សកម្មភាព
២៨ ក្រោយពីយើងបានទៅដល់ឆ្នេរដោយសុវត្ថិភាពហើយ ទើបយើងដឹងថាកោះនោះឈ្មោះម៉ល់តា។ ២ រួចអ្នកកោះ* នោះប្រព្រឹត្តមកលើយើងដោយមនុស្សធម៌និងចិត្តសប្បុរសក្រៃលែង ដោយបង្កាត់ភ្លើងនិងទទួលយើងទាំងអស់គ្នាហើយផ្ដល់ជំនួយ ព្រោះភ្លៀងចាប់ផ្ដើមធ្លាក់ហើយអាកាសធាតុក៏ត្រជាក់ផង។ ៣ ក៏ប៉ុន្តែពេលដែលប៉ូលប្រមូលអុសមួយបាច់រួចដាក់លើភ្លើង ពស់មានពិសមួយ បានចេញមកដោយសារត្រូវកម្ដៅភ្លើង ហើយក៏ចឹកដៃគាត់ជាប់។ ៤ កាលដែលអ្នកកោះ* នោះ ឃើញសត្វមានពិសនៅជាប់នឹងដៃគាត់ ពួកគេចាប់ផ្ដើមនិយាយថា៖ «បុរសនេះប្រាកដជាឃាតករ ហើយទោះជាគាត់បានរួចពីសមុទ្រដោយសុវត្ថិភាពក្ដី យុត្ដិធម៌មិនអនុញ្ញាតឲ្យគាត់រស់តទៅទៀតទេ»។ ៥ ក៏ប៉ុន្តែគាត់រលាស់សត្វនោះចេញ ហើយវាធ្លាក់ក្នុងភ្លើង ហើយគាត់មិនមានគ្រោះថ្នាក់អ្វីទេ។ ៦ តែពួកគេចាំមើលគាត់ហើមខ្លួនឬដួលស្លាប់។ ក្រោយពីបានចាំយ៉ាងយូរ ហើយមិនឃើញថាគាត់មានគ្រោះថ្នាក់អ្វីទេ ពួកគេក៏ផ្លាស់គំនិត ចាប់ផ្ដើមនិយាយថាគាត់ជាព្រះមួយទៅវិញ។
៧ នៅតំបន់នោះ បុរសម្នាក់ឈ្មោះផឹបភ្លាស ដែលជាអ្នកធំជាងគេនៅកោះនោះ គាត់មានដីច្រើន ហើយគាត់ទទួលយើងយ៉ាងរាក់ទាក់ដោយចិត្តសប្បុរសអស់បីថ្ងៃ។ ៨ ឯឪពុករបស់ផឹបភ្លាសកំពុងសម្រាន្តលើគ្រែដោយសារឈឺគ្រុនក្ដៅផងហើយរាកមួលផង។ រួចប៉ូលចូលទៅឯគាត់ អធិដ្ឋាន ហើយដាក់ដៃលើគាត់ធ្វើឲ្យជាសះស្បើយ។ ៩ បន្ទាប់ពីការនេះ អ្នកឯទៀតដែលឈឺនៅកោះនោះក៏ចាប់ផ្ដើមមករកប៉ូល ហើយបានជាសះស្បើយដែរ។ ១០ ពួកគេក៏ធ្វើអំណោយជាច្រើនដើម្បីបង្ហាញការគោរពចំពោះយើង ហើយពេលយើងចេញសំពៅ ពួកគេផ្គត់ផ្គង់អ្វីៗជាច្រើនសន្ធឹកសន្ធាប់ដែលយើងត្រូវការ។
