រ៉ូម
២ ដូច្នេះ អ្នកអើយ អ្នកមិនអាចដោះសាបានឡើយ ប្រសិនបើអ្នកវិនិច្ឆ័យគេ ទោះបីអ្នកជានរណាក៏ដោយ ព្រោះពេលអ្នកវិនិច្ឆ័យគេអំពីរឿងណា អ្នកផ្ដន្ទាទោសខ្លួនអំពីរឿងនោះដែរ ដោយហេតុថាអ្នកវិនិច្ឆ័យគេ តែខ្លួនអ្នកប្រព្រឹត្តអំពើនោះដូចគ្នា។ ២ យើងដឹងហើយថា ព្រះវិនិច្ឆ័យពួកអ្នកដែលប្រព្រឹត្តអំពើបែបនេះ ថាគួរតែទទួលទោស ហើយការវិនិច្ឆ័យរបស់ព្រះគឺស្របតាមសេចក្ដីពិត។
៣ ប៉ុន្តែអ្នកអើយ កាលអ្នកវិនិច្ឆ័យអ្នកដែលប្រព្រឹត្តអំពើបែបនេះ តែខ្លួនអ្នកក៏ប្រព្រឹត្តអំពើនោះដែរ តើអ្នកគិតថាខ្លួននឹងរួចពីការវិនិច្ឆ័យរបស់ព្រះឬ? ៤ ឬតើអ្នកមើលងាយចិត្តសប្បុរស ចិត្តអធ្យាស្រ័យ* និងចិត្តធ្ងន់ដ៏បរិបូររបស់លោក ពីព្រោះអ្នកមិនដឹងទេថាសេចក្ដីសប្បុរសរបស់ព្រះកំពុងព្យាយាមជំរុញអ្នកឲ្យប្រែចិត្ត? ៥ ប៉ុន្តែដោយសារអ្នកជាមនុស្សរឹងរូស ហើយមិនព្រមប្រែចិត្ត នោះអ្នកកំពុងប្រមូលកំហឹងទុកសម្រាប់ខ្លួននៅថ្ងៃនៃសេចក្ដីក្រោធ និងការសម្ដែងនូវការវិនិច្ឆ័យដ៏សុចរិតយុត្ដិធម៌របស់ព្រះ។ ៦ ហើយលោកនឹងសងដល់មនុស្សម្នាក់ៗតាមការប្រព្រឹត្តរបស់គេរៀងខ្លួន៖ ៧ គឺជីវិតដែលគ្មានទីបញ្ចប់សម្រាប់អស់អ្នកដែលកំពុងស្វែងរកសិរីរុងរឿង កិត្ដិយស និងរូបកាយដែលមិនអាចខូចទៅ ដោយប្រកាន់ខ្ជាប់នូវអំពើល្អ។ ៨ ក៏ប៉ុន្តែ ចំពោះអស់អ្នកដែលចេះតែបង្កជម្លោះ ហើយមិនស្ដាប់តាមសេចក្ដីពិត តែស្ដាប់តាមសេចក្ដីមិនសុចរិត អ្នកទាំងនោះនឹងបានសេចក្ដីក្រោធនិងកំហឹងវិញ។ ៩ សេចក្ដីវេទនានិងទុក្ខកង្វល់នឹងកើតមានដល់មនុស្សគ្រប់រូបដែលធ្វើអំពើអាក្រក់ មុនដំបូងដល់ពួកយូដា រួចមក ពួកក្រិច* ដែរ ១០ ប៉ុន្តែសិរីរុងរឿង កិត្ដិយស និងសេចក្ដីសុខសាន្ត នឹងមានដល់អស់អ្នកដែលធ្វើអំពើល្អ មុនដំបូងដល់ពួកយូដា រួចមក ពួកក្រិចដែរ។ ១១ ព្រោះព្រះមិនចេះលម្អៀងឡើយ។
១២ ជាឧទាហរណ៍ អស់អ្នកណាដែលមិននៅក្រោមច្បាប់តែធ្វើខុស អ្នកទាំងនោះនឹងស្លាប់ទោះជាមិននៅក្រោមច្បាប់ក៏ដោយ ក៏ប៉ុន្តែអស់អ្នកដែលធ្វើខុស* ពេលនៅក្រោមច្បាប់ អ្នកទាំងនោះនឹងត្រូវវិនិច្ឆ័យស្របតាមច្បាប់នោះ។ ១៣ ព្រោះពួកអ្នកដែលសុចរិតចំពោះព្រះ មិនមែនជាអ្នកដែលឮច្បាប់ទេ តែជាពួកអ្នកដែលធ្វើតាមច្បាប់ ទើបជាអ្នកដែលព្រះប្រកាសថាជាមនុស្សសុចរិត។ ១៤ ព្រោះកាលណាជនជាតិដទៃដែលមិនមានច្បាប់ នៅតែធ្វើអ្វីៗក្នុងច្បាប់ដោយសារជាលក្ខណៈធម្មជាតិរបស់ពួកគេ នោះពួកគេជាច្បាប់សម្រាប់ខ្លួនហើយ ទោះជាពួកគេមិនមានច្បាប់ក៏ដោយ។ ១៥ គឺអ្នកទាំងនោះហើយដែលសឲ្យឃើញថាខ្លឹមសារនៃច្បាប់បានត្រូវចារទុកក្នុងចិត្តពួកគេ ហើយចិត្តរបស់ពួកគេក៏រួមធ្វើជាសាក្សីវិនិច្ឆ័យពួកគេដែរ រួចកាលពួកគេរិះគិតពិចារណាអំពីការនោះ គំនិតរបស់ពួកគេប្រកាន់ទោសពួកគេ ឬក៏ថាពួកគេគ្មានទោសទេ។ ១៦ ការនេះនឹងកើតឡើងនៅថ្ងៃដែលព្រះវិនិច្ឆ័យរឿងអាថ៌កំបាំងរបស់មនុស្សជាតិ តាមរយៈគ្រិស្តយេស៊ូ ស្របទៅតាមដំណឹងល្អដែលខ្ញុំប្រកាស។
