ថ្ងៃអង្គារ ទី៨ ខែកក្កដា
ថ្ងៃរបស់ព្រះយេហូវ៉ានឹងមក។—១ថែ. ៥:២
សាវ័កប៉ូលបានប្រដូចពួកអ្នកដែលនឹងមិនរួចជីវិតនៅថ្ងៃរបស់ព្រះយេហូវ៉ាទៅនឹងមនុស្សដែលដេកលក់។ ពួកគេមិនដឹងអ្វីដែលនៅជុំវិញខ្លួន ឬមិនដឹងថាពេលវេលាកន្លងផុតទៅទេ។ ដូច្នេះ ពួកគេមិនដឹងថាពេលណាអ្វីដ៏សំខាន់កើតឡើង ហើយមិនមានប្រតិកម្មចំពោះអ្វីនោះឡើយ។ មនុស្សភាគច្រើននៅសព្វថ្ងៃនេះប្រៀបដូចជាមនុស្សដេកលក់។ (រ៉ូម ១១:៨) ពួកគេមិនជឿទីសំអាងដែលបង្ហាញថាយើងកំពុងរស់នៅ«គ្រាចុងក្រោយបង្អស់» ហើយថាមិនយូរទៀតគ្រាទុក្ខវេទនាជាខ្លាំងនឹងមកដល់ទេ។ (២ពេ. ៣:៣, ៤) ប៉ុន្តែ យើងទទួលស្គាល់ថាយោបល់ពីព្រះដែលឲ្យដឹងខ្លួនជានិច្ចកាន់តែបន្ទាន់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ (១ថែ. ៥:៦) ដូច្នេះ យើងត្រូវរក្សាចិត្តស្ងប់ ហើយនឹងនរ។ ហេតុអ្វី? គឺដើម្បីយើងមិនរួមចំណែកក្នុងរឿងនយោបាយឬបញ្ហាសង្គមនៅសព្វថ្ងៃនេះ។ ការបង្ខិតបង្ខំឲ្យគាំទ្រម្ខាងៗក្នុងរឿងទាំងនេះនឹងខ្លាំងឡើងៗកាលដែលថ្ងៃរបស់ព្រះយេហូវ៉ាកាន់តែខិតចូលមកដល់។ ប៉ុន្តែ យើងនឹងមិនចាំបាច់ខ្វល់អំពីប្រតិកម្មរបស់យើងទេ។ ឫទ្ធានុភាពរបស់ព្រះអាចជួយយើងឲ្យមានចិត្តស្ងប់និងនឹងនរ ហើយឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។—លូក. ១២:១១, ១២ w២៣.០៦ ទំ.១០ វ.៦-៧
ថ្ងៃពុធ ទី៩ ខែកក្កដា
ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតអើយ សូមលោកមេត្តានឹកចាំខ្ញុំផង សូមលោកផ្ដល់កម្លាំងឲ្យខ្ញុំ។—អសក. ១៦:២៨
តើអ្នកគិតអំពីអ្វីពេលឮឈ្មោះសាំសុន? អ្នកទំនងជាគិតអំពីបុរសម្នាក់ដែលមានកម្លាំងដ៏ខ្លាំង។ គាត់គឺខ្លាំងមហិមាមែន។ ប៉ុន្តែ សាំសុនបានធ្វើការសម្រេចចិត្តមិនល្អមួយដែលនាំឲ្យគាត់រងទុក្ខយ៉ាងខ្លាំង។ ទោះជាយ៉ាងនេះក្ដី ព្រះយេហូវ៉ាបានផ្ដោតអារម្មណ៍ទៅលើអ្វីទាំងអស់ដែលសាំសុនបានធ្វើដើម្បីបម្រើលោក ហើយលោកបានដាក់បញ្ចូលគំរូដ៏ស្មោះត្រង់របស់គាត់ក្នុងគម្ពីរដើម្បីជាប្រយោជន៍ដល់យើង។ ព្រះយេហូវ៉ាបានប្រើសាំសុនឲ្យសម្រេចអ្វីដ៏អស្ចារ្យដើម្បីជួយរាស្ត្រដែលលោកបានជ្រើសរើស គឺអ៊ីស្រាអែល។ ច្រើនសតវត្សរ៍ក្រោយពីសាំសុនបានស្លាប់ ព្រះយេហូវ៉ាបានដឹកនាំសាវ័កប៉ូលឲ្យដាក់បញ្ចូលឈ្មោះសាំសុនក្នុងបញ្ជីមួយដែលរៀបរាប់អំពីបុរសដែលមានជំនឿមុតមាំ។ (ហេ. ១១:៣២-៣៤) គំរូរបស់សាំសុនអាចលើកទឹកចិត្តយើង។ គាត់បានពឹងផ្អែកលើព្រះយេហូវ៉ា ទោះជាក្នុងអំឡុងស្ថានភាពពិបាកក្ដី។ យើងអាចទទួលការលើកទឹកចិត្ត ព្រមទាំងទាញមេរៀនផ្សេងទៀតពីគំរូរបស់គាត់។ w២៣.០៩ ទំ.២ វ.១-២
ថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា
ចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នា។—ភី. ៤:៦
យើងអាចពង្រឹងការស៊ូទ្រាំរបស់យើងដោយអធិដ្ឋានទៅព្រះយេហូវ៉ាជារឿយៗ និងដោយប្រាប់លោកអំពីការព្រួយបារម្ភទាំងអស់របស់យើង។ (១ថែ. ៥:១៧) ប្រហែលជាអ្នកមិនមានបញ្ហាធ្ងន់ធ្ងរនៅឥឡូវនេះទេ។ ទោះជាយ៉ាងនេះក៏ដោយ តើអ្នកស្វែងរកការណែនាំពីព្រះយេហូវ៉ានៅពេលណាដែលអ្នកពិបាកចិត្ត ច្របូកច្របល់ក្នុងចិត្ត ឬមិនដឹងថាគួរធ្វើអ្វីឬទេ? បើអ្នកអធិដ្ឋានទៅព្រះរបស់យើងជាទៀងទាត់ ដើម្បីសុំលោកឲ្យជួយអ្នកប្រឈមមុខនឹងការពិបាកប្រចាំថ្ងៃរបស់អ្នកនៅឥឡូវនេះ អ្នកនឹងមិនស្ទាក់ស្ទើរធ្វើដូច្នេះពេលដែលអ្នកប្រឈមមុខនឹងការពិបាកធំជាងនៅថ្ងៃអនាគតឡើយ។ យ៉ាងនេះ អ្នកនឹងមានទំនុកចិត្តថាលោកពិតជាដឹងអំពីពេលវេលានិងរបៀបដើម្បីជួយអ្នក។ (ចសព. ២៧:១, ៣) យើងនឹងកាន់តែចេះស៊ូទ្រាំនឹងគ្រាទុក្ខវេទនាជាខ្លាំងនៅថ្ងៃអនាគត បើយើងស៊ូទ្រាំនឹងទុក្ខលំបាកនៅឥឡូវនេះ។ (រ៉ូម ៥:៣) ហេតុអ្វីយើងអាចនិយាយដូច្នេះ? បងប្អូនជាច្រើននាក់និយាយថារាល់ដងដែលពួកគេស៊ូទ្រាំនឹងស្ថានភាពពិបាក នោះជួយពួកគេឲ្យស៊ូទ្រាំនឹងបញ្ហានៅពេលក្រោយមក។ ពេលពួកគេស៊ូទ្រាំដោយមានជំនួយពីព្រះយេហូវ៉ា ពួកគេកាន់តែមានជំនឿថាព្រះយេហូវ៉ាចង់ជួយពួកគេ។ ម្យ៉ាងទៀត ដោយសារពួកគេមានជំនឿលើព្រះយេហូវ៉ា ពួកគេអាចស៊ូទ្រាំនឹងទុក្ខលំបាកនៅពេលក្រោយមក។—យ៉ា. ១:២-៤ w២៣.០៧ ទំ.៣ វ.៧-៨