ពេត្រុសទី២
២ ក៏ប៉ុន្តែពួកអ្នកប្រកាសទំនាយមិនពិតក៏បានលេចមកក្នុងចំណោមបណ្ដាជន ដូចគ្រូក្លែងក្លាយនឹងលេចមកក្នុងចំណោមអ្នករាល់គ្នាដែរ។ អ្នកទាំងនោះនឹងលួចបង្កើតនិកាយដែលនាំឲ្យអន្តរាយ ក៏នឹងបោះបង់ចោលម្ចាស់ដែលបានទិញពួកគេមក ហើយយ៉ាងនេះពួកគេនាំឲ្យខ្លួនទទួលសេចក្ដីហិនវិនាសយ៉ាងឆាប់រហ័ស។ ២ ម្យ៉ាងទៀត មនុស្សជាច្រើននឹងប្រព្រឹត្តដោយមានសីលធម៌ធូររលុង* តាមពួកគេដែរ ហើយដោយសារអ្នកទាំងនោះ មាគ៌ានៃសេចក្ដីពិតនឹងត្រូវគេនិយាយប្រមាថ។ ៣ ពួកគេក៏នឹងប្រើពាក្យបោកបញ្ឆោតដើម្បីជញ្ជក់យកផលប្រយោជន៍ពីអ្នករាល់គ្នាដោយមានចិត្តលោភ។* តែទោសដែលបានត្រូវកំណត់ពីសម័យបុរាណសម្រាប់ពួកគេនឹងមកដោយឥតបង្អែបង្អង់ឡើយ ហើយសេចក្ដីហិនវិនាសរបស់ពួកគេនឹងមកជាក់ជាពុំខាន។
៤ ព្រះប្រាកដជាមិនបានស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មពួកទេវតាដែលបានធ្វើអំពើខុសឆ្គងទេ តែផ្ទុយទៅវិញ លោកដាក់ពួកគេក្នុងរណ្ដៅដែលមានភាពងងឹតសូន្យសុង ដើម្បីទទួលការវិនិច្ឆ័យទោស ដោយបោះពួកគេទៅក្នុងឋាឋារ៉ុស។* ៥ លោកក៏មិនបានស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មពិភពលោកនៅសម័យបុរាណដែរ លោកធ្វើឲ្យទឹកជន់លិចពិភពលោកនៃមនុស្សទុច្ចរិតទាំងនោះ តែបានការពារណូអេ ដែលជាអ្នកផ្សព្វផ្សាយអំពីសេចក្ដីសុចរិត និងមនុស្សប្រាំពីរនាក់ទៀត។ ៦ ម្យ៉ាងទៀត លោកផ្ដន្ទាទោសក្រុងសូដុមនិងក្រុងកូម៉ូរ៉ាដោយបំផ្លាញក្រុងទាំងនោះឲ្យទៅជាផេះ ក៏បានទុកគំរូពីអ្វីដែលនឹងកើតឡើងដល់មនុស្សទុច្ចរិតនៅថ្ងៃមុខ ៧ ហើយលោកសង្គ្រោះឡុតជាមនុស្សសុចរិត ដែលបានកើតទុក្ខយ៉ាងខ្លាំងដោយសារពួកអ្នកបំពានច្បាប់ដែលបណ្ដែតបណ្ដោយខ្លួនទៅតាមសីលធម៌ធូររលុង។ ៨ ព្រោះបុរសសុចរិតនោះឈឺចាប់យ៉ាងខ្លាំងជារៀងរាល់ថ្ងៃ ដោយសារអ្វីដែលគាត់ឃើញនិងឮ កាលដែលរស់នៅក្នុងចំណោមពួកគេ ហើយដោយសារការប្រព្រឹត្តរបស់ពួកអ្នកប្រឆាំងច្បាប់។ ៩ អាស្រ័យហេតុនោះ ព្រះយេហូវ៉ាចេះសង្គ្រោះមនុស្សដែលមានភក្ដីភាពចំពោះលោកឲ្យរួចពីទុក្ខលំបាក តែទុកមនុស្សមិនសុចរិតដោយឡែកដើម្បីឲ្យទទួលសេចក្ដីហិនវិនាសនៅថ្ងៃវិនិច្ឆ័យទោស ១០ ជាពិសេសពួកអ្នកដែលរួមដំណេកជាមួយនឹងអ្នកឯទៀតដើម្បីធ្វើឲ្យពួកគេមិនស្អាតបរិសុទ្ធ។ ពួកគេក៏មើលងាយអ្នកដែលមានអំណាចលើពួកគេដែរ។
អ្នកទាំងនោះជាមនុស្សហ៊ាន និងប្រកាន់តែគំនិតខ្លួន ហើយមិនកោតខ្លាចញាប់ញ័រចំពោះពួកអ្នកដែលព្រះបានផ្ដល់កិត្ដិយសឲ្យ តែពួកគេនិយាយប្រមាថអ្នកទាំងនោះវិញ ១១ រីឯពួកទេវតា ទោះជាមានសមត្ថភាពនិងកម្លាំងខ្លាំងជាងក៏ដោយ ក៏មិនចោទប្រកាន់ពួកគេដោយប្រើពាក្យប្រមាថឡើយ ដោយសារគោរពព្រះយេហូវ៉ា។ ១២ តែបុរសទាំងនេះ និយាយប្រមាថអ្វីដែលពួកគេមិនស្គាល់។ ពួកគេនឹងទទួលសេចក្ដីហិនវិនាសក្នុងផ្លូវទុច្ចរិតរបស់ខ្លួន ដូចសត្វឥតវិចារណញ្ញាណដែលកើតមកដើម្បីឲ្យគេចាប់ រួចបំផ្លាញចោល ១៣ ដោយធ្វើឲ្យខ្លួនអន្តរាយទុកជារង្វាន់ពីអំពើខុសឆ្គង។
ពួកគេពេញចិត្តនឹងការរស់នៅយ៉ាងសម្បូណ៌សប្បាយ នៅពេលថ្ងៃ។ ពួកគេប្រៀបដូចជាស្នាមប្រឡាក់ ហើយត្រេកត្រអាលនឹងសេចក្ដីបង្រៀនបោកបញ្ឆោតរបស់ខ្លួន កាលដែលពួកគេជប់លៀងសំណេះសំណាលជាមួយនឹងអ្នករាល់គ្នា។ ១៤ ពួកគេមានភ្នែកពោរពេញទៅដោយការផិតក្បត់ ហើយមិនអាចឈប់ប្រព្រឹត្តអំពើខុសឆ្គងឡើយ។ ពួកគេទាក់ទាញចិត្តពួកអ្នក* ដែលមិនមាំមួន។ ចិត្តរបស់ពួកគេបានត្រូវបង្ហាត់ខាងសេចក្ដីលោភ។* ពួកគេជាកូនដែលត្រូវបណ្ដាសា។ ១៥ ពួកគេបានបោះបង់ចោលផ្លូវត្រង់ ហើយបានត្រូវបំភាន់។ ពួកគេដើរតាមគន្លងរបស់បាឡាម ជាកូនបេអ័រ ដែលបានស្រឡាញ់រង្វាន់ដែលមកពីអំពើខុសឆ្គង ១៦ ប៉ុន្តែគាត់បានត្រូវប្រដៅតម្រង់ដោយសារគាត់រំលោភច្បាប់។ សត្វអូសទាញដែលមិនចេះនិយាយ បាននិយាយដោយសំឡេងមនុស្សដើម្បីឃាត់អ្នកប្រកាសទំនាយមិនឲ្យធ្វើអំពើឆ្កួត។
១៧ អ្នកទាំងនោះគឺដូចជារន្ធទឹកស្ងួត ហើយដូចជាអ័ព្ទដែលត្រូវបក់ផាត់ដោយព្យុះសង្ឃរា។ ភាពងងឹតសូន្យបានត្រូវបម្រុងទុកសម្រាប់ពួកគេ។ ១៨ ពួកគេនិយាយអួតឥតប្រយោជន៍ ហើយតាមរយៈសេចក្ដីប៉ងប្រាថ្នាខុសឆ្គងនិងសីលធម៌ធូររលុង ពួកគេទាក់ទាញចិត្តពួកអ្នកដែលទើបតែគេចរួចពីមនុស្សដែលធ្វើខុស។ ១៩ ពួកគេសន្យាថានឹងធ្វើឲ្យអ្នកទាំងនោះមានសេរីភាព តែពួកគេជាខ្ញុំបម្រើនៃសេចក្ដីខូចអាក្រក់។ ព្រោះបុគ្គលណាម្នាក់ក្លាយទៅជាខ្ញុំបម្រើរបស់អ្នកដែលមានអំណាចលើខ្លួន។ ២០ ប្រសិនបើពួកគេបានរួចពីភក់ជ្រាំនៃអំពើខុសឆ្គងក្នុងពិភពលោកនេះ តាមរយៈចំណេះត្រឹមត្រូវអំពីលោកយេស៊ូគ្រិស្តដែលជាម្ចាស់និងជាអ្នកសង្គ្រោះ តែបែរជាជាប់ជំពាក់នឹងការទាំងនេះម្ដងទៀត ហើយការទាំងនេះចាប់ផ្ដើមមានអំណាចលើអ្នកនោះ ស្ថានភាពចុងក្រោយរបស់ពួកគេគឺអាក្រក់ជាងស្ថានភាពដំបូង។ ២១ ព្រោះប្រសិនបើពួកគេមិនបានស្គាល់ច្បាស់នូវផ្លូវនៃសេចក្ដីសុចរិត នោះប្រសើរជាងបានស្គាល់ច្បាស់ រួចបែរចេញពីបញ្ញត្ដិបរិសុទ្ធដែលពួកគេបានទទួល។ ២២ ពួកគេបានធ្វើអ្វីដែលសុភាសិតដ៏ពិតនោះចែងថា៖ «ឆ្កែបានត្រឡប់ទៅឯកម្អួតរបស់វា ហើយជ្រូកដែលគេបានលាងសម្អាតបានត្រឡប់ទៅននៀលក្នុងភក់»។