ហេប្រឺ
៥ ព្រោះសម្ដេចសង្ឃម្នាក់ៗដែលបានត្រូវជ្រើសរើសពីចំណោមមនុស្ស គាត់ទទួលការតែងតាំងដើម្បីបំពេញកិច្ចបម្រើរបស់ព្រះជាប្រយោជន៍ដល់មនុស្ស ដើម្បីជូនជំនូននិងគ្រឿងបូជាសម្រាប់ការខុសឆ្គង។ ២ គាត់អាចប្រព្រឹត្តដោយសេចក្ដីមេត្ដាករុណាចំពោះពួកអ្នកដែលល្ងង់ហើយធ្វើខុស ពីព្រោះរូបគាត់ផ្ទាល់ក៏មានភាពទន់ខ្សោយដែរ ៣ ហេតុនេះហើយបានជាគាត់ត្រូវជូនគ្រឿងបូជាដោយសារការខុសឆ្គងរបស់ខ្លួន និងរបស់បណ្ដាជនដែរ។
៤ ម្យ៉ាងទៀត គ្មានមនុស្សណាម្នាក់តែងតាំងខ្លួនឲ្យមានកិត្ដិយសនេះទេ ទាល់តែព្រះតែងតាំងអ្នកនោះ ដូចលោកបានតែងតាំងអេរ៉ុន។ ៥ ដូចគ្នាដែរ គ្រិស្តមិនបានតម្កើងខ្លួនឲ្យមានឋានៈជាសម្ដេចសង្ឃទេ ប៉ុន្តែលោកបានត្រូវតម្កើងដោយព្រះដែលបានមានប្រសាសន៍អំពីគ្រិស្តថា៖ «អ្នកជាបុត្ររបស់ខ្ញុំ ហើយថ្ងៃនេះ ខ្ញុំបានក្លាយទៅជាបិតារបស់អ្នក»។ ៦ ដូចលោកមានប្រសាសន៍នៅបទគម្ពីរមួយផ្សេងទៀតថា៖ «អ្នកជាសង្ឃជារៀងរហូត តាមរបៀបដូចម៉េលគីសេដិក»។
៧ ពេលដែលគ្រិស្តជាមនុស្ស លោកបានធ្វើសំណូមពរនិងអង្វរដល់អ្នកដែលមានសមត្ថភាពសង្គ្រោះឲ្យរួចពីសេចក្ដីស្លាប់ ដោយទឹកភ្នែកនិងបន្លឺសំឡេងយ៉ាងខ្លាំង ហើយសំណូមពររបស់លោកបានត្រូវទទួល ដោយសារលោកកោតខ្លាចព្រះ។ ៨ ទោះបីលោកជាបុត្រក៏ដោយ ក៏លោកបានរៀនឲ្យចេះស្ដាប់បង្គាប់ដោយសារអ្វីដែលលោកបានរងទុក្ខ ៩ ក្រោយពីលោកបានក្លាយទៅជាល្អឥតខ្ចោះហើយ នោះលោកផ្ដល់លទ្ធភាពឲ្យទទួលសេចក្ដីសង្គ្រោះដែលគ្មានទីបញ្ចប់ដល់អស់អ្នកដែលស្ដាប់បង្គាប់លោក ១០ ពីព្រោះព្រះបានជ្រើសរើសលោកឲ្យធ្វើជាសម្ដេចសង្ឃតាមរបៀបដូចម៉េលគីសេដិក។
១១ យើងមានអ្វីជាច្រើនដែលត្រូវនិយាយអំពីលោក ប៉ុន្តែការនោះគឺពិបាកពន្យល់ ពីព្រោះអ្នករាល់គ្នាបានក្លាយទៅជាមនុស្សក្រនឹងយល់។* ១២ ព្រោះតាមពិត បើគិតអំពីគ្រានេះ អ្នករាល់គ្នាគួរធ្វើជាអ្នកបង្រៀនគេ ក៏ប៉ុន្តែ អ្នករាល់គ្នាត្រូវការឲ្យគេបង្រៀនអ្នករាល់គ្នាម្ដងទៀតអំពីបឋមសេចក្ដីនៃប្រសាសន៍ដ៏ពិសិដ្ឋរបស់ព្រះ ហើយអ្នករាល់គ្នាបានក្លាយទៅជាអ្នកដែលត្រូវការទឹកដោះ មិនមែនអាហាររឹងទេ។ ១៣ ព្រោះអស់អ្នកណាដែលទទួលទានទឹកដោះមិនស្គាល់បណ្ដាំនៃសេចក្ដីសុចរិតទេ ពីព្រោះអ្នកនោះជាទារក។ ១៤ ប៉ុន្តែអាហាររឹងគឺសម្រាប់មនុស្សពេញវ័យ* ដែលបានប្រើប្រាស់សមត្ថភាពយល់ដឹង ហើយហេតុនេះសមត្ថភាពនោះបានត្រូវបង្វឹកបង្ហាត់ដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ។