ថ្ងៃសៅរ៍ ទី១២ ខែកក្កដា
អ្នកបម្រើទាំងនោះសម្លាប់[យេហូអាស] . . . ប៉ុន្តែ គេមិនបានបញ្ចុះគាត់នៅក្នុងទីបញ្ចុះសពរបស់បណ្ដាស្ដេចឡើយ។—២ប្រ. ២៤:២៥
តើយើងអាចរៀនអ្វីពីគំរូរបស់យេហូអាស? គាត់ប្រៀបដូចជាដើមឈើដែលមានឫសរាក់ ដែលត្រូវការបង្គោលឈើដើម្បីជួយទប់។ ក្រោយពីយេហូយ៉ាដាដែលបានជួយគាត់បានស្លាប់បាត់ទៅ យេហូអាសបានចាប់ផ្ដើមស្ដាប់តាមពួកអ្នកក្បត់ជំនឿ ហើយក៏លែងស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ នេះបង្ហាញយ៉ាងច្បាស់ថាការកោតខ្លាចព្រះមិនត្រូវពឹងផ្អែកទាំងស្រុងទៅលើឥទ្ធិពលល្អពីគ្រិស្តសាសនិកឯទៀត រួមទាំងសមាជិកក្រុមគ្រួសាររបស់យើងទេ។ ដើម្បីមានចំណងមិត្តភាពរឹងមាំជាមួយព្រះយេហូវ៉ា យើងត្រូវតែពង្រឹងការកោតខ្លាចនិងភក្ដីភាពរបស់យើងចំពោះព្រះ ដោយសិក្សា រំពឹងគិត និងអធិដ្ឋានជាទៀងទាត់។ (យេ. ១៧:៧, ៨; កូឡ. ២:៦, ៧) ព្រះយេហូវ៉ាមិនសុំអ្វីច្រើនពីយើងទេ។ អ្វីដែលលោកតម្រូវគឺបានត្រូវសង្ខេបនៅអ្នកទូន្មាន ១២:១៣ ដែលចែងថា៖ «ចូរគោរពកោតខ្លាចព្រះពិត ហើយធ្វើតាមបញ្ញត្តិរបស់លោកជានិច្ច ព្រោះនេះជាកាតព្វកិច្ចទាំងមូលរបស់មនុស្ស»។ ពេលយើងកោតខ្លាចព្រះ យើងនឹងអាចរក្សាភក្ដីភាពចំពោះលោកមិនថាមានអ្វីកើតឡើងនៅថ្ងៃខាងមុខក្ដី។ យ៉ាងនេះ គ្មានអ្វីអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ាបានឡើយ។ w២៣.០៦ ទំ.១៩ វ.១៧-១៩
ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា
មើល! ខ្ញុំកំពុងធ្វើអ្វីៗទាំងអស់ថ្មី។—បប. ២១:៥
ការធានារបស់ព្រះចាប់ផ្ដើមដោយពាក្យថា៖ «លោកដែលអង្គុយលើបល្ល័ង្កមានប្រសាសន៍ថា»។ (បប. ២១:៥ក) ពាក្យផ្ដើមទាំងនេះគឺពិសេស ដោយសារនេះគឺមួយលើកក្នុងចំណោមតែបីលើកនៅក្នុងសៀវភៅការបើកបង្ហាញដែលព្រះយេហូវ៉ាមានប្រសាសន៍ដោយផ្ទាល់។ ដូច្នេះ ការធានានេះមិនមែនផ្ដល់ដោយទេវតាដ៏ខ្លាំងក្លាមួយរូប ហើយថែមទាំងមិនមែនដោយលោកយេស៊ូដែលបានត្រូវប្រោសឲ្យរស់ឡើងវិញទេ តែដោយព្រះយេហូវ៉ាផ្ទាល់! នេះបង្ហាញថាយើងអាចទុកចិត្តទាំងស្រុងទៅលើអ្វីដែលលោកមានប្រសាសន៍បន្ទាប់មក។ ហេតុអ្វីដូច្នេះ? ពីព្រោះព្រះយេហូវ៉ា«មិនអាចកុហកឡើយ»។ (ទីត. ១:២) យ៉ាងនេះ ពាក្យដែលយើងអាននៅការបើកបង្ហាញ ២១:៥, ៦នឹងក្លាយជាការពិតជាក់ជាមិនខាន។ សូមពិចារណាអំពីពាក្យ«មើល!»។ ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«មើល!»បានត្រូវប្រើម្ដងហើយម្ដងទៀតក្នុងសៀវភៅការបើកបង្ហាញ។ តើពាក្យបន្ទាប់របស់ព្រះជាអ្វី? លោកមានប្រសាសន៍ថា៖ «ខ្ញុំកំពុងធ្វើអ្វីៗទាំងអស់ថ្មី»។ ពិតមែន ព្រះយេហូវ៉ាកំពុងមានប្រសាសន៍អំពីការផ្លាស់ប្ដូរនៅថ្ងៃអនាគត ប៉ុន្តែចំពោះលោក ពាក្យសន្យាដែលលោកបានមានប្រសាសន៍នេះគឺពិតជានឹងកើតឡើងជាក់ជាមិនខាន បានជាលោកមានប្រសាសន៍ហាក់ដូចជាការផ្លាស់ប្ដូរទាំងនេះកំពុងកើតឡើង។—អេ. ៤៦:១០ w២៣.១១ ទំ.៣-៤ វ.៧-៨
ថ្ងៃច័ន្ទ ទី១៤ ខែកក្កដា
គាត់ចេញទៅក្រៅ ហើយយំដោយនឹកស្ដាយយ៉ាងខ្លាំង។—ម៉ាថ. ២៦:៧៥
សាវ័កពេត្រុសមានភាពទន់ខ្សោយដែលគាត់ត្រូវតយុទ្ធ។ សូមគិតអំពីឧទាហរណ៍ខ្លះ។ ពេលលោកយេស៊ូបានពន្យល់របៀបដែលលោកនឹងរងទុក្ខ ហើយស្លាប់ស្របតាមទំនាយក្នុងគម្ពីរ ពេត្រុសបានស្ដីបន្ទោសលោក។ (ម៉ាក. ៨:៣១-៣៣) ម្ដងហើយម្ដងទៀត ពេត្រុសនិងពួកសាវ័កឯទៀតបានឈ្លោះប្រកែកគ្នាអំពីអ្នកណាធំជាងគេ។ (ម៉ាក. ៩:៣៣, ៣៤) នៅយប់ចុងក្រោយមុនលោកយេស៊ូស្លាប់ ពេត្រុសបានកាប់ដាច់ស្លឹកត្រចៀករបស់បុរសម្នាក់។ (យ៉ូន. ១៨:១០) នៅយប់ដដែលនោះ ពេត្រុសក៏ភ័យខ្លាចជាខ្លាំងបានជាគាត់បដិសេធមិនទទួលស្គាល់លោកយេស៊ូជាមិត្តរបស់គាត់អស់បីដង។ (ម៉ាក. ១៤:៦៦-៧២) នោះនាំឲ្យពេត្រុសយំដោយនឹកស្ដាយយ៉ាងខ្លាំង។ លោកយេស៊ូមិនបានបោះបង់ចោលសាវ័កដែលធ្លាក់ទឹកចិត្តម្នាក់នេះទេ។ ក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានផ្ដល់ឱកាសឲ្យពេត្រុសបញ្ជាក់ថាគាត់នៅតែស្រឡាញ់លោក។ លោកយេស៊ូក៏បានអញ្ជើញពេត្រុសឲ្យធ្វើជាគង្វាលនៃចៀមរបស់លោក។ (យ៉ូន. ២១:១៥-១៧) ពេត្រុសធ្វើអ្វីដែលលោកយេស៊ូប្រាប់គាត់។ ហេតុនេះ គាត់បាននៅក្រុងយេរូសាឡិមនាបុណ្យថ្ងៃទី៥០ ហើយនៅក្នុងចំណោមពួកអ្នកដំបូងដែលបានត្រូវរើសតាំងដោយឫទ្ធានុភាពបរិសុទ្ធ។ w២៣.០៩ ទំ.២២ វ.៦-៧