រ៉ូម
៨ ដូច្នេះ ពួកអ្នកដែលរួបរួមជាមួយនឹងគ្រិស្តយេស៊ូមិនទទួលការផ្ដន្ទាទោសឡើយ។ ២ ព្រោះច្បាប់នៃសកម្មពល* បរិសុទ្ធ ដែលផ្ដល់ជីវិតជាគ្រិស្តសាសនិកបានរំដោះអ្នកឲ្យរួចពីច្បាប់នៃភាពខុសឆ្គង* និងសេចក្ដីស្លាប់។ ៣ ព្រោះអ្វីដែលច្បាប់* សម្រេចមិនបាន ដោយសារភាពទន់ខ្សោយនៃសាច់ឈាមបានរារាំង នោះព្រះបានធ្វើឲ្យសម្រេចវិញ ដោយចាត់បុត្ររបស់លោកឲ្យមកដោយមានសណ្ឋានដូចមនុស្សដែលមានភាពខុសឆ្គង ដើម្បីបំបាត់ភាពខុសឆ្គង។ យ៉ាងនោះលោកបានផ្ដន្ទាទោសភាពខុសឆ្គងនៃសាច់ឈាម ៤ ដើម្បីឲ្យយើងបំពេញតម្រូវការដ៏សុចរិតយុត្ដិធម៌នៃច្បាប់ ដោយមិនរស់នៅ* ស្របតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ តែរស់នៅស្របតាមសកម្មពលរបស់ព្រះវិញ។ ៥ ព្រោះអ្នកដែលរស់នៅស្របតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ ផ្ដោតគំនិតទៅលើអ្វីៗដែលពាក់ព័ន្ធនឹងសេចក្ដីប៉ងប្រាថ្នានៃរូបកាយ ប៉ុន្តែអ្នកដែលរស់នៅស្របតាមសកម្មពលរបស់ព្រះ ផ្ដោតគំនិតទៅលើអ្វីៗដែលពាក់ព័ន្ធនឹងសកម្មពលរបស់ព្រះ។ ៦ ព្រោះការផ្ដោតគំនិតទៅលើសេចក្ដីប៉ងប្រាថ្នានៃរូបកាយនាំឲ្យស្លាប់ តែការផ្ដោតគំនិតទៅលើសកម្មពលរបស់ព្រះនាំឲ្យបានជីវិតនិងសេចក្ដីសុខសាន្ត ៧ ពីព្រោះការផ្ដោតគំនិតទៅលើសេចក្ដីប៉ងប្រាថ្នានៃរូបកាយនាំឲ្យទៅជាសត្រូវរបស់ព្រះ ព្រោះសេចក្ដីប៉ងប្រាថ្នានៃរូបកាយ មិនចុះចូលនឹងច្បាប់របស់ព្រះ ហើយតាមពិតមិនអាចចុះចូលបានទេ។ ៨ ដូច្នេះ អ្នកដែលរស់នៅស្របទៅតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ មិនអាចធ្វើឲ្យព្រះពេញចិត្តបានឡើយ។
៩ ក៏ប៉ុន្តែ ប្រសិនបើសកម្មពលរបស់ព្រះពិតជាស្ថិតនៅក្នុងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នារស់នៅស្របទៅតាមសកម្មពលរបស់ព្រះ មិនមែនតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយទេ។ ប៉ុន្តែប្រសិនបើអ្នកណាម្នាក់គ្មានចិត្តគំនិត* របស់គ្រិស្ត អ្នកនោះមិនមែនជារបស់លោកឡើយ។ ១០ ប៉ុន្តែប្រសិនបើគ្រិស្តកំពុងរួបរួមជាមួយនឹងអ្នករាល់គ្នា រូបកាយស្លាប់ដោយសារភាពខុសឆ្គង ប៉ុន្តែសកម្មពលរបស់ព្រះផ្ដល់ជីវិត ដោយសារសេចក្ដីសុចរិត។ ១១ ប្រសិនបើសកម្មពលរបស់លោក ដែលបានប្រោសលោកយេស៊ូឲ្យរស់ពីស្លាប់ឡើងវិញ ស្ថិតនៅក្នុងអ្នករាល់គ្នា នោះលោកដែលបានប្រោសគ្រិស្តយេស៊ូឲ្យរស់ពីស្លាប់ឡើងវិញ ក៏នឹងធ្វើឲ្យរូបកាយរបស់អ្នករាល់គ្នាដែលអាចស្លាប់ មានជីវិតឡើងវិញតាមរយៈសកម្មពលរបស់លោកដែលស្ថិតនៅក្នុងអ្នករាល់គ្នាដែរ។
