បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • es25 ទំ. ៧៧-៨៧
  • ខែ​សីហា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខែ​សីហា
  • ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
  • ចំណងជើងតូច
  • ថ្ងៃ​សុក្រ ទី​១ ខែ​សីហា
  • ថ្ងៃ​សៅរ៍ ទី​២ ខែ​សីហា
  • ថ្ងៃ​អាទិត្យ ទី​៣ ខែ​សីហា
  • ថ្ងៃ​ច័ន្ទ ទី​៤ ខែ​សីហា
  • ថ្ងៃ​អង្គារ ទី​៥ ខែ​សីហា
  • ថ្ងៃ​ពុធ ទី​៦ ខែ​សីហា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​សីហា
  • ថ្ងៃ​សុក្រ ទី​៨ ខែ​សីហា
  • ថ្ងៃ​សៅរ៍ ទី​៩ ខែ​សីហា
  • ថ្ងៃ​អាទិត្យ ទី​១០ ខែ​សីហា
  • ថ្ងៃ​ច័ន្ទ ទី​១១ ខែ​សីហា
  • ថ្ងៃ​អង្គារ ទី​១២ ខែ​សីហា
  • ថ្ងៃ​ពុធ ទី​១៣ ខែ​សីហា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​សីហា
  • ថ្ងៃ​សុក្រ ទី​១៥ ខែ​សីហា
  • ថ្ងៃ​សៅរ៍ ទី​១៦ ខែ​សីហា
  • ថ្ងៃ​អាទិត្យ ទី​១៧ ខែ​សីហា
  • ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​សីហា
  • ថ្ងៃ​អង្គារ ទី​១៩ ខែ​សីហា
  • ថ្ងៃ​ពុធ ទី​២០ ខែ​សីហា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​សីហា
  • ថ្ងៃ​សុក្រ ទី​២២ ខែ​សីហា
  • ថ្ងៃ​សៅរ៍ ទី​២៣ ខែ​សីហា
  • ថ្ងៃ​អាទិត្យ ទី​២៤ ខែ​សីហា
  • ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​សីហា
  • ថ្ងៃ​អង្គារ ទី​២៦ ខែ​សីហា
  • ថ្ងៃ​ពុធ ទី​២៧ ខែ​សីហា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​សីហា
  • ថ្ងៃ​សុក្រ ទី​២៩ ខែ​សីហា
  • ថ្ងៃ​សៅរ៍ ទី​៣០ ខែ​សីហា
  • ថ្ងៃ​អាទិត្យ ទី​៣១ ខែ​សីហា
ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
es25 ទំ. ៧៧-៨៧

ខែ​សីហា

ថ្ងៃ​សុក្រ ទី​១ ខែ​សីហា

មនុស្ស​សុចរិត​ជួប​ទុក្ខ​លំបាក​ជា​ច្រើន តែ​ព្រះ​យេហូវ៉ា​ជួយ​សង្គ្រោះ​គាត់​ឲ្យ​រួច​ផុត​ពី​ទុក្ខ​ទាំង​អស់។—ចសព. ៣៤:១៩

សូម​កត់​សម្គាល់​ចំណុច​សំខាន់​ពីរ​យ៉ាង​ពី​ចម្រៀង​សរសើរ​ព្រះ​ខាង​លើ​នេះ​គឺ​៖ (​១​) មនុស្ស​សុចរិត​ជួប​បញ្ហា។ (​២​) ព្រះ​យេហូវ៉ា​ជួយ​សង្គ្រោះ​យើង​ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​របស់​យើង។ តើ​លោក​ជួយ​សង្គ្រោះ​យើង​តាម​របៀប​ណា? របៀប​មួយ​គឺ​លោក​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​សម​ហេតុ​សម​ផល​ចំពោះ​ជីវិត​ក្នុង​ពិភព​លោក​នេះ។ ទោះ​ជា​ព្រះ​យេហូវ៉ា​សន្យា​ថា​យើង​នឹង​មាន​អំណរ​ក្នុង​ការ​បម្រើ​លោក​ក្ដី លោក​មិន​ធានា​ថា​ជីវិត​យើង​នឹង​គ្មាន​ទុក្ខ​លំបាក​សោះ​នៅ​ឥឡូវ​នេះ​ទេ។ (​អេ. ៦៦:១៤​) លោក​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ថ្ងៃ​អនាគត​ជា​គ្រា​ដែល​យើង​នឹង​មាន​ជីវិត​ដែល​លោក​ចង់​ឲ្យ​យើង​មាន​ជា​រៀង​រហូត។ (​២កូ. ៤:១៦​-​១៨​) ទម្រាំ​ដល់​ពេល​នោះ លោក​ជួយ​យើង​ឲ្យ​បន្ត​បម្រើ​លោក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ (​បទំ. ៣:២២​-​២៤​) តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ពួក​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ទាំង​នៅ​សម័យ​គម្ពីរ ទាំង​នៅ​សម័យ​យើង? យើង​ប្រហែល​ជា​ជួប​បញ្ហា​ដែល​មិន​បាន​រំពឹង​ទុក្ខ។ ប៉ុន្តែ ពេល​យើង​ពឹង​ផ្អែក​ព្រះ​យេហូវ៉ា លោក​នឹង​ជួយ​យើង​ជា​និច្ច។—ចសព. ៥៥:២២ w​២៣.០៤ ទំ.១៤​-​១៥ វ.៣​-​៤

ថ្ងៃ​សៅរ៍ ទី​២ ខែ​សីហា

ចូរ . . . ចុះ​ចូល​នឹង​ពួក​អាជ្ញាធរ។—រ៉ូម ១៣:១

យើង​អាច​រៀន​ពី​គំរូ​របស់​យ៉ូសែប​និង​ម៉ារៀ​ដែល​រង់​ចាំ​ធ្វើ​តាម​បង្គាប់​ពួក​អាជ្ញាធរ ទោះ​ជា​ពេល​មិន​ស្រួល​ឲ្យ​ធ្វើ​ដូច្នេះ​ក្ដី។ (​លូក. ២:១​-​៦​) ពេល​ម៉ារៀ​មាន​ផ្ទៃ​ពោះ​ប្រហែល​៩​ខែ ការ​ស្ដាប់​បង្គាប់​របស់​ម៉ារៀ​និង​យ៉ូសែប​បាន​ត្រូវ​សាក​ល្បង។ អធិរាជ​អូគូស​បាន​ចេញ​ច្បាប់​ដែល​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​ចក្រភព​រ៉ូម​ទៅ​ចុះ​បញ្ជី​ឈ្មោះ​នៅ​ស្រុក​កំណើត​របស់​ពួក​គេ។ យ៉ូសែប​និង​ម៉ារៀ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ក្រុង​បេថ្លេហិម ដែល​អាច​មាន​ចម្ងាយ​រហូត​ដល់​១៥០​គីឡូ​ម៉ែត្រ ហើយ​តម្រូវ​ឲ្យ​ឆ្លង​កាត់​តំបន់​ទី​ទួល។ ការ​ធ្វើ​ដំណើរ​នោះ​មិន​ស្រួល​ទេ ជា​ពិសេស​សម្រាប់​ម៉ារៀ។ គូ​ប្ដី​ប្រពន្ធ​នោះ​ប្រហែល​ជា​បារម្ភ​អំពី​សុវត្ថិភាព​របស់​នាង​និង​ទារក​នៅ​ក្នុង​ផ្ទៃ​របស់​នាង។ ចុះ​បើ​នាង​ស្រាប់​តែ​ឈឺ​ពោះ​កាល​ដែល​កំពុង​ធ្វើ​ដំណើរ? នាង​កំពុង​ពរ​ពោះ​អនាគត​មេស្ស៊ី​ក្នុង​ផ្ទៃ​របស់​នាង។ តើ​អ្វី​ទាំង​នោះ​ជា​លេស​ឲ្យ​ពួក​គាត់​មិន​ស្ដាប់​បង្គាប់​រដ្ឋាភិបាល​ឬ​ទេ? ទោះ​ជា​យ៉ូសែប​និង​ម៉ារៀ​អាច​មាន​ការ​ព្រួយ​បារម្ភ​ផ្សេង​ៗ​ក្ដី ពួក​គាត់​បាន​ធ្វើ​តាម​ច្បាប់​នោះ។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ពួក​គាត់​ចំពោះ​ការ​ស្ដាប់​បង្គាប់។ ម៉ារៀ​បាន​ទៅ​ដល់​ក្រុង​បេថ្លេហិម​ដោយ​សុវត្ថិភាព បាន​សម្រាល​ទារក​ដែល​មាន​សុខភាព​ល្អ ហើយ​ថែម​ទាំង​បាន​ជួយ​សម្រេច​ទំនាយ​មួយ​ក្នុង​គម្ពីរ​ទៀត​ផង។—មីកា ៥:២ w​២៣.១០ ទំ.៨ វ.៩; ទំ.៩ វ.១១​-​១២

ថ្ងៃ​អាទិត្យ ទី​៣ ខែ​សីហា

[​ចូរ​]​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។—ហេ. ១០:២៥

ចុះ​យ៉ាង​ណា​បើ​គ្រាន់​តែ​គិត​អំពី​ការ​ឆ្លើយ​នៅ​ឯ​កិច្ច​ប្រជុំ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ភ័យ​ហើយ? អ្នក​ប្រហែល​ជា​ឃើញ​ថា​គឺ​មាន​ប្រយោជន៍ បើ​អ្នក​រៀប​ចំ​ឲ្យ​បាន​ល្អ។ (​សុភ. ២១:៥​) កាល​ដែល​អ្នក​ស្គាល់​ព័ត៌មាន​ក្នុង​អត្ថបទ​ណា​មួយ​កាន់​តែ​ច្រើន អ្នក​នឹង​កាន់​តែ​មាន​អារម្មណ៍​ស្រួល​ស្ម័គ្រ​ចិត្ត​ឆ្លើយ។ ម្យ៉ាង​ទៀត សូម​ឆ្លើយ​ខ្លី។ (​សុភ. ១៥:២៣; ១៧:២៧​) ចម្លើយ​ខ្លី​នឹង​ជួយ​អ្នក​មិន​សូវ​ភ័យ។ ដោយ​ឆ្លើយ​ខ្លី​ចេញ​ពី​ចិត្ត អ្នក​នឹង​បង្ហាញ​ថា​អ្នក​បាន​រៀប​ចំ​ល្អ ហើយ​ថា​អ្នក​បាន​យល់​ច្បាស់​អំពី​ព័ត៌មាន​នោះ។ ចុះ​បើ​អ្នក​បាន​សាក​ល្បង​ធ្វើ​តាម​យោបល់​ខ្លះ​ទាំង​នេះ​រួច​ហើយ តែ​អ្នក​នៅ​តែ​មាន​អារម្មណ៍​ភ័យ​នឹង​ឆ្លើយ​លើស​ពី​មួយ​ដង​ឬ​ពីរ​ដង? សូម​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​របស់​អ្នក។ (​លូក. ២១:១​-​៤​) ការ​ខំ​អស់​ពី​សមត្ថភាព​មិន​មែន​មាន​ន័យ​ថា​ការ​បង្ខំ​ខ្លួន​រហូត​ដល់​ទ្រាំ​លែង​បាន​នោះ​ទេ។ (​ភី. ៤:៥​) សូម​សម្រេច​ចិត្ត​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន កំណត់​គោល​ដៅ​ធ្វើ​នោះ និង​អធិដ្ឋាន​ឲ្យ​មាន​ចិត្ត​ស្ងប់។ ជា​ដំបូង អ្នក​អាច​មាន​គោល​ដៅ​ឆ្លើយ​មួយ​ដង​យ៉ាង​ខ្លី។ w​២៣.០៤ ទំ.២១ វ.៦​-​៨

ថ្ងៃ​ច័ន្ទ ទី​៤ ខែ​សីហា

[​ចូរ​]​ពាក់ . . . អាវ​ការ​ពារ​ដើម​ទ្រូង ថែម​ទាំង​ពាក់ . . . មួក​ការ​ពារ​ក្បាល។—១ថែ. ៥:៨

សាវ័ក​ប៉ូល​ប្រដូច​យើង​ទៅ​នឹង​ទាហាន​ដែល​ដឹង​ខ្លួន​ជា​និច្ច និង​ស្លៀក​ពាក់​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រយុទ្ធ។ ទាហាន​ត្រូវ​ត្រៀម​ខ្លួន​ប្រយុទ្ធ​គ្រប់​ពេល​ដែល​មាន​សង្គ្រាម។ គឺ​ស្រដៀង​គ្នា​ដែរ​ចំពោះ​យើង។ យើង​ត្រៀម​ខ្លួន​ជា​និច្ច​ចំពោះ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា ដោយ​ពាក់​ជំនឿ​និង​សេចក្ដី​ស្រឡាញ់​ជា​អាវ​ការ​ពារ​ដើម​ទ្រូង ព្រម​ទាំង​សេចក្ដី​សង្ឃឹម​ជា​មួក​ការ​ពារ​ក្បាល។ អាវ​ការ​ពារ​ដើម​ទ្រូង​បាន​ការ​ពារ​បេះ​ដូង​របស់​ទាហាន។ ជំនឿ​និង​សេចក្ដី​ស្រឡាញ់​ការ​ពារ​ចិត្ត​របស់​យើង។ គុណ​សម្បត្តិ​ទាំង​នេះ​នឹង​ជួយ​យើង​ឲ្យ​បន្ត​បម្រើ​ព្រះ និង​កាន់​តាម​លោក​យេស៊ូ។ ជំនឿ​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​រង្វាន់​ដល់​យើង​ចំពោះ​ការ​ស្វែង​រក​លោក​អស់​ពី​ចិត្ត។ (​ហេ. ១១:៦​) នេះ​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​រក្សា​ភក្ដី​ភាព​ចំពោះ​លោក​យេស៊ូ​ដែល​ជា​អ្នក​ដឹក​នាំ​របស់​យើង ទោះ​ជា​យើង​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ក្ដី។ យើង​អាច​ពង្រឹង​ជំនឿ​ដើម្បី​ប្រឈម​មុខ​នឹង​ការ​ពិបាក​ផ្សេង​ៗ​ក្នុង​ជីវិត ដោយ​រៀន​ពី​គំរូ​របស់​បុគ្គល​នៅ​សម័យ​យើង​ដែល​បាន​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ ទោះ​ជា​មាន​ការ​បៀតបៀន​ឬ​មាន​បញ្ហា​លុយ​កាក់​ក្ដី។ ម្យ៉ាង​ទៀត យើង​អាច​ជៀស​វាង​ពី​អន្ទាក់​នៃ​ការ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្តិ ដោយ​យក​តម្រាប់​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​សាមញ្ញ​ជាង​ដើម្បី​ចាត់​ទុក​កិច្ច​ការ​រាជាណាចក្រ​ថា​សំខាន់​បំផុត។ w​២៣.០៦ ទំ.១០ វ.៨​-​៩

ថ្ងៃ​អង្គារ ទី​៥ ខែ​សីហា

អ្នក​ណា​ដែល​មើល​តែ​ពពក អ្នក​នោះ​ក៏​មិន​ច្រូត​ប្រមូល​ផល​ដែរ។—អទ. ១១:៤

ការ​ចេះ​ទប់​ចិត្ត​គឺ​ជា​សមត្ថភាព​គ្រប់​គ្រង​អារម្មណ៍​និង​ការ​ប្រព្រឹត្ត​របស់​ខ្លួន។ យើង​ត្រូវ​ចេះ​ទប់​ចិត្ត​ដើម្បី​សម្រេច​គោល​ដៅ​របស់​យើង ជា​ពិសេស​បើ​គោល​ដៅ​នោះ​គឺ​ពិបាក​សម្រេច ឬ​បើ​យើង​មិន​មាន​ចិត្ត​ចង់​ធ្វើ​នោះ។ សូម​ចាំ​ថា​ការ​ចេះ​ទប់​ចិត្ត​ជា​លក្ខណៈ​មួយ​នៃ​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ ដូច្នេះ​សូម​សុំ​ឫទ្ធានុភាព​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​អ្នក​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ដ៏​សំខាន់​នេះ។ (​លូក. ១១:១៣; កាឡ. ៥:២២, ២៣​) ចូរ​កុំ​រង់​ចាំ​ឲ្យ​មាន​ស្ថានភាព​ល្អ​ឥត​ខ្ចោះ​ឡើយ។ ក្នុង​ពិភព​លោក​នេះ យើង​ទំនង​ជា​នឹង​គ្មាន​ស្ថានភាព​ល្អ​ឥត​ខ្ចោះ​ទេ។ បើ​យើង​រង់​ចាំ​ទាល់​តែ​មាន​ស្ថានភាព​បែប​នោះ យើង​ប្រហែល​ជា​នឹង​មិន​សម្រេច​គោល​ដៅ​របស់​យើង​ទេ។ យើង​ប្រហែល​ជា​មិន​សូវ​មាន​ចិត្ត​ចង់​សម្រេច​គោល​ដៅ​ណា​មួយ​ទេ ដោយ​សារ​នោះ​មើល​ទៅ​ពិបាក​សម្រេច​ណាស់។ បើ​នេះ​ជា​បញ្ហា​របស់​អ្នក តើ​អ្នក​អាច​បែង​ចែក​គោល​ដៅ​នោះ​ឲ្យ​ទៅ​ជា​គោល​ដៅ​តូច​ៗ​ឬ​ទេ? បើ​គោល​ដៅ​របស់​អ្នក​គឺ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ណា​មួយ ប្រហែល​ជា​ដំបូង​អ្នក​អាច​ខំ​ប្រឹង​បង្ហាញ​គុណ​សម្បត្តិ​នោះ​តាម​រយៈ​ការ​ប្រព្រឹត្ត​តូច​តាច។ បើ​គោល​ដៅ​របស់​អ្នក​គឺ​អាន​គម្ពីរ​ទាំង​មូល តើ​អ្នក​អាច​ចាប់​ផ្ដើម​ដោយ​កំណត់​ពេល​ខ្លី​ៗ​ដើម្បី​អាន​គម្ពីរ​ឬ​ទេ? w​២៣.០៥ ទំ.២៩ វ.១១​-​១៣

ថ្ងៃ​ពុធ ទី​៦ ខែ​សីហា

ផ្លូវ​របស់​មនុស្ស​សុចរិត​ប្រៀប​ដូច​ជា​ពន្លឺ​នៅ​ពេល​ព្រឹក ដែល​ភ្លឺ​បន្តិច​ម្ដង​ៗ​រហូត​ដល់​ភ្លឺ​ខ្លាំង​ដូច​ពេល​ថ្ងៃ​ត្រង់។—សុភ. ៤:១៨

ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​នេះ ព្រះ​យេហូវ៉ា​បាន​ប្រើ​អង្គការ​របស់​លោក​ឲ្យ​បន្ត​ផ្ដល់​ការ​ណែនាំ​ពី​បណ្ដាំ​របស់​លោក​ដើម្បី​ជួយ​យើង​ទាំង​អស់​គ្នា​ឲ្យ​បន្ត​ធ្វើ​ដំណើរ​តាម​«​ផ្លូវ​បរិសុទ្ធ​»។ (​អេ. ៣៥:៨; ៤៨:១៧; ៦០:១៧​) យើង​ប្រហែល​ជា​និយាយ​ថា​ពេល​បុគ្គល​ណា​ម្នាក់​យល់​ព្រម​សិក្សា​គម្ពីរ គាត់​មាន​ឱកាស​បោះ​ជំហាន​លើ​«​ផ្លូវ​បរិសុទ្ធ​»។ អ្នក​ខ្លះ​ធ្វើ​ដំណើរ​បាន​តែ​ចម្ងាយ​ខ្លី រួច​ក៏​ចេញ​ពី​ផ្លូវ​នោះ​ទៅ។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត តាំង​ចិត្ត​បន្ត​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​នោះ​រហូត​ដល់​ទី​ដៅ​របស់​ពួក​គេ។ តើ​ផ្លូវ​នោះ​នាំ​ទៅ​ដល់​ណា? ចំពោះ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ ​«​ផ្លូវ​បរិសុទ្ធ​»​នាំ​ទៅ​ដល់​«​សួន​ឧទ្យាន​របស់​ព្រះ​»​នៅ​ស្ថាន​សួគ៌។ (​បប. ២:៧​) ចំពោះ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែន​ដី ផ្លូវ​ធំ​នោះ​គឺ​នាំ​ទៅ​ដល់​ជីវិត​ល្អ​ឥត​ខ្ចោះ​នៅ​ដំណាច់​គ្រា​១.០០០​ឆ្នាំ។ បើ​អ្នក​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ធំ​នោះ​នៅ​សព្វ​ថ្ងៃ​នេះ សូម​កុំ​ងាក​ក្រោយ​ឡើយ។ ម្យ៉ាង​ទៀត សូម​បន្ត​នៅ​លើ​ផ្លូវ​នោះ​រហូត​ដល់​អ្នក​បាន​បង្ហើយ​ដំណើរ​របស់​អ្នក​ទៅ​ដល់​ពិភព​លោក​ថ្មី។ w​២៣.០៥ ទំ.១៧ វ.១៥​-​១៦; ទំ.១៩ វ.១៧​-​១៨

ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​សីហា

យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់ ពីព្រោះ​ព្រះ​បាន​ស្រឡាញ់​យើង​ជា​មុន។—១​យ៉ូន. ៤:១៩

ពេល​អ្នក​គិត​អំពី​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​អ្នក អ្នក​នឹង​ដឹង​គុណ​លោក ហើយ​ចង់​ប្រគល់​ខ្លួន​ជូន​លោក។ (​ចសព. ១១៦:១២​-​១៤​) គម្ពីរ​ហៅ​ព្រះ​យេហូវ៉ា​យ៉ាង​ត្រឹម​ត្រូវ​ថា​ជា​អ្នក​ឲ្យ​«​គ្រប់​ទាំង​របស់​ល្អ​និង​អំណោយ​ដ៏​ល្អ​ឥត​ខ្ចោះ​»។ (​យ៉ា. ១:១៧​) អំណោយ​ដ៏​ធំ​ជាង​គេ​បំផុត​គឺ​គ្រឿង​បូជា​របស់​លោក​យេស៊ូ​ដែល​ជា​បុត្រ​លោក។ សូម​គិត​អំពី​ភាព​ដ៏​អស្ចារ្យ​នៃ​អំណោយ​នោះ! ថ្លៃ​លោះ​បាន​បើក​ឱកាស​ឲ្យ​អ្នក​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត លោក​បាន​ឲ្យ​អ្នក​នូវ​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត។ (​១​យ៉ូន. ៤:៩, ១០​) ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​គឺ​ជា​របៀប​មួយ​ដើម្បី​បង្ហាញ​ថា​អ្នក​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​បំផុត ព្រម​ទាំង​ចំពោះ​ពរ​ទាំង​អស់​ទៀត​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​អ្នក។—បច. ១៦:១៧; ២កូ. ៥:១៥ w​២៤.០៣ ទំ.៥ វ.៨

ថ្ងៃ​សុក្រ ទី​៨ ខែ​សីហា

មនុស្ស​ដែល​ដើរ​ក្នុង​ផ្លូវ​ទៀង​ត្រង់​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា។—សុភ. ១៤:២

