ថ្ងៃសៅរ៍ ទី២ ខែសីហា
ចូរ . . . ចុះចូលនឹងពួកអាជ្ញាធរ។—រ៉ូម ១៣:១
យើងអាចរៀនពីគំរូរបស់យ៉ូសែបនិងម៉ារៀដែលរង់ចាំធ្វើតាមបង្គាប់ពួកអាជ្ញាធរ ទោះជាពេលមិនស្រួលឲ្យធ្វើដូច្នេះក្ដី។ (លូក. ២:១-៦) ពេលម៉ារៀមានផ្ទៃពោះប្រហែល៩ខែ ការស្ដាប់បង្គាប់របស់ម៉ារៀនិងយ៉ូសែបបានត្រូវសាកល្បង។ អធិរាជអូគូសបានចេញច្បាប់ដែលឲ្យមនុស្សទាំងអស់នៅចក្រភពរ៉ូមទៅចុះបញ្ជីឈ្មោះនៅស្រុកកំណើតរបស់ពួកគេ។ យ៉ូសែបនិងម៉ារៀត្រូវធ្វើដំណើរទៅក្រុងបេថ្លេហិម ដែលអាចមានចម្ងាយរហូតដល់១៥០គីឡូម៉ែត្រ ហើយតម្រូវឲ្យឆ្លងកាត់តំបន់ទីទួល។ ការធ្វើដំណើរនោះមិនស្រួលទេ ជាពិសេសសម្រាប់ម៉ារៀ។ គូប្ដីប្រពន្ធនោះប្រហែលជាបារម្ភអំពីសុវត្ថិភាពរបស់នាងនិងទារកនៅក្នុងផ្ទៃរបស់នាង។ ចុះបើនាងស្រាប់តែឈឺពោះកាលដែលកំពុងធ្វើដំណើរ? នាងកំពុងពរពោះអនាគតមេស្ស៊ីក្នុងផ្ទៃរបស់នាង។ តើអ្វីទាំងនោះជាលេសឲ្យពួកគាត់មិនស្ដាប់បង្គាប់រដ្ឋាភិបាលឬទេ? ទោះជាយ៉ូសែបនិងម៉ារៀអាចមានការព្រួយបារម្ភផ្សេងៗក្ដី ពួកគាត់បានធ្វើតាមច្បាប់នោះ។ ព្រះយេហូវ៉ាបានឲ្យពរពួកគាត់ចំពោះការស្ដាប់បង្គាប់។ ម៉ារៀបានទៅដល់ក្រុងបេថ្លេហិមដោយសុវត្ថិភាព បានសម្រាលទារកដែលមានសុខភាពល្អ ហើយថែមទាំងបានជួយសម្រេចទំនាយមួយក្នុងគម្ពីរទៀតផង។—មីកា ៥:២ w២៣.១០ ទំ.៨ វ.៩; ទំ.៩ វ.១១-១២
ថ្ងៃអាទិត្យ ទី៣ ខែសីហា
[ចូរ]លើកទឹកចិត្តគ្នាទៅវិញទៅមក។—ហេ. ១០:២៥
ចុះយ៉ាងណាបើគ្រាន់តែគិតអំពីការឆ្លើយនៅឯកិច្ចប្រជុំធ្វើឲ្យអ្នកមានអារម្មណ៍ភ័យហើយ? អ្នកប្រហែលជាឃើញថាគឺមានប្រយោជន៍ បើអ្នករៀបចំឲ្យបានល្អ។ (សុភ. ២១:៥) កាលដែលអ្នកស្គាល់ព័ត៌មានក្នុងអត្ថបទណាមួយកាន់តែច្រើន អ្នកនឹងកាន់តែមានអារម្មណ៍ស្រួលស្ម័គ្រចិត្តឆ្លើយ។ ម្យ៉ាងទៀត សូមឆ្លើយខ្លី។ (សុភ. ១៥:២៣; ១៧:២៧) ចម្លើយខ្លីនឹងជួយអ្នកមិនសូវភ័យ។ ដោយឆ្លើយខ្លីចេញពីចិត្ត អ្នកនឹងបង្ហាញថាអ្នកបានរៀបចំល្អ ហើយថាអ្នកបានយល់ច្បាស់អំពីព័ត៌មាននោះ។ ចុះបើអ្នកបានសាកល្បងធ្វើតាមយោបល់ខ្លះទាំងនេះរួចហើយ តែអ្នកនៅតែមានអារម្មណ៍ភ័យនឹងឆ្លើយលើសពីមួយដងឬពីរដង? សូមជឿជាក់ថាព្រះយេហូវ៉ានឹងឲ្យតម្លៃចំពោះការខំប្រឹងអស់ពីសមត្ថភាពរបស់អ្នក។ (លូក. ២១:១-៤) ការខំអស់ពីសមត្ថភាពមិនមែនមានន័យថាការបង្ខំខ្លួនរហូតដល់ទ្រាំលែងបាននោះទេ។ (ភី. ៤:៥) សូមសម្រេចចិត្តអំពីអ្វីដែលអ្នកអាចធ្វើបាន កំណត់គោលដៅធ្វើនោះ និងអធិដ្ឋានឲ្យមានចិត្តស្ងប់។ ជាដំបូង អ្នកអាចមានគោលដៅឆ្លើយមួយដងយ៉ាងខ្លី។ w២៣.០៤ ទំ.២១ វ.៦-៨
ថ្ងៃច័ន្ទ ទី៤ ខែសីហា
[ចូរ]ពាក់ . . . អាវការពារដើមទ្រូង ថែមទាំងពាក់ . . . មួកការពារក្បាល។—១ថែ. ៥:៨
សាវ័កប៉ូលប្រដូចយើងទៅនឹងទាហានដែលដឹងខ្លួនជានិច្ច និងស្លៀកពាក់រួចជាស្រេចសម្រាប់ការប្រយុទ្ធ។ ទាហានត្រូវត្រៀមខ្លួនប្រយុទ្ធគ្រប់ពេលដែលមានសង្គ្រាម។ គឺស្រដៀងគ្នាដែរចំពោះយើង។ យើងត្រៀមខ្លួនជានិច្ចចំពោះថ្ងៃរបស់ព្រះយេហូវ៉ា ដោយពាក់ជំនឿនិងសេចក្ដីស្រឡាញ់ជាអាវការពារដើមទ្រូង ព្រមទាំងសេចក្ដីសង្ឃឹមជាមួកការពារក្បាល។ អាវការពារដើមទ្រូងបានការពារបេះដូងរបស់ទាហាន។ ជំនឿនិងសេចក្ដីស្រឡាញ់ការពារចិត្តរបស់យើង។ គុណសម្បត្តិទាំងនេះនឹងជួយយើងឲ្យបន្តបម្រើព្រះ និងកាន់តាមលោកយេស៊ូ។ ជំនឿពង្រឹងទំនុកចិត្តយើងថាព្រះយេហូវ៉ានឹងឲ្យរង្វាន់ដល់យើងចំពោះការស្វែងរកលោកអស់ពីចិត្ត។ (ហេ. ១១:៦) នេះនឹងជំរុញចិត្តយើងឲ្យរក្សាភក្ដីភាពចំពោះលោកយេស៊ូដែលជាអ្នកដឹកនាំរបស់យើង ទោះជាយើងត្រូវស៊ូទ្រាំនឹងការពិបាកក្ដី។ យើងអាចពង្រឹងជំនឿដើម្បីប្រឈមមុខនឹងការពិបាកផ្សេងៗក្នុងជីវិត ដោយរៀនពីគំរូរបស់បុគ្គលនៅសម័យយើងដែលបានរក្សាចិត្តស្មោះឥតងាករេ ទោះជាមានការបៀតបៀនឬមានបញ្ហាលុយកាក់ក្ដី។ ម្យ៉ាងទៀត យើងអាចជៀសវាងពីអន្ទាក់នៃការឈ្លក់វង្វេងនឹងទ្រព្យសម្បត្តិ ដោយយកតម្រាប់ពួកអ្នកដែលធ្វើឲ្យជីវិតរបស់ពួកគេសាមញ្ញជាងដើម្បីចាត់ទុកកិច្ចការរាជាណាចក្រថាសំខាន់បំផុត។ w២៣.០៦ ទំ.១០ វ.៨-៩