១២ ដូច្នេះ បងប្អូនអើយ យើងមានកាតព្វកិច្ច តែមិនមែនជាកាតព្វកិច្ចចំពោះរូបកាយ ឲ្យរស់នៅស្របទៅតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយទេ ១៣ ព្រោះប្រសិនបើអ្នករាល់គ្នារស់នៅស្របទៅតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ អ្នករាល់គ្នាប្រាកដជានឹងស្លាប់ ប៉ុន្តែប្រសិនបើអ្នករាល់គ្នាលះចោលឲ្យជ្រះស្រឡះនូវអំពើរបស់រូបកាយ ដោយមានជំនួយពីសកម្មពលរបស់ព្រះ នោះអ្នករាល់គ្នានឹងរស់។ ១៤ ព្រោះអស់អ្នកណាដែលត្រូវដឹកនាំដោយសកម្មពលរបស់ព្រះ អ្នកទាំងនោះគឺជាកូនព្រះ។ ១៥ ព្រោះសកម្មពលរបស់ព្រះមិនធ្វើឲ្យយើងទៅជាខ្ញុំបម្រើនិងនាំឲ្យភ័យខ្លាចម្ដងទៀតទេ តែដោយសកម្មពលនោះ យើងបានត្រូវទទួលជាកូន ហើយសកម្មពលនោះជំរុញឲ្យយើងស្រែកឡើងថា៖ «អប្បា!* បិតាអើយ!»។ ១៦ សកម្មពលរបស់ព្រះធ្វើជាសាក្សីដែលបញ្ជាក់ជាមួយនឹងចិត្តគំនិត* របស់យើងថា យើងជាកូនព្រះ។ ១៧ ដូច្នេះ ប្រសិនបើយើងជាកូន យើងក៏ជាអ្នកទទួលមត៌កដែរ ពោលគឺទទួលមត៌កពីព្រះ តែជាអ្នកទទួលមត៌ករួមជាមួយនឹងគ្រិស្ត លុះត្រាតែយើងរងទុក្ខជាមួយនឹងលោក ដើម្បីឲ្យយើងទទួលសិរីរុងរឿងជាមួយនឹងលោក។
១៨ ម្ល៉ោះហើយ ខ្ញុំយល់ឃើញថា ទុក្ខលំបាកដែលយើងមាននៅគ្រានេះ មិនជាអ្វីសោះ បើប្រៀបនឹងសិរីរុងរឿងដែលនឹងត្រូវសម្ដែងតាមរយៈយើង។ ១៩ ព្រោះអ្វីៗដែលព្រះបានបង្កើតកំពុងទន្ទឹងរង់ចាំយ៉ាងរំភើបនូវគ្រាដែលកូនព្រះនឹងត្រូវសម្ដែង។ ២០ អ្វីដែលព្រះបានបង្កើតបានត្រូវបណ្ដាលឲ្យមានជីវិតដែលជាអសារឥតការ មិនមែនដោយបំណងប្រាថ្នារបស់ពួកគេឡើយ តែដោយបំណងប្រាថ្នារបស់ព្រះវិញ ដោយផ្ដល់សេចក្ដីសង្ឃឹម ២១ ថាអ្វីៗដែលព្រះបានបង្កើតក៏នឹងត្រូវរំដោះឲ្យរួចពីចំណងនៃការខូចរលួយ ដើម្បីមានសេរីភាពរុងរឿងជាកូនព្រះ។ ២២ ព្រោះយើងដឹងថា អ្វីៗទាំងឡាយដែលព្រះបានបង្កើតក៏ថ្ងូរនិងឈឺចាប់ជាមួយគ្នាឥតឈប់ រហូតដល់ឥឡូវនេះ។ ២៣ មិនត្រឹមតែប៉ុណ្ណោះទេ តែយើងដែលបានទទួលផលដំបូងរួចហើយ ពោលគឺសកម្មពលរបស់ព្រះ ក៏ថ្ងូរក្នុងចិត្ត កាលដែលទន្ទឹងចាំព្រះទទួលយើងជាកូន ដោយរំដោះយើងពីរូបកាយរបស់យើងតាមរយៈការលោះ។ ២៤ ព្រោះយើងបានត្រូវសង្គ្រោះកាលដែលមានសេចក្ដីសង្ឃឹមនេះ ក៏ប៉ុន្តែពេលដែលទទួលដូចសង្ឃឹមហើយ នោះលែងហៅថាសង្ឃឹមទៀត ព្រោះប្រសិនបើមនុស្សម្នាក់ទទួលអ្វីដែលគាត់សង្ឃឹមថានឹងទទួល តើគាត់នៅតែសង្ឃឹមទទួលទៀតទេ? ២៥ ប៉ុន្តែប្រសិនបើយើងសង្ឃឹមឲ្យបានអ្វីដែលយើងមិនទាន់ទទួល នោះយើងបន្តរង់ចាំទទួលដោយស៊ូទ្រាំទៀតផង។