១១ បីខែក្រោយមក យើងចេញដំណើរតាមសំពៅមួយពីក្រុងអាឡិចសង់ទ្រា ដែលបានចតនៅកោះនោះទាល់តែផុតរដូវត្រជាក់។ នៅក្បាលសំពៅនោះមានរូបមួយដែលមានអក្សរថា«កូនរបស់ព្រះសឺស»។ ១២ រួចយើងចតនៅកំពង់ផែស៊ីរ៉ាគូស ហើយនៅក្រុងនោះអស់បីថ្ងៃ។ ១៣ ពីកន្លែងនោះយើងបើកវាងទៅដល់ក្រុងរេគៀម។ លុះមួយថ្ងៃក្រោយមក ខ្យល់បក់មកពីទិសខាងត្បូង ហើយយើងបានទៅដល់កំពង់ផែពូតេអូលីនៅថ្ងៃទីពីរ។ ១៤ នៅទីនោះយើងរកឃើញបងប្អូន ហើយពួកគាត់បានអង្វរឲ្យយើងនៅជាមួយនឹងពួកគាត់អស់ប្រាំពីរថ្ងៃ។ ដំណើររបស់យើងទៅក្រុងរ៉ូមគឺដូច្នោះ។ ១៥ ពេលដែលទទួលដំណឹងអំពីយើង បងប្អូនបានមកពីក្រុងនោះរហូតដល់ផ្សារអាពីយូសនិងផ្ទះសម្នាក់បី។ កាលដែលប៉ូលឃើញបងប្អូន គាត់អរគុណព្រះហើយក៏មានចិត្តក្លាហាន។ ១៦ នៅទីបំផុតយើងចូលក្រុងរ៉ូម ហើយគេអនុញ្ញាតឲ្យប៉ូលស្នាក់នៅម្នាក់ឯង ជាមួយនឹងទាហានម្នាក់ដែលយាមគាត់។
១៧ ក៏ប៉ុន្តែបីថ្ងៃក្រោយមក គាត់ហៅបុរសដែលមានមុខមាត់ក្នុងចំណោមជនជាតិយូដាឲ្យមកជុំគ្នា។ លុះបានជួបជុំគ្នាហើយ គាត់និយាយទៅពួកគេថា៖ «បងប្អូនអើយ ខ្ញុំមិនបានធ្វើអ្វីប្រឆាំងបណ្ដាជនឬទំនៀមទម្លាប់បុព្វបុរសរបស់យើងទេ។ គេបានប្រគល់ខ្ញុំ ជាអ្នកទោសពីក្រុងយេរូសាឡិម ទៅក្នុងកណ្ដាប់ដៃជនជាតិរ៉ូម។ ១៨ ហើយក្រោយពីសួរចម្លើយខ្ញុំ អ្នកទាំងនោះចង់ដោះលែងខ្ញុំ ដោយឃើញថាខ្ញុំមិនបានធ្វើអ្វីគួរនឹងទទួលទោសដល់ជីវិតឡើយ។ ១៩ ប៉ុន្តែពេលដែលជនជាតិយូដាចេះតែជំទាស់ ខ្ញុំត្រូវសុំលើករឿងក្ដីទៅសេសារ* ប៉ុន្តែមិនមែនដោយសារខ្ញុំមានរឿងអ្វីដែលចង់ចោទប្រកាន់ជាតិខ្ញុំទេ។ ២០ ហេតុនេះហើយបានជាខ្ញុំអង្វរអ្នករាល់គ្នាឲ្យមក ដើម្បីខ្ញុំអាចនិយាយជាមួយនឹងអ្នករាល់គ្នា ព្រោះខ្ញុំជាប់ច្រវាក់នេះដោយសារតែសេចក្ដីសង្ឃឹមរបស់អ៊ីស្រាអែល»។ ២១ ពួកគេនិយាយទៅគាត់ថា៖ «យើងមិនបានទទួលសំបុត្រពីតំបន់យូឌាស្តីអំពីអ្នកទេ ហើយក្នុងចំណោមបងប្អូនដែលទើបតែមកដល់ ក៏គ្មានអ្នកណាបានរាយការណ៍ឬនិយាយអ្វីអាក្រក់អំពីអ្នកដែរ។ ២២ ប៉ុន្តែយើងគិតថាជាការត្រឹមត្រូវឲ្យយើងឮអ្នកនិយាយផ្ទាល់អំពីគំនិតរបស់អ្នក ព្រោះយើងដឹងច្បាស់ថានៅគ្រប់ទីកន្លែងគេតែងនិយាយប្រឆាំងនិកាយនេះ»។
២៣ បន្ទាប់មក ពួកគេណាត់នឹងគាត់ ឲ្យមកពេញមួយថ្ងៃ។ នៅថ្ងៃនោះ ពួកគេមកកន្លែងគាត់ស្នាក់នៅ ដោយមានគ្នាច្រើនជាងមុន ហើយតាំងពីព្រឹកដល់ល្ងាច គាត់ពន្យល់ពួកគេអំពីរឿងនោះ ដោយធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់អំពីរាជាណាចក្ររបស់ព្រះ ហើយខំបញ្ជាក់ហេតុផលដើម្បីឲ្យពួកគេជឿអំពីលោកយេស៊ូ ដោយផ្អែកលើច្បាប់របស់ម៉ូសេនិងសេចក្ដីបង្រៀនរបស់ពួកអ្នកប្រកាសទំនាយ។ ២៤ អ្នកខ្លះចាប់ផ្ដើមជឿអ្វីដែលគាត់និយាយ ឯអ្នកខ្លះទៀតមិនព្រមជឿទេ។ ២៥ ដូច្នេះ ដោយសារពួកគេខ្វែងគំនិតគ្នា នោះពួកគេចាប់ផ្ដើមចេញទៅ។ ពេលនោះប៉ូលនិយាយថា៖
«អ្វីដែលសកម្មពល* បរិសុទ្ធបាននិយាយទៅកាន់ពួកបុព្វបុរសរបស់អ្នករាល់គ្នា តាមរយៈអេសាយ ជាអ្នកប្រកាសទំនាយ នោះគឺត្រឹមត្រូវណាស់ ២៦ ពេលថា៖ ‹ចូរទៅឯបណ្ដាជននេះ ហើយនិយាយថា៖ «ពេលដែលស្ដាប់ អ្នករាល់គ្នានឹងស្ដាប់ឮតែមិនយល់ទេ ហើយពេលដែលមើល អ្នករាល់គ្នានឹងមិនឃើញអ្វីសោះ។ ២៧ ព្រោះចិត្តរបស់បណ្ដាជននេះបានទៅជារឹង ហើយពួកគេបានឮនឹងត្រចៀក តែមិនបានអើពើ ក៏បានបិទភ្នែក កុំឲ្យមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក ឬយល់អត្ថន័យហើយឲ្យមានឥទ្ធិពលលើចិត្តរបស់ពួកគេ រួចប្រែចិត្ត ហើយខ្ញុំធ្វើឲ្យពួកគេជាសះស្បើយ»›។ ២៨ ដូច្នេះ ចូរអ្នករាល់គ្នាដឹងថា ដំណឹងនេះ ស្តីអំពីរបៀបដែលព្រះផ្ដល់សេចក្ដីសង្គ្រោះ បានត្រូវផ្សាយដល់ប្រជាជាតិនានា។ ពួកគេប្រាកដជានឹងស្ដាប់»។ ២៩ * ——
៣០ ដូច្នេះ អស់ពីរឆ្នាំគាត់នៅក្នុងផ្ទះដែលគាត់ជួល ហើយក៏បានទទួលយ៉ាងរាក់ទាក់អស់អ្នកដែលមកជួបគាត់ ៣១ ដោយផ្សព្វផ្សាយប្រាប់ពួកគេអំពីរាជាណាចក្ររបស់ព្រះ ហើយបង្រៀនអំពីលោកម្ចាស់យេស៊ូគ្រិស្តដោយក្លាហានបំផុត ហើយដោយគ្មានអ្វីមករារាំងឡើយ។