សកម្មភាព
៧ ប៉ុន្តែសម្ដេចសង្ឃនិយាយថា៖ «តើដូច្នេះមែនឬ?»។ ២ ស្ទេផាននិយាយថា៖ «បងប្អូននិងឪពុកអើយ សូមស្ដាប់ខ្ញុំ។ ព្រះនៃសិរីរុងរឿងបានលេចមកឲ្យអាប្រាហាំ ជាបុព្វបុរសយើងឃើញ កាលដែលគាត់នៅតំបន់មេសូប៉ូតាមៀ មុនគាត់តាំងលំនៅ នៅក្រុងហារ៉ាន។ ៣ រួចព្រះមានប្រសាសន៍ទៅគាត់ថា៖ ‹ចូរចាកចេញពីស្រុកនិងសាច់ញាតិរបស់អ្នក ហើយមកកាន់ស្រុកដែលខ្ញុំនឹងបង្ហាញអ្នក›។ ៤ គាត់ក៏ចាកចេញពីស្រុកខាល់ដេទៅតាំងលំនៅ នៅក្រុងហារ៉ាន។ បន្ទាប់ពីឪពុកគាត់ស្លាប់ ព្រះនាំឲ្យគាត់ដូរលំនៅពីកន្លែងនោះមកកាន់ស្រុកនេះ ដែលអ្នករាល់គ្នាកំពុងរស់នៅ។ ៥ ក៏ប៉ុន្តែ ព្រះមិនបានឲ្យមត៌កដល់គាត់ក្នុងស្រុកនេះឡើយ សូម្បីតែដីប៉ុនបាតជើង* តែលោកបានសន្យាឲ្យស្រុកនោះជាកម្មសិទ្ធិរបស់គាត់និងពូជពង្សរបស់គាត់ដែលកើតតៗមក ទោះជាគាត់មិនទាន់មានកូនក៏ដោយ។ ៦ ម្យ៉ាងទៀត ព្រះបានមានប្រសាសន៍ថា ពូជរបស់គាត់នឹងទៅជាអ្នកស្នាក់នៅបរទេស ហើយជនជាតិនោះនឹងយកពួកគេធ្វើជាខ្ញុំបម្រើ ក៏នឹងធ្វើទុក្ខពួកគេអស់បួនរយឆ្នាំ។ ៧ រួចព្រះមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងវិនិច្ឆ័យប្រជាជាតិដែលបានយកពួកគេធ្វើជាខ្ញុំបម្រើ។ បន្ទាប់ពីការទាំងនោះ ពួកគេនឹងចេញពីស្រុកនោះមកបំពេញកិច្ចបម្រើពិសិដ្ឋចំពោះខ្ញុំនៅកន្លែងនេះ›។
៨ «ព្រះក៏បានឲ្យកិច្ចព្រមព្រៀងដែលទាក់ទងការកាត់ចុងស្បែក* ទៅគាត់។ ម្ល៉ោះហើយ ពេលដែលអ៊ីសាក ជាកូនរបស់គាត់កើតបានប្រាំបីថ្ងៃហើយ នោះគាត់បានកាត់ចុងស្បែកឲ្យ រួចអ៊ីសាកបានបង្កើតយ៉ាកុប យ៉ាកុបបានបង្កើតមេគ្រួសារទាំងដប់ពីររបស់យើង។ ៩ មេគ្រួសារទាំងនោះក៏មានចិត្តច្រណែនយ៉ូសែប រួចលក់គាត់ទៅឲ្យជនជាតិអេស៊ីប។ ប៉ុន្តែព្រះនៅជាមួយនឹងយ៉ូសែប ១០ ហើយបានរំដោះគាត់ឲ្យរួចពីទុក្ខវេទនាទាំងអស់ដែលគាត់មាន ក៏ផ្ដល់ប្រាជ្ញាហើយធ្វើឲ្យផារ៉ូ ជាស្តេចអេស៊ីបពេញចិត្តនឹងគាត់។ ផារ៉ូក៏តែងតាំងយ៉ូសែបឲ្យគ្រប់គ្រងស្រុកអេស៊ីបនិងផ្ទះទាំងមូលរបស់គាត់។ ១១ ប៉ុន្តែស្រុកអេស៊ីបនិងស្រុកកាណានទាំងមូលបានកើតអត់ឃ្លាន រហូតដល់មានទុក្ខវេទនាជាខ្លាំង ហើយពួកបុព្វបុរសរបស់យើងរកស្បៀងអាហារមិនបានឡើយ។ ១២ ប៉ុន្តែយ៉ាកុបឮថាមានស្បៀងអាហារនៅស្រុកអេស៊ីប ដូច្នេះ គាត់ចាត់ពួកបុព្វបុរសរបស់យើងឲ្យទៅជាលើកទីមួយ។ ១៣ រួចលើកទីពីរដែលពួកគាត់ទៅ យ៉ូសែបបានឲ្យពួកគាត់ដឹងថាខ្លួនគាត់ជាអ្នកណា ហើយផារ៉ូក៏បានដឹងអំពីដើមកំណើតរបស់យ៉ូសែប។ ១៤ ដូច្នេះ យ៉ូសែបបានចាត់គេឲ្យទៅហៅយ៉ាកុបជាឪពុក និងសាច់ញាតិទាំងអស់របស់គាត់ ដែលមានចំនួនចិតសិបប្រាំនាក់* ឲ្យចេញពីកន្លែងនោះមកឯគាត់។ ១៥ យ៉ាកុបបានចុះទៅស្រុកអេស៊ីប រួចក្រោយមកគាត់បានស្លាប់ ហើយពួកបុព្វបុរសរបស់យើងក៏ដូច្នោះដែរ។ ១៦ ឆ្អឹងរបស់ពួកគាត់បានត្រូវយកទៅក្រុងស៊ីគឹម ហើយដាក់ក្នុងទីបញ្ចុះសពដែលអាប្រាហាំបានយកប្រាក់ទៅទិញពីពួកកូនហេម័រនៅក្រុងស៊ីគឹមក្នុងតម្លៃមួយដែលបានត្រូវកំណត់។
១៧ «លុះជិតដល់គ្រាដែលព្រះនឹងសម្រេចតាមសេចក្ដីសន្យាដែលលោកបានប្រកាសប្រាប់អាប្រាហាំជាចំហ នោះចំនួនបណ្ដាជនបានកើនកាន់តែច្រើនឡើងនៅស្រុកអេស៊ីប ១៨ រហូតដល់មានស្តេចមួយផ្សេងទៀតឡើងគ្រងរាជ្យលើស្រុកអេស៊ីប ហើយស្តេចនោះមិនស្គាល់យ៉ូសែបទេ។ ១៩ ស្តេចនោះបានប្រើល្បិចកលដើម្បីទាស់ប្រឆាំងពូជសាសន៍យើង ក៏បានបង្ខំឪពុកទាំងឡាយដោយអយុត្ដិធម៌ ឲ្យបោះបង់ចោលទារករបស់ពួកគេ កុំឲ្យរស់រានមានជីវិត។ ២០ នៅគ្រានោះម៉ូសេបានកើតមក ហើយគាត់ស្អាតល្អក្រៃលែងចំពោះព្រះ។ គេក៏ចិញ្ចឹមគាត់បីខែនៅផ្ទះរបស់ឪពុក។ ២១ ប៉ុន្តែពេលដែលគេបោះបង់ចោលគាត់ កូនស្រីរបស់ផារ៉ូបានរើសគាត់យកមកចិញ្ចឹមជាកូនប្រុសរបស់ខ្លួន។ ២២ ម្ល៉ោះហើយ ម៉ូសេបានត្រូវអប់រំទៅតាមអស់ទាំងចំណេះវិជ្ជា* របស់ជនជាតិអេស៊ីប ហើយគាត់ក៏ពូកែក្នុងពាក្យសម្ដីនិងក្នុងកិច្ចការដែលគាត់បានធ្វើ។
២៣ «លុះមានអាយុសែសិបឆ្នាំហើយ គាត់មានចិត្តចង់ទៅមើលស្ថានភាពរបស់បងប្អូនគាត់ ពោលគឺពួកកូន* អ៊ីស្រាអែល។ ២៤ ហើយពេលដែលគាត់ក្រឡេកទៅឃើញជនជាតិអេស៊ីបម្នាក់កំពុងប្រព្រឹត្តដោយអយុត្ដិធម៌ទៅលើបងប្អូនម្នាក់របស់គាត់ ម៉ូសេការពារអ្នកដែលកំពុងត្រូវគេធ្វើបាបហើយសងសឹកជំនួសគាត់ ដោយវាយសម្លាប់ជនជាតិអេស៊ីបនោះ។ ២៥ គាត់នឹកស្មានថាបងប្អូនរបស់គាត់នឹងយល់ថា ព្រះកំពុងសង្គ្រោះពួកគេដោយដៃរបស់គាត់ ប៉ុន្តែពួកគេមិនបានយល់ទេ។ ២៦ លុះថ្ងៃស្អែក គាត់លេចមុខមកកាលដែលពួកគេពីរនាក់កំពុងឈ្លោះគ្នា ហើយគាត់ខំសម្រុះសម្រួលពួកគេ ដោយនិយាយថា៖ ‹អ្នកទាំងពីរជាបងប្អូននឹងគ្នា។ ហេតុអ្វីបានជាអ្នកទាំងពីរប្រព្រឹត្តដោយអយុត្ដិធម៌ទៅវិញទៅមកដូច្នេះ?›។ ២៧ ប៉ុន្តែអ្នកដែលកំពុងប្រព្រឹត្តដោយអយុត្ដិធម៌ទៅលើអ្នកជិតខាងរបស់ខ្លួន បានបដិសេធម៉ូសេដោយនិយាយថា៖ ‹តើអ្នកណាបានតែងតាំងអ្នកឲ្យធ្វើជាអ្នកគ្រប់គ្រងនិងចៅក្រមរបស់យើង? ២៨ តើអ្នកចង់សម្លាប់ខ្ញុំ ដូចអ្នកបានសម្លាប់ជនជាតិអេស៊ីបម្នាក់នោះពីម្សិលមិញឬ?›។ ២៩ ឮដូច្នេះ ម៉ូសេភៀសខ្លួនទៅតាំងលំនៅ នៅស្រុកម៉ាឌាន។ នៅទីនោះគាត់បង្កើតបានកូនប្រុសពីរនាក់។
៣០ «លុះសែសិបឆ្នាំក្រោយមក ទេវតាមួយរូបបានលេចមកជួបគាត់នៅតំបន់ស្ងាត់ជ្រងំភ្នំស៊ីណាយក្នុងអណ្ដាតភ្លើងដែលកំពុងឆេះគុម្ពបន្លាមួយ។ ៣១ ពេលដែលម៉ូសេឃើញ គាត់នឹកអស្ចារ្យក្នុងចិត្ត។ ប៉ុន្តែកាលដែលគាត់កំពុងចូលទៅជិតដើម្បីពិនិត្យមើល គាត់ឮសំឡេងរបស់ព្រះយេហូវ៉ាថា៖ ៣២ ‹ខ្ញុំជាព្រះនៃពួកបុព្វបុរសរបស់អ្នក ជាព្រះរបស់អាប្រាហាំ អ៊ីសាក និងយ៉ាកុប›។ ម៉ូសេក៏ញ័ររន្ធត់ហើយមិនហ៊ានពិនិត្យមើលតទៅទៀតទេ។ ៣៣ ព្រះយេហូវ៉ាមានប្រសាសន៍ទៅគាត់ថា៖ ‹ចូរដោះស្បែកជើងចេញ ព្រោះកន្លែងដែលអ្នកកំពុងឈរជាដីបរិសុទ្ធ។ ៣៤ ខ្ញុំបានឃើញច្បាស់នូវរបៀបដែលគេធ្វើបាបរាស្ត្ររបស់ខ្ញុំដែលនៅស្រុកអេស៊ីប ក៏បានឮពួកគេថ្ងូរ ហើយខ្ញុំបានចុះមកដើម្បីរំដោះពួកគេ។ ដូច្នេះ ចូរមកចុះ ខ្ញុំនឹងចាត់អ្នកឲ្យទៅស្រុកអេស៊ីប›។ ៣៥ ម៉ូសេនេះឯង ដែលពួកគេបានបដិសេធមិនទទួលស្គាល់ ដោយនិយាយថា៖ ‹តើអ្នកណាបានតែងតាំងអ្នកឲ្យធ្វើជាអ្នកគ្រប់គ្រងនិងចៅក្រម?› គឺជាបុរសដែលព្រះបានចាត់ឲ្យទៅធ្វើជាអ្នកគ្រប់គ្រងនិងអ្នករំដោះ ដោយដៃរបស់ទេវតាដែលបានលេចមកជួបគាត់ក្នុងគុម្ពបន្លា។ ៣៦ បុរសនេះបាននាំពួកគេចេញមក ក្រោយពីបានធ្វើការអស្ចារ្យនិងសញ្ញាសម្គាល់នៅស្រុកអេស៊ីប នៅសមុទ្រក្រហម និងនៅតំបន់ស្ងាត់ជ្រងំអស់សែសិបឆ្នាំ។