២៦ ស្រដៀងគ្នាដែរ សកម្មពលរបស់ព្រះក៏ជួយត្រង់ចំណុចខ្សោយរបស់យើង។ ព្រោះពេលដែលយើងត្រូវអធិដ្ឋាន យើងមិនដឹងថាគួរអធិដ្ឋានអំពីអ្វីទេ ប៉ុន្តែសកម្មពលអង្វរឲ្យយើងដែលថ្ងូរក្នុងចិត្ត។ ២៧ តែលោកដែលស្ទង់មើលចិត្ត ជ្រាបយល់អំពីអត្ថន័យនៃសកម្មពល ពីព្រោះសកម្មពលនោះអង្វរស្របតាមបំណងប្រាថ្នារបស់លោក ដើម្បីពួកអ្នកបរិសុទ្ធ។
២៨ ឯយើងដឹងថា ព្រះធ្វើឲ្យគ្រប់ការទាំងអស់របស់លោកសហការគ្នាដើម្បីឲ្យអ្នកដែលស្រឡាញ់ព្រះទទួលប្រយោជន៍ ពោលគឺអ្នកដែលបានត្រូវហៅមកស្របទៅតាមគោលបំណងរបស់លោក ២៩ ពីព្រោះអ្នកដែលលោកបានប្រមូលអារម្មណ៍ទៅលើមុនគេ លោកក៏បានកំណត់ទុកជាមុន ឲ្យមានលក្ខណៈតាមគំរូរបស់បុត្រលោក ដើម្បីឲ្យបុត្ររបស់លោកបានទៅជាបុត្រច្បងក្នុងចំណោមបងប្អូនជាច្រើននាក់។ ៣០ ហើយអ្នកដែលលោកបានកំណត់ទុកជាមុន គឺជាអ្នកដែលលោកបានហៅ ឯអ្នកដែលលោកបានហៅក៏ជាអ្នកដែលលោកបានប្រកាសថាជាមនុស្សសុចរិត។ ហើយអ្នកដែលលោកបានប្រកាសថាជាមនុស្សសុចរិត គឺជាអ្នកដែលលោកបានតម្កើងឲ្យមានសិរីរុងរឿង។
៣១ ដូច្នេះ តើយើងត្រូវនិយាយយ៉ាងណាអំពីការទាំងនេះ? ប្រសិនបើព្រះគាំទ្រយើង តើអ្នកណានឹងប្រឆាំងយើងបាន? ៣២ ប្រសិនបើលោកមិនទាំងបានរារាំងកុំឲ្យបុត្ររបស់លោករងទុក្ខតែបានប្រគល់បុត្រលោកផ្ទាល់ដើម្បីយើងទាំងអស់គ្នា តើលោកនឹងមិនមេត្ដាផ្ដល់អ្វីៗទាំងអស់ឯទៀតឲ្យយើងជាមួយនឹងបុត្ររបស់លោកទេឬ? ៣៣ តើអ្នកណានឹងចោទប្រកាន់អ្នកដែលព្រះបានជ្រើសរើស? ព្រះជាអ្នកដែលប្រកាសថាអ្នកទាំងនោះជាមនុស្សសុចរិត។ ៣៤ តើអ្នកណានឹងផ្ដន្ទាទោសអ្នកទាំងនោះ? គ្មានអ្នកណាសោះ ពីព្រោះគ្រិស្តយេស៊ូបានស្លាប់ ហើយបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ហើយលោកនៅខាងស្ដាំព្រះ ក៏ជាអ្នកដែលអង្វរឲ្យយើង។
៣៥ តើអ្វីនឹងធ្វើឲ្យយើងឃ្លាតចេញពីសេចក្ដីស្រឡាញ់របស់គ្រិស្ត? តើសេចក្ដីវេទនា ការបៀតបៀន ការស្រេកឃ្លាន គ្រោះថ្នាក់ ដាវ ឬការខ្វះសម្លៀកបំពាក់អាចធ្វើឲ្យយើងឃ្លាតចេញឬ? ៣៦ ដូចបទគម្ពីរចែងថា៖ «ដើម្បីអ្នករាល់គ្នា យើងប្រឈមមុខនឹងសេចក្ដីស្លាប់ពីព្រឹកដល់ល្ងាច យើងបានត្រូវចាត់ទុកដូចជាចៀមសម្រាប់យកទៅសម្លាប់»។ ៣៧ ទេ ផ្ទុយទៅវិញយើងកំពុងឈ្នះក្នុងការទាំងអស់នេះ ដោយសារលោកដែលបានស្រឡាញ់យើង។ ៣៨ ព្រោះខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ ជីវិត ទេវតា ពួកអ្នកគ្រប់គ្រង អ្វីៗនៅគ្រាឥឡូវនេះ អ្វីៗនៅគ្រាខាងមុខ កម្លាំង ៣៩ កម្ពស់ ជម្រៅ ឬអ្វីផ្សេងទៀតដែលលោកបានបង្កើតក្ដី គ្មានអ្វីអាចធ្វើឲ្យយើងឃ្លាតចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលត្រូវសម្ដែងតាមរយៈគ្រិស្តយេស៊ូ ជាម្ចាស់របស់យើងឡើយ។