ថ្ងៃសុក្រ ទី២៩ ខែសីហា
ខ្ញុំបានបង្ហាញឲ្យពួកគាត់ស្គាល់នាមរបស់លោក។—យ៉ូន. ១៧:២៦
លោកយេស៊ូមិនគ្រាន់តែប្រាប់មនុស្សថានាមរបស់ព្រះគឺយេហូវ៉ាប៉ុណ្ណោះទេ។ ជនជាតិយូដាដែលលោកយេស៊ូបានបង្រៀន ស្គាល់នាមរបស់ព្រះរួចហើយ។ ប៉ុន្តែ លោកយេស៊ូបាននាំមុខក្នុងការធ្វើជា«អ្នកដែលបានពន្យល់អំពីលោក»។ (យ៉ូន. ១:១៧, ១៨) ជាឧទាហរណ៍ បទគម្ពីរភាសាហេប្រឺបង្ហាញថាព្រះយេហូវ៉ាជាព្រះនៃសេចក្ដីមេត្តាករុណានិងសេចក្ដីអាណិតអាសូរ។ (ដច. ៣៤:៥-៧) លោកយេស៊ូបានធ្វើឲ្យសេចក្ដីពិតនោះលេចធ្លោយ៉ាងច្បាស់ជាង ពេលដែលលោករៀបរាប់ឧទាហរណ៍អំពីកូនដែលវង្វេងបាត់និងឪពុករបស់គាត់។ កាលដែលយើងអានថាឪពុកនោះក្រឡេកទៅឃើញកូនដែលប្រែចិត្ត«ពេលដែលគាត់នៅឆ្ងាយនៅឡើយ» ឪពុកបានរត់ទៅជួបកូន ឱបកូន និងអភ័យទោសឲ្យកូនយ៉ាងអស់ពីដួងចិត្ត យើងឃើញច្បាស់ថាសេចក្ដីមេត្តាករុណានិងសេចក្ដីអាណិតអាសូររបស់ព្រះយេហូវ៉ាគឺខ្លាំងយ៉ាងណា។ (លូក. ១៥:១១-៣២) លោកយេស៊ូបានបើកបង្ហាញថាព្រះយេហូវ៉ាពិតជាបុគ្គលបែបណា។ w២៤.០២ ទំ.១០ វ.៨-៩
ថ្ងៃសៅរ៍ ទី៣០ ខែសីហា
[ចូរ]សម្រាលទុក្ខ[អ្នកឯទៀត] តាមរយៈការសម្រាលទុក្ខដែលយើងកំពុងទទួលពីព្រះ។—២កូ. ១:៤
ព្រះយេហូវ៉ាផ្ដល់កម្លាំងឡើងវិញនិងការសម្រាលទុក្ខដល់ពួកអ្នកដែលពិបាកចិត្ត។ តើយើងអាចយកតម្រាប់ព្រះយេហូវ៉ាក្នុងការបង្ហាញចិត្តអាណិតមេត្តា និងការផ្ដល់ការសម្រាលទុក្ខដល់អ្នកឯទៀតយ៉ាងដូចម្ដេច? របៀបមួយដែលយើងអាចធ្វើដូច្នេះ គឺដោយបណ្ដុះគុណសម្បត្តិផ្សេងៗដែលជាប់ទាក់ទងនឹងការផ្ដល់ការសម្រាលទុក្ខ។ តើនោះជាគុណសម្បត្តិអ្វីខ្លះ? តើអ្វីនឹងជួយយើងឲ្យរក្សាសេចក្ដីស្រឡាញ់ដែលយើងត្រូវការ ដើម្បី«បន្តសម្រាលទុក្ខគ្នាទៅវិញទៅមក»ពីមួយថ្ងៃទៅមួយថ្ងៃ? (១ថែ. ៥:១១, កំ.ស.) យើងត្រូវបណ្ដុះឲ្យមានគុណសម្បត្តិដូចជា ចេះកើតទុក្ខជាមួយគ្នា ស្រឡាញ់រាប់អានគ្នាជាបងប្អូន និងមានសេចក្ដីសប្បុរស។ (កូឡ. ៣:១២; ១ពេ. ៣:៨) តើគុណសម្បត្តិទាំងនេះនឹងជួយយើងយ៉ាងដូចម្ដេច? ពេលយើងមានចិត្តអាណិតមេត្តាចំពោះបងប្អូននិងយកចិត្តទុកដាក់យ៉ាងស្មោះចំពោះពួកគេ យើងនឹងមានបំណងចិត្តខ្លាំងឲ្យសម្រាលទុក្ខពួកគេពេលពួកគេរងទុក្ខលំបាក។ ដូចលោកយេស៊ូបានមានប្រសាសន៍ «មាត់តែងនិយាយអ្វីដែលមានពោរពេញនៅក្នុងចិត្ត។ មនុស្សល្អ បញ្ចេញអ្វីល្អ ពីរបស់ល្អដែលគាត់បានសន្សំទុក»។ (ម៉ាថ. ១២:៣៤, ៣៥) ការផ្ដល់ការសម្រាលទុក្ខដល់បងប្អូនរបស់យើងដែលត្រូវការ គឺជារបៀបដ៏សំខាន់ណាស់ដែលយើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះពួកគេ។ w២៣.១១ ទំ.១០ វ.១០-១១
ថ្ងៃអាទិត្យ ទី៣១ ខែសីហា
ពួកអ្នកដែលចេះគិតពិចារណាប៉ុណ្ណោះ នឹងយល់បាន។—ដាន. ១២:១០
យើងត្រូវសុំជំនួយដើម្បីយល់ទំនាយក្នុងគម្ពីរ។ សូមគិតអំពីឧទាហរណ៍នេះ។ សូមស្រមៃគិតថា អ្នកទៅលេងកន្លែងមួយដែលអ្នកមិនស្គាល់ តែមិត្តភក្ដិម្នាក់ដែលធ្វើដំណើរជាមួយអ្នកស្គាល់តំបន់នោះយ៉ាងច្បាស់។ គាត់ដឹងថាពួកអ្នកនៅទីណា ហើយដឹងថាផ្លូវណានាំទៅណា។ អ្នកច្បាស់ជាសប្បាយចិត្តដែលមិត្តរបស់អ្នកយល់ព្រមមកជាមួយអ្នក! ព្រះយេហូវ៉ាដូចជាមិត្តដ៏ល្អនោះ លោកដឹងអំពីអនាគតរបស់យើងយ៉ាងច្បាស់។ ដូច្នេះ ដើម្បីយល់ទំនាយក្នុងគម្ពីរ យើងត្រូវសុំជំនួយពីព្រះយេហូវ៉ា។ (ដាន. ២:២៨; ២ពេ. ១:១៩, ២០) ដូចឪពុកម្ដាយល្អ ព្រះយេហូវ៉ាចង់ឲ្យកូនរបស់លោកមានអនាគតដ៏សប្បាយ។ (យេ. ២៩:១១) ប៉ុន្តែខុសពីឪពុកម្ដាយដែលជាមនុស្សជាតិ ព្រះយេហូវ៉ាអាចប្រាប់ទុកជាមុនអំពីថ្ងៃអនាគតយ៉ាងត្រឹមត្រូវទាំងស្រុង។ លោកបានបណ្ដាលឲ្យបុរសមួយចំនួនកត់ទុកទំនាយក្នុងបណ្ដាំលោក ដើម្បីយើងអាចដឹងទុកជាមុនអំពីព្រឹត្តិការណ៍សំខាន់ៗ។—អេ. ៤៦:១០ w២៣.០៨ ទំ.៨ វ.៣-៤