ពេល​យើង​ឃើញ​សីលធម៌​ធូរ​លុង​របស់​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ យើង​មាន​អារម្មណ៍​ដូច​ឡុត។ គាត់​ដឹង​ថា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ស្អប់​ការ​អាក្រក់ ដូច្នេះ​គាត់​«​បាន​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ដោយ​សារ​ពួក​អ្នក​បំពាន​លើ​ច្បាប់ ដែល​បណ្ដែត​បណ្ដោយ​ខ្លួន​ទៅ​តាម​ការ​ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង​»។ (​២ពេ. ២:៧, ៨​) ការ​កោត​ខ្លាច​ព្រះ និង​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក បាន​ជំរុញ​ចិត្ត​ឡុត​ឲ្យ​បដិសេធ​ខ្នាត​តម្រា​សីលធម៌​ថោក​ទាប​របស់​មនុស្ស​នៅ​ជុំ​វិញ​គាត់។ នៅ​ជុំ​វិញ​យើង ក៏​មាន​មនុស្ស​ដែល​មិន​សូវ​ឲ្យ​តម្លៃ​ឬ​មិន​ឲ្យ​តម្លៃ​ទាល់​តែ​សោះ​ចំពោះ​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ​យេហូវ៉ា។ ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​អាច​រក្សា​សីលធម៌​ស្អាត​ស្អំ បើ​យើង​រក្សា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​បណ្ដុះ​ឲ្យ​មាន​ការ​កោត​ខ្លាច​ចំពោះ​លោក។ ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ​តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​ដែល​មាន​នៅ​ក្នុង​សៀវភៅ​សុភាសិត។ គ្រិស្ត​សាសនិក​ទាំង​អស់ ទាំង​បុរស ទាំង​ស្ត្រី ទាំង​ក្មេង ទាំង​ចាស់ ពិត​ជា​អាច​ទទួល​ប្រយោជន៍​ពី​ការ​ពិចារណា​យោបល់​ដ៏​ឈ្លាស​វៃ​ពី​សៀវភៅ​នេះ។ ពេល​យើង​កោត​ខ្លាច​ព្រះ​យេហូវ៉ា យើង​ប្រុង​ប្រយ័ត្ន​មិន​ធ្វើ​ជា​មិត្ត​ភក្ដិ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ធ្វើ​អ្វី​ដ៏​អាក្រក់។ w​២៣.០៦ ទំ.២០ វ.១​-​២; ទំ.២១ វ.៥

ថ្ងៃ​សៅរ៍ ទី​៩ ខែ​សីហា

បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ អ្នក​នោះ​ត្រូវ​ប្រគល់​ខ្លួន​ជូន​ព្រះ រួច​លី​បង្គោល​ទារុណកម្ម​របស់​ខ្លួន​រៀង​រាល់​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ជា​ដរាប​ចុះ។—លូក. ៩:២៣

អ្នក​ប្រហែល​ជា​បាន​ជួប​ការ​ប្រឆាំង​ពី​ក្រុម​គ្រួសារ ឬ​ប្រហែល​ជា​បាន​លះ​បង់​ការ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ដើម្បី​ចាត់​ទុក​រាជាណាចក្រ​ព្រះ​ថា​សំខាន់​បំផុត។ (​ម៉ាថ. ៦:៣៣​) បើ​ដូច្នេះ អ្នក​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​កត់​សម្គាល់​កិច្ច​ការ​ដ៏​ស្មោះ​ត្រង់​របស់​អ្នក។ (​ហេ. ៦:១០​) អ្នក​ទំនង​ជា​បាន​ពិសោធ​ថា​ប្រសាសន៍​របស់​លោក​យេស៊ូ​ជា​ការ​ពិត ដែល​ថា​៖ ​«​អ្នក​ណា​ដែល​ចាក​ចេញ​ពី​ផ្ទះ ឬ​បង​ប្អូន​ប្រុស​ស្រី ឬ​ម្ដាយ ឬ​ឪពុក ឬ​កូន ឬ​ស្រែ​ចម្ការ ដើម្បី​ខ្ញុំ​និង​ដើម្បី​ដំណឹង​ល្អ អ្នក​នោះ​នឹង​បាន​ទទួល​១​ជា​១០០​ក្នុង​គ្រា​ឥឡូវ​នេះ​គឺ ផ្ទះ បង​ប្អូន​ប្រុស​ស្រី ម្ដាយ កូន និង​ស្រែ​ចម្ការ ព្រម​ទាំង​ការ​បៀតបៀន​ផង​ដែរ ហើយ​ក្នុង​របៀប​របប​ពិភព​លោក​ដែល​នឹង​មក​ដល់ នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​ម៉ាក. ១០:២៩, ៣០​) ពរ​ដែល​អ្នក​បាន​ទទួល​គឺ​ច្រើន​ជាង​ការ​លះ​បង់​ណា​ក៏​ដោយ​ដែល​អ្នក​បាន​ធ្វើ។—ចសព. ៣៧:៤ w​២៤.០៣ ទំ.៩ វ.៥

ថ្ងៃ​អាទិត្យ ទី​១០ ខែ​សីហា

មិត្ត​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្រប់​ពេល​វេលា ហើយ​គាត់​ប្រៀប​ដូច​ជា​បង​ប្អូន​ដែល​កើត​មក ដើម្បី​ជួយ​គ្នា​នៅ​ពេល​មាន​ទុក្ខ​លំបាក។—សុភ. ១៧:១៧

ពេល​គ្រិស្ត​សាសនិក​នៅ​តំបន់​យូឌា​មាន​ការ​អត់​ឃ្លាន​យ៉ាង​ខ្លាំង បង​ប្អូន​ពី​ក្រុម​ជំនុំ​នា​ក្រុង​អាន់ទីយ៉ូក​‹បាន​សម្រេច​ថា ពួក​គេ​នឹង​ផ្ញើ​ជំនួយ​ទៅ​បង​ប្អូន​ដែល​រស់​នៅ​តំបន់​យូឌា តាម​លទ្ធភាព​របស់​ពួក​គេ​ម្នាក់​ៗ​›។ (​សកម្ម. ១១:២៧​-​៣០​) ទោះ​ជា​បង​ប្អូន​ដែល​រង​ការ​អត់​ឃ្លាន​នោះ​បាន​រស់​នៅ​ឆ្ងាយ​ពី​គ្រិស្ត​សាសនិក​នៅ​ក្រុង​អាន់ទីយ៉ូក​ក្ដី គ្រិស្ត​សាសនិក​ទាំង​នោះ​បាន​តាំង​ចិត្ត​ជួយ​ពួក​គេ។ (​១​យ៉ូន. ៣:១៧, ១៨​) យើង​ក៏​អាច​បង្ហាញ​សេចក្ដី​អាណិត​មេត្តា​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ ពេល​យើង​ដឹង​ថា​អ្នក​គោរព​ប្រណិប័តន៍​គ្នី​គ្នា​បាន​រង​គ្រោះ​ដោយ​មហន្តរាយ។ យើង​ស្នើ​សុំ​ផ្ដល់​ជំនួយ​ភ្លាម​ៗ ប្រហែល​ជា​ដោយ​សួរ​ពួក​អ្នក​ចាស់​ទុំ​ថា​តើ​យើង​អាច​ជួយ​ក្នុង​គម្រោង​ណា​មួយ​បាន​ទេ ហើយ​ដោយ​ដាក់​វិភាគទាន​ដើម្បី​គាំទ្រ​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក ឬ​ដោយ​អធិដ្ឋាន​អំពី​ពួក​អ្នក​ដែល​បាន​រង​គ្រោះ​ពី​មហន្តរាយ​នោះ។ បង​ប្អូន​របស់​យើង​ក៏​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ដើម្បី​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​បឋម​ៗ​របស់​ពួក​គេ។ ពេល​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្ដេច​របស់​យើង​មក​ដើម្បី​អនុវត្ត​ការ​វិនិច្ឆ័យ យើង​ចង់​ឲ្យ​លោក​ឃើញ​ថា​យើង​កំពុង​បង្ហាញ​សេចក្ដី​អាណិត​មេត្តា ហើយ​អញ្ជើញ​យើង​ឲ្យ​មក​«​ទទួល​រាជាណាចក្រ​»។—ម៉ាថ. ២៥:៣៤​-​៤០ w​២៣.០៧ ទំ.៤ វ.៩​-​១០; ទំ.៦ វ.១២

ថ្ងៃ​ច័ន្ទ ទី​១១ ខែ​សីហា

ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​អ្នក​រាល់​គ្នា​ជា​មនុស្ស​សម​ហេតុ​សម​ផល។—ភី. ៤:៥

លោក​យេស៊ូ​មាន​ភាព​សម​ហេតុ​សម​ផល​ដូច​ព្រះ​យេហូវ៉ា។ លោក​បាន​ត្រូវ​ចាត់​ឲ្យ​មក​ផែន​ដី​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​«​ចៀម​ដែល​វង្វេង​ផ្លូវ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​»។ ប៉ុន្តែ លោក​បាន​បង្ហាញ​ភាព​សម​ហេតុ​សម​ផល​ក្នុង​ការ​បំពេញ​ភារកិច្ច​នោះ។ ជា​ឧទាហរណ៍ នៅ​ពេល​មួយ ស្ត្រី​ម្នាក់​ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​បាន​អង្វរ​លោក​ឲ្យ​ជួយ​កូន​ស្រី​របស់​គាត់ ដែល​«​មាន​វិញ្ញាណ​កំណាច​ចូល ធ្វើ​ទុក្ខ​ខ្លាំង​ណាស់​»។ ដោយ​ចិត្ត​អាណិត​មេត្តា លោក​យេស៊ូ​បាន​ធ្វើ​តាម​អ្វី​ដែល​ស្ត្រី​នោះ​បាន​សុំ ហើយ​ធ្វើ​ឲ្យ​កូន​ស្រី​របស់​គាត់​ជា​សះ​ស្បើយ។ (​ម៉ាថ. ១៥:២១​-​២៨​) សូម​គិត​អំពី​ឧទាហរណ៍​មួយ​ទៀត។ ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ លោក​បាន​ប្រកាស​ថា​៖ ​«​អ្នក​ណា​ដែល​មិន​ទទួល​ស្គាល់​ខ្ញុំ . . . ខ្ញុំ​ក៏​នឹង​មិន​ទទួល​ស្គាល់​អ្នក​នោះ​»​ដែរ។ (​ម៉ាថ. ១០:៣៣​) ប៉ុន្តែ តើ​លោក​មិន​ទទួល​ស្គាល់​ពេត្រុស​ដែល​បាន​បដិសេធ​លោក​អស់​បី​ដង​ឬ​ទេ? មិន​មែន​ទេ! លោក​យេស៊ូ​ដឹង​ថា​ពេត្រុស​ស្ដាយ​ក្រោយ​ជា​ខ្លាំង​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ ហើយ​ថា​គាត់​ជា​បុរស​ដ៏​ស្មោះ​ត្រង់។ ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​លេច​មក​ជួប​ពេត្រុស ហើយ​ទំនង​ជា​បាន​ពង្រឹង​កម្លាំង​ចិត្ត​គាត់​ថា​លោក​បាន​អភ័យ​ទោស​ឲ្យ​គាត់ ហើយ​ថា​លោក​នៅ​តែ​ស្រឡាញ់​គាត់។ (​លូក. ២៤:៣៣, ៣៤​) ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​គឺ​សម​ហេតុ​សម​ផល។ ចុះ​យ៉ាង​ណា​យើង​វិញ? ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ធ្វើ​ជា​មនុស្ស​សម​ហេតុ​សម​ផល។ w​២៣.០៧ ទំ.២១​-​២២ វ.៦​-​៧

ថ្ងៃ​អង្គារ ទី​១២ ខែ​សីហា

សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត។—បប. ២១:៤

យើង​អាច​ប្រាកដ​ថា​ផែន​ដី​នឹង​ទៅ​ជា​សួន​ឧទ្យាន។ តើ​យើង​អាច​ប្រាប់​អ្វី​ដល់​អ្នក​ឯ​ទៀត​ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​ពួក​គេ​ថា​នេះ​នឹង​កើត​ឡើង​ពិត​មែន? យើង​អាច​ប្រាប់​ពួក​គេ​ថា​៖ ទី​១ ព្រះ​យេហូវ៉ា​បាន​សន្យា​ដោយ​ផ្ទាល់។ សៀវភៅ​ការ​បើក​បង្ហាញ​ចែង​ថា​៖ ​«​លោក​ដែល​អង្គុយ​លើ​បល្ល័ង្ក​មាន​ប្រសាសន៍​ថា​៖ ‹មើល! ខ្ញុំ​កំពុង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ថ្មី›​»។ លោក​មាន​ប្រាជ្ញា ឫទ្ធានុភាព និង​បំណង​ប្រាថ្នា​ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​របស់​លោក​ក្លាយ​ជា​ការ​ពិត។ ទី​២ សេចក្ដី​សន្យា​របស់​លោក​នឹង​សម្រេច​ជាក់​ជា​មិន​ខាន រហូត​ដល់​តាម​ទស្សនៈ​របស់​លោក​គឺ​ហាក់​ដូច​ជា​បាន​កើត​ឡើង​រួច​ហើយ។ ហេតុ​នេះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ពាក្យ​ទាំង​នេះ​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​ក៏​ពិត​ត្រង់ . . . ការ​ទាំង​នោះ​បាន​សម្រេច​ហើយ!​»។ ទី​៣ ពេល​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​ធ្វើ​អ្វី​ណា​មួយ លោក​នឹង​ធ្វើ​នោះ​ឲ្យ​បាន​សម្រេច​ដូច​ដែល​បាន​បញ្ជាក់​ដោយ​ពាក្យ​ថា​៖ ​«​ខ្ញុំ​ជា​អាលផា​និង​ជា​អូមេហ្គា​»។ (​បប. ២១:៦​) ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​ថា សាថាន​គឺ​ជា​អ្នក​កុហក​និង​ជា​អ្នក​បរាជ័យ។ ដូច្នេះ​ពេល​អ្នក​ណា​ម្នាក់​និយាយ​ថា​៖ ​«​ស្ដាប់​ទៅ​នេះ​គឺ​ល្អ​ពេក​»​ អ្នក​អាច​អាន​និង​ពន្យល់​ការ​បើក​បង្ហាញ ២១:៥, ៦​ដល់​ពួក​គេ។ សូម​បង្ហាញ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ធានា​សេចក្ដី​សន្យា​របស់​លោក ដោយ​ហាក់​ដូច​ជា​លោក​ចុះ​ហត្ថលេខា​ដោយ​ផ្ទាល់។—អេ. ៦៥:១៦ w​២៣.១១ ទំ.៧ វ.១៨​-​១៩

ថ្ងៃ​ពុធ ទី​១៣ ខែ​សីហា

ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ​ខ្លាំង​ក្លា។—ដក. ១២:២

ព្រះ​យេហូវ៉ា​បាន​សន្យា​នោះ​ចំពោះ​អាប្រាហាំ ពេល​គាត់​មាន​អាយុ​៧៥​ឆ្នាំ ហើយ​គ្មាន​កូន។ តើ​អាប្រាហាំ​បាន​ឃើញ​សេចក្ដី​សន្យា​នោះ​ក្លាយ​ជា​ការ​ពិត​ឬ​ទេ? មិន​ទាំង​ស្រុង​ទេ។ ក្រោយ​ពី​បាន​ឆ្លង​ទន្លេ​អឺប្រាត​និង​រង់​ចាំ​អស់​២៥​ឆ្នាំ អាប្រាហាំ​បាន​ឃើញ​អ៊ី​សា​ក​កូន​ប្រុស​របស់​គាត់​កើត​មក​ជា​អព្ភូតហេតុ ហើយ​ក្រោយ​៦០​ឆ្នាំ​ទៀត គាត់​បាន​ឃើញ​ចៅ​ប្រុស​របស់​គាត់​អេសាវ​និង​យ៉ាកុប​បាន​កើត​មក។ (​ហេ. ៦:១៥​) ប៉ុន្តែ អាប្រាហាំ​មិន​ដែល​ឃើញ​កូន​ចៅ​របស់​គាត់​ទៅ​ជា​ប្រជា​ជាតិ​មួយ​ដ៏​ធំ​ខ្លាំង​ក្លា ហើយ​ទទួល​ស្រុក​ដែល​ព្រះ​បាន​សន្យា​ជា​មត៌ក​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី បុរស​ដ៏​ស្មោះ​ត្រង់​នេះ​មាន​ចំណង​មិត្តភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​បង្កើត​របស់​គាត់។ (​យ៉ា. ២:២៣​) ពេល​អាប្រាហាំ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ គាត់​នឹង​រំភើប​ចិត្ត​ជា​ខ្លាំង​ដោយ​ដឹង​ថា​ជំនឿ​និង​ចិត្ត​អត់​ធ្មត់​របស់​គាត់​នាំ​ឲ្យ​ប្រជា​ជាតិ​ទាំង​អស់​ទទួល​ពរ។ (​ដក. ២២:១៨​) តើ​មាន​មេ​រៀន​អ្វី? យើង​ប្រហែល​ជា​មិន​ឃើញ​សេចក្ដី​សន្យា​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ក្លាយ​ជា​ការ​ពិត​ភ្លាម​ៗ​ទេ។ ប៉ុន្តែ បើ​យើង​មាន​ចិត្ត​អត់​ធ្មត់​ដូច​អាប្រាហាំ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​រង្វាន់​ដល់​យើង​នៅ​ឥឡូវ​នេះ និង​ច្រើន​ថែម​ទៀត​នៅ​ក្នុង​ពិភព​លោក​ថ្មី​ដែល​លោក​បាន​សន្យា។—ម៉ាក. ១០:២៩, ៣០ w​២៣.០៨ ទំ.២៤ វ.១៤

ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​សីហា

នៅ​គ្រា​ដែល​អូសៀស​បម្រើ​ព្រះ​យេហូវ៉ា លោក​បាន​ឲ្យ​គាត់​ចម្រុង​ចម្រើន។—២ប្រ. ២៦:៥

កាល​នៅ​ក្មេង ស្ដេច​អូ​សៀ​សមានចិត្ត​រាប​ទាប។ គាត់​បាន​រៀន​ឲ្យ​«​កោត​ខ្លាច​ព្រះ​ពិត​»។ គាត់​បាន​រស់​នៅ​រហូត​ដល់​គាត់​មាន​អាយុ​៦៨​ឆ្នាំ ហើយ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​គាត់​ស្ទើរ​តែ​ពេញ​មួយ​ជីវិត​គាត់។ (​២ប្រ. ២៦:១​-​៤​) អូសៀស​បាន​ច្បាំង​ឈ្នះ​សត្រូវ​ជា​ច្រើន ហើយ​បាន​ពង្រឹង​ក្រុង​យេរូសាឡិម។ (​២ប្រ. ២៦:៦​-​១៥​) អូសៀស​ប្រាកដ​ជា​សប្បាយ​នឹង​អ្វី​ទាំង​អស់​ដែល​ព្រះ​បាន​ជួយ​គាត់​ឲ្យ​សម្រេច។ (​អទ. ៣:១២, ១៣​) ស្ដេច​អូសៀស​មាន​ទម្លាប់​បញ្ជា​គេ​ឆ្វេង​ស្ដាំ។ តើ​នោះ​ធ្វើ​ឲ្យ​គាត់​គិត​ថា​គាត់​អាច​ធ្វើ​អ្វី​ណា​ក៏​ដោយ​តាម​ចិត្ត​គាត់​ឬ? នៅ​ថ្ងៃ​មួយ អូសៀស​បាន​សម្រេច​ចិត្ត​ចូល​វិហារ​របស់​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​លើស​ពី​សិទ្ធិ​របស់​ខ្លួន​ដោយ​ព្យាយាម​ដុត​គ្រឿង​ក្រអូប​នៅ​លើ​ទី​បូជា។ នេះ​ជា​អ្វី​ដែល​ស្ដេច​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ។ (​២ប្រ. ២៦:១៦​-​១៨​) សម្ដេច​សង្ឃ​អាសារៀ​បាន​ព្យាយាម​កែ​តម្រង់​គាត់ ប៉ុន្តែ​អូសៀស​ខឹង​ជា​ខ្លាំង។ គួរ​ឲ្យ​ស្ដាយ អូសៀស​មិន​បាន​រក្សា​ចិត្ត​ស្មោះ​ត្រង់​ទេ ហើយ​ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​គាត់​ដោយ​ធ្វើ​ឲ្យ​គាត់​កើត​ជំងឺ​ឃ្លង់។ (​២ប្រ. ២៦:១៩​-​២១​) ជីវិត​របស់​គាត់​នឹង​ខុស​គ្នា​ឆ្ងាយ​ណាស់​បើ​គាត់​បាន​រក្សា​ចិត្ត​រាប​ទាប! w​២៣.០៩ ទំ.១០ វ.៩​-​១០

ថ្ងៃ​សុក្រ ទី​១៥ ខែ​សីហា

[​គាត់​]​នៅ​ដោយ​ឡែក​ពី​ជន​ជាតិ​ដទៃ . . . ដោយ​សារ​គាត់​ខ្លាច​ពួក​អ្នក​ដែល​គាំទ្រ​ការ​កាត់​ចុង​ស្បែក។—កាឡ. ២:១២

ទោះ​ជា​ក្រោយ​ពី​សាវ័ក​ពេត្រុស​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ក្ដី គាត់​ត្រូវ​ត​យុទ្ធ​នឹង​ភាព​ទន់​ខ្សោយ​របស់​គាត់។ នៅ​ឆ្នាំ​៣៦ គ.ស. ព្រះ​បាន​ចាត់​ពេត្រុស​ឲ្យ​ទៅ​ជួប​កូនេលាស​ជា​ជន​ជាតិ​ដទៃ​ដែល​មិន​កាត់​ចុង​ស្បែក។ នៅ​ពេល​នោះ​ព្រះ​បាន​រើស​តាំង​កូនេលាស​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ ហើយ​នេះ​បង្ហាញ​ច្បាស់​ថា​«​ព្រះ​មិន​រើស​មុខ​ទេ​»​ និង​ថា​ជន​ជាតិ​ដទៃ​អាច​ចូល​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ (​សកម្ម. ១០:៣៤, ៤៤, ៤៥​) ក្រោយ​មក ពេត្រុស​មាន​អារម្មណ៍​ស្រួល​បរិភោគ​អាហារ​ជា​មួយ​ជន​ជាតិ​ដទៃ ជា​អ្វី​ដែល​គាត់​មិន​ដែល​ធ្វើ​ពី​មុន។ ប៉ុន្តែ គ្រិស្ត​សាសនិក​ជន​ជាតិ​យូដា​ខ្លះ​មាន​អារម្មណ៍​ថា​ជនជាតិ​យូដា​និង​ជន​ជាតិ​ដទៃ​មិន​គួរ​បរិភោគ​ជា​មួយ​គ្នា​ទេ។ ពេល​អ្នក​ខ្លះ​ដែល​មាន​ទស្សនៈ​បែប​នេះ​មក​ក្រុង​អាន់ទីយ៉ូក ពេត្រុស​បាន​ឈប់​បរិភោគ​ជា​មួយ​បង​ប្អូន​ជន​ជាតិ​ដទៃ ទំនង​ជា​ដោយ​សារ​គាត់​ខ្លាច​ថា​គ្រិស្ត​សាសនិក​ជន​ជាតិ​យូដា​ទើស​ចិត្ត។ សាវ័ក​ប៉ូល​បាន​ឃើញ​ការ​លាក់​ពុត​នេះ ហើយ​បាន​ស្ដី​បន្ទោស​ពេត្រុស​នៅ​មុខ​អ្នក​ឯ​ទៀត។ (​កាឡ. ២:១៣, ១៤​) ទោះ​ជា​ពេត្រុស​បាន​ធ្វើ​ខុស​នេះ​ក្ដី គាត់​បាន​ត​ស៊ូ។ w​២៣.០៩ ទំ.២២ វ.៨

