ថ្ងៃអាទិត្យ ទី៧ ខែកញ្ញា
កាលដែលគាត់នៅក្មេងនៅឡើយ គាត់បានចាប់ផ្ដើមស្វែងរកព្រះរបស់ដាវីឌ។—២ប្រ. ៣៤:៣
ពេលស្ដេចយ៉ូសៀសនៅវ័យជំទង់ គាត់បានចាប់ផ្ដើមស្វែងរកព្រះយេហូវ៉ា។ គាត់ចង់រៀនអំពីព្រះយេហូវ៉ា និងធ្វើតាមបំណងប្រាថ្នារបស់លោក។ ប៉ុន្តែ ជីវិតរបស់ស្ដេចដ៏វ័យក្មេងនេះគឺមិនស្រួលទេ។ គាត់ត្រូវកាន់ជំហរមាំមួនចំពោះការគោរពប្រណិប័តន៍ពិត នៅពេលដែលមនុស្សភាគច្រើនគោរពបូជាព្រះមិនពិត។ គាត់បង្ហាញចិត្តក្លាហានមែន! មុនយ៉ូសៀសមានអាយុ២០ឆ្នាំ គាត់បានចាប់ផ្ដើមបំបាត់ចោលការគោរពបូជាមិនពិតចេញពីប្រជាជាតិនោះ។ (២ប្រ. ៣៤:១, ២) ទោះជាប្អូននៅក្មេងណាស់ក្ដី ប្អូនអាចសម្រេចចិត្តយកតម្រាប់យ៉ូសៀសដោយស្វែងរកព្រះយេហូវ៉ា និងដោយរៀនឲ្យតម្លៃគុណសម្បត្តិរបស់លោក។ ពេលប្អូនធ្វើដូច្នេះ ប្អូននឹងចង់ប្រគល់ខ្លួនជូនលោក។ តើការប្រគល់ខ្លួននោះនឹងមានន័យយ៉ាងណាក្នុងជីវិតប្រចាំថ្ងៃរបស់ប្អូន? ប្អូនប្រុសលូកដែលបានទទួលការជ្រមុជទឹកពេលអាយុ១៤ឆ្នាំ និយាយថា៖ «ចាប់ពីឥឡូវ ខ្ញុំនឹងចាត់ទុកការបម្រើព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំ ហើយនឹងព្យាយាមធ្វើឲ្យលោកសប្បាយរីករាយ»។ (ម៉ាក. ១២:៣០) ពិតជាពរដ៏អស្ចារ្យមែនចំពោះប្អូន បើប្អូនចង់ធ្វើដូចនេះដែរ! w២៣.០៩ ទំ.១១ វ.១២-១៣
ថ្ងៃច័ន្ទ ទី៨ ខែកញ្ញា
[ចូរ]គោរពពួកអ្នកដែលកំពុងខំធ្វើការយ៉ាងនឿយហត់ក្នុងចំណោមអ្នករាល់គ្នា និងកំពុងដឹកនាំអ្នករាល់គ្នាក្នុងកិច្ចបម្រើលោកម្ចាស់។—១ថែ. ៥:១២
ពេលសាវ័កប៉ូលបានសរសេរសំបុត្រនេះ ក្រុមជំនុំនៅក្រុងថែស្សាឡូនិចបានត្រូវបង្កើតឡើងមិនដល់មួយឆ្នាំទេ។ បុរសដែលបានត្រូវតែងតាំងក្នុងក្រុមជំនុំនោះទំនងជាខ្វះបទពិសោធន៍ ហើយប្រហែលជាបានធ្វើខុស។ ទោះជាយ៉ាងនេះក្ដី ពួកគេសមនឹងទទួលការគោរព។ កាលដែលគ្រាទុក្ខវេទនាជាខ្លាំងមកដល់ យើងប្រហែលជាត្រូវពឹងផ្អែកទៅលើពួកអ្នកចាស់ទុំក្នុងតំបន់យើងច្រើនជាងឥឡូវនេះទៅទៀតដើម្បីទទួលការណែនាំ។ យើងប្រហែលជាមិនអាចទទួលការណែនាំពីបងប្អូនប្រុសៗនៅមន្ទីរចាត់ការពិភពលោកនិងការិយាល័យសាខាទេ។ ដូច្នេះគឺសំខាន់ឲ្យយើងរៀនស្រឡាញ់និងគោរពពួកអ្នកចាស់ទុំរបស់យើងនៅឥឡូវនេះ។ មិនថាមានអ្វីកើតឡើងក៏ដោយ សូមយើងដឹងខ្លួនជានិច្ច ហើយមិនផ្ដោតអារម្មណ៍ទៅលើភាពមិនល្អឥតខ្ចោះរបស់ពួកគេទេ តែផ្ដោតអារម្មណ៍ទៅលើការពិតថាព្រះយេហូវ៉ាកំពុងណែនាំបុរសដ៏ស្មោះត្រង់ទាំងនេះតាមរយៈលោកយេស៊ូគ្រិស្ត។ ដូចមួកការពារក្បាលរបស់ទាហាន សេចក្ដីសង្ឃឹមនៃសេចក្ដីសង្គ្រោះការពាររបៀបគិតគូររបស់យើង។ យើងទទួលស្គាល់ថាពិភពលោកនេះមិនអាចផ្ដល់អ្វីដែលមានតម្លៃដល់យើងទេ។ (ភី. ៣:៨) សេចក្ដីសង្ឃឹមរបស់យើងជួយយើងឲ្យរក្សាចិត្តស្ងប់និងនឹងនរ។ w២៣.០៦ ទំ.១១-១២ វ.១១-១២
ថ្ងៃអង្គារ ទី៩ ខែកញ្ញា
ស្ត្រីល្ងីល្ងើនិយាយឮៗ។ នាងគឺល្ងង់ខ្លៅ។—សុភ. ៩:១៣
ពួកអ្នកដែលឮការអញ្ជើញពី«ស្ត្រីល្ងីល្ងើ»ត្រូវធ្វើការសម្រេចចិត្តមួយថា តើពួកគេនឹងព្រមទទួលយកឬបដិសេធការអញ្ជើញនោះ? មានមូលហេតុល្អដែលយើងគួរជៀសវាងពីការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ «ស្ត្រីល្ងីល្ងើ»និយាយថា៖ «ទឹកដែលលួចពីគេ មានរសជាតិផ្អែមឆ្ងាញ់»។ (សុភ. ៩:១៧) តើអ្វីជា«ទឹកដែលលួចពីគេ»? គម្ពីរបានប្រដូចការរួមដំណេករវាងប្ដីនិងប្រពន្ធទៅនឹងទឹកដ៏ស្រស់ស្រាយ។ (សុភ. ៥:១៥-១៨) បុរសស្ត្រីដែលរៀបការស្របច្បាប់អាចអរសប្បាយក្នុងការរួមដំណេកជាមួយគ្នា។ ប៉ុន្តែ នេះគឺខុសគ្នាស្រឡះពី«ទឹកដែលលួចពីគេ»។ នេះប្រហែលជាសំដៅទៅលើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទដែលជាអំពើដែលបានត្រូវហាមឃាត់។ ទង្វើបែបនេះច្រើនតែកើតឡើងក្នុងទីសម្ងាត់ ដូចជាចោរលួចក្នុងទីកំបាំង។ «ទឹកដែលលួចពីគេ»ប្រហែលជាមើលទៅមានរសជាតិផ្អែមឆ្ងាញ់ ជាពិសេសបើអ្នកប្រព្រឹត្តបែបនោះគិតថាគ្មានអ្នកណាដឹងអ្វីដែលពួកគេធ្វើ។ នេះជាការបញ្ឆោតដ៏សោកសៅមែន! ពីព្រោះព្រះយេហូវ៉ាឃើញអ្វីៗទាំងអស់។ គ្មានអ្វីណាល្វីងជូរចត់ជាងការបាត់បង់ការពេញចិត្តពីលោកទេ ដូច្នេះនេះមិន«ផ្អែម»ឡើយ។—១កូ. ៦:៩, ១០ w២៣.០៦ ទំ.២២ វ.៧-៩