ហេប្រឺ
៣ ដូច្នេះ បងប្អូនបរិសុទ្ធ ដែលរួមចំណែកជាមួយនឹងអ្នកដែលត្រូវហៅឲ្យឡើងទៅស្ថានសួគ៌ ចូរពិចារណាអំពីសាវ័ក* និងសម្ដេចសង្ឃដែលយើងប្រកាសទទួលស្គាល់ ពោលគឺ លោកយេស៊ូ។ ២ លោកស្មោះត្រង់ចំពោះព្រះដែលបានតែងតាំងលោកឲ្យមានតួនាទីទាំងនោះ ដូចម៉ូសេបានស្មោះត្រង់ចំពោះព្រះពេលដែលគាត់បម្រើក្នុងផ្ទះទាំងមូលរបស់លោក។ ៣ ពីព្រោះលោកបានត្រូវចាត់ទុកថាសមនឹងទទួលកិត្ដិយសច្រើនជាងម៉ូសេ ដោយសារអ្នកដែលសង់ផ្ទះ មានកិត្ដិយសច្រើនជាងផ្ទះដែលអ្នកនោះសង់។ ៤ ពិតមែនតែផ្ទះទាំងអស់មានអ្នកសង់ ប៉ុន្តែអ្នកដែលបានសង់អ្វីៗទាំងអស់គឺព្រះ។ ៥ ហើយ ម៉ូសេបានស្មោះត្រង់ក្នុងផ្ទះទាំងមូលរបស់ព្រះ ក្នុងឋានៈជាអ្នកបម្រើ។ កិច្ចបម្រើរបស់គាត់ជាសក្ខីភាពអំពីអ្វីដែលនឹងត្រូវបើកបង្ហាញនៅពេលក្រោយ។ ៦ ប៉ុន្តែគ្រិស្ត* បានស្មោះត្រង់ក្នុងការត្រួតលើផ្ទះរបស់ព្រះ ក្នុងឋានៈជាបុត្រ។ យើងជាផ្ទះរបស់លោក ប្រសិនបើយើងតាំងចិត្តមោះមុតក្នុងការនិយាយដោយក្លាហាន និងក្នុងការអួតពីសេចក្ដីសង្ឃឹមរបស់យើង រហូតដល់ទីបញ្ចប់។
៧ ហេតុនេះ សកម្មពល* បរិសុទ្ធចែងថា៖ «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាស្ដាប់តាមសំឡេងរបស់លោក ៨ កុំក្លាយទៅជាមនុស្សរឹងចចេស ដូចគ្រាដែលបុព្វបុរសរបស់អ្នករាល់គ្នាបានធ្វើឲ្យខ្ញុំក្រេវក្រោធ នៅថ្ងៃដែលបានល្បងលខ្ញុំនៅតំបន់ស្ងាត់ជ្រងំ ៩ ទោះជាពួកគេបានឃើញការដែលខ្ញុំបានធ្វើនៅតំបន់ស្ងាត់ជ្រងំអស់សែសិបឆ្នាំក៏ដោយ ក៏ពួកគេបានល្បងលខ្ញុំ។ ១០ ហេតុនេះ ខ្ញុំបានជិនឆ្អន់នឹងមនុស្សជំនាន់នេះ ហើយបាននិយាយថា៖ ‹ចិត្តរបស់ពួកគេតែងតែបែរចេញពីខ្ញុំ ហើយពួកគេមិនស្គាល់ផ្លូវរបស់ខ្ញុំទេ›។ ១១ ដូច្នេះ ខ្ញុំបានស្បថទាំងកំហឹងថា៖ ‹ខ្ញុំនឹងមិនឲ្យពួកគេចូលក្នុងការសម្រាករបស់ខ្ញុំទេ›»។
១២ បងប្អូនអើយ ចូរប្រុងប្រយ័ត្ន ក្រែងលោអ្នករាល់គ្នាណាម្នាក់មានចិត្តទុច្ចរិតដែលគ្មានជំនឿ ដោយសារថយចេញពីព្រះដែលមានជីវិតរស់នៅ ១៣ ប៉ុន្តែចូរបំផុសទឹកចិត្តគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ដរាបណាដែលអាចហៅថា«ថ្ងៃនេះ» ក្រែងលោអ្នករាល់គ្នាណាម្នាក់ក្លាយទៅជាមនុស្សរឹងចចេសដោយសារការល្បួងនៃភាពខុសឆ្គង។ ១៤ យើងពិតជាក្លាយទៅជាអ្នករួមចំណែកជាមួយនឹងគ្រិស្ត លុះត្រាតែយើងកាន់ខ្ជាប់តាមទំនុកចិត្តដែលយើងមាននៅដើមដំបូង រហូតដល់ទីបញ្ចប់ ១៥ ពេលដែលបទគម្ពីរចែងថា៖ «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាស្ដាប់តាមសំឡេងរបស់លោក កុំក្លាយទៅជាមនុស្សរឹងចចេស ដូចគ្រាដែលបុព្វបុរសរបស់អ្នករាល់គ្នាបានធ្វើឲ្យខ្ញុំក្រេវក្រោធ»។
១៦ ព្រោះតើពួកអ្នកដែលបានឮ ប៉ុន្តែនៅតែធ្វើឲ្យព្រះក្រេវក្រោធនោះជាអ្នកណា? គឺអស់អ្នកដែលបានចេញពីស្រុកអេស៊ីបក្រោមការដឹកនាំរបស់ម៉ូសេ មែនទេ? ១៧ ម្យ៉ាងទៀត តើព្រះបានជិនឆ្អន់នឹងអ្នកណាអស់សែសិបឆ្នាំ? គឺពួកអ្នកដែលបានធ្វើខុស ហើយបានស្លាប់ចោលឆ្អឹងនៅតំបន់ស្ងាត់ជ្រងំ មែនទេ? ១៨ ប៉ុន្តែតើលោកបានស្បថនឹងអ្នកណាថា លោកនឹងមិនឲ្យពួកគេចូលក្នុងការសម្រាករបស់លោក? គឺពួកអ្នកដែលបានប្រព្រឹត្តដោយមិនស្ដាប់បង្គាប់ មែនទេ? ១៩ ដូច្នេះ យើងឃើញថាពួកគេមិនអាចចូលបាន ដោយសារពួកគេគ្មានជំនឿ។