យ៉ូហាន
១៥ «ខ្ញុំជាវល្លិទំពាំងបាយជូរដ៏ពិត ហើយបិតារបស់ខ្ញុំជាអ្នកដាំ។ ២ មែកណារបស់ខ្ញុំដែលមិនមានផលផ្លែ មែកនោះនឹងត្រូវលោកយកចេញ ឯមែកណាដែលមានផលផ្លែ មែកនោះនឹងត្រូវលោកសម្អាត* ដើម្បីអាចមានផលផ្លែថែមទៀត។ ៣ អ្នករាល់គ្នាគឺស្អាតហើយ ដោយសារពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នា។ ៤ ចូររួបរួមជាមួយនឹងខ្ញុំជានិច្ច ហើយខ្ញុំនឹងរួបរួមជាមួយនឹងអ្នករាល់គ្នា។ បើមែកទំពាំងបាយជូរមិននៅជាប់នឹងដើមទេ នោះវាមិនអាចមានផលផ្លែបានឡើយ។ អ្នករាល់គ្នាក៏នឹងដូច្នេះដែរ បើមិនរួបរួមជាមួយនឹងខ្ញុំជានិច្ច។ ៥ ខ្ញុំជាវល្លិទំពាំងបាយជូរ ហើយអ្នករាល់គ្នាជាមែក។ បើអ្នកណារួបរួមជាមួយនឹងខ្ញុំជានិច្ច ហើយខ្ញុំរួបរួមជាមួយនឹងអ្នកនោះ អ្នកនោះមានផលផ្លែជាច្រើន ពីព្រោះបើមិននៅជាប់នឹងខ្ញុំ អ្នករាល់គ្នាមិនអាចធ្វើអ្វីសោះឡើយ។ ៦ ប្រសិនបើអ្នកណាមិនរួបរួមជាមួយនឹងខ្ញុំជានិច្ច អ្នកនោះជាមែកដែលនឹងត្រូវបោះចោល ក៏នឹងក្រៀមស្វិត ហើយគេនឹងប្រមូលមែកទាំងនោះ រួចបោះក្នុងភ្លើងឲ្យឆេះអស់ទៅ។ ៧ ប្រសិនបើអ្នករាល់គ្នារួបរួមជាមួយនឹងខ្ញុំជានិច្ច ហើយពាក្យរបស់ខ្ញុំក៏នៅជាប់ក្នុងចិត្តអ្នករាល់គ្នាជានិច្ចដែរ នោះបើអ្នករាល់គ្នាសុំអ្វីក៏ដោយ ការនោះនឹងកើតឡើងចំពោះអ្នករាល់គ្នា។ ៨ បិតារបស់ខ្ញុំទទួលការលើកតម្កើងដោយការនេះឯង ពោលគឺ អ្នករាល់គ្នាមានផលផ្លែជាច្រើនជានិច្ច ហើយបញ្ជាក់ថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ។ ៩ ដូចបិតានៅស្ថានសួគ៌ស្រឡាញ់ខ្ញុំ ហើយខ្ញុំស្រឡាញ់អ្នករាល់គ្នា ចូររក្សាខ្លួនជាអ្នកដែលខ្ញុំស្រឡាញ់។ ១០ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមបង្គាប់របស់ខ្ញុំ អ្នករាល់គ្នានឹងរក្សាខ្លួនជាអ្នកដែលខ្ញុំស្រឡាញ់ ដូចខ្ញុំបានប្រព្រឹត្តតាមបង្គាប់របស់បិតាដែលនៅស្ថានសួគ៌ ហើយក៏រក្សាខ្លួនជាអ្នកដែលលោកស្រឡាញ់ដែរ។
១១ «ខ្ញុំបានប្រាប់អ្នករាល់គ្នាអ្វីៗទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាមានអំណរពេញខ្នាតដូចខ្ញុំដែរ។ ១២ នេះជាបង្គាប់របស់ខ្ញុំ ពោលគឺ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ ១៣ គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ច្រើនជាងអ្នកដែលលះបង់ជីវិត* ដើម្បីមិត្តសម្លាញ់របស់ខ្លួនឡើយ។ ១៤ អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំ ប្រសិនបើអ្នករាល់គ្នាធ្វើតាមបង្គាប់របស់ខ្ញុំ។ ១៥ ខ្ញុំមិនហៅអ្នករាល់គ្នាថាខ្ញុំបម្រើទៀតឡើយ ពីព្រោះខ្ញុំបម្រើមិនដឹងថាម្ចាស់របស់ខ្លួនធ្វើអ្វីទេ។ ប៉ុន្តែខ្ញុំហៅអ្នករាល់គ្នាថាមិត្តសម្លាញ់ ពីព្រោះអ្វីៗទាំងអស់ដែលខ្ញុំបានឮពីបិតារបស់ខ្ញុំ ខ្ញុំបានប្រាប់អ្នករាល់គ្នា។ ១៦ អ្នករាល់គ្នាមិនបានជ្រើសរើសខ្ញុំទេ តែខ្ញុំបានជ្រើសរើសអ្នករាល់គ្នាវិញ ក៏បានតែងតាំងអ្នករាល់គ្នាឲ្យមានផលផ្លែតទៅទៀត ពោលគឺផលផ្លែដែលស្ថិតស្ថេរ ដើម្បីឲ្យបិតាដែលនៅស្ថានសួគ៌ផ្ដល់អ្វីក៏ដោយដែលអ្នករាល់គ្នាសុំដោយនូវឈ្មោះខ្ញុំ។
១៧ «ការទាំងនេះជាបង្គាប់របស់ខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។ ១៨ ប្រសិនបើពិភពលោកនេះស្អប់អ្នករាល់គ្នា នោះអ្នករាល់គ្នាដឹងថាគេបានស្អប់ខ្ញុំ មុនគេស្អប់អ្នករាល់គ្នា។ ១៩ ប្រសិនបើអ្នករាល់គ្នារួមចំណែកក្នុងពិភពលោក នោះពិភពលោកនឹងស្រឡាញ់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នានៅខាងគេ។ តែឥឡូវ អ្នករាល់គ្នាមិនរួមចំណែកក្នុងពិភពលោកឡើយ ហើយខ្ញុំបានជ្រើសរើសអ្នករាល់គ្នាចេញពីពិភពលោក ហេតុនេះហើយបានជាពិភពលោកស្អប់អ្នករាល់គ្នា។ ២០ ចូរចងចាំពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា ខ្ញុំបម្រើមិនមែនធំជាងម្ចាស់ខ្លួនទេ។ ប្រសិនបើពួកគេបានបៀតបៀនខ្ញុំ នោះពួកគេនឹងបៀតបៀនអ្នករាល់គ្នាដែរ។ ប្រសិនបើពួកគេបានប្រព្រឹត្តតាមពាក្យរបស់ខ្ញុំ នោះពួកគេនឹងប្រព្រឹត្តតាមពាក្យរបស់អ្នករាល់គ្នាដែរ។ ២១ ប៉ុន្តែពួកគេនឹងធ្វើការទាំងអស់នេះទាស់នឹងអ្នករាល់គ្នា ដោយសារឈ្មោះខ្ញុំ ពីព្រោះពួកគេមិនស្គាល់លោកដែលបានចាត់ខ្ញុំឲ្យមកទេ។ ២២ ប្រសិនបើខ្ញុំមិនបានមកនិយាយជាមួយនឹងពួកគេ នោះពួកគេគ្មានភាពខុសឆ្គងទេ។ ប៉ុន្តែឥឡូវ ពួកគេមិនអាចដោះសាអំពីភាពខុសឆ្គងរបស់ពួកគេបានឡើយ។ ២៣ អ្នកណាដែលស្អប់ខ្ញុំ អ្នកនោះក៏ស្អប់បិតារបស់ខ្ញុំដែរ។ ២៤ ប្រសិនបើក្នុងចំណោមពួកគេ ខ្ញុំមិនបានធ្វើការដែលគ្មានអ្នកណាផ្សេងបានធ្វើ នោះពួកគេគ្មានភាពខុសឆ្គងទេ។ ប៉ុន្តែឥឡូវ ពួកគេបានឃើញ ក៏បានស្អប់ខ្ញុំព្រមទាំងបិតារបស់ខ្ញុំ។ ២៥ ប៉ុន្តែនេះគឺដើម្បីសម្រេចតាមអ្វីដែលចែងក្នុងច្បាប់* របស់ពួកគេថា៖ ‹ពួកគេបានស្អប់ខ្ញុំ ដោយគ្មានមូលហេតុ›។ ២៦ ខ្ញុំនឹងចាត់អ្នកជួយ* ឲ្យមកឯអ្នករាល់គ្នាពីបិតានៅស្ថានសួគ៌ គឺសកម្មពល* របស់ព្រះ ដែលសម្ដែងពីសេចក្ដីពិត ហើយដែលចេញពីបិតានៅស្ថានសួគ៌មក។ ពេលដែលអ្នកជួយមកដល់ អ្នកនោះនឹងបញ្ជាក់អំពីខ្ញុំ ២៧ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នាត្រូវធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំ ពីព្រោះអ្នករាល់គ្នាបាននៅជាមួយនឹងខ្ញុំតាំងពីដើមដំបូង។