ថ្ងៃសុក្រ ទី២៥ ខែកក្កដា
ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ។—ម៉ាថ. ២៨:២០
តាំងពីសង្គ្រាមលោកលើកទី២មក រាស្ត្ររបស់ព្រះយេហូវ៉ានៅប្រទេសជាច្រើនមានសេរីភាពនិងសេចក្ដីសុខសាន្តមួយកម្រិតកាលដែលពួកគេផ្សព្វផ្សាយ។ តាមពិត កិច្ចការនោះបានចម្រើនឡើង។ សព្វថ្ងៃនេះ សមាជិកគណៈអភិបាលបន្តស្វែងរកការណែនាំពីគ្រិស្ត។ ពួកគេចង់ឲ្យការណែនាំទៅបងប្អូនដែលឆ្លុះបញ្ចាំងអំពីទស្សនៈនៅស្ថានសួគ៌ចំពោះរឿងផ្សេងៗ។ ក្រោយមក អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងពួកអ្នកចាស់ទុំផ្ដល់ការណែនាំទៅក្រុមជំនុំនានា។ ពួកអ្នកចាស់ទុំដែលបានត្រូវរើសតាំងនៅក្នុង«ដៃស្ដាំ»របស់គ្រិស្ត។ (បប. ២:១) ពិតមែន ពួកអ្នកចាស់ទុំទាំងនោះគឺជាមនុស្សមិនល្អឥតខ្ចោះនិងចេះធ្វើខុស។ ជួនកាល ម៉ូសេនិងយ៉ូស្វេក៏ធ្វើខុសដូចពួកសាវ័កបានធ្វើដែរ។ (ជប. ២០:១២; យ៉ូស. ៩:១៤, ១៥; រ៉ូម ៣:២៣) ប៉ុន្តែ យើងអាចឃើញច្បាស់ថាលោកយេស៊ូកំពុងណែនាំខ្ញុំបម្រើដ៏ស្មោះត្រង់ទាំងនេះនិងពួកអ្នកចាស់ទុំដែលបានត្រូវតែងតាំង ហើយលោកនឹងបន្តធ្វើដូច្នេះ។ ហេតុនេះ យើងពិតជាអាចទុកចិត្តការណែនាំដែលលោកផ្ដល់ឲ្យតាមរយៈពួកអ្នកនាំមុខដែលបានត្រូវតែងតាំងទាំងនេះ។ w២៤.០២ ទំ.២៤ វ.១៣-១៤
ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា
ចូរយកតម្រាប់ព្រះ ក្នុងនាមជាកូនជាទីស្រឡាញ់របស់លោក។—អេភ. ៥:១
សព្វថ្ងៃនេះ យើងអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តដោយនិយាយអំពីលោកតាមរបៀបដែលបង្ហាញអារម្មណ៍កក់ក្ដៅ ចិត្តកតញ្ញូ និងក្ដីស្រឡាញ់។ ពេលយើងផ្សព្វផ្សាយ យើងចាំថាគោលបំណងសំខាន់ចម្បងរបស់យើង គឺទាញនាំមនុស្សឲ្យចូលទៅជិតព្រះយេហូវ៉ា និងជួយពួកគេឲ្យមានអារម្មណ៍ដូចយើងចំពោះបិតាជាទីស្រឡាញ់របស់យើង។ (យ៉ា. ៤:៨) យើងសប្បាយរីករាយបង្ហាញមនុស្សអំពីរបៀបដែលគម្ពីររៀបរាប់អំពីព្រះយេហូវ៉ា។ គម្ពីរបង្ហាញអំពីសេចក្ដីស្រឡាញ់ យុត្តិធម៌ ប្រាជ្ញា ឫទ្ធានុភាព និងគុណសម្បត្តិដ៏ថ្លៃថ្លាឯទៀតរបស់លោក។ យើងក៏សរសើរព្រះយេហូវ៉ានិងធ្វើឲ្យលោកពេញចិត្តដោយព្យាយាមយកតម្រាប់លោក។ ពេលយើងធ្វើដូច្នេះ អ្នកឯទៀតប្រហែលជាកត់សម្គាល់ថាយើងខុសពីមនុស្សក្នុងពិភពលោកដ៏អាក្រក់នេះ ហើយពួកគេប្រហែលជាឆ្ងល់អំពីមូលហេតុ។ (ម៉ាថ. ៥:១៤-១៦) កាលដែលយើងនិយាយជាមួយពួកគេក្នុងជីវិតប្រចាំថ្ងៃរបស់យើង យើងប្រហែលជាអាចពន្យល់ពួកគេថាហេតុអ្វីយើងប្រព្រឹត្តដូចនេះ។ ជាលទ្ធផល មនុស្សដែលមានចិត្តស្មោះចង់ចូលទៅជិតព្រះរបស់យើង។ ពេលយើងសរសើរព្រះយេហូវ៉ាតាមរបៀបទាំងនេះ យើងធ្វើឲ្យចិត្តលោកអរសប្បាយ។—១ធី. ២:៣, ៤ w២៤.០២ ទំ.១០ វ.៧
ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា
[ចូរ]លើកទឹកចិត្តអ្នកឯទៀត . . . ព្រមទាំងកែតម្រង់។—ទីត. ១:៩
ដើម្បីទៅជាបុរសដែលមានភាពចាស់ទុំ ប្អូននឹងត្រូវបណ្ដុះជំនាញដែលមានប្រយោជន៍។ ជំនាញទាំងនេះនឹងជួយប្អូនឲ្យទទួលភារកិច្ចក្នុងក្រុមជំនុំ រកការងារដើម្បីផ្គត់ផ្គង់ខ្លួនឯងឬក្រុមគ្រួសារ ហើយមានទំនាក់ទំនងល្អជាមួយអ្នកឯទៀត។ ជាឧទាហរណ៍ ចូរអាននិងសរសេរឲ្យបានស្ទាត់។ គម្ពីរចែងថាបុរសជោគជ័យដែលសប្បាយរីករាយ ចំណាយពេលរាល់ថ្ងៃដើម្បីអាននិងរំពឹងគិតអំពីបណ្ដាំព្រះ។ (ចសព. ១:១-៣) ដោយអានគម្ពីររាល់ថ្ងៃ គាត់នឹងស្គាល់របៀបគិតគូររបស់ព្រះយេហូវ៉ាដែលនឹងជួយគាត់ឲ្យគិតយ៉ាងច្បាស់និងវែកញែកយ៉ាងល្អ។ (សុភ. ១:៣, ៤) បងប្អូនរបស់យើងត្រូវការជំនួយពីបុរសដែលអាចបង្រៀននិងឲ្យឱវាទពីគម្ពីរ។ បើប្អូនអាចអាននិងសរសេរយ៉ាងស្ទាត់ ប្អូននឹងអាចរៀបចំសុន្ទរកថានិងចម្លើយដែលមានប្រយោជន៍ដល់អ្នកឯទៀត ហើយពង្រឹងជំនឿពួកគេ។ ប្អូនក៏អាចកត់កំណត់ដែលមានប្រយោជន៍ដែលនឹងជួយប្អូនឲ្យពង្រឹងជំនឿរបស់ខ្លួន ហើយលើកទឹកចិត្តអ្នកឯទៀត។ w២៣.១២ ទំ.២៦-២៧ វ.៩-១១