ការបើកបង្ហាញ
១៦ ខ្ញុំឮសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងចេញពីបន្ទប់បរិសុទ្ធ។ សំឡេងនោះបន្លឺទៅកាន់ទេវតាទាំងប្រាំពីរនោះថា៖ «ចូរទៅចាក់អ្វីដែលនៅក្នុងចានគោមទាំងប្រាំពីរនៃកំហឹងរបស់ព្រះទៅលើផែនដី»។
២ ទេវតាទីមួយក៏ទៅ ហើយចាក់អ្វីដែលនៅក្នុងចានគោមរបស់គាត់ទៅលើផែនដី។ រួចមនុស្សដែលមានសញ្ញានៃសត្វសាហាវ ហើយគោរពប្រណិប័តន៍សត្វនោះបានកើតដំបៅរលួយដែលធ្វើទុក្ខណាស់។
៣ ទេវតាទីពីរចាក់អ្វីដែលនៅក្នុងចានគោមរបស់គាត់ទៅលើសមុទ្រ។ ហើយសមុទ្របានក្លាយទៅជាឈាមដូចឈាមរបស់មនុស្សស្លាប់ ហើយអ្វីៗ* ទាំងអស់ក្នុងសមុទ្របានស្លាប់។
៤ ទេវតាទីបីចាក់អ្វីដែលនៅក្នុងចានគោមរបស់គាត់ទៅលើទន្លេនិងរន្ធទឹកនានា ហើយទឹកទាំងអស់នោះបានក្លាយទៅជាឈាម។ ៥ ខ្ញុំក៏ឮទេវតាដែលមានអំណាចលើទឹកជម្រាបថា៖ «លោកអើយ ជាអ្នកដែលមានជីវិតរស់នៅកាលពីមុន ដែលមានជីវិតរស់នៅឥឡូវនេះ និងជាអ្នកដែលមានភក្ដីភាព លោកគឺសុចរិត ពីព្រោះលោកបានវិនិច្ឆ័យសេចក្ដីដូច្នេះ ៦ ដោយសារពួកគេបានបង្ហូរឈាមរបស់ពួកអ្នកបរិសុទ្ធនិងពួកអ្នកប្រកាសទំនាយ នោះលោកបានឲ្យឈាមពួកគេផឹក។ ពួកគេសមនឹងទទួល»។ ៧ រួចមក ខ្ញុំឮទីបូជាជម្រាបថា៖ «មែនហើយ ព្រះយេហូវ៉ាដែលជាព្រះមានឫទ្ធានុភាពខ្លាំងក្លាបំផុត ការវិនិច្ឆ័យរបស់លោកគឺសុចរិតនិងគួរឲ្យទុកចិត្ត»។
៨ ទេវតាទីបួនចាក់អ្វីដែលនៅក្នុងចានគោមរបស់គាត់ទៅលើថ្ងៃ ហើយថ្ងៃបានត្រូវអនុញ្ញាតឲ្យរោលមនុស្សទាំងនោះដោយភ្លើង។ ៩ ហើយមនុស្សទាំងនោះបានត្រូវរោលដោយកម្ដៅក្ដៅក្រៃលែង ប៉ុន្តែពួកគេបាននិយាយប្រមាថនាមព្រះដែលមានអំណាចលើសេចក្ដីវេទនាទាំងនេះ ហើយពួកគេមិនបានប្រែចិត្ត រួចសរសើរតម្កើងលោកទេ។
១០ ទេវតាទីប្រាំបានចាក់អ្វីដែលនៅក្នុងចានគោមរបស់គាត់ទៅលើបល្ល័ង្ករបស់សត្វសាហាវ។ រួចរាជាណាចក្ររបស់វាបានក្លាយទៅជាងងឹត ហើយមនុស្សចាប់ផ្ដើមខាំអណ្ដាតរបស់ខ្លួនដោយសារការឈឺចាប់។ ១១ ប៉ុន្តែពួកគេបាននិយាយប្រមាថព្រះនៃស្ថានសួគ៌ដោយសារការឈឺចាប់និងដំបៅរលួយរបស់ពួកគេ ហើយពួកគេមិនបានប្រែចិត្តពីការប្រព្រឹត្តរបស់ពួកគេឡើយ។
