ថែស្សាឡូនិចទី២
៣ បងប្អូនអើយ ក្រោយបង្អស់ ចូរបន្តអធិដ្ឋានឲ្យយើង ដើម្បីឲ្យបណ្ដាំរបស់ព្រះយេហូវ៉ាបន្តផ្សាយចេញយ៉ាងលឿន ហើយទទួលការលើកតម្កើងដូចដែលកំពុងទទួលពីចំណោមអ្នករាល់គ្នា ២ ហើយអធិដ្ឋានឲ្យយើងបានរួចពីមនុស្សទុច្ចរិតនិងមនុស្សដែលធ្វើឲ្យអន្តរាយ ព្រោះមិនមែនមនុស្សទាំងអស់មានជំនឿទេ។ ៣ ប៉ុន្តែលោកម្ចាស់ស្មោះត្រង់ ហើយលោកនឹងធ្វើឲ្យអ្នករាល់គ្នាមាំមួន ព្រមទាំងការពារពីមេកំណាច។ ៤ ម្យ៉ាងទៀត ក្នុងនាមជាអ្នកកាន់តាមលោកម្ចាស់ យើងជឿជាក់ថាអ្នករាល់គ្នាកំពុងធ្វើអ្វីដែលយើងបានបង្គាប់ ហើយនឹងធ្វើការទាំងនោះតទៅទៀត។ ៥ សូមឲ្យលោកម្ចាស់បន្តទទួលជោគជ័យក្នុងការដឹកនាំចិត្តរបស់អ្នករាល់គ្នាឲ្យស្រឡាញ់ព្រះនិងស៊ូទ្រាំដើម្បីគ្រិស្ត។
៦ បងប្អូនអើយ ឥឡូវយើងបង្គាប់អ្នករាល់គ្នាក្នុងនាមលោកម្ចាស់យេស៊ូគ្រិស្ត ឲ្យដកខ្លួនចេញពីបងប្អូនណាដែលមានរបៀបរស់នៅខុសគន្លង មិនស្របតាមទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានទទួលពីយើង។ ៧ ព្រោះអ្នករាល់គ្នាដឹងរបៀបដែលអ្នករាល់គ្នាត្រូវយកតម្រាប់តាមយើង ពីព្រោះយើងមិនបានប្រព្រឹត្តខុសគន្លងក្នុងចំណោមអ្នករាល់គ្នាទេ ៨ យើងក៏មិនបានបរិភោគអាហាររបស់អ្នកណាទទេដែរ។ ផ្ទុយទៅវិញ យើងធ្វើការយ៉ាងនឿយហត់ទាំងយប់ទាំងថ្ងៃដើម្បីកុំឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាអស់ប្រាក់ច្រើន។ ៩ មិនមែនដោយសារយើងគ្មានសិទ្ធិអំណាចទេ ប៉ុន្តែដើម្បីធ្វើជាគំរូឲ្យអ្នករាល់គ្នាយកតម្រាប់តាម។ ១០ ម្យ៉ាងទៀត ពេលដែលយើងនៅជាមួយនឹងអ្នករាល់គ្នា យើងតែងបង្គាប់ថា៖ «ប្រសិនបើមានអ្នកណាដែលមិនចង់ធ្វើការ អ្នកនោះមិនត្រូវបរិភោគឡើយ»។ ១១ ព្រោះយើងបានឮថា ក្នុងចំណោមអ្នករាល់គ្នា មានអ្នកខ្លះដែលមានរបៀបរស់នៅខុសគន្លង ពួកគេមិនធ្វើការសោះ ប៉ុន្តែចេះតែជ្រៀតជ្រែកក្នុងរឿងដែលមិនទាក់ទងនឹងពួកគេទៅវិញ។ ១២ យើងបង្គាប់ហើយដាស់តឿនពួកមនុស្សបែបនោះក្នុងនាមលោកម្ចាស់យេស៊ូគ្រិស្តថា ពួកគេត្រូវធ្វើការដោយស្ងប់ស្ងៀម ហើយបរិភោគអាហារដែលពួកគេបានមកពីការខំប្រឹងរបស់ខ្លួន។
១៣ បងប្អូនអើយ ចំណែកអ្នករាល់គ្នា កុំឈប់តស៊ូធ្វើអ្វីដែលត្រឹមត្រូវ។ ១៤ ប៉ុន្តែប្រសិនបើមានអ្នកណាដែលមិនស្ដាប់តាមពាក្យរបស់យើងក្នុងសំបុត្រនេះ ចូរចំណាំអ្នកនោះ ហើយឈប់សេពគប់ជាមួយ ដើម្បីឲ្យគាត់អៀនខ្មាស។ ១៥ ប៉ុន្តែទោះជាយ៉ាងនោះក៏ដោយ កុំចាត់ទុកគាត់ជាសត្រូវ តែចូរបន្តដាស់តឿនគាត់ជាបងប្អូន។
១៦ សូមឲ្យលោកម្ចាស់នៃសេចក្ដីសុខសាន្តផ្ដល់សេចក្ដីសុខសាន្តគ្រប់យ៉ាងដល់អ្នករាល់គ្នាជានិច្ច។ សូមឲ្យលោកម្ចាស់នៅជាមួយនឹងអ្នករាល់គ្នា។
១៧ ខ្ញុំ ប៉ូល សរសេរពាក្យសួរសុខទុក្ខនេះដោយដៃខ្ញុំផ្ទាល់ នេះជាអក្សរដែលសម្គាល់គ្រប់សំបុត្រទាំងអស់របស់ខ្ញុំ។ នេះជារបៀបដែលខ្ញុំសរសេរ។
១៨ សូមឲ្យគុណដ៏វិសេសលើសលប់របស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង នៅជាមួយនឹងអ្នករាល់គ្នា។