ការបើកបង្ហាញ
៨ ពេលដែលកូនចៀមបកត្រាទីប្រាំពីរ ស្ថានសួគ៌បានទៅជាស្ងាត់ច្រៀបអស់កន្លះម៉ោង។ ២ ខ្ញុំក៏ឃើញទេវតាទាំងប្រាំពីរដែលឈរនៅមុខព្រះ ហើយពួកគេបានទទួលត្រែប្រាំពីរ។
៣ រួចមក ទេវតាមួយទៀតបានមកដល់ ហើយឈរនៅក្បែរទីបូជា ដោយកាន់ភាជនៈមាសសម្រាប់ដាក់គ្រឿងក្រអូប។ បន្ទាប់មក ទេវតានោះទទួលគ្រឿងក្រអូបជាច្រើនដើម្បីបូជាលើទីបូជាដែលនៅមុខបល្ល័ង្ក កាលដែលពួកអ្នកបរិសុទ្ធទាំងអស់គ្នាអធិដ្ឋាន។ ៤ ហើយផ្សែងពីគ្រឿងក្រអូបបានហុយឡើងពីដៃរបស់ទេវតានោះនៅមុខព្រះ ជាមួយនឹងសេចក្ដីអធិដ្ឋានរបស់ពួកអ្នកបរិសុទ្ធ។ ៥ ប៉ុន្តែទេវតានោះយកភ្លើងពីទីបូជាភ្លាម ហើយដាក់ពេញភាជនៈសម្រាប់ដាក់គ្រឿងក្រអូប រួចបោះទៅផែនដី។ បន្ទាប់មក មានផ្លេកបន្ទោរ ផ្គរលាន់ សំឡេងនិយាយ និងការរញ្ជួយផែនដី។ ៦ ហើយទេវតាប្រាំពីរដែលមានត្រែប្រាំពីរត្រៀមផ្លុំត្រែ។
៧ ពេលទេវតាទីមួយផ្លុំត្រែរបស់គាត់ ដុំព្រិលនិងភ្លើងលាយជាមួយនឹងឈាមបានត្រូវបោះទៅផែនដី ហើយមួយភាគបីនៃផែនដីបានឆេះសុស មួយភាគបីនៃដើមឈើទាំងឡាយបានឆេះសុស និងតិណជាតិទាំងអស់បានឆេះសុស។
៨ ពេលទេវតាទីពីរផ្លុំត្រែរបស់គាត់ អ្វីដែលមើលទៅដូចជាភ្នំដ៏ធំមួយដែលមានភ្លើងឆេះបានត្រូវបោះទៅក្នុងសមុទ្រ ហើយមួយភាគបីនៃសមុទ្របានក្លាយទៅជាឈាម ៩ ហើយមួយភាគបីនៃអ្វីដែលមានជីវិត* ក្នុងសមុទ្របានស្លាប់ ហើយមួយភាគបីនៃសំពៅទាំងឡាយបានខូចអស់ទៅ។
១០ ពេលទេវតាទីបីផ្លុំត្រែរបស់គាត់ ផ្កាយដ៏ធំមួយដែលកំពុងឆេះដូចចង្កៀងបានធ្លាក់ពីលើមេឃទៅលើមួយភាគបីនៃទន្លេនិងរន្ធទឹក។ ១១ ផ្កាយនោះឈ្មោះដើមល្វីង។ ហើយមួយភាគបីនៃទឹកបានក្លាយទៅជាល្វីង រួចមនុស្សជាច្រើនបានស្លាប់ដោយសារទឹកនោះបានក្លាយទៅជាល្វីង។
១២ ពេលទេវតាទីបួនផ្លុំត្រែរបស់គាត់ មួយភាគបីនៃថ្ងៃ មួយភាគបីនៃខែ និងមួយភាគបីនៃផ្កាយបានត្រូវវាយ ដើម្បីធ្វើឲ្យមួយភាគបីនៃរបស់ទាំងនោះក្លាយទៅជាងងឹត ហើយដើម្បីនៅពេលថ្ងៃមិនឲ្យមានពន្លឺមួយភាគបី ហើយពេលយប់ក៏ដូច្នេះដែរ។
១៣ ហើយខ្ញុំឃើញនិងឮឥន្ទ្រីមួយហោះនៅកណ្ដាលមេឃនិយាយដោយបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «វេទនា វេទនា វេទនាដល់អស់អ្នកដែលរស់នៅផែនដី ដោយសារសំឡេងត្រែទាំងប៉ុន្មានទៀតរបស់ទេវតាបីរូបដែលហៀបនឹងផ្លុំត្រែរបស់ពួកគេ!»។