ហេប្រឺ
៦ ឥឡូវ យើងបានរៀនសេចក្ដីបង្រៀនជាមូលដ្ឋានអំពីគ្រិស្តហើយ ដូច្នេះ ចូរយើងខំប្រឹងឈានទៅរកភាពចាស់ទុំ ហើយកុំឲ្យយើងដាក់គ្រឹះម្ដងទៀត ដោយរៀនអំពីការប្រែចិត្តពីការប្រព្រឹត្តដែលឥតប្រយោជន៍ និងជំនឿទៅលើព្រះ ២ ព្រមទាំងសេចក្ដីបង្រៀនអំពីការជ្រមុជទឹក ការដាក់ដៃលើ ការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ និងការវិនិច្ឆ័យសេចក្ដីដែលនៅជាប់ជារៀងរហូត។ ៣ ហើយយើងនឹងឈានទៅរកភាពចាស់ទុំមែន ប្រសិនបើព្រះអនុញ្ញាត។
៤ ព្រោះអ្នកដែលព្រះបានបំភ្លឺមួយដងជាការស្រេច ហើយដែលបានភ្លក់អំណោយទានពីស្ថានសួគ៌ ក៏បានទទួលសកម្មពល* បរិសុទ្ធ ៥ ថែមទាំងភ្លក់បណ្ដាំល្អប្រសើររបស់ព្រះនិងលទ្ធផលពីឫទ្ធានុភាពដែលនឹងត្រូវសម្ដែងក្នុងរបៀបរបបពិភពលោកដែលនឹងមកដល់ ៦ តែបានដួលនោះ ពួកគេមិនអាចត្រូវធ្វើឲ្យភ្ញាក់ដឹងខ្លួនដើម្បីប្រែចិត្តបានទេ ពីព្រោះពួកគេព្យួរ* បុត្រព្រះសាជាថ្មីដោយខ្លួនគេ ហើយធ្វើឲ្យលោកអាប់ឱនកិត្ដិយសនៅមុខមនុស្សទូទៅ។ ៧ ជាឧទាហរណ៍ ដីណាដែលទទួលទឹកភ្លៀងដែលធ្លាក់មកជារឿយៗហើយធ្វើឲ្យដុះរុក្ខជាតិល្អសម្រាប់អ្នកដែលដាំដុះ ដីនោះទទួលពរពីព្រះ។ ៨ ប៉ុន្តែប្រសិនបើដីនោះធ្វើឲ្យដុះដើមបន្លាទៅវិញ នោះវាត្រូវគេបោះបង់ចោល ហើយនឹងត្រូវបណ្ដាសា។ នៅទីបំផុតវាត្រូវគេដុតចោល។
៩ ប៉ុន្តែអ្នករាល់គ្នាជាទីស្រឡាញ់អើយ ទោះជាយើងនិយាយដូច្នោះក៏ដោយ ក៏យើងជឿជាក់ថា ករណីអ្នករាល់គ្នាគឺប្រសើរជាងពួកអ្នកដែលបានដួល ហើយអ្នករាល់គ្នាមានអ្វីដែលនាំទៅដល់សេចក្ដីសង្គ្រោះ។ ១០ ព្រោះព្រះមិនប្រព្រឹត្តដោយអយុត្ដិធម៌នោះទេ ដោយបំភ្លេចការដែលអ្នករាល់គ្នាបានធ្វើ និងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានបង្ហាញចំពោះនាមរបស់លោក ដោយអ្នករាល់គ្នាបានបម្រើពួកអ្នកបរិសុទ្ធ ហើយនៅតែបម្រើពួកគាត់។ ១១ ប៉ុន្តែយើងចង់ឲ្យអ្នករាល់គ្នាបង្ហាញចិត្តឧស្សាហ៍ដូចកាលពីដើម ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមយ៉ាងពិតប្រាកដរហូតដល់ទីបញ្ចប់ ១២ ដើម្បីកុំឲ្យអ្នករាល់គ្នាក្លាយទៅជាមនុស្សខ្ជិលឡើយ តែចូរយកតម្រាប់តាមពួកអ្នកដែលបានទទួលសេចក្ដីសន្យាជាមត៌កដោយសារជំនឿនិងចិត្តអត់ធ្មត់។
១៣ ព្រោះពេលដែលព្រះសន្យាជាមួយនឹងអាប្រាហាំ នោះលោកធានាសេចក្ដីសន្យារបស់លោកដោយអាង* ជីវិតខ្លួនលោក ព្រោះគ្មានអ្នកណាធំជាងដែលលោកអាចអាងដើម្បីធានាសេចក្ដីសន្យានោះឡើយ។ ១៤ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំប្រាកដជានឹងឲ្យពរដល់អ្នក ហើយខ្ញុំប្រាកដជានឹងធ្វើឲ្យអ្នកចម្រើនឡើង»។ ១៥ ដូច្នេះ ក្រោយពីអាប្រាហាំបានបង្ហាញចិត្តអត់ធ្មត់ គាត់ក៏ទទួលសេចក្ដីសន្យានោះ។ ១៦ ព្រោះមនុស្សស្បថដោយអាងអ្នកដែលធំជាង ហើយសម្បថរបស់ពួកគេបញ្ចប់គ្រប់ជម្លោះ ពីព្រោះសម្បថនោះជាការធានារ៉ាប់រងតាមច្បាប់ចំពោះពួកគេ។ ១៧ តាមរបៀបនោះដែរ ពេលដែលព្រះមានគោលបំណងបង្ហាញដល់ពួកអ្នកដែលនឹងទទួលសេចក្ដីសន្យាជាមត៌ក ឲ្យឃើញកាន់តែច្បាស់ថាសេចក្ដីសម្រេចរបស់លោកមិនអាចប្រែប្រួល នោះលោកបានបន្ថែមសម្បថជាមួយនឹងសេចក្ដីសន្យានោះ ១៨ ដើម្បីតាមរយៈការទាំងពីរនេះដែលពុំអាចប្រែប្រួលហើយដែលបង្ហាញថាព្រះមិនអាចកុហកបាន នោះយើងជាអ្នកដែលបានរត់ទៅទីជ្រកកោន អាចទទួលការលើកទឹកចិត្តយ៉ាងខ្លាំង ឲ្យឈោងចាប់សេចក្ដីសង្ឃឹមដែលបានត្រូវដាក់មុខយើង។ ១៩ សេចក្ដីសង្ឃឹមនេះជាយុថ្កាសម្រាប់ជីវិតយើង ក៏រឹងមាំនិងពិតប្រាកដ ហើយសេចក្ដីសង្ឃឹមនេះនាំយើងចូលហួសពីវាំងនន ២០ ជាកន្លែងដែលអ្នកបើកផ្លូវបានចូលដើម្បីជាប្រយោជន៍ដល់យើង គឺលោកយេស៊ូ ដែលបានក្លាយទៅជាសម្ដេចសង្ឃតាមរបៀបដូចម៉េលគីសេដិកជារៀងរហូត។