សកម្មភាព
២៤ ប្រាំថ្ងៃក្រោយមក សម្ដេចសង្ឃអាណានាសបានចុះមកជាមួយនឹងពួកបុរសចាស់ទុំខ្លះ និងមេធាវីម្នាក់ឈ្មោះទើទូលុស រួចពួកគេបានប្ដឹងទៅអភិបាលអំពីប៉ូល។ ២ ពេលដែលគេហៅទើទូលុស គាត់ចាប់ផ្ដើមចោទប្រកាន់ប៉ូលថា៖
«ឯកឧត្តមភេលីច ដោយឃើញថាយើងមានសេចក្ដីសុខសាន្តក្រៃលែងដោយសារលោក ហើយថាប្រជាជាតិនេះកំពុងទទួលការកែទម្រង់ផ្សេងៗដោយសារគំនិតគិតទុកជាមុនរបស់លោក ៣ នោះយើងតែងទទួលការទាំងនោះ ដោយអំណរគុណដ៏ជ្រាលជ្រៅបំផុត ទោះនៅពេលណាឬនៅកន្លែងណាក៏ដោយ។ ៤ ប៉ុន្តែដើម្បីកុំឲ្យលោកធុញទ្រាន់ ខ្ញុំសូមអង្វរលោកមេត្ដាស្ដាប់យើងតែបន្ដិចប៉ុណ្ណោះ។ ៥ ព្រោះយើងបានឃើញថាបុរសនេះជាមនុស្សចង្រៃ ក៏បំបះបំបោរជនជាតិយូដាទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដី និងជាមេដឹកនាំនិកាយពួកណាសារ៉ែត។ ៦ បុរសនេះក៏ប៉ុនប៉ងធ្វើឲ្យវិហារលែងបរិសុទ្ធ ហើយយើងបានចាប់អ្នកនេះ។ ៧ * —— ៨ កាលណាលោកសួរចម្លើយបុរសនេះដោយផ្ទាល់ លោកមុខជាដឹងអំពីរឿងទាំងអស់នេះដែលយើងបានចោទប្រកាន់»។
៩ លុះនិយាយចប់ហើយ ជនជាតិយូដាក៏បានចូលរួមវាយប្រហារប៉ូលដោយសម្ដី ហើយអះអាងថារឿងទាំងនោះគឺដូច្នេះមែន។ ១០ ពេលដែលអភិបាលងក់ក្បាលជាសញ្ញាឲ្យនិយាយ នោះប៉ូលតបថា៖
«ដោយដឹងច្បាស់ថាលោកបានធ្វើជាចៅក្រមនៃជនជាតិនេះជាច្រើនឆ្នាំហើយ នោះខ្ញុំសប្បាយចិត្តនឹងនិយាយការពារខ្លួន ដោយប្រាប់អំពីរឿងដែលទាក់ទងនឹងខ្ញុំ។ ១១ លោកអាចស៊ើបសួរឲ្យដឹងថា គឺមិនលើសពីដប់ពីរថ្ងៃទេ តាំងពីខ្ញុំបានឡើងទៅគោរពប្រណិប័តន៍នៅក្រុងយេរូសាឡិម ១២ ហើយពួកគេមិនឃើញថាខ្ញុំកំពុងឈ្លោះប្រកែកជាមួយនឹងអ្នកណាក្នុងវិហារ ក៏មិនឃើញថាខ្ញុំបានបណ្ដាលឲ្យបណ្ដាជនរត់មកជុំគ្នាបង្កើតចលាចលដែរ ទោះជាក្នុងសាលាប្រជុំឬក្នុងក្រុងក៏ដោយ ១៣ ហើយពួកគេក៏មិនអាចផ្ដល់សំអាងបញ្ជាក់អំពីអ្វីដែលពួកគេកំពុងចោទប្រកាន់ខ្ញុំឥឡូវនេះទេ។ ១៤ ប៉ុន្តែខ្ញុំសារភាពប្រាប់លោកថា ខ្ញុំកំពុងបំពេញកិច្ចបម្រើពិសិដ្ឋជូនព្រះនៃពួកបុព្វបុរសរបស់ខ្ញុំ សមស្របតាមរបៀបគោរពប្រណិប័តន៍ដែលគេហៅថា‹និកាយ› ពីព្រោះខ្ញុំជឿអ្វីៗទាំងអស់ដែលចែងក្នុងច្បាប់* និងអ្វីៗដែលសរសេរដោយពួកអ្នកប្រកាសទំនាយ ១៥ ហើយខ្ញុំមានសេចក្ដីសង្ឃឹមលើព្រះ ដូចបុរសទាំងនេះដែរថា មនុស្សសុចរិតនិងមនុស្សមិនសុចរិតនឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ ១៦ ហេតុនេះហើយបានជាខ្ញុំខំប្រឹងជានិច្ច ដើម្បីឲ្យចិត្តខ្ញុំវិនិច្ឆ័យខ្ញុំថា ខ្ញុំមិនបានល្មើសច្បាប់របស់ព្រះ ឬរបស់មនុស្សឡើយ។ ១៧ ដូច្នេះ ក្រោយពីច្រើនឆ្នាំបានកន្លងទៅហើយ ខ្ញុំបានមកដើម្បីយកទានមកជូនជនរួមជាតិរបស់ខ្ញុំ ហើយក៏យកគ្រឿងបូជាមកដែរ។ ១៨ កាលដែលខ្ញុំកំពុងចាត់ចែងកិច្ចការនោះ ពួកគេឃើញថាខ្ញុំបានស្អាតបរិសុទ្ធនៅក្នុងវិហារ ប៉ុន្តែគ្មានហ្វូងមនុស្សនៅជាមួយក៏គ្មានភាពជ្រួលច្របល់ដែរ។ តែមានជនជាតិយូដាខ្លះពីតំបន់អាស៊ី* ១៩ ដែលគួរមកចោទប្រកាន់ខ្ញុំនៅមុខលោក ប្រសិនបើពួកគេមានហេតុទាស់នឹងខ្ញុំ។ ២០ ឬឲ្យបុរសទាំងប៉ុន្មានដែលនៅទីនេះនិយាយដោយខ្លួនឯងថា ពួកគេឃើញខ្ញុំមានកំហុសអ្វីពេលដែលខ្ញុំឈរនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ ២១ ក្រៅពីពាក្យដែលខ្ញុំបានស្រែកឡើងកាលដែលខ្ញុំកំពុងឈរក្នុងចំណោមពួកគេថា៖ ‹គេកំពុងវិនិច្ឆ័យខ្ញុំនៅមុខអ្នករាល់គ្នា ដោយសារខ្ញុំជឿលើការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ!›»។
២២ ក៏ប៉ុន្តែ ដោយសារភេលីចដឹងច្បាស់អំពីរឿងទាំងនោះដែលទាក់ទងនឹងផ្លូវលោកម្ចាស់ គាត់លើករឿងក្ដីនោះចោលរហូតដល់ពេលក្រោយ ហើយនិយាយថា៖ «កាលណាមេបញ្ជាការឡែសៀសមកដល់ ខ្ញុំនឹងសម្រេចរឿងក្ដីរបស់អ្នករាល់គ្នា»។ ២៣ រួចគាត់បង្គាប់នាយទាហានឲ្យឃុំប៉ូល ហើយឲ្យមានសេរីភាពខ្លះ ក៏ប្រាប់ថាមិនត្រូវហាមឃាត់មិត្តសំឡាញ់ណាម្នាក់របស់គាត់ដែលមកបម្រើគាត់ឡើយ។
២៤ ប៉ុន្មានថ្ងៃក្រោយមក ភេលីចមកដល់ជាមួយនឹងទ្រូស៊ីលជាប្រពន្ធ ដែលជាជនជាតិយូដា រួចគាត់ចាត់គេឲ្យទៅនាំប៉ូលមក ក៏ស្ដាប់គាត់និយាយអំពីជំនឿលើគ្រិស្តយេស៊ូ។ ២៥ ប៉ុន្តែកាលដែលប៉ូលនិយាយអំពីសេចក្ដីសុចរិត ការទប់ចិត្ត និងការវិនិច្ឆ័យសេចក្ដីនៅអនាគត នោះភេលីចតាំងភ័យខ្លាច ហើយតបថា៖ «ឥឡូវនេះ ចូរត្រឡប់ទៅវិញសិនចុះ ប៉ុន្តែកាលណាខ្ញុំមានឱកាសល្អ ខ្ញុំនឹងចាត់គេឲ្យនាំអ្នកមកម្ដងទៀត»។ ២៦ តែនៅដំណាលគ្នានោះ គាត់សង្ឃឹមថានឹងបានទទួលប្រាក់ពីប៉ូល។ ហេតុនោះ គាត់ចាត់គេឲ្យនាំប៉ូលមកកាន់តែញឹកញាប់ ក៏បានសន្ទនាជាមួយនឹងគាត់។ ២៧ ប៉ុន្តែពីរឆ្នាំក្រោយមក ព័រសៀសភេស្ទុសបានចូលកាន់តំណែងជំនួសភេលីច ហើយដោយសារភេលីចចង់ផ្គាប់ចិត្តជនជាតិយូដា គាត់ទុកប៉ូលឲ្យនៅជាប់គុក។