​ជា​មួយ​លោក។ ដរាប​ណា​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​រស់​នៅ​ស្រប​តាម​ពាក្យ​សម្បថ​របស់​យើង​ក្នុង​ការ​ប្រគល់​ខ្លួន​ជូន​លោក ដរាប​នោះ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​យើង ហើយ​ចាត់​ទុក​យើង​ថា​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​លោក។—ចសព. ២៥:១៤ w​២៤.០៣ ទំ.២៦ វ.១​-​២

ថ្ងៃ​ពុធ ទី​៣០ ខែ​កក្កដា

យើង​មិន​អាច​ឈប់​និយាយ​អំពី​អ្វី​ដែល​យើង​បាន​ឃើញ​និង​បាន​ឮ​ទេ។—សកម្ម. ៤:២០

យើង​អាច​យក​តម្រាប់​ពួក​អ្នក​កាន់​តាម​ដោយ​បន្ត​ផ្សព្វ​ផ្សាយ ទោះ​ជា​ពួក​អាជ្ញាធរ​បង្គាប់​យើង​ឲ្យ​ឈប់​ធ្វើ​ដូច្នេះ​ក្ដី។ យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​បំពេញ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។ ដូច្នេះ ចូរ​អធិដ្ឋាន​សុំ​ចិត្ត​ក្លាហាន​និង​ប្រាជ្ញា ព្រម​ទាំង​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា។ យើង​ជា​ច្រើន​នាក់​កំពុង​រង​ទុក្ខ​ដោយ​សារ​ជំងឺ​ឬ​បញ្ហា​ផ្លូវ​ចិត្ត មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់ បញ្ហា​ក្នុង​ក្រុម​គ្រួសារ ការ​បៀតបៀន ឬ​ការ​ពិបាក​ផ្សេង​ទៀត។ បញ្ហា​ផ្សេង​ៗ​ដូច​ជា​រោគ​រាត​ត្បាត​និង​សង្គ្រាម​ធ្វើ​ឲ្យ​ការ​ពិបាក​ជា​ច្រើន​ទាំង​នេះ​កាន់​តែ​យ៉ាប់​ទៅ។ សូម​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អារម្មណ៍​កប់​ជ្រៅ​របស់​អ្នក។ សូម​ប្រាប់​លោក​អំពី​ស្ថានភាព​របស់​អ្នក ដូច​ដែល​អ្នក​នឹង​និយាយ​ប្រាប់​មិត្ត​ជិត​ស្និទ្ធ​របស់​អ្នក។ សូម​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​«​នឹង​ជួយ​អ្នក​»។ (​ចសព. ៣៧:៣, ៥​) ការ​ត​ស៊ូ​ក្នុង​ការ​អធិដ្ឋាន​នឹង​ជួយ​យើង​ឲ្យ​«​ស៊ូ​ទ្រាំ​នឹង​សេចក្ដី​វេទនា​»។ (​រ៉ូម ១២:១២​) ព្រះ​យេហូវ៉ា​ដឹង​អំពី​អ្វី​ដែល​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក​កំពុង​ឆ្លង​កាត់ ដោយ​សារ​«​លោក​ឮ​ពាក្យ​ស្រែក​អង្វរ​សុំ​របស់​ពួក​គេ​»។—ចសព. ១៤៥:១៨, ១៩ w​២៣.០៥ ទំ.៥​-​៦ វ.១២​-​១៥

ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​កក្កដា

ចូរ​ពិចារណា​ជា​និច្ច​ដើម្បី​ឲ្យ​ដឹង​ប្រាកដ​អំពី​អ្វី​ដែល​លោក​ម្ចាស់​ពេញ​ចិត្ត។—អេភ. ៥:១០

ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់ យើង​ត្រូវ​«​ខំ​ព្យាយាម​យល់​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​»​ ហើយ​ក្រោយ​មក​ប្រព្រឹត្ត​ស្រប​តាម​បំណង​ប្រាថ្នា​លោក។ (​អេភ. ៥:១៧​) ដោយ​ស្វែង​រក​គោល​ការណ៍​គម្ពីរ​ដែល​ត្រូវ​នឹង​ស្ថានភាព​របស់​យើង យើង​កំពុង​ព្យាយាម​ស្វែង​យល់​អំពី​របៀប​គិត​គូរ​របស់​ព្រះ​ទៅ​លើ​រឿង​នោះ។ យ៉ាង​នេះ កាល​ដែល​យើង​ធ្វើ​តាម​គោល​ការណ៍​របស់​លោក យើង​ទំនង​ជា​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ។ ​«​មេ​កំណាច​»​សាថាន​ដែល​ជា​សត្រូវ​របស់​យើង​ចង់​ឲ្យ​យើង​ជាប់​រវល់​ជា​មួយ​នឹង​របៀប​របប​ពិភព​លោក​នេះ រហូត​ដល់​យើង​គ្មាន​ពេល​សម្រាប់​កិច្ច​បម្រើ​ព្រះ។ (​១​យ៉ូន. ៥:១៩​) គឺ​ងាយ​ស្រួល​ឲ្យ​គ្រិស្ត​សាសនិក​ណា​ម្នាក់​ចាប់​ផ្ដើម​ផ្ដោត​អារម្មណ៍​ទៅ​លើ​វត្ថុ​ទ្រព្យ ការ​អប់រំ ឬ​ការ​ងារ ជា​ជាង​ទៅ​លើ​របៀប​ផ្សេង​ៗ​ដែល​គាត់​អាច​បម្រើ​ព្រះ​យេហូវ៉ា។ បើ​គាត់​ធ្វើ​ដូច្នេះ គាត់​នឹង​បង្ហាញ​ថា​គាត់​កំពុង​ចាប់​ផ្ដើម​មាន​របៀប​គិត​គូរ​ដូច​មនុស្ស​ក្នុង​ពិភព​លោក។ អ្វី​ទាំង​នេះ​ប្រហែល​ជា​មិន​ខុស​ទេ ប៉ុន្តែ​វា​មិន​គួរ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង​ឡើយ។ w​២៤.០៣ ទំ.២៤ វ.១៦​-​១៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក