សកម្មភាព
១៤ នៅក្រុងអ៊ីកូនាម ប៉ូលនិងបាណាបាសទាំងពីរនាក់ចូលក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយអធិប្បាយល្អដល់ម្ល៉េះ បានជាជនជាតិយូដានិងជនជាតិក្រិចច្រើនសន្ធឹកទៅជាអ្នកជឿ។ ២ ប៉ុន្តែជនជាតិយូដាដែលមិនជឿ បានញុះញង់និងបង្វិលខួរបណ្ដាជនជាជាតិសាសន៍ដទៃឲ្យប្រឆាំងបងប្អូន។ ៣ ដូច្នេះ ប៉ូលនិងបាណាបាសចំណាយពេលជាច្រើននិយាយយ៉ាងក្លាហានដោយមានអំណាចពីព្រះយេហូវ៉ាដែលបានបញ្ជាក់នូវបណ្ដាំរបស់លោកស្តីអំពីគុណដ៏វិសេសលើសលប់ ដោយបណ្ដាលឲ្យសញ្ញាសម្គាល់និងការអស្ចារ្យកើតឡើងតាមរយៈពួកគាត់។ ៤ ក៏ប៉ុន្តែបណ្ដាអ្នកក្រុងនោះបានបែកគ្នាជាពីរក្រុម ហើយអ្នកខ្លះគាំទ្រខាងជនជាតិយូដា ឯអ្នកខ្លះទៀតគាំទ្រខាងពួកសាវ័ក។ ៥ បណ្ដាជនជាតិដទៃ ជនជាតិយូដា ព្រមទាំងពួកអ្នកគ្រប់គ្រងរបស់ពួកគេបានប៉ុនប៉ងប្រព្រឹត្តយ៉ាងព្រហើនទៅលើប៉ូលនិងបាណាបាស ថែមទាំងគប់ពួកគាត់នឹងដុំថ្ម។ ៦ កាលដឹងអំពីគម្រោងនោះហើយ ពួកគាត់ក៏ភៀសខ្លួនទៅតំបន់លីកៅនា ក្រុងលីស្ដ្រា ក្រុងឌើបេ និងតំបន់នៅជិតៗនោះ។ ៧ នៅទីនោះពួកគាត់បន្តប្រកាសដំណឹងល្អ។
៨ នៅក្រុងលីស្ដ្រាមានបុរសពិការជើងម្នាក់កំពុងអង្គុយ។ គាត់ពិការតាំងពីនៅក្នុងផ្ទៃម្ដាយ ហើយគាត់មិនដែលដើរសោះឡើយ។ ៩ បុរសនេះកំពុងស្ដាប់ប៉ូលនិយាយ។ ប៉ូលសម្លឹងមើលចំគាត់ ហើយឃើញថាគាត់មានជំនឿដើម្បីឲ្យបានជាសះស្បើយ។ ១០ រួចប៉ូលបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ចូរក្រោកឈរឲ្យត្រង់ចុះ!» គាត់ក៏ស្ទុះក្រោកឡើងហើយចាប់ផ្ដើមដើរ។ ១១ លុះឃើញអ្វីដែលប៉ូលបានធ្វើ បណ្ដាជនក៏បន្លឺសំឡេង និយាយជាភាសាលីកៅនាថា៖ «ព្រះបានប្រែកាឡាជាមនុស្សជាតិ រួចចុះមកឯយើងហើយ!»។ ១២ ពួកគេបានហៅបាណាបាសថាព្រះសឺស ហើយហៅប៉ូលថាព្រះហ៊ើមេស ដោយសារគាត់ជាអ្នកនាំមុខនិយាយ។ ១៣ ឯសង្ឃរបស់ព្រះសឺស ដែលវិហារបស់គាត់នៅមុខក្រុងនោះ បាននាំគោឈ្មោលនិងភួងមកខ្លោងទ្វារក្រុង ហើយចង់បូជាសត្វជាមួយនឹងបណ្ដាជន។
១៤ ក៏ប៉ុន្តែពេលដែលសាវ័កបាណាបាសនិងសាវ័កប៉ូលឮអំពីការនោះ ពួកគាត់ហែកសម្លៀកបំពាក់ក្រៅរបស់ខ្លួន ហើយស្ទុះរត់ទៅកណ្ដាលបណ្ដាជន ដោយស្រែកឡើង ១៥ ថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងធ្វើដូច្នេះ? យើងជាមនុស្សជាតិធម្មតាដូចអ្នករាល់គ្នាដែរ ហើយយើងកំពុងប្រកាសប្រាប់អ្នករាល់គ្នានូវដំណឹងល្អ ដើម្បីឲ្យអ្នករាល់គ្នាវៀរចាកការឥតប្រយោជន៍ទាំងនេះ ហើយបែរមកគោរពប្រណិប័តន៍ព្រះដែលមានជីវិតរស់នៅ ជាព្រះដែលបានបង្កើតមេឃ ផែនដី សមុទ្រ និងអ្វីៗនៅទីនោះ។ ១៦ នៅជំនាន់មុនៗ លោកបានអនុញ្ញាតឲ្យប្រជាជាតិនានាធ្វើតាមចិត្តខ្លួន ១៧ ទោះជាលោកបានផ្ដល់ភ័ស្តុតាងដែលបញ្ជាក់ថាលោកបានធ្វើល្អចំពោះអ្នករាល់គ្នា ដោយធ្វើឲ្យទឹកភ្លៀងធ្លាក់ពីលើមេឃនិងធ្វើឲ្យមានរដូវដែលសម្បូរភោគផល ក៏ឲ្យអាហារជាបរិបូរនិងធ្វើឲ្យចិត្តរបស់អ្នករាល់គ្នាពោរពេញទៅដោយក្ដីរីករាយ»។ ១៨ ក៏ប៉ុន្តែទោះជាបាននិយាយដូច្នេះក៏ដោយ ពួកគាត់ឃាត់បណ្ដាជនកុំឲ្យធ្វើការបូជាជូនពួកគាត់សឹងតែមិនបាន។
១៩ ប៉ុន្តែជនជាតិយូដាពីក្រុងអាន់ទីយ៉ូកនិងក្រុងអ៊ីកូនាមបានមកដល់ ហើយញុះញង់បណ្ដាជន រួចពួកគេគប់ប៉ូលនឹងដុំថ្ម ហើយអូសទៅខាងក្រៅក្រុងដោយនឹកស្មានថាគាត់ស្លាប់ហើយ។ ២០ ក៏ប៉ុន្តែពេលដែលពួកអ្នកកាន់តាមបានមកឈរជុំវិញគាត់ នោះគាត់ក៏ក្រោកឡើងហើយចូលក្នុងក្រុង។ លុះស្អែកឡើងគាត់ចេញដំណើរទៅក្រុងឌើបេជាមួយនឹងបាណាបាស។ ២១ បន្ទាប់ពីបានប្រកាសដំណឹងល្អដល់ក្រុងនោះ ហើយបានបង្រៀនមនុស្សច្រើនគួរសមឲ្យទៅជាអ្នកកាន់តាម នោះពួកគាត់ត្រឡប់ទៅក្រុងលីស្ដ្រា ក្រុងអ៊ីកូនាម និងក្រុងអាន់ទីយ៉ូក ២២ ដោយពង្រឹងកម្លាំងចិត្តពួកអ្នកកាន់តាម ហើយលើកទឹកចិត្តឲ្យកាន់ខ្ជាប់នឹងជំនឿ ក៏បាននិយាយថា៖ «យើងត្រូវចូលរាជាណាចក្រព្រះដោយឆ្លងកាត់សេចក្ដីវេទនាជាច្រើន»។ ២៣ ម្យ៉ាងទៀត ពួកគាត់ក៏តែងតាំងពួកបុរសចាស់ទុំក្នុងក្រុមជំនុំនីមួយៗ ហើយបន្ទាប់ពីបានអធិដ្ឋាននិងតមអាហារ ប៉ូលនិងបាណាបាសប្រគល់ពួកគាត់ឲ្យព្រះយេហូវ៉ា ដែលពួកគាត់បានជឿ។
២៤ រួចមក ពួកគាត់ធ្វើដំណើរកាត់ស្រុកពីស៊ីឌាទៅដល់ខេត្តប៉ាមភីលា។ ២៥ បន្ទាប់ពីបានប្រាប់បណ្ដាំរបស់ព្រះនៅក្រុងពើកា ពួកគាត់ក៏ចុះទៅកំពង់ផែអត្ដាលី។ ២៦ ពួកគាត់ចុះទូកនៅទីនោះហើយចេញដំណើរទៅក្រុងអាន់ទីយ៉ូក ជាកន្លែងពួកគាត់បានត្រូវផ្ទុកផ្ដាក់នឹងព្រះ ឲ្យលោកបង្ហាញគុណដ៏វិសេសលើសលប់ ដើម្បីបំពេញកិច្ចការដែលពួកគាត់ទើបតែបានបំពេញគ្រប់ជំពូក។
២៧ លុះបានទៅដល់ ហើយបានប្រមូលក្រុមជំនុំឲ្យជុំគ្នា ពួកគាត់ចាប់ផ្ដើមរៀបរាប់ប្រាប់ពីការជាច្រើនដែលព្រះបានធ្វើតាមរយៈពួកគាត់ ហើយថាលោកបានបើកទ្វារនៃជំនឿឲ្យប្រជាជាតិទាំងឡាយ។ ២៨ ដូច្នេះ ពួកគាត់បានចំណាយពេលជាច្រើនជាមួយនឹងពួកអ្នកកាន់តាម។