ការបើកបង្ហាញ
១០ ហើយខ្ញុំឃើញទេវតាខ្លាំងពូកែមួយទៀតចុះពីស្ថានសួគ៌* មក ដោយដណ្ដប់ពពក ហើយមានឥន្ទធនូនៅលើក្បាល។ មុខរបស់ទេវតានោះភ្លឺដូចថ្ងៃ ហើយជើងរបស់លោកគឺដូចសសរភ្លើង។ ២ ទេវតានោះមានរមូរតូចមួយដែលបើកស្រាប់នៅដៃ។ លោកដាក់ជើងស្ដាំលើសមុទ្រ តែដាក់ជើងឆ្វេងលើផែនដី ៣ ហើយលោកបន្លឺសំឡេងយ៉ាងខ្លាំង ដូចតោគ្រហឹម។ ពេលដែលលោកបន្លឺឡើង ផ្គរលាន់ទាំងប្រាំពីរក៏បន្លឺឡើងដែរ។
៤ នៅពេលដែលផ្គរលាន់ទាំងប្រាំពីរនិយាយ ខ្ញុំហៀបនឹងសរសេរ ប៉ុន្តែខ្ញុំឮសំឡេងបន្លឺចេញពីមេឃ* ថា៖ «ចូរបំបិទអ្វីៗដែលផ្គរលាន់ទាំងប្រាំពីរបាននិយាយ ដូចបិទដោយត្រា កុំសរសេរការទាំងនោះឡើយ»។ ៥ ហើយទេវតាដែលខ្ញុំឃើញឈរនៅសមុទ្រនិងផែនដីបានលើកដៃស្ដាំរបស់លោកទៅលើមេឃ ៦ រួចមក លោកស្បថដោយអាងលោកដែលរស់ជារៀងរហូត គឺលោកដែលបានបង្កើតមេឃនិងអ្វីៗលើមេឃ ផែនដីនិងអ្វីៗនៅផែនដី ហើយសមុទ្រនិងអ្វីៗក្នុងសមុទ្រ។ ទេវតានោះបានស្បថថា៖ «គ្រារង់ចាំបានផុតហើយ ៧ ប៉ុន្តែនៅគ្រាដែលទេវតាទីប្រាំពីរបន្លឺឡើង ពេលដែលគាត់ហៀបនឹងផ្លុំត្រែរបស់គាត់ អាថ៌កំបាំងដ៏ពិសិដ្ឋរបស់ព្រះនឹងត្រូវសម្រេច។ នោះជាដំណឹងល្អដែលលោកបានប្រកាសប្រាប់ដល់ពួកអ្នកប្រកាសទំនាយដែលជាខ្ញុំបម្រើរបស់លោក»។
៨ សំឡេងដែលខ្ញុំបានឮបន្លឺចេញពីស្ថានសួគ៌ក៏បន្លឺមកកាន់ខ្ញុំម្ដងទៀតថា៖ «ចូរទៅយករមូរដែលបើកស្រាប់ពីក្នុងដៃទេវតាដែលកំពុងឈរលើសមុទ្រនិងលើផែនដី»។ ៩ ខ្ញុំក៏ចេញទៅឯទេវតាហើយសុំលោកឲ្យរមូរតូចនោះមកខ្ញុំ។ ទេវតានោះប្រាប់ខ្ញុំថា៖ «ចូរយកទៅ ហើយបរិភោគចុះ។ រមូរនេះនឹងធ្វើឲ្យល្វីងក្នុងពោះរបស់អ្នក ប៉ុន្តែក្នុងមាត់របស់អ្នក រមូរនោះនឹងផ្អែមដូចទឹកឃ្មុំ»។ ១០ បន្ទាប់មក ខ្ញុំយករមូរតូចនោះពីដៃរបស់ទេវតា រួចក៏បរិភោគទៅ ហើយក្នុងមាត់ខ្ញុំ រមូរនោះគឺផ្អែមដូចទឹកឃ្មុំ ប៉ុន្តែពេលដែលខ្ញុំបានបរិភោគហើយ នោះបានធ្វើឲ្យពោះខ្ញុំល្វីង។ ១១ រួចខ្ញុំឮសំឡេងបន្លឺឡើងថា៖ «អ្នកត្រូវប្រកាសទំនាយម្ដងទៀត ស្តីអំពីជាតិសាសន៍ ប្រជាជាតិ ភាសា និងស្តេចជាច្រើន»។