ថ្ងៃ​សៅរ៍ ទី​១៦ ខែ​សីហា

លោក​នឹង​ជួយ​អ្នក​មិន​ឲ្យ​រង្គោះ​រង្គើ​ឡើយ។—១ពេ. ៥:១០

ការ​ពិនិត្យ​ពិចារណា​ខ្លួន​ដោយ​ស្មោះ​ប្រហែល​ជា​នឹង​បង្ហាញ​ថា​អ្នក​មាន​ចំណុច​ខ្សោយ​ណា​ខ្លះ ប៉ុន្តែ​សូម​កុំ​ធ្លាក់​ទឹក​ចិត្ត។ ដោយ​សារ​លោក​ម្ចាស់​មាន​«​សេចក្ដី​សប្បុរស​»​ លោក​នឹង​ជួយ​អ្នក​ឲ្យ​រីក​ចម្រើន។ (​១ពេ. ២:៣​) សាវ័ក​ពេត្រុស​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​៖ ​«​ព្រះ . . . នឹង​បង្គ្រប់​ការ​ហ្វឹកហ្វឺន​របស់​អ្នក​រាល់​គ្នា។ លោក​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាំ​មួន​»។ ដំបូង ពេត្រុស​ធ្លាប់​មាន​អារម្មណ៍​ថា​ខ្លួន​មិន​សម​នៅ​ជា​មួយ​លោក​យេស៊ូ​ទេ។ (​លូក. ៥:៨​) ប៉ុន្តែ ដោយ​មាន​ការ​គាំទ្រ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​យេហូវ៉ា​និង​ពី​លោក​យេស៊ូ ពេត្រុស​បាន​បន្ដ​ត​ស៊ូ​ធ្វើ​ជា​អ្នក​កាន់​តាម​របស់​គ្រិស្ត។ ជា​លទ្ធផល ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​ពេត្រុស​«​ចូល​ក្នុង​រាជាណាចក្រ​ដែល​ស្ថិត​ស្ថេរ​ជា​ដរាប​របស់​លោក​យេស៊ូ​គ្រិស្ត ដែល​ជា​អ្នក​សង្គ្រោះ​និង​ជា​ម្ចាស់​របស់​យើង​»។ (​២ពេ. ១:១១​) នេះ​ពិត​ជា​រង្វាន់​ដ៏​អស្ចារ្យ​មែន! បើ​អ្នក​ត​ស៊ូ​ដូច​ពេត្រុស ហើយ​ឲ្យ​ព្រះ​យេហូវ៉ា​បង្ហាត់​បង្រៀន​អ្នក អ្នក​ក៏​នឹង​ទទួល​រង្វាន់​ដែល​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ផង​ដែរ។ យ៉ាង​នេះ ​«​ជំនឿ​របស់​អ្នក​នឹង​នាំ​ឲ្យ​អ្នក​ទទួល​សេចក្ដី​សង្គ្រោះ​»។—១ពេ. ១:៩ w​២៣.០៩ ទំ.៣១ វ.១៦​-​១៧

ថ្ងៃ​អាទិត្យ ទី​១៧ ខែ​សីហា

ចូរ​គោរព​ប្រណិប័តន៍​លោក​ដែល​បាន​បង្កើត​មេឃ [​និង​]​ផែន​ដី។—បប. ១៤:៧

ត្រសាល​នៅ​សម័យ​បុរាណ​មាន​ទី​ធ្លា​មួយ​ដែល​ធំ​ទូលាយ ហើយ​មាន​របង​ព័ទ្ធ​ជុំ​វិញ​ជា​កន្លែង​ដែល​ពួក​សង្ឃ​បំពេញ​ភារកិច្ច​របស់​ពួក​គេ។ ទី​បូជា​ធ្វើ​ពី​ស្ពាន់​សម្រាប់​គ្រឿង​បូជា​ដុត​បាន​ត្រូវ​ដាក់​នៅ​ទី​ធ្លា​នោះ ព្រម​ជា​មួយ​នឹង​អាង​ទឹក​ធ្វើ​ពី​ស្ពាន់​ដែល​ពួក​សង្ឃ​ប្រើ​ដើម្បី​សម្អាត​ខ្លួន​មុន​ពួក​គេ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ។ (​ដច. ៣០:១៧​-​២០; ៤០:៦​-​៨​) សព្វ​ថ្ងៃ​នេះ បង​ប្អូន​របស់​គ្រិស្ត​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​នៅ​សល់ បម្រើ​យ៉ាង​ស្មោះ​ត្រង់​នៅ​ទី​ធ្លា​ខាង​ក្នុង​នៅ​ផែន​ដី​នៃ​វិហារ​ក្នុង​ន័យ​ធៀប។ អាង​ទឹក​ដ៏​ធំ​គឺ​ជា​ការ​រំលឹក​ដ៏​សំខាន់​មួយ​សម្រាប់​ពួក​គេ ព្រម​ទាំង​សម្រាប់​គ្រិស្ត​សាសនិក​ទាំង​អស់ ឲ្យ​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​និង​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ប៉ុន្តែ តើ​«​មនុស្ស​មួយ​ក្រុម​ធំ​»​បំពេញ​កិច្ច​បម្រើ​ជូន​ព្រះ​យេហូវ៉ា​នៅ​ឯ​ណា? សាវ័ក​យ៉ូហាន​បាន​ឃើញ​ពួក​គេ​«​ឈរ​នៅ​មុខ​បល្ល័ង្ក​»​ ជា​កន្លែង​ដែល​សំដៅ​ទៅ​លើ​ទី​ធ្លា​ខាង​ក្រៅ​នៅ​ផែន​ដី។ នៅ​ទី​នោះ​ពួក​គេ​«​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​[​ព្រះ​]​ទាំង​យប់​ទាំង​ថ្ងៃ​ក្នុង​វិហារ​របស់​លោក​»។ (​បប. ៧:៩, ១៣​-​១៥​) យើង​ពិត​ជា​សប្បាយ​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​បាន​បើក​ឱកាស​ដ៏​ពិសេស​ឲ្យ​យើង​គោរព​ប្រណិប័តន៍​លោក​នៅ​វិហារ​ដ៏​រុង​រឿង​របស់​លោក​ក្នុង​ន័យ​ធៀប! w​២៣.១០ ទំ.២៨ វ.១៥​-​១៦

ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​សីហា

សេចក្ដី​សន្យា​របស់​ព្រះ . . . [​ធ្វើ​ឲ្យ​]​គាត់​មាន​កម្លាំង​ខ្លាំង​ក្លា​ដោយ​សារ​ជំនឿ​របស់​គាត់។—រ៉ូម ៤:២០

របៀប​មួយ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឫទ្ធានុភាព​ដល់​យើង​គឺ​តាម​រយៈ​ពួក​អ្នក​ចាស់​ទុំ។ (​អេ. ៣២:១, ២​) ដូច្នេះ ពេល​អ្នក​ខ្វល់​ចិត្ត សូម​ប្រាប់​កង្វល់​របស់​អ្នក​ទៅ​ពួក​អ្នក​ចាស់​ទុំ។ ពេល​ពួក​គេ​ខំ​ជួយ​អ្នក សូម​ទទួល​ដោយ​ចិត្ត​ដឹង​គុណ។ តាម​រយៈ​ពួក​គេ ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា។ សេចក្ដី​សន្យា​ក្នុង​គម្ពីរ​ស្ដី​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ក្នុង​សួន​ឧទ្យាន​លើ​ផែន​ដី ឬ​ក្នុង​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌ ក៏​អាច​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​និង​កម្លាំង​ដើម្បី​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា។ (​រ៉ូម ៤:៣, ១៨, ១៩​) សេចក្ដី​សង្ឃឹម​របស់​យើង​ពង្រឹង​កម្លាំង​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ និង​បំពេញ​ភារកិច្ច​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ។ (​១ថែ. ១:៣​) សេចក្ដី​សង្ឃឹម​នេះ​ក៏​បាន​ពង្រឹង​កម្លាំង​សាវ័ក​ប៉ូល​ដែរ។ គាត់​«​ទាល់​គំនិត​»​ ​«​ត្រូវ​គេ​គាប​សង្កត់​»​ ​«​បៀតបៀន​»​ និង​«​ផ្ដួល​ដល់​ដី​»។ ជួន​កាល​ជីវិត​គាត់​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ទៀត​ផង។ (​២កូ. ៤:៨​-​១០​) ប៉ូល​បាន​ទទួល​កម្លាំង​ដើម្បី​ស៊ូ​ទ្រាំ​ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​សង្ឃឹម​របស់​គាត់។ (​២កូ. ៤:១៦​-​១៨​) ប៉ូល​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​សង្ឃឹម​របស់​គាត់​អំពី​ជីវិត​ជា​រៀង​រហូត​នៅ​ស្ថាន​សួគ៌។ ប៉ូល​បាន​រំពឹង​គិត​អំពី​សេចក្ដី​សង្ឃឹម​នោះ ហើយ​ជា​លទ្ធផល គាត់​«​ទទួល​កម្លាំង​ជា​ថ្មី​រាល់​ថ្ងៃ​ជា​និច្ច​»។ w​២៣.១០ ទំ.១៥​-​១៦ វ.១៤​-​១៧

ថ្ងៃ​អង្គារ ទី​១៩ ខែ​សីហា

ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​កម្លាំង​ដល់​រាស្ត្រ​របស់​លោក ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ដល់​រាស្ត្រ​របស់​លោក​ឲ្យ​មាន​សេចក្ដី​សុខ​ក្សេម​ក្សាន្ត។—ចសព. ២៩:១១

ពេល​អធិដ្ឋាន សូម​ពិចារណា​ថា តើ​ឥឡូវ​គឺ​ជា​ពេល​ដែល​ព្រះ​យេហូវ៉ា​នឹង​តប​ឆ្លើយ​សំណូម​ពរ​របស់​អ្នក​ឬ​យ៉ាង​ណា? យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា យើង​ត្រូវ​ទទួល​ចម្លើយ​ភ្លាម​ៗ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ពិត​ជា​ស្គាល់​ពេល​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ។ (​ហេ. ៤:១៦​) ពេល​យើង​មិន​ទទួល​អ្វី​ដែល​យើង​សុំ​ភ្លាម​ៗ យើង​ប្រហែល​ជា​គិត​ថា​ចម្លើយ​របស់​ព្រះ​យេហូវ៉ា​គឺ​‹ទេ›។ ប៉ុន្តែ​ចម្លើយ​របស់​លោក​អាច​ជា​‹មិន​ទាន់​ដល់​ពេល›។ ជា​ឧទាហរណ៍ បង​ប្រុស​វ័យ​ក្មេង​ម្នាក់​បាន​អធិដ្ឋាន​សុំ​ឲ្យ​ជា​ពី​ជំងឺ។ ប៉ុន្តែ សុខភាព​របស់​គាត់​មិន​បាន​ល្អ​ប្រសើរ​ទេ។ បើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អព្ភូតហេតុ​ឲ្យ​គាត់​ជា​សះ​ស្បើយ សាថាន​អាច​ចោទ​ប្រកាន់​ថា​បង​ប្រុស​នោះ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា ដោយ​សារ​តែ​គាត់​បាន​ជា​សះ​ស្បើយ។ (​យ៉ូប ១:៩​-​១១; ២:៤​) បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​បាន​កំណត់​ពេល​រួច​ហើយ ដើម្បី​ធ្វើ​ឲ្យ​លែង​មាន​ជំងឺ​ទាំង​អស់​ទៀត។ (​អេ. ៣៣:២៤; បប. ២១:៣, ៤​) ទម្រាំ​ដល់​ពេល​នោះ យើង​មិន​អាច​រំពឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អព្ភូតហេតុ​ដើម្បី​ឲ្យ​យើង​ជា​ពី​ជំងឺ​ទេ។ ដូច្នេះ បង​ប្រុស​នោះ​អាច​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​កម្លាំង​និង​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ជំងឺ ហើយ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់។ w​២៣.១១ ទំ.២៤ វ.១៣