១២ ទេវតាទីប្រាំមួយបានចាក់អ្វីដែលនៅក្នុងចានគោមរបស់គាត់ទៅលើទន្លេធំ គឺទន្លេអឺប្រាត ហើយទឹកទន្លេនោះបានរីងអស់ទៅ ដើម្បីបើកផ្លូវឲ្យស្តេចដែលមកពីទិសថ្ងៃរះ។
១៣ ហើយខ្ញុំឃើញបណ្ដាំ* ស្មោកគ្រោកបីដែលមើលទៅដូចជាកង្កែប ចេញពីមាត់នាគ ពីមាត់សត្វសាហាវ និងពីមាត់អ្នកប្រកាសទំនាយមិនពិត។ ១៤ តាមការពិត នោះជាបណ្ដាំពីពួកវិញ្ញាណកំណាច ហើយបណ្ដាំទាំងនោះចេញទៅឯស្តេចទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដោយធ្វើសញ្ញាសម្គាល់ ដើម្បីប្រមូលស្តេចទាំងនោះសម្រាប់សង្គ្រាមដែលនឹងកើតឡើងនៅថ្ងៃដ៏ធំរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។
១៥ «មើល! ខ្ញុំនឹងមកដូចចោរ។ អ្នកណាដែលមិនដេកលក់ហើយដែលមិនបាត់សម្លៀកបំពាក់ក្រៅរបស់ខ្លួន អ្នកនោះមានសុភមង្គល ហើយនឹងមិនដើរដោយគ្មានសម្លៀកបំពាក់* ឲ្យមនុស្សឃើញការអាម៉ាស់មុខរបស់ខ្លួន»។
១៦ ហើយពួកគេបានប្រមូលស្តេចទាំងនោះទៅឯកន្លែងដែលភាសាហេប្រឺហៅថាហាម៉ាគេដូន។
១៧ ទេវតាទីប្រាំពីរបានចាក់អ្វីដែលនៅក្នុងចានគោមរបស់គាត់ទៅលើអាកាស។ រួចមក ខ្ញុំឮសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងចេញពីបន្ទប់បរិសុទ្ធ ពីបល្ល័ង្កថា៖ «អ្វីៗបានចប់សព្វគ្រប់ហើយ!»។ ១៨ បន្ទាប់មក មានផ្លេកបន្ទោរ សំឡេងនិយាយ ផ្គរលាន់ ហើយមានការរញ្ជួយផែនដីយ៉ាងខ្លាំង។ ចាប់តាំងពីកើតមានមនុស្សនៅលើផែនដី មិនដែលមានការរញ្ជួយដ៏ធំនិងខ្លាំងដូច្នេះទេ។ ១៩ ហើយក្រុងដ៏ខ្លាំងក្លាបានបែកជាបី ឯក្រុងរបស់ប្រជាជាតិនានាបានរលំ ហើយព្រះបាននឹកឃើញបាប៊ីឡូនដ៏ខ្លាំងក្លា ព្រមទាំងឲ្យពែងដែលមានស្រាទំពាំងបាយជូរនៃសេចក្ដីក្រោធរបស់លោកដល់ក្រុងនោះ។ ២០ ម្យ៉ាងទៀត កោះទាំងអស់បានបាត់ទៅ ហើយលែងមានភ្នំទៀត។ ២១ ដុំព្រិលបានធ្លាក់យ៉ាងខ្លាំងទៅលើមនុស្សទាំងនោះ ដោយដុំព្រិលនីមួយៗមានទម្ងន់ប្រហែលមួយថាលិន* ហើយមនុស្សទាំងនោះបាននិយាយប្រមាថព្រះដោយសារសេចក្ដីវេទនាពីការធ្លាក់ដុំព្រិល ពីព្រោះសេចក្ដីវេទនានោះគឺខ្លាំងក្រៃលែង។