៣៧ «គឺម៉ូសេនេះឯងដែលបានប្រាប់ពួកកូនអ៊ីស្រាអែលថា៖ ‹ព្រះនឹងតែងតាំងអ្នកប្រកាសទំនាយម្នាក់ដូចខ្ញុំ សម្រាប់អ្នករាល់គ្នា ពីចំណោមបងប្អូនរបស់អ្នក›។ ៣៨ គឺអ្នកនេះហើយដែលបាននៅជាមួយនឹងក្រុមជំនុំនៅតំបន់ស្ងាត់ជ្រងំ ព្រមទាំងជាមួយនឹងទេវតាដែលបាននិយាយជាមួយនឹងគាត់នៅភ្នំស៊ីណាយ ក៏នៅជាមួយនឹងពួកបុព្វបុរសរបស់យើង។ គាត់បានទទួលប្រសាសន៍ដ៏ពិសិដ្ឋដែលរស់នៅ ដើម្បីឲ្យអ្នករាល់គ្នា។ ៣៩ ពួកបុព្វបុរសរបស់យើងមិនព្រមស្ដាប់បង្គាប់គាត់ឡើយ តែបានបដិសេធគាត់ ហើយចិញ្ចឹមចិត្តចង់ត្រឡប់ទៅស្រុកអេស៊ីបវិញ ៤០ ដោយប្រាប់អេរ៉ុនថា៖ ‹ចូរធ្វើព្រះឲ្យយើង ដើម្បីនាំមុខយើង។ ព្រោះម៉ូសេនេះដែលបាននាំយើងចេញពីស្រុកអេស៊ីបមក យើងមិនដឹងថាគាត់បានទៅជាយ៉ាងណានោះទេ›។ ៤១ ម្ល៉ោះហើយ នៅគ្រានោះពួកគេធ្វើរូបកូនគោមួយ ក៏បានយកគ្រឿងបូជាមកជូនរូបព្រះនោះ រួចនាំគ្នាសប្បាយរីករាយនឹងស្នាដៃរបស់ពួកគេ។ ៤២ ដូច្នេះ ព្រះបែរជាទុកឲ្យពួកគេបំពេញកិច្ចបម្រើពិសិដ្ឋជូនអ្វីៗដែលនៅលើមេឃ ដូចពួកអ្នកប្រកាសទំនាយបានសរសេរថា៖ ‹ឱអ៊ីស្រាអែលអើយ ពេលដែលអ្នករាល់គ្នាសម្លាប់សត្វនិងឲ្យគ្រឿងបូជាអស់សែសិបឆ្នាំនៅតំបន់ស្ងាត់ជ្រងំ នោះមិនមែនសម្រាប់ខ្ញុំទេ មែនទេ? ៤៣ ប៉ុន្តែគឺជាត្រសាលនៃព្រះម៉ូឡុក និងផ្កាយរបស់ព្រះរេផាន់ដែលអ្នករាល់គ្នាបានលើកយកទៅ គឺជារូបផ្សេងៗដែលអ្នករាល់គ្នាបានធ្វើដើម្បីគោរពបូជាព្រះទាំងនោះ។ ដូច្នេះ ខ្ញុំនឹងបំបរបង់អ្នករាល់គ្នាឲ្យឆ្ងាយហួសស្រុកបាប៊ីឡូនទៀត›។
៤៤ «នៅតំបន់ស្ងាត់ជ្រងំ ពួកបុព្វបុរសរបស់យើងមានត្រសាលសក្ខីភាព ដូចព្រះបានបង្គាប់ ពេលដែលមានប្រសាសន៍ប្រាប់ម៉ូសេឲ្យធ្វើតាមគំរូដែលគាត់បានឃើញ។ ៤៥ ហើយពួកបុព្វបុរសរបស់យើងដែលបានទទួលត្រសាលនោះតៗមក ក៏យកទៅជាមួយ ពេលដែលពួកគាត់និងយ៉ូស្វេចូលក្នុងស្រុករបស់ជនជាតិដទៃ ដែលព្រះបានបណ្ដេញចេញពីមុខពួកបុព្វបុរសរបស់យើង។ ត្រសាលក៏នៅទីនោះរហូតដល់សម័យដាវីឌ។ ៤៦ ព្រះបានពេញចិត្តនឹងគាត់ ហើយគាត់សុំសិទ្ធិពិសេសដើម្បីធ្វើលំនៅមួយសម្រាប់ព្រះនៃយ៉ាកុប។ ៤៧ ប៉ុន្តែគឺសាឡូម៉ូនវិញ ដែលបានធ្វើផ្ទះសម្រាប់លោក។ ៤៨ ទោះជាយ៉ាងនោះក៏ដោយ ព្រះដ៏ខ្ពង់ខ្ពស់បំផុតមិនអាស្រ័យនៅក្នុងផ្ទះធ្វើដោយដៃមនុស្សឡើយ ដូចអ្នកប្រកាសទំនាយបាននិយាយថា៖ ៤៩ ‹ព្រះយេហូវ៉ាមានប្រសាសន៍ថា ស្ថានសួគ៌ជាបល្ល័ង្ករបស់ខ្ញុំ ហើយផែនដីជាទីកល់ជើងខ្ញុំ។ តើអ្នករាល់គ្នាអាចធ្វើផ្ទះបែបណាសម្រាប់ខ្ញុំ? ឬតើកន្លែងណាអាចជាទីអាស្រ័យនៅរបស់ខ្ញុំ? ៥០ ដៃរបស់ខ្ញុំបានធ្វើអ្វីៗទាំងអស់នេះ មែនទេ?›។
៥១ «ឱអ្នករឹងរូសដែលបិទទាំងចិត្តទាំងត្រចៀក* អើយ អ្នករាល់គ្នាតែងតែប្រឆាំងសកម្មពល* បរិសុទ្ធរបស់ព្រះ។ ពួកបុព្វបុរសរបស់អ្នករាល់គ្នាបានធ្វើយ៉ាងណា អ្នករាល់គ្នាក៏ធ្វើយ៉ាងនោះដែរ។ ៥២ គ្មានអ្នកប្រកាសទំនាយណាម្នាក់ដែលពួកបុព្វបុរសរបស់អ្នករាល់គ្នាមិនបានបៀតបៀនទេ ពួកគេបានសម្លាប់អស់អ្នកដែលបានប្រកាសទុកជាមុនអំពីការមកដល់របស់លោកដែលជាអ្នកសុចរិត គឺជាអ្នកដែលអ្នករាល់គ្នាបានក្បត់និងធ្វើឃាត ៥៣ គឺអ្នករាល់គ្នា ដែលទទួលច្បាប់* ដូចដែលទេវតាបានពាំនាំមក ប៉ុន្តែអ្នករាល់គ្នាមិនបានធ្វើតាមទេ»។
៥៤ ឮដូច្នេះ ពួកគេបានខឹងជាខ្លាំង ក៏បានសង្កៀតធ្មេញដាក់គាត់។ ៥៥ ប៉ុន្តែដោយសារគាត់បានពេញទៅដោយសកម្មពលបរិសុទ្ធរបស់ព្រះ គាត់បានសម្លឹងទៅមេឃ ហើយឃើញសិរីរុងរឿងរបស់ព្រះនិងលោកយេស៊ូឈរនៅខាងស្ដាំព្រះ ៥៦ រួចគាត់និយាយថា៖ «មើល! ខ្ញុំមើលឃើញមេឃ* បើកចំហ ហើយកូនមនុស្សឈរនៅខាងស្ដាំព្រះ»។ ៥៧ ឮដូច្នេះ ពួកគេស្រែកអស់សំឡេង ហើយយកដៃខ្ទប់ត្រចៀក រួចស្ទុះទៅចាប់គាត់ព្រមគ្នា។ ៥៨ ហើយបន្ទាប់ពីពួកគេបោះគាត់ទៅក្រៅក្រុង ពួកគេក៏ចាប់ផ្ដើមគប់គាត់នឹងដុំថ្ម។ ពួកសាក្សីបានដាក់សម្លៀកបំពាក់ក្រៅរបស់ពួកគេនៅជិតជើងយុវជនម្នាក់ឈ្មោះសុល។ ៥៩ ពួកគេបន្តគប់ស្ទេផាននឹងដុំថ្ម កាលដែលគាត់កំពុងអង្វរថា៖ «លោកម្ចាស់យេស៊ូ សូមទទួលជីវិត* ខ្ញុំ»។ ៦០ រួចគាត់លុតជង្គង់ បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ព្រះយេហូវ៉ា សូមកុំផ្ដន្ទាទោសពួកគេ ចំពោះអំពើខុសឆ្គងនេះឡើយ»។ និយាយចប់ហើយ គាត់ក៏ដេកលក់ក្នុងសេចក្ដីស្លាប់ទៅ។