សកម្មភាព
២២ «បងប្អូននិងឪពុកអើយ សូមស្ដាប់ខ្ញុំពន្យល់សិន»។ ២ (កាលដែលឮគាត់និយាយភាសាហេប្រឺទៅពួកគេ នោះពួកគេក៏រឹតតែស្ងៀមទៅ រួចគាត់និយាយថា៖) ៣ «ខ្ញុំជាជនជាតិយូដា។ ខ្ញុំកើតនៅក្រុងតើសុសនៅខេត្តស៊ីលីស៊ី តែបានត្រូវអប់រំនៅក្រុងនេះដោយកាម៉េលាលផ្ទាល់ ហើយបានត្រូវបង្រៀនឲ្យកាន់តាមច្បាប់* នៃពួកបុព្វបុរសយើងយ៉ាងហ្មត់ចត់ ក៏ខ្នះខ្នែងក្នុងកិច្ចបម្រើព្រះដូចអ្នករាល់គ្នាសព្វថ្ងៃនេះដែរ។ ៤ ខ្ញុំបានបៀតបៀនអស់អ្នកដែលកាន់តាមផ្លូវលោកម្ចាស់ រហូតដល់បញ្ជូនទៅឲ្យគេសម្លាប់ទៀត ដោយចងទាំងប្រុសទាំងស្រី រួចប្រគល់ឲ្យគេដាក់គុក ៥ ហើយសម្ដេចសង្ឃនិងអង្គប្រជុំពួកបុរសចាស់ទុំទាំងឡាយជាសាក្សី។ ខ្ញុំក៏បានសុំសំបុត្រពីពួកគេ ដើម្បីយកទៅឲ្យបងប្អូនយើងនៅក្រុងដាម៉ាស រួចខ្ញុំចេញដំណើរទៅទីនោះដើម្បីយកអស់អ្នកដែលកាន់តាមផ្លូវលោកម្ចាស់មកក្រុងយេរូសាឡិមទាំងជាប់ចំណង ដើម្បីឲ្យគេដាក់ទោស។
៦ «ប៉ុន្តែប្រហែលជាថ្ងៃត្រង់ កាលដែលខ្ញុំបានធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសហើយ ស្រាប់តែមានពន្លឺភ្លឺយ៉ាងខ្លាំងពីលើមេឃចាំងជុំវិញខ្ញុំ ៧ រួចខ្ញុំដួលដល់ដីហើយឮសំឡេងមួយបន្លឺមកខ្ញុំថា៖ ‹សុល សុល ហេតុអ្វីអ្នកបៀតបៀនខ្ញុំ?›។ ៨ ខ្ញុំឆ្លើយថា៖ ‹តើលោកម្ចាស់ជាអ្នកណា?› លោកមានប្រសាសន៍មកខ្ញុំថា៖ ‹ខ្ញុំគឺយេស៊ូ ពីក្រុងណាសារ៉ែត ដែលអ្នកកំពុងបៀតបៀន›។ ៩ ឯបុរសទាំងប៉ុន្មានដែលនៅជាមួយនឹងខ្ញុំបានឃើញពន្លឺនោះ តែមិនបានឮ* សំឡេងរបស់លោកដែលមានប្រសាសន៍មកខ្ញុំទេ។ ១០ បន្ទាប់មក ខ្ញុំនិយាយថា៖ ‹លោកម្ចាស់ តើខ្ញុំត្រូវធ្វើយ៉ាងណា?› លោកម្ចាស់មានប្រសាសន៍មកខ្ញុំថា៖ ‹ចូរក្រោកឡើងហើយចូលក្រុងដាម៉ាសចុះ។ នៅទីនោះអ្នកនឹងទទួលដំណឹងអំពីការទាំងអស់ដែលតម្រូវឲ្យអ្នកធ្វើ›។ ១១ ប៉ុន្តែខ្ញុំមិនអាចមើលឃើញអ្វីសោះដោយសារភាពរុងរឿងនៃពន្លឺនោះ ដូច្នេះ ពួកអ្នកដែលនៅជាមួយនឹងខ្ញុំបានដឹកដៃខ្ញុំទៅដល់ក្រុងដាម៉ាស។
១២ «មានបុរសម្នាក់ឈ្មោះអាណានាស ជាអ្នកកោតខ្លាចព្រះសមស្របតាមច្បាប់ ហើយជនជាតិយូដាទាំងអស់ដែលអាស្រ័យនៅទីនោះតែងនិយាយល្អអំពីគាត់។ ១៣ គាត់មកឈរជិតខ្ញុំហើយនិយាយថា៖ ‹សុល បងប្រុសអើយ មើលឃើញឡើងវិញចុះ!› ហើយរំពេចនោះខ្ញុំងើបភ្នែកឡើងឃើញគាត់។ ១៤ គាត់និយាយថា៖ ‹ព្រះនៃពួកបុព្វបុរសរបស់យើងបានជ្រើសរើសអ្នកឲ្យស្គាល់បំណងប្រាថ្នារបស់លោកនិងឲ្យឃើញលោកដែលជាអ្នកសុចរិត ថែមទាំងឲ្យឮសំឡេងរបស់លោក ១៥ ព្រោះអ្នកត្រូវធ្វើជាសាក្សីរបស់លោក ដោយបញ្ជាក់ប្រាប់មនុស្សទាំងអស់អំពីអ្វីដែលអ្នកបានឃើញនិងឮ។ ១៦ ឥឡូវ ហេតុអ្វីបានជាអ្នកកំពុងបង្អង់ដូច្នេះ? ចូរក្រោកឡើង ទៅទទួលការជ្រមុជទឹក* ហើយលាងការខុសឆ្គងរបស់អ្នកដោយហៅរកនាមរបស់លោក›។