១៧ ប្រសិនបើអ្នកមានឈ្មោះថាជាជនជាតិយូដា ហើយកំពុងពឹងផ្អែកលើច្បាប់ និងមានមោទនភាពដោយសារព្រះ ១៨ ហើយអ្នកស្គាល់បំណងប្រាថ្នារបស់លោក ក៏ចេះសម្គាល់អ្វីៗដែលល្អប្រសើរ ពីព្រោះអ្នកបានត្រូវអប់រំ* អំពីច្បាប់* ១៩ ថែមទាំងអ្នកជឿជាក់ថាខ្លួនជាអ្នកនាំផ្លូវមនុស្សងងឹតភ្នែក និងជាពន្លឺសម្រាប់មនុស្សដែលនៅក្នុងភាពងងឹត ២០ ក៏ជាអ្នកអប់រំមនុស្សឥតវិចារណញ្ញាណ និងជាអ្នកបង្រៀនក្មេងតូចៗ ថែមទាំងជាអ្នកដែលយល់លក្ខណៈសំខាន់ៗនៃចំណេះដឹងនិងសេចក្ដីពិតក្នុងច្បាប់ ២១ ក៏ប៉ុន្តែអ្នកវិញ ដែលបង្រៀនអ្នកឯទៀត តើអ្នកមិនបង្រៀនខ្លួនទេឬ? អ្នកផ្សព្វផ្សាយថា៖ «កុំលួច» តែតើខ្លួនអ្នកលួចឬ? ២២ អ្នកប្រាប់ថា៖ «កុំផិតក្បត់» តែតើខ្លួនអ្នកផិតក្បត់ឬ? អ្នកស្អប់ខ្ពើមរូបព្រះ តែតើខ្លួនអ្នកប្លន់វិហារឬ? ២៣ អ្នកមានមោទនភាពដោយសារច្បាប់ តែតើខ្លួនអ្នកបង្ខូចកិត្ដិយសព្រះដោយប្រព្រឹត្តរំលងច្បាប់នោះឬ? ២៤ ព្រោះ«ក្នុងប្រជាជាតិនានាគេកំពុងប្រមាថនាមរបស់ព្រះ ព្រោះតែអ្នករាល់គ្នា» ដូចបទគម្ពីរបានចែង។
២៥ តាមការពិត ការកាត់ចុងស្បែក* មានប្រយោជន៍ លុះត្រាតែអ្នកប្រព្រឹត្តតាមច្បាប់។ ក៏ប៉ុន្តែប្រសិនបើអ្នកជាអ្នកប្រព្រឹត្តរំលងច្បាប់វិញ ការដែលអ្នកបានទទួលការកាត់ចុងស្បែក គឺដូចជាអ្នកមិនបានទទួលការកាត់ចុងស្បែក។ ២៦ ដូច្នេះ ប្រសិនបើអ្នកណាម្នាក់ដែលមិនទាន់ទទួលការកាត់ចុងស្បែកកាន់តាមតម្រូវការដ៏សុចរិតរបស់ច្បាប់ អ្នកនោះនឹងត្រូវចាត់ទុកដូចជាអ្នកដែលបានទទួលការកាត់ចុងស្បែកហើយ មែនទេ? ២៧ រួចដោយប្រព្រឹត្តតាមច្បាប់ អ្នកនោះដែលមិនបានទទួលការកាត់ចុងស្បែកពីកំណើត* នឹងវិនិច្ឆ័យអ្នកវិញ ជាអ្នកប្រព្រឹត្តរំលងច្បាប់ដែលរួមបញ្ចូលក្បួនច្បាប់ជាលាយលក្ខណ៍អក្សរនិងការកាត់ចុងស្បែក។ ២៨ ព្រោះមិនមែនសម្បកក្រៅទេ ដែលធ្វើឲ្យអ្នកណាម្នាក់ជាជនជាតិយូដាពិតប្រាកដនោះ ហើយការកាត់ចុងស្បែករបស់អ្នកនោះក៏មិននៅលើរូបកាយគាត់ដែរ។ ២៩ ប៉ុន្តែគឺអ្វីដែលនៅក្នុងចិត្ត ដែលធ្វើឲ្យអ្នកនោះជាជនជាតិយូដាពិតប្រាកដ ហើយការកាត់ចុងស្បែករបស់អ្នកនោះគឺនៅលើចិត្តគាត់វិញ ដោយសកម្មពល* របស់ព្រះ មិនមែនដោយក្បួនច្បាប់ជាលាយលក្ខណ៍អក្សរទេ។ អ្នកនោះទទួលសេចក្ដីសរសើរពីព្រះ មិនមែនពីមនុស្សឡើយ។