ថ្ងៃ​ពុធ ទី​២០ ខែ​សីហា

លោក​មិន​បាន​ដាក់​ទោស​យើង​ឲ្យ​សម​នឹង​អំពើ​ខុស​ឆ្គង​របស់​យើង​ទេ ហើយ​លោក​ក៏​មិន​តប​ស្នង​យើង​តាម​កំហុស​របស់​យើង​ដែរ។—ចសព. ១០៣:១០

សាំសុន​បាន​ធ្វើ​ខុស​ដ៏​ធ្ងន់​ធ្ងរ ប៉ុន្តែ​គាត់​មិន​ឈប់​ព្យាយាម​ទេ។ គាត់​បាន​ស្វែង​រក​ឱកាស​បំពេញ​ភារកិច្ច​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​ដើម្បី​ប្រយុទ្ធ​នឹង​ពួក​ភីលីស្ទីន។ (​អសក. ១៦:២៨​-​៣០​) សាំសុន​បាន​អង្វរ​ព្រះ​យេហូវ៉ា​ថា​៖ ‹សូម​លោក​ឲ្យ​ខ្ញុំ​សង​សឹក​ពួក​ភីលីស្ទីន›។ ព្រះ​ពិត​បាន​តប​ឆ្លើយ​ចំពោះ​ការ​អង្វរ​សុំ​របស់​សាំសុន ហើយ​បាន​ធ្វើ​ឲ្យ​គាត់​មាន​កម្លាំង​ដ៏​ពិសេស​ឡើង​វិញ។ ជា​លទ្ធផល សាំសុន​បាន​សម្លាប់​ពួក​ភីលីស្ទីន​នៅ​លើក​នេះ​ច្រើន​ជាង​គាត់​ធ្លាប់​សម្លាប់​ពី​មុន។ ទោះ​ជា​សាំសុន​បាន​រង​ទុក្ខ​លំបាក​ដោយ​សារ​កំហុស​របស់​គាត់​ក្ដី គាត់​មិន​បាន​ឈប់​ព្យាយាម​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ទេ។ ទោះ​ជា​យើង​ធ្វើ​ខុស​និង​ត្រូវ​កែ​តម្រង់​ឬ​បាត់​បង់​ឯកសិទ្ធិ​ណា​មួយ​ក្ដី យើង​មិន​ត្រូវ​ឈប់​ព្យាយាម​ឡើយ។ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​បម្រុង​តែ​នឹង​អភ័យ​ទោស​ឲ្យ​យើង។ (​ចសព. ១០៣:៨, ៩​) មិន​ថា​យើង​ធ្វើ​ខុស​ក្ដី ព្រះ​យេហូវ៉ា​អាច​ផ្ដល់​កម្លាំង​ឲ្យ​យើង​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក ដូច​លោក​បាន​ធ្វើ​ចំពោះ​សាំសុន។ w​២៣.០៩ ទំ.៦ វ.១៥​-​១៦

ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​សីហា

ការ​ស៊ូ​ទ្រាំ​នាំ​ឲ្យ​ព្រះ​ពេញ​ចិត្ត រីឯ​ការ​ពេញ​ចិត្ត​ពី​ព្រះ​នាំ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម។—រ៉ូម ៥:៤

ពេល​អ្នក​ស៊ូ​ទ្រាំ អ្នក​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ នេះ​មិន​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​សប្បាយ​ដែល​អ្នក​ជួប​ទុក្ខ​លំបាក​ឬ​មាន​បញ្ហា​ឡើយ។ អ្វី​ដែល​ព្រះ​ពេញ​ចិត្ត​គឺ​អ្នក ដោយ​សារ​អ្នក​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់។ គឺ​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​មែន​ដោយ​ដឹង​ថា​ពេល​យើង​ស៊ូ​ទ្រាំ យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​រីករាយ! (​ចសព. ៥:១២​) សូម​ចាំ​ថា​អាប្រាហាំ​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ហើយ​បាន​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ ព្រះ​យេហូវ៉ា​ចាត់​ទុក​គាត់​ថា​ជា​មិត្ត​សម្លាញ់​របស់​លោក ហើយ​រាប់​គាត់​ជា​មនុស្ស​សុចរិត។ (​ដក. ១៥:៦; រ៉ូម ៤:១៣, ២២​) នេះ​ក៏​អាច​កើត​ឡើង​ចំពោះ​យើង​ដែរ។ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​យើង មិន​មែន​ដោយ​សារ​យើង​ធ្វើ​កិច្ច​ការ​បាន​ច្រើន​ប៉ុណ្ណា ឬ​មាន​ឯកសិទ្ធិ​នេះ​ឯកសិទ្ធិ​នោះ​ឡើយ។ លោក​ពេញ​ចិត្ត​យើង ដោយ​សារ​តែ​យើង​បាន​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់។ ម្យ៉ាង​ទៀត មិន​ថា​យើង​មាន​អាយុ ស្ថានភាព ឬ​សមត្ថភាព​ណា​ក្ដី យើង​ទាំង​អស់​គ្នា​អាច​ស៊ូ​ទ្រាំ​បាន។ តើ​អ្នក​កំពុង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដោយ​ស្មោះ​ត្រង់​នៅ​ឥឡូវ​នេះ​ឬ​ទេ? បើ​ដូច្នេះ សូម​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា​អ្នក​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ ការ​ទទួល​ស្គាល់​ថា​យើង​មាន​ការ​ពេញ​ចិត្ត​ពី​ព្រះ​អាច​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​យើង គឺ​នេះ​អាច​ពង្រឹង​សេចក្ដី​សង្ឃឹម​របស់​យើង។ w​២៣.១២ ទំ.១១ វ.១៣​-​១៤

ថ្ងៃ​សុក្រ ទី​២២ ខែ​សីហា

[​ចូរ​]​មាន​ភាព​ជា​បុរស​ពេញ​វ័យ។—អេភ. ៤:១៣

បុរស​គ្រិស្ត​សាសនិក​ត្រូវ​រៀន​ឲ្យ​ចេះ​ប្រាស្រ័យ​ទាក់​ទង​ឲ្យ​បាន​ល្អ។ បុរស​ដែល​ចេះ​ប្រាស្រ័យ​ទាក់​ទង​ល្អ ស្ដាប់​និង​យល់​គំនិត​ព្រម​ទាំង​អារម្មណ៍​របស់​អ្នក​ឯ​ទៀត។ (​សុភ. ២០:៥​) គាត់​អាច​រៀន​ឲ្យ​ចេះ​យល់​អំពី​អ្នក​ឯ​ទៀត​ដោយ​ស្ដាប់​តុង​សំឡេង មើល​ទឹក​មុខ​និង​កាយ​វិការ​របស់​អ្នក​នោះ។ ប្អូន​មិន​អាច​រៀន​ឲ្យ​ចេះ​ធ្វើ​ដូច្នេះ​ដោយ​មិន​ចំណាយ​ពេល​ជា​មួយ​អ្នក​ឯ​ទៀត​ឡើយ។ បើ​ប្អូន​តែង​តែ​ប្រើ​គ្រឿង​អេឡិចត្រូនិក​ដើម្បី​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដូច​ជា​អ៊ីមែល​និង​សារ​ជា​ដើម នេះ​អាច​ធ្វើ​ឲ្យ​ការ​ប្រាស្រ័យ​ទាក់​ទង​ដោយ​ផ្ទាល់​របស់​ប្អូន​ជា​មួយ​អ្នក​ឯ​ទៀត​ចុះ​ខ្សោយ។ ដូច្នេះ សូម​បង្កើត​ឱកាស​ដើម្បី​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​ដោយ​ផ្ទាល់។ (​២​យ៉ូន. ១២​) បុរស​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​ក៏​ត្រូវ​ចេះ​ផ្គត់​ផ្គង់​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ​របស់​គាត់​ដែរ។ (​១ធី. ៥:៨​) គឺ​ជា​ការ​ល្អ​ឲ្យ​រៀន​ជំនាញ​មួយ​ដែល​នឹង​ជួយ​ប្អូន​ឲ្យ​ទទួល​ការ​ងារ។ (​សកម្ម. ១៨:២, ៣; ២០:៣៤; អេភ. ៤:២៨​) ចូរ​មាន​កេរ្តិ៍​ឈ្មោះ​ជា​អ្នក​ដែល​ខំ​ប្រឹង​ធ្វើ​ការ​និង​ដែល​ជាប់​នឹង​កិច្ច​ការ​ណា​មួយ​រហូត​ដល់​វា​ហើយ​រួច​រាល់។ បើ​ប្អូន​ធ្វើ​ដូច្នេះ ប្អូន​នឹង​ទំនង​ជា​ងាយ​រក​ការ​ងារ​និង​រក្សា​ការ​ងារ​នោះ។ w​២៣.១២ ទំ.២៧ វ.១២​-​១៣

ថ្ងៃ​សៅរ៍ ទី​២៣ ខែ​សីហា

ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ដូច​ជា​ចោរ​មក​នៅ​ពេល​យប់។—១ថែ. ៥:២

ពេល​គម្ពីរ​ចែង​អំពី​«​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​»​ នោះ​សំដៅ​លើ​ពេល​ដែល​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​ពួក​សត្រូវ​របស់​លោក ហើយ​នាំ​មក​សេចក្ដី​សង្គ្រោះ​ដល់​រាស្ត្រ​លោក។ នៅ​អតីតកាល ព្រះ​យេហូវ៉ា​បាន​អនុវត្ត​ការ​វិនិច្ឆ័យ​របស់​លោក​នៅ​ពេល​ផ្សេង​ៗ។ (​អេ. ១៣:១, ៦; អេគ. ១៣:៥; សេផ. ១:៨​) នៅ​សម័យ​យើង ​«​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​»​ចាប់​ផ្ដើម​ដោយ​ការ​វាយ​ប្រហារ​លើ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ហើយ​បញ្ចប់​ដោយ​សង្គ្រាម​អាម៉ាគេដូន។ ដើម្បី​រួច​ជីវិត​ពី​«​ថ្ងៃ​»​នោះ យើង​ត្រូវ​ត្រៀម​ខ្លួន​នៅ​ឥឡូវ​នេះ។ លោក​យេស៊ូ​បាន​បង្រៀន​ថា​យើង​មិន​គ្រាន់​តែ​ត្រូវ​ប្រុង​ប្រៀប​សម្រាប់​‹គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង›​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​«​ត្រៀម​ខ្លួន​ជា​និច្ច​»​សម្រាប់​គ្រា​នោះ​ដែរ។ (​ម៉ាថ. ២៤:២១; លូក. ១២:៤០​) ក្នុង​សំបុត្រ​ទី​១​របស់​សាវ័ក​ប៉ូល​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​ថែស្សាឡូនិច គាត់​បាន​ប្រើ​ឧទាហរណ៍​មួយ​ចំនួន​ដើម្បី​ជួយ​គ្រិស្ត​សាសនិក​ឲ្យ​ត្រៀម​ខ្លួន​ជា​និច្ច​សម្រាប់​ថ្ងៃ​វិនិច្ឆ័យ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា។ ប៉ូល​ដឹង​ថា​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មិន​មក​នៅ​ពេល​នោះ​ទេ។ (​២ថែ. ២:១​-​៣​) ប៉ុន្តែ គាត់​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​របស់​គាត់​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​នោះ​ហាក់​ដូច​ជា​នឹង​មក​ដល់​ថ្ងៃ​ស្អែក ហើយ​យើង​ក៏​អាច​ធ្វើ​តាម​យោបល់​របស់​គាត់​ដែរ។ w​២៣.០៦ ទំ.៨ វ.១​-​២