១៧ «ក្រោយពីខ្ញុំបានត្រឡប់ទៅក្រុងយេរូសាឡិម ហើយកំពុងអធិដ្ឋានក្នុងវិហារ នោះអ្វីមួយបានត្រូវបើកបង្ហាញឲ្យខ្ញុំឃើញក្នុងគំនិត ១៨ ខ្ញុំឃើញលោកម្ចាស់កំពុងមានប្រសាសន៍មកខ្ញុំថា៖ ‹ចូរប្រញាប់ចេញពីក្រុងយេរូសាឡិមភ្លាម ពីព្រោះពួកគេនឹងមិនព្រមទទួលការបញ្ជាក់របស់អ្នកអំពីខ្ញុំទេ›។ ១៩ ខ្ញុំនិយាយថា៖ ‹លោកម្ចាស់ ពួកគេដឹងច្បាស់ថា ខ្ញុំធ្លាប់ចាប់ពួកអ្នកដែលជឿលើលោក ពីសាលាប្រជុំមួយទៅសាលាប្រជុំមួយ រួចបញ្ជូនទៅឲ្យគេដាក់គុក ក៏ធ្លាប់វាយពួកគេនឹងរំពាត់ ២០ ហើយពេលដែលគេកំពុងកម្ចាយឈាមរបស់ស្ទេផានដែលជាសាក្សីរបស់លោក នោះរូបខ្ញុំកំពុងឈរនៅក្បែរក៏បានយល់ព្រមនឹងការនោះ ហើយខ្ញុំបានជួយមើលសម្លៀកបំពាក់ក្រៅរបស់ពួកអ្នកដែលកំពុងសម្លាប់គាត់›។ ២១ ទោះជាយ៉ាងនោះក៏ដោយ លោកមានប្រសាសន៍មកខ្ញុំថា៖ ‹ចូរចេញទៅចុះ ពីព្រោះខ្ញុំនឹងចាត់អ្នកឲ្យទៅឯប្រជាជាតិដែលនៅឆ្ងាយៗ›»។
២២ ពួកគេបានស្ដាប់ប៉ូលនិយាយមកដល់ត្រឹមនេះ រួចក៏ស្រែកឡើងថា៖ «កម្ចាត់មនុស្សបែបនេះចេញពីផែនដីទៅ! ព្រោះអ្នកនោះមិនសមនឹងរស់ទេ!»។ ២៣ ម្ល៉ោះហើយ ដោយសារពួកគេកំពុងស្រែក បោះសម្លៀកបំពាក់ក្រៅរបស់ខ្លួន ហើយបាចធូលីដីឡើងលើ ២៤ នោះមេបញ្ជាការបង្គាប់ឲ្យយកប៉ូលចូលប៉ុស្តិ៍ទាហាន រួចវាយនឹងរំពាត់ខ្សែតីសួរចម្លើយ ដើម្បីអាចដឹងច្បាស់ពីមូលហេតុដែលពួកគេកំពុងស្រែកប្រឆាំងគាត់ដូច្នេះ។ ២៥ ប៉ុន្តែក្រោយពីពួកគេបានចងសន្ធឹងគាត់ដើម្បីវាយ ប៉ូលនិយាយទៅនាយទាហានដែលឈរនៅទីនោះថា៖ «តើអ្នករាល់គ្នាមានច្បាប់វាយបុរសម្នាក់ដែលជាពលរដ្ឋរ៉ូម ហើយមិនទាន់ត្រូវគេវិនិច្ឆ័យទោសឬទេ?»។ ២៦ ពេលដែលនាយទាហានឮដូច្នេះ គាត់ទៅរាយការណ៍ប្រាប់មេបញ្ជាការថា៖ «តើលោកបម្រុងនឹងធ្វើអ្វី? បុរសនេះជាពលរដ្ឋរ៉ូមទេតើ»។ ២៧ ដូច្នេះ មេបញ្ជាការបានចូលទៅជិតប៉ូលហើយនិយាយថា៖ «ប្រាប់ខ្ញុំមក តើអ្នកជាពលរដ្ឋរ៉ូមឬ?» គាត់ឆ្លើយថា៖ «បាទ»។ ២៨ មេបញ្ជាការតបថា៖ «ខ្ញុំបានចំណាយប្រាក់ជាច្រើនដើម្បីចូលសញ្ជាតិរ៉ូម»។ ប៉ូលនិយាយថា៖ «តែខ្ញុំបានកើតមកជាសញ្ជាតិរ៉ូមតែម្ដង»។
២៩ ដូច្នេះ ពួកអ្នកដែលបម្រុងនឹងធ្វើទារុណកម្មសួរចម្លើយបានថយចេញពីគាត់ភ្លាម ហើយកាលដែលដឹងថាប៉ូលជាពលរដ្ឋរ៉ូម នោះមេបញ្ជាការក៏តាំងភ័យខ្លាច ព្រោះបានចងគាត់។
៣០ លុះស្អែកឡើង មេបញ្ជាការចង់ដឹងប្រាកដពីមូលហេតុដែលជនជាតិយូដាកំពុងចោទប្រកាន់ប៉ូល ដូច្នេះ គាត់ស្រាយចំណងប៉ូល រួចបង្គាប់ឲ្យពួកសង្ឃនាយកនិងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូលមកជួបជុំគ្នា។ បន្ទាប់មក គាត់នាំប៉ូលចុះមកឲ្យឈរក្នុងចំណោមពួកគេ។