អេភេសូរ
៤ ដូច្នេះ ខ្ញុំ ដែលជាអ្នកទោសដើម្បីលោកម្ចាស់ សូមអង្វរអ្នករាល់គ្នាឲ្យប្រព្រឹត្តសមជាអ្នកដែលបានត្រូវហៅ ២ ពោលគឺ ដោយមានចិត្តរាបទាបនិងចិត្តស្លូតបូតជានិច្ច ថែមទាំងមានចិត្តធ្ងន់ ហើយទ្រាំទ្រគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់ ៣ ព្រមទាំងព្យាយាមរក្សាឲ្យមានសាមគ្គីភាពដែលមកពីសកម្មពល* របស់ព្រះ ដោយមានសេចក្ដីសុខសាន្តទុកជាចំណងដែលនាំឲ្យមានឯកភាព។ ៤ មានរូបកាយតែមួយ ហើយសកម្មពលតែមួយ ដូចអ្នករាល់គ្នាបានត្រូវហៅដើម្បីឲ្យមានសេចក្ដីសង្ឃឹមតែមួយ។ ៥ មានលោកម្ចាស់តែមួយ ជំនឿតែមួយ ការជ្រមុជទឹក* តែមួយ ៦ ព្រះតែមួយនិងបិតាតែមួយរបស់មនុស្សទាំងអស់ ហើយលោកនៅលើមនុស្សទាំងអស់ តាមរយៈមនុស្សទាំងអស់ និងក្នុងមនុស្សទាំងអស់។
៧ ឯយើងម្នាក់ៗបានទទួលគុណដ៏វិសេសលើសលប់ ទៅតាមកម្រិតដែលគ្រិស្តបានផ្ដល់អំណោយទាននោះ។ ៨ ដូច្នេះ លោកមានប្រសាសន៍ថា៖ «ពេលដែលលោកឡើងទៅលើ លោកបាននាំយកឈ្លើយសឹកទៅជាមួយ ក៏បានឲ្យអំណោយជាមនុស្ស»។ ៩ តើពាក្យថា«លោកបានឡើងទៅលើ»មានន័យដូចម្ដេច? នោះមានន័យថាលោកក៏បានចុះមកក្រោមដល់ផែនដី។ ១០ លោកដែលបានចុះមកក្រោម គឺជាលោកដែលបានឡើងទៅលើខ្ពស់ជាងស្ថានសួគ៌ទាំងអស់ដែរ ដើម្បីលោកអាចសម្រេចការទាំងអស់បាន។
១១ ហើយលោកបានផ្ដល់អ្នកខ្លះឲ្យធ្វើជាសាវ័ក ខ្លះឲ្យធ្វើជាអ្នកប្រកាសទំនាយ ខ្លះឲ្យធ្វើជាអ្នកផ្សព្វផ្សាយដំណឹងល្អ ខ្លះឲ្យធ្វើជាគង្វាលនិងអ្នកបង្រៀន ១២ ដើម្បីកែតម្រង់ពួកអ្នកបរិសុទ្ធ ដើម្បីបំពេញកិច្ចបម្រើ ដើម្បីធ្វើឲ្យរូបកាយរបស់គ្រិស្តបានមាំមួនឡើង ១៣ រហូតដល់យើងទាំងអស់គ្នាមានឯកភាពក្នុងជំនឿនិងចំណេះត្រឹមត្រូវអំពីបុត្រព្រះ រហូតដល់មានភាពជាបុរសពេញវ័យ ហើយស្មើកម្រិតកម្ពស់របស់គ្រិស្ត ១៤ ដើម្បីកុំឲ្យយើងនៅជាកូនក្មេងទៀត ក៏មិនត្រូវមានគំនិតរេចុះរេឡើងដូចរបស់ដែលយោលតាមរលកសមុទ្រ ឬត្រូវបក់ផាត់ទៅនេះទៅនោះដោយខ្យល់នៃសេចក្ដីបង្រៀនគ្រប់បែបយ៉ាង ដោយស្ដាប់មនុស្សដែលជាអ្នកបោកបញ្ឆោត ហើយប្រើកលល្បិចដើម្បីប្រឌិតរឿងមិនពិត។ ១៥ តែដោយនិយាយសេចក្ដីពិត ចូរឲ្យយើងធំលូតលាស់ឡើងដោយសេចក្ដីស្រឡាញ់ឲ្យពេញវ័យក្នុងគ្រប់ការទាំងអស់នៅក្រោមគ្រិស្តដែលជាប្រមុខ។* ១៦ ដោយសារលោក អវយវៈទាំងអស់នៃរូបកាយក៏លូតលាស់ឡើង ហើយដោយសារអវយវៈនីមួយៗជាប់គ្នាយ៉ាងល្អ និងសហការគ្នាតាមរយៈសន្លាក់ឆ្អឹងផ្សេងៗដែលបំពេញតួនាទីសំខាន់ៗ តាមអ្វីដែលបានត្រូវកំណត់ឲ្យ នោះធ្វើឲ្យរូបកាយទាំងមូលធំលូតលាស់ ដើម្បីពង្រឹងខ្លួនឯងឡើងដោយសេចក្ដីស្រឡាញ់។
