ម៉ាថាយ
២៥ «ពេលនោះ រាជាណាចក្រស្ថានសួគ៌នឹងប្រៀបដូចជាស្ត្រីក្រមុំបរិសុទ្ធដប់នាក់ ដែលបានយកចង្កៀងចេញទៅជួបកូនកំលោះ។ ២ ក្នុងចំណោមពួកនាង មានប្រាំនាក់មិនចេះពិចារណា និងប្រាំនាក់ចេះពិចារណា ៣ ព្រោះស្ត្រីដែលមិនចេះពិចារណាបានយកចង្កៀង ប៉ុន្តែពុំបានយកប្រេងទៅជាមួយទេ ៤ រីឯស្ត្រីដែលចេះពិចារណាវិញ ពួកនាងបានយកចង្កៀង ក៏បានយកប្រេងដាក់ក្នុងដបទៅតាមដែរ។ ៥ ពេលដែលកូនកំលោះកំពុងបង្អង់យូរ ស្ត្រីទាំងនោះបានងោកងុយ ក៏ដេកលក់អស់ទៅ។ ៦ លុះដល់ពាក់កណ្ដាលអធ្រាត្រ មានគេស្រែកឡើងថា៖ ‹កូនកំលោះមកដល់ហើយ! ចូរចេញទៅជួបលោក›។ ៧ រួចមក ស្ត្រីក្រមុំបរិសុទ្ធទាំងនោះបានក្រោកឡើងរៀបចំចង្កៀងរៀងៗខ្លួន។ ៨ ស្ត្រីដែលមិនចេះពិចារណានិយាយទៅកាន់ស្ត្រីដែលចេះពិចារណាថា៖ ‹សូមឲ្យប្រេងខ្លះមកយើងផង ពីព្រោះចង្កៀងរបស់យើងជិតរលត់ហើយ›។ ៩ ស្ត្រីដែលចេះពិចារណាបានតបឆ្លើយដោយពោលពាក្យថា៖ ‹ប្រហែលជាមិនមានប្រេងគ្រប់គ្រាន់សម្រាប់យើងនិងអ្នករាល់គ្នាទេ។ សូមទៅឯអ្នកលក់ប្រេង រួចទិញសម្រាប់ខ្លួនអ្នកទៅ›។ ១០ ពេលដែលស្ត្រីទាំងនោះចេញទៅទិញប្រេង នោះកូនកំលោះបានមកដល់ ហើយស្ត្រីក្រមុំបរិសុទ្ធដែលបានត្រៀមខ្លួនជាស្រេច បានចូលទៅក្នុងផ្ទះដើម្បីពិសាភោជនាហារអបអរអាពាហ៍ពិពាហ៍ជាមួយនឹងលោក។ លុះបានចូលហើយ គេក៏បិទទ្វារទៅ។ ១១ ក្រោយពីនោះ ស្ត្រីក្រមុំបរិសុទ្ធប្រាំនាក់ទៀតបានមកដល់ ហើយពោលថា៖ ‹លោក! លោក! សូមឲ្យយើងចូលផង!›។ ១២ នោះលោកតបឆ្លើយថា៖ ‹ខ្ញុំប្រាប់នាងរាល់គ្នាការពិតថា ខ្ញុំមិនស្គាល់នាងទេ›។
១៣ «ដូច្នេះ ចូរចាំយាម ពីព្រោះអ្នករាល់គ្នាមិនដឹងថ្ងៃឬម៉ោងនោះឡើយ។
១៤ «ព្រោះរាជាណាចក្រប្រៀបដូចជាពេលបុរសម្នាក់បម្រុងនឹងធ្វើដំណើរទៅក្រៅប្រទេស ក៏ហៅពួកខ្ញុំបម្រើរបស់លោក ហើយផ្ដាំពួកគេឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិរបស់លោក។ ១៥ លោកឲ្យខ្ញុំបម្រើទីមួយ ប្រាំថាលិន* ខ្ញុំបម្រើទីពីរ ពីរថាលិន ហើយខ្ញុំបម្រើទីបី មួយថាលិន តាមសមត្ថភាពរបស់ពួកគេរៀងៗខ្លួន។ រួចលោកធ្វើដំណើរទៅក្រៅប្រទេស។ ១៦ ខ្ញុំបម្រើដែលបានទទួលប្រាំថាលិន បានយកថាលិននោះទៅធ្វើដើមទុនរកស៊ីភ្លាម ហើយបានចំណេញប្រាំថាលិនទៀត។ ១៧ ខ្ញុំបម្រើដែលបានទទួលពីរថាលិនក៏បានធ្វើដូចគ្នា ហើយបានចំណេញពីរថាលិនទៀត។ ១៨ ក៏ប៉ុន្តែ ខ្ញុំបម្រើដែលបានទទួលតែមួយថាលិន បានចេញទៅជីកដីលាក់ប្រាក់របស់ម្ចាស់គាត់ទុក។
១៩ «លុះយូរក្រោយមក ម្ចាស់របស់ខ្ញុំបម្រើទាំងនោះបានមកដល់ ហើយគិតបញ្ជីជាមួយនឹងពួកគេ។ ២០ ដូច្នេះ ខ្ញុំបម្រើដែលបានទទួលប្រាំថាលិនបានយកប្រាំថាលិនទៀតចូលមកជិតលោក ហើយជម្រាបថា៖ ‹លោកម្ចាស់ លោកបានឲ្យខ្ញុំមើលការខុសត្រូវលើប្រាំថាលិន សូមមើល! ខ្ញុំបានចំណេញប្រាំថាលិនទៀត›។ ២១ ម្ចាស់ក៏ប្រាប់គាត់ថា៖ ‹ខ្ញុំបម្រើដ៏ល្អហើយស្មោះត្រង់អើយ! អ្នកធ្វើការបានល្អណាស់! អ្នកបានស្មោះត្រង់ក្នុងការមើលខុសត្រូវលើរបស់បន្ដិចបន្តួច។ ខ្ញុំនឹងតែងតាំងអ្នកឲ្យមើលការខុសត្រូវលើរបស់ជាច្រើនវិញ។ ចូរមកអរសប្បាយជាមួយនឹងម្ចាស់របស់អ្នកចុះ›។ ២២ បន្ទាប់មក ខ្ញុំបម្រើដែលបានទទួលពីរថាលិនបានចូលមកជិតលោក ហើយជម្រាបថា៖ ‹លោកម្ចាស់ លោកបានឲ្យខ្ញុំមើលការខុសត្រូវលើពីរថាលិន សូមមើល! ខ្ញុំបានចំណេញពីរថាលិនទៀត›។ ២៣ ម្ចាស់ក៏ប្រាប់គាត់ថា៖ ‹ខ្ញុំបម្រើដ៏ល្អហើយស្មោះត្រង់អើយ! អ្នកធ្វើការបានល្អណាស់! អ្នកបានស្មោះត្រង់ក្នុងការមើលខុសត្រូវលើរបស់បន្ដិចបន្តួច។ ខ្ញុំនឹងតែងតាំងអ្នកឲ្យមើលការខុសត្រូវលើរបស់ជាច្រើនវិញ។ ចូរមកអរសប្បាយជាមួយនឹងម្ចាស់របស់អ្នកចុះ›។
២៤ «ក្រោយបង្អស់ ខ្ញុំបម្រើដែលបានទទួលមួយថាលិនបានចូលមកជិតលោក ហើយជម្រាបថា៖ ‹លោកម្ចាស់ ខ្ញុំដឹងថាលោកជាមនុស្សតឹងរ៉ឹងណាស់។ លោកច្រូតនៅកន្លែងដែលលោកមិនបានសាបព្រោះ ក៏ប្រមូលផលដំណាំដោយមិនបានធ្វើការអ្វីសោះ។ ២៥ ដូច្នេះ ខ្ញុំបានភ័យខ្លាច ក៏បានចេញទៅលាក់ថាលិនរបស់លោកក្នុងដី។ នេះជាថាលិនរបស់លោក សូមលោកយកទៅវិញចុះ›។ ២៦ ម្ចាស់របស់គាត់តបទៅវិញថា៖ ‹ខ្ញុំបម្រើទុច្ចរិតនិងខ្ជិលច្រអូសអើយ! បើអ្នកដឹងថាខ្ញុំច្រូតនៅកន្លែងដែលខ្ញុំមិនបានសាបព្រោះ ក៏ប្រមូលផលដំណាំដោយមិនបានធ្វើការអ្វីសោះ ២៧ អ្នកគួរតែបានយកប្រាក់របស់ខ្ញុំទៅផ្ញើអ្នកចងការ ហើយពេលខ្ញុំត្រឡប់មកវិញ ខ្ញុំអាចទទួលប្រាក់របស់ខ្ញុំព្រមទាំងការប្រាក់ផង។
២៨ «‹ដូច្នេះ ចូរយកថាលិនពីគាត់ ហើយឲ្យទៅខ្ញុំបម្រើដែលមានដប់ថាលិនវិញ។ ២៩ ព្រោះអ្នកណាដែលមាន នឹងទទួលថែមទៀត ហើយអ្នកនោះនឹងមានជាបរិបូរ។ ប៉ុន្តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះមានក៏នឹងត្រូវដកហូតផង។ ៣០ ចូរបោះខ្ញុំបម្រើឥតបានការនេះទៅខាងក្រៅដែលងងឹត។ នៅទីនោះគាត់នឹងយំហើយសង្កៀតធ្មេញ›។
៣១ «ពេលដែលកូនមនុស្សមកប្រកបដោយសិរីរុងរឿង ហើយមានទេវតាទាំងឡាយមកជាមួយដែរ នោះលោកនឹងអង្គុយលើបល្ល័ង្កដ៏រុងរឿងរបស់លោក ៣២ ហើយប្រជាជាតិទាំងឡាយនឹងត្រូវប្រមូលមកនៅមុខលោក រួចលោកនឹងញែកមនុស្សចេញពីគ្នា ដូចគង្វាលម្នាក់ញែកចៀមចេញពីពពែ។ ៣៣ លោកនឹងដាក់ចៀមនៅខាងស្ដាំដៃ តែពពែនៅខាងឆ្វេងដៃ។
៣៤ «រួចមក ស្តេចនឹងមានប្រសាសន៍ទៅកាន់អ្នកនៅខាងស្ដាំលោកថា៖ ‹អ្នកដែលទទួលពរពីបិតាខ្ញុំអើយ! ចូរមកទទួលរាជាណាចក្រដែលបានត្រូវរៀបចំឲ្យអ្នករាល់គ្នាតាំងពីកំណើតពិភពលោកជាមត៌កចុះ។ ៣៥ ព្រោះកាលខ្ញុំឃ្លាន អ្នករាល់គ្នាបានឲ្យខ្ញុំបរិភោគ កាលខ្ញុំស្រេក អ្នករាល់គ្នាបានឲ្យខ្ញុំផឹក កាលអ្នករាល់គ្នាមិនធ្លាប់ស្គាល់ខ្ញុំ អ្នករាល់គ្នាបានទទួលខ្ញុំយ៉ាងរាក់ទាក់ ៣៦ កាលខ្ញុំគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាបានឲ្យសម្លៀកបំពាក់ដល់ខ្ញុំ កាលខ្ញុំឈឺ អ្នករាល់គ្នាបានថែទាំខ្ញុំ ហើយកាលខ្ញុំជាប់គុក អ្នករាល់គ្នាបានមកឯខ្ញុំ›។ ៣៧ រួចមក មនុស្សសុចរិតនឹងតបឆ្លើយទៅលោកថា៖ ‹លោកម្ចាស់ តើនៅពេលណាដែលយើងបានឃើញលោកឃ្លានហើយឲ្យលោកបរិភោគ ឬស្រេកហើយឲ្យលោកផឹក? ៣៨ តើនៅពេលណាដែលយើងមិនបានស្គាល់លោក តែបានទទួលលោកយ៉ាងរាក់ទាក់ ឬឃើញលោកគ្មានសម្លៀកបំពាក់ ហើយបានឲ្យសម្លៀកបំពាក់ដល់លោក? ៣៩ តើនៅពេលណាដែលយើងឃើញលោកឈឺឬជាប់គុក ហើយបានទៅឯលោក?›។ ៤០ រួចមក ស្តេចនឹងមានប្រសាសន៍ទៅពួកគេថា៖ ‹ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ដោយសារអ្នករាល់គ្នាបានធ្វើការទាំងនោះដល់អ្នកតូចបំផុតក្នុងពួកបងប្អូនរបស់ខ្ញុំ នោះក៏ដូចជាបានធ្វើដល់ខ្ញុំដែរ›។
៤១ «បន្ទាប់មក លោកនឹងមានប្រសាសន៍ទៅអ្នកនៅខាងឆ្វេងលោកថា៖ ‹ពួកអ្នកត្រូវបណ្ដាសាអើយ! ចូរចេញពីខ្ញុំទៅ ហើយទៅក្នុងភ្លើងដែលឆេះជារៀងរហូត ដែលបានត្រូវបម្រុងទុកសម្រាប់មេកំណាច* និងបណ្ដាទេវតារបស់វា។ ៤២ ព្រោះខ្ញុំបានឃ្លាន តែអ្នករាល់គ្នាមិនបានឲ្យខ្ញុំបរិភោគទេ ខ្ញុំបានស្រេក តែអ្នករាល់គ្នាក៏មិនបានឲ្យខ្ញុំផឹកដែរ។ ៤៣ កាលអ្នករាល់គ្នាមិនធ្លាប់ស្គាល់ខ្ញុំ អ្នកមិនបានទទួលខ្ញុំយ៉ាងរាក់ទាក់ឡើយ។ កាលខ្ញុំគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាមិនបានឲ្យសម្លៀកបំពាក់ដល់ខ្ញុំទេ ខ្ញុំបានឈឺហើយជាប់គុក តែអ្នករាល់គ្នាមិនបានថែទាំខ្ញុំឡើយ›។ ៤៤ រួចពួកគេក៏នឹងតបឆ្លើយ ដោយពោលពាក្យថា៖ ‹លោកម្ចាស់ តើនៅពេលណាដែលយើងមិនបានស្គាល់លោក ឬឃើញលោកឃ្លាន ឬស្រេក ឬឈឺ ឬជាប់គុក តែមិនបានបម្រើលោក?›។ ៤៥ ហើយលោកនឹងឆ្លើយដោយពោលពាក្យថា៖ ‹ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ដោយសារអ្នករាល់គ្នាមិនបានធ្វើការទាំងនោះដល់អ្នកតូចណាម្នាក់ក្នុងចំណោមអ្នកទាំងនេះ នោះក៏ដូចជាមិនបានធ្វើដល់ខ្ញុំដែរ›។ ៤៦ ហើយអ្នកទាំងនោះនឹងទទួលសេចក្ដីស្លាប់ជារៀងរហូត តែមនុស្សសុចរិតនឹងបានជីវិតដែលគ្មានទីបញ្ចប់»។