ថ្ងៃ​អាទិត្យ ទី​២៤ ខែ​សីហា

បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​ពង្រឹង​ជំហរ​ឲ្យ​មាំ​មួន​ឡើង និង​មិន​ត្រូវ​រង្គោះ​រង្គើ​ឡើយ។—១កូ. ១៥:៥៨

នៅ​ឆ្នាំ​១៩៧៨ អគារ​ដ៏​ខ្ពស់​មួយ​បាន​ត្រូវ​សង់​ឡើង​នៅ​ទី​ក្រុង​តូក្យូ នា​ប្រទេស​ជប៉ុន។ មនុស្ស​ឆ្ងល់​ថា​តើ​អគារ​នោះ​នឹង​អាច​បន្ត​ឈរ​យ៉ាង​ម៉េច​បាន ដោយ​សារ​មាន​រញ្ជួយ​ដី​ជា​ច្រើន​នៅ​ក្រុង​នោះ។ តើ​អ្នក​រចនា​ប្លង់​អគារ​នោះ​បាន​ធ្វើ​អ្វី​ដើម្បី​ឲ្យ​វា​នៅ​ឈរ​បាន? អ្នក​វិស្វករ​បាន​គ្រោង​សង់​វា​ឲ្យ​រឹង​មាំ​យ៉ាង​ខ្លាំង តែ​ក៏​ឲ្យ​វា​ចេះ​បត់​បែន​ល្មម​ដើម្បី​អាច​នៅ​ឈរ​បាន ទោះ​ជា​មាន​ការ​រង្គោះ​រង្គើ​ពី​រញ្ជួយ​ដី​ក្ដី។ គ្រិស្ត​សាសនិក​ប្រៀប​ដូច​ជា​អគារ​នោះ។ តើ​តាម​របៀប​ណា? គ្រិស្ត​សាសនិក​ត្រូវ​រក្សា​ឲ្យ​មាន​តុល្យភាព​រវាង​ការ​មាន​ចិត្ត​គំនិត​នឹង​ធឹង​និង​ការ​ចេះ​បត់​បែន។ គាត់​ត្រូវ​រឹង​មាំ​និង​មិន​រង្គោះ​រង្គើ​ក្នុង​ការ​កាន់​ជំហរ​តាម​ខ្នាត​តម្រា​និង​ច្បាប់​របស់​ព្រះ​យេហូវ៉ា។ គាត់​«​រង់​ចាំ​ធ្វើ​តាម​បង្គាប់​»​ ហើយ​មិន​បន្ធូរ​បន្ថយ​នោះ​ទេ។ ប៉ុន្តែ គាត់​ត្រូវ​ចេះ​«​សម​ហេតុ​សម​ផល​»​ឬ​ចេះ​បត់​បែន​ពេល​អាច​ធ្វើ​បាន ឬ​ពេល​សំខាន់​ចាំ​បាច់។ (​យ៉ា. ៣:១៧​) គ្រិស្ត​សាសនិក​ដែល​បាន​រៀន​ឲ្យ​មាន​តុល្យភាព នឹង​ជៀស​វាង​ពី​ការ​បណ្ដែត​បណ្ដោយ​ឬ​ពី​ការ​តឹង​រ៉ឹង​ហួស​ហេតុ​ពេក។ w​២៣.០៧ ទំ.១៤ វ.១​-​២

ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​សីហា

ទោះ​ជា​អ្នក​រាល់​គ្នា​មិន​ដែល​ឃើញ​លោក​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​ស្រឡាញ់​លោក​ដែរ។—១ពេ. ១:៨

លោក​យេស៊ូ​ត្រូវ​ទប់​ទល់​នឹង​ការ​ល្បួង​ពី​មេ​កំណាច​សាថាន រួម​ទាំង​ការ​វាយ​ប្រហារ​ចំ​ៗ​លើ​ភក្ដី​ភាព​របស់​លោក​ចំពោះ​ព្រះ។ (​ម៉ាថ. ៤:១​-​១១​) សាថាន​បាន​តាំង​ចិត្ត​ធ្វើ​ឲ្យ​លោក​យេស៊ូ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដើម្បី​លោក​មិន​អាច​បង់​ថ្លៃ​លោះ។ ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ល្បង​ល​ផ្សេង​ទៀត។ លោក​បាន​ជួប​ការ​បៀតបៀន​និង​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​លោក។ (​លូក. ៤:២៨, ២៩; ១៣:៣១​) លោក​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ពួក​អ្នក​កាន់​តាម​លោក។ (​ម៉ាក. ៩:៣៣, ៣៤​) ពេល​លោក​ត្រូវ​គេ​វិនិច្ឆ័យ​ក្ដី លោក​បាន​ត្រូវ​គេ​ធ្វើ​ទារុណកម្ម​និង​ចំអក​មើល​ងាយ។ បន្ទាប់​មក លោក​បាន​ត្រូវ​គេ​ប្រហារ​ជីវិត​តាម​របៀប​ដ៏​ឈឺ​ចាប់​និង​គួរ​ឲ្យ​អាម៉ាស់​យ៉ាង​ខ្លាំង។ (​ហេ. ១២:១​-​៣​) លោក​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ផ្នែក​ចុង​ក្រោយ​នៃ​ទុក្ខ​លំបាក​របស់​លោក​ដោយ​ខ្លួន​លោក​ផ្ទាល់ ពោល​គឺ​ដោយ​មិន​មាន​ការ​ការ​ពារ​ពី​ព្រះ​យេហូវ៉ា។ (​ម៉ាថ. ២៧:៤៦​) លោក​យេស៊ូ​ពិត​ជា​បាន​រង​ទុក្ខ​ជា​ច្រើន​ដើម្បី​ផ្ដល់​ថ្លៃ​លោះ។ យើង​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​លោក​យេស៊ូ ពេល​យើង​រំពឹង​គិត​អំពី​របៀប​ដែល​លោក​សុខ​ចិត្ត​លះ​បង់​អ្វី​ជា​ច្រើន​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង មែន​ទេ? w​២៤.០១ ទំ.១០​-​១១ វ.៧​-​៩

ថ្ងៃ​អង្គារ ទី​២៦ ខែ​សីហា

អស់​អ្នក​ដែល​ធ្វើ​អ្វី​ដោយ​តក់​ក្រហល់ ប្រាកដ​ជា​នឹង​ទ័ល​ក្រ។—សុភ. ២១:៥

ចិត្ត​អត់​ធ្មត់​ជួយ​យើង​ក្នុង​ការ​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត។ ចិត្ត​អត់​ធ្មត់​ជួយ​យើង​ឲ្យ​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពេល​អ្នក​ឯ​ទៀត​និយាយ។ (​យ៉ា. ១:១៩​) ចិត្ត​អត់​ធ្មត់​ក៏​ជួយ​បង្កើត​ឲ្យ​មាន​សន្តិភាព ហើយ​ការ​ពារ​យើង​ពី​ការ​មាន​ប្រតិកម្ម​រហ័ស​ពេក​និង​និយាយ​អ្វី​ដែល​មិន​សប្បុរស​ពេល​យើង​តាន​តឹង​ចិត្ត។ ម្យ៉ាង​ទៀត បើ​យើង​មាន​ចិត្ត​អត់​ធ្មត់ យើង​នឹង​យឺត​នឹង​ខឹង​ពេល​នរណា​ម្នាក់​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត។ ជា​ជាង​សង​សឹក យើង​នឹង​បន្ត​«​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​»។ (​កូឡ. ៣:១២, ១៣​) ចិត្ត​អត់​ធ្មត់​ក៏​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ប្រសើរ​ជាង។ ជា​ជាង​តក់​ក្រហល់​ឬ​ធ្វើ​អ្វី​ដោយ​មិន​បាន​គិត យើង​នឹង​លៃ​ទុក​ពេល​ដើម្បី​ស្រាវ​ជ្រាវ​និង​វិភាគ​មើល​ជម្រើស​ដែល​យើង​មាន។ ជា​ឧទាហរណ៍ បើ​យើង​កំពុង​ស្វែង​រក​ការ​ងារ យើង​ប្រហែល​ជា​ចង់​ទទួល​យក​ការ​ងារ​ដំបូង​ដែល​យើង​បាន​រក​ឃើញ។ ប៉ុន្តែ បើ​យើង​មាន​ចិត្ត​អត់​ធ្មត់ យើង​នឹង​លៃ​ទុក​ពេល​ពិចារណា​ផល​ប៉ះ​ពាល់​ដែល​ការ​ងារ​នោះ​អាច​មាន​ទៅ​លើ​ក្រុម​គ្រួសារ​យើង​និង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ។ ដោយ​មាន​ចិត្ត​អត់​ធ្មត់ យើង​អាច​ជៀស​វាង​ពី​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ល្អ។ w​២៣.០៨ ទំ.២២ វ.៨​-​៩

ថ្ងៃ​ពុធ ទី​២៧ ខែ​សីហា

ខ្ញុំ​សង្កេត​ឃើញ​ថា​មាន​ច្បាប់​មួយ​ទៀត​ក្នុង​រូប​កាយ​របស់​ខ្ញុំ ដែល​កំពុង​ច្បាំង​នឹង​ច្បាប់​ដែល​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ ហើយ​កំពុង​នាំ​ខ្ញុំ​ទៅ​ជា​ឈ្លើយ​ក្រោម​អំណាច​ច្បាប់​នៃ​ភាព​ខុស​ឆ្គង ដែល​នៅ​ក្នុង​រូប​កាយ​របស់​ខ្ញុំ។—រ៉ូម ៧:២៣

បើ​អ្នក​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​អ្នក​ត្រូវ​ត​យុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ ការ​គិត​អំពី​សេចក្ដី​សន្យា​ដែល​អ្នក​បាន​ធ្វើ​ចំពោះ​ព្រះ​យេហូវ៉ា​ពេល​អ្នក​ប្រគល់​ខ្លួន​ជូន​លោក នឹង​ពង្រឹង​ការ​តាំង​ចិត្ត​របស់​អ្នក​ដើម្បី​ត​យុទ្ធ​នឹង​ការ​ល្បួង។ តើ​តាម​របៀប​ណា? ពេល​អ្នក​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា អ្នក​លែង​ធ្វើ​តាម​ចិត្ត​ខ្លួន​និង​គោល​ដៅ​របស់​ខ្លួន​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ទៀត។ (​ម៉ាថ. ១៦:២៤​) ដូច្នេះ ពេល​អ្នក​ជួប​ការ​ល្បង​ល អ្នក​នឹង​មិន​ចាំ​បាច់​ត្រូវ​ការ​ពេល​ដើម្បី​សម្រេច​ចិត្ត​ថា​ធ្វើ​អ្វី​ទេ។ អ្នក​បាន​សម្រេច​ចិត្ត​រួច​ហើយ​ថា​អ្នក​ត្រូវ​ធ្វើ​អ្វី គឺ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ អ្នក​នឹង​បន្ត​តាំង​ចិត្ត​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ តាម​របៀប​នេះ អ្នក​នឹង​ដូច​យ៉ូប ទោះ​ជា​គាត់​ជួប​ទុក្ខ​លំបាក​ដ៏​ខ្លាំង​ក្ដី គាត់​និយាយ​យ៉ាង​មុត​មាំ​ថា​៖ ​«​ខ្ញុំ​នឹង​មិន​ព្រម​ឲ្យ​អ្វី​ណា​មក​ធ្វើ​ឲ្យ​ខ្ញុំ​លែង​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ចំពោះ​ព្រះ​ជា​ដាច់​ខាត!​»។—យ៉ូប ២៧:៥ w​២៤.០៣ ទំ.៩ វ.៦​-​៧

ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​សីហា

ព្រះ​យេហូវ៉ា​នៅ​ជិត​អស់​អ្នក​ដែល​ហៅ​រក​លោក គឺ​អស់​អ្នក​ដែល​ហៅ​រក​លោក​ដោយ​ចិត្ត​ស្មោះ។—ចសព. ១៤៥:១៨

ព្រះ​យេហូវ៉ា​ដែល​ជា​«​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់​»​គឺ​នៅ​ជា​មួយ​យើង។ (​២កូ. ១៣:១១​) លោក​ចាប់​អារម្មណ៍​នឹង​យើង​ម្នាក់​ៗ។ យើង​ជឿ​ជាក់​ថា​យើង​«​រមែង​ទទួល​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ពី​លោក​»។ (​ចសព. ៣២:១០​) កាល​ដែល​យើង​កាន់​តែ​រំពឹង​គិត​អំពី​របៀប​ដែល​លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​យើង យើង​កាន់​តែ​មាន​អារម្មណ៍​ថា​លោក​ជា​បុគ្គល​ពិត ហើយ​យើង​ចូល​កាន់​តែ​ជិត​លោក។ យើង​ក៏​អាច​អធិដ្ឋាន​ទៅ​លោក​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ហើយ​ប្រាប់​លោក​ថា​យើង​ត្រូវ​ការ​សេចក្ដី​ស្រឡាញ់​របស់​លោក​យ៉ាង​ខ្លាំង។ យើង​អាច​ប្រាប់​លោក​អំពី​ទុក្ខ​កង្វល់​ទាំង​អស់​ដោយ​មាន​ទំនុក​ចិត្ត​ថា​លោក​យល់​អារម្មណ៍​របស់​យើង ហើយ​ចង់​ជួយ​យើង។ (​ចសព. ១៤៥:១៩​) ដូច​យើង​ចង់​នៅ​ក្បែរ​ភ្នក់​ភ្លើង​នៅ​ថ្ងៃ​ត្រជាក់ យើង​ចង់​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ដោយ​សារ​លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​កក់​ក្ដៅ។ ទោះ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​គឺ​ខ្លាំង​ក្លា​ក្ដី សេចក្ដី​ស្រឡាញ់​នោះ​ក៏​ថ្នាក់​ថ្នម​ប្រកប​ដោយ​មនោសញ្ចេតនា​ដែរ។ ដូច្នេះ សូម​អរ​សប្បាយ​ដោយ​សារ​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក។ ម្យ៉ាង​ទៀត សូម​យើង​ទាំង​អស់​គ្នា​តប​ឆ្លើយ​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​លោក ដោយ​និយាយ​ថា​៖ ​«​ខ្ញុំ​ស្រឡាញ់​ព្រះ​យេហូវ៉ា​»។—ចសព. ១១៦:១ w​២៤.០១ ទំ.៣១ វ.១៩​-​២០

ថ្ងៃ​សុក្រ ទី​២៩ ខែ​សីហា

ខ្ញុំ​បាន​បង្ហាញ​ឲ្យ​ពួក​គាត់​ស្គាល់​នាម​របស់​លោក។—យ៉ូន. ១៧:២៦

លោក​យេស៊ូ​មិន​គ្រាន់​តែ​ប្រាប់​មនុស្ស​ថា​នាម​របស់​ព្រះ​គឺ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ។ ជនជាតិ​យូដា​ដែល​លោក​យេស៊ូ​បាន​បង្រៀន ស្គាល់​នាម​របស់​ព្រះ​រួច​ហើយ។ ប៉ុន្តែ លោក​យេស៊ូ​បាន​នាំ​មុខ​ក្នុង​ការ​ធ្វើ​ជា​«​អ្នក​ដែល​បាន​ពន្យល់​អំពី​លោក​»។ (​យ៉ូន. ១:១៧, ១៨​) ជា​ឧទាហរណ៍ បទ​គម្ពីរ​ភាសា​ហេប្រឺ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​មេត្តា​ករុណា​និង​សេចក្ដី​អាណិត​អាសូរ។ (​ដច. ៣៤:៥​-​៧​) លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​សេចក្ដី​ពិត​នោះ​លេច​ធ្លោ​យ៉ាង​ច្បាស់​ជាង ពេល​ដែល​លោក​រៀប​រាប់​ឧទាហរណ៍​អំពី​កូន​ដែល​វង្វេង​បាត់​និង​ឪពុក​របស់​គាត់។ កាល​ដែល​យើង​អាន​ថា​ឪពុក​នោះ​ក្រឡេក​ទៅ​ឃើញ​កូន​ដែល​ប្រែ​ចិត្ត​«​ពេល​ដែល​គាត់​នៅ​ឆ្ងាយ​នៅ​ឡើយ​»​ ឪពុក​បាន​រត់​ទៅ​ជួប​កូន ឱប​កូន និង​អភ័យ​ទោស​ឲ្យ​កូន​យ៉ាង​អស់​ពី​ដួង​ចិត្ត យើង​ឃើញ​ច្បាស់​ថា​សេចក្ដី​មេត្តា​ករុណា​និង​សេចក្ដី​អាណិត​អាសូរ​របស់​ព្រះ​យេហូវ៉ា​គឺ​ខ្លាំង​យ៉ាង​ណា។ (​លូក. ១៥:១១​-​៣២​) លោក​យេស៊ូ​បាន​បើក​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​បុគ្គល​បែប​ណា។ w​២៤.០២ ទំ.១០ វ.៨​-​៩

ថ្ងៃ​សៅរ៍ ទី​៣០ ខែ​សីហា

[​ចូរ​]​សម្រាល​ទុក្ខ​[​អ្នក​ឯ​ទៀត​] តាម​រយៈ​ការ​សម្រាល​ទុក្ខ​ដែល​យើង​កំពុង​ទទួល​ពី​ព្រះ។—២កូ. ១:៤

ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ឡើង​វិញ​និង​ការ​សម្រាល​ទុក្ខ​ដល់​ពួក​អ្នក​ដែល​ពិបាក​ចិត្ត។ តើ​យើង​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្ហាញ​ចិត្ត​អាណិត​មេត្តា និង​ការ​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច? របៀប​មួយ​ដែល​យើង​អាច​ធ្វើ​ដូច្នេះ គឺ​ដោយ​បណ្ដុះ​គុណ​សម្បត្តិ​ផ្សេង​ៗ​ដែល​ជាប់​ទាក់​ទង​នឹង​ការ​ផ្ដល់​ការ​សម្រាល​ទុក្ខ។ តើ​នោះ​ជា​គុណ​សម្បត្តិ​អ្វី​ខ្លះ? តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​រក្សា​សេចក្ដី​ស្រឡាញ់​ដែល​យើង​ត្រូវ​ការ ដើម្បី​«​បន្ត​សម្រាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​»​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ? (​១ថែ. ៥:១១, កំ.ស.​) យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ដូច​ជា ចេះ​កើត​ទុក្ខ​ជា​មួយ​គ្នា ស្រឡាញ់​រាប់​អាន​គ្នា​ជា​បង​ប្អូន និង​មាន​សេចក្ដី​សប្បុរស។ (​កូឡ. ៣:១២; ១ពេ. ៣:៨​) តើ​គុណ​សម្បត្តិ​ទាំង​នេះ​នឹង​ជួយ​យើង​យ៉ាង​ដូច​ម្ដេច? ពេល​យើង​មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​បង​ប្អូន​និង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​ពួក​គេ យើង​នឹង​មាន​បំណង​ចិត្ត​ខ្លាំង​ឲ្យ​សម្រាល​ទុក្ខ​ពួក​គេ​ពេល​ពួក​គេ​រង​ទុក្ខ​លំបាក។ ដូច​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍ ​«​មាត់​តែង​និយាយ​អ្វី​ដែល​មាន​ពោរ​ពេញ​នៅ​ក្នុង​ចិត្ត។ មនុស្ស​ល្អ បញ្ចេញ​អ្វី​ល្អ ពី​របស់​ល្អ​ដែល​គាត់​បាន​សន្សំ​ទុក​»។ (​ម៉ាថ. ១២:៣៤, ៣៥​) ការ​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​បង​ប្អូន​របស់​យើង​ដែល​ត្រូវ​ការ គឺ​ជា​របៀប​ដ៏​សំខាន់​ណាស់​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ពួក​គេ។ w​២៣.១១ ទំ.១០ វ.១០​-​១១

ថ្ងៃ​អាទិត្យ ទី​៣១ ខែ​សីហា

ពួក​អ្នក​ដែល​ចេះ​គិត​ពិចារណា​ប៉ុណ្ណោះ នឹង​យល់​បាន។—ដាន. ១២:១០

យើង​ត្រូវ​សុំ​ជំនួយ​ដើម្បី​យល់​ទំនាយ​ក្នុង​គម្ពីរ។ សូម​គិត​អំពី​ឧទាហរណ៍​នេះ។ សូម​ស្រមៃ​គិត​ថា អ្នក​ទៅ​លេង​កន្លែង​មួយ​ដែល​អ្នក​មិន​ស្គាល់ តែ​មិត្ត​ភក្ដិ​ម្នាក់​ដែល​ធ្វើ​ដំណើរ​ជា​មួយ​អ្នក​ស្គាល់​តំបន់​នោះ​យ៉ាង​ច្បាស់។ គាត់​ដឹង​ថា​ពួក​អ្នក​នៅ​ទី​ណា ហើយ​ដឹង​ថា​ផ្លូវ​ណា​នាំ​ទៅ​ណា។ អ្នក​ច្បាស់​ជា​សប្បាយ​ចិត្ត​ដែល​មិត្ត​របស់​អ្នក​យល់​ព្រម​មក​ជា​មួយ​អ្នក! ព្រះ​យេហូវ៉ា​ដូច​ជា​មិត្ត​ដ៏​ល្អ​នោះ លោក​ដឹង​អំពី​អនាគត​របស់​យើង​យ៉ាង​ច្បាស់។ ដូច្នេះ ដើម្បី​យល់​ទំនាយ​ក្នុង​គម្ពីរ យើង​ត្រូវ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ (​ដាន. ២:២៨; ២ពេ. ១:១៩, ២០​) ដូច​ឪពុក​ម្ដាយ​ល្អ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​កូន​របស់​លោក​មាន​អនាគត​ដ៏​សប្បាយ។ (​យេ. ២៩:១១​) ប៉ុន្តែ​ខុស​ពី​ឪពុក​ម្ដាយ​ដែល​ជា​មនុស្សជាតិ ព្រះ​យេហូវ៉ា​អាច​ប្រាប់​ទុក​ជា​មុន​អំពី​ថ្ងៃ​អនាគត​យ៉ាង​ត្រឹម​ត្រូវ​ទាំង​ស្រុង។ លោក​បាន​បណ្ដាល​ឲ្យ​បុរស​មួយ​ចំនួន​កត់​ទុក​ទំនាយ​ក្នុង​បណ្ដាំ​លោក ដើម្បី​យើង​អាច​ដឹង​ទុក​ជា​មុន​អំពី​ព្រឹត្តិការណ៍​សំខាន់​ៗ។—អេ. ៤៦:១០ w​២៣.០៨ ទំ.៨ វ.៣​-​៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក