ថ្ងៃអង្គារ ទី៥ ខែសីហា
អ្នកណាដែលមើលតែពពក អ្នកនោះក៏មិនច្រូតប្រមូលផលដែរ។—អទ. ១១:៤
ការចេះទប់ចិត្តគឺជាសមត្ថភាពគ្រប់គ្រងអារម្មណ៍និងការប្រព្រឹត្តរបស់ខ្លួន។ យើងត្រូវចេះទប់ចិត្តដើម្បីសម្រេចគោលដៅរបស់យើង ជាពិសេសបើគោលដៅនោះគឺពិបាកសម្រេច ឬបើយើងមិនមានចិត្តចង់ធ្វើនោះ។ សូមចាំថាការចេះទប់ចិត្តជាលក្ខណៈមួយនៃផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ ដូច្នេះសូមសុំឫទ្ធានុភាពពីព្រះយេហូវ៉ាដើម្បីជួយអ្នកបណ្ដុះឲ្យមានគុណសម្បត្តិដ៏សំខាន់នេះ។ (លូក. ១១:១៣; កាឡ. ៥:២២, ២៣) ចូរកុំរង់ចាំឲ្យមានស្ថានភាពល្អឥតខ្ចោះឡើយ។ ក្នុងពិភពលោកនេះ យើងទំនងជានឹងគ្មានស្ថានភាពល្អឥតខ្ចោះទេ។ បើយើងរង់ចាំទាល់តែមានស្ថានភាពបែបនោះ យើងប្រហែលជានឹងមិនសម្រេចគោលដៅរបស់យើងទេ។ យើងប្រហែលជាមិនសូវមានចិត្តចង់សម្រេចគោលដៅណាមួយទេ ដោយសារនោះមើលទៅពិបាកសម្រេចណាស់។ បើនេះជាបញ្ហារបស់អ្នក តើអ្នកអាចបែងចែកគោលដៅនោះឲ្យទៅជាគោលដៅតូចៗឬទេ? បើគោលដៅរបស់អ្នកគឺបណ្ដុះឲ្យមានគុណសម្បត្តិណាមួយ ប្រហែលជាដំបូងអ្នកអាចខំប្រឹងបង្ហាញគុណសម្បត្តិនោះតាមរយៈការប្រព្រឹត្តតូចតាច។ បើគោលដៅរបស់អ្នកគឺអានគម្ពីរទាំងមូល តើអ្នកអាចចាប់ផ្ដើមដោយកំណត់ពេលខ្លីៗដើម្បីអានគម្ពីរឬទេ? w២៣.០៥ ទំ.២៩ វ.១១-១៣
ថ្ងៃពុធ ទី៦ ខែសីហា
ផ្លូវរបស់មនុស្សសុចរិតប្រៀបដូចជាពន្លឺនៅពេលព្រឹក ដែលភ្លឺបន្តិចម្ដងៗរហូតដល់ភ្លឺខ្លាំងដូចពេលថ្ងៃត្រង់។—សុភ. ៤:១៨
ក្នុងអំឡុងគ្រាចុងក្រោយនេះ ព្រះយេហូវ៉ាបានប្រើអង្គការរបស់លោកឲ្យបន្តផ្ដល់ការណែនាំពីបណ្ដាំរបស់លោកដើម្បីជួយយើងទាំងអស់គ្នាឲ្យបន្តធ្វើដំណើរតាម«ផ្លូវបរិសុទ្ធ»។ (អេ. ៣៥:៨; ៤៨:១៧; ៦០:១៧) យើងប្រហែលជានិយាយថាពេលបុគ្គលណាម្នាក់យល់ព្រមសិក្សាគម្ពីរ គាត់មានឱកាសបោះជំហានលើ«ផ្លូវបរិសុទ្ធ»។ អ្នកខ្លះធ្វើដំណើរបានតែចម្ងាយខ្លី រួចក៏ចេញពីផ្លូវនោះទៅ។ ប៉ុន្តែអ្នកខ្លះទៀត តាំងចិត្តបន្តធ្វើដំណើរនៅលើផ្លូវនោះរហូតដល់ទីដៅរបស់ពួកគេ។ តើផ្លូវនោះនាំទៅដល់ណា? ចំពោះពួកអ្នកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ «ផ្លូវបរិសុទ្ធ»នាំទៅដល់«សួនឧទ្យានរបស់ព្រះ»នៅស្ថានសួគ៌។ (បប. ២:៧) ចំពោះពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដី ផ្លូវធំនោះគឺនាំទៅដល់ជីវិតល្អឥតខ្ចោះនៅដំណាច់គ្រា១.០០០ឆ្នាំ។ បើអ្នកកំពុងធ្វើដំណើរតាមផ្លូវធំនោះនៅសព្វថ្ងៃនេះ សូមកុំងាកក្រោយឡើយ។ ម្យ៉ាងទៀត សូមបន្តនៅលើផ្លូវនោះរហូតដល់អ្នកបានបង្ហើយដំណើររបស់អ្នកទៅដល់ពិភពលោកថ្មី។ w២៣.០៥ ទំ.១៧ វ.១៥-១៦; ទំ.១៩ វ.១៧-១៨
ថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា
យើងបង្ហាញសេចក្ដីស្រឡាញ់ ពីព្រោះព្រះបានស្រឡាញ់យើងជាមុន។—១យ៉ូន. ៤:១៩
ពេលអ្នកគិតអំពីអ្វីទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើសម្រាប់អ្នក អ្នកនឹងដឹងគុណលោក ហើយចង់ប្រគល់ខ្លួនជូនលោក។ (ចសព. ១១៦:១២-១៤) គម្ពីរហៅព្រះយេហូវ៉ាយ៉ាងត្រឹមត្រូវថាជាអ្នកឲ្យ«គ្រប់ទាំងរបស់ល្អនិងអំណោយដ៏ល្អឥតខ្ចោះ»។ (យ៉ា. ១:១៧) អំណោយដ៏ធំជាងគេបំផុតគឺគ្រឿងបូជារបស់លោកយេស៊ូដែលជាបុត្រលោក។ សូមគិតអំពីភាពដ៏អស្ចារ្យនៃអំណោយនោះ! ថ្លៃលោះបានបើកឱកាសឲ្យអ្នកមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា។ ម្យ៉ាងទៀត លោកបានឲ្យអ្នកនូវសេចក្ដីសង្ឃឹមរស់ជារៀងរហូត។ (១យ៉ូន. ៤:៩, ១០) ការប្រគល់ខ្លួនជូនព្រះយេហូវ៉ាគឺជារបៀបមួយដើម្បីបង្ហាញថាអ្នកមានចិត្តកតញ្ញូចំពោះការប្រព្រឹត្តដែលបង្ហាញអំពីសេចក្ដីស្រឡាញ់ដ៏ធំធេងបំផុត ព្រមទាំងចំពោះពរទាំងអស់ទៀតដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យអ្នក។—បច. ១៦:១៧; ២កូ. ៥:១៥ w២៤.០៣ ទំ.៥ វ.៨