១៧ ដូច្នេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាហើយបញ្ជាក់ក្នុងនាមលោកម្ចាស់ថា អ្នករាល់គ្នាត្រូវឈប់ដើរដូចជនជាតិដទៃដែលដើរតាមគំនិតអសារឥតការរបស់ខ្លួន ១៨ ទាំងងងឹតងងល់ ហើយនៅដាច់ពីជីវិតដែលមកពីព្រះ ដោយសារភាពល្ងង់ខ្លៅរបស់ពួកគេ និងដោយសារចិត្តរបស់ពួកគេស្ពឹក។ ១៩ ហើយដោយពួកគេលែងស្គាល់ល្អស្គាល់អាក្រក់ នោះពួកគេបណ្ដោយខ្លួនទៅតាមសីលធម៌ធូររលុង* ដើម្បីធ្វើអំពើស្មោកគ្រោកគ្រប់បែបយ៉ាងដោយចិត្តលោភលន់។
២០ ប៉ុន្តែអ្នកមិនបានរៀនថាគ្រិស្តគឺជាបុគ្គលដូច្នោះទេ ២១ ប្រសិនបើអ្នករាល់គ្នាពិតជាបានឮលោកយេស៊ូ ហើយបានត្រូវបង្រៀនដោយលោក សមស្របតាមសេចក្ដីពិតដែលលោកបានបង្រៀន ២២ ពោលគឺ អ្នករាល់គ្នាត្រូវដោះចេញនូវបុគ្គលិកលក្ខណៈ* ចាស់ ដែលស្របគ្នានឹងការប្រព្រឹត្តរបស់អ្នកពីមុន ហើយដែលកំពុងត្រូវបង្ខូចតាមសេចក្ដីប៉ងប្រាថ្នាដែលបញ្ឆោតចិត្តរបស់អ្នក ២៣ ហើយត្រូវឲ្យឥទ្ធិពលថ្មីកាន់កាប់គំនិតរបស់អ្នករាល់គ្នាវិញ ២៤ ហើយត្រូវពាក់បុគ្គលិកលក្ខណៈថ្មី ដែលបានត្រូវបង្កើតស្របតាមបំណងប្រាថ្នារបស់ព្រះ ដោយសេចក្ដីសុចរិតនិងភក្ដីភាពដ៏ពិតប្រាកដ។
២៥ ម្ល៉ោះហើយ ដោយសារអ្នករាល់គ្នាបានបោះបង់ចោលពាក្យមិនពិតហើយ ចូរម្នាក់ៗនិយាយសេចក្ដីពិតទៅអ្នកជិតខាងខ្លួន ពីព្រោះយើងទាំងអស់គ្នាជាអវយវៈនៃរូបកាយតែមួយ។ ២៦ ពេលដែលអ្នករាល់គ្នាខឹង កុំធ្វើខុស។* កុំទុកកំហឹងរហូតដល់ថ្ងៃលិចឡើយ ២៧ ហើយកុំឲ្យមេកំណាច* មានឱកាស។ ២៨ អ្នកដែលលួចត្រូវឈប់លួចតទៅទៀត តែត្រូវឲ្យអ្នកនោះធ្វើការទៀងត្រង់យ៉ាងនឿយហត់ដោយដៃខ្លួនឯង ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាត។ ២៩ កុំឲ្យពាក្យអាក្រក់* ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ តែត្រូវពោលពាក្យណាដែលល្អសម្រាប់ពង្រឹងអ្នកឯទៀតតាមកាលៈទេសៈ ដើម្បីផ្ដល់ប្រយោជន៍ដល់អ្នកស្ដាប់។ ៣០ ម្យ៉ាងទៀត កុំធ្វើឲ្យសកម្មពលបរិសុទ្ធរបស់ព្រះ ដែលព្រះបានបិទត្រាលើអ្នករាល់គ្នាសម្រាប់ថ្ងៃលោះ កើតទុក្ខឡើយ។
៣១ ចូរអ្នករាល់គ្នាបោះបង់ចោលគំនុំ កំហឹង ចិត្តក្ដៅក្រហាយ ការស្រែកគំហក និងពាក្យប្រមាថមើលងាយជាមួយនឹងសេចក្ដីអាក្រក់គ្រប់យ៉ាង។ ៣២ ប៉ុន្តែចូរប្រព្រឹត្តដោយសប្បុរសដល់គ្នាទៅវិញទៅមក មានសេចក្ដីអាណិតមេត្ដា ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ ដូចព្រះបានអភ័យទោសឲ្យអ្នករាល់គ្នាតាមរយៈគ្រិស្ត ដោយគ្មានល័ក្ខខ័ណ្ឌដែរ។