ថ្ងៃអង្គារ ទី២៦ ខែសីហា
អស់អ្នកដែលធ្វើអ្វីដោយតក់ក្រហល់ ប្រាកដជានឹងទ័លក្រ។—សុភ. ២១:៥
ចិត្តអត់ធ្មត់ជួយយើងក្នុងការប្រព្រឹត្តចំពោះអ្នកឯទៀត។ ចិត្តអត់ធ្មត់ជួយយើងឲ្យស្ដាប់យ៉ាងយកចិត្តទុកដាក់ពេលអ្នកឯទៀតនិយាយ។ (យ៉ា. ១:១៩) ចិត្តអត់ធ្មត់ក៏ជួយបង្កើតឲ្យមានសន្តិភាព ហើយការពារយើងពីការមានប្រតិកម្មរហ័សពេកនិងនិយាយអ្វីដែលមិនសប្បុរសពេលយើងតានតឹងចិត្ត។ ម្យ៉ាងទៀត បើយើងមានចិត្តអត់ធ្មត់ យើងនឹងយឺតនឹងខឹងពេលនរណាម្នាក់ធ្វើឲ្យយើងឈឺចិត្ត។ ជាជាងសងសឹក យើងនឹងបន្ត«ទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ»។ (កូឡ. ៣:១២, ១៣) ចិត្តអត់ធ្មត់ក៏អាចជួយយើងឲ្យធ្វើការសម្រេចចិត្តល្អប្រសើរជាង។ ជាជាងតក់ក្រហល់ឬធ្វើអ្វីដោយមិនបានគិត យើងនឹងលៃទុកពេលដើម្បីស្រាវជ្រាវនិងវិភាគមើលជម្រើសដែលយើងមាន។ ជាឧទាហរណ៍ បើយើងកំពុងស្វែងរកការងារ យើងប្រហែលជាចង់ទទួលយកការងារដំបូងដែលយើងបានរកឃើញ។ ប៉ុន្តែ បើយើងមានចិត្តអត់ធ្មត់ យើងនឹងលៃទុកពេលពិចារណាផលប៉ះពាល់ដែលការងារនោះអាចមានទៅលើក្រុមគ្រួសារយើងនិងចំណងមិត្តភាពរបស់យើងជាមួយព្រះ។ ដោយមានចិត្តអត់ធ្មត់ យើងអាចជៀសវាងពីការធ្វើការសម្រេចចិត្តមិនល្អ។ w២៣.០៨ ទំ.២២ វ.៨-៩
ថ្ងៃពុធ ទី២៧ ខែសីហា
ខ្ញុំសង្កេតឃើញថាមានច្បាប់មួយទៀតក្នុងរូបកាយរបស់ខ្ញុំ ដែលកំពុងច្បាំងនឹងច្បាប់ដែលនៅក្នុងគំនិតរបស់ខ្ញុំ ហើយកំពុងនាំខ្ញុំទៅជាឈ្លើយក្រោមអំណាចច្បាប់នៃភាពខុសឆ្គង ដែលនៅក្នុងរូបកាយរបស់ខ្ញុំ។—រ៉ូម ៧:២៣
បើអ្នកធ្លាក់ទឹកចិត្តដោយសារអ្នកត្រូវតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ ការគិតអំពីសេចក្ដីសន្យាដែលអ្នកបានធ្វើចំពោះព្រះយេហូវ៉ាពេលអ្នកប្រគល់ខ្លួនជូនលោក នឹងពង្រឹងការតាំងចិត្តរបស់អ្នកដើម្បីតយុទ្ធនឹងការល្បួង។ តើតាមរបៀបណា? ពេលអ្នកប្រគល់ខ្លួនជូនព្រះយេហូវ៉ា អ្នកលែងធ្វើតាមចិត្តខ្លួននិងគោលដៅរបស់ខ្លួនដែលនាំឲ្យព្រះយេហូវ៉ាមិនពេញចិត្តទៀត។ (ម៉ាថ. ១៦:២៤) ដូច្នេះ ពេលអ្នកជួបការល្បងល អ្នកនឹងមិនចាំបាច់ត្រូវការពេលដើម្បីសម្រេចចិត្តថាធ្វើអ្វីទេ។ អ្នកបានសម្រេចចិត្តរួចហើយថាអ្នកត្រូវធ្វើអ្វី គឺរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ អ្នកនឹងបន្តតាំងចិត្តដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ តាមរបៀបនេះ អ្នកនឹងដូចយ៉ូប ទោះជាគាត់ជួបទុក្ខលំបាកដ៏ខ្លាំងក្ដី គាត់និយាយយ៉ាងមុតមាំថា៖ «ខ្ញុំនឹងមិនព្រមឲ្យអ្វីណាមកធ្វើឲ្យខ្ញុំលែងមានចិត្តស្មោះឥតងាករេចំពោះព្រះជាដាច់ខាត!»។—យ៉ូប ២៧:៥ w២៤.០៣ ទំ.៩ វ.៦-៧
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា
ព្រះយេហូវ៉ានៅជិតអស់អ្នកដែលហៅរកលោក គឺអស់អ្នកដែលហៅរកលោកដោយចិត្តស្មោះ។—ចសព. ១៤៥:១៨
ព្រះយេហូវ៉ាដែលជា«ព្រះនៃសេចក្ដីស្រឡាញ់»គឺនៅជាមួយយើង។ (២កូ. ១៣:១១) លោកចាប់អារម្មណ៍នឹងយើងម្នាក់ៗ។ យើងជឿជាក់ថាយើង«រមែងទទួលសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ពីលោក»។ (ចសព. ៣២:១០) កាលដែលយើងកាន់តែរំពឹងគិតអំពីរបៀបដែលលោកបានបង្ហាញសេចក្ដីស្រឡាញ់របស់លោកចំពោះយើង យើងកាន់តែមានអារម្មណ៍ថាលោកជាបុគ្គលពិត ហើយយើងចូលកាន់តែជិតលោក។ យើងក៏អាចអធិដ្ឋានទៅលោកដោយគ្មានការភ័យខ្លាច ហើយប្រាប់លោកថាយើងត្រូវការសេចក្ដីស្រឡាញ់របស់លោកយ៉ាងខ្លាំង។ យើងអាចប្រាប់លោកអំពីទុក្ខកង្វល់ទាំងអស់ដោយមានទំនុកចិត្តថាលោកយល់អារម្មណ៍របស់យើង ហើយចង់ជួយយើង។ (ចសព. ១៤៥:១៩) ដូចយើងចង់នៅក្បែរភ្នក់ភ្លើងនៅថ្ងៃត្រជាក់ យើងចង់ចូលទៅជិតព្រះយេហូវ៉ាដោយសារលោកមានសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅ។ ទោះជាសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាគឺខ្លាំងក្លាក្ដី សេចក្ដីស្រឡាញ់នោះក៏ថ្នាក់ថ្នមប្រកបដោយមនោសញ្ចេតនាដែរ។ ដូច្នេះ សូមអរសប្បាយដោយសារព្រះយេហូវ៉ាស្រឡាញ់អ្នក។ ម្យ៉ាងទៀត សូមយើងទាំងអស់គ្នាតបឆ្លើយចំពោះសេចក្ដីស្រឡាញ់របស់លោក ដោយនិយាយថា៖ «ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា»។—ចសព. ១១៦:១ w២៤.០១ ទំ.៣១ វ.១៩-២០