សកម្មភាព
២៣ ប៉ូលសម្លឹងទៅក្រុមប្រឹក្សាជាន់ខ្ពស់ ហើយនិយាយថា៖ «បងប្អូនអើយ រហូតមកដល់ថ្ងៃនេះ ចិត្តខ្ញុំវិនិច្ឆ័យថា នៅចំពោះព្រះ ខ្ញុំមិនបានប្រព្រឹត្តអ្វីគួរនឹងទទួលទោសឡើយ»។ ២ ឮដូច្នេះ អាណានាសដែលជាសម្ដេចសង្ឃបង្គាប់ពួកអ្នកដែលឈរជិតប៉ូលឲ្យវាយមាត់គាត់។ ៣ នោះប៉ូលនិយាយទៅគាត់ថា៖ «មនុស្សលាក់ពុត!* ព្រះនឹងវាយអ្នកដែរ។ តើអ្នកមកដើម្បីវិនិច្ឆ័យទោសខ្ញុំស្របតាមច្បាប់* តែខ្លួនអ្នកបែរជាបំពានច្បាប់ដោយបង្គាប់គេឲ្យវាយខ្ញុំឬ?»។ ៤ ពួកអ្នកដែលឈរនៅក្បែរនិយាយថា៖ «តើអ្នកហ៊ានជេរប្រមាថសម្ដេចសង្ឃរបស់ព្រះឬ?»។ ៥ ប៉ូលនិយាយថា៖ «បងប្អូនអើយ ខ្ញុំមិនបានដឹងថាគាត់ជាសម្ដេចសង្ឃទេ។ ព្រោះបទគម្ពីរចែងថា៖ ‹អ្នកមិនត្រូវនិយាយអាក្រក់អំពីអ្នកគ្រប់គ្រងជាតិអ្នកឡើយ›»។
៦ ពេលដែលប៉ូលកត់សម្គាល់ថាពាក់កណ្ដាលនៃក្រុមប្រឹក្សាជាន់ខ្ពស់ជាពួកសាឌូស៊ី ហើយពាក់កណ្ដាលទៀតជាពួកផារិស៊ី នោះគាត់បន្លឺសំឡេងប្រាប់ពួកគេថា៖ «បងប្អូនអើយ ខ្ញុំជាផារិស៊ី ក៏ជាកូនពួកផារិស៊ីដែរ។ គេកំពុងវិនិច្ឆ័យខ្ញុំ ដោយសារខ្ញុំជឿលើការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ»។ ៧ ដោយសារគាត់និយាយដូច្នេះ ពួកផារិស៊ីនិងពួកសាឌូស៊ីចាប់ផ្ដើមទាស់ទែងគ្នា ហើយអង្គប្រជុំក៏បែកបាក់គ្នាទៅ។ ៨ ព្រោះពួកសាឌូស៊ីមិនជឿថាមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ ក៏មិនជឿថាមានទេវតាឬវិញ្ញាណ* ឡើយ ប៉ុន្តែពួកផារិស៊ីជឿថាមានទាំងអស់។ ៩ ដូច្នេះ ពួកគេចាប់ផ្ដើមស្រែកយ៉ាងខ្លាំង ហើយក្នុងគណៈពួកផារិស៊ីមានពួកអ្នកខ្លះដែលជំនាញខាងច្បាប់ក្រោកឡើងប្រកែកតវ៉ាយ៉ាងខ្លាំងក្លាថា៖ «យើងមិនឃើញថាបុរសនេះមានកំហុសអ្វីទេ ចុះបើមានវិញ្ញាណឬទេវតាមួយនិយាយជាមួយនឹងគាត់?»។ ១០ កាលដែលការទាស់ទែងគ្នាកាន់តែខ្លាំងឡើង នោះមេបញ្ជាការចាប់ផ្ដើមខ្លាចថាពួកគេនឹងប្រទាញប្រទង់ហែកប៉ូលជាពីរ ដូច្នេះ គាត់បង្គាប់កងទាហានចុះទៅកញ្ឆក់យកប៉ូលចេញពីចំណោមពួកគេ ហើយនាំមកប៉ុស្តិ៍ទាហាន។
១១ ប៉ុន្តែនៅយប់នោះឯង លោកម្ចាស់បានឈរជិតគាត់ហើយមានប្រសាសន៍ថា៖ «ចូរមានចិត្តក្លាហានឡើង ព្រោះអ្នកត្រូវធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំនៅក្រុងរ៉ូម ដូចអ្នកបានធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់អំពីខ្ញុំនៅក្រុងយេរូសាឡិមដែរ»។
១២ លុះព្រឹកឡើង ជនជាតិយូដាបានឃុបឃិតគ្នា ក៏ស្បថឲ្យត្រូវបណ្ដាសា ដោយនិយាយថា ពួកគេនឹងមិនបរិភោគឬផឹកអ្វីទេ ទាល់តែបានសម្លាប់ប៉ូល។ ១៣ មានបុរសជាងសែសិបនាក់ដែលបានឃុបឃិតគ្នាស្បថដូច្នេះ។ ១៤ ពួកគេទៅជួបពួកសង្ឃនាយកនិងពួកបុរសចាស់ទុំ រួចនិយាយថា៖ «យើងបានស្បថឲ្យត្រូវបណ្ដាសាថា យើងនឹងមិនបរិភោគអាហារមួយម៉ាត់ឡើយ ទាល់តែបានសម្លាប់ប៉ូល។ ១៥ ដូច្នេះ ឥឡូវ សូមអ្នករាល់គ្នាព្រមទាំងក្រុមប្រឹក្សាជាន់ខ្ពស់ប្រាប់មេបញ្ជាការឲ្យច្បាស់អំពីមូលហេតុដែលគាត់គួរនាំប៉ូលមកឯអ្នករាល់គ្នា ដោយធ្វើហាក់ដូចជាអ្នករាល់គ្នាបម្រុងនឹងពិចារណារឿងក្ដីរបស់អ្នកនោះឲ្យបានល្អិតល្អន់ជាងមុន។ ប៉ុន្តែមុនពេលដែលអ្នកនោះមកជិតដល់ យើងប្រុងប្រៀបជាស្រេចដើម្បីសម្លាប់អ្នកនោះចោល»។
១៦ ប៉ុន្តែក្មួយប្រុសរបស់ប៉ូលបានឮថាពួកគេកំពុងពួនចាំប៉ូល ហើយគាត់ចូលប៉ុស្តិ៍ទាហានរាយការណ៍ប្រាប់ប៉ូល។ ១៧ ដូច្នេះ ប៉ូលបានហៅនាយទាហានម្នាក់មកឯគាត់ រួចប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបមេបញ្ជាការ ព្រោះគាត់មានរឿងមួយដែលត្រូវរាយការណ៍ប្រាប់លោក»។ ១៨ ម្ល៉ោះហើយ បុរសនោះនាំយុវជននោះទៅឯមេបញ្ជាការ រួចនិយាយថា៖ «អ្នកទោសឈ្មោះប៉ូលបានហៅខ្ញុំ រួចសុំឲ្យនាំយុវជននេះមកជួបលោក ព្រោះគាត់មានរឿងមួយដែលត្រូវរាយការណ៍ប្រាប់លោក»។ ១៩ មេបញ្ជាការដឹកដៃយុវជននោះនាំទៅដោយឡែកពីគេ រួចសួរថា៖ «តើអ្នកមានរឿងអ្វីចង់រាយការណ៍ប្រាប់ខ្ញុំ?»។ ២០ គាត់និយាយថា៖ «ជនជាតិយូដាបានសន្មតគ្នាសុំលោកនាំប៉ូលចុះទៅក្រុមប្រឹក្សាជាន់ខ្ពស់នៅថ្ងៃស្អែក ដោយធ្វើហាក់ដូចជាពួកគេចង់ដឹងព័ត៌មានល្អិតល្អន់ជាងអំពីគាត់។ ២១ សូមកុំឲ្យពួកគេបញ្ចុះបញ្ចូលលោកបានឲ្យសោះ ព្រោះពួកគេមានបុរសជាងសែសិបនាក់កំពុងពួនចាំគាត់ ក៏បានស្បថឲ្យខ្លួនត្រូវបណ្ដាសាថា ពួកគេនឹងមិនបរិភោគឬផឹកអ្វីទេ ទាល់តែបានសម្លាប់គាត់។ ឥឡូវនេះ ពួកគេបានប្រុងប្រៀបជាស្រេច ហើយកំពុងចាំលោកយល់ព្រមតាមសំណូមពររបស់ពួកគេតែប៉ុណ្ណោះ»។ ២២ ដូច្នេះ មេបញ្ជាការឲ្យយុវជននោះទៅវិញ បន្ទាប់ពីបានបង្គាប់គាត់ថា៖ «កុំប្រាប់អ្នកណាឲ្យសោះថា អ្នកបានបញ្ជាក់ប្រាប់ឲ្យខ្ញុំដឹងអំពីការទាំងនេះ»។
២៣ បន្ទាប់មក គាត់ហៅនាយទាហានពីរនាក់មក រួចប្រាប់ថា៖ «ចូររៀបចំកូនទាហានថ្មើរជើងពីររយនាក់ដើម្បីចេញដំណើរទៅរហូតដល់ក្រុងសេសារៀនៅម៉ោងទីបី* យប់នេះ ព្រមទាំងទាហានសេះចិតសិបនាក់ និងទាហានកាន់លំពែងពីររយនាក់ទៀត។ ២៤ ម្យ៉ាងទៀត ចូរឲ្យសេះដើម្បីពួកគេអាចឲ្យប៉ូលជិះ ហើយនាំគាត់ទៅដល់ភេលីចជាអភិបាលដោយសុវត្ថិភាព»។ ២៥ រួចគាត់សរសេរសំបុត្រមួយដូចតទៅនេះ៖
២៦ «ខ្ញុំក្លូឌាសឡែសៀស សូមជម្រាបជូនឯកឧត្តមអភិបាលភេលីច៖ ជម្រាបសួរ! ២៧ ជនជាតិយូដាបានចាប់បុរសនេះ ហើយបម្រុងនឹងសម្លាប់គាត់ចោល ប៉ុន្តែខ្ញុំបានមកភ្លាមជាមួយនឹងកងទាហានហើយសង្គ្រោះគាត់ ពីព្រោះខ្ញុំបានទទួលដំណឹងថាគាត់ជាពលរដ្ឋរ៉ូម។ ២៨ រួចមក ដោយសារខ្ញុំចង់ដឹងពីមូលហេតុដែលពួកគេចោទប្រកាន់គាត់ នោះខ្ញុំនាំគាត់ចុះទៅក្រុមប្រឹក្សាជាន់ខ្ពស់របស់ពួកគេ។ ២៩ ខ្ញុំឃើញថាពួកគេចោទប្រកាន់គាត់អំពីបញ្ហាទាក់ទងនឹងច្បាប់របស់ពួកគេ តែមិនត្រូវគេចោទប្រកាន់រឿងណាមួយដែលគួរនឹងស្លាប់ឬជាប់ចំណងឡើយ។ ៣០ ប៉ុន្តែដោយសារមានគេប្រាប់ខ្ញុំអំពីការឃុបឃិតគ្នាដើម្បីសម្លាប់បុរសនេះ ខ្ញុំបានបញ្ជូនគាត់ទៅលោកភ្លាម ក៏បានបង្គាប់ឲ្យពួកអ្នកដើមចោទឲ្យទៅចោទប្រកាន់គាត់នៅមុខលោក»។
៣១ ដូច្នេះ ពួកនាយទាហានទាំងនោះក៏ធ្វើតាមបង្គាប់ ហើយយកប៉ូលទៅដល់ក្រុងអាន់ទីប៉ាទ្រីសទាំងយប់។ ៣២ លុះស្អែកឡើង ពួកគេឲ្យពួកទាហានសេះបន្តដំណើរជាមួយនឹងប៉ូល តែពួកគេបានវិលត្រឡប់ទៅប៉ុស្តិ៍ទាហានវិញ។ ៣៣ ពួកទាហានសេះចូលក្រុងសេសារៀ ហើយយកសំបុត្រជូនអភិបាល ក៏ប្រគល់ប៉ូលទៅគាត់។ ៣៤ ដូច្នេះ អភិបាលអានសំបុត្រនោះ ហើយសួរឲ្យដឹងថាប៉ូលមកពីខេត្តមួយណា។ លុះដឹងប្រាកដថាប៉ូលមកពីខេត្តស៊ីលីស៊ី ៣៥ គាត់និយាយថា៖ «កាលណាពួកដើមចោទមកដល់ ខ្ញុំនឹងស្ដាប់រឿងក្ដីរបស់អ្នកឲ្យបានសព្វគ្រប់»។ រួចគាត់បង្គាប់ឲ្យឃុំប៉ូលក្នុងវាំងរបស់ហេរ៉ូឌ ដោយមានអ